មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិច

2026/07/07 11:02:55 pm        132
ភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ចៀសការជន់លិចកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិចក្នុងរដូវវស្សា ជូនពលរដ្ឋ ។ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ ក្រោមការដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះពិនិត្យវាស់វែងទំហំស្ថានីយ៍បូមទឹកបូរី១០០ខ្នង សង្កាត់ទឹកថ្លា ដើម្បីអុកសុីផាយពង្រីកអាងស្តុកទឹក អោយបានធំជាងមុន និងជ្រៅជាងមុន ។ លោក ចេង មុនីរ៉ា បានបញ្ជាក់ថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងរៀបចំផែនការដាក់លូថ្មីមុខកាត់ ១.៥ម៉ែត្រ ដើម្បីនាំទឹកពីភូមិចុងថ្នល់ខាងលិច ភូមិសេប៉េសេ និងភូមិបូរី១០០ខ្នង ប៊ូមទៅប្រឡាយអូរអាគុជ ត្រៀមបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ននានាក្នុងរដូវវស្សា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ លីហេង

គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាចំនួន ១០០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

2026/07/07 10:58:11 pm        109
ឯកឧត្តម អ៊ុ រាត្រី ជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៦ កក្កដា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ១០០ លានរៀល ដែលកៀរគរបាន តាមរយៈកម្មវិធីជិះកង់រយៈពេល១ ខែមិថុនា ក្នុងអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ កាលពីខែមិថុនាកន្លងទៅ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ព្រមទាំងពុកម៉ែ បងប្អូន ចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះការចូលរួមបំផុលចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដែលជាមហាចលនាសប្បុរសធម៌ដ៏មានតម្លៃចំពោះទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសម្ភព នៅមន្ទីរពេទ្យគន្ធបុប្ផា។ទោះបីជាយុទ្ធនាការ “ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ដល់ពេលត្រូវបញ្ចប់ក៏ដោយ, ក៏មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់ពុកម៉ែ បងប្អូន និងសាធារណជន ដែលមានទឹកចិត្តសប្បុរសបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ ដោយហេតុថាទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ជារៀងរាល់ថ្ងៃ ដោយមិនរង់ចាំរហូតដល់យុទ្ធនាការកៀរគរថវិកាលើកក្រោយៗនោះទេ។ ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕អត្ថបទ៖គឹមហុក

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាលកំពុងពង្រឹងគុណភាពមន្ត្រី ស្របតាមបរិបទនៃការវិវត្តថ្មី

2026/07/07 10:52:12 pm        144
ភ្នំពេញ៖ កឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជានិងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានអប់រំដល់មន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដែលទើបបានជ្រើសរើសថ្មី កំពុងខិតខំពង្រឹងគុណភាពមន្ត្រី ស្របតាមបរិបទ នៃការវិវត្តថ្មីៗ ។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺជាកិច្ចការងារដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ផ្លាស់ប្តូរមតិយោបល់ ព្រមទាំងការគិតគូរ និងដាក់ចេញទិសដៅនៃការអភិវឌ្ឍក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រី ឱ្យស្របទៅតាមបរិបទនៃការវិវត្តថ្មីៗ ។នៅក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឭកថា សាលាភូមិន្ទរដ្ឋបាល មានតួនាទីបណ្តុះបណ្តាលសិស្សមន្ត្រី និងមន្ត្រីដែលត្រូវបានជ្រើសរើសថ្មី ព្រមទាំងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដើម្បីបន្តពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ទាំងចំណេះដឹង បំណិន ឥរិយាបទ និងសីលធម៌វិជ្ជាជីវៈ ប្រកបដោយឧត្តមភាព គុណភាព និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍមូលធនមនុស្ស សម្រាប់រដ្ឋបាលសាធារណៈ និងបម្រើប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព ។នៅក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនដោយសង្ខេប អំពីការងារសំខាន់ៗពាក់ព័ន្ធនានា និងអំពីវឌ្ឍនភាពការងាររបស់សាលាភូមិន្ទរដ្ឋបាល ។ឯកឧត្តម បានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះ រួមមាន ទី១. សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការកែសម្រួលព្រះរាជក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាភូមិន្ទរដ្ឋបាល, ​ទី២. សេចក្តីព្រាងអនុក្រឹត្យស្តីពី ការកែសម្រួលអនុក្រឹត្យស្តីពីលក្ខន្តិកៈ របស់សាលាភូមិន្ទរដ្ឋបាល,​ ទី៣. សំណើជ្រើសរើសសិស្សសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៤ និងសិស្សមន្ត្រីក្រមការជំនាន់ទី១៣, ទី៤. សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៧, ទី៥. ការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦​ និងទី៦.ផ្សេងៗ ៕អត្ថបទ​បាន ​សុខរិទ្ធិ​

មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍

2026/07/07 09:42:40 pm        460
មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមភូមិ សង្កាត់ ខណ្ឌ សាលារៀន និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកំចាត់ជម្រកមូសខ្លា។ ដោយសារការឈានចូលដល់រដូវវស្សា ចំនួនមូសខ្លា បានកើនឡើងយ៉ាងគំហុក ដែលបណ្តាលឱ្យមានការផ្ទុះជំងឺគ្រុនឈាម នៅតាមបណ្តាខេត្តមួយចំនួន។ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ​ តាមរយៈBTV ព័ត៌មាន កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា គ្រប់មណ្ឌលសុខភាពទាំង៤៦ និងមនី្ទរពេទ្យបង្អែកទាំង៩ បានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច និងមន្រី្តជំនាញបានចុះអប់រំតាមសហគមន៍ បានចំនួន១៥លើក ដាក់ថ្នាំអាបេត ១១៣ភូមិ ស្មើ២៧សង្កាត់ អស់អាបេតចំនួន២១៦០គីឡូក្រាម និងចែកខិតបណ្ណសារអប់រំសុខភាព គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម! ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ មូសខ្លា ពងដាក់ក្នុងទឹកថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ទឹកដក់ក្នុងសំបកកង់ឡាន ម៉ូតូដែលទុកហាលភ្លៀង។ ឯកឧត្តមបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ស្ថានភាពនៃករណីជំងឺគ្រុនឈាមក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន២៤២៧នាក់ ក្នុងនោះស្រី១១៨៧នាក់ ប្រុស១២៤០នាក់។ ចំណែកវិធានការណ៍​ចំពោះ​មុខ​ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ​មាន​សម្ភារៈ ឱសថ​ និង​ក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់​ ដើម្បី​សង្រ្គោះ​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យបានទាន់ពេល​វេលា​។ បន្ត​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត (យុទ្ធនាការដាក់ថ្នាំអាបែត គឺជាវិធានការគន្លឹះដំបូងគេបង្អស់ដែល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងអនុវត្តយ៉ាងសស្រាកសស្រាំនៅពាក់កណ្តាលឆ្នាំ២០២៦នេះ ដើម្បីកម្ចាត់ដង្កូវទឹកមូសខ្លា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដែលកំពុងផ្ទុះឡើងខ្លាំងក្នុងរដូវវស្សា)​ ក្នុងពាងតាម​ផ្ទះ​ និង​បាញ់​ថ្នាំ​ កំចាត់​មូស​តាមសហគមន៍​ សាលារៀន​ និង​ផ្សព្វផ្សាយ​ការ​អប់រំ​ សុខភាព​ និង​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្បាស់​អំពី​ ការ​ការពារ​ និង​ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​៕ អត្ថបទ រដ្ឋា

ត្រឹមឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ផលិតមាសបានចំនួន ២០តោន

2026/07/07 08:35:14 pm        303
ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ផលិតមាសសរុបបានប្រមាណ ២០ តោន ដោយវិស័យនេះ កំពុងដើរយ៉ាងសំខាន់ តាមរយៈការ​បង្កើនការងារជូនប្រជាពលរដ្ឋ ប្រាក់ចំណូលសួយសារ ពន្ធអាករ និងចំណូលពន្ធដារសម្រាប់ជាតិ។ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ​ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ថា ជុំវិញការផ្តល់អាជ្ញាបណ្ណសម្រាប់អាជីវកម្មរ៉ែមាស គិតត្រឹមឆមាសទី២ ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណចំនួន ១៥ គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ កំពង់ធំ បាត់ដំបង កំពត បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ក្នុងនោះមាន ៧ គម្រោង បានកំពុងធ្វើ ប្រតិបត្តិការអាជីវកម្ម និង ៨ គម្រោងផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ការដ្ឋាននៅឡើយ។ទាក់ទិនការផលិតមាសវិញ, នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនទាំង៧ផលិតមាសបានប្រមាណ ៣,៦ តោន និងប្រមូលសួយសារពី រ៉ែមាស បានចំនួនសរុប ១២,៦ លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ ដោយមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀត។ ទាក់ទិនការធ្វើអាជីវកម្មរ៉ែមាសនេះ បើចាប់គិតពីឆ្នាំ២០២០ មកដល់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទាំង៧ ផលិតមាសបានប្រមាណចំនួន ២០ តោន ពោលគឺ វិស័យរ៉ែបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស និងបានលើកកម្ពស់ខឿន សេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ។ចំណែកអត្ថប្រយោជន៍ពីគម្រោងអាជីវកម្មរ៉ែមាសនេះ, ក្រៅពីចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ការផ្តល់អាជ្ញាបណ្ណធនធានរ៉ែ ជូនក្រុមហ៊ុន ក៏ជាផ្នែកមួយនៃការបង្កើតបន្ថែមនូវព័ត៌មានវិទ្យាសាស្ត្រភូគព្ភសាស្ត្ររបស់ប្រទេសកម្ពុជា និងការនាំយកបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងវិស័យរ៉ែ សម្រាប់បម្រើឲ្យការកសាងសមត្ថភាពក្នុងស្រុករបស់ប្រជាជនកម្ពុជាផងដែរ។ អត្ថប្រយោជន៍ និងផលវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងសង្គម កើតចេញពីការអនុវត្តគម្រោងនេះរួមមាន៖ ការផ្ដល់ឱកាសការងារ និងប្រាក់ចំណូល, កាត់បន្ថយចំណាក ស្រុកទៅក្រៅប្រទេស, បណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងបទពិសោធន៍ដល់បុគ្គលិក/កម្មករ, ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និង សេដ្ឋកិច្ចជាតិ, ការប្រើប្រាស់សេវាកម្ម និងទំនិញក្នុងស្រុក, ការចូលរួមអភិវឌ្ឍលើវិស័យផ្សេងៗក្នុងសហគមន៍មូលដ្ឋាន និងការកំណត់ ទិន្នន័យ និងសក្តានុពលធនធានរ៉ែ និងធនធានធម្មជាតិផ្សេងទៀត នៅក្នុងតំបន់គម្រោង៕អត្ថបទ៖ សុន រ៉ាឌី  

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរៀបចំឡើងរយៈពេលពីរថ្ងៃមាន ១១មុខវិជ្ជា បានបិទបញ្ចប់នៅថ្ងៃនេះ

2026/07/07 08:25:42 pm        371
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាការប្រឡងសំខាន់សម្រាប់សិស្សថ្នាក់ទី ៩ ប្រឡងបញ្ចប់ថ្នាក់អនុវិទ្យាល័យ ចូលទៅថ្នាក់វិទ្យាល័យ។ ការប្រឡងនេះ រៀបចំឡើងទូទាំងប្រទេសរយៈពេលពីរថ្ងៃគឺថ្ងៃទី ៦-៧ ខែកក្កដា លើមុខវិជ្ជាចំនួន ១១។ យ៉ាងណាម៉ិញ វិញ្ញាសាប្រឡងគឺមានភាពខុសគ្នាពីសាលាមួយទៅសាលាមួយទៀត ព្រោះថាការប្រឡងនេះ ជាការរៀបចំទទួលខុសត្រូវដោយសាលានីមួយៗរៀងៗខ្លួន។ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បច្ចុប្បន្ននេះជាការរៀបចំទទួលខុសត្រូវគ្រប់ដំណាក់កាល ដោយសាលារៀននីមួយ។ សាលាជាអ្នករៀបចំតាក់តែងវិញ្ញាសា រៀបចំការប្រឡង ធ្វើកំណែ និងប្រកាសលទ្ធផលផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ មានបេក្ខជនប្រឡងសរុប ២០២ ១១២នាក់ ក្នុងនោះមានសិស្សស្រីចំនួន ១០៧ ០២៨នាក់។ ការប្រឡងនេះ ទោះជាការរៀបចំដោយសាលានីមួយៗរៀងខ្លួនយ៉ាងណាក្ដី ចំនួនថ្ងៃប្រឡង និងចំនួនមុខវិជ្ជានៅរក្សាដូចគ្នាដដែល។ ជាក់ស្ដែងនៅថ្ងៃទី ៦កក្កដា ជាថ្ងៃប្រឡងទី ១ បេក្ខជនត្រូវប្រឡង ៦មុខវិជ្ជា។ ៦មុខវិជ្ជានោះរួមមាន តែងសេចក្ដី គីមីវិទ្យា ផែនដីនិងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋ។ ចំពោះថ្ងៃទី ៧ កក្កដា ជាថ្ងៃចុងក្រោយនៃការប្រឡង គឺមាន ៥មុខវិជ្ជា ដូចជា គណិតវិទ្យា សរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។ ឈានចូលដល់ថ្ងៃប្រឡងចុងក្រោយនេះដែរ សិស្សដែលប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ច្បារអំពៅ លើកឡើងថាការប្រឡងនៅមណ្ឌលប្រឡងនេះ មានការរៀបចំ មានវិន័យតឹងរឹង ស្មើភាពសម្រាប់គ្រប់បេក្ខជន ដែលម្នាក់ៗត្រូវពឹងលើសមត្ថភាពរៀងខ្លួន។ ជាការចាប់អារម្មណ៍ផងដែរ ទោះពុំទាន់បញ្ចប់ការប្រឡងក្ដី តែពួកគេបានដាក់គោលដៅក្នុងការជ្រើសរើសគន្លងសិក្សានៅថ្នាក់វិទ្យាល័យរួចរាល់ហើយ។នៅថ្នាក់វិទ្យាល័យ សិស្សត្រូវជ្រើសរើសគន្លងសិក្សា ដែលរួមមានគន្លងសិក្សាវិទ្យាសាស្ត្រ គន្លងសិក្សាសង្គម និងគន្លងសិក្សាបច្ចេកទេស ដែលឆ្នាំសិក្សា ២០២៥-២០២៦ ក្រសួងអប់រំ បានអនុវត្តសាកល្បងនៅវិទ្យាល័យចំនួន ៤៩។ នៅក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ខាងមុខ ក្រសួងអប់រំ កំពុងសិក្សាបន្ថែម ៥វិទ្យាល័យទៀត ក្នុងនោះ ២ វិទ្យាល័យថ្មី (វិទ្យាល័យហ៊ុនសែនក្រគរ និងវិទ្យាល័យ បរសេដ្ឋ ) និង៣ វិទ្យាល័យទៀតពង្រីកជំនាញបន្ថែម លើជំនាញដែលបានអនុវត្តសាកល្បងគណនេយ្យនិងបច្ចេកវិទ្យាកុំព្យូទ័រ។ អត្ថបទ៖គឹមហុក  

មន្រ្តីជំនាញក្រសួងបរិស្ថាន ចាត់វិធានការឱ្យឈប់មានការចាក់សំរាម នៅ​ទីលាន​ទុក​ដាក់​សំរាម​១​កន្លែង​នៅ​ក្នុង​ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូល​តំបន់​អូរ​ធម្មជាតិ

2026/07/07 08:24:01 pm        284
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណី​បង្កឲ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ)។ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុក​ដាក់​សំរាម​១​កន្លែង​នៅ​ក្នុង​មូល​ដ្ឋាន​ស្រុកស្ទឹងហាវ ដែលបានរៀបចំឡើង​ពុំ​សម​ស្រប​តាម​លក្ខ​ណៈ​បច្ចេក​ទេស​បរិស្ថាន​ និងសំណល់រាវលេចចេញ ប៉ះពល់ដល់អូរធម្មជាតិ និងជាមូល​ហេតុ​បណ្តាល​ឱ្យ​មាន​បញ្ហា​ត្រី​ងាប់​ខាងលើ។ ក្រុមការងារបានយកសំណាកទឹកមកពិនិត្យបន្ថែម នៅមន្ទីរ​ពិសោធន៍​របស់​ក្រសួង​ប​រិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រនៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ។ មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់​វិធាន​ការ​បញ្ឈប់​ការ​ចាក់​សំណល់ ​គ្រប់ប្រភេទនៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅ​ចាក់​នៅទី​តាំង​ផ្សេង​វិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ជាបន្តទៀត ក្រុម​ការងារ បានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងស្សាហកម្ម ទៅចាក់​នៅ​ទី​តាំង​ខាង​លើ ​បង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និង​ដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​សកម្មភាព​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ប្រចាំ​ឆមាស​ទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦

2026/07/07 08:15:56 pm        347
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី​សកម្ម​ភាព​ការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំឆមាសទី១ និងទិសដៅបន្ត​អនុវត្ត​ឆមាស​ទី​២ ​ឆ្នាំ២០២៦ និងពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ម​ហន្តរាយ ២០២៤-២០២៨។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា និងអគ្គលេខាធិការ អគ្គលេខាធិការរង រួមទាំងប្រធាននាយកដ្ឋាន និងមន្រ្តី។ ឯកឧត្តម ទេស​រដ្ឋ​មន្រ្តីមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀប​ចំ​ធ្វើ​ការ​បូក​សរុប​របាយការណ៍ ស្តីពីសកម្មភាព​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​សំដៅ​ពង្រឹង​អភិបាល​កិច្ចហានិភ័យគ្រោះមហន្តរាយ, ការវិនិយោគទៅក្នុង ការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ សម្រាប់ភាពធន់ និងការបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប និង​ការស្តារឡើងវិញគ្រោះមហន្តរាយ ដែលដឹកនាំអនុវត្ត និងសម្របសម្រួលដោយតាមក្រសួង-ស្ថាប័ន លេខាធិការរដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯកជន​។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុតាមលក្ខណៈរដូវកាលជាបន្តបន្ទាប់ ដោយ​ឆមាស​ទី​១នេះ គ្របដណ្តប់លើរដូវកាលចំនួនពីរ គឺ រដូវប្រាំង និង រដូវវស្សា។ ក្នុងអំឡុងរដូវប្រាំង ចាប់ពីខែមករាដល់ខែមេសា ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​អាកាស​ធាតុ​ក្តៅ ​និងស្ងួត ដោយសីតុណ្ហភាពនៅតំបន់មួយចំនួនបានកើនឡើងខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ។ ចាប់​ពីខែឧសភា និងខែមិថុនា កម្ពុជាបានចាប់ផ្តើម ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី និ​ង​ភ្លៀង​កក់​ខែ ​ដែលជាសញ្ញានៃការចូលមកដល់នៃរដូវវស្សា បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ និង​អាកាស​ធាតុ​មិន​ស្ថិត​ស្ថេរ​នៅតាមតំបន់ជាច្រើន។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ទាក់ទងនឹងស្ថានភាពគ្រោះមហន្តរាយ ក្នុងអំឡុងរដូវប្រាំង បាន​កើត​មាន​ករណី អគ្គីភ័យ ជាច្រើននៅទូទាំង ប្រទេស ដែលបណ្តាលឱ្យខូចខាតលំនៅឋាន ទ្រព្យ​សម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ កត្តាសំខាន់ៗដែល បង្កើនហានិភ័យអគ្គីភ័យរួមមាន សីតុណ្ហ​ភាព​ខ្ពស់ អាកាសធាតុស្ងួត ការប្រើប្រាស់ប្រភពភ្លើងដោយខ្វះការប្រុងប្រយ័ត្ន និង ការ​ឆាប​ឆេះ​នៅ​តំបន់ព្រៃ និងដីស្រែ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ចំណែកនៅដំណាក់កាលផ្លាស់ប្តូរពីរដូវប្រាំងចូលរដូវវស្សា និង​ក្នុង​អំឡុងពេលមានភ្លៀងកក់ខែ បានកើតមានករណី ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជា​បន្ត​បន្ទាប់​នៅ​​តាម​បណ្តារាជធានី-ខេត្ត មួយចំនួន ដែលបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែង សាលារៀន និង​ទ្រព្យ​សម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំង បង្កឱ្យមានអ្នក រងរបួស និងបាត់​បង់​ជីវិត​ក្នុង​ករណី​មួយ​ចំនួន​ផង​ដែរ។ ដោយឡែក គោលបំណងពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ ការកាត់បន្ថយ​ហានិភ័យ​ គ្រោះមហន្តរាយ ២០២៤-២០២៨ ដោយផ្តោត​លើ​ការ​លើក​កម្ពស់​ចំណេះ​ដឹង​អំពី​ការ​កាត់​បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការពង្រឹងអភិបាល​កិច្ច​ហានិភ័យ​គ្រោះ​ម​ហន្តរាយ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសម្របសម្រួល និងសហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញ និងពង្រឹង​ការ​អនុវត្ត​សកម្ម​ភាព​ ដើម្បីលសាងសមត្ថភាពសម្រាប់ការត្រៀមបង្ការ ការត្រៀមចំកា​រ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ ​និងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខណៈ​ជា​លទ្ធផល សកម្មភាពសំខាន់ៗជាច្រើនត្រូវបានអនុវត្ត និងសម្រេចបាន ប្រកបដោយ​ប្រសិទ្ធ​ភាព​៕

ផ្លូវ​ជាតិលេខ៧ នឹងចូលរួមផ្តល់​ផល​ចំណេញសេដ្ឋកិច្ចជាង ១៥% នៃ​កំណើន​​សេដ្ឋកិច្ច​ជាតិ

2026/07/07 08:12:18 pm        219
ការសាងសង់​ពង្រីក​កំណាត់ផ្លូវជាតិលេខ៧ឡើងវិញ ក៏បានចូលរួមចំណែក​ក្នុងការលើក​កម្ពស់​វិស័យ​​ទេសចរណ៍​ក្នុង​ខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​ផងដែរ។ តាមរយៈ​ការសិក្សា​វាយ​តម្លៃ​​​ក៏បានបញ្ជាក់ផងដែរថា កំណាត់​ខ្សែ​ផ្លូវ​នេះនឹងផ្តល់​អត្រា​ផល​ចំណេញ ​​ផ្នែកសេដ្ឋកិច្ច ​(EIRR) ​រហូតដល់ ១៥,២៧% ដែលបង្ហាញ​ពី​ការ​ចូលរួមចំណែក​​​​ក្នុងការជំរុញ​កំណើន​​សេដ្ឋកិច្ច​ជាតិនាពេលអនាគត។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការសាងសង់និងពង្រីកកំណាត់ផ្លូវជាតិលេខ៧នេះ បានប្រែក្លាយទៅជា​ ខ្សែផ្លូវមួយដ៏រឹងមាំ ​ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់​ការធ្វើដំណើរ​ និងការដឹកជញ្ជូនផលិតផលកសិកម្ម និង​កសិ-ឧស្សាហកម្ម​​ នៅភូមិសាស្ត្រខេត្តកំពង់ចាម​ និងបណ្តាខេត្តនៅជាប់ព្រំប្រទល់ជាមួយ​ខេត្តកំពង់ចាម ហើយ កំណាត់ផ្លូវជាតិនេះ ក៏បានរួមចំណែក​ ក្នុងការលើកកម្ពស់​ វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម ដែលមានប្រាសាទបុរាណ រមណីដ្ឋានធម្មជាតិ​ និងវប្បធម៌ប្រវត្តិសាស្រ្ត ផងដែរ។ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា កំណាត់ផ្លូវជាតិ លេខ ៧នេះ​ ត្រូវបានពង្រីកស្តារឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិនតាមរយៈសម្បទានហិរញ្ញប្បទានហើយ ជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានជួយដល់ប្រទេសកម្ពុជាក្នុងការសាងសង់ផ្លូវថ្នល់ជាង ៤ពាន់គីឡូម៉ែត្រ និងសាងសង់ស្ពានធំៗចំនួន ជាង ១០ គិតមកដល់ពេលនេះ។សូមបញ្ជាក់ថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ មានប្រវែងជាង ៤៥គីឡូម៉ែត្រ (៤៥,៤៨៥ គីឡូម៉ែត្រ) ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូល គល់​ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (គីហ្សូណា) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាសបេតុងកៅស៊ូ ដែលមានគន្លងផ្លូវធ្វើចរាចរណ៍ ៤ គន្លង (២គន្លងទៅ និង២គន្លងមក​)។​ការសាងសង់កំណាត់ផ្លូវជាតិលេខ ៧ ប្រើប្រាស់រយៈពេល ២៧ខែ និងបានបញ្ចប់ការសាងសង់​នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ពោលគឺ សាងសង់រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ធូ វិរៈ 

រាជរដ្ឋាភិបាលកំពុងគិតគូរពង្រឹងប្រព័ន្ធផ្លូវដែកនិងអភិវឌ្ឍផ្លូវទឹកបន្ថែមដើម្បីពង្រីកវិស័យដឹកជញ្ជូនកម្ពុជា

2026/07/07 08:01:58 pm        211
សម្ដេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងគិតគូរពង្រឹងប្រព័ន្ធផ្លូវដែក និងអភិវឌ្ឍផ្លូវទឹកបន្ថែម ដើម្បីពង្រីកវិសាលភាពវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែសម្បូរបែប កាត់បន្ថយការចំណាយលើការដឹកជញ្ជូន។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥គីឡូ ម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) បានថ្លែងថា ការតភ្ជាប់ផ្លូវដឹកជញ្ជូនទៅគ្រប់ទីកន្លែង ប្រៀបដូចការតភ្ជាប់សរសៃឈាមជីវិត និងការជំរុញអភិវឌ្ឍជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងត្រូវពង្រីក លើកកម្ពស់ជាបន្ដបន្ទាប់ ។សម្ដេចធិបតី បានបញ្ជាក់ថា (ប្រព័ន្ធផ្លូវដែកក៏ត្រូវពង្រឹងអ្វីដែលស្រាប់ និងគិតគូរកសាងរយៈពេលវែង ព្រោះវានឹងជួយច្រើនក្នុងវិស័យដឹកជញ្ជូន ព្រោះវាដឹកទំនិញបានច្រើនជាងឡាន។ ផ្លូវទឹកយើងនឹងបន្តអភិវឌ្ឍបន្ថែមទៀត ពិសេសព្រែកជីកហ្វូណនដែលនឹងតភ្ជាប់ទន្លេមេគង្គ ទន្លេសាប ទៅសមុទ្រ ។ ដូច្នេះការដឹកជញ្ជូន គឺលែងពឹងតែលើផ្លូវគោកទៀតហើយ គឺធ្វើទៅតាមផ្លូវទឹកតែម្ដង។ ឥឡូវយើងមានគម្រោងស្ដារផ្លូវទឹកពីភ្នំពេញទៅកំពង់ឆ្នាំង ទៅទន្លេមេគង្គកំពង់ចាម ទៅដល់ក្រចេះ ខណៈដែលកំពង់ផែពហុបំណងកំពុងត្រូវបានកសាងនៅខេត្តក្រចេះ ដូច្នេះនៅតាមបណ្ដោយទន្លេទាំងនេះ យើងនឹងមានកំពង់ផែសម្រាប់ដឹក។) សម្ដេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រៅពីផ្លូវជាតិសំខាន់ៗ រាជរដ្ឋាភិបាល ក៏បាននឹងកំពុងធ្វើការតភ្ជាប់ផ្លូវទៅគ្រប់កន្លែងទាំងអស់នៃប្រទេស ពិសេសនៅតាមមូលដ្ឋាន ក៏បានកសាងផ្លូវបេតុងខ្វាត់ខ្វែង តាមរយៈមូលនិធិឃុំ សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិវិញផងដែរ ដើម្បីតភ្ជាប់តំបន់ជនបទជាមួយទីប្រជុំជន ជំរុញលំហូរពាណិជ្ជកម្ម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM