មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

2026/07/07 07:54:11 pm        147
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម។ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧​ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និង​ អាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្ត​ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស​ស្លោក “មានផ្លូវ​​ មានសង្ឃឹម” ។ ជាក់ស្តែង, កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ ។ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និង ឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។ យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំង ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ), ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃទន្លេមេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ, ការរៀបចំអាកាសយានដ្ឋានអន្តរជាតិតេជោ និងការកសាងផែនការមេសម្រាប់ផែសមុទ្រ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។មុននឹងបញ្ចប់, សម្ដេចធិបតីបានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវគុណភាពផ្លូវកុំឱ្យខូច។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ ដោយច្បាប់ថ្មីបានតម្លើងកម្រិតដឹកទំនិញពី ៤០ តោន ទៅដល់ ៥០ តោន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ ជាមួយគ្នានេះ, សម្ដេចបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួតប្រជែងស្មើភាពគ្នា។ ជាទីបញ្ចប់, សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងល្បឿនកំណត់​​ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដើម្បីថែរក្សានូវសមិទ្ធផលរួមនេះ​​ ឱ្យបានយូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន៕ 

សម្ដេច​ធិបតី៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាអាកាសយានដ្ឋានអន្ដរជាតិតេជោទៅជាមជ្ឈមណ្ឌលភស្ដុភារកម្ម​តំបន់

2026/07/07 07:43:50 pm        227
សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលម្អិតលើការ​ដាក់​អាកាសយានដ្ឋានអន្ដរជាតិតេជោ ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្ម​តំបន់ ខណៈកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ​ក៏កំពុង​កសាង​ឱ្យក្លាយទៅជា​មជ្ឈមណ្ឌលភស្តុភារកម្ម​តំបន់ផងដែរ​​។សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការ​បង្កើត ​អាកាសយានដ្ឋានអន្ដរជាតិតេជោ និងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ​ឱ្យក្លាយទៅជា​មជ្ឈមណ្ឌលភស្តុភារកម្ម​តំបន់នេះ គឺជា​ការ​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿងបច្ចេកទេស​កម្រិតខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់។ សម្ដេចធិបតីបានថ្លែង​ថា​៖«ព្រលានយន្តហោះនៅភ្នំពេញយើង​កំពុងតែទាក់ទងរៀបចំធ្វើយ៉ាងណាដើម្បីបង្កើត​ជា​មជ្ឈមណ្ឌល​ភស្តុភារកម្មតំបន់, ផែទឹកជ្រៅខេត្តព្រះសីហនុ​យើងកំពុងកសាង​ប្លង់មេដើម្បីក្លាយទៅជា​មជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ដែរ។ ពាក្យថាតំបន់នេះ គឺហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿង​បច្ចេកទេសកម្រិត​ខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែង ដែលនេះគឺជាការ​តភ្ជាប់របស់កម្ពុជា​លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម»។ សូមជម្រាបថា វិស័យភ័ស្តុភារកម្មកម្ពុជា (Cambodia Logistics Sector) គឺជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកំពុងជំរុញ និងធ្វើទំនើបកម្មយ៉ាងសកម្ម ដើម្បីប្រែក្លាយកម្ពុជាទៅជា មជ្ឈមណ្ឌលភ័ស្តុភារកម្មតំបន់ (Regional Logistics Hub) និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឱ្យមានភាពប្រកួតប្រជែង។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ​ផែនការយុទ្ធសាស្ត្រ និងការអភិវឌ្ឍជាតិសំលើការ​អភិវឌ្ឍវិស័យភស្ដុភារកម្មនេះ រួមមាន​ ផែនការមេអន្តរកាល៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មជាតិ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយចំណាយសេវាដឹកជញ្ជូន។ ប្រព័ន្ធផតថលព័ត៌មានភ័ស្តុភារកម្មជាតិ៖ ប្រព័ន្ធឌីជីថល (ទទួលជំនួយពីសាធារណរដ្ឋកូរ៉េ) សំដៅការធ្វើទំនើបកម្ម ទិន្នន័យ និងព័ត៌មានភ័ស្តុភារកម្មឱ្យមានតម្លាភាព និងល្បឿនលឿន និងដាក់ចេញយុទ្ធសាស្ត្រតំបន់៖ ការធ្វើសេរីភាវូបនីយកម្មទីផ្សារ និងការធ្វើសមាហរណកម្មប្រតិបត្តិការភស្តុភារកម្មជាមួយប្រទេសជិតខាង និងក្នុងតំបន់អាស៊ានផងដែរ​៕  

សម្ដេចធិបតី ណែនាំក្រុមហ៊ុនដឹកជញ្ជូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់គ្នា មិនត្រូវដឹកលើសទម្ងន់កំណត់ឡើយ

2026/07/07 07:16:37 pm        160
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រុមហ៊ុនដឹកជញ្ជូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់គ្នា មិនត្រូវដឹកលើសទម្ងន់កំណត់ឡើយ។សម្ដេចធិបតី នាយករដ្ឋមន្ដ្រីបានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូន ដូច្នេះសូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់បានកំណត់ឱ្យសោះ។ សម្ដេចធិបតីបានណែនាំដល់ក្រសួងសាធារណៈការ និងដឹកជញ្ចូនត្រូវបន្តពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់ស្ថានីយជញ្ជីងត្រួតពិនិត្យទម្ងន់ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះយានយន្តដឹកជញ្ជូនលើកកម្រិតកំណត់។ ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានបញ្ជាក់អំពីច្បាប់ស្ដីពីការដឹកជញ្ជូនដែលកំពុងធ្វើវិសោធនកម្មជាថ្មីដោយបានតម្លើងគីឡូក្នុងការដឹកជញ្ជូនពី ៤០តោន ដល់ ៥០តោន ដោយសារផ្លូវថ្នក់នៅក្នុងប្រទេសកម្ពូជាមានគុណភាពល្អ ហើយការតម្លើងនេះបានជួយសម្រួលការដឹកជញ្ជូនទៅដល់អ្នកដឹកជញ្ជូន និងជួយថែរក្សាផ្លូវផងដែរ។ ពាក់ព័ន្ធនឹងការដឹកជញ្ជូននេះដែរ សម្ដេចធិបតីបានបញ្ជាក់ថា៖«សម្រាប់ការដឹកជញ្ជូនធ្វើមិចសូមជួយថែរក្សាទាំងអស់គ្នា ពិតណាស់ក្រុមហ៊ុនដឹកជញ្ជូនត្រូវការចំណេញ ប៉ុន្តែត្រូវចំណេញនៅក្នុងក្របខណ្ឌដែលច្បាប់អនុញ្ញាត ហើយច្បាប់ធ្វើឡើងមិនមែនដើម្បីគៀបករប្រជាជននោះទេ ច្បាប់ធ្វើឡើងដើម្បីរក្សាតុល្យភាពឈ្នះឈ្នះទាំងអស់គ្នា»។ ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យពង្រឹងលើការងារត្រួតពិនិត្យលើការដឹកជញ្ជូន និងអនុវត្តន៍លើការងារត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ត្រូវប្រកបដោយចីរភាព ហើយត្រូវកំណត់ឱ្យបានច្បាស់ធ្វើយ៉ាងណាដើម្បីថែរក្សាផ្លូវឱ្យបានល្អ។សម្ដេចធិបតីបានថ្លែងថា ក្រសួងត្រូវពិនិត្យឱ្យច្បាស់ចំពោះក្រុមហ៊ុនដឹកជញ្ជូន បើមិនដូចនេះទេផ្លូវដែលរាជរដ្ឋាភិបាលធ្វើដើម្បីមនុស្សរាប់លាននាក់ប្រើនឹងអាចខូច ហើយការវិនិយោគរបស់រដ្ឋ មិនថាជាកម្ចី មិនថាជាថវិកាបដិភាគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាដែលរដ្ឋត្រូវទទួលខុសត្រូវសម្រាប់ប្រជាជនប្រើប្រាស់ ហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នា៕  

សម្ដេច​ធិបតី៖ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗចំនួន ១១កន្លែងនៅទូទាំងប្រទេស

2026/07/07 07:05:13 pm        163
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែទាក់ទាញនូវការវិនិយោគបន្ថែមទៀត​លើការ​រៀបចំប្រ​ព័ន្ធភស្តុភារកម្មកម្ពុជា ឬឡូជីស្ទីកកម្ពុជាឱ្យមានការ​រីកចម្រើន​ ខណៈគម្រោងបង្កើតចំនួន១១កន្លែងនូវទូទាំងប្រទេស។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី បានថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល មាន​ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលភស្តុភារកម្ម គឺជាមជ្ឈមណ្ឌលនៃការចែកចាយទំនិញដែលអាចជួយសម្រួលបង្កើតសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលមានគម្រោងកបង្កើតឡើងនូវមណ្ឌលភស្តុភារកម្មនេះចំនួន១១ កន្លែងនៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។ បើតាមការ​បញ្ជាក់របស់សម្ដេច​ធិបតី រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗ ចំនួន ១១ កន្លែង នៅទូទាំងប្រទេស រួមមាន៖ (១) មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ, (២) មជ្ឈមណ្ឌលឡូជីស្ទីកព្រះសីហនុ, (៣) សួនឡូជីស្ទីកបាវិត, (៤) សួនឡូជីស្ទិកប៉ោយ ប៉ែត, (៥) មណ្ឌលឡូជីស្ទិកសៀមរាប, (៦)មណ្ឌលឡូជីស្ទិកកំពត, (៧)មណ្ឌលឡូ ជីស្ទិកកំពង់ចាម, (៨) មណ្ឌលឡូជីស្ទីកបាត់ដំបង, (៩) មណ្ឌលឡូជីស្ទីក ពោធិ៍សាត់, (១០) មណ្ឌលឡូជីស្ទីកបន្ទាយមានជ័យ, និង (១១) មណ្ឌលឡូជីស្ទីក កំពង់ធំ។ សូមបញ្ជាក់ដែរថា បច្ចុប្បន្ន​រាជរដ្ឋាភិបាលកម្ពុជា​កំពុងអនុវត្ត​គម្រោង មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) អភិវឌ្ឍន៍លើផ្ទៃដីជិត ១០០ ហិកតា នៅតំបន់ទំនប់កប់ស្រូវ រាជធានីភ្នំពេញ ដែលជាចំណុចយុទ្ធសាស្ត្រតភ្ជាប់ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SPLC)៖ ការពង្រីកសមត្ថភាពកំពង់ផែស្វយ័ត និងការបង្កើតតំបន់ភ័ស្តុភារកម្មទំនើប ដើម្បីគាំទ្រដល់ការនាំចេញ-នាំចូលតាមផ្លូវសមុទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលកម្ពុជាបន្តពិភាក្សាជាមួយដៃគូបរទេស (ដូចជា ក្រុមហ៊ុនមកពីប្រទេសជប៉ុន) លើការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងប្រព័ន្ធភ័ស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕ 

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ

2026/07/07 06:55:58 pm        157
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ ខណៈក្នុងពេលថ្មីនេះកម្ពុជា និងឡាវទើបតែចុះកិច្ចព្រមព្រៀងជាមួយគ្នា​លើការ​ដឹកញ្ជូន​ទំនិញកសិកម្មពីកម្ពុជា​ឆ្លងកាត់ប្រទេសឡាវ ដើម្បីយកទៅប្រទេសចិន។សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការ​តភ្ជាប់ផ្លូវជាតិ​របស់កម្ពុជា ទៅកាន់ប្រទេស​ឡាវយនេះនឹង​ចូលរួម​យ៉ាងខ្លាំង​ចំពោះការ​កាត់បន្ថយ​ការ​ចំណាយ​ផ្នែកសេដ្ឋកិច្ច និងពេលវេលា​សម្រាប់​ប្រជាពលរដ្ឋលើវិស័យ​ដឹងញ្ជូន​ទំនិញពីកម្ពុជា​ឆ្លងកាត់ប្រទេស​ឡាវទៅកាន់ប្រទេស​ចិន។ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងសាងសង់តម្លៃប្រមាណ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះគឺជាការសម្រេចដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលអាណត្ដិមុន ដែលសម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ដ្រី បានសម្រេចក្នុងការរៀបចំ»។ សម្ដេច​ធិបតីបានថ្លែង​ថា​៖«ឥឡូវយើងកំពុងតែពង្រីកបន្ថែមទៀត (Upgraded) ហើយរុញទៅដល់ព្រំដែនឡាវឯណោះ។ ហើយថ្ងៃមុនក្រសួងកសិកម្មរបស់យើងក៏ធ្វើការជាមួយខាង​ឡាវ ដោយបានបើកច្រកបន្ថែមទៀត​ក្នុងការ​ដឹកទំនិញទៅប្រទេសចិនឆ្លងកាត់ប្រទេសឡាវ, អីចឹង​ថ្ងៃក្រោយ​ផ្លូវជាតិលេខ៧នេះ គឺជា​ច្រកផ្លូវសេដ្ឋកិច្ចសំខាន់​»។ សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ការស្ថាបនាពង្រីកកំណាត់ផ្លូវជាតិនេះឡើងវិញ ដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យរឹងមាំ ធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋ។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយភ្ជាប់ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាម។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកបណ្តាញដឹកជញ្ជូន ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពទាំងក្នុងប្រទេស និងក្នុងតំបន់ ការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របតាមការរីកចម្រើនរបស់កម្ពុជា និងសកលលោក៕  

កម្ពុជា និងអង្គការ WIPO ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

2026/07/07 06:16:47 pm        285
ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ វ៉ាយប៉ូ (WIPO) នៅប្រទេសស្វីស​ ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គការ WIPO បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានសសេរឱ្យដឹងថា ស្ថិតនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ ឯកឧត្តម Daren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍។ នាឱកាសនៃជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងអំណរគុណចំពោះ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងជំនួយបច្ចេកទេសក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។ លោកជំទាវ ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានតាមរយៈការគាំទ្ររបស់ WIPO ក្នុងការពង្រឹងការងាររដ្ឋបាលរបស់កម្មសិទ្ធិបញ្ញា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព ការគាំទ្រសហគ្រាសធុនតូច និងមធ្យមតាមរយៈគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញា។ បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរ ក៏បានពិភាក្សាអំពី គម្រោងបច្ចេកវិទ្យាសមស្រប​​​ និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិឈ្មោះម៉ាក​ដើម្បីទាក់ទាញទេសចរណ៍ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ ព្រមទាំងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ បន្ទាប់នៃជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមអគ្គនាយកអង្គការ WIPO បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (IPBC) សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ សូមជម្រាបជូនផងដែរថា កម្ពុជាគឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់ខាងលើនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្ដេចធិបតី៖ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ ខណៈសង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទចំនួន ៥៦២កន្លែង

2026/07/07 04:50:30 pm        284
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កាលពីសង្គ្រាមឈ្លានពានបរស់ថៃមកលើកម្ពុជាកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទចំនួន ៥៦២កន្លែង ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនរួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ឡើងវិញ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិតក្នុងឱកាស “ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតីបានថ្លែងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ក៏ការប្រឈមផ្នែកប្រដាប់អាវុធ ពីការឈ្លានពានរបស់ថៃមកលើកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិ បេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ សម្ដេចធិបតី បានសម្តែងនូវសេចក្តី សោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងក្នុងរយៈពេលជិត ២០ឆ្នាំកន្លងទៅ។ សម្ដេចធិបតីបានចាត់ទុកថា៖«នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។ សម្ដេចធិបតីបានថ្លែងថា ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការ អន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត ជាពិសេសបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ការប្រមូលនិង អភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។ ក្នុងឱកាសនេះ ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយសូមកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពី កត្តាសុវត្ថិភាពយ៉ាងណាក្តី។ សម្ដេចធិបតី បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសូមឱ្យស្មារតីនៃប្រាសាទ ព្រះវិហារបន្តនៅឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជា ការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់។សូមជម្រាបថា កិច្ចការថែរក្សា និងការពារប្រាសាទព្រះវិហារ ត្រូវបានអនុវត្តដោយបុព្វបុរសខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ក្នុងនោះរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ ហើយអ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចគឺព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងការទាមទារប្រាសាទព្រះវិហារនៅតុលាការ អន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដោយមានសម្តេចវិបុលបញ្ញា សុខ អាន និងក្រុមការងារជាសេនាធិការ បានដឹកនាំការងារបច្ចេកទេស និង ការទូតរហូតសម្រេចបាននូវការចុះប្រាសាទដ៏ពិសិដ្ឋនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទោះបីជាត្រូវឆ្លងកាត់ ឧបសគ្គ និងស្ថានភាពដ៏តានតឹងនាពេលនោះក៏ដោយ៕ 

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ

2026/07/07 04:27:01 pm        228
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា សម្តេចតេជោគិតថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សានិងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានានៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ សម្តេចតេជោបានថ្លែងការចាប់អារម្មណ៍ថា តាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី សម្តេចបានទាញចំំណាប់អារម្មណ៍មួយចំនួន ក្នុងនោះអរគុណចំពោះមិត្តចិនដែលបានផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងការតភ្ជាប់ ពីខេត្តក្រចេះទឹកដីស្រុកស្នួល មកកាន់ខេត្តមណ្ឌលគិរី និងតភ្ជាប់ទៅកាន់ខេត្តរតនគិរី ដែលមានការតភ្ជាប់ប្រទាក់ក្រឡា ហើយនិង បានជួយកម្ពុជាតភ្ជាប់ជាមួយប្រទេសជិតខាងដែរ។ សម្តេចតេជោលើកឡើងថា អ្វីដែលជាមោទនភាពនោះ តាមរបាយការណ៍ផ្ទៃដីកៅស៊ូនៅខេត្តមានចំនួន៤៣៩១២ហិចតា ដែលបានចៀរជ័រហើយចំនួន២ម៉ឺន២ពាន់ហិចតា។ នេះដូចអ្វីដែលសម្តេចធ្លាប់ព្យាករណ៍គឺចំការកៅស៊ូនៅស្រុកខ្មែរ អាចនឹងឡើងដល់កន្លះលានហិចតា នៅពេលបូកបញ្ចូលគ្រប់ខេត្តចូលគ្នា។ ក្រៅពីនេះក៏មានដំណាំចំការស្វាយចន្ទីដែរ ដែល សម្តេចគិតថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ក្នុងនោះទី១យើងអាចទាញយកប្រយោជន៍ពីវិស័យ-កសិឧស្សាហ៍ និងទី២ ធនធានរ៉ែ ខណៈបច្ចុប្បន្ននៅមណ្ឌលគិរីអាចផលិតមាសបាន១៨តោនមាសហើយ និងនៅមានកន្លែងផ្សេងៗទៀត ដែលកម្ពុជាមិនទាន់បានទាញនូវធនធានធម្មជាតិមកប្រើនោះទេ គឺទាញប្រើមានកម្រិតតិចតួចណាស់ បើប្រៀបធៀបនឹងធនធានរ៉ែដែលយើងមាន។ សម្តេចបន្តថាវិស័យកសិឧស្សាហកម្ម នឹងក្លាយជាមុខព្រួញសេដ្ឋកិច្ចដ៏ខ្លាំង។ ដែលសម្តេចនៅតែបន្តនិយាយថាភូមិភាគឥសាន្តនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៅក្នុងដំណាក់កាលណាមួយ ដែលប៉ូលសេដ្ឋកិច្ចទី៤នៅឥសាន្តទិស មានខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងអាចភ្ជាប់ជាមួយខេត្តព្រះវិហារ ផ្អែកលើវិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។ សម្តេចតេជោបញ្ជាក់ទៀតថា ប៉ូលសេដ្ឋកិច្ចទី១នៅរាជធានីភ្នំពេញ ប្រមូលផ្តុំគ្រប់បែបយ៉ាង ប៉ូលទី២នៅខេត្តព្រះសីហនុ ប្រមូលផ្តុំដោយការដឹកជញ្ជូន និងឧស្សហកម្ម ប៉ូលទី៣នៃសេដ្ឋកិច្ចនៅខេត្តសៀមរាបផ្អែកលើទេសចរណ៍ ហើយប៉ូលទី៤ នៅភូមិភាគឥសាន្ត ផ្តោតលើកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ហើយនឹងមានផ្នែកមួយនៃវិស័យទេសចរណ៍ដែរ។ សម្តេចបន្តថា នៅពេលខាងមុខសក្កានុពលនៃខេត្តមណ្ឌលគិរីនឹងខ្លាំង ប៉ុន្តែត្រូវមានរបៀបអភិវឌ្ឍអោយបានត្រឹមត្រូវ ត្រូវគិតអោយបានដិតដល់ ពិសេសលើបញ្ហាព្រៃសហគមន៍ ព្រៃត្រូវការពារ របស់បងប្អូនជនជាតិដើមភាគតិច។ សូមបញ្ជាក់ថា ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដី ធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត ក្នុងនោះផ្ទៃដីកៅស៊ូ មានប្រមាណ ៤៣ ៩១២ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណ ផលសរុប ១០ ៣២៨តោន, ដំណាំម្រេច ប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និង ដំណាំរួមផ្សំដទៃទៀត។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និង ដំណាំសំខាន់ៗជាច្រើនទៀត ។ ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស៕ 

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម

2026/07/07 03:53:09 pm        237
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។ កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គម្រោងនេះបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបប្រមាណជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់បន្ថែមថាកំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន នៅចំណុច ចាប់ផ្តើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់) ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗ បន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីជឿជាក់ថា ក្រោយពេល៥ទៅ១០ឆ្នាំទៅមុខទៀត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧នេះ នឹងកាន់តែមាន​ការរីកចម្រើន និងអភិវឌ្ឍបន្ថែម ជាពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ និងលើកទឹកចិត្តដល់ពលរដ្ឋអាចមានជម្រើសក្នុងការជ្រើសរើសផ្លូវសម្រាប់ធ្វើដំណើរផងដែរ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧នេះ បានបើកសម្ពោធសាងសង់ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ជាមួយអតីតឯកអង្គរដ្ឋទូតចិន, ហើយថ្ងៃនេះសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្រ្ដីថ្មី និងឯកអគ្គរដ្ឋទូតថ្មី ប៉ុន្ដែសមិទ្ធផលនេះនៅរក្សាដដែល បន្តនៃដំណើរការកសាង ហើយមិនចប់ទៅត្រឹមសម្ពោធផ្លូវជាតិនេះនោះទេ ប៉ុន្ដែគម្រោងក្នុងឆ្នាំ២០២៦-២០២៧ គឺរដ្ឋាភិបាលនៅបន្តធ្វើថែមទៀត មានកំណាត់ផ្លូវច្រើនទៀតត្រូវធ្វើ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​នៅ​គ្រប់​កន្លែង​ទាំង​អស់នៃប្រទេសរបស់យើង ខណៈ​នៅ​តាម​មូល​ដ្ឋាន​រាជ​រដ្ឋាភិបាល​ក៏បា​នកសាងផ្លូវបេតុង តាមរយៈមូ​លនិ​ធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិផងដែរ។- សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖ ឥឡូវនេះកម្ពុជា​មានផែន​ការ​មេគ្រប់ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និងភស្តុភារកម្មកម្ពុជា ដែលភស្តុភារកម្ម គឺ​ជា​មជ្ឈ​មណ្ឌល​នៃ​ការ​ចែក​ចាយ​ ដែល​អាច​ជួយ​សម្រួល​បង្កើន​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ឡើង​នូវ​មណ្ឌល​ភស្តុភារកម្ម​នេះចំ​នួន ១១កន្លែងនៅទូទាំងប្រទេសកម្ពុជា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ៖ រាជរដ្ឋាភិបាល​កំពុង​តែ​ទាក់ទាញ​នូវ​ការ​វិនិយោគ​រៀបចំ​ប្រព័ន្ធ​ភស្តុភារកម្ម​កម្ពុជា ឬឡូជីស្ទីកកម្ពុជានេះ ខណៈគម្រោងបង្កើតចំនួន ១១កន្លែងទូទាំងប្រទេស។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការ​ដឹក​លើស​ទម្ងន់​នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើ​មិន​ដូច្នេះ​ទេ ​ផ្លូវរបស់យើងនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់​ប្រជាជនទាំ​ងអស់គ្នាប្រើប្រាស់។ *ប្រសាសន៍សម្ដេចធិបតី ចប់នៅម៉ោង ៨និង៥៦នាទី 

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី

2026/07/07 03:40:35 pm        223
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី ប្រមាណ៥០០នាក់ នៅទីរួមខេត្តមណ្ឌលគិរី។ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។មន្ត្រីមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរីនេះ បានបង្ហាញក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភានាពេលនេះ ពិសេសខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឥសាន ឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែសម្តេចអញ្ជើញមកដោយផ្ទាល់ ណែនាំដល់មន្ត្រីនៅមូលដ្ឋានលើការបំពេញការងារបម្រើសេវាជូនដល់ពលរដ្ឋ។ នៅមណ្ឌលគិរីមានសណ្ឋានជាតំបន់ភ្នំ មានដង់ស៊ីតេប្រជាជនរស់នៅឆ្ងាយៗពីគ្នា ទោះមានការលំបាកខ្លះក្នុងការផ្តល់សេវាជូនពលរដ្ឋ នបងប្អូនជនជាតិដើមភាគតិចរស់នៅឆ្ងាយយ៉ាងណា ក៏មន្ត្រីនៅមូលដ្ឋាន ប្តេជ្ញាធ្វើយ៉ាងណាបំពេញការងារបម្រើផ្តល់សេវាដល់ពលរដ្ឋអោយបានល្អប្រសើរ។សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តទី២០ហើយ ដែលសម្តេចតេជោបានអញ្ជើញចុះជួបសំណេះសំណាលតាមបណ្តាខេត្ត ជាដំណើរចុះមកមូលដ្ឋានរបស់សម្តេចប្រធានព្រឹទ្ធសភា។ ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ។ មានក្រុងសែនមនោរម្យ ជាទីរួមខេត្ត និងស្រុកចំនួន ០៤ ដែលចែក ចេញជា ០៤សង្កាត់ ១៧ឃុំ និង ៩២ភូមិ។ ខេត្តមានផ្ទៃដីសរុបចំនួន ១៤.២៨៨គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋ សរុបចំនួន ១០៩,៤២៩នាក់ ស្រីចំនួន ៥៤,២១២នាក់ ស្មើនឹង ២៧,២៨៥គ្រួសារ មានដង់ស៊ីតេប្រជា ពលរដ្ឋស្មើនឹង ០៨នាក់/គីឡូម៉ែត្រក្រឡា កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២.៧៤% មានជនជាតិ ដើមភាគតិចចំនួន ៨អំបូរជនជាតិ ក្នុងនោះមាន ព្នង ក្រោល គ្រឹង ស្បៀង ទំពួន ចារាយ កួយ និងផ្ទួន ។ មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង ៣១៩.០៩៥គីឡូម៉ែត្រ ព្រំប្រទល់ខាងកើត និងខាងត្បូងជាប់ខេត្តដាក់ឡាក់ ខេត្តឡឹមដុង និងទីក្រុងដុងណាយ នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាងលិចជាប់ខេត្តក្រចេះ ។ ប្រជាពលរដ្ឋ មានមុខរបរចម្បងក្នុងវិស័យកសិកម្ម ៨២% វិស័យសិប្បកម្ម ១% និងវិស័យសេវាកម្ម ១៧% និងមាន GDP សម្រាប់មនុស្សម្នាក់ៗសរុបចំនួន ២,១២២.៥៨ ដុល្លាអាមេរិក (ទិន្នន័យឆ្នាំ២០២៣ របស់ មន្ទីរផែនការខេត្ត) ។ ខេត្តមានច្រកទ្វារព្រំដែនទ្វេភាគី សំខាន់ៗចំនួន០៣ សម្រាប់ទំនាក់ទំនងការងារ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម ក្នុងនោះមាន ៖ ច្រកទ្វារឡាប៉ាខេ ស្រុកកែវសីមា, ច្រក ទ្វារដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា, ដោយឡែក ច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការ ដោយសារ មិនទាន់មានផ្លូវ គមនាគមន៍)។ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដី ធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត ។ ម្យ៉ាងវិញទៀត ខេត្តមណ្ឌលគិរី មានច្រកទ្វារព្រំដែនទ្វេភាគីចំនួន៣ ជាប់ប្រទេសវៀតណាម ៣ខេត្ត អំណោយផលក្នុងការ ដោះដូរកសិផលរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ។ ជាក់ស្តែង ផ្ទៃដីផលិតកម្មមានប្រមាណ ១២៣ ៦៨៥ហិកតា ទទួលបានបរិមាណផលប្រមាណ ៥២៤ ៣៥៧តោន ក្នុងនោះផ្ទៃដីដាំដុះ ដំណាំស្រូវប្រមាណ ៣៣ ៣៣៤ហិកតា ទទួលបានបរិមាណផល ១១២ ៥៨១តោន, ផ្ទៃដីកៅស៊ូ ប្រមាណ ៤៣ ៩១២ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណ ផលសរុប ១០ ៣២៨តោន, ដំណាំម្រេច ប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និង ដំណាំរួមផ្សំដទៃទៀត។ ចំណូលពីផលិតកម្មកសិកម្មឆ្នាំ២០២៥ សរុបប្រមាណ ១២១លាន ដុល្លារអាមេរិក។ ខេត្តមណ្ឌលគិរី មានផ្ទៃដីអាចធ្វើស្រែបានប្រមាណ ជាង ៤ម៉ឺនហិកតា និងផ្ទៃដាំដុះដំណាំផ្សេងៗជាច្រើនពាន់ ហិកតាទៀត។បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និង ដំណាំសំខាន់ៗជាច្រើនទៀត ។ ខេត្តមានទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ទំនប់អូរទេធិបតី និងទំនប់ផ្សេងៗទៀត រួមទាំងសំណង់សិល្បៈការជាច្រើនកន្លែង ដែលអាចបង្ក លក្ខណៈ និងអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ ជាពិសេស ក្នុងភូមិសាស្ត្រស្រុក កោះញែក ដែលអាចឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើស្រែចំការ ។វិស័យទេសចរណ៍ ក្នុងខេត្ត មានតំបន់រមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តសរុបចំនួន ១០៥កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានទេសចរណ៍ទាក់ទាញ ដែលអាចធ្វើដំណើរទៅដល់មានចំនួន ៣៧ កន្លែង រួមមាន ទឹកជ្រោះ តំបន់ទេសភាព វាលស្មៅ ជាដើម ជាពិសេស មាន អាកាសធាតុត្រជាក់ ស្រួល ។ បច្ចុប្បនេះ ខេត្តមានសេវាកម្មទេសចរណ៍ រួមមាន សណ្ឋាគារ រីសតន៍ ផ្ទះលំហែរ ម៉ូតែល ផ្ទះ សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗ ជាច្រើនទៀត នៅក្នុងខេត្ត មណ្ឌលគិរី ដែលអាចបម្រើបានតាមសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ និងមានក្រុមហ៊ុនវិនិយោគ លើវិស័យទេសចរណ៍ ដោយឯកជនសរុបមានចំនួន ០៤ក្រុមហ៊ុន ផងដែរ ។ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស ។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM