សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទមេបញ្ជាការវេជ្ជសាស្រ្តយោធាអាស៊ានលើកទី១៣

2026/06/30 03:09:03 pm        306
ក្រសួងការពារជាតិកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទមេបញ្ជាការវេជ្ជសាស្រ្តយោធាអាស៊ានលើកទី១៣ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈសន្និសីទនេះ គឺជាការពង្រឹងការត្រៀមខ្លួន និងភាពធន់រឹងមាំរបស់វិស័យវេជ្ជសាស្រ្តយោធាអាស៊ាន ក្នុងការប្រឈម នឹងការគំរាមកំហែង សារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែ(CBRN)ជាដើម។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ានលើកទី១៣ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តសៀមរាប ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា សន្និសីទខាងលើនេះគឺបាន បង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងដៃគូអន្តរជាតិ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធវេជ្ជសាស្រ្តយោធា ការត្រៀមខ្លួនបង្ការឆ្លើយតបបន្ទាន់ និងគ្រប់គ្រងវិបត្តិ ដែលអាចកើតមានឡើងពីការប្រើប្រាស់អាវុធគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែ ខណៈបញ្ហាអាវុធប្រ ភេទនេះមិនត្រឹមតែប៉ះពាល់ដល់វិស័យសន្តិសុខប៉ុណ្ណោះទេ វាថែមបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខ ភាពសាធារណៈ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងផងដែរថា កម្ពុជា សូមប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមា ជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សមត្ថភាពវេជ្ជសាស្រ្តយោធា ការឆ្លើយតបគ្រោះ អាសន្ន និងការពារសន្តិសុខសុខាភិបាលនៅក្នុងតំបន់ជានិច្ច។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិកម្ពុជា ក៏មានជំនឿយ៉ាងមុតមាំថាលទ្ធផល និងអនុសាសន៍ដែលទទួលបានពីសន្និសីទនេះ នឹងក្លាយជា មូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តសកម្មភាពជាក់ស្តែង និងាការពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការ វេជ្ជសាស្រ្តយោធាអាស៊ានឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀតនាពេលអនាគតផងដែរ។ សូមបញ្ជាក់ថាសន្នីសីទខាងលើនេះ មានការអញ្ជើញចូលរួមពីប្រតិភូពីបណ្តាប្រទេសអាស៊ាន ដោយអវត្តមានប្រទេសថៃ និងប្រទេសទីម៉រខាងកើត) រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ តំណាងអង្គភាពពាក់ព័ន្ធ។ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានប្រគល់ទង់តំណាងសន្និសីទមេបញ្ជាការវេជ្ជសាស្រ្តយោធាអាស៊ាន ជូនប្រធានប្រតិភូប្រទេសឡាវ ដើម្បីធ្វើ ជាម្ចាស់ផ្ទះរៀបចំកម្មវិធីសន្និសីទលើកទី១៤បន្តនាឆ្នាំក្រោយផងដែរ៕ អត្ថបទបាន ចក់ 

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក

2026/06/30 04:36:15 am        282
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហព័ន្ធវិនិយោគកម្ពុជា បានរៀបចំយុទ្ធនា ការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈ គុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ឯកឧត្តមបានរំលេចពីសារសំខាន់ នៃការត្រៀម លក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយមិនផ្តោតតែលើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមម្ចាស់សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់ អាជីវកម្មទេ។ សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និង នវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើបទបង្ហាញ អំពីការលើកទឹកចិត្តការគាំទ្ររបស់រាជរដ្ឋាភិបាល និងប្រព័ន្ធអេកូឡូស៊ីគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលរួមមានទាំងសេវាសាធារណៈរបស់ក្រសួង ចាប់តាំងពីការបង្កើតសហគ្រាស និងការដំណើរ ការអាជីវកម្ម ប្រកបដោយភាពប្រកួតប្រជែង ដល់ការបង្កើនផលិតភាព និងគុណភាពផលិតផល ពង្រឹងអនុលោមភាពតាមរយៈ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ឯកឧត្តមបានគូសបញ្ជាក់ថា បញ្ហានេះ ក្រសួងនឹងបន្តកែទម្រង់ ដើម្បីធ្វើឱ្យអនុលោមភាពកាន់តែងាយស្រួល តាមរយៈការ កែលម្អនីតិវិធី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីជួយសហគ្រាសកម្ពុជា បង្កើនភាពប្រកួតប្រជែង និងត្រៀមខ្លួន សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។ ជាក់ស្តែងយុទ្ធនាការនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា

2026/06/30 02:48:42 am        28
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា (Canada Day) ដែលបានឆ្លុះបញ្ចំាងពីចំណងមិត្តភាព និងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញចូលរួម តំណាង រាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា (Canada Day) នៅសណ្ឋាគារ រ៉ាហ្វល ឡឺរូយ៉ាល់ ដែលកម្មវិធីនេះ រៀបចំឡើងដោយស្ថានទូតកាណាដាប្រចាំកម្ពុជា។នៅក្នុងពិធីនោះ, ឯកឧត្តម គ្រីស្យង់ ដេរ៉ូស (Christian DesRoches) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានលើកឡើង ពីចំណងមិត្តភាពជាង៧ទសវត្សរ៍ និងការប្តេជ្ញាចិត្តរួមគ្នា ចំពោះសន្តិភាព និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។ ជាក់ស្តែងការដំឡើង កម្រិតការិយាល័យកាណាដា ជាស្ថានទូតពេញលេញនៅភ្នំពេញ ឆ្លុះបញ្ចាំងពីការបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏រឹងមាំ ជាក់ ស្តែងទំហំពាណិជ្ជកម្មទ្វេភាគី នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ សម្រេចបានប្រមាណជាង ៥៣៣លានដុល្លារអាមេរិក។ ចំណែក ទាក់ទិនការត្រៀមរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលឡាហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំនេះ ក្រោមប្រធានបទ «ការវិនិយោគ លើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់រដ្ឋាភិបាលកាណាដា នឹងរំពឹងថា ព្រឹត្តិការណ៍នោះនឹងមានការចូលរួមក្នុងកម្រិតខ្ពស់ ដើម្បីរួមគ្នាជំរុញតម្លៃសន្តិភាព វប្បធម៌ចម្រុះ និង សាមគ្គីភាពក្នុងពិភព- លោកនិយាយភាសាបារាំង។គួរបញ្ជាក់ផងដែរថា កម្ពុជា-កាណាដា មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសហគ្រិនភាព តាំងពី ឆ្នាំ២០២២ ក្នុងកំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ភាពជាដៃគូនេះ បានបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងការគាំទ្រតួនាទីដឹកនាំ របស់កម្ពុជាលើរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ (WPS)» និងការកសាងផែនការសកម្មភាពជាតិដំបូងបង្អស់របស់កម្ពុជាស្តីពី WPS ផងដែរ។ តំណាងឱ្យក្រសួងកិច្ចការនារី បានអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា និងជូនពរឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំយូរអង្វែង៕អត្ថបទ៖ សុន រ៉ាឌី

អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦

2026/06/30 02:45:09 am        146
ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្ដឹងចំនួនជាង២​​០​​០​​ក្នុងនោះពាក្យប្ដឹងអនាមិកមានចំនួនជិត៥០។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រ​ឆាំ​​ងអពើពុករលួយបានបង្ហាញក្នុងប្រជុំលើកទី១១ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួ​​យ​​។​​អង្គភាពប្រឆាំងអំពើកពុករលួយនៅរសៀលថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចជុំលើ​កទី១១ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួ​​យ​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចកិត្តិស​ង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករ​លួយ​​​​ រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអានរបាយការណ៍ថា ក្នុងឆមាសទី១ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្ដឹងចំនួន ២៣៤ ក្នុងនោះពាក្យប្តឹងអនាមិកមាន ចំនួន ៤៩, ពាក្យប្តឹងចំនួន ៨ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន ៥៤ បានចាត់ឱ្យបំភ្លឺ, ពាក្យប្តឹងចំនួន ៩៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ និងកំពុងបន្តស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ចំនួន ៦០ ពាក្យប្តឹង។ រីឯការអន្តរាគមន៍ឱ្យជួយដោះស្រាយមាន ៤ ពាក្យប្តឹង និងកសាងសំណុំរឿងប​ញ្ជូនទៅតុលាការ ១១ សំណុំរឿង។គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមាន​បេសកកម្ម​​ដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើ​ពុករលួយ​គ្រប់​រូបភាព​គ្រប់វិស័យ​ និង​គ្រប់​ជាន់​​ថ្នាក់​​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា​ តាមរយៈការ​ចាត់​វិធា​ន​ការអប់រំ បង្ការ ទប់ស្កាត់និង​អនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយដោយមានការចូលរួម​ពី​សាធារណៈជន និង​ ប្រតិបត្តិការ។ អត្ថបទ៖ទូច សោភ័ណ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារសន្តិសុខ

2026/06/30 02:37:41 am        145
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារសន្តិសុខ។កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំ នៃនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពី ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃផែនការងារសន្តិសុខ។កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ និងពិនិត្យបញ្ហាប្រឈមនានាក្នុងការអនុវត្តភារកិច្ច ព្រមទាំងពិភាក្សាដាក់ចេញនូវទិសដៅ និងវិធានការសំខាន់ៗ សម្រាប់បន្តពង្រឹងប្រសិទ្ធភាពការងារ ធានារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃផែនការងារសន្តិសុខ ត្រូវបន្តពង្រឹងសាមគ្គីភាព វិន័យ ការទទួលខុសត្រូវ និងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តភារកិច្ចក្នុងឆមាសទី២ ឆ្នាំ២០២៦ សម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕

ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

2026/06/30 01:10:31 am        181
នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនលោកយាយ សូ សាអែម អាយុ ៧០ឆ្នាំ រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកយាយជាស្ត្រីមេម៉ាយ មានកូន៥នាក់ តែកូនៗសុទ្ធតែមានជីវភាពខ្វះខាតដូចៗគ្នា។ លោកយាយរស់នៅជាមួយចៅប្រុសស្រីលោកយាយចំនួន៤នាក់ ដោយប្រកបរបរដើរច្រូតស្បូវក្រងលក់ និងស៊ីឈ្នួលបេះផ្លែស្វាយឲ្យគេ។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះលោកយាយលោកតាដែលបានចូលរួមទាំងអស់នៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធទឹកស្អាត និងបំពាក់ភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់លោកយាយម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ,ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ និងចែករទេះរុញសម្រាប់ពលរដ្ឋពិការ១នាក់ផងដែរ។ ជាមួយគ្នានោះ លោកជំទាវ ក៏បានចែកកាតាប ដែលមានជាសម្ភារៈសិក្សាជាច្រើនមុខ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅដល់ក្មួយៗសិស្សានុសិស្សចំនួន១៤០នាក់៕

ក្រសួងការងារ និងក្រសួងសាធារណការ ជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត

2026/06/30 01:01:41 am        201
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាសហអធិបតីជាមួយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព អគ្គស្នងការនគរបាលជាតិ បេឡាជាតិសន្តិសុខសង្គម រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងតំបន់សេដ្ឋកិច្ចពិសេសមេតហាតធេន ព្រមទាំងបងប្អូនអ្នកបើករថយន្តដឹកជញ្ជូនកម្មករនិយោជិតប្រមាណ ៥០០នាក់។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយពីយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព និងសុវត្ថិភាពជាងមុន ឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ដល់កម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ និងជំរុញការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ព្រមទាំងចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀង។ ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កិច្ចការនេះឆ្លុះបញ្ចាំងពីការគិតគូររបស់រាជរដ្ឋាភិបាលយ៉ាងដិតដល់ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការធ្វើដំណើរ ដែលជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការគាំទ្រដល់ការដឹកជញ្ជូន និងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែមានស្ថិរភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ តាមរយៈបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធក្នុងការពិនិត្យលើយន្តការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬការកែលម្អឱ្យកាន់តែមានផាសុកភាព នឹងត្រូវជំរុញឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ព្រមទាំងមានការចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជូនដល់អ្នកបើកបរនៅខេត្តស្វាយរៀង។ សកម្មភាពទាំងអស់នេះ ទាមទារឱ្យមានទំនួលខុសត្រូវរួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខដុមរមនារបស់បងប្អូនកម្មករនិយោជិតក្នុងពេលធ្វើដំណើរ។ជាមួយគ្នានោះដែរ លោកជំទាវ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការខិតខំលើកកម្ពស់សុវត្ថិភាពសម្រាប់កម្មករនិយោជិត។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តពង្រីកកិច្ចសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព សុវត្ថិភាព និងកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ៕

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ

2026/06/30 12:32:40 am        148
ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ក្រសួងព្រះបរមរាជវាំង ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាង ម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋ ប្រជាមានិតចិន អស់រយៈពេលជាងបីខែកន្លងមកនេះ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ។សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។បើតាម សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទាន ក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេនឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។ ព្រះអង្គទាំងទ្វេ សូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូល ជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងពេល បច្ចុប្បន្នបានថ្វាយព្រះសព្វសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គទាំងទ្វេ បានឆាប់ជា សះស្បើយពីព្រះរោគាពាធ សូម សូមព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខ ក្សេមក្សាន្ត ជាដរាបតរៀងរហូតទៅ៕

ក្រសួងបរិស្ថាន៖រលកកំដៅនៅអឺរ៉ុប គឺជាការព្រមាននៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ

2026/06/29 11:32:16 pm        132
ភ្នំពេញ៖ខណៈពេលដែលបណ្តាប្រទេសភាគច្រើន នៅតំបន់អឺរ៉ុប កំពុងជួបប្រទះនូវរលកកំដៅយ៉ាងខ្លាំង ដោយក្នុងនោះប្រទេសមួយចំនួនដូចជា បារាំង អង់គ្លេស និងប្រទេសដទៃទៀត កំពុងរងការគំរាមកំហែងពី សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពិភពលោកត្រូវបានរំលឹកឡើងវិញម្តងទៀតថា ការប្រែប្រួលអាកាសធាតុ លែងជាក្តីបារម្ភដ៏ឆ្ងាយហួសពីដៃទៀតហើយ ប៉ុន្តែវាជាតថភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ រលកកំដៅកំពុងកើតឡើងកាន់តែញឹកញាប់ មានរយៈពេលកាន់តែវែង និងកំពុងជះឥទ្ធិពលដល់តំបន់ដែលធ្លាប់តែមានរដូវក្តៅល្មម។កម្ពុជាប្រហែលជាមិនមានលក្ខខណ្ឌអាកាសធាតុដូចអឺរ៉ុបនោះទេ ប៉ុន្តែយើងមិនគួរទាញសន្និដ្ឋានថា យើងអាចគេចផុតពីបញ្ហានេះបានឡើយ។ រលកកំដៅនាពេលបច្ចុប្បន្ននេះ គួរតែដើរតួជាការព្រមានទុកជាមុន។ វាក៏ជាសញ្ញាមួយបង្ហាញថា បាតុភូត El Niño នាពេលខាងមុខ អាចនឹងនាំមកនូវគ្រោះរាំងស្ងួតអូសបន្លាយពេល កំដៅខ្លាំង ការខ្វះខាតទឹក ភ្លើងឆេះព្រៃ ទិន្នផលកសិកម្មធ្លាក់ចុះ និងហានិភ័យសុខភាពកាន់តែខ្លាំងដល់ប្រជាជនរបស់យើង។ ជំនួសឱ្យការរង់ចាំរហូតដល់ផលប៉ះពាល់ទាំងនោះមកដល់ កម្ពុជាគួរតែចាប់ផ្តើមត្រៀមលក្ខណៈតាំងពីពេលនេះតទៅ។ក្នុងរយៈពេលចំពោះមុខ គ្រប់ក្រុមគ្រួសារគួរតែរៀនប្រើប្រាស់ទឹកដោយសន្សំសំចៃ។ អាងស្តុកទឹក ស្រះទឹក និងប្រព័ន្ធធារាសាស្ត្រ គួរតែត្រូវបានពិនិត្យ និងជួសជុលឡើងវិញនៅកន្លែងណាដែលចាំបាច់។ កសិករគួរតែទទួលបានការណែនាំអំពីដំណាំធន់នឹងគ្រោះរាំងស្ងួត និងវិធីសាស្ត្រស្រោចស្រពដែលមានប្រសិទ្ធភាព។ វិធានការបង្ការភ្លើងឆេះព្រៃត្រូវតែពង្រឹង ហើយសហគមន៍ត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការផ្ទុះឡើងនៃគ្រោះអគ្គិភ័យ។ សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើការ គួរតែត្រូវបានបំពាក់ដោយផែនការការពារមនុស្សពីរលកកំដៅខ្លាំង ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលត្រូវធ្វើការងារនៅទីវាលខាងក្រៅ។ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ គួរតែសហការគ្នាដើម្បីកាត់បន្ថយការដុតបំផ្លាញដែលមិនចាំបាច់ អភិរក្សព្រៃឈើ និងការពារប្រភពទឹក ដែលជាកន្លែងស្តុកទឹកដោយធម្មជាតិក្នុងរដូវវស្សា។ ដើមឈើនីមួយៗដែលត្រូវបានការពារនាថ្ងៃនេះ គឺជាប្រភពនៃម្លប់ សំណើម និងភាពធន់សម្រាប់ថ្ងៃស្អែក។ក្រឡេកមើលទៅហួសពីបាតុភូត El Niño នាពេលខាងមុខ កម្ពុជាត្រូវតែស្ថាបនាភាពធន់នឹងអាកាសធាតុក្នុងរយៈពេលវែង។ នេះមានន័យថា ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្តុកទឹក ប្រព័ន្ធស្រោចស្រពទំនើប ថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ អាកាសធាតុ តំបន់បៃតងក្នុងទីក្រុង និងប្រព័ន្ធព្រមានជាមុនឱ្យកាន់តែរឹងមាំ។ ការការពារព្រៃឈើ ការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជួយលើកកម្ពស់ ជីវភាពសហគមន៍ ដែលមិនត្រឹមតែជាគោលដៅបរិស្ថាន ប៉ុន្តែវាគឺជាការពង្រឹងដល់មូលដ្ឋានសម្រាប់សន្តិសុខជាតិ សន្តិសុខស្បៀង និងសុខភាពសាធារណៈ។ការអប់រំក៏មានសារៈសំខាន់ដូចគ្នាដែរ។ ចំណេះដឹងផ្នែកអាកាសធាតុ (Climate literacy) គួរតែរាប់បញ្ចូលទៅក្នុងដំណើរការសិក្សារបស់សិស្សគ្រប់រូប ដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់ដឹងទាំងអំពីហានិភ័យ និងដំណោះស្រាយ នៃការប្រែប្រួលអាកាសធាតុ។ ការត្រៀមលក្ខណៈសម្រាប់ការប្រែប្រួលអាកាសធាតុ មិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ វាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។បណ្តាប្រទេសដែលកំពុងជួបការលំបាក ក្រោមឥទ្ធិពលនៃកំដៅខ្លាំងនាពេលនេះ បានរំលឹកយើងថា គ្មានប្រទេសណាមួយអាចគេចផុតពី ការប្រែប្រួលអាកាសធាតុបានឡើយ។ យើងមានឱកាសរៀនសូត្រពីបទពិសោធន៍របស់ពួកគេ ជំនួសឱ្យការដើរជាន់ដានចាស់។ ការចំណាយលើការត្រៀមលក្ខណៈ គឺតិចជាងការចំណាយលើការស្តារឡើងវិញឆ្ងាយណាស់។ យើងមិនអាចសួរថា តើបាតុភូត El Niño នឹងមកដល់ឬអត់នោះទេ។ វាច្បាស់ជាមកដល់។ ប៉ុន្តែ សំណួរពិតប្រាកដគឺថា តើកម្ពុជានឹងប្រឈមមុខនឹងវា និងាមានវិធានការត្រៀមខ្លួនរួចរាល់ ឬគ្មានការត្រៀមលក្ខណៈនៅឡើយ?ការសម្រេចចិត្តរបស់យើងនាថ្ងៃនេះ នឹងកំណត់ថា តើមនុស្សជំនាន់ក្រោយនឹងទទួលបាន នូវប្រទេសមួយដែលមានភាពធន់ វិបុលភាព និងបៃតង ឬក៏ជាប្រទេសមួយ ដែលត្រូវចំណាយពេលទាំងអស់ ដើម្បីស្តារឡើងវិញពីគ្រោះមហន្តរាយ ដែលគួរតែអាចបង្ការបានតាំងពីដំបូង៕

ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន

2026/06/29 11:26:37 pm        114
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោង ភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាពីក្របខ័ណ្ឌ សកម្មភាពកម្មវិធី ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសមរម្យ អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងផ្តល់ធាតុចូលលើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា លោក Christian Disler នាយករងផ្នែកសហប្រតិបត្តិការទីភ្នាក់ងារកុងស៊ុលស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ លោក Raymart Walker លេខាទូតទី២នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Rebecca Napier Moore មន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃអង្គការអន្តរជាតិខាងការងារ ភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សហជីព អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ។នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីត្រីកោណសកម្មភាពត្រីភាគី ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា បាន ២ ដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី១ បានចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ និងដំណាក់កាលទី២ បានចាប់ផ្តើមពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងបាននិងកំពុងបន្តអនុវត្តគម្រោងនេះ នៅក្នុងដំណាក់កាលទី៣ រយៈពេល៥ឆ្នាំបន្តទៀត ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៦ ដល់ ខែមីនា ឆ្នាំ២០៣១។សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោងភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ានមានគោលបំណងសំខាន់ៗ ដើម្បី (១) បង្ហាញ និងពិភាក្សាអំពីក្របខ័ណ្ឌរួមវិសាលភាព និងសកម្មភាពនៃកិច្ចអន្តរាគមន៍របស់កម្មវិធីឱ្យស្របទៅនឹងផែនការអាទិភាពជាតិសំខាន់ៗ, (២) កសាងការយល់ដឹងរួមគ្នាអំពីយុទ្ធសាស្ត្រកម្មវិធីសំខាន់ៗ ផែនការការងារ និងឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱកាសការងារសមរម្យសម្រាប់ទាំងអស់គ្នា ការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ការងារ និង (៣) ពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងផ្តល់ការយល់ព្រមលើផែនការការងារសម្រាប់អនុវត្តគម្រោងនៅប្រទេសកម្ពុជាឆ្នាំ២០២៦-២០២៧៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM