មន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃព្រឈមនឹងការកាត់ក្របខ័ណ្ឌប្រសិនបើកបរបង្កគ្រោះថ្នាក់ដោយការស្រវឹង
តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
​កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន៤ទីតាំង ឃាត់ជនសង្ស័យ៦នាក់

សន្តិសុខ និង សង្គម

ជនជាតិប៉ាឡេស្ទីនជិត ២៩.៩០០ នាក់ស្លាប់ក្នុងសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា

2024/02/28 07:57:37 pm        127
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជិតដល់ ២៩.៩០០ នាក់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩៦ នាក់ និងបង្ករបួស ១៧២ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៨៧៨ នាក់ និងរបួសដល់ ៧០.២១៥ នាក់។សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនរងគ្រោះមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ដោយកងកម្លាំងអ៊ីស្រាអែលរារាំងរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិលមិនឱ្យចូលទៅសង្រ្គោះ។ ទន្ទឹមនឹងនេះដែរ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងជើងគោកលើផ្នែកផ្សេងៗនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន នេះបើយោងតាមប្រភពក្នុងស្រុក និងសាក្សីផ្ទាល់ភ្នែក។ជាមួយគ្នានេះ ប្រទេសហ្ស៊កដានី កាលពីថ្ងៃអង្គារ បានទម្លាក់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា សម្រាប់ថ្ងៃទីពីរដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ចម្រុះជាតិរួមគ្នាដើម្បីកាត់បន្ថយវិបត្តិហ្កាហ្សា៕

ប្រទេសថៃ នឹងមើលឃើញកម្តៅឡើងខ្លាំង និងភ្លៀងធ្លាក់តិចនៅរដូវក្តៅនេះ

2024/02/28 07:45:58 pm        176
យោងតាមនាយកដ្ឋានឧតុនិយមថៃ (TMD) បានឱ្យដឹងថា ប្រទេសថៃគ្រោងនឹងទប់ទល់នឹងកម្ដៅដ៏ខ្លាំង ជាមួយនឹងទឹកភ្លៀងដែលបានព្យាករថាមានកម្រិត ២០ ភាគរយទាបជាងធម្មតាក្នុងរដូវក្តៅឆ្នាំនេះ ដោយសារតែគំរូអាកាសធាតុ អ៊ែលនីញ៉ូ។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានឈានចូលរដូវកាលក្តៅរបស់ខ្លួនជាផ្លូវការកាលពីសប្តាហ៍មុន ដែលនឹងបន្តរហូតដល់ពាក់កណ្តាលខែឧសភា។ សីតុណ្ហភាពពេលថ្ងៃជាមធ្យមត្រូវបានគេរំពឹងថានឹងខ្ពស់ជាងឆ្នាំមុន ២ អង្សាសេ ខណៈសីតុណ្ហភាពនៅតំបន់ភាគឦសាន និងភាគខាងជើងអាចកើនឡើងដល់ ៤៤,៥ អង្សាសេ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានឧតុនិយមថៃ នាពេលថ្មីៗនេះ។នាយកដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាជធានីបាងកក បានរាយការណ៍ពីកម្រិតគួរឱ្យព្រួយបារម្ភនៃសន្ទស្សន៍កម្ដៅនៅក្នុងស្រុកមួយចំនួនកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ជាមួយនឹងការព្យាករណ៍ថានឹងឈានដល់កម្រិតខ្ពស់ដ៏គ្រោះថ្នាក់រហូតដល់ ៤៣,៦ អង្សាសេនៅថ្ងៃពុធនេះ មុនពេលលោតដល់ ៤៧,៥ អង្សាសេនៅថ្ងៃព្រហស្បតិ៍។អភិបាលក្រុងបាងកក លោក ឆាត់ឆាត ស៊ីធីភុន (Chadchart Sittipunt) បាននិយាយថា រដ្ឋបាលក្រុងបាងកក (BMA) បានចាត់វិធានការបង្ការ រួមទាំងការព្រមានសាធារណជនអំពីការកើនឡើងនៃសីតុណ្ហភាព ជាពិសេសហានិភ័យនៃជំងឺសុរិយរោគ ឬ ការថប់ដង្ហើមដោយសារកម្ដៅខ្ពស់ពេក ក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះ៕

ក្រុមហ៊ួទី អាចវាយតម្លៃឡើងវិញនូវការវាយប្រហារនៅសមុទ្រក្រហម បើអ៊ីស្រាអែល បញ្ឈប់ការឈ្លានពាននៅហ្កាហ្សា

2024/02/28 06:09:30 pm        91
ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេអាចពិចារណាឡើងវិញនូវការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ពួកគេលើការដឹកជញ្ជូនអន្តរជាតិ នៅសមុទ្រក្រហម នៅពេលដែលអ៊ីស្រាអែល បញ្ចប់ «ការឈ្លានពាន»របស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។នៅពេលសួរថាតើពួកគេនឹងបញ្ឈប់ការវាយប្រហារដែរឬយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានឈានដល់ អ្នកនាំពាក្យក្រុមហ៊ួទី លោក ម៉ូហាមេដ អាប់ឌុលសាឡាម (Mohammed Abdulsalam) បានប្រាប់សារព័ត៌មានរ៉យទ័រថា ស្ថានភាព នឹងត្រូវបានវាយតម្លៃឡើងវិញ ប្រសិនបើការឡោមព័ទ្ធតំបន់ហ្កាហ្សា ត្រូវបានបញ្ចប់ ហើយជំនួយមនុស្សធម៌ អាចចូលបានដោយសេរីនោះ។លោកបានបញ្ជាក់ថា៖«វានឹងមិនមានការបញ្ឈប់ចំពោះប្រតិបត្តិការណាមួយដែលជួយប្រជាជនប៉ាឡេស្ទីន លើកលែងតែពេលដែលការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងការឡោមព័ទ្ធ ត្រូវបានបញ្ឈប់ មុនពេលមានរបាយការណ៍ថ្មីនៃការវាយប្រហារផ្សេងទៀតដែលអាចកើតឡើងនោះ។ក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា នាវាផ្ទុកយន្តហោះរបស់ក្រិកមានទង់ជាតិកោះ Marshall កាលពីថ្ងៃអង្គារ បានរាយការណ៍ថា មីស៊ីលមួយគ្រាប់ ត្រូវបានវាយប្រហារក្នុងទឹកចម្ងាយ ៣ម៉ាយ(ជាង៤គីឡូម៉ែត្រ)ពីនាវា ដែលស្ថិតនៅចម្ងាយ៦៣ម៉ាយ (១០១គីឡូម៉ែត្រ)ពីភាគពាយព្យនៃទីក្រុងហូដេដា( Hodeidah)ប្រទេសយេម៉ែន។ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) ក៏បានជូនដំណឹងអំពីឧបទ្ទវហេតុនេះផងដែរ ដោយបន្ថែមថា ក្រុមនាវិក និងនាវា ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព និងបន្តដំណើរទៅកាន់កំពង់ផែមួយទៀត។

អាមេរិក ព្រមានអំពីភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា

2024/02/28 06:04:51 pm        124
ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក មិនចង់ឃើញភាពតានតឹងកើនឡើងបន្ថែមទៀតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាទេ ដោយបន្ថែមថា អ៊ីស្រាអែល បានអះអាង ចំពោះក្រុងវ៉ាស៊ីនតោនថា ខ្លួនចង់បានដំណោះស្រាយការទូត។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់នៅភាគខាងជើង ប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលចាំបាច់ត្រូវដោះស្រាយ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងបន្តផ្លូវការទូត ដើម្បីដោះស្រាយបញ្ហានេះ។លោក Miller បានបន្ថែមថា៖«យើងមិនចង់ឃើញភាគីណាមួយ បង្កើនជម្លោះ នៅភាគខាងជើងទេ។ រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយជាសាធារណៈ ហើយពួកគេ បានធានាចំពោះយើងជាលក្ខណៈឯកជនថា ពួកគេចង់សម្រេចបាននូវដំណោះស្រាយផ្លូវការទូត។ ដូច្នេះហើយ នោះជាអ្វីដែលយើងនឹងបន្ត ហើយទីបំផុតវានឹងធ្វើឲ្យសកម្មភាពយោធា មិនមានភាពចាំបាច់។ការអត្ថាធិប្បាយរបស់លោក បានកើតឡើងបន្ទាប់ពីក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានឃ្លាំមើលដែនអាកាសអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ជ្រៅបំផុតរបស់យោធាអ៊ីស្រាអែល មិនទាន់ចូលទឹកដីលីបង់។ ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ដោយការបាញ់គ្រាប់រ៉ុក្កែតទាំងនោះទេ។

មនុស្សរាប់សិបនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយអគ្គិភ័យបានឆាបឆេះផ្សារដ៏ធំទី២នៅកណ្តាលក្រុង អឺបៀល របស់អ៊ីរ៉ាក់

2024/02/28 05:56:19 pm        115
អគ្គិភ័យដែលបានឆាបឆេះនៅផ្សារប្រវត្តិសាស្រ្ត ឡានហ្កា (Langa)ដែលជាផ្សារដ៏ធំទី២ នៅក្នុងទីក្រុងអឺបៀល(Erbil) របស់ប្រទេសអ៊ីរ៉ាក់ ត្រូវពន្លត់បានដោយជោគជ័យកាលពីល្ងាចថ្ងៃអង្គារ ដោយពុំមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់នោះទេ។ អគ្គិភ័យដែលបានឆាបឆេះកាលពីវេលាម៉ោង៧និង៣០នាទីយប់ បណ្តាលឱ្យផ្សារនោះរងការខូចខាតយ៉ាងដំណំ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការពារជនស៊ីវិលក្រុង អឺបៀល បានពន្លត់អណ្ដាតភ្លើងដោយជោគជ័យបន្ទាប់ពីការប្រឹងប្រែងដ៏ស្វិតស្វាញ។ លោក កាវ៉ាន មីរ៉ាវដេលី (Karwan Mirawdely)អ្នកនាំពាក្យរបស់ក្រុមការពារជនស៊ីវិលក្រុងអឺបៀល បានបញ្ជាក់ទៅកាន់សារព័ត៌មាន 964 ថាភ្លើងត្រូវបានពន្លត់ បន្ទាប់ពីការខិតខំប្រឹងប្រែងឆ្លើយតបយ៉ាងខ្លាំងក្លា។មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមានការសន្និដ្ឋានថាអាចជាការឆ្លងចរន្តអគ្គិសនី ដែលអាចបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំងនាពេលនោះ ។ប្រភពពីក្រុមការពារជនស៊ីវិលបានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយ 964 ថា អង្គភាពនិងយានជំនិះដែលមានទាំងអស់ត្រូវបានបញ្ជូនពីមូលដ្ឋានរបស់ពួកគេនៅទីក្រុងអឺបៀល ដើម្បីគ្រប់គ្រងស្ថានការណ៍។ អ្នកយកព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ964បាននៅនឹងកន្លែងកើតហេតុដោយផ្តល់ព័ត៌មានទាន់ហេតុការណ៍ រូបភាព និងវីដេអូអំពីអគ្គិភ័យ និងសកម្មភាពឆ្លើយតបអគ្គិភ័យនានា។ ក្រុមឆ្លើយតបបន្ទាន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ 964 ថាមនុស្សពី ២៥ ទៅ ៣០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែការស្រូបផ្សែងនិងបញ្ហាផ្លូវដង្ហើម។ចំណែក លោក អូម៉េដ ខូស្នាវ (Omed Khoshnaw) អភិបាលក្រុងអឺបៀល បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង២០នាក់ បានទទួលការព្យាបាល បន្ទាប់ពីឧបទ្ទវហេតុនេះ។ សេចក្តីរាយការណ៍បឋមបង្ហាញថា ហាងជាង ៥០ បានរងការខូចខាតក្នុងអគ្គិភ័យនេះ ខណៈកំពុងវាយតម្លៃបន្ថែមទៀតលើទំហំនៃការខូចខាតទាំងស្រុង៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅប្រទេសប៉ូឡូញ ខណៈការតវ៉ារបស់ប្រជាកសិករនៅតែបន្តទូទាំងអឺរ៉ុប

2024/02/28 05:50:52 pm        115
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប្រជាកសិករ និងកងកម្លាំងនគរបាលប៉ូឡូញ ក្នុងរដ្ឋធានីវ៉ាសូវី (Warsaw)កាលពីថ្ងៃអង្គារទី២៧ខែកុម្ភៈខណៈក្រុមប្រជាករសិករបន្តការតវ៉ាប្រឆាំងគោលនយោបាយនានារបស់សហភាពអឺរ៉ុប ហើយការតវ៉ានេះ បានចាប់ផ្ដើមតាំងពីដើមខែកុម្ភៈមកម៉្លេះ ប្រឆាំងទៅនឹងការនាំចូលផលិតផលម្ហូបអាហារមានតម្លៃទាបពីអ៊ុយក្រែន និងបទប្បញ្ញត្តិផ្សេងៗរបស់សហភាពអឺរ៉ុប ក្នុងបំណងទប់ស្កាត់បបម្រែបម្រួលអាកាសធាតុ។ កសិកររាប់ពាន់នាក់បានដើរក្បួនក្នុងរដ្ឋធានីរបស់ប្រទេសប៉ូឡូញ មុនពេលទៅដល់ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី អមដោយការចុចស៊ីផ្លេលាន់ត្រហឹង និងក្រវីទង់ជាតិជាដើម។ក្រុមប្រជាកសិករប៉ូឡូញ ក៏ដូចជាពលរដ្ឋនៅទូទាំងប្លុកអឺរ៉ុប បានបង្កើនសកម្មភាពកូដកម្មរយៈពេល១ខែ ប្រឆាំងនឹងគោលនយោបាយទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុដាក់ចេញដោយសហភាពអឺរ៉ុប ការឡើងថ្លៃទំនិញនៅតាមទីផ្សារប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាអ្វីដែលពួកគេលើកឡើងថាជាការប្រកួតប្រជែងពុំស្មើភាពពីបរទេស ពិសេសពីប្រទេសអ៊ុយក្រែន ដែលក្រុមមេដឹកនាំប្លុកនេះនិយាយថា ជាការជួយដល់អ៊ុយក្រែនអំឡុងសង្រ្គាមជាមួយរុស្ស៊ី។ លោក ផាវ៉េល វ៉លកូវៀក (Pawel Walkowiak) ម្នាក់ក្នុងចំណោមប្រជាកសិករកំពុងចេញតវ៉ា និយាយថា ពួកគេនឹងមិនឈប់ទេ ព្រោះពួកគេគ្មានជម្រើសក្រៅពីការតវ៉ាឡើយ។ ស្របពេលការតវ៉ា ដែលបានបិទច្រកព្រំដែនឆ្លងកាត់ជាមួយអ៊ុយក្រែន គ្រាប់ធញ្ញជាតិអ៊ុយក្រែន ប្រហែល១៦០តោន ត្រូវបានបំផ្លាញនៅស្ថានីយ៍រថភ្លើងប៉ូឡូញ កាលពីចុងសប្ដាហ៍មុន ដែលបង្កឲ្យផ្ទុះកំហឹងនៅក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុងគីវ បានជំរុញប៉ូឡូញឲ្យដាក់ទោសអ្នកប្រព្រឹត្ត៕

ប្រធានាធិបតីហ្វីលីពីន៖ វត្តមានកងទ័ពជើងទឹកចិន នៅសមុទ្រចិនខាងត្បូងគឺគួរឱ្យព្រួយបារម្ភណាស់

2024/02/28 05:35:35 pm        72
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) នៅថ្ងៃពុធ (២៨ កុម្ភៈ) នេះបាននិយាយថា វត្តមានរបស់កងទ័ពជើងទឹកចិននៅក្នុងសមុទ្រចិនខាងត្បូងគឺ «ជារឿងគួរឱ្យព្រួយបារម្ភខ្លាំងណាស់» ប៉ុន្តែនឹងមិនរារាំងប្រទេសហ្វីលីពីនពីការការពារទឹកដីដែនសមុទ្ររបស់ខ្លួននិងការពារអ្នកនេសាទរបស់ខ្លួនឡើយ។ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បានប្រទះឃើញវត្តមានរបស់កងនាវាកងទ័ពជើងទឹកចិន អំឡុងពេលបេសកកម្មល្បាតដោយនាវាការិយាល័យនេសាទ និងធនធានជលផល (BFAR) នៅឯច្រាំងដែនទឹកថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មានមុនពេលចាកចេញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីថា «យើងបន្តគាំទ្រប្រជានេសាទរបស់យើង ដែលប្រកបរបរចិញ្ចឹមជីវិតពីទីតាំងនេសាទទាំងនេះ ហើយយើងនឹងបន្តជួយពួកគេ ទោះបីជាមានការព្យាយាមរារាំងក៏ដោយ»។ដោយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន ដែនទឹកថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល ត្រូវបានទាមទារសិទ្ធិដោយប្រទេសចិនថាជារបស់ខ្លួន ដោយធ្វើឱ្យដែនទឹកនេះក្លាយជាតំបន់សមុទ្រដែលមានការប្រកួតប្រជែងបំផុតរបស់អាស៊ី និងជាចំណុចតានតឹងដែលបង្កឱ្យមានជម្លោះជាច្រើន៕

ព្រះមហាក្សត្រហ្ស៊កដានី៖ ជំនួយហ្កាហ្សា ត្រូវតែកើនឡើងទ្វេដង ដើម្បីបញ្ចៀសគ្រោះមហន្តរាយ

2024/02/28 04:42:43 pm        86
ព្រះមហាក្សត្រអាប់ឌុលឡា ( Abdullah)នៃប្រទេសហ្ស៊កដានី ដែលបានចូលរួមក្នុងការទម្លាក់ជំនួយតាមផ្លូវអាកាសទៅកាន់តំបន់ហ្កាហ្សា បានមានព្រះបន្ទូលកាលពីថ្ងៃអង្គារថា ស្បៀងអាហារ និងជំនួយដល់តំបន់ដែលហែកហួរដោយសង្រ្គាមនេះ ត្រូវតែកើនឡើងទ្វេដង ដើម្បីបញ្ចៀស«ស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ»រួចទៅហើយ។ព្រះមហាក្សត្រអង្គនេះ ត្រូវបានដកស្រង់ព្រះបន្ទូលដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយបានប្រាប់ប្រធានទីភ្នាក់ងារUSAID លោកស្រី Samantha Powerថា សហគមន៍អន្តរជាតិ ត្រូវតែដាក់សម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើលំហូរស្បៀងអាហារចូលទៅក្នុងទឹកដីនេះ។ក្រុមមន្ត្រីនិយាយថា ប្រទេសហ្ស៊កដានី កំពុងជំរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបង្កើនជំនួយដែលមកពីព្រះរាជាណាចក្រនេះតាមរយៈច្រក Kerem Shalom នៅតាមព្រំដែននៃប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងតំបន់ហ្កាហ្សា ហួសពីច្រករ៉ាហ្វា( Rafah)ដែលមានស្រាប់។ព្រះមហាក្សត្រ ត្រូវបានដកស្រង់ព្រះបន្ទូល ដោយប្រាប់លោកស្រី Powerថា៖«ព្រះអង្គ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបើកច្រកឆ្លងកាត់ផ្លូវដី និងពង្រីកការទម្លាក់ជំនួយតាមយន្តហោះ ដើម្បីជួយប្រជាជននៃតំបន់ហ្កាហ្សា និងជាពិសេសនៅហ្កាហ្សាភាគខាងជើង។លំហូរនៃជំនួយចូលតំបន់ហ្កាហ្សាពីប្រទេសអេហ្ស៊ីប បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនបានរារាំងជំនួយឡើយ ហើយបានបន្ទោសអង្គការសហប្រជាជាតិ និងភាគីប៉ាឡេស្ទីនចំពោះការពន្យារពេលណាខ្លះនោះ។

អ៊ុយក្រែន ដកទ័ពចេញពីភូមិពីរនៅជិតទីក្រុង Avdiivka ខណៈការគាំទ្រលោកខាងលិចធ្លាក់ចុះ

2024/02/28 04:17:03 pm        127
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ថាខ្លួនបានដកទ័ពចេញពីភូមិចំនួនពីរទៀតនៅជិតទីក្រុង អាវឌីអ៊ីវកា (Avdiivka) ភាគខាងកើត ដែលត្រូវកងកម្លាំងរុស្ស៊ី ដណ្ដើមបានកាលពីដើមខែនេះ ដោយអ៊ុយក្រែនបាត់បង់ទឹកដីបន្ថែមទៀត ខណៈដែលការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចបានធ្លាក់ចុះ។មេបញ្ជាការជាន់ខ្ពស់មួយរូបបាននិយាយថា កងទ័ពបានពង្រឹងទីតាំងការពារថ្មីនៅភាគខាងលិចនៃទីក្រុង អាវឌីអ៊ីវកា ដែលការដណ្ដើមបានរបស់រុស្ស៊ីនេះគឺជាការទទួលបានពីសមរភូមិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំបួនខែ។អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក ឌីមីត្រូ លីខូវីយ៍ (Dmytro Lykhoviy) បាននិយាយថា កងទ័ពបានដកថយពីភូមិ សៀវើណេ (Sieverne) និងភូមិ ស្ទេភូវ (Stepove) រយៈពេលមួយថ្ងៃបន្ទាប់ពីទីក្រុងគីវ បានប្រកាសថា ខ្លួនបានបោះបង់ចោលភូមិ ឡាស្តូចឃីនេ (Lastochkyne)។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបាន «កាន់កាប់សមរភូមិ និងទីតាំងល្អច្រើនជាងមុន» ហើយបានវាយប្រហារកម្លាំងមនុស្ស និងគ្រឿងយុទ្ធោបករណ៍របស់អ៊ុយក្រែននៅជិតកន្លែងតាំងទីលំនៅចំនួនបីផ្សេងទៀត។ការបាត់បង់នេះកើតឡើង ដោយសារអ៊ុយក្រែន កំពុងប្រឈមមុខនឹងកង្វះខាតគ្រាប់កាំភ្លើងធំ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ខណៈការគាំទ្ររបស់សម្ព័ន្ធមិត្តលោកខាងលិចមិនបានបញ្ជូនទៅដល់ដូចដែលគ្រោងទុក ហើយកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានរារាំងដោយសមាជិកសភាបក្សសាធារណរដ្ឋ៕

ចៅក្រមឃុំខ្លួនបណ្ដោះអាសន្នជនជាតិចិនម្នាក់ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់

2024/02/27 11:51:16 pm        146
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនជាតិចិនម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់នៅលើមហាវិថីសហព័ន្ធរុស្ស៉ី។លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទដែលមានឈ្មោះ FU ZHONG HUA (ហ្វូ ចុងហ័រ) ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន សញ្ជាតិខ្មែរ ដាក់ពន្ធនាគាររាជធានីភ្នំពេញ ដែលហៅកាត់ថា PJ និងបង្គាប់ឱ្យប្រធានពន្ធនាគាររាជធានីភ្នំពេញទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ១៩៣៧ "ន"ដឃដ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ និងបទ រត់គេចខ្លួន បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។សូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង១២ និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ លុះមកដល់ចំណុចមុខក្រុមហ៊ុន SDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន០២នាក់ទៀត ជាជនជាតិចិនដូចគ្នា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
08/28/2026 08:08 PM
មនុស្សយ៉ាងតិច​ ៤៩នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារ​លួច​គោក្របី នៅស៊ូដង់ខាងត្បូង
08/28/2026 07:08 PM
ឆាដចោទប្រកាន់ស៊ូដង់ថា បានវាយប្រហារតាមច្រកអាកាសលើតំបន់ព្រំដែនរួមសម្លាប់មនុស្ស ១២នាក់
08/28/2026 07:08 PM
កុងហ្គោចាប់ផ្តើមចាក់វ៉ាក់សាំងដល់កម្មករថែទាំសុខភាពជួរមុខប្រឆាំងនឹងជំងឺអេបូឡា
08/28/2026 07:08 PM
រដ្ឋមន្ត្រី​៖ ​នេប៉ាល់​នឹង​ត្រូវការ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​ស្តារ​ឡើង​វិញ​ ក្រោយ​ទឹកជំនន់
08/28/2026 07:08 PM
នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Al Thani ជួបប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian នៅទីក្រុងតេអេរ៉ង់
08/28/2026 07:08 PM
ព្រះមហាក្សត្រអ៊ូហ្គង់ដា បានយាងសោយទីវង្គតនៅព្រះជន្ម ៣៤វស្សា
08/28/2026 06:08 PM
ក្រសួងធម្មការនិងសាសនា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ក្នុងការបន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” មកដល់លើកទី ៣៣៤ ស្មើរនឹង១១២៧មាតិកាព្រះធម៌
08/28/2026 06:08 PM
ប្រធានាធិបតីកុងហ្គោអំពាវនាវឲ្យមានកិច្ចសន្ទនាថ្នាក់ជាតិ ដើម្បីបន្ធូរបន្ថយភាពតានតឹង តែមិនរួមបញ្ចូលក្រុមឧទ្ទាមនោះឡើយ
08/28/2026 06:08 PM
CENTCOM៖ ទាហានអាមេរិកប្រមាណ ៥០.០០០នាក់ ត្រូវបានដាក់ពង្រាយ នៅមជ្ឈិមបូព៌ា
08/28/2026 06:08 PM