រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

សន្តិសុខ និង សង្គម

នាវាពាណិជ្ជកម្មជាច្រើនគ្រឿង ត្រូវបានវាយប្រហារនៅសមុទ្រក្រហម

2023/12/04 08:02:38 pm        415
យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាពាណិជ្ជកម្មចំនួន៣គ្រឿង បានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រក្រហមភាគខាងត្បូង ខណៈក្រុមហួធី(Houthi) នៅប្រទេសយេម៉ែន បានអះអាងពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើនាវាអ៊ីស្រាអែលពីរគ្រឿងនៅក្នុងតំបន់នោះ។ យោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវា Carney ជានាវាពិឃាតរបស់អាមេរិក បានឆ្លើយតបទៅនឹងការអំពាវនាវភាពអាសន្ន និងបានផ្តល់ជំនួយ បន្ទាប់ពីមានការបាញ់មីស៊ីល និងការវាយប្រហារដោយយានដ្រូន ចេញពីដែនដីគ្រប់គ្រងដោយក្រុមហួធី(Houthi)។ ចលនាក្រុមហួធី(Houthi) នៅប្រទេសយេម៉ែន បាននិយាយថា កងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារទៅលើនាវាអ៊ីស្រាអែលពីរគ្រឿង គឺនាវា Unity Explorer និងនាវា Number 9 ដោយប្រើប្រាស់យានដ្រូនប្រដាប់អាវុធ និងមីស៊ីលកងទ័ពជើងទឹក។ អ្នកនាំពាក្យយោធារបស់ក្រុមនេះ បាននិយាយថា នាវាទាំងពីរគ្រឿង គឺជាគោលដៅបន្ទាប់ពីនាវាមិនស្តាប់ការព្រមាន។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ អ្នកនាំពាក្យបាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជនយេម៉ែន និងការអំពាវនាវពីបណ្តាប្រទេសអ៊ីស្លាម ឱ្យឈរជាមួយពលរដ្ឋប៉ាឡេស្ទីន។ យោធាអាមេរិក បាននិយាយថា នាវា Carney បានបាញ់ទម្លាក់យានដ្រូន៣គ្រឿង ខណៈខ្លួនបានជួយនាវាពាណិជ្ជកម្ម។ ការវាយប្រហារនេះគឺជាការគំរាមកំហែងដល់ពាណិជ្ជកម្មអន្តរជាតិ។ សេចក្តីថ្លែងការណ៍ និយាយថា យើងក៏មានហេតុផលដើម្បីជឿថា ការវាយប្រហារទាំងនេះ ចាប់ផ្តើមដោយក្រុមហួធី(Houthis) នៅប្រទេសយេម៉ែន ត្រូវបានជំរុញយ៉ាងពេញលេញដោយប្រទេសអ៊ីរ៉ង់។សេចក្តីថ្លែងការណ៍និយាយថា សហរដ្ឋអាមេរិកនឹងពិចារណាការឆ្លើយតបសមស្របទាំងអស់ នៅក្នុងការសម្របសម្រួលពេញលេញជាមួយសម្ព័ន្ធមិត្តអន្តរជាតិ និងដៃគូរបស់ខ្លួន។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីឯក Daniel Hagari បាននិយាយថា នាវាទាំងពីរគ្រឿង មិនជាប់ទំនាក់ទំនងអ្វីជាមួយអ៊ីស្រាអែលនោះទេ។

មនុស្ស៩នាក់ស្លាប់ បន្ទាប់ពីក្រុមប្រដាប់អាវុធវាយឆ្មក់ចូលនៅអណ្តូងរ៉ែ Poderosa ប្រទេសប៉េរូ

2023/12/04 07:27:30 pm        233
នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៩នាក់បានស្លាប់ និង១៥នាក់បានរងរបួស បន្ទាប់ពីក្រុមប្រដាប់អាវុធបានឆ្មក់ចូលទៅអណ្តូងរ៉ែ Poderosa របស់ប្រទេសប៉េរូ ដោយមានគ្រឿងផ្ទុះ និងបានចាប់ចំណាប់ថ្នូរ។ រដ្ឋាភិបាល និយាយថា ក្រុមអ្នកវាយប្រហារបានចូលទៅក្នុងច្រកអណ្តូងរ៉ែ បានប្រើប្រាស់គ្រឿងផ្ទុះ ដោយប្រឈមមុខជាមួយបុគ្គលិកសន្តិសុខនៅខាងក្នុងមកពីក្រុមហ៊ុន និងបានចាប់មនុស្សបួននាក់ជាចំណាប់ថ្នូរ។នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនណ្តូងរ៉ែ Poderosa បាននិយាយថា កម្មករ១០នាក់ បានរងរបួសធ្ងន់ និង ៣ នាក់ផ្សេងទៀតរងរបួសស្រាល។ ក្រុមហ៊ុន និយាយថា ព្រឹត្តិការណ៍សោកនាដកម្មទាំងនេះមិនកើតឡើងតែឯងនោះទេ។ វាបណ្តាលមកពីការធ្លាក់ចុះនៃស្ថានភាពសុវត្ថិភាពនៅក្នុងតំបន់ហើយឧក្រិដ្ឋកម្មដែលបានរៀបចំទុកនេះ បាននាំឱ្យមានកំណើនការរុករករ៉ែខុសច្បាប់។ក្រុមហ៊ុនងណ្តូងរ៉ែ Poderosa បាននិយាយថា អង្គការឧក្រិដ្ឋកម្មជាច្រើន បាននិងកំពុងធ្វើប្រតិបត្តិការដោយភាពគ្មានទោសពៃ ក្រោមការការពារដែលត្រូវបានផ្តល់ឲ្យដោយកម្មវិធី REINFO ជាកម្មវិធីមួយដែលរដ្ឋាភិបាលប្រទេសប៉េរូ បានប្រើប្រាស់ដើម្បីផ្តល់ការអនុញ្ញាតដល់អ្នកជីករ៉ែជាសិប្បករតាំងពីឆ្នាំ ២០១៧។

អ៊ីស្រាអែល និងក្រុមហេសបូឡា បាញ់តគ្នាឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់ ជាថ្ងៃទីបី

2023/12/04 07:22:58 pm        247
កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា បានបាញ់តគ្នាទីវិញទៅមកឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់ កាលពីថ្ងៃអាទិត្យ រយៈពេលបីថ្ងៃជាប់ៗគ្នា ហើយអ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនជាច្រើននាក់បានរងរបួស បន្ទាប់ពីមានការផុតកំណត់បទឈប់បាញ់រវាងប្រទេសនេះ ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា។យោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនរងរបួសស្រាល នៅពេលដែលមីស៊ីលប្រឆាំងរថក្រោះមួយគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ធ្លាក់មកលើរថយន្តមួយគ្រឿងនៅតំបន់ Beit Hillel ភាគខាងជើងប្រទេសអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍យោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបាញ់កាំភ្លើងធំបកទៅវិញ។ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅទៅលើទីតាំងជាច្រើនកន្លែងរបស់អ៊ីស្រាអែល ជាអ្វីដែលខ្លួនហៅថា ជាការប្រើប្រាស់អាវុធដ៏ត្រឹមត្រូវ។បន្ទាប់ពីការផ្ទុះសង្រ្គាមរវាងក្រុមហាម៉ាស-អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ក្រុមហេសបូឡា បានវាយប្រហារដោយគ្រាប់រ៉ុក្កែតស្ទើរតែរៀងរាល់ថ្ងៃលើទីតាំងជាច្រើនរបស់អ៊ីស្រាអែល នៅតាមព្រំដែន ខណៈ អ៊ីស្រាអែល វាយប្រហារតាមអាកាស និងកាំភ្លើងធំ នៅភាគខាងត្បូងប្រទេសលីបង់។ ប៉ុន្តែព្រំដែនបានស្ងប់ស្ងាត់ភាគច្រើនក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍នៅហ្កាហ្សា ដែលបានផុតកំណត់កាលពីថ្ងៃសុក្រ។វាជាការប្រយុទ្ធគ្នាដ៏ឃោឃៅបំផុតចាប់តាំងពីសង្គ្រាមឆ្នាំ២០០៦ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស។ មនុស្សជាង១០០នាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នា ដែល៨៣នាក់ក្នុងចំណោមនេះជាអ្នកប្រយុទ្ធក្រុមហេសបូឡា។ មនុស្សរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីព្រំដែននៃភាគីទាំងសងខាង។

ដោយស្ថិតនៅឆ្ងាយពីអំពើហិង្សា អ្នករបួសនៅតំបន់ហ្កាហ្សា ស្វែងរកការព្យាបាល នៅមន្ទីរពេទ្យទីក្រុង គែរ ប្រទេសអេហ្ស៊ីប

2023/12/04 07:03:40 pm        272
អ្នកស្រី Ilham Majid កំពុងអធិស្ឋាន នៅពេលដែលគ្រាប់បែក បានធ្លាក់មកលើផ្ទះរបស់ខ្លួននៅតំបន់ហ្កាហ្សា ហើយប្តីរបស់អ្នកស្រី ទើបតែរកឃើញប៉ុន្មានម៉ោង ក្រោយមកនៅក្រោមគំនរបាក់បែក នៅមានជីវិត ប៉ុន្តែបានរងរបួស យ៉ាងធ្ងន់ធ្ងរ។អ្នកស្រី គឺជាមនុស្សសំណាងម្នាក់ ក្នុងចំណោមសមាជិកគ្រួសារ ១៧នាក់ផ្សេងទៀត រួមទាំងកូនពីរនាក់របស់នាងផងដែរ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ កាលពីថ្ងៃទី៣១ ខែតុលា នៅក្នុងជំរំជនភៀសខ្លួន Jabalia នៅតំបន់ហ្កាហ្សាភាគខាងជើង ជាកន្លែងដែលអ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីដើមខែនោះ។ឥឡូវនេះ ដូចជាជនជាតិប៉ាឡេស្ទីនមួយចំនួនទៀតមកពីតំបន់ហ្កាហ្សាស្ទ្រីប អ្នកស្រី Majid កំពុងទទួលការព្យាបាល នៅអេហ្ស៊ីប។អ្នកស្រី Majid មានវ័យ៤២ឆ្នាំរូបនេះ បានរំលឹកពីគ្រែមន្ទីរពេទ្យរបស់អ្នកស្រី នៅឯមន្ទីរពេទ្យ Nasser ទីក្រុងគែរថា៖«ភ្លាមៗនោះខ្ញុំមានអារម្មណ៍ថា ផ្ទះបានដួលរលំ។ ផ្ទះមានបីជាន់នេះ បានដួលរលំសង្កត់លើខ្ញុំ»។ ខ្ញុំត្រូវគ្រាប់ពេញខ្លួនប្រាណ។ ថ្លើមខ្ញុំត្រូវរបួស ជើង ឆ្អឹងជំនី និងថ្គាមខ្ញុំ បាក់អស់។ ខ្ញុំដើរមិនរួច»។អ្នកស្រី Majid បាននិយាយថា ប្តីរបស់ខ្លួន បានរកឃើញខ្លួនជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះនោះ ដោយចៃដន្យ រយៈពេល៤ម៉ោងកន្លះក្រោយមក ដោយសារម្រាមដៃរបស់ខ្លួន បានលៀនចេញពីគំនរបាក់បែក។

អ៊ីស្រាអែល រកឃើញរូងក្រោមដីរបស់ក្រុមហាម៉ាសចំនួន ៨០០កន្លែង នៅក្នុងតំបន់ហ្កាហ្សា

2023/12/04 06:43:29 pm        306
កងកម្លាំងអ៊ីស្រាអែល បានរកឃើញបង្គោលចំនួន ៨០០ដើម ដែលនាំទៅដល់បណ្តាញផ្លូវរូងក្រោមដី និងលេណដ្ឋានក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស ចាប់តាំងពីប្រតិបត្តិការថ្មើរជើងនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា ហើយបានបំផ្លាញជាងពាក់កណ្តាលនៃរូងក្រោមដីទាំងនោះ នេះបើតាមយោធាបាននិយាយកាលពីថ្ងៃអាទិត្យ (០៣ ធ្នូ)។កងទ័ពអ៊ីស្រាអែលបានចេញផ្សាយវីដេអូកាលពីថ្ងៃអាទិត្យ ដែលបង្ហាញថាទាហានរបស់ខ្លួនកំពុងស្វែងរក និងបំផ្លាញផ្លូវរូងក្រោមដី ហើយបាននិយាយថារូងជាច្រើនស្ថិតនៅក្នុងតំបន់ស៊ីវិល ដូចជាសាលារៀន វិហារអ៊ីស្លាម សាលាមត្តេយ្យ និងសួនកុមារជាដើម។ ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះ បាននិយាយមុនសង្រ្គាមរយៈពេលប្រាំបីសប្តាហ៍នៅតំបន់ហ្កាហ្សាស្ទ្រីប ថា ខ្លួនមានផ្លូវរូងក្រោមដីរាប់រយគីឡូម៉ែត្រ ដែលជាបណ្តាញមានទំហំប៉ុននឹងប្រព័ន្ធរថភ្លើងក្រោមដីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ដើម្បីការពារ និងបម្រើជាមូលដ្ឋានប្រតិបត្តិការ។នោះបានធ្វើឱ្យរូងក្រោមដីទាំងនោះក្លាយជាគោលដៅចម្បងសម្រាប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ជាមួយនឹងគ្រាប់រំសេវ ហើយក្រុមកងទ័ពវិស្វករបានប្រើប្រាស់រូបយន្តកំណត់ផែនទី និងជែលសម្រាប់បំផ្ទុះ ដែលអាចចាក់ចូលទៅក្នុងផ្លូវឆ្លងកាត់ទាំងនោះបាន៕

អាមេរិកផ្អាកការហោះហើរយន្តហោះកងទ័ពអាកាស Osprey នៅជប៉ុន បន្ទាប់ពីមានការធ្លាក់

2023/12/03 12:46:01 am        335
ក្រសួងការពារជាតិអាមេរិក បាននិយាយថា ខ្លួននឹងផ្អាកការហោះហើររបស់យន្តហោះដឹកជញ្ជូន Osprey ដែលប្រតិបត្តិការដោយកងទ័ពអាកាសអាមេរិក នៅប្រទេសជប៉ុន បន្ទាប់ពីមានការធ្លាក់បណ្ដាលឲ្យមានអ្នកស្លាប់ កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) នៅក្នុងដែនទឹកភាគនិរតីរបស់ប្រទេសនេះ។អនុរដ្ឋមន្ត្រីផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ថា សុវត្ថិភាពរបស់ទាហានអាមេរិក និងសន្តិសុខក្នុងតំបន់របស់ប្រទេសជប៉ុន គឺជាអាទិភាពចម្បងសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ លោកស្រីបានបន្ថែមថា យន្តហោះ Osprey ដែលជាកម្មសិទ្ធិរបស់កងម៉ារីនអាមេរិក និងអង្គភាពផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឲ្យហោះហើរ តែលុះត្រាណាបានឆ្លងកាត់ការថែទាំ និងការត្រួតពិនិត្យសុវត្ថិភាពយ៉ាងហ្មត់ចត់។លោកស្រី Singh បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងចែករំលែកព័ត៌មានអំពីឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងយន្តហោះ CV-22 Osprey ដែលបានដឹកនាវិកចំនួន ៨នាក់ នៅពេលដែលវាបានធ្លាក់នៅម្ដុំកោះ Yakushima ក្នុងខេត្ត Kagoshima។ អាជ្ញាធរបានរកឃើញសាកសពសមាជិកនាវិកម្នាក់។ ចំណែក៧នាក់ទៀត នៅតែបាត់ខ្លួន។សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានស្នើឲ្យភាគីអាមេរិកបញ្ឈប់ការហោះហើរយន្តហោះ Osprey របស់អាមេរិក ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនទាំងអស់ លើកលែងតែបេសកកម្មស្វែងរក និងជួយសង្គ្រោះ រហូតដល់មានការបញ្ជាក់ថា យន្តហោះទាំងនោះមានសុវត្ថិភាព ក្នុងការហោះហើរ៕

អាមេរិកបង្ហាញផែនការនៅ COP28 ដើម្បីកាត់បន្ថយការបំពុលខ្លាំងដល់បរិយាកាសពីប្រេង និងឧស្ម័ន

2023/12/03 12:27:39 am        345
រដ្ឋបាលរបស់ប្រធានាធិបអាមេរិកលោក Joe Biden នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បានបង្ហាញនូវច្បាប់ចុងក្រោយដែលមានគោលបំណងរឹតបន្តឹងការបញ្ចេញសារធាតុមេតានរបស់ឧស្សាហកម្មប្រេង និងឧស្ម័ន នៅសហរដ្ឋអាមេរិក ដោយនេះជាផ្នែកនៃផែនការសកល ក្នុងការទប់ស្កាត់ការបំភាយឧស្ម័ន ដែលរួមចំណែកដល់បម្រែបម្រួលអាកាសធាតុ។ច្បាប់ ដែលប្រើពេល ២ឆ្នាំ ដើម្បីបង្កើតឡើង ត្រូវបានប្រកាសដោយមន្ត្រីអាមេរិក នៅឯសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ គេរំពឹងថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នឹងរៀបរាប់លម្អិតពីរបៀប ដែលពួកគេនឹងសម្រេចបាននូវការសន្យា ដែលធ្វើឡើងពីប្រទេសចំនួន ១៥០ កាលពី ២ឆ្នាំមុន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន ៣០ភាគរយ ពីកម្រិតឆ្នាំ២០២០ នៅត្រឹមឆ្នាំ២០៣០។សារធាតុមេតានលេចធ្លាយទៅក្នុងបរិយាកាសដោយមិនអាចមើលឃើញបានពីកន្លែងខួង បំពង់បង្ហូរឧស្ម័ន និងឧបករណ៍ប្រេង និងឧស្ម័នផ្សេងទៀត។ សារធាតុនេះមានសក្តានុពលបង្កឲ្យមានកម្ដៅខ្លាំងជាងកាបូនឌីអុកស៊ីត ហើយបំបែកខ្លួននៅក្នុងបរិយាកាសលឿនជាង ដូច្នេះ ការទប់ស្កាត់ការបំភាយឧស្ម័នមេតានអាចមានឥទ្ធិពលភ្លាមៗទៅលើការកំណត់ការប្រែប្រួលអាកាសធាតុ។ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) បាននិយាយថា ច្បាប់នេះនឹងទប់ស្កាត់ឧស្ម័នមេតាន ដែលត្រូវបានប៉ាន់ប្រមាណ ៥៨លានតោនមិនឲ្យចូលទៅក្នុងបរិយាកាស ក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣៨ ដែលស្ទើរតែស្មើនឹងការបំភាយកាបូនឌីអុកស៊ីតទាំងអស់ពីវិស័យថាមពល ក្នុងឆ្នាំ២០២១៕

អ្នករស់នៅទីក្រុងញូវដេលី ប្រឈមនឹងការបង្កកខ្វក់ខ្យល់តាមរដូវ ដែលនៅបន្តមាន

2023/12/02 11:50:55 pm        244
សំណុំផ្សែងអ័ព្ទដ៏ក្រាស់ បានធ្វើឲ្យការមើលគ្នាឃើញពីចម្ងាយមិនសូវច្បាស់ នៅព្រឹកថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ ខណៈដែលអ្នកស្រុកក្រុងញូវដេលីរបស់ប្រទេសឥណ្ឌា មានការលំបាក ក្នុងការបន្តសកម្មភាពចុងសប្តាហ៍របស់ខ្លួន ចំពេលមានការបង្កកខ្វក់យ៉ាងធ្ងន់ធ្ងរ។ផ្លូវ និងអគារនានាត្រូវបានគ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ស្ថានទូតសហរដ្ឋអាមេរិក មានក្នុងរង្វង់កម្រិត ២៥៩ ដោយធ្វើឲ្យខ្យល់នេះ ស្ថិតនៅក្នុងប្រភេទ «មិនល្អខ្លាំង»។AQI កម្រិតពី ៤០០-៥០០ ប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អ និងមានគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺស្រាប់ ខណៈដែលកម្រិត ១៥០-២០០ មិនអំណោយផលដល់អ្នកដែលមានជំងឺហឺត សួត និងបេះដូង ហើយកម្រិត ០-៥០ ត្រូវបានចាត់ទុកថា ជាសន្ទស្សន៍គុណភាពខ្យល់ល្អ។ការបំពុលបរិយាកាសនៃរដ្ឋធានីរបស់ប្រទេសឥណ្ឌា មានសភាពកាន់តែអាក្រក់ទៅៗ ក្នុងរដូវរងា នៅពេលដែលល្បឿនខ្យល់ ធ្លាក់ចុះ ហើយខ្យល់ត្រជាក់ ជាប់ទៅដោយជាតិបំពុល ដែលបង្កឡើងដោយយានយន្ត ឧស្សាហកម្ម និងកសិករ ដែលដុតកាកសំណល់កសិកម្ម ក្នុងរដ្ឋនានា នៅជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី៕

តំបន់ហ្កាហ្សា ចាប់ផ្ដើមជួបនឹងសំឡេងផ្ទុះបន្ថែមទៀត បន្ទាប់ពីបទឈប់បាញ់ ដួលរលំ

2023/12/02 10:51:57 pm        272
សំឡេងផ្ទុះបានលាន់ឮឡើង ហើយសំណុំផ្សែង បានហុយយ៉ាងខ្មួលខ្មាញ់ពេញផ្ទៃមេឃលើតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) ខណៈយោធាអ៊ីស្រាអែល បានចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលជាថ្ងៃទី២ បន្ទាប់ពីបទឈប់បាញ់ត្រូវបានបញ្ចប់។ភាគីជម្លោះបានបន្ទោសគ្នាទៅវិញទៅមកថា បានធ្វើឲ្យដួលរលំបទឈប់បាញ់នេះ ដោយបដិសេធមិនទទួលយកលក្ខខណ្ឌ ក្នុងការបន្ថែមការដោះលែងចំណាប់ថ្នូប្រចាំថ្ងៃ ដែលត្រូវបានឃុំខ្លួន ដោយពួកសកម្មប្រយុទ្ធ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីន ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។អ៊ីស្រាអែលបាននិយាយថា កងកម្លាំងជើងគោក អាកាស និងជើងទឹករបស់ខ្លួន បានវាយប្រហារលើ «គោលដៅភេរវកម្ម» ជាង ២០០កន្លែង នៅតំបន់ហ្កាហ្សា ហើយគិតត្រឹមល្ងាចថ្ងៃសុក្រ (ទី១ ខែធ្នូ) មន្ត្រីសុខាភិបាល នៅតំបន់ឆ្នេរ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៨៤នាក់ របួសយ៉ាងតិច ៥៨៩នាក់ និងបំផ្លាញផ្ទះសម្បែងជាង ២០ខ្នង។ក្រុមអ្នកសម្របសម្រួល បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កំពុងបង្កការស្មុគស្មាញដល់ការប្រឹងប្រែង ដើម្បីឲ្យមានការផ្អាកអរិភាពជាថ្មីម្ដងទៀត។ បទឈប់បាញ់រយៈពេល ៧ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា និងដែលត្រូវបានពន្យារពេល ២ដងនោះ បានអនុញ្ញាតឲ្យមានការដោះដូរចំណាប់ថ្នូររាប់សិបនាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងជួយសម្រួលដល់ការនាំជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលរងការបំផ្លិចបំផ្លាញនេះ៕

ក្រុមអ្នកសារព័ត៌មានហុងកុង បារម្ភយ៉ាងខ្លាំង ដោយសារអ្នករាយការណ៍ព័ត៌មានមិនបានត្រឡប់ពីដំណើរទៅទីក្រុងប៉េកាំង

2023/12/02 10:33:05 pm        88
សមាគមអ្នកសារព័ត៌មានក្រុងហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ថា ខ្លួនមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីសុវត្ថិភាព និងកន្លែងនៅរបស់អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន South China Morning Post (SCMP) ដែលមិនអាចទាក់ទងបាននោះឡើយ ចាប់តាំងពីទៅចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៉េកាំង កាលពីចុងខែតុលា។អ្នកសារព័ត៌មានជាន់ខ្ពស់ម្នាក់ គឺអ្នកនាង Minnie Chan ដែលរាយការណ៍ពីបញ្ហាសន្តិសុខរបស់សារព័ត៌មាននេះ បានធ្វើដំណើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងប៉េកាំង ដើម្បីរាយការណ៍នៅក្នុងវេទិកាការពារជាតិរបស់ចិន កាលពីចុងខែតុលា។ នេះបើយោងតាមប្រភព២ ដែលស្និទ្ធនឹងរូបនាង។ប្រភពចំនួន ៤ទៀត ដែលដឹងពីបញ្ហានេះ ដោយក្នុងនោះរួមមានទាំងសហការី SCMP របស់អ្នកនាង Chan និងមិត្តភក្តិរបស់នាងផងដែរ បាននិយាយថា ពួកគេមិនអាចទាក់ទងនាងបានសោះ ចាប់តាំងពីថ្ងៃបន្ទាប់ពីវេទិកានោះ។ ប្រភពទាំងនោះបដិសេធមិនបញ្ចេញឈ្មោះរបស់ខ្លួននោះទេ ដោយសារតែស្ថានការណ៍មិនអំណោយផល។សមាគមអ្នកសារព័ត៌មានហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សមាគមអ្នកសារព័ត៌មានក្រុងហុងកុង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់អ្នកនាង Minnie ហើយកំពុងស្នើសុំព័ត៌មានបន្ថែមពី SCMP»។តែយ៉ាងណាក្ដី SCMP បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកនាង Chan បាន «សុំឈប់សម្រាកផ្ទាល់ខ្លួន»។ សារព័ត៌មាននេះ បានបន្ថែមថា គ្រួសាររបស់អ្នកនាង Chan «បានប្រាប់យើងថា នាងកំពុងនៅទីក្រុងប៉េកាំង ប៉ុន្តែត្រូវការពេលវេលា ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ គ្រួសាររបស់នាង បានប្រាប់យើងថា នាងមានសុវត្ថិភាព ប៉ុន្តែបានស្នើសុំឲ្យយើងគោរពសិទ្ធិឯកជនរបស់នាង»។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា លោក «មិនដឹងពាក់ព័ន្ធនឹងស្ថានភាពនេះទេ» នៅពេលត្រូវបានសួរអំពីករណីរបស់អ្នកនាង Chan នៅក្នុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ។ រីឯការិយាល័យសន្តិសុខក្រុងហុងកុង ក៏មិនមានការអត្ថាធិប្បាយអ្វីភ្លាមៗនោះដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A
09/06/2026 03:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
09/06/2026 02:09 PM
ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
09/06/2026 02:09 PM
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
09/06/2026 02:09 PM
យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
09/06/2026 02:09 PM
ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
09/06/2026 02:09 PM
រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
09/06/2026 02:09 PM
អន្តរក្រសួង ចុះវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ
09/06/2026 02:09 PM
ក្រុមនិស្សិតចុះស្រាវជ្រាវផ្ទាល់ពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
09/06/2026 01:09 PM
រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
09/06/2026 01:09 PM