ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

សន្តិសុខ និង សង្គម

ហៃទី ជំរុញឲ្យមានសកម្មភាពពីអន្តរជាតិបន្ទាន់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍

2024/04/23 12:41:41 pm        109
មន្ត្រីតំណាងប្រទេសហៃទីប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទ ទី ២២ ខែមេសា ថា ប្រទេសហៃទី សូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសនេះ។ ប្រទេសហៃទី កំពុងរៀបចំសម្រាប់ការតែងតាំងក្រុមប្រឹក្សា មានសមាជិកប្រាំបួនរូប ដើម្បីចូលកាន់តំណែងពីនាយករដ្ឋមន្ត្រី លោក អារីយ៉ែល ហង់រី(Ariel Henry) ដែលបានសន្យាថាលាចេញពីតំណែងនៅថ្ងៃទី ១១ ខែមីនា ខណៈជាប់ខ្លួននៅខាងក្រៅប្រទេសនិងកំពុងស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក។ ក្រុមជនអន្ធពាលនៅប្រទេសហៃទី ភាគច្រើនបានប្រមូលផ្តុំជាក្រុមរួមគ្នាក្រោមសម្ព័ន្ធភាពដែលគេស្គាល់ថា «រួមរស់ជាមួយគ្នា» បាននិយាយថា ការហ៊ុមព័ទ្ធរបស់ពួកគេនៅរដ្ឋធានី គឺជាការប្រយុទ្ធដើម្បីបណ្តេញ លោក Henry ចេញពីតំណែង ប៉ុន្តែចាប់តាំងពីការប្រកាសរបស់លោក ការវាយប្រហារមកលើរដ្ឋធានីបានកើនឡើង។ ក្រុមសិទ្ធិមនុស្ស បានប៉ាន់ប្រមាណថា ប្រហែល៩០ភាគរយនៃរដ្ឋធានី នៅពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល។នៅក្រោមក្រិត្យរបស់រដ្ឋាភិបាល ដែលបញ្ជាក់ពីផែនការអន្តរកាល សម្របសម្រួលដោយសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប សមាជិកនៃក្រុមប្រឹក្សាអន្តរកាល ត្រូវបានតម្រូវឱ្យផ្តល់ឯកសារបញ្ជាក់ពីសិទ្ធិរបស់ពួកគេ ដែលនឹងស្បថចូលកាន់តំណែងនៅវិមានជាតិ។ ទោះជាយ៉ាងណា វិមាននោះ រួមជាមួយនឹងអគារសាធារណៈផ្សេងទៀត និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា អាកាសយានដ្ឋានរបស់រដ្ឋធានី បានរងការវាយប្រហារជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មនុស្ស ១០នាក់ស្លាប់នៅម៉ាឡេស៊ី ខណៈឧទ្ធម្ភាគចក្រកងទ័ពជើងទឹក ២ គ្រឿងបុកគ្នាកណ្តាលអាកាស

2024/04/23 12:32:36 pm        164
កងទ័ពជើងទឹកម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ (២៣ មេសា) នេះថា មនុស្សចំនួន ១០ នាក់បានស្លាប់នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីឧទ្ធម្ភាគចក្រកងទ័ពជើងទឹកពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាស អំឡុងពេលហាត់សមយោធាសម្រាប់ក្បួនដង្ហែរក្បួនទ័ពជើងទឹករាជវង្សម៉ាឡេស៊ី (RMN)។ វីដេអូដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា ឧទ្ធម្ភាគចក្រមួយក្នុងចំណោមនោះបើកបុកឧទ្ធម្ភាគចក្រមួយទៀត មុនពេលធ្លាក់ចុះក្រោមទាំងពីរ។កងទ័ពជើងទឹកនិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងភូមិ ឡាមុត (Lumut) របស់ប្រទេសម៉ាឡេស៊ី ដែលជាមូលដ្ឋានទ័ពជើងទឹកនៅរដ្ឋ ប៉េរ៉ាក់ (Perak) ភាគខាងលិច នៅម៉ោង ៩:៣២ ព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងស្រុក)។កងទ័ពជើងទឹកបន្ថែមថា «ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ ហើយបានបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋានកងទ័ព ឡាមុត ដើម្បីកំណត់អត្តសញ្ញាណ»។ ឧទ្ធម្ភាគចក្រមួយក្នុងចំណោមនោះត្រូវបានគេជឿថាបានធ្លាក់លើផ្លូវរត់ ខណៈមួយទៀតធ្លាក់ចូលទៅក្នុងអាងហែលទឹកក្បែរនោះ៕

មនុស្ស៤នាក់ស្លាប់ ខណៈទីក្រុងជាច្រើនរបស់ចិនត្រូវទឹកជន់លិច ក្រោយភ្លៀងធ្លាក់បំបែកកំណត់ត្រា

2024/04/23 12:15:41 pm        282
ទីក្រុងជាច្រើននៅភាគខាងត្បូង ជួបប្រទះស្ថានភាពធ្ងន់ធ្ងរខណៈភ្លៀងធ្លាក់ខ្លាំង បានពន្លិចទីក្រុងនានានៅតាមដងទន្លេភើល (Pearl River Delta ) ដែលធ្លាប់ជាមូលដ្ឋានផលិតសម្រាប់ពិភពលោក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ ភ្លៀងធ្លាក់ខ្លាំងដូចគេហែកមេឃ បានផ្ដាច់ជីវិតមនុស្ស៤នាក់ នៅក្នុងខេត្តខ្វាងទុង (Guangdong) កាលពីថ្ងៃចន្ទ ហើយមនុស្ស១០នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួននៅឡើយ ។ក្រុមអ្នកសង្រ្គោះកំពុងប្រជែងពេលវេលា ដើម្បីជម្លៀសអ្នកដែលនៅជាប់តាមដងផ្លូវលិចទឹក និងបំណាក់ដីនៅ ទីក្រុង យីង (Yingde) បន្ទាប់ពីប្រទេសនេះ ត្រូវបានរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់បំបែកកំណត់ត្រា។យោងតាមសារព័ត៌មានរដ្ឋចិន អាកាសធាតុអាប់អួរខ្លាំងនេះ ក៏អាចគំរាមកំហែងដល់ចរន្តទឹកហូរក្នុងទន្លេសំខាន់ៗ ផ្លូវទឹក និងអាងស្តុងទឹកជាច្រើនផងដែរ ដែលកំពុងរុញឲ្យក្រសួងធន់ធានទឹកប្រទេសនេះចេញការណែនាំគ្រាអាសន្ន។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក ផ្ទះសម្បែងចំនួន៣៦ខ្នង ត្រូវបានបំផ្លាញនៅក្នុងខេត្តនេះ ដែលមានប្រជាជនជាង១២៧លាននាក់ ខណៈលំនៅឋានចំនួន៤៨ខ្នងទៀត ត្រូវបានខូចខាតធ្ងន់ធ្ងរ។ផ្នែកជាច្រើននៃតំបន់នេះ ត្រូវគេមើលឃើញថា ទទួលរងទឹកភ្លៀងច្រើនបំផុតបំបែកកំណត់ត្រានៅក្នុងខែមេសានេះ ស្របពេលចំនួនទឹកភ្លៀង ខ្ពស់ជាង២ទៅ៣ដង នៃកម្រិតទឹកភ្លៀងធម្មតារនៅខែនេះ។គិតត្រឹមពេលនេះ ទូកសង្រ្គោះចំនួន៤១គ្រឿង កំពុងធ្វើប្រតិបត្តិការ នៅក្នុងតំបន់នានារបស់ទីក្រុងនេះដែលមនុស្សប្រហែល ៣៨.០០០នាក់ត្រូវគេនិយាយថា បានជាប់ខ្លួនក្នុងទឹកជំនន់៕

អ៊ីស្រាអែល រៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ប៉ុន្តែកាត់បន្ថយវិញ បន្ទាប់ពីមានសម្ពាធខ្លាំងពីសម្ព័ន្ធមិត្ត

2024/04/23 12:12:38 pm        287
អ៊ីស្រាអែល បានរៀបចំផែនការវាយប្រហារធំជាងនេះទៅលើអ៊ីរ៉ង់ ប៉ុន្តែបានហៅវាមកវិញ បន្ទាប់ពីមានសម្ពាធខ្លាំងពីសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រា អែលដែលបាននិយាយទៅកាន់សារព័ត៌មានThe New York Times។ មន្ត្រីបីនាក់ដែលនិយាយដោយអនាមិក ដោយសារតែភាពរសើបនៃកិច្ចពិភាក្សានោះ បានប្រាប់សារព័ត៌មាន Times ថា មេដឹកនាំអ៊ីស្រាអែល បានពិចារណាពីការវាយប្រហារគោលដៅយោធាជាច្រើន នៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងមួយចំនួន នៅជិតរដ្ឋធានីតេអេរ៉ង់ផងដែរ។ការវាយប្រហារតបតនេះ គឺជាការសងសឹកចំពោះអ៊ីរ៉ង់ ដែលបាញ់មីស៊ីល និងយានដ្រូន ជាង៣០០ គ្រឿង ទៅកាន់អ៊ីស្រាអែល ក្នុងការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលយោងទៅតាមកងកម្លាំងការពារអ៊ីស្រាអែល ៩៩% បានស្ទាក់ចាប់ មុនពេលពួកវាទៅដល់គោលដៅ។ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដែលសន្មតថា ជារបស់អ៊ីស្រាអែល ទៅលើទីតាំងការទូតរបស់អ៊ីរ៉ង់នៅទីក្រុងដាម៉ាស ( Damascus) ប្រទេសស៊ីរី ដែលបណ្តាលឲ្យមន្ត្រីយោធាអ៊ីរ៉ង់ជាច្រើននាក់ ស្លាប់។សារព័ត៌មានTimes បានរាយការណ៍ថា ទីបំផុតអ៊ីស្រាអែល បានជ្រើសរើសការធ្វើការវាយប្រហារមានកំណត់បន្ថែមទៀត នៅថ្ងៃសុក្រ ដែលជៀសវាងការបង្កការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងអាល្លឺម៉ង់ បានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បង្ហាញពីការអត់ធ្មត់។

ពលរដ្ឋជាង ១៥.០០០ គ្រួសារនៅភាគខាងជើងប្រទេសអ៊ូហ្គង់ដា ត្រូវបានជម្លៀសដោយសារទឹកជំនន់

2024/04/23 12:09:54 pm        188
មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (២២ មេសា) ថាពលរដ្ឋយ៉ាងហោចណាស់ ១៥.០០០ គ្រួសារនៅក្នុងស្រុក ដូកូឡូ (Dokolo) ភាគខាងជើងនៃប្រទេសអ៊ូហ្គង់ដា ត្រូវបានជម្លៀសដោយសារទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ ស្នងការស្រុកដូកូឡូ លោក បាបារ៉ា អាកេច (Barbara Akech) បានប្រាប់សារព័ត៌មាន ស៊ីនហ័រ (Xinhua) ថាអ្នកដែលរងផលប៉ះពាល់ភាគច្រើនជាស្ត្រី និងកុមារ កំពុងត្រូវបានជ្រកកោននៅតាមសាលារៀន និងមណ្ឌលសុខភាព។លោក អាកេច និយាយថា «បញ្ហាធំបំផុតគឺសូម្បីតែមណ្ឌលសុខភាព និងសាលារៀនក៏រងផលប៉ះពាល់ដោយទឹកជំនន់ដែរ ហើយមន្រ្តីបានផ្ដល់ដំណឹងទៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទីជម្រក និងស្បៀងអាហារ»។ស្នងការរូបនេះបន្ថែមថា ដំណាំជាច្រើនត្រូវបានបំផ្លាញដោយទឹកជំនន់ ហើយជំងឺដែលបណ្តាលមកពីទឹកអាចផ្ទុះឡើងនៅក្នុងតំបន់នេះ។នៅដើមខែមេសា អាជ្ញាធរអាកាសធាតុបានព្រមានអំពីការវាយប្រហារដោយរន្ទះ និងជំងឺដែលឆ្លងតាមទឹក ដែលជាលទ្ធផលនៃព្យុះផ្គររន្ទះ។ ក្នុងឆ្នាំ២០២២ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់នៅភាគខាងកើតប្រទេសអ៊ូហ្គង់ដា ដោយបានសម្លាប់មនុស្ស ២៤ នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួន៕

UN ព្រមានថាការបិទរដ្ឋធានីហៃទី ធ្វើឱ្យមិនមានជំនួយសម្រាប់កុមារដែលខ្វះអាហារូបត្ថម្ភ

2024/04/23 12:07:04 pm        262
ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃច័ន្ទ (២២ មេស) ថា រដ្ឋធានីរបស់ប្រទេសហៃទី ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងដោយការបិទផ្លូវអាកាស សមុទ្រ និងផ្លូវគោក ខណៈដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលកាន់តែខ្លាំងក្លាឡើង ដោយបញ្ឈប់ការផ្ដល់ជំនួយដល់កុមារចំនួន ៥៨.០០០ ដែលមានទម្រង់គំរាមកំហែងដល់អាយុជីវិតបំផុតដោយសារកង្វះអាហារូបត្ថម្ភ។នាយកប្រតិបត្តិអង្គការ យូនីសេហ្វ (UNICEF) លោកស្រី ខាធើរីន រ៉ាស់សែល (Catherine Russell) បាននិយាយថា កុមារពីរភាគបីក្នុងប្រទេសហៃទី ត្រូវការជំនួយ ហើយស្ត្រី និងកុមារីកំពុងត្រូវបានគេកំណត់គោលដៅជាមួយនឹង «កម្រិតដ៏ខ្លាំងក្លា» នៃអំពើហិង្សាយេនឌ័រ និងផ្លូវភេទ ហើយសមាជិកក្រុមប្រដាប់អាវុធពី ៣០ ទៅ ៥០ ភាគរយមានកុមារនៅក្នុងក្រុម។បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសហៃទី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ចាប់តាំងពីថ្ងៃទី០៨ ខែមីនា ប្រជាជនហៃទី ជិត ១០០.០០០ នាក់បានចាកចេញពីទីក្រុងព័រអូប្រ៉ាំង ទៅកាន់តំបន់នានា ដោយរត់គេចពីអំពើហិង្សា។ អសន្តិសុខស្បៀងក៏នៅតែមាននៅទូទាំងប្រទេសដែរ ដោយពាក់កណ្តាលនៃចំនួនប្រជាជនទទួលរងពីអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ»។ក្រុមជនអន្ធពាលហៃទី ដែលភាគច្រើនបានប្រមូលផ្តុំគ្នាជាក្រុមក្រោមសម្ព័ន្ធភាពឈ្មោះ «វីវ អុងសុន» (Viv Ansanm) ឬហៅថា «រស់នៅជាមួយគ្នា» បាននិយាយថា ការឡោមព័ទ្ធរបស់ពួកគេលើរដ្ឋធានី គឺដើម្បីបណ្តេញលោកនាយករដ្ឋមន្ត្រី អារីយ៉ែល ហង់រី (Ariel Henry) ប៉ុន្តែចាប់តាំងពីការប្រកាសចេញពីតំណែងរបស់លោក ការវាយប្រហារកើនឡើងកាន់តែខ្លាំងជាងមុន៕

ប្រមុខការទូតសហភាពអឺរ៉ុប ជំរុញឲ្យរដ្ឋសមាជិកបញ្ជូនប្រព័ន្ធការពារដែនអាកាសPatriot ទៅកាន់អ៊ុយក្រែន

2024/04/23 09:35:02 am        250
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល ( Josep Borrell) កាលពីថ្ងៃចន្ទ បានជំរុញឲ្យរដ្ឋសមាជិកបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ដែលបានស្នើដោយអ៊ុយក្រែន។លោកបូរ៉ែល បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសលុចសំបួ បន្ទាប់ពីកិច្ចប្រជុំរួមរបស់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់សហភាពអឺរ៉ុបថា៖«ឥឡូវនេះ អ្វីៗត្រូវបាននិយាយ ហើយរឿងជាច្រើនដែលត្រូវធ្វើ»។ជាមួយនឹងជួរមុខក្រោមសម្ពាធយ៉ាងខ្លាំងពីកងកម្លាំងរុស្ស៊ី អ៊ុយក្រែន បាននិងកំពុងអង្វរសម្ព័ន្ធមិត្តឲ្យបញ្ជូនគ្រាប់រំសេវ និងសព្វាវុធបន្ថែមទៀត ជាពិសេសប្រព័ន្ធប្រឆាំងយន្តហោះដូចជា Patriot ជាដើម។លោកបូរ៉ែល បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប យល់ពីតម្រូវការបន្ទាន់របស់អ៊ុយក្រែន ហើយថា ប្រទេសទាំងអស់ គឺស្ថិតក្នុងទីតាំងមួយ ដើម្បីធ្វើការសម្រេចចិត្ត»។ លោកបានលើកឡើងថា ក្រុម Patriots មិនស្ថិតនៅក្នុងកម្មសិទ្ធិរបស់នាយកប្រតិបត្តិសហភាពអឺរ៉ុបទេ។ «ប្រព័ន្ធ Patriots ស្ថិតនៅក្នុងរាជធានីនានា ហើយវាអាស្រ័យលើពួកគេ ធ្វើការសម្រេចចិត្ត។រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប បានពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន- បន្ទាប់ពីការអនុម័តរបស់សមាជិកសភាអាមេរិកអំពីកញ្ចប់ជំនួយជិត ៦១ពាន់លានដុល្លារ ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល និងការផ្គត់ផង់អាវុធដល់ប្រទេសរុស្ស៊ី។រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសឡាតវីលោកស្រី បៃបា ប្រេស ( Baiba Braže) បាននិយាយថា វាជារឿងសំខាន់ដែលបណ្តាប្រទេសសហភាពអឺរ៉ុប កុំមានការអាក់អន់ស្រពន់ចិត្តនៅពេលនេះ ដែលសហរដ្ឋអាមេរិក បានអនុ ម័តកញ្ចប់ជំនួយដែលពន្យារពេលជាយូរមកហើយនោះ។

អ៊ីស្រាអែល កំពុងពង្រីកតំបន់មនុស្សធម៌ហ្កាហ្សា សម្រាប់លទ្ធភាពនៃការវាយប្រហារក្រុង រ៉ាហ្វា

2024/04/23 08:54:57 am        272
វិទ្យុរដ្ឋហេប្រ៊ូ (HPR) បានរាយការណ៍កាលពីថ្ងៃចន្ទ (២២ មេសា) ថាអ៊ីស្រាអែល កំពុងរៀបចំពង្រីក «តំបន់មនុស្សធម៌» នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីត្រៀមសម្រាប់ការវាយប្រហារដែលអាចកើតមានលើទីក្រុង រ៉ាហ្វា (Rafah) ជាប់ព្រំដែន។វិទ្យុនេះបាននិយាយថា តំបន់មនុស្សធម៌ថ្មីនឹងពង្រីកពីភូមិ អាល់ម៉ាវ៉ាស៊ី (Al-Mawasi) ភាគខាងត្បូងតាមបណ្តោយតំបន់ឆ្នេរនេះទៅកាន់ជាយក្រុង ឌើ អាល់បាឡា (Deir al-Balah) នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ហើយនឹងអាចដាក់ជនភៀសខ្លួនបានប្រហែលមួយលាននាក់។យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ទីរពេទ្យចល័តចំនួនប្រាំទីតាំងត្រូវបានបង្កើតឡើងនៅក្នុងតំបន់នេះ ដោយបន្ថែមពីលើមន្ទីរពេទ្យដែលមានស្រាប់ដែលកំពុងដំណើរការ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាកាលពីថ្ងៃអាទិត្យ ថានឹងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើក្រុមហាម៉ាស នៅប៉ុន្មានថ្ងៃខាងមុខ។លោក ណេតាន់យ៉ាហ៊ូ បានគំរាមម្តងហើយម្តងទៀតថានឹងបើកការវាយប្រហារលើក្រុង រ៉ាហ្វា ព្រោះទីនោះជា «បន្ទាយដ៏រឹងមាំ» ចុងក្រោយរបស់ក្រុមហាម៉ាស។ ក្រុង រ៉ាហ្វា បានក្លាយជាជម្រកចុងក្រោយសម្រាប់ប្រជាជនប៉ាឡេស្ទីនជាង ១,៤ លាននាក់ បន្ទាប់ពីការផ្លាស់ទីលំនៅរបស់ពួកគេពីភាគខាងជើង និងភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ដោយសារតែជម្លោះដ៏បង្ហូរឈាមដែលកំពុងបន្តរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល៕

អ៊ីរ៉ង់ ប្តេជ្ញាឆ្លើយតបកាន់តែខ្លាំងក្លា ប្រសិនបើអ៊ីស្រាអែល បង្កើតកំហុសណាមួយទៀត

2024/04/23 08:51:05 am        277
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសើ ខាណានី (Nasser Kanaani) កាលពីថ្ងៃចន្ទ (២២ មេសា) បានព្រមានថា ប្រទេសអ៊ីរ៉ង់ នឹងធ្វើការឆ្លើយតប «កាន់តែតឹងរ៉ឹង និងខ្លាំងក្លា» ប្រសិនបើអ៊ីស្រាអែល ធ្វើឱ្យមានកំហុសឆ្គងណាមួយផ្សេងទៀត។ លោកបានធ្វើការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈអត្ថាធិប្បាយអំពីប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមេសា ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។លោក ខាណានី និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងស្ថានទូតរបស់អ៊ីរ៉ង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ បានចាត់ទុកថាប្រតិបត្តិការសងសឹករបស់ខ្លួនបានបញ្ចប់ ហើយគោលបំណងរបស់ខ្លួនបានសម្រេចហើយ ប៉ុន្តែ «ប្រសិនបើអ៊ីស្រាអែលបង្កើតឱ្យមានមួយផ្សេងទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងកាន់តែតឹងរ៉ឹង និងកាន់តែធ្ងន់ធ្ងរ»។ងាកទៅការផ្ទុះដែលគេបានឮកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុននៅជិតទីក្រុង អ៊ីស្វាហាន (Isfahan) របស់អ៊ីរ៉ង់ ដែលទំនងជាការវាយប្រហាររបស់អ៊ីស្រាអែល លោក ខាណានី បានថ្កោលទោសការវាយប្រហារនេះថាជា «ការខឹងសម្បារ និងការព្យាបាទ» ដោយបន្ថែមថា មិនទាន់មានភាគីណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ។ លោកបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយបានរារាំងការវាយប្រហារដែលធ្វើឡើងដោយ «វត្ថុហោះតូចមួយ និងយានហោះលើអាកាសខ្នាតតូច» ដោយសង្កត់ធ្ងន់ថាជនល្មើសមិនបានសម្រេចអ្វីទាំងអស់៕

ការរញ្ជួយដីជាង៨០លើក អង្រួនកោះតៃវ៉ាន់ជាថ្មី ក្រោយការរញ្ជួយកម្រិត៧,២រ៉ិចទ័រសម្លាប់មនុស្ស១៧នាក់

2024/04/23 08:44:47 am        245
រដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ និយាយថា ការរញ្ជួយដីជាង៨០លើក ដែលជាការរញ្ជួយដីខ្លាំងក្លារកម្រិត៦,៣រ៉ិចទ័រ បានអង្រួនឆ្នេរភាគខាងកើតរបស់កោះនេះ កាលពីយប់ថ្ងៃចន្ទទី២២មេសា និងនៅព្រឹកថ្ងៃអង្គារនេះ។ ការរញ្ជួយនេះ បានធ្វើឲ្យរញ្ជួយអគារជាច្រើននៅក្នុងទីក្រុងតៃប៉ិ ។ ការរញ្ជួយទាំងនេះ បានអង្រួននៅលើតំបន់ហ័រលៀន(Hualien)ភាគខាងកើតរបស់កោះនេះ ជាទីដែលធ្លាប់មានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ សម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់ កាលពីថ្ងៃទី៣ខែមេសា ។ ប្ដីប្រពន្ធជនជាតិសិង្ហបុរីមួយគូ គឺលោក ស៊ីម វី កុក (Sim Hwee Kok)និងអ្នកស្រី ណែវ ស៊ីវ ចូ (Neo Siew Choo) នៅតែបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ ។គេជឿថាពួកគេបានបាត់ខ្លួននៅតាមតំបន់ជ្រលងភ្នំ សាកាតាំង ត្រេល (Shakadang Trail)។ គួររម្លឹកថាមានរលករញ្ជួយរាប់រយលើកបានអង្រួនកោះតៃវ៉ាន់ ចាប់តាំងពីមានការរញ្ជួយដីកាលពីខែដើមខែមេសាមក។ យានយកដ្ឋានពន្លត់អគ្គិភ័យ ក្នុងស្រុកហ័រលៀន បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា សណ្ឋាគារមួយ ដែលបានរងខូចខាតស្រាប់ក្នុងការរញ្ជួយដីកាលពីថ្ងៃទី៣មេសា នោះ ពុំអាចដំណើរការបានទៀតទេរហូតមកដល់ពេលនេះដោយសារផ្អៀងស្ទើរមួយចំហៀង។ សូមបញ្ជាក់ថាការរញ្ជួយដីចុងក្រោយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ពុំបានបណ្ដាលឲ្យមនុស្សស្លាប់ឬរបួសទេ។ យោងតាមរដ្ឋបាលអាកាសធាតុកណ្ដាល ការរញ្ជួយលើកដំបូង មានកម្រិត៥,៥រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ នៅម៉ោងប្រហែល៥និង៨នាទីល្ងាច។ ហើយការរញ្ជួយដីបន្តបន្ទាប់ទៀត បានកើតឡើងនៅម៉ោងប្រហែល២កន្លះព្រឹកថ្ងៃអង្គារនេះ។ គួររម្លឹកថា មនុស្សជាង១០០នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ កាលពីឆ្នាំ២០១៦ ខណៈការរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ មួយផ្សេងទៀត កាលពីឆ្នាំ១៩៩៩ បានឆក់យកជីវិតមនុស្ស ជាង២.០០០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទក្នុងខេត្តចំនួនពីរ កំពុងបង្កើតបរិយាកាសគាំទ្រដល់ការរស់នៅរបស់ប្រជាជន
03/19/2026 08:03 PM
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត
03/19/2026 08:03 PM
វិបត្តិប្រេងឥន្ធនៈ នៅថៃ ប៉ះពាល់ដល់រថយន្តសង្គ្រោះបន្ទាន់ នៅក្នុងខេត្តជាច្រើន
03/19/2026 07:03 PM
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ផ្អាកការប្រយុទ្ធគ្នាសម្រាប់ពិធីបុណ្យ Eid ស្របពេលជម្លោះជុំវិញការទម្លាក់គ្រាប់បែកនៅក្រុងកាប៊ុល
03/19/2026 07:03 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ដាណឺម៉ាកដាក់ពង្រាយកងទ័ព ដោយបារម្ភពីការឈ្លានពានរបស់អាមេរិក លើកោះ Greenland
03/19/2026 07:03 PM
អធិការបតីអាល្លឺម៉ង់មើលឃើញសញ្ញាវិជ្ជមានរបស់អាមេរិកចំពោះភាពទាល់ច្រកយោធាជាមួយអ៊ីរ៉ង់
03/19/2026 07:03 PM
ក្បួនរថយន្តដឹកអ្នករងរបួសប៉ាឡេស្ទីនដោយសារសង្រ្គាម និងអ្នកជំងឺឆ្ពោះទៅកាន់ច្រកព្រំដែន Rafah
03/19/2026 07:03 PM
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ
03/19/2026 07:03 PM
ប្រឈមនឹងការបិទប្រេងរបស់អាមេរិក បុរសគុយបាកែឆ្នៃរថយន្តរបស់ខ្លួនមកដើរដោយថាមពលធ្យូងអុស
03/19/2026 07:03 PM
អនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីលប្តេជ្ញាចិត្តធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែស៊ីជម្រៅបថែមទៀត
03/19/2026 07:03 PM