បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ

ព័ត៌មានកីឡា

បញ្ជាការដ្ឋានអង្គរក្ស ទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រោយការពារជើងឯក«តេជោលីគ»បានសម្រេច

2025/02/26 03:29:14 pm        218
ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង បានជួបសំណេះសំណាលជាមួយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គ ក្រោយការពារជើងឯក «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។ក្នុងជំនួបសំណេះសំណាលនោះដែរ ឯកឧត្តមនាយឧត្ដមសេនីយ៍បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រូ និងកីឡាករ ក្នុងការប្រឹងប្រែងហ្វឹកហាត់ និងការប្រកួត រហូតសម្រេចបានសមិទ្ធផលដ៏គាប់ប្រសើរ ជាមួយការបន្ដគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ «តេជោលីគ» ឆ្នាំ២០២៥ ហើយក៏ជាឆ្នាំទី២ នៃការលើកពាននេះ។ទន្ទឹមជាមួយការឆ្លៀតឱកាសជួបសំណេះសំណាល ក៏ដូចជាការជំរុញលើកទឹកចិត្តឲ្យក្រុមកីឡាករបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមការប្រកួតជាតិ និងអន្ដរជាតិផ្សេងៗ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ក៏បានឧបត្ថម្ភនូវម៉ូតូ ១គ្រឿងម្នាក់ អមជាមួយថវិកាលើទឹកចិត្តមួយចំនួន ដល់សមាជិកក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សផងដែរ ។គួរដឹងថា ក្រោយចាប់ផ្ដើមមិនសូវល្អ ក្នុងជុំទី១ ពិសេសនៅជុំទី២ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានសាងភាពភ្ញាក់ផ្អើល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានទម្លាក់ក្រុមក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣-១ ហើយកាន់តែអស្ចារ្យ គឺការយកឈ្នះក្រុមបាល់ទះវិសាខា ដាច់ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីបន្ដគ្រងតំណែងជើងឯក «តេជោលីគ» រដូវកាលទី២ អមប្រាក់រង្វាន់ ៦០លានរៀលទៀតផង ៕ អត្ថបទ លី ឈុនឡា

បាល់ទាត់ពានរង្វាន់ខេត្តស្វាយរៀង២០២៥ ៖ ថន តារាពេជ្រ ទាត់បញ្ចូលទី១៥​គ្រាប់តែ​ឯង​​ឱ្យក្រុម ក្នុងសប្តាហ៍ទី១

2025/02/24 06:04:09 pm        555
កីឡាករថន តារាពេជ្រ ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជា​ង​គេ​ក្នុង​ការ​ប្រកួត​បាល់ទា​ត់ពា​ន​រង្វាន់​ខេត្ត​ស្វាយរៀងក្នុងសប្តាហ៍ទី១ ហើយជួយឱ្យម្ចាស់​ជើង​ឯកស្នង​ការ​នគរបាល​ខេត្ត​ស្វាយរៀ​ង​ឈ្នះ​ក្រុម​បាល់​ទាត់ក្របីព្រៃកោះក្បាន ១៨ទល់នឹង២ ពូល (ក) ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុង​នោះ​តារាពេជ្រ ទាត់បញ្ចូលទីតែម្នាក់ឯង១៥គ្រាប់ ចំណែក​បី​គ្រាប់ទៀត​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ យិន ម៉ានុន ទ្រឿង ឆានឆាត និងកីឡាករភោគ សីហា។ ក្នុងពូលជាមួយគ្នានេះដែរក្រុមកាំភ្លើងធំឈ្នះភូមិហ៊ីង ១៤ទល់នឹង០ ក្នុងនោះកីឡាករ សុខ គារ៉ា រកបាន៧គ្រាប់តែឯង។ការប្រកួតក្នុងពូល (ខ) ក្រុមបាល់ទាត់ ធីមយើង ឈ្នះក្រុមបាល់ទាត់ភូមិកណ្ដាលខាងលិច ២ទល់នឹង១និងក្រុមបាល់ទាត់ឆ្មាបុងបុង ចាញ់សសយក ស្រុកកំពង់រោទិ៍ ០ទល់នឹង៤។ចំណែកការប្រកួតក្នុងពូល (គ) វិញក្រុមបាល់ទាត់យុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ឈ្នះក្រុមគោព្រៃភូមិស្វាយធំ ៥ទល់នឹង០។ កីឡាករ នៅ សុភត្រា និងកីឡាករខឿន កៀងវិរៈបុត្រ រកបានពីរគ្រាប់ម្នាក់រៀងៗខ្លួនឱ្យក្រុម ឯកីឡាករ មាឃ ជារក្សា ធ្វើបានសម្រេចមួយគ្រាប់ដែរ។ ក្នុងពូលជាមួយគ្នានេះ ក្រុមយុវជនចុងព្រែកស្មើសសយក ស្រុករមាសហែក ១ទល់នឹង១។សប្តាហ៍ទី២ ថ្ងៃទី៨ និងទី៩ ខែមីនា ពូល (ឃ) ក្រុមសាកលស្វាយរៀង ប្រកួតជាមួយពពែតអេហ្វស៊ី និងយុវជនសាមគ្គី ជួបយូណាយធីតសេហ្ស ពូល (ង) សសយក ស្រុកចន្ទ្រា ប្រកួតនឹងយុវជនគគីសោម និងសាមគ្គីកីឡា ប្រកួតជាមួយស្វាយទាបអេហ្វស៊ី ឯពូល (ច) លីងគួយអេហ្វស៊ី ប្រកួតជាមួយបក្សីស្វាយរៀង និងក្រុមបាល់ទាត់សំរោងចេកអេហ្វស៊ី ជួបខ្ញីចាស់ជីភូ។ការប្រកួតនេះធ្វើឡើងនៅវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕

Cristian ជួយព្រះខ័នរាជ បង្កើនគម្លាត ៤ពិន្ទុពីភ្នំពេញក្រោន ដែលចាញ់វិសាខា ២-១

2025/02/24 05:42:56 pm        654
ក្រុមព្រះខ័នរាជស្វាយរៀង បានបង្កើនគម្លាតពិន្ទុកាន់តែច្រើនពីគូប្រជែង ពិសេសភ្នំពេញក្រោន រហូតដល់ ៤ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវបឹងកេត ១-០ នៅចុងម៉ោង គ្រាដែលក្រុមសិង្ហក្រហម បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងប្រកួតដំបូង សម្រាប់វគ្គ Top-6 នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។សម្រាប់ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើយ តាមរយៈគ្រាប់បាល់ស៊ុតពីចម្ងាយដ៏ល្អពីខ្សែប្រយុទ្ធ Cristian Dos Santos នៅនាទី៩០+២ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៥៥ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលបន្ដឈរលេខ២ និងរក្សា ៥១ពិន្ទុក្នុងដៃ ។ចំពោះក្រុមភ្នំពេញក្រោន បានរបូត ៣ពិន្ទុលើទឹកដីវិសាខា បន្ទាប់ពីកីឡាករ Andres Neito រកបានគ្រាប់នាំមុខនៅនាទី១៧ ។ បន្ទាប់មកវិសាខា ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Mike Ott នៅនាទី២៤ និងប្រធានក្រុម កាន់ ម៉ូ នៅនាទី៤៥+២ ។ លទ្ធផលស្មើគ្នានេះ នាំឲ្យក្រុមទាំងពីរ ព្យាយាមកាន់តែខ្លាំងនៅវគ្គទី២ ពិសេសភ្នំពេញក្រោន ដែលចង់បានពិន្ទុ ដើម្បីប្រដេញជាមួយព្រះខ័នរាជស្វាយរៀង តែគ្មានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ។ ជ័យជម្នះនេះ នាំឲ្យវិសាខា រកបាន ៤៧ពិន្ទុ ចាញ់ប្រៀបភ្នំពេញក្រោនត្រឹម ៤ពិន្ទុ តែចាញ់ប្រៀបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៨ពិន្ទុដដែល ។ចំណែកគូ Top-6 មួយប្រកួតទៀត គឺក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ការប្រកួតដែលមានប្រធានសក្ដិដាច់ភ្លើងជាច្រើនលើក ក្រោមភ្លៀងរលឹមនេះ បានអូសបន្លាយការប្រកួតរហូតជាង ៤ម៉ោងទើបបញ្ចប់ ។ រីឯការប្រកួតទៀតសោត ក៏មានការប៉ះទង្គិចគ្នា រហូតបង្កឲ្យសមាជិកអង្គរថាយហ្គឺរម្នាក់ គឺកីឡាករ Kitajima Taiga រងរបួស និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ យ៉ាងណាការប្រកួត បានដំណើរការរហូតចប់ពេញម៉ោង ដែលគ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ ធ្វើសម្រេចដោយកីឡាករ Kitajima Taiga នៅនាទី១៣ និងកីឡាករ Nagashima Kodai នៅនាទី៧៤ ។ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួត ២គូទៀត ក្នុងនាមបេក្ខភាព ៥ក្រុមខាងក្រោមវិញ គឺគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះជាលើកទី២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ៤-២ គ្រាដែលក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បានយកឈ្នះសមាគមកីឡាកងយោធពលខេមរភូមិន្ទ ២-០ ៕ អត្ថបទ លី ឈុនឡា

បញ្ជាការដ្ឋានអង្គរក្សគ្រងជើងឯក «តេជោលីគ» ជាថ្មី ខណៈមន្ដ្រីសហព័ន្ធថា ជោគជ័យលើសស៊ីហ្គេម

2025/02/24 05:16:03 pm        275
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានការពារតំណែងជើងឯកបានជោគជ័យ នៃព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោយយកឈ្នះក្រុមវិសាខា ដាច់ក្នុងលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។នេះគឺជាលទ្ធផលដ៏ភ្ញាក់ផ្អើល ក្នុងនាមក្រុមឡើងមកពីជុំទី២ ទាំងត្រដាបត្រដួសដូចគ្នា ដោយបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣ និងវិសាខា ឈរលេខ៤ បានយកឈ្នះក្រុមលំដាប់កំពូលតារាង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រសួងមហាផ្ទៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី ។ អ្វីដែលមិននឹកស្មាន គឺបញ្ជាការដ្ឋានអង្គរក្ស បានបង្ហាញការប្រកួតដ៏អស្ចារ្យ ដើម្បីយកឈ្នះវិសាខា និងគ្រងជើងឯក «តេជោលីគ» ២រដូវកាលជាប់គ្នា ។ក្រោយចប់ការប្រកួតលោកបណ្ឌិត អាំង សិរីពីសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានសម្ដែងក្ដីរីករាយ និងមោទនភាព ចំពោះភាពអស្ចារ្យនៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំនេះ ដែលទទួលបានការគាំទ្រខ្លាំង តាំងពីចាប់ផ្ដើម រហូតដល់ចប់ ពិសេសនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានអ្នកទស្សនាផ្ទាល់នៅក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដ៏ច្រើនលើសពីស៊ីហ្គេម ឆ្នាំ២០២៣ ទៅទៀត បើតាមការប៉ាន់ស្មានរបស់លោក ។លោកបានចាត់ទុកនេះ គឺជាជោគជ័យ និងសមិទ្ធផលថ្មី ដែលបង្ហាញពីការស្រលាញ់គាំទ្រវិស័យបាល់ទះដោយបេះដូចរបស់ប្រជាពលរដ្ឋខ្មែរ និងជាកម្លាំងចិត្តសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការបន្ដរៀបចំព្រឹត្តិការណ៍នានា ពិសេសរដូវកាលថ្មី នៃការប្រកួត «តេជោលីគ» ដែលសហព័ន្ធគ្រោងនឹងបន្ដធ្វើកំណែទម្រល់លើច្បាប់ប្រកួតបន្ដិចបន្ដួចទៀត ដើម្បីធានាបាននូវការគាំទ្រកាន់តែផុសផុល និងជំរុញវិស័យកីឡាដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។ជាមួយការគ្រងតំណែងជើងឯក ២ឆ្នាំជាប់គ្នានេះដែរ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានទទួលពានដ៏ស្រស់ស្អាត អមប្រាក់រង្វាន់ ៦០លានរៀល គ្រាដែលវិសាខា ដែលបន្ដតំណែងជើងឯករង ទទួលបានប្រាក់រង្វាន់ ១២លានរៀល ។ រីឯលេខ៣ គឺក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ១០លានរៀល និងលេខ៤ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៨លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា

លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវគ្គខ្លាំងប៉ះខ្លាំង ជុំទី១ នាចុងសប្ដាហ៍នេះ

2025/02/21 08:11:20 pm        260
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី១ ចំនួន  ២ជុំ និងរកឃើញបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) និង ក្រុមបាតតាងទាំង ៥ (Bottom 5) រួចរាល់ លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដំណាក់កាលទី២ ពិសេសវគ្គខ្លាំងប៉ះខ្លាំង សម្រាប់បេក្ខភាព Top6 ជុំទី១ នាចុងសប្ដាហ៍នេះ។សម្រាប់ជំនួបបើកឆាកវគ្គ Top-6 មុនគេ ក្រុមវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៤-២ មុនក្រុមទាំងពីរ បានប្រកួតស្មើគ្នា ៣-៣ ក្នុងជើងទី២ នៅកីឡដ្ឋានព្រីនស៍ ។ ដូច្នេះចាំមើលថ្ងៃស្អែក តើក្រុមណា នឹងទទួលបានពិន្ទុបន្ថែម ដើម្បីបង្កើន និងរក្សាឱកាសប្រជែងពាន។រីឯនៅថ្ងៃទី២៣ ខែកុម្ភៈ គឺមានជំនួប Top-6 ចំនួន ២គូ ក្នុងនោះកំពូលតារាងព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ។ កាលពីដំណាក់ទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ទាំង ២ជើង ពោលគឺជើងទី១ ឈ្នះក្រៅដី ២-១ និងជើងទី២ ឈ្នះក្នុងដី ២-០ ។ចំណែក ១គូទៀត គឺក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីធ្លាប់រងបរាជ័យ ០-១ ក្នុងដី កាលពីជើងទី១ មុនប្រកួតស្មើគ្នា ១-១ នៅទឹកដីរបស់អង្គរថាយហ្គឺរវិញ ក្នុងជើងទី២ កាលពីដំណាក់កាលទី១ ។ដំណាលគ្នានឹងការប្រកួតរវាងបេក្ខភាព Top-6 ក៏នឹងមានការប្រកួតរវាងបេក្ខភាព Bottom-5 ចំនួន ២គូផងដែរ ដោយក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ។គួរដឹងថា សម្រាប់ការប្រកួតដំណាក់កាលទី២ ទាំងការប្រកួត Top-6 និង Bottom សុទ្ធតែត្រូវរាប់ពិន្ទុបន្ដពីការប្រកួតដំណាក់កាលទី១ ដើម្បីកំណត់ក្រុមចំណាត់ថ្នាក់ជ័យលាភី ពិសេសដើម្បីស្វែងរកក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្នុងចំណោមបេក្ខភាព ៦ក្រុមកំពូលតារាង ដែលបច្ចុប្បន្នក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបាន ៥២ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន រកបាន ៥១ពិន្ទុ និងវិសាខា ឈរលេខ៣ រកបាន ៤៤ពិន្ទុជាដើម ៕ អត្ថបទ លី ឈុនឡា

កម្ពុជា នឹងប្រកួតមិត្តភាពជាមួយជម្រើសជាតិ Aruba ក្រោយជួបវៀតណាម នាខែក្រោយ

2025/02/21 07:47:28 pm        208
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិ Aruba នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃសុក្រនេះ ។ក្រុមជម្រើសជាតិ Aruba គឺប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូង ដែលបច្ចុប្បន្នកំពុងឈរលេខរៀងទី១៩៥ ក្នុងចំណាត់ថ្នាក់ពិភពលោក ពោលគឺក្រោមក្រុមគោព្រៃកម្ពុជា រហូតដល់ ១៥លេខ ដ្បិតកម្ពុជា កំពុងឈរនៅលេខរៀងទី១៨០ ។នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងខែមីនាខាងមុខ ខណៈមុនបើកទ្វារផ្ទះស្វាគមន៍ក្រុមឆ្លងទ្វីបមកពីអាមេរិកខាងត្បូង ១សប្ដាហ៍ កម្ពុជានឹងត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាម នៅខេត្ត Binh Duong តាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ផងដែរ៕ អត្ថបទ លី ឈុនឡា 

ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ

2025/02/18 08:24:23 pm        346
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងបន្ដការប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមទៀត ឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរកឃើញបេក្ខភាព ៥ក្រុមកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ។សម្រាប់កម្មវិធីប្រកួតជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយចំនួន ៣គូចុងក្រោយ រួមមានក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍សមាគមកីឡាបាល់ទាត់ខេត្តកែប ក្រោយយកឈ្នះក្រៅដី ៩-០ កាលពីជើងទី១ គ្រាដែលគិរីវង់សុខសែនជ័យ នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុវិញម្ដង ក្រោយយកឈ្នះ ២-០ លើទឹកដីខ្លួន កាលពីជើងទី១ ។ រីឯក្រុម ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅទឹកដីតំបន់វេងស្រេង បន្ទាប់ពីជើងទី១ បានយកឈ្នះ ៣-០ ក្រៅដី ។ក្នុងចំណោមការប្រកួតកាត់សេចក្ដីនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ រវាងព្រះខ័នរាជស្វាយរៀង និងខេត្តកែប នឹងត្រូវឡើងទៅជួបក្រុមឈ្នះ រវាងក្រុមគិរីវង់សុខសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ។ ចំណែកក្រុមឈ្នះ រវាង ISI ដង្កោសែនជ័យ និងខេត្តត្បូងឃ្មុំវិញ នឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ៨ក្រុមចុងក្រោយ ។ចំពោះបេក្ខភាព ៤ក្រុមផ្សេងទៀត ក្រៅពីក្រុមនាគខៀវបឹងកេត ដែលបានកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ រួមមានក្រុមវិសាខា ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមណាហ្គាវើលដ៏ ។ ចំពោះការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះដែរ នឹងត្រូវធ្វើការប្រកួត ២ជើងដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៦-២៧ ខែកុម្ភៈ សម្រាប់ជើងទី១ និងជើងទី២ ប្រកួតនាថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ បង្ហាញខ្សែប្រយុទ្ធអន្ដរជាតិដ៏មានបទពិសោធន៍ថ្មី ដែលអាចលេងទាំងលីគ និង AFC

2025/02/18 07:27:27 pm        182
ក្លិបព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិដ៏មានបទពិសោធន៍ ១រូបទៀតហើយ គឺកីឡាករប្រេស៊ីល Matheus Moresche ដើម្បីពង្រឹងក្រុមត្រៀមលេងលីគកំពូលកម្ពុជាផង និងត្រៀមប្រជែងពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 នាពេលឆាប់ៗខាងមុខ ។ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដេលមានកម្ពស់ ១.៨០ម៉ែត្ររូបនេះ ធ្លាប់លេងឲ្យក្លិបជាច្រើន ទាំងក្នុងតំបន់ និងទ្វីបអាស៊ី ជាក់ស្ដែងមុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រូបគេក៏ធ្លាប់ចូលរួមជាមួយក្លិប Naft-Al-Basra របស់ប្រទេសអ៊ីរ៉ាក់ផងដែរ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ តែមិនបានលេង និងចុងក្រោយ បានចូលរួមជាមួយក្លិប Nanjing City នៃលីគទី២ ចិន ដោយបង្ហាញខ្លួនបាន ២៩ប្រកួត និងរកបាន ៥គ្រាប់ផងដែរ ។តាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងដដែល បានឲ្យដឹងថា វត្តមានរបស់ Matheus នឹងត្រូវជំនួសខ្សែប្រយុទ្ធប្រេស៊ីល Pablo Agusto ដែលមានបញ្ហារបួស និងកំពុងស្ថិតក្រោមការស្ដារនីតិសម្បទា ដោយត្រូវការរយៈពេលយ៉ាងតិច ៦សប្ដាហ៍ ។ ដូច្នេះ Matheus នឹងត្រូវលេងរាល់ការប្រកួតសេសសល់ក្នុងលីគ ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 ផងដែរ ។ចំពោះកីឡាករ Pablo នៅតែជាសមាជិកក្លិបព្រះខ័នរាជស្វាយរៀង ដោយរូបគេនឹងចូលរួមការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 លើកលែងតែលីគប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធអន្ដរជាតិរូបនេះ មិនអាចបន្ដលេងបាន ។ក្រោយចូលរួមជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា Matheus បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃប្រទេសកម្ពុជា ពិសេសក្លិបព្រះខ័នរាជស្វាយរៀង ហើយរូបគេក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមប្រជែងពានរង្វាន់នានា ក្នុងរដូវកាលឆ្នាំ២០២៤/២៥ នេះផងដែរ ។គួរដឹងថា នេះគឺជាកីឡាករបរទេសទី២ ដែលព្រះខ័នរាជស្វាយរៀង បាននាំចូលនាដើមឆ្នាំថ្មីនេះ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបប្រេស៊ីល Breno Caetano កាលពីថ្មីៗ ប៉ុន្ដែកីឡាករ Breno Caetano អាចលេងបានតែពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ ។ នេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការត្រៀមខ្លួន ទាំងលីគ និងពានរង្វាន់អន្ដរជាតិ ដែលធ្វើឲ្យអ្នកគាំទ្រមានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមនឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ លី ឈុនឡា 

កីឡាទោចក្រយាន សម្រេចបំណងបញ្ជូនគ្រូរៀនវគ្គកម្រិតខ្ពស់បំផុតលើពិភពលោក

2025/02/18 07:07:44 pm        159
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានសម្រេចគោលដៅបញ្ជូនគ្រូបង្វឹកកម្ពុជាលើកដំបូង គឺ​លោក យឿន ភីយុទ្ធ ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្ដរជាតិកម្រិត៣ ឬ Level 3 ដែល​ជា​កម្រិត​ខ្ពស់​បំផុតលើពិភពលោក នៅមជ្ឈមណ្ឌលកីឡាទោចក្រយានពិភពលោក World Cycling Centre នាទីក្រុង Aigle ប្រទេស ស្វីស។តាមការ​បញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គ​បណ្ដុះ​បណ្ដាល​កម្រិត​ខ្ពស់​បំផុតនេះ នឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ទោចក្រ​យាន​អន្តរជាតិ​(UCI)​ និង​គណៈ​កម្មាធិការ​អូន​ឡាំពិកកម្ពុជា(NOCC) ។លោកថា នេះជាលើកដំបូងហើយ ដែលកម្ពុជាមានធនធានគ្រូបង្វឹកកីឡាទោចក្រយាន ចូល​រៀន​វគ្គ​គ្រូ​បង្វឹកអន្ដរជាតិកម្រិត៣ ដ្បិតកន្លងមកធ្លាប់មានត្រឹមកម្រិត១ និងកម្រិត២ ប៉ុណ្ណោះ បន្ទាប់​ពី​លោក យឿន ភីយុទ្ធ បានឆ្លងកាត់ការសិក្សាកម្រិត១ ក៏ដូចជាកម្រិត២ ហើយបានប្រឡងជាប់ ដើម្បី​បន្ដ​ការសិក្សាកម្រិត៣ កាលពីថ្មីៗ ។ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រថ្មីនេះ បានស្ដែងចេញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ ដែលខិតខំជំរុញមន្ដ្រីបច្ចេកទេសរបស់ខ្លួន ធ្វើការអភិវឌ្ឍន៍​សមត្ថភាព​ឈាន​ដល់​កម្រិត​អន្ដរជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាទោចក្រយានកម្ពុជាកាន់តែរីកចម្រើន ។លោក​បន្ដថា ក្រោយបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកអន្ដរជាតិកម្រិត៣ លោក យឿន ភីយុទ្ធ អាច​មាន​សិទ្ធ​ក្នុងការបណ្ដុះបណ្ដាលគ្រូបង្វឹកគ្រូបង្វឹកអន្ដរជាតិកម្រិត១ ឬកម្រិត២ ទាំងក្នុង និង​ក្រៅ​ប្រទេស​បាន។ នេះគឺជាផលចំណេញ និងជាគោលដៅដ៏សំខាន់ ដែលសហព័ន្ធចង់បាន ហើយ​សង្ឃឹម​ថា លោកនឹងបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីលើកមុខមាត់ និងរួម​ចំណែក​អភិវឌ្ឍន៍​កីឡា​ទោ​ចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕ អត្ថបទ៖ លី ឈុនឡា

NOCC នឹងរៀបចំ «ភូមិយុទ្ធគុនដូនតាខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដើម្បីបំផុសស្មារតីជាតិនិយមបន្ថែម

2025/02/14 07:27:55 pm        296
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំ «ភូមិយុទ្ធគុនដូនតាខ្មែរ» ជាមួយ «ភូមិខ្ញុំ» នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ដើម្បីបំផុតស្មារតីជាតិនិយមបន្ថែម ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ដែលជាព្រលឹងវប្បធម៌ជាតិ ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ការត្រៀមរៀបចំភូមិយុទ្ធគុនដូនតាខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្របតាមគោលការណ៍យុទ្ធសាស្ដ្ររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជំរុញការសិក្សាស្រាវជ្រាវ ក៏ដូចជាជំរុញការអភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ។ការណ៍នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងខិតខំធ្វើការងារនេះជាមួយ ស.ស.យ.ក ឲ្យបានល្អ ក្នុងការបង្ហាញនូវក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ព្រមទាំងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីចាស់ព្រឹទ្ធាចារ្យ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម អំពីប្រវត្តិ និងស្នៀតគុនពិសេសៗ នៃក្បាច់គុនបន្សល់ទុកពីបុព្វបុរសខ្មែរឲ្យប្រជាពលលរដ្ឋស្គាល់ និងយល់ ជាមួយកម្មវិធីពិសេសៗជាច្រើន ដើម្បីបំផុសស្មារតីជាតិនិយម ការស្រលាញ់ និងដឹងគុណ ចំពោះបុព្វបុរសខ្មែរ ការស្រលាញ់ និងថែរក្សានូវសន្ដិភាពជាដើម ។ក្រៅពីត្រៀមរៀបចំនូវភូមិយុទ្ធគុនដូនតាខ្មែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងសហការជាមួយ ស.ស.យ.ក ក្នុងការរៀបចំការប្រកួតកីឡាប្រពៃណី ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដូចសព្វដងផងដែរ ពិសេសការប្រកួតកីឡាអុកចត្រង្គ ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតចម្រុះ នាខែមីនាខាងមុខ ដើម្បីស្វែងរកបេក្ខភាពឆ្នើមប្រចាំតំបន់ទាំង ៨ និងនិស្សិតឆ្នើម ២រូប ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរក ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
07/28/2026 01:07 PM
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
07/28/2026 01:07 PM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា
07/28/2026 01:07 PM
អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
07/28/2026 01:07 PM
មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
07/28/2026 12:07 PM
អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
07/28/2026 12:07 PM
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
07/28/2026 12:07 PM
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
07/28/2026 12:07 PM