កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី
ពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ

ព័ត៌មានកីឡា

Angkor Ultra Trail លើកទី៩ នឹងមកដល់ចុងសប្ដាហ៍នេះ ជាមួយសញ្ញាណវិជ្ជមាន

2026/01/23 06:36:53 pm        460
ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី២៤ ខែមករាស្អែកនេះ នៅបរិវេណរមណីយដ្ឋានអង្គរ លើវិញ្ញាសាចំនួន ៦ រួម​មាន​រត់​ចម្ងាយ ​៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងឆ្ងាយ​ជាង​គេ​ចម្ងាយ ១០០គីឡូម៉ែត្រ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា មក​ទល់​ពេល​នេះ​ អ្វីៗបានប្រព្រឹត្តយ៉ាងរលូន ក្រោយមានកិច្ចសហការ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ អ្វី​ដែលពិសេស គឺសន្ទុះនៃការចូលរួមរបស់អត្តពលិកមកពីជុំវិញពិភពលោក នៅ​តែ​មាន​សញ្ញាណ​ល្អ មិនចាញ់ឆ្នាំមុនឡើយ ដោយមានអ្នករត់ជិត ១,៧០០នាក់ ។ នេះគឺជាសញ្ញាណវិជ្ជមាន សម្រាប់​ព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ ដែលនៅតែមានការគាំទ្រ និងសន្ទុះចូលរួមល្អ សម្រាប់​ជួយសង្គមជាតិ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ និងវិស័យទេសចរណ៍នៅខេត្តសៀមរាប។គួរដឹងថា Angkor Ultra Trail គឺជាការព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ ដោយ​ឆ្លង​កាត់​វាល​ស្រែ ​ភូមិឋានប្រជាពលរដ្ឋ ភ្នំ និងប្រាសាទនានា នៅតំបន់ឧទ្យានអង្គរ ហើយ​លើស​ពី​ការ​រត់​ដើម្បី​សុខភាព និងការបំបែកកំណត់ត្រាផ្ទាល់ខ្លួន អ្នករត់ ដែលជាភ្ញៀវជាតិ និងអន្ដរជាតិ នឹង​ទទួល​បាន​បទពិសោធន៍ជាច្រើន ដូចជាការផ្សងព្រេងនៅក្នុងព្រៃនៃតំបន់អង្គរ ការបាន​ឃើញ​ពី​ជីវភាព​រស់​នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតំបន់អង្គរ និងការរត់កាត់ប្រាសាទបុរាណពីមួយ ទៅមួយ ដែល​នឹងក្លាយជាអនុស្សាវរីយ៍ចងចាំមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។សម្រាប់​គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើក​កម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ​ជាពិសេសនៅតំបន់អង្គរ និងជួយដល់សកម្មភាពមនុស្សធម៌ ជាក់​ស្ដែង​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ក្រុមហ៊ុន Phoenix Voyages បានត្រៀមជួយដល់ការជួសជុលសាលារៀន សាង​សង់​អណ្ដូង និងសម្ភារៈសិក្សាជាច្រើនទៀត ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅ​ស្រុកពួក ខេត្តសៀមរាប ផងដែរ៕ អត្ថបទ លី ឈុនឡា

មេឃ ជារក្សា ប្ដេជ្ញាបន្ដខំប្រឹងកាន់តែខ្លាំងក្រោយបានបង្ហាញខ្លួនលើកដំបូងឲ្យ​ក្រុមធំព្រះខ័នរាជស្វាយរៀង

2026/01/23 06:07:34 pm        460
កីឡាករវ័យក្មេង មេឃ ជារក្សា បានសម្ដែងការសប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ក្រោយមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំព្រះខ័នរាជស្វាយរៀង និងបានចាត់ទុកជាកម្លាំងដ៏សំខាន់ ដែលជំរុញរូបគេឲ្យកាន់តែខំប្រឹង ដើម្បីអនាគតលើវិថីបាល់ទាត់របស់ខ្លួន។ការបង្ហាញខ្លួនលើកដំបូងជាមួយក្លិបជើងឯកលីគកំពូលកម្ពុជានេះ ស្របពេលព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ វគ្គ ១៦ក្រុមចុងក្រោយ-ជើងទី១ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីត ៥-២ កាលពីថ្ងៃពុធកន្លងទៅ។កីឡាករវ័យជាង ១៧ឆ្នាំ ដែលមានដើមកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង រូបនេះ បានប្រាប់ក្រុមការងារ BTV ថា ខ្លួនពិតជារីករាយ ដែលគ្រូបង្វឹកបានផ្ដល់ឱកាសឲ្យបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំ បន្ទាប់ពីដំឡើងមកពីក្រុមយុវជន U18 កាលពីថ្មីៗ។ យ៉ាងណាក្ដី មេឃ ជារក្សា ថាសមត្ថភាពខ្លួននៅមានកម្រិត ដែលទាមទារឲ្យខ្លួនត្រូវខំប្រឹងកាន់តែខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅជួយក្លិបជាបន្ដបន្ទាប់ទៀត។គួរដឹងថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលនេះ គេឃើញបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជា បានដំឡើងកីឡាករយុវជនថ្នាលមួយចំនួនចូលរួម ហើយក៏បានផ្ដល់ឱកាសលេងជាច្រើនផងដែរ ពិសេសកំឡុងការប្រកួតទល់នឹងក្រុមឡើងមកពីថ្នាក់ខេត្ត ជាក់ស្ដែងព្រះខ័នរាជស្វាយរៀង បានផ្ដល់ដំឡើងយុវជនអាយុក្រោម ១៨ឆ្នាំរបស់ខ្លួន ៤រូបចូលរួមក្នុងការប្រកួតនេះ រួមមាន មេឃ ជារក្សា, ប៉ូយ វិសាល, ម៉ន សារិ និងវ៉ា ដេវីត។សម្រាប់យុវជន មេឃ ជារក្សា ដោយមានការតស៊ូ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ក្រោមការជំរុញទឹកចិត្តពីឪពុកម្ដាយ ក្រៅពីបានហ្វឹកហាត់នៅថ្នាលយុវជនព្រះខ័នរាជស្វាយរៀង រហូតបានឡើងឲ្យក្រុមធំ រូបគេក៏ធ្លាប់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជសម្រាក ខណៈបេក្ខភាព Top-6 ភាគច្រើនត្រូវជួបគ្នាក្នុងលីគ ចុងសប្ដាហ៍នេះ

2026/01/23 05:41:40 pm        426
ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងមិនមានកម្មវិធីប្រកួតនោះទេ នាចុងសប្ដាហ៍នេះ តែ​បេក្ខភាព ១០ក្រុមផ្សេងទៀត នឹងត្រូវធ្វើការប្រកួតធម្មតា ពិសេសក្រុមកំពូលតារាងទាំង ៦(Top-6) ដែលភាគច្រើនត្រូវជួបគ្នា ក្នុងសប្ដាហ៍ទី១៨ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។សម្រាប់ក​ម្មវិធីជុំទី២ នាថ្ងៃទី២៤ ខែមករាស្អែកនេះ គឺមាន ២គូ ដោយក្រុម​កង​យោធ​ពល​ខេមរ​ភូមិន្ទ ត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា និង​ក្រុម ​ISI ដង្កោសែនជ័៧ ត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមឡាយហ្វខេត្តព្រះសីហនុ នាទឹក​ដី​កំពង់​សោម។ក្នុងចំណោម ២ប្រកួតនេះដែរ អ្នកគាំទ្របានផ្ដោតការចាប់អារម្មណ៍ជាពិសេស ចំពោះជំនួបរវាងកងយោធពលខេមរភូមិន្ទ និង អឹមអូអាយ កំពង់ដេវ៉ា ដ្បិតកាលពីជើងទី១ ក្រុមទាំងពីរ បានស្មើគ្នា ០-០។ ប៉ុន្ដែជំនួបជើងទី២ ក្រុមទាំងពីរ កំពុងស្រេកឃ្លាននូវជ័យជម្នះ ពិសេស អឹមអូអាយ កំពង់ដេវ៉ា ដែលត្រូវការ ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6។ដោយឡែកនៅថ្ងៃទី២៥ ខែមករាវិញ សុទ្ធសឹងជាគូជក់ចិត្ត ក្នុងនោះបេក្ខភាព Top-6 ៤ក្រុមត្រូវជួបគ្នា ដោយបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមអង្គរថាយហ្គឺរវិញម្ដង ក្រោយចាញ់ក្រៅដី ៣-០ កាលពីជើងទី១ ស្របពេលក្រុមណាហ្គាវើលដ៏ ត្រូវជួបម្ចាស់ផ្ទះវិសាខា បន្ទាប់ពីប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ នៅទឹកដីខេត្តកំពង់ស្ពឺ។ រីឯ ១គូទៀត គឺភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា។បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ មាន ៣៤ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ៥ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ គ្រាដែលណាហ្គាវើលដ៏ ឈរលេខ៣ មាន ២៨ពិន្ទុស្មើបឹងកេត ដែលឈរលេខ៤ គ្រាដែលអង្គរថាយហ្គឺរ មាន ២៤ពិន្ទុ ឈរលេខ៥ ស្មើវិសាខា ដែលឈរលេខ៦។ ផ្អែកលើលទ្ធផលបណ្ដោះអាសន្ននេះ ក្រុមនីមួយៗ សុទ្ធតែត្រូវការពិន្ទុ ដើម្បីរក្សាកៅអី Top-6 ក៏ដូចជាបង្កើនឱកាសប្រជែងពាន ពិសេសអង្គរថាយហ្គឺរ និងវិសាខា ដែលកំពុងស្ថិតក្នុងតំណែង Top-6 ទាំងប្រផិតប្រផើយនៅឡើយ។តាមរយនេះ អ្នកគាំទ្ររំពឹងថា ការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងសមរភូមិប្រយុទ្ធលើវាលស្មៅដ៏ជក់ចិត្ត ពិសេសជំនួបរវាងបេក្ខភាពក្រុម Top-6 តែម្ដង៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ក្រោយចាយពេល ១១១នាទី ក្នុងជើងទី២

2026/01/19 11:46:12 pm        462
ក្រុមព្រះខ័នរាជស្វាយរៀង បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយវាយបកយកឈ្នះ ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ជំនួបដ៏ក្ដៅគគុកនេះ បានចំណាយពេលប្រមាណ ១១១នាទី ដោយបូកបូលម៉ោងធម្មតា ជាមួយនាទីបន្ថែម តាមវគ្គនីមួយៗ ទើបដឹងលទ្ធផលឈ្នះចាញ់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានបើកការវាយសម្រុកគ្នាពេញម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់សរុបចំនួន ៥,០៤០នាក់ ។ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានបើកការនាំមុខ ២គ្រាប់មុន ត្រឹមរយៈពេលប្រមាណ ២០នាទី ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កិឡការ Dyer Moses នៅនាទី១៩ និងគ្រាប់ទី២ ដោយកីឡាករ Andres Nieto នៅនាទី២១។បែបនេះក្ដី ភ្នំពេញក្រោន នៅតែបន្ដវាយសម្រុក ខណៈព្រះខ័នរាជស្វាយរៀង បានបង្កើនការវាយបកកាន់តែខ្លាំង រហូតរកបាន ២គ្រាប់តាមស្មើនៅចុងវគ្គទី១ ដោយកីឡាករ Peprah Kwame នៅនាទី៤០ និងនាទី៤៥+៤ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបានគ្រាប់ទី៣ បើកការនាំមុខក្រុមម្ចាស់ផ្ទះវិញ នៅនាទី៥៩។នាទីសេសសល់ នៃវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង រហូតមានការប៉ះទង្គិចគ្នា និងទទួលបានការពិន័យកាតលឿងជាច្រើនពីអាជ្ញាកណ្ដាល រួមទាំងកាតក្រហមផងដែរ ជាក់ស្ដែងកីឡាករ មិន រតនៈ ដែលទទួលកាតពិន័យកាតលឿនទី២ ស្មើនឹងកាតក្រហម នៅនាទី៩០+៩ ក៏ដូចជាការពិន័យកាតក្រហមលើក្រុមការងារគ្រូជំនួយភ្នំពេញក្រោនមួយរូប ក្រោយមានការប៉ះទង្គិចគ្នាចុងម៉ោង មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ៣-២ ក្នុងជើងទី២ បន្ទាប់ពីរងបរាជ័យក្នុងដី ២-៣ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។នេះគឺជាការបរាជ័យលើកដំបូងរបស់ក្រុមភ្នំពេញក្រោន ក្នុងរដូវកាលនេះ ក្រោយឆ្លងកាត់ ១៥ប្រកួតឈ្នះ ១០ ស្មើ ៤ និងចាញ់ ១ ដែលធ្វើឲ្យពួកគេ បន្ដឈរលេខ២ និងរក្សា ៣៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង ៥ពិន្ទុ តែចំណេញ ១ប្រកួតក្នុងដៃ បើធៀបនឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលបន្ដគ្រងកំពូលបណ្ដោះអាសន្ន រកបាន ៣៩ពិន្ទុ ជាមួយលទ្ធផល ១៦ប្រកួតឈ្នះ ១៣ និងស្មើ ៣៕ អត្ថបទ លី ឈុនឡា 

បាល់ទះសប្បុរសធម៌ ដើម្បជួយជនភៀសសឹក បង្ហាញពីស្មារតីរួបរួមខ្មែរតែមួយ ក្រោយកៀរគរជំនួយជាង ១២៧លានរៀល

2026/01/19 11:36:57 pm        391
ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក បានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីការរួបរួមជាធ្លុងមួយ ក្រោមស្មារតីខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាជួយជាតិ ក្នុងគ្រាដ៏លំបាក ក្រោយកៀរគរបានថវិកាសរុបជាង ១២៧លានរៀល។ការប្រកួតនេះ មានបេក្ខភាព ៤ក្រុមចូលរួម និងបានធ្វើការប្រកួត ១ថ្ងៃពេញ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមបាល់ទះក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមវិសាខា។ គ្រប់ការប្រកួត សុទ្ធតែទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយក្រៅពីការទិញសំបុត្រចូលទស្សនា ក៏មានការនាំទៅជាមួយនូវក្រមារ និងតុក្កតោជាដើម ពិសេសថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់គាំទ្រមូលនិធិជួយដល់ជនភៀសសឹក ។ក្រោយបញ្ចប់ការប្រកួតសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសថា ថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះ រួមជាមួយការបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ អ្នកគាំទ្រ គឺមានចំនួនសរុប ១២៧,៨៧៥,០០០រៀល។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធថា ថវិកាទាំអស់នេះ បង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីជួយជាតិក្នុងគ្រាលំបាក ដោយសហព័ន្ធ នឹងប្រគល់ថវិកាទាំងអស់ ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រាប់រៀបចំចាត់ចែងជួយសម្រួសដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅភូមិឋានវិញ តាមរយៈការសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗជាដើម។លោកបន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍សប្បុរសធម៌នេះ ក្រៅពីបង្ហាញពីការរួបរួមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ជាសញ្ញាណដ៏ល្អ សម្រាប់ការងាកមកចាប់អារម្មណ៍ និងគាំទ្រវិស័យកីឡាបាល់ទះកាន់តែខ្លាំងឡើង ដើម្បីជំរុញវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតផ្លូវការនានា នៅពេលខាងមុខ ពិសេសការប្រកួពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ នាដើមខែកម្ភៈខាងមុខ នឹងទទួលបានការគាំទ្រកាន់តែច្រើនផងដែរ។សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតបាល់ទះសប្បុរសធម៌ ដើម្បីកៀរគរមូលនិធិជួយជនភៀសសឹកនេះដែរ គឺក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប់លេខ២ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត នៅវគ្គជម្រុះ និងឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមវិសាខា បានជាប់លេខ៣ ក្រោយប្រកួតជម្រុះចាញ់ក្រុមក្រសួងមហាផ្ទៃ ៣-១សិត មុនយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-១ ក្នុងវគ្គដណ្ដើមលេខ៣៕ អត្ថបទ លី ឈុនឡា

សហព័ន្ធគុនខ្មែរអន្ដរជាតិ ប្រកាសកាលបរិច្ឆេទថ្មី នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥

2026/01/14 10:29:57 pm        661
សហព័ន្ធគុនខ្មែរអន្ដរជាតិ បានប្រកាសកាលបរិច្ឆេទថ្មី ដែលត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​ប្រដាល់​​គុនខ្មែរជើង​ឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។ការប្រកាសកាលបរិច្ឆេទថ្មីនេះ បន្ទាប់ពីកន្លងមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួម​ជាមួយ​សហព័ន្ធគុនខ្មែរអន្តរជាតិ បានសម្រេចលើកពេលរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដែល​គ្រោង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយសារចំពេលមាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ប៉ុន្ដែដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន មានភាពប្រសើរជាងមុន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ ក៏សម្រេចរៀបចំឡើងវិញ នៃការប្រកួត​កីឡា​គុនខ្មែរ​ជើងឯកពិភពលោក លើកទី៦ នាថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ​រក្សា​ការរៀបចំនៅទីតាំងដដែល នាបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។គួរដឹងថា មុនសម្រេចលើកពេលការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើក​ទី៦ នេះ មានប្រតិភូ និងអត្តពលិកប្រមាណជិត ៣០ប្រទេសបានចុះឈ្មោះចូលរួម ។ យ៉ាងណាការសម្រេចលើកពេលភ្លាមៗ បណ្ដាប្រទេសសមាជិក​សហព័ន្ធ​គុនខ្មែរ​អន្ដរជាតិ​ទាំង​អស់ សុទ្ធតែគាំទ្រ ហើយនៅតែត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមជាថ្មី ក្រោយស្ថានការណ៍​ល្អប្រសើរ​៕ អត្ថបទ លី ឈុនឡា

គុនខ្មែរសម្រេចផ្អាកប្រើឧបករណ៍ការពារក្បាល តែត្រូវមានវិធានាការខ្ពស់ ក្នុង​កម្មវិធី​ប្រកួត​កម្រិត​ថ្នាល

2026/01/14 10:12:11 pm        643
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចផ្អាកការប្រើប្រាស់ឧបករណ៍ការពារក្បាល ក្នុង​ការ​ប្រកួត​ថ្នាល​គុនខ្មែរ តែត្រូវមានវិធានការពារខ្ពស់ ដើម្បីធានាការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។នេះ​បើ​តាម​ការប្រកាសរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយ​មាន​ការ​យកចិត្តទុកដាក់ពីសាធារណជន រួមជាមួយមតិយោបល់ផ្ទាល់ពីប្រធានក្លិប គ្រូបង្វឹក និង​អ្នក​រៀប​ចំកម្មវិធី ក្រោមស្មារតីស្រលាញ់ និងការព្រួយបារម្ភចំពោះអនាគតកីឡាគុនខ្មែរ ជាពិសេស​ការ​អភិវឌ្ឍ​យុវជនយុវនារីថ្នាលតែម្ដង។ឯកឧត្តមបាន​គូសបញ្ជាក់ថា ដោយយកចិត្តទុកដាក់លើសំណើរ និងមតិយោបល់​ពី​អ្នក​រៀប​ចំ​កម្ម​វិធី​ ប្រធានក្លឹប គ្រូបង្វឹក និងមហាជនអ្នកគាំទ្រមួយចំនួន សហព័ន្ធសម្រេចផ្អាកជាបណ្តោះអាសន្ន កា​រ​អនុវត្តន៍ការប្រើប្រាស់ ឧបករណ៍ការពារក្បាល ក្នុងកម្មវិធីប្រកួតថ្នាលគុនខ្មែរ ខណៈដែល​បន្ត​រក្សា​ការ​ប្រើប្រាស់ឧបករណ៍ការពារកែងនៅដដែល។ការសម្រេចផ្អាកប្រើប្រាស់ឧបករណ៍ការពារក្បាលសម្រាប់ថ្នាលគុនខ្មែរនេះ មានសុពល​ភាព​ជា​បណ្តោះ​អាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ហើយសហព័ន្ធនឹងបន្តតាមដាន និង​វាយ​តម្លៃ​ការ​វិវត្តន៍ នៃការរៀបចំកម្មវិធីថ្នាលនេះ ដើម្បីធានាការអភិវឌ្ឍគុនខ្មែរ ប្រកបដោយសុវត្ថិភាព និងចីរភាព។យ៉ាងណាមិញក្នុងនាមសហព័ន្ធ ឯកឧត្តមបានជំរុញឲ្យបណ្តាក្លបគុនខ្មែរ បន្តការ​ហ្វឹក​ហាត់​ដោយ​ពាក់​ឧបករណ៍ការពារសម្រាប់យុវជនក្រោអាយុ ១៦ឆ្នាំ បើទោះផ្អាកការអនុវត្តពេលប្រកួត តែ​ត្រូវ​ប្រើ​ពេល​ហ្វឹកហាត់ដើម្បីបន្សាំការពាក់ឧបករណ៍ការពារ និងកាត់បន្ថយការ​ប៉ះ​ទង្គិច​ក្បាល​ច្រើន​ពេល​ហ្វឹក​ហាត់។មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានធ្វើការណែនាំដល់អាជ្ញាកណ្តាល ដែលដឹកនាំការ​ប្រកួត​កម្រិត​ថ្នាល ​ត្រូវមានវិធានការការពារខ្ពស់សម្រាប់ក្មេងៗ ដូចជាត្រូវប្រុងប្រយ័ត្នការដួលបោកក្បាល ឬ​កា​ច់​ផ្អួល បោកផ្តួល ដែលអាចប៉:ទង្គិចខ្លាំងផ្នែកក្បាល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ពេលប្រកួត ដោយអាចបញ្ឈប់ភ្លាមៗ ពេលឃើញសញ្ញានៃការកើតមាន។ជា​មួយការទទួលមតិមហាជន និងការអនុវត្ដភ្លាមៗនេះ ត្រូវបានមន្ដ្រី និងអ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ សម្ដែងការគាំទ្រ ក្រោមស្មារតីកីឡាជាតិតែមួយ ក្នុងន័យរួមគ្នាអភិវឌ្ឍគុនខ្មែរ ឲ្យ​រីក​ចម្រើន​ប្រកបដោយសុវត្ថិភាព ចីរភាព និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ៕ អត្ថបទ លី ឈុនឡា

Al-Nassr ចាញ់ Al Qadsiah ជាបរាជ័យពីរប្រកួតជាប់គ្នានៅក្របខណ្ឌ Saudi Pro League

2026/01/09 08:37:18 pm        428
ក្រុមលេខពីរ Al-Nassr បានរងបរាជ័យពីរប្រកួតជាប់គ្នា ក្រោយចាញ់ Al-Qadsiah ក្នុងទឹកដីខ្លួនឯង ២-១ នៅក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។កីឡាករព័រទុយហ្កាល់ទាំងពីរ Cristiano Ronaldo និង Joao Felix សុទ្ធតែមានឱកាសដូចគ្នានៅវគ្គទីមួយ តែមិនអាចរកគ្រាប់បាល់បាន​ ខណៈវគ្គទីមួយបញ្ចប់ទៅដោយ ០-០។ ការប្រែប្រួលកើតឡើងនៅវគ្គទីពីរនៅនាទីទី ៥១ នៅពេលអ្នកចាំទី Al-Nassr, Nawaf Al-Aqidi ធ្វើឱ្យមានកំហុស និងឆក់ឱកាសដោយ Julian Quinones មុនពេលដែល Nahitan Nandez បន្ថែមគ្រាប់នាំមុខ ២-០ ឱ្យ Al-Qadsiah នៅនាទីទី ៦៦។ ឈានដល់នាទីទី ៨១ Cristiano Ronaldo ស៊ុតបាល់ពិន័យ ១១ ម៉ែត្របានមួយគ្រាប់តាមពីក្រោយ តែមិនមានអ្វីលើសពីនេះឡើយ ខណៈការប្រកួតបញ្ចប់ដោយ Al-Qadsiah យកឈ្នះនៅផ្ទះ Al-Nassr ២-១។ នេះជាបរាជ័យពីរប្រកួតជាប់គ្នាសម្រាប់ Al-Nassr រដូវកាលនេះ គិតត្រឹមសប្តាហ៍ទី ១៣ ខណៈពួកគេកំពុងឈរលេខពីរតាមពីក្រោយក្រុមកំពូលតារាង Al-Hilal ៤ ពិន្ទុ។ Al-Hilal បានយកឈ្នះ Al-Hazm ៣-០ បន្តឈរលេខមួយ ខណៈលេខបី Al-Taawoun មាន ២៨ ពិន្ទុ ឯលេខបួនគឺ Al-Qadsiah ដែលស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Liverpool លោក Brendan Rodgers៕អត្ថបទ៖នាង សុភាវុធ

លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail

2026/01/09 07:49:49 pm        534
លោក គីម សារឿន ហៅ គីម កុក អ្នកជំនាញរត់ចម្ងាយឆ្ងាយ និងជាគំរូសម្រាប់យុវជនកម្ពុជា បាន​បង្ហាញ​ក្ដីរំភើប ដោយសេចក្ដីមោនទន ចំពោះកំណើនពលរដ្ឋខ្មែរ ចូលរួមទិវារត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាង​មុខ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានពលរដ្ឋខ្មែរចុះឈ្មោះរហូតដល់ ៦៨នាក់។ក្រោយចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ កាលពីថ្មីៗ បុរសវ័យ ៥៧ឆ្នាំរូបនេះ បានសម្ដែងក្ដីរីករាយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំតាមការគ្រោងទុក ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក នៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្ដែនេះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ពិសេសតំបន់អង្គរ ខេត្តសៀមរាបតែម្ដង។បន្ថែមលើនេះ លោកក៏មានមោទនភាព ដែលមានពលរដ្ឋខ្មែរលើសពី ៥០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Angkor Ultra trail ឆ្នាំនេះ តាមវិញ្ញាសានីមួយៗ ក្នុងនោះកំណើនអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ បានកើនដល់ ៦៨នាក់ ដែលជាតួរលេខធ្វើឲ្យលោកភ្ញាក់ផ្អើល និងរំភើបរីករាយ ដ្បិតជាបំណងប្រាថ្នារបស់លោកចង់ឃើញពលរដ្ឋខ្មែរច្រើនចូលរួមរត់ចម្ងាយឆ្ងាយ ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ នឹងមានការកើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅមានអ្នកចួលរួមយ៉ាងហោច ៥ពាន់នាក់ ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអច្ឆរិយអង្គរនេះ។គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail លើកទី៩ ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១,២០០នាក់ មកពីជាង ៤០ប្រទេស ហើយភាគច្រើនជាអត្តពលិកអន្ដរជាតិ មកពីក្រៅប្រទេស ពិសេសមានជនជាតិបារាំងច្រើនជាងគេរហូតដល់ជាង ៤០០នាក់ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលមានអ្នកចុះឈ្មោះជាង ៥០០នាក់ ។ យ៉ាងណាការចុះឈ្មោះនៅតែបន្ដ ហើយគណៈកម្មការរៀបចំរំពឹងថា ការចូលរួមអាចកើនឡើងចន្លោះពី ១,៥០០នាក់ ទៅ ១,៧០០នាក់ ប្រហាក់ប្រែលនឹងឆ្នាំមុនដែរ។សម្រាប់លោក គីម កុក តាំងពីព្រឹត្តិការណ៍កកើត លោកមិនដែលខកខានការចូលរួមម្ដងឡើយ ពិសេសលើកដំបូង នៃព្រឹត្តិការណ៍ ដែលមានវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ លោកក៏បានចូលរួមរត់វិញ្ញាសាឆ្ងាយជាងគេនេះផងដែរ។ រីឯឆ្នាំ២០២៥ កន្លងទៅ លោកបានទទួលជយលាភីលេខ១ ក្នុងចំណោមអត្តពលិកកម្ពុជា លើវិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ក្រោយចាប់ផ្តើមចេញដំណើរពីទីលានជល់ដំរី ឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ តាមព្រៃព្រឹក្សា ប្រាង្គប្រាសាទ ភ្នំបូក វាលស្រែ និងផ្ទះពលរដ្ឋ ហើយបន្តវិលទៅកាន់ទីតាំងដើមវិញ ដោយប្រើថិរវេលា ១៣ម៉ោង ១២នាទី និង ៥៧វិនាទី៕ អត្ថបទ លី ឈុនឡា

ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ

2026/01/09 06:56:18 pm        358
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជាសរុប ៨រូប បាន​នឹង​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ Luzhou ប្រទេសចិន ដើម្បីចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ (Asian Mixed Martial Arts ឬ AMMA Championship) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ ចាប់​ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករាចុងសប្ដាហ៍នេះ។ក្នុងចំណោមប្រតិភូកីឡាយុទ្ធគុនចម្រុះកម្ពុជាទាំង ៨រូប ដែលដឹកនាំដោយលោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានេះ គឺមានកីឡាករ-កីឡាការិនី ៥រូប ក្នុងនោះមាន ៣រូប ធ្លាប់ឈ្នះមេដាយ កាលពីឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AMMA Championship លើកទី២ គឺមានម្ចាស់មេដាយមាសកីឡាការិនី ខៀវ ចិន្តារ័ត្ន, ម្ចាស់មេដាយប្រាក់កីឡាការិនី គន្ធ វណ្ណនីតា និងម្ចាស់មេដាយសំរឹទ្ធ ផេង សុបញ្ញា ។ចំណែក ២រូបទៀត គឺជាអត្តពលិកចំណូលថ្មី ដែលទើបចូលរួមការប្រកួតលើកដំបូង ក្នុងការប្រកួត AMMA Championship 2026 នៅប្រទេសចិន នាចុងសប្ដាហ៍នេះ រួមមានកីឡាការិនី ចេង ដាលីន និងកីឡាការិនី ម៉ាប់ សុខហួយ ។ យ៉ាងណាមិញ កីឡាករ-កីឡាការិនីទាំងអស់ សុទ្ធតែបានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ ដើម្បីស្វែងរកមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។លោក ជឹម ធារ៉ា បានឲ្យដឹងថា បេសកកម្មលើកនេះ ក្រៅពីការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ ក៏ជាការប្រកួតជម្រុះ ដើម្បីដណ្ដើមសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងឆ្នាំ២០២៦ ដែលជាឆ្នាំដំបូង សម្រាប់កីឡាយុទ្ធគុនចម្រុះត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ រួមទាំងការដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៧ នៅអារ៉ាប៊ីសាអូឌីត។គួរដឹងថា ការប្រកួតជើងឯកយុទ្ធគុនចម្រុះអាស៊ី ឆ្នាំ២០២៦ នេះ មានអត្តពលិកចូលរួមសរុប ១៩ប្រទេស ហើយក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមការប្រកួត កម្ពុជាក៏ត្រូវបានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី អញ្ជើញមន្ដ្រីបច្ចេកទេស ២រូបចូលរួមបំពេញការងារក្នុងការប្រកួតដ៏សំខាន់នេះផងដែរ រួមមានលោក ជឹម ធារ៉ា ជាអនុប្រធានអាជ្ញាកណ្តាល និងកកញ្ញា ខៃ ប៊ុណ្ណារី ជាមន្ត្រីបច្ចេកទេសអន្តរជាតិ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា អំណោយសម្ដេចតេជោចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា
10/30/2026 11:10 AM
ក្រសួងការងារធ្វើតេស្ត RPL ដល់អតីតពលករមកពីថៃចំនួន ១ ០០០នាក់លើជំនាញឆុងកាហ្វេ និងរចនា
10/30/2026 11:10 AM
កម្ពុជាកំពុងចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល
10/30/2026 11:10 AM
ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក
10/30/2026 11:10 AM
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
10/30/2026 11:10 AM
សម្តេចធិបតី ប្រាប់ពលរដ្ឋថា រាជរដ្ឋាភិបាលមានប្លង់រឹងហើយ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
10/30/2026 11:10 AM
សម្ដេចធិបតី ណែនាំអន្តរក្រសួងត្រៀមស្ដារឡើងវិញ ចែកពូជដំណាំ និងជួសជុលផ្លូវក្រោយទឹកជំនន់ស្រកចុះ
10/30/2026 10:10 AM
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
10/30/2026 10:10 AM
សម្ដេចធិបតី ស្នើពលរដ្ឋអត់ដីពិតប្រាកដទៅដាក់ពាក្យស្នើសុំពីរដ្ឋាភិបាល កុំទៅទន្រ្ទានដីរដ្ឋខុសច្បាប់
10/30/2026 10:10 AM
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី
10/30/2026 10:10 AM