គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ

2026/01/09 06:56:18 pm        358
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជាសរុប ៨រូប បាន​នឹង​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ Luzhou ប្រទេសចិន ដើម្បីចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ (Asian Mixed Martial Arts ឬ AMMA Championship) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ ចាប់​ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករាចុងសប្ដាហ៍នេះ។ក្នុងចំណោមប្រតិភូកីឡាយុទ្ធគុនចម្រុះកម្ពុជាទាំង ៨រូប ដែលដឹកនាំដោយលោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានេះ គឺមានកីឡាករ-កីឡាការិនី ៥រូប ក្នុងនោះមាន ៣រូប ធ្លាប់ឈ្នះមេដាយ កាលពីឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AMMA Championship លើកទី២ គឺមានម្ចាស់មេដាយមាសកីឡាការិនី ខៀវ ចិន្តារ័ត្ន, ម្ចាស់មេដាយប្រាក់កីឡាការិនី គន្ធ វណ្ណនីតា និងម្ចាស់មេដាយសំរឹទ្ធ ផេង សុបញ្ញា ។ចំណែក ២រូបទៀត គឺជាអត្តពលិកចំណូលថ្មី ដែលទើបចូលរួមការប្រកួតលើកដំបូង ក្នុងការប្រកួត AMMA Championship 2026 នៅប្រទេសចិន នាចុងសប្ដាហ៍នេះ រួមមានកីឡាការិនី ចេង ដាលីន និងកីឡាការិនី ម៉ាប់ សុខហួយ ។ យ៉ាងណាមិញ កីឡាករ-កីឡាការិនីទាំងអស់ សុទ្ធតែបានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ ដើម្បីស្វែងរកមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។លោក ជឹម ធារ៉ា បានឲ្យដឹងថា បេសកកម្មលើកនេះ ក្រៅពីការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ ក៏ជាការប្រកួតជម្រុះ ដើម្បីដណ្ដើមសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងឆ្នាំ២០២៦ ដែលជាឆ្នាំដំបូង សម្រាប់កីឡាយុទ្ធគុនចម្រុះត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ រួមទាំងការដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៧ នៅអារ៉ាប៊ីសាអូឌីត។គួរដឹងថា ការប្រកួតជើងឯកយុទ្ធគុនចម្រុះអាស៊ី ឆ្នាំ២០២៦ នេះ មានអត្តពលិកចូលរួមសរុប ១៩ប្រទេស ហើយក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមការប្រកួត កម្ពុជាក៏ត្រូវបានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី អញ្ជើញមន្ដ្រីបច្ចេកទេស ២រូបចូលរួមបំពេញការងារក្នុងការប្រកួតដ៏សំខាន់នេះផងដែរ រួមមានលោក ជឹម ធារ៉ា ជាអនុប្រធានអាជ្ញាកណ្តាល និងកកញ្ញា ខៃ ប៊ុណ្ណារី ជាមន្ត្រីបច្ចេកទេសអន្តរជាតិ៕ អត្ថបទ លី ឈុនឡា

ណាហ្គា ជួបអង្គរថាយហ្គឺរ ខណៈព្រះខ័នរាជ ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបដៃគូផ្សេងគ្នា ក្នុងលីគចុងសប្ដាហ៍នេះ

2026/01/09 06:46:23 pm        480
ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ជុំទី២ សប្ដាហ៍ទី១៦ នា​ចុង​សប្ដាហ៍នេះ ដោយមាន ៥ប្រកួតពេញ ក្នុងនោះក្រុមណាហ្គាវើលដ៏ នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹង​កេត និងវិសាខា ត្រូវជួបគូប្រជែងផ្សេងគ្នា។សម្រាប់​ការប្រកួតនៅថ្ងៃទី១០ ខែមករាស្អែកនេះ មាន ២គូ ក្នុងនោះ​ក្រុម​ការងារ​ពារ​តំណែង​ជើង​ឯក​ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បន្ទាប់ពីយកឈ្នះ ៦-១ ក្នុងដី កាលពីជើងទី១ ស្របពេលក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេរ៉ា ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ១-០ កាលពីជើងទី១។រីឯនៅថ្ងៃអាទិត្យ ទី១១ ខែមករាវិញ មាន ៣គូ ពិសេសជំនួបរវាងក្រុមលេខ៤ អង្គរថាយហ្គឺរ ទល់នឹងក្រុមឈរលេខ៥ ណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ជំនួបរវាងក្រុមទាំងពីរ ត្រូវបានចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ពីសំណាក់អ្នកគាំទ្រ ។ កាលពីជើងទី១ ណាហ្គាវើលដ៏ បានយកឈ្នះក្រុមខ្លាទឹកក្រូច ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ដោយលទ្ធផល ១-០។ចំណែក ២គូទៀត ក៏សុទ្ធតែជាជំនួបជក់ចិត្តផងដែរ ក្នុងនោះក្រុមបឹងកេត ត្រូវស្វាគមន៍ក្រុមភ្ញៀវ ISI ដង្កោសែនជ័យ វិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោយយកឈ្នះ ១-០ នៅតំបន់វេងស្រេង កាលពីជើងទី១ និងក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅកីឡដ្ឋានគិរីវង់ នាទឹកដីខេត្តតាកែវ កាលពីជើងទី១។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី១៥ កន្លងទៅ ភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយរកបាន ៣៣ពិន្ទុ ស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី២ តែភ្នំពេញក្រោន សល់ ១ប្រកួតក្នុងដៃ តែក្រុមទាំងពីរ បានវ៉ាដាច់ពិន្ទុច្រើនពីគូប្រជែងផ្សេងទៀត ក្នុងនោះបឹងកេត ឈរលេខ៣ ទើបរកបាន ២៥ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ រកបាន ២៤ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២២ពិន្ទុ និងវិសាខា ឈរលេខ៦ រកបាន ១៨ពិន្ទុ ប្រទាញប្រទង់ជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលតាមពីក្រោយរកបាន ១៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា

អង្គរថាយហ្គឺរបន្ថែមកម្លាំងថ្មី ២រូប ខណៈព្រះខ័នរាជស្វាយរៀង បន្ដបញ្ចេញកីឡាករទី៦

2026/01/08 09:48:55 pm        393
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននឹងបន្ថែមកម្លាំង ២រូបទៀត ដើម្បីពង្រឹងក្រុមឡើងវិញ ក្នុង​ការ​ប្រកួត​ជុំ​ទី២ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង បាន​ប្រកាស​ការ​ចាកចេញរបស់កីឡាករទី៦ គឺកីឡាករ គួច ដានី ដែលបានផ្ទេរទៅ​កាន់​ក្លិប​គិរីវង់​សុខសែន​ជ័យ។ការប្រកាសនាំចូល និងបញ្ចេញកីឡាកររបស់ក្លិបទាំងពីរ ធ្វើឡើងមុនទីផ្សា​រ​ដោះ​ដូរ​កីឡាករ​លើក​ទី​២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបិទនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ខណៈ​រយៈពេល ៣សប្ដាហ៍កន្លងមក គេឃើញក្លិបមួយចំនួន បានរុះរើសកីឡាករថ្មីជាច្រើន ពិសេ​ស​ក្លិប​ព្រះខ័នរាជស្វាយរៀងតែម្ដង។សម្រាប់​សមាជិកថ្មីរបស់ក្លិបអង្គរថាយហ្គឺរ ដែលប្រកាសនៅព្រឹកថ្ងៃទី៨ ខែមករានេះ គឺខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន Facundo Aranda ។ មុនផ្លាស់មក​ប្រកប​អាជីព​លើក​ដំបូង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កីឡាករវ័យ ២៥រូបនេះ ធ្លាប់បានប្រកបអាជីពលីគ ៤ប្រកួតមកហើយ រួ​ម​មាន​ក្លិប San Telmo II និងក្លិប Penarol នៃលីគអាហ្សង់ទីន, ក្លិប FK Jezero ​នៃ​លីគ​ម៉ុង​តេណេ​ហ្គ្រោ,​ ក្លិប Persis នៃលីគឥណ្ឌូនេស៊ី និងក្លិបឆាយនីសតៃប៉ិ Tainan City។ក្រៅពីកីឡាករអាហ្សង់ទីនរូបនេះ អង្គរថាយហ្គឺរ ក៏ត្រៀមបង្ហាញកីឡាករថ្មីម្នាក់ទៀត ដែលក្លិប​បាន​បង្ហើប គឺកីឡាករសញ្ជាតិជប៉ុន តែមិនទាន់បញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណផ្លូវការនោះទេ ។ ការ​នាំចូលកីឡាករបរទេសនេះ ស្របពេលអង្គរថាយហ្គឺរ ធ្វើមិន​សូវ​បា​ន​ល្អ​ក្នុង​មួយ​រយៈ​ពេល​ធំ​ចុង​ក្រោយ ។ ដូច្នេះការបន្ថែមកម្លាំងថ្មីនេះ គេសង្ឃឹមថា ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ នឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ការប្រកួតសេសសល់។ក្រឡេកទៅ​ចាប់​អារម្មណ៍ក្លិបព្រះខ័នរាជស្វាយរៀងវិញ ឈានចូលការបើកទីផ្សារ​ដោះ​ដូរកីឡាករ​លើក​ទី​២ ក្លិបបាននាំចូលកីឡាករថ្មីមួយចំនួន ពិសេសកីឡាករបរទេស ។ ជាមួយគ្នា ក្រោមការដឹ​កនាំ​របស់លោក MATTHEW McCONKEY ​ក្លិបក៏បានរុះរើ​កីឡាករ​ចេញ​ច្រើ​ន​គួរ​ឲ្យ​កត់​សម្គាល់ផ​ង​ដែរ ជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញ ក្លិបទើបបានប្រកាសចែកផ្លូវជាមួយខ្សែបម្រើខ្មែរ-បារាំង គួច ដានី ដែលជាកីឡាករទី៦ បានចាកចេញ បន្ទាប់ពី ធារី ចន្ថាប៊ីន និង កាន់ ពិសាល ខ្ចីជើង​ទៅ​ឡាយ​ហ្វខេត្តព្រះសីហនុ, លូកាស អាតធ័រ ខ្ចីជើងទៅ អឹមអូអាយ កំពង់ដេវ៉ា, សេត រ៉ស៊ីប ខ្ចីជើង​ទៅ​បឹងកេត និងកីឡាករឡាវ Bounkong Bounphachan ផងដែរ។គួរដឹង​ថា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង គួច ដានី ត្រូវបានប្រកាស​ស្វាគមន៍​ភ្លាម​ៗ​ទៅ​ក្លិប​គិរីវង់​សុខសែនជ័យ ក្នុងនាមក្លិបទី៧ នៃលីគកំពូលកម្ពុជា ដែលខ្សែបម្រើកូនកាត់ខ្មែរ-បារាំង​រូប​នេះ បានប្រកបអាជីពជាមួយ៕ អត្ថបទ លី ឈុនឡា

ការប្រកួតជើងឯកថ្នាក់ជាតិកីឡាយូដូឆ្នាំនេះ នឹងផ្តោតសំខាន់លើថ្នាលយុវជន

2026/01/08 09:37:40 pm        333
ខេមរសហព័ន្ធកីឡាយូដូប្រកាសរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៦ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ​មន្ត្រីជំនាញអះអាងថា ការប្រកួតក​ម្រិត​ខ្ពស់​បំផុត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ផ្តោត​សំខាន់​លើ​ថ្នាល​យុវជន​ច្រើន​ជាង។លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកសហព័ន្ធបានគូសបញ្ជាក់ថា ការប្រកួត​ជ្រើស​រើស​ជើងឯកឆ្នាំនេះ សហព័ន្ធផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស និងនារីមានអាយុក្រោម ១១ឆ្នាំដល់ ១៤ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤គីឡូក្រាម ក្រោម ៣៨​គីឡូ​ក្រាម ៤៦ គីឡូក្រាម និង ៤៦គីឡូក្រាមឡើងទៅ។ ចំណែក​វិញ្ញា​សា​ប្រយុទ្ធ​ឯកត្តជ​ន​នា​រី​វិញ​រួម​មាន ប្រភេទទម្ងន់ក្រោម ៣២គីឡូក្រាម ក្រោម ៣៦ គីឡូក្រាម និង ៣៦គីឡូក្រាមឡើងទៅ។ រី​ឯ​វិញ្ញាសា​ប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ឆ្នាំឡើងទៅ រួមមាន វិញ្ញាសា​ប្រយុទ្ធ​ឯកត្ត​ជន​បុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទ​ទម្ងន់​ក្រោម ​៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និង​ប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។ដោយ​ឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម ក្រោម ៤៨ គីឡូ​ក្រាម ក្រោម ៥២ គីឡូក្រាម ក្រោម ៥៧ គីឡូក្រាម និងទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ។គួរ​បញ្ជាក់ថា ការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូ ដោយ​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​គាំ​ទ្រ​ប្រចាំ​ឆ្នាំ​របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនផែនការ​អភិវឌ្ឍ​ជំនាញ​កី​ឡា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែមទៀត៕

ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងរៀបចំ ២ទីតាំងផ្សេងៗគ្នា អមមូលនិធិមនុស្សធម៌

2026/01/06 10:31:42 pm        546
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងនឹងរៀបចំនៅទីតាំងថ្មីចំនួន ២ ផ្សេង​គ្នា អមជាមួយការបង្កើតមូលនិធិមនុស្សធម៌ ដើម្បីកៀរគរជំនួយជួយដល់ជនភៀសសឹក និង​វីរកង​ទ័ព​នៅព្រំដែនផងដែរ។យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួងអប់រំ យុវជន និងកីឡានេះ សហព័ន្ធ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹង​រៀប​ចំ​ការប្រកួត នាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ ចំពោះទីតាំងរៀបចំការប្រកួតប្លែកពីឆ្នាំមុនៗ ដោយលើកនេះ សហព័ន្ធនឹងរៀបចំការប្រកួតកង់ភ្នំ នៅ​ជើងភ្នំបាសិត គ្រាដែលកង់គួក នឹងត្រូវប្រកួតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ចំពោះ​វិញ្ញាសា ដែលសហព័ន្ធបានកំណត់ដាក់ឲ្យកីឡាករ-កីឡាការិនី មកពី​បណ្ដា​សមាគម​/ក្លិប​ទូទាំង​ប្រទេសចុះឈ្មោះចូលរួមឆ្នាំនេះ សម្រាប់ប្រភេទកង់ភ្នំ គឺមាន ៤វិញ្ញាសា រួមមានវិញ្ញាសា​កង់​ភ្នំ​បុរស​ថ្នាល, កង់ភ្នំបុរសឈុតធំ, កង់ភ្នំនារី និងកង់ភ្នំបុរស។ រីឯប្រភេទកង់គួកវិញ មាន ៣​វិញ្ញាសា​ប៉ុណ្ណោះ រួមមានវិញ្ញាសាកង់គួកបុរសថ្នាល, កងគួកបុរសឈុតធំ និងវិញ្ញាសាកង់គួកបុរស មិន​មាន​វិញ្ញាសាសម្រាប់កង់គួកនារីឡើយ។ភ្ជាប់ជាមួយការប្រកួតជើងឯកប្រចាំឆ្នាំនេះដែរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏​បាន​ផ្ដួចផ្ដើមបង្កើតឲ្យមានមូលនិធិមួយ សម្រាប់គាំទ្រជួយដល់ជនភៀសសឹក និងវីរកង​ទ័ព​នៅ​ព្រំដែន ​តាមរយៈ QR Code របស់សហព័ន្ធ ដែលបានភ្ជាប់លើការផ្សព្វផ្សាយ ដោយ​គ្រួសារ​កីឡា​ជាតិ​ រួមទាំងសប្បុរសជនគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែអាចចូលរួមដោយការស្ម័គ្រចិត្ដតាមលទ្ធភាព ដើម្បី​ស្ដែងឲ្យឃើញពីវប្បធម៌ចែករំលែក និងមនោសញ្ចេត​នាអាណិត​ស្រលាញ់​ក្នុង​គ្រា​ដ៏​លំបាក​នេះ។ជាមួយគ្នា សម្រាប់ថវិកាទទួលបានពីការចុះឈ្មោះចូលរួមការប្រកួត ក្នុងម្នាក់ ២ម៉ឺនរៀល ក៏​នឹង​ត្រូវ​បញ្ចូលក្នុងមូលនិធិមនុស្សធម៌របស់សហព័ន្ធផងដែរ។ក្រោយពី​សហព័ន្ធបានប្រកាសរៀបចំជើងឯកថ្នាក់ជាតិ រួមជាមួយមូលនិធិជួយជនភៀសសឹក និង​វីរកងទ័ពនៅព្រំដែននេះដែរ គេឃើញមានមន្ដ្រីកីឡា កីឡាករ-កីឡាការិនី និង​សប្បុរស​ជន​ជា​ច្រើន​ បានចូលរួមបរិច្ចាគយ៉ាងផុសផុលផងដែរ។គួរដឹងថា ការចុះឈ្មោះចូលរួមការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៥ ត្រូវបានបិទបញ្ចប់ការទទួលពាក្យហើយ ហើយសហព័ន្ធនឹងរៀបចំកិច្ចប្រជុំបច្ចេកទេស និង​ចែក​សម្ភារៈសម្គាល់ខ្លួនកីឡាករ-កីឡាការិនី នាថ្ងៃទី៦ ខែកុម្ភៈ មុនចាប់​ផ្ដើម​ការ​ប្រកួត​វិញ្ញាសា​កង់​ភ្នំ នាថ្ងៃទី៧ ខែកុម្ភៈ នៅជើងភ្នំបាសិត និងចុងក្រោយ គឺការប្រកួតវិញ្ញាសាកង់គួត នាថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

ចំបាប់ដាក់គោលដៅស្វែងរកមេដាយអូឡាំពិក បន្ទាប់ពីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

2026/01/06 10:09:32 pm        605
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បាន​បង្ហើប​គោល​ដៅ​ឆ្ពោះ​ទៅ​រក​មេដាយ​កម្រិតអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០ បន្ទាប់ពីការសម្រួចធនធានកីឡាករ-កីឡាការិនី​វ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយ​ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅ​សាលា​ដំបូល​ទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។លោក ខេស៊ី បាណេត បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែល​មាន​កំណើន​ក្លិប និងកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ពិសេសថ្នាលយុវជនវ័យក្មេង ដែល​ស្រប​តាម​គោលដៅរបស់សហព័ន្ធ កំពុងផ្ដោតយកចិត្តទុកដាក់ សម្រាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជន​អាស៊ី នាឆ្នាំ២០៣១ និងទិសដៅរយៈពេលវែង គឺដំណើរឆ្ពោះទៅរកមេដាយអូឡាំពិក នា​ឆ្នាំ​២០៣៦ និងឆ្នាំ២០៤០។បន្ថែមលើគោលដៅនេះ ក៏ជាបន្ដផ្សព្វផ្សាយ អភិវឌ្ឍន៍ និងថែរក្សានូវកីឡាចំបាប់ ដែល​ជា​ប្រភេទ​កីឡា​ប្រពៃណី​ជាតិខ្មែរនេះផងដែរ។សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើប​រៀបចំ​នា​ដើម​ឆ្នាំ​ថ្មី​នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ១១១នាក់ មកពី ១៤ សមាគម/ក្លិប ។ ឆ្លង​កាត់​ការ​ប្រកួតលើ ១២វិញ្ញាសា ជាលទ្ធផលគឺក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើន​ជាង​គេ​សរុប ១៩គ្រឿង (មាស ៦ ប្រាក់ ៤ និងសំរឹទ្ធ ៩)។ កងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះ​មេ​ដាយសរុប ៩គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៣), ខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ ឈរលេខ៤ ឈ្នះ​មេ​ដាយមាស ១ និងប្រាក់ ១, ក្លិបគិរីបារមីដំរីមានរិទ្ធ ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ គ្រាដែលក្លិបចំបាប់ខេត្តតាកែវ និងក្លិបចំបាប់បារមីមេទ័ពម៉ឺនឯក ឈ្នះមេដាយមាស ១​គ្រឿង​ដូចគ្នា​៕ អត្ថបទ លី ឈុនឡា

កីឡាករ កីឡាការិនីខ្មែរ-បរទេសជាង ៤០០នាក់នឹងចូលរួមប្រកួតអាគ័រត្លុងភ្នំពេញអន្តរជាតិ និង​អាគ័ត្លុង​ជើងឯកប្រចាំសាលា ឆ្នាំ២០២៦

2026/01/06 09:52:22 pm        553
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាភ្នំពេញអន្តរជាតិអាគ័ត្លុង និង​ការ​ប្រកួត​កីឡា​អាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃ​ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការចុះឈ្មោះ កីឡាករ កីឡាការិនីខ្មែរ-បរទេស គ្រប់​វ័យ​សរុបជាង ៤០០នាក់ហើយ៕លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា នេះ​ជា​ព្រឹត្តិ​ការណ៍ដ៏ធំមួយ ក្នុងចំណោមការប្រកួតមួយចំនួនទៀតរបស់សហព័ន្ធ ដើម្បីបន្ត​បំផុស​ឱ្យ​កីឡាករ​ កីឡាការិនីគ្រប់វ័យទាំងអស់ចាប់ពីវ័យកុមារអាយុ៦ឆ្នាំឡើង ដល់៤២ឆ្នាំឡើ​ង​បាន​ចូល​រួម​លេង​ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុល ក៏ដូចជាស្វែងរកធនធានកីឡាករ កីឡា​ការិ​នី​ឆ្នើមៗប្រចាំឆ្នាំផងដែរ។លោក ងិន សុខបញ្ញា បានបន្ថែមថា សហព័ន្ធរៀបចំការប្រកួតនេះជារៀងរាល់ឆ្នាំ ដើម្បីជ្រើស​រើស​ថ្នាល​យុវជន​ឆ្នើមៗ បន្តបណ្តុះបណ្តាលបន្ថែម ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។ ជារួមការប្រកួតនេះ ក៏ជាលក្ខណៈបើកចំហរ ដោយ​អនុញ្ញាត​ឱ្យ​កីឡាករ កីឡាការិនីបរទេសរស់នៅកម្ពុជា និងកូនកាត់ខ្មែរ អាចចូលរួម​ប្រកួត​ជា​មួយ​គ្នា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក រួ​ម​ទាំង​គោល​ដៅបង្កើនគុណភាពបច្ចេកទេស។សូមបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួត មានកីឡាករ កីឡាការិនីសរុបជាង ៤០០នាក់ ក្នុង​នោះមា​នបរទេសចូលរួមជាងពាក់កណ្តាល។ ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួត​ភ្នំពេញ​អន្តរ​ជាតិ​អាគ័ត្លុង និងការប្រកួតអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ បែងចែក​ជា​វិញ្ញាសា​ផ្សេង​ៗ​ពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមាន​វិញ្ញាសា​ស្តង់​ដា​លើ​វិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយ។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា មាន​វិញ្ញាសាហែលទឹក និងរត់ប្រណាំងដែលមានចម្ងាយខ្លីៗតាមកម្រិតអាយុផងដែរ៕

អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បង្ហាញមោទនភាពចំពោះការប្រឹងប្រែងយ៉ា​ងខ្លាំង​របស់​កីឡាករ កីឡាការិនី

2026/01/02 10:38:07 pm        730
ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហាញមោទនភាព ដែលកីឡាករ កីឡាការិនីមកពីសមាគម-ក្លឹបនានាប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ហើយអ្វីដែលពិសេសគឺការខិតខំលះបង់កម្លាំកាយចិត្ត ការជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តមប្រធាន កែវ រ៉េមី ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដែលធ្វើឱ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាកាន់តែរីកចម្រើន ដោយមិនត្រឹមតែកម្រិតថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅកម្រិតអន្តរជាតិ និងកម្រិតពិភពលោក ក៏កីឡាកម្ពុជាមួយនេះរីកចម្រើនផងដែរ តាមរយៈការឈ្នះមេដាយជាបន្តបន្ទាប់។នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្នុងឱកាសបិទការប្រកួតថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ឯកឧត្តមអនុប្រធានបានកត់សម្គាល់ថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដោយសារតែពួកគាត់បានហ្វឹកហាត់បានល្អ ជាពិសេសទើបនឹងចូលរួមប្រកួត ក្នុងនាមជាធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ ៦ខែមុនកន្លងទៅនេះ។ ជាគោលដៅបន្ទាប់របស់សហព័ន្ធ ចំពោះប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជានឹងត្រៀមចូលរួមប្រកួតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី និងមុងហ្គោលី នាឆ្នាំ២០២៦ខាងមុខ រួមទាំងគោលដៅឆ្ពោះទៅឆ្នាំ២០២៨ខាងមុខ ប្រហែលអាចធ្វើនៅកម្ពុជាជាដើមនោះ ។អ្វីដែលសំខាន់ក្នុងឆ្នាំនេះ សហព័ន្ធក៏បានរៀបចំវិញ្ញាសាថ្នាលយុវជនជាច្រើន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដើម្បីផលិតធនធានយុវជនឱ្យបានកាន់តែច្រើន ពោលគ្រប់កម្រិតអាយុតែម្តងចាប់ពីកម្រិតវ័យ១២-១៣ឆ្នាំឡើងទៅ។លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន ១៥៨ នាក់ មកពីក្លិបចំនួន១៦។ សម្រាប់កីឡាករ-កីឡាការិនីចូលរួមប្រកួតបានតែ១ វិញ្ញាសារប៉ុណ្ណោះ ក្នុងគោលដៅវាស់ស្ទង់ សមត្ថភាពពិតប្រាកដមួយ ដើម្បីស្វែងរកធនធានកីឡាករវ័យក្មេង សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ ជម្រើសជាតិឆ្នាំ២០២៦ ។ជាលិទ្ធផលបចេ្ចកទេស ក្រសួងមហាផ្ទៃទទួលបានមេដាយច្រើនជាងគេ មាស ១៤ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តបន្ទាយមានជ័យមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ៕

សហព័ន្ធកីឡាកាយសម្ព័ន្ធផ្ដោតធនធានកីឡាករ-កីឡាការិនី ៣កម្រិត ដើម្បីត្រៀមព្រឹត្តិការណ៍អន្ដរជាតិនានា

2026/01/02 10:32:16 pm        597
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ដោតសម្រួចធនធាន ៣កម្រិតអាយុ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៩ កាលពីថ្ងៃពុធកន្លងទៅ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ អគ្គលេខាធិការសហព័ន្ធដដែល បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជិត ១សប្ដាហ៍ ដែលជាវេទិកាវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់ ហើយពួកគេបានបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដែលស្របតាមផែនការសហព័ន្ធកំពុងយកចិត្តទុកដាក់ទាំង ៣កម្រិត ទី១-ថ្នាលត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣, យុវជនត្រៀមការប្រកួតអន្ដរជាតិចន្លោះឆ្នាំ២០២៦-២០២៩ និងទី៣-កម្រិតពេញសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសសស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី។ទន្ទឹមជាមួយគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍ និងភាពរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ហើយទទួលបានលទ្ធផលល្អ សម្រាប់ការត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិ និងហ្គេមនានា នៅចន្លោះឆ្នាំ២០២៦ រហូតដល់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១  ឯកឧត្ដម ណយ ផាណា ក៏បានពាំនាំនូវអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ចំនួន ៥ចំណុច ដែលសហព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ និងអនុវត្ត រួមមាន៖១. បណ្តុះបណ្តាលកីឡាករ-កីឡាការិនីផ្ទាលតាមកម្រិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់ (High Performance)។២. ពង្រឹងសមត្ថភាពចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ឲ្យកាន់តែល្អប្រសើរទាំង បរិមាណ និងគុណភាព។៣. ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគម ដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។៥. ជំរុញឲ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនជារៀងរាល់ឆ្នាំ។គួរដឹងថា ការប្រកួតឆ្នាំនេះ មានក្លិបចំនួន ៨ មកពី ២ក្រសួង និង ៣ខេត្តចូលរួម ដែលមានកីឡាករ-កីឡាការិនី ៦៤នាក់ និង មន្ត្រីបច្ចេកទេស៣៣នាក់ចូលរួម។ ជាលទ្ធផលគ្រប់ក្រសួង និងខេត្តចូលរួម សុទ្ធតែទទួលបានមេដាយ ក្នុងនោះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១១គ្រឿង(មាស ៥ និងប្រាក់ ៦), ខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយសរុប ៨គ្រឿង (មាស៣ ប្រាក់២ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៦), ខេត្តក្រចេះ ឈរលេខ៤ ឈ្នះមេដាយសរុប ៩គ្រឿង(មាស២ ប្រាក់៤ និងសំរឹទ្ធ៣) និងខេត្តស្ទឹងត្រែង ដែលជាខេត្តចំណូលថ្មី ក៏ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងដែរ៕ អត្ថបទ លី ឈុនឡា 

សកម្មភាពកីឡាដើម្បីលើកកម្ពស់សុខភាពពលរដ្ឋ ជួយឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧

2026/01/02 10:09:48 pm        570
តាមរយៈសកម្មភាពកីឡា ពិសេសកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋគ្រប់វ័យ ព្រមទាំងសិស្សានុសិស្ស បានជំរុញឲ្យ អេអាយអេ ខេមបូឌា ឈ្នះពានរង្វាន់ធំៗចំនួន ៧ នៅក្នុងវេទិកាក្នុងស្រុក និងអន្ដរជាតិ។ពានរង្វាន់ទាំង ៧ នេះ គឺជាការទទួលស្គាល់នូវគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន ក្នុងការទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមបាល់ទាត់ និងកីឡាផ្សេងទៀត ដើម្បីជំរុញប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងកាន់តែប្រសើរ តាមរយៈការចូលរួមសកម្មភាពកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។កំឡុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានបង្កើតនូវគំនិតផ្ដួចផ្ដើម និងការងារសង្គមជាច្រើន ដើម្បីគាំទ្រ និងផ្សារភ្ជាប់សហគមន៍តាមកីឡា ដោយរាប់ចាប់ពីវគ្គបណ្តុះបណ្តាលបាល់ទាត់ថ្នាក់មូលដ្ឋាន រហូតដល់យុទ្ធនាការទូទាំងប្រទេស ដែលលើកទឹកចិត្តដល់របៀបរស់នៅសកម្ម ហើយគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានលើកកម្ពស់គោលបំណងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផលប្រែប្រួលវិជ្ជមានយូរអង្វែងនៅទូទាំងទៀតផង។តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យ អេអាយអេ ក្លាយជាផ្នែកមួយ ដែលបានរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ រហូតឈ្នះពានរង្វាន់ចំនួន ៧ ក្នុងមាន ៣ពានរង្វាន់ ទទួលបានពីស្ថាប័ន HR ASIA ក្នុងនាមជាក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី ក្នុងរយៈពេល ៦ឆ្នាំជាប់គ្នា(ឆ្នាំ២០២០-២០២៥) រួមជាមួយពាន Diversity, Equity និង Inclusive Awards 2025 និងពានរង្វាន់ចីរភាពកន្លែងការងារ ឆ្នាំ២០២៥។ មួយវិញទៀត គឺការឈ្នះពានរង្វាន់ពីស្ថាប័ន ACES Award រយៈពេល ២ឆ្នាំជាប់ៗក្នុងប្រភេទ Social and Community Impact និង ៣ពានរង្វាន់ពី AmCham Cambodia រួមមានពានរង្វាន់លើកកម្ពស់សុខភាពសហគមន៍ និងយុវជន, ពានរង្វាន់សុខភាព និងសុខុមាលភាពសិស្ស និងពានរង្វាន់លើកកម្ពស់ និងសុខភាពស្ត្រី។គួរដឹងថា សកម្មភាពកីឡា និងកម្មវិធីសង្គម ដែល អេអាយអេ បានផ្ដួចផ្ដើមរៀបចំ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអង្គការក្រៅរាជរដ្ឋាភិបាល កន្លងមក រួមមានកម្មវិធី AIA-ISF Youth League ដែលជាកម្មវិធីបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា, កម្មវិធី AIA-SPURS Healthier Kids Football ដែលជាវគ្គបណ្តុះបណ្តាលជំនាញបាល់ទាត់ និងការប្រកួត លើកកម្ពស់ការងារជាក្រុម និងកាយសម្បទាដល់កុមារនិងយុវជនកម្ពុជា។ កម្មវិធី AIA សាលាសុខភាពឆ្នើម ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធី  AIA Fit for Hope និងគម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីកម្ពុជា ក្រោមភាពជាដៃគូជាមួយក្រសួងកិច្ចការនារីជាដើម។សម្រាប់ឆ្នាំ២០២៦ នេះដែរ ក្រុមហ៊ុននឹងណែនាំនូវយុទ្ធនាការថ្មី ដើម្បីបន្តការប្តេជ្ញាចិត្តក្នុងការពង្រីកគំនិតផ្តួចផ្តើមលើការលើកកម្ពស់សុខភាព និងសុខុមាលភាព ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបមានសុខភាពល្អ ព្រោះសុខភាពជាគ្រឹះក្នុងការឈានទៅចាប់យកក្តីប្រាថ្នារបស់ខ្លួន ដូចទៅនឹងពាក្យមួយឃ្លាលើកឡើងថា “គ្មានសុខភាព គ្មានអ្វីៗទាំងអស់” ផងដែរ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រអ៊ីតាលីដែលបំពេញបេសកកម្មអឺរ៉ុបនៅបូស្នី បណ្តាលឲ្យមនុស្សស្លាប់និងរបួស
10/30/2026 12:10 PM
ក្រុមហ៊ូទី អះអាងថាបានវាយប្រហារ៦លើកលើអាកាសយានដ្ឋាន និងរោងចក្រប្រេងអារ៉ាប៊ីសាអ៊ូឌីត
10/30/2026 12:10 PM
អ៊ីរ៉ង់ ចោទយន្តការសិទ្ធិមនុស្សរបស់UNថាព្យាយាមបិទបាំងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល
10/30/2026 12:10 PM
មនុស្សមួយចំនួនបានបាត់ស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូន Arnab វាយប្រហារតំបន់ឆ្នេររបស់ប្រទេសឥណ្ឌា
10/30/2026 12:10 PM
គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
10/30/2026 12:10 PM
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា អំណោយសម្ដេចតេជោចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា
10/30/2026 11:10 AM
ក្រសួងការងារធ្វើតេស្ត RPL ដល់អតីតពលករមកពីថៃចំនួន ១ ០០០នាក់លើជំនាញឆុងកាហ្វេ និងរចនា
10/30/2026 11:10 AM
កម្ពុជាកំពុងចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល
10/30/2026 11:10 AM
ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក
10/30/2026 11:10 AM
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
10/30/2026 11:10 AM