គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

អត្តពលិកពិការទទួលបានការលើកទឹកចិត្ត មុនចេញប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសអារ៉ាប់រួម

2025/12/05 07:21:08 pm        211
គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡារិនីពិការកម្ពុជាសរុបចំនួន៣៧នាក់លើ ៤ប្រភេទកីឡា​ទទួល​បាន​ការណែនាំ និងលើកទឹកចិត្តថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មុន​ចេញ​ទៅចូលរួមប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងដូបៃ ប្រទេសអារ៉ាប់រួម ដោយប្រព្រឹត្តទៅចាប់ ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥។ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម មានប្រសាសន៍ថា នេះជាពិធីសំណេះសំណាល ដោយឯកឧត្តមបាននាំយកនូវពាក្យពេជន៍ផ្តាំផ្ញើ និងថវិកាលើកទឹកចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើយ៉ាងណាឱ្យប្រតិភូគ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីពិការកម្ពុជាត្រូវរក្សាឱ្យបាននូវវិន័យ ក្រមសីលធម៌ គោរពបទបញ្ជាការប្រកួតឱ្យបានល្អ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ។ ជាមួយគ្នានេះ ឯកឧត្តម យី វាសនា ក៏ជំរុញឱ្យកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាទាំង៤ប្រភេទកីឡាត្រូវប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមលទ្ធផលល្អជូនជាតិមាតុភូមិ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា វិស័យកីឡាប៉ារ៉ាឡាំពិកកម្ពុជាកំពុងរីកចម្រើនជាលំដាប់ជាមួយនឹងក្តីរំពឹងថា កម្ពុជានឹងអាចដណ្តើមបានមេដាយជូនជាតិជាក់ជាមិនខាន។ បន្ថែមពីលើនេះ នាយកបេសកកកម្មតំណាងឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីមានពិការភាពកម្ពុជាទាំងអស់បានបង្ហាញការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អត្តពលិកពិការកម្ពុជា និងតែងតែបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការអន្តរជាតិ នានាជាបន្តបន្ទាប់។ ឯកឧត្តមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាការជាតិអូឡាំពិកកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ ក្នុងដំណើរបេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥លើកនេះ នៅប្រទេសអារ៉ាប់រួម។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះប្រព្រឹត្តទៅចាប់ ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥ មាន៤៤ប្រទេសចូលរួម ក្នុងបណ្តាលទ្វីបអាស៊ី កម្ពុជានឹងបញ្ជូន គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡារិនីពិការកម្ពុជាសរុបចំនួន៣៧នាក់លើ៤ប្រភេទកីឡាទៅចូលរួម រួមមាន កីឡាអត្តពលកម្ម ហែលទឹក វាយសី និងកីឡាបាល់បោះជនពិការភ្នែក។សូមជម្រាបថា កម្ពុជានឹងទៅចូលរួមទទួលទុងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម បន្តវេន ពី ទីក្រុងដូបៃ ប្រទេសអារ៉ាប់រួម ដូច្នេះកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ក្នុងអំឡុងឆ្នាំ២០២៩នាពេលខាងមុខ៕ 

រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍មន្ត្រីថ្នាក់ក្រោម រៀបចំផែនការសកម្មភាព ពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត

2025/12/05 07:05:01 pm        276
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ជូននូវអនុសាសន៍មួយចំនួនដល់មន្ត្រីថ្នាក់ក្រោម ត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់ ព្រមទាំងសិក្សា តាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ាន ដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ ជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព ។ បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពល និងសកម្ម ហើយបំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងពិធីបិទ“សិក្ខាសាលាបូកសរុបលទ្ធផល វាយតម្លៃ និងរៀបចំរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់II ដែលមានរយៈពេល ២ ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៥ ។រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនជាងមុន គួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថាថ្មីៗនេះ មានប្រភេទកីឡាមួយចំនួនទទួលមេដាយលក្ខណៈអន្តរជាតិ និងកីឡាមួយចំនួនមានការចាប់អារម្មណ៍ ការចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិ ក៏មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ជាមួយនេះដែរ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា ផ្អែកតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកីឡា បានរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃនេះក្នុងគោលបំណងបូកសរុបសមិទ្ធផល ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្នុងអនុវិស័យអប់រំកាយ និងកីឡាក្នុងឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។ អង្គសិក្ខាសាលានេះគឺជាវេទិការពិភាក្សា និងវិភាគបញ្ហាគន្លឹះលើប្រធានបទធំៗ២ គឺ ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំ និងសុខភាពសាធារណៈ និងការលើកកម្ពស់ការហាត់ហ្វឹកហ្វឺនកីឡាករជម្រើសជាតិ និងថ្នាល ដើម្បីឧត្តមភាពគុណផលកីឡា ព្រមជាមួយការចែករំលែកបទពិសោធល្អៗអំពីការលើកកម្ពស់អប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដោយមានការចូលរួមពីអង្គភាពជំនាញ និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ១៦០ នាក់ ដែលនឹងចូលរួមមតិយោបល់ កែលម្អ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអនុវត្តការងារឆ្នាំនាឆ្នាំ២០២៦៕

គ្រូព្រះខ័នរាជ នៅតែមានមោទនភាពលើកូនក្រុម ទោះភ្លាត់ចុងម៉ោង ខណៈគ្រូ Johor បានត្រឹមសោកស្ដាយ

2025/12/05 04:24:53 pm        322
ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់ក្រុមខ្លាំង Johor Darul Ta'zim FC របស់ម៉ាឡេស៊ី បានបន្សល់នូវរឿងសោកស្ដាយសម្រាប់ក្រុមទាំងពីរ ក៏ដូចជាអ្នកគាំទ្រ តែ​យ៉ាងណាគ្រូបង្វឹកក្រុមតំណាងកម្ពុជា លោក Matthew Mcconkey នៅតែមាន​មោទនភាព​ភាព​លើ​កូន​ក្រុម ទោះបីភ្លាត់ស្មើចុងម៉ោង ២-២ ក្នុងជំនួបជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 ពូលB កាលពីរាត្រី​ថ្ងៃ​ព្រហស្បត្តិ​កន្ល​ង​ទៅ​។ជំនួបដ៏ជក់ចិត្ត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះ វគ្គទី២ ព្រះខ័នរាជស្វាយរៀង បានបើក​ការ​នាំ​មុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលរកបានដោយកីឡាករ Cristian Dos Santos នៅនាទី៣០ និង ញាណ សុស៊ីដាន នៅនាទី៣៨ ។ បន្ទាប់មកក្រុមទាំងពីរ បានសម្រុកគ្នាកាន់តែខ្លាំង ពិសេសព្រះខ័នរាជស្វាយរៀង ដែលនៅតែបន្ដដាក់សម្ពាធ និងឱកាសជាច្រើន តែមិន​អាច​រក​គ្រាប់​បាល់​បន្ថែម រហូតដល់ចុងម៉ោង ក្រុម Johor Darul Ta’zim FC ដែលព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Lowry នៅនាទី៩០+២ និងកីឡាករ La'Vere Corbin-Ong នៅនាទី៩០+៦។លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការសោកស្ដាយ ដ្បិតឱកាសទទួលបាន ៣ពិន្ទុ​សម្រាប់​ព្រះខ័នរាជស្វាយរៀង ត្រូវបានរបូតសល់ត្រឹម ១ពិន្ទុវិញ តែលោក Xisco Munoz គ្រូ​បង្វឹក​ក្រុម Johor Darul Ta'zim FC ក៏មិនពេញចិត្តលទ្ធផលស្មើគ្នានេះដែរ។លោក Matthew Mcconkey បានលើកឡើងថា លោកពិតជាមានមោទនភាពចំពោះកូនក្រុម ពិសេស​ការ​ធ្វើបានល្អរយៈពេល ៨០នាទីដំបូង ទោះបីការចាប់ផ្ដើមរាងភ័យបន្ដិចក្ដី។ ជារួមលោក​ពេញ​ចិត្ត​ការខំប្រឹងរបស់កីឡាករម្នាក់ៗ ហើយថ្ងៃអនាគតក្រុមដែលត្រូវជួបព្រះខ័នរាជស្វាយរៀង នឹង​គិតថា ត្រូវជួបក្រុមខ្លាំងផងដែរ។ចំណែកលោក Xisco Munoz វិញ បានស្ងើចសរសើរក្រុមព្រះខ័នរាជស្វាយរៀង គឺជា​ក្រុម​មួយ​ដ៏​ល្អ​ទាំង​ព្រម ទាំងគុណភាពកីឡាករ កម្លាំង បច្ចេកទេស និងទម្រង់លេង ។ ក្រោយការ​ប្រកួត​លោកមិន​ពេញចិត្តការលេងរបស់កូនក្រុមនោះទេ ពិសេសនៅវគ្គទី១ ទោះបីលោក​បាន​កែ​ប្រែយុទ្ធ​សាស្ដ្រ​ខ្លះ រហូតអាចស្រោចស្រង់ស្ថានការណ៍បានវាយបកស្មើក្រុមម្ចាស់ផ្ទះយ៉ាងណាក៏ដោយ។ យ៉ាងណាលោកថា ក្រុមខ្លួននៅតែមានភាគរយខ្ពស់ ក្នុងដំណើរទៅវគ្គបន្ដ។គួរដឹងថា Johor Darul Ta'zim FC ត្រូវបានចាត់ទុកជាក្លិបយក្សមួយក្នុងតំបន់អាស៊ាន ហើយ​ក៏​ជាក្រុ​ម​ខ្លាំង​មួយក្នុងតំបន់អាស៊ីផងដែរ ។ បច្ចុប្បន្នក្រុម​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ីនេះ​កំពុង​លេង​ពាន​ជា​ច្រើន ​ពិសេសពានកម្រិតទី១ ទ្វីបអាស៊ី AFC Champions League Elite 2025/26 ។ តាមរយៈការនាំមុខ រហូតស្ទើរទទួលបានជ័យជម្នះនេះដែរ បានធ្វើ​ឲ្យ​អ្ន​ក​គាំទ្រ​ហាក់​មាន​សេចក្ដី​រីក​រាយ​ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលបានបង្ហាញ​នូវ​កម្រិត​លេង​ខ្ពស់​ទល់​ក្រុម​ខ្លាំង​ប្រជុំ​ដោយ​កីឡាករ​ល្អៗបែបនេះ។ក្រោយបញ្ចប់ការ​ប្រកួតនេះដែរ ក្លិប Johor Darul Ta'zim FCនៅតែបន្ដឈរកំពូលតារាង ដោយ​រក​បាន​ ៧ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ២ និងស្មើ ១ គ្រាដែលព្រះខ័នរាជស្វាយរៀង បាន​ធ្លាក់​ទៅ​ឈរ​លេខ៣ រកបាន ៤ពិន្ទុ ។ ចំណែកក្រុម Nam Dinh របស់វៀតណាម បានឡើងមក​ឈរ​លេខ​២ រកបាន ៦ពិន្ទុ ក្រោយរកបានជ័យជម្នះលើកទី២ លើក្រុមម្ចាស់ផ្ទះ Shan United ៣-០ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ លី ឈុនឡា

Arsenal ឈ្នះ Brentford បន្តនាំមុខដាច់ ៥ ពិន្ទុខណៈ Chelsea ចាញ់នៅផ្ទះ Leeds

2025/12/04 11:07:56 pm        418
Mikel Merino និង Bukayo Saka រកបានម្នាក់មួយគ្រាប់ក្នុងជ័យជំនះរបស់ Arsenal លើ Brentford ដើម្បីត្រលប់មកនាំមុខដាច់ ៥ ពិន្ទុវិញនៅក្របខណ្ឌ English Premier League។អ្នកចាត់ការ Mikel Arteta បានផ្លាស់ប្តូរជម្រើសដំបូងបីនាក់ពីក្រុមដែលស្មើ Chelsea កាលពីថ្ងៃអាទិត្យរួមមាន Ben White, Noni Madueke និង Martin Odegaard លេង ១១ នាក់ដំបូង។ Ben White និង Madueke មិនយូរប៉ុន្មានក៏សហការគ្នាបង្កើតគ្រាប់បាល់ដំបូងដែលតែតបញ្ចូលទីដោយ Mikel Merino នៅនាទីទី ១១ ខណៈមួយគ្រាប់ទៀតរបស់ Bukayo Saka សម្រេចបាននៅនាទីចុងក្រោយឱ្យ Arsenal យកឈ្នះ ២-០ លើ Brentford។ បីពិន្ទុនេះធ្វើឱ្យ Arsenal ត្រលប់មកនាំមុខដាច់ ៥ ពិន្ទុវិញពីក្រុមលេខពីរ Manchester City ដែលយកឈ្នះនៅផ្ទះ Fulham ៥-៤ មុនការប្រកួតរបស់ Arsenal មួយថ្ងៃ។ ងាកមកមួយគូទៀតតោខៀវ Chelsea បានរងបរាជ័យនៅទឹកផ្ទះ Leeds United ៣-១ គួរឱ្យភ្ញាក់ផ្អើល។ អ្នកចាត់ការ Leeds លោក Daniel Farke ដែលកំពុងស្ថិតក្រោមសម្ពាធបណ្តេញចេញនោះ រកបានជ័យជំនះដំបូងក្រោយចាញ់បួនប្រកួតជាប់គ្នា។ Jaka Bijol និង Ao Tanaka រកបានម្នាក់មួយគ្រាប់ មុនពេល Chelsea តបបានមួយគ្រាប់វិញដោយ Pedro Neto តែកំហុសរបស់ខ្សែការពារ Chelsea, Tosin ធ្វើឱ្យ Dominic Calvert-Lewin ស៊ុតគ្រាប់ចុងក្រោយងាយៗឱ្យ Leeds យកឈ្នះ ៣-១ លើ Chelsea។ បីពិន្ទុនេះធ្វើឱ្យ Leeds បន្តឈរលេខ ១៧ តែឃ្លាតពីតំបន់គ្រោះថ្នាក់បីពិន្ទុខណៈដែល West Ham ដែលឈរលេខ ១៨ នឹងត្រូវប្រកួតយប់នេះនៅទឹកដី Manchester United៕អត្ថបទ៖នាង សុភាវុធ

អប់រំកាយ និងកីឡាជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា​កំពុង​យកចិត្តទុកដាក់

2025/12/04 10:52:35 pm        519
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កិច្ចប្រជុំបូកសរុបការងារនេះធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលបានសម្រេចរយៈពេលមួយឆ្នាំកន្លងមក បើធៀបជាមួយផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពឆ្នាំ២០២៥ ដើម្បីរកឲ្យឃើញថា តើយើងនៅមានអ្វីសេសសល់ និងអ្វីជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា ក្រៅពីនេះ យើងក៏ចង់បាននូវធាតុចូលពី សន្និបាតក្រសួងអប់រំ យុវជន និងកីឡាលើកនេះផងដែរ។ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើទិសសៅឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី៣ ខែធ្នូ នៅភោជនីយដ្ឋាន ទន្លេបាសាក់II រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្បាលអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធ។រដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡា សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ។ សូមជម្រាបថា នៅឆ្នាំ២០២៥កន្លងមក អនុវិស័យអប់រំកាយ និងកីឡាបានសម្រេចលទ្ធផលមួយចំនួនដូចជា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ការប្រកួតកីឡាតាមសហព័ន្ធជាតិ ការប្រកួតកីឡាលក្ខណៈអន្តរជាតិ ក្នុងប្រទេស និងក្រៅប្រទេស ការលើកកម្ពស់កីឡាករ ការលើកកម្ពស់សម្មភាពរៀននិងបង្រៀនអប់រំកាយក្នុងម៉ោងសិក្សា ២ម៉ោងក្នុងមួយសប្តាហ៍ និងហ្វឹកហាត់កីឡានៅក្រៅម៉ោងសិក្សា ការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកាយ និងកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តកីឡា ការរៀបចំទិវាកីឡាអាស៊ាន និងកីឡាដើម្បីទាំងអស់គ្នា ការផ្តល់ថវិកា គាំទ្រដល់សហព័ន្ធជាតិចំនួន៥១ ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា និងការកសាងលិខិតបទដ្ឋានផ្សេងៗសម្រាប់វិស័យអប់រំកាយ និងកីឡា។ ដើម្បីទទួលបានជោគជ័យ និងពន្លឿនការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន ក្នុងមានក្រសួង សំណូមពរដល់អង្គការរដ្ឋ និងអង្គការសង្គមកីឡា អង្គការដៃគូ និងអង្គការឯកជនឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត យកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស សមាជិក សមាជិកា នៃកិច្ចប្រជុំបូកសរុបការងារអនុវិស័យ អប់រំកាយ និងកីឡាផ្តល់ធាតុចូលលើប្រធានបទទាំងពីរ សម្រាប់ដាក់ក្នុងសន្និបាតអប់រំ យុវជន និងកីឡានាពេលខាងមុខ និងដាក់ចេញជាទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦៕

អតីតតារាបាល់ទាត់ចែករំលែកការទស្សន៍ទាយ និងចំណាប់អារម្មណ៍ សម្រាប់ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក​ឆ្នាំក្រោយ

2025/12/04 10:41:02 pm        483
អតីតតារាមកពីប្រទេសប្រេស៊ីល ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិកបានចែករំលែកការជ្រើសរើសរបស់ពួកគេសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយថ្លឹងថ្លែងលើក្រុមដែលអាចឈ្នះជើងឯក ក្រុមដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងកីឡាករលេចធ្លោ។នៅលើសំណួរនៃម្ចាស់ជើងឯក Dunga អតីតកីឡាករជម្រើសជាតិប្រេស៊ីលបានគាំទ្រប្រទេសកំណើតរបស់ខ្លួនដោយទំនុកចិត្ត ក្នុងការបញ្ចប់ការទន្ទឹងរង់ចាំឈ្នះពានក្រោយខកខាន ២៤ ឆ្នាំ ខណៈដែល Luis Hernandez អតីតកីឡាករម៉ិកស៊ិក គិតថាប្រេស៊ីល អាហ្សង់ទីន បារាំង និងអង់គ្លេស នឹងជាបេក្ខភាពដែលមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯក។ អតីតខ្សែការពារអាមេរិក Marcelo Balboa ងាកទៅរកអាហ្សង់ទីន ទោះបីជាគាត់មើលឃើញអេស្ប៉ាញ និងព័រទុយហ្គាល់ជាបេក្ខភាពខ្លាំងក៏ដោយ។ Atiba Hutchinson អតីតកីឡាកររបស់កាណាដាបានបន្ទរថា អេស្ប៉ាញ និងប្រេស៊ីលជាក្រុមដែលលោកគិតថាឈ្នះ។សម្រាប់ក្រុមដែលនឹងបង្ករការភ្ញាក់ផ្អើលដ៏មានសក្តានុពលលោក Hernandez បានគិតដល់ប្រទេសម៉ារ៉ុក ដោយរំលឹកពីភាពជោគជ័យរបស់ពួកគេនៅ World Cup 2022។ ចំណែកលោក Balboa បានជ្រើសរើសប្រទេសកូឡុំប៊ីជាក្រុមដែលអាចបង្ករភ្ញាក់ផ្អើល ខណៈដែលលោក Dunga គិតថាក្រុមមកពីអាហ្រ្វិកនឹងមានអ្វីពិសេស។ រីឯលោក Hutchinson ជឿជាក់ថាសហម្ចាស់ផ្ទះកាណាដាអាចធ្វើឱ្យមានសំលេងរំខានជាមួយនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។ អតីតកីឡាករបាល់ទាត់ខាងលើ ក៏បានរំលេចកីឡាករដែលនឹងលេចធ្លោក្នុងព្រឹត្តិការណ៍ផងដែរ ក្នុងនោះលោក Dunga បានចង្អុលទៅ Kylian Mbappe និង Erling Haaland ដោយហៅតារាបារាំងថាជាមនុស្សដែលរីកចម្រើនរាល់ថ្ងៃ។ សម្រាប់លោក Hutchinson បានងាកទៅកីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ខណៈដែល Hernandez បានគាំទ្រ Haaland របស់ន័រវេស ឯលោក Balboa ជឿថា Christian Pulisic របស់អាមេរិក នឹងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍៕ អត្ថបទ៖នាង សុភាវុធ 

លោក Scott Cooper នឹងបង្វែបទពិសោធន៍ដឹកនាំក្លិបធំៗក្នុងតំបន់ ដើម្បីជួយស្រោចស្រង់វិសាខា

2025/12/04 10:27:09 pm        405
លោក Scott Cooper គ្រូបង្វឹកថ្មីក្រុមវិសាខា ដែលកំពុងទទួលលទ្ធផលមិនសូវគាប់ប្រសើរក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ បានលើកឡើងថា នឹងបង្វែរបទពិសោធន៍ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិ និងក្លិបធំៗនៅតំបន់អាស៊ីអាគ្នេយ៍ ទៅជាលទ្ធផលល្អជួយក្លិប ទោះបីឱកាសប្រជែងជើងឯកលីគហាក់ឃ្លៀតឆ្ងាយក្ដី។នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធកន្លងទៅ គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ បានបញ្ជាក់ថា លោកនឹងចូលកាន់តំណែងផ្លូវការ នាខែមករា ឆ្នាំ២០២៦ តែលោកនឹងផ្ដើមការងារបណ្ដើរៗជាមួយក្រុមគ្រូជំនួយ ដោយឈរលើប្រយោជន៍រួម ស្របតាមមហិច្ឆតា និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្លិប។លោក Scott Cooper បន្ដថា ក្លិបមានក្រុមការងារបច្ចេកទេស និងកីឡាករល្អៗ ដែលផ្ដល់នូវទំនុកចិត្តសម្រាប់លោកមកដឹកនាំ ហើយលោកនឹងប្រើបទពិសោធន៍ ធ្លាប់ធ្វើការជាមួយក្រុមជម្រើសជាតិ និងក្លិបជាច្រើន ក្នុងតំបន់ ដើម្បីដឹកនាំក្រុមឆ្ពោះទៅរកលទ្ធផលល្អ ពិសេសការប្រកួតលីគកំពូលកម្ពុជា។បុរសវ័យ ៥៥ឆ្នាំដដែលបន្ថែមថា ផ្អែកលើលទ្ធផលកន្លងមក អ្នកគាំទ្រពិតជាមិនសូវសប្បាយចិត្ត តែក្នុងនាមគ្រូបង្វឹកថ្មី លោកថា នឹងធ្វើច្រើនជាងការនិយាយ ឬការសន្យា ដើម្បីបង្ហាញលទ្ធផលជាក់ស្ដែងលើទីលាន តាមរយៈរយៈការបន្ថែមនូវស្ដង់ដារនៃការងារថ្មីកាន់តែខ្ពស់ជាងមុន ដោយផ្ដើមពីរូបលោកផ្ទាល់ ដើម្បីឈានទៅរកការផ្លាស់ប្ដូរ និងទទួលបានលទ្ធផលល្អប្រសើរ៕ អត្ថបទ លី ឈុនឡា

Matheus Cunha ជាពីរបួសរំពឹងចូលលេងបានយប់នេះពេល Manchester United ទទួល West Ham

2025/12/04 10:16:09 pm        364
ខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha នឹងអាចចូលលេងបានយប់នេះក្រោយជាពីរបួស ១០០% ខណៈ Manchester United ទទួលញញួរធំ West Ham ក្របខណ្ឌ English Premier League នេះជាការលើកឡើងរបស់អ្នកចាត់ការ Ruben Amorim។បុរសសញ្ជាតិព័រទុយហ្កាល់ បានបង្ហាញក្តីរីករាយចំពោះការវិលត្រលប់របស់អតីតខ្សែប្រយុទ្ធ Wolves រូបនេះដើម្បីជួយកម្លាំងជួរមុខ តែលោកក៏បានបញ្ជាក់ថា Harry Maguire និង Benjamin Sesko បន្តអវត្តមាន។កីឡាករវ័យ ២៦ ឆ្នាំ Matheus Cunha បានអវត្តមានពីរប្រកួតចុងក្រោយរបស់ Manchester United ក្រោយទទួលរងរបួសក្បាល។ លោក Ruben Amorim បានទទួលស្គាល់ថា Man United នៅតែមានបញ្ហាស្វែងរកគ្រាប់បាល់ ស្របពេលតំបន់ការពារនៅមិនទាន់ល្អ។ យ៉ាងណាក្តី Manchester United កំពុងឈរលេខ ៧ នៅ Premier League នៅសល់ការប្រកួតក្នុងដៃយប់នេះ ខណៈជ័យជំនះនឹងធ្វើឱ្យពួកគេឡើងឈរលេខ ៥ មាន ២៤ ពិន្ទុស្មើ Chelsea ដែលឈរលេខ ៤។ ការវិលត្រលប់របស់ Cunha ក៏បានជួយសម្រាលការងារប្រយុទ្ធចំពោះមុខ ស្របពេលដែលកីឡាករមួយចំនួនរបស់ក្រុមនឹងត្រូវចាកចេញទៅការប្រកួតជើងឯកទ្វីបអាហ្វ្រិកឆាប់ៗនេះ។ Amad Diallo របស់កូឌីវ័រ និង Bryan Mbeumo របស់កាមេរូន នឹងត្រូវចាកចេញទៅជួយក្រុមជម្រើសជាតិរៀងខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្រ្វិក Africa Cup of Nations ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែធ្នូនេះ៕ អត្ថបទ៖នាង សុភាវុធ

គ្រូព្រះខ័នរាជ ទទួលស្គាល់ភាពខ្លាំង Johor តែ Takashi ថាគ្មានអ្វីត្រូវខ្លាចឡើយ

2025/12/04 10:03:49 pm        336
ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមលំដាប់កំពូលក្នុងតំបន់ Johor Darul Ta’zim FC របស់ម៉ាឡេស៊ី នាវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup ឆ្នាំ២០២៥/២៦។ជុំវិញ​ការ​ប្រកួតទី៣ ក្នុងពូលB នេះដែរ លោក Matthew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដោយ​បានចាត់ទុកក្លិប Johor Darul Ta'zim FC គឺជាក្រុមខ្លាំងមួយក្នុងតំបន់ ហើយ​ក៏​ជាកា​រ​រីក​រាយ​សម្រាប់​ការប្រកួតនេះ ដើម្បីបង្ហាញពីកម្រិតលេងរបស់ក្រុម ក្នុងនាមក្លិបតំណាង​កម្ពុជា​ផង​ដែរ​។ដោយឡែកខ្សែការពារស្នូលរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា Odawara Takashi វិញ ក៏បានលើកឡើងស្រដៀងគ្នានឹងគ្រូបង្វឹករបស់ខ្លួនផងដែរ តែរូបគេមិនញញើតឡើយ ។ Takashi ថា ក្រោយពីបានទស្សនាការប្រកួតប៉ុន្មានប្រកួតចុងក្រោយរបស់គូប្រជែង គឺគ្មានអ្វីត្រូវខ្លាច ឬព្រួយបារម្ភរឿងចាញ់ឡើយ ស្របពេលក្រុមកំពុងមានស្មារតីល្អ។ក្រឡេកទៅលោក Xisco Munoz គ្រូបង្វឹកក្រុម Johor Darul Ta'zim FC បានសម្ដែងការគោរព ចំពោះក្រុមម្ចាស់ផ្ទះ ហើយបានចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាគូប្រជែងដ៏សំខាន់ទៀតផង។ លោកបានស្វែងយល់ពីក្រុម និងកីឡាករ ហើយបានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលបានលទ្ធផលល្អត្រឡប់ទៅវិញ ជាមួយគោលដៅលេងលើសពីដើម្បីក្លិប តែដើម្បីតំណាងប្រទេសម៉ាឡេស៊ីទាំងមូល។សូមបញ្ជាក់ថា នេះគឺជាការប្រកួតទី៣ របស់ក្រុមទាំងពីរ ក្នុងយុទ្ធនាការប្រកួតប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្ន Johor Darul Ta’zim FC  កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រកបាន ៦ពិន្ទុពេញ លើក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខ២ រកបាន ៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ដែលសុទ្ធតែជាការប្រកួតក្រៅដី។ ដូច្នេះសម្រាប់ការប្រកួតក្នុងដីលើកដំបូង ទល់នឹងក្រុមខ្លាំងម៉ាឡេស៊ីនេះ លោក Matthew Mcconkey សង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមតំណាងកម្ពុជា ហើយការប្រកួតនេះ ក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕ អត្ថបទ លី ឈុនឡា

កំពង់ចាម ទម្លាក់ក្រុមជើងឯក ឡើងជួបសៀមរាប វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្ត

2025/12/04 09:49:32 pm        242
ក្រុមជើងឯករងឆ្នាំចាស់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានទម្លាក់ក្រុមការពារតំណែងជើងឯក សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីបន្ដប្រកួតស្មើគ្នា ១-១ ខណៈក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ៣-២ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ពិតជាភ្ញាក់ផ្អើលសម្រាប់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលធ្វើមិនសូវបានល្អកាលពីជួបគ្នាក្នុងពូល ពោលគឺចាញ់ខេត្តត្បូងឃ្មុំ ទាំង ២ជើង ដោយលទ្ធផលក្រៅដី ៣-១ និងក្នុងដី ៤-១ តែការប្រកួតរហស្សនាម «ជំនួបបងប្អូន» នេះ កាន់តែរន្ថើន បន្ទាប់ពីក្រុមទាំងពីរ បានជួបគ្នាជាថ្មី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជើងទី១ បានស្មើគ្នា ១-១ នៅទឹកដីខេត្តកំពង់ចាម ហើយបន្ដប្រកួតស្មើគ្នា ១-១ ម្ដងទៀត ក្នុងជើងទី២ នៅទឹកដីខេត្តត្បូងឃ្មុំ។សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ កាលពីល្ងាចថ្ងៃពុធនេះ កីឡាករ កសឹម នារ៉ទីន បានរកគ្រាប់នាំមុខឲ្យក្រុមភ្ញៀវខេត្តកំពង់ចាម ១គ្រាប់មុន នៅនាទី៥៥ តែប្រមាណ ៨នាទីក្រោយមក កីឡាករ ធី ភារ៉ា ក៏វាយបកគ្រាប់ស្មើឲ្យត្បូងឃ្មុំវិញ នៅនាទី៦៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយកំពង់ចាម បានយកឈ្នះខេត្តត្បូងឃ្មុំ ៤-៣ ឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ក្រឡេកទៅចាប់អារម្មណ៍ជំនួបកាត់សេចក្ដី នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិញ ក្រោយស្មើគ្នា ០-០ កាលពីជើងទី១ នៅទឹកដីខេត្តសៀមរាប ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ៣គ្រាប់មុន ដោយកីឡាករ Bruno ១គ្រាប់នៅនាទី១៦ និង ហួច សុនី ២គ្រាប់ នៅនាទី៣០ និងនាទី៣៤ មុនភ្នំពេញហ្គាឡាក់ស៊ី វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ ម៉ាត់ សេតម៉ូស្លីម នៅនាទី៤៣ និងកីឡាករ ភឺន ចាន់វិសុទ្ធ នៅនាទី៥១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង នាំឲ្យក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ឡើងវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការ។ក្រោយចប់ការប្រកួតលោក កែវ សុផល គ្រូបង្វឹកក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានលើកឡើងថា ជ័យជម្នះនេះ ប្រៀងបានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ហើយលោកក៏បានកម្លាំងសាមគ្គី និងការពង្រឹងស្មារតី ដែលជាក្ដីបារម្ភរបស់ខ្លួន រហូតទទួលបានជ័យជម្នះ ហើយលោកនឹងប្រើប្រាស់ភាពវិជ្ជមាននេះ ដើម្បីតតាំងជាមួយខេត្តកំពង់ចាម នៅវគ្គផ្ដាច់ព្រ័ត្របន្ដទៀត។ចំពោះវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប គ្រោងនឹងប្រកួតកាត់សេចក្ដីនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ ដូច្នេះចាំមើលតើរវាងក្រុមទាំងពីរ ក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦? អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«ភូមិហ្វ្រង់កូហ្វូនី» នឹងប្រមូលផ្ដុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃ​បណ្តា​ប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី
10/30/2026 01:10 PM
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
10/30/2026 01:10 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រាអាសន្ន
10/30/2026 01:10 PM
ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រអ៊ីតាលីដែលបំពេញបេសកកម្មអឺរ៉ុបនៅបូស្នី បណ្តាលឲ្យមនុស្សស្លាប់និងរបួស
10/30/2026 12:10 PM
ក្រុមហ៊ូទី អះអាងថាបានវាយប្រហារ៦លើកលើអាកាសយានដ្ឋាន និងរោងចក្រប្រេងអារ៉ាប៊ីសាអ៊ូឌីត
10/30/2026 12:10 PM
អ៊ីរ៉ង់ ចោទយន្តការសិទ្ធិមនុស្សរបស់UNថាព្យាយាមបិទបាំងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល
10/30/2026 12:10 PM
មនុស្សមួយចំនួនបានបាត់ស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូន Arnab វាយប្រហារតំបន់ឆ្នេររបស់ប្រទេសឥណ្ឌា
10/30/2026 12:10 PM
គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
10/30/2026 12:10 PM
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា អំណោយសម្ដេចតេជោចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា
10/30/2026 11:10 AM
ក្រសួងការងារធ្វើតេស្ត RPL ដល់ពលរដ្ឋ និងតពលករចំនួន ១ ០០០នាក់លើជំនាញឆុងកាហ្វេ និងរចនា
10/30/2026 11:10 AM