គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

គោព្រៃជំទង់កម្ពុជា ចេញទៅប្រកួតជើងឯក U23 អាស៊ាន នៅឥណ្ឌូនេស៊ី ខណៈត្រូវជួបឡាវស្អែក

2025/07/15 10:30:59 pm        610
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមប្រកួតជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN U23 Mandiri Cup™ 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ។បន្ទាប់ពីចាកចេញពីមាតុភូមិ ទៅដល់ទីក្រុងហ្សាកាតា កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតដំបូង ដោយត្រូវជួបក្រុមជម្រើសជាតិ U23 ឡាវ នាល្ងាចថ្ងៃទី១៦ ខែកក្កដា មុនជំនួបបញ្ចប់ពូលB ទល់នឹងក្រុមខ្លាំងវៀតណាម នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។គួរដឹងថា ការប្រកួតជើងឯកយុវជនប្រចាំតំបន់ ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនេះ មានបេក្ខភាព ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូលB ជាមួយវៀតណាម និងឡាវ គ្រាដែលពូលA មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ និងពូលC មាន ៣ក្រុម គឺមីយ៉ាន់ម៉ា ទីម័រខាងកើត និងថៃ។បេសកកម្មនេះដែរ ក្រុមជម្រើសជាតិ U23 កម្ពុជា គឺដឹកនាំដោយគ្រូបង្វឹកលោក Koji Gyotoku ព្រមទាំងកីឡាករវ័យក្មេង ២៣នាក់ ដែលបានចម្រាញ់ចេញពីការធ្វើតេស្ដ និងប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនសប្ដាហ៍កន្លងមក។ យ៉ាងណាអ្នកគាំទ្រ ក៏មានការសោកស្ដាយ ចំពោះកីឡាករមានសក្ដានុពលមួយចំនួន ដែលខកខានចូលរួមការប្រកួតនេះ ដោយសារជាប់ភារកិច្ចជួយក្លិបរៀងៗខ្លួន ក្នុងការត្រៀមរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាព មុំ ច័ន្ទសុធារិទ្ធ៕

ប្រធានស្ដីទី KIF ចាត់ទុកជើងឯកគុនខ្មែរថ្នាក់ជាតិនៅអ៊ីរ៉ង់ ជាការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅតំបន់មជ្ឈិមបូព៌ា

2025/07/14 11:41:03 pm        417
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានចាត់ទុកការប្រកួតកីឡាគុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំប្រទេសអ៊ីរ៉ង់ ជាការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាគំរូសម្រាប់បណ្ដាប្រទេសសមាជិកទាំងអស់អនុវត្តតាមផងដែរ។ការស្ងើចសរសើរនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំអ៊ីរ៉ង់ បានរៀបចំរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេស និងតំបន់មជ្ឈិមបូព៌ា ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីថ្នាល និងកីឡាករ-កីឡាការិនីពេញវ័យជាង ៣០០នាក់ចូលរួម។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្នុងនាមសមាជិក លោក Seyed Reza Mousavi ប្រធានសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ និងប្រចាំមជ្ឈិមបូព៌ា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ ស្របតាមគោលការណ៍របស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក។ក្នុងនាមប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ ឯកឧត្តមបានថ្លែងអំណរគុណលោក Mousavi និងសហការី ដែលបានខិតខំរៀបចំជើងឯកថ្នាក់ជាតិនេះជារៀងរាល់ឆ្នាំ ដែលបានជួយរួមចំណែកក្នុងការជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ លើឆាកអន្ដរជាតិ ហើយក៏ជាសកម្មភាពមួយដ៏សំខាន់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា។តាមរយៈព្រឹត្តិការណ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន បានគាំទ្រសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងការសកម្មភាពនេះឲ្យកាន់តែរឹងមាំ ហើយសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិកទាំង ៦៨ប្រទេស ធ្វើសកម្មភាពនេះឲ្យបានផុសផុលដូចៗគ្នា ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីប្រចាំប្រទេសនីមួយៗ ត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក ពិសេសការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលកម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ២៩គ្រឿង ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍

2025/07/14 11:33:07 pm        522
ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ SEA Ju-Jitsu Championship លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយសរុប ២៩គ្រឿងជូនជាតិ រួមមានមេដាយមាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២គ្រឿង។ការប្រកួតនេះ មានអត្តពលិកជាង ៤០០នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១២-១៣ ខែកក្កដាកន្លងទៅ នៅប្រទេសហ្វីលីពីន។ ជាលទ្ធផលក្រុមកីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អ ដែលដណ្ដើមបានមេដាយសរុប ២៩គ្រឿង បំបែកកំណត់ត្រាឆ្នាំចាស់ ដែលកម្ពុជាដណ្ដើមបានមេដាយត្រឹម ២១គ្រឿង កាលពីឆ្នាំ២០២៤ កន្លងទៅ។ឯកឧត្តម ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធ បានបេសកកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព ក៏ដូចជាវាស់ស្ទង់ជាមួយអត្តពលិកបណ្ដាប្រទេសក្នុងតំបន់ មុនសហព័ន្ធសម្រេចក្នុងការចុះឈ្មោះពួកគេ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ប្រធានស្ដីទី KIF ចាត់ទុកជើងឯកគុនខ្មែរថ្នាក់ជាតិនៅអ៊ីរ៉ង់ ជាការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅតំបន់មជ្ឈិមបូព៌ា

2025/07/14 08:00:15 pm        399
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានចាត់ទុកការប្រកួតកីឡាគុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំប្រទេសអ៊ីរ៉ង់ ជាការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាគំរូសម្រាប់បណ្ដាប្រទេសសមាជិកទាំងអស់អនុវត្តតាមផងដែរ។ការស្ងើចសរសើរនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំអ៊ីរ៉ង់ បានរៀបចំរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេស និងតំបន់មជ្ឈិមបូព៌ា ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីថ្នាល និងកីឡាករ-កីឡាការិនីពេញវ័យជាង ៣០០នាក់ចូលរួម។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្នុងនាមសមាជិក លោក Seyed Reza Mousavi ប្រធានសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ និងប្រចាំមជ្ឈិមបូព៌ា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ ស្របតាមគោលការណ៍របស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក។ក្នុងនាមប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ ឯកឧត្តមបានថ្លែងអំណរគុណលោក Mousavi និងសហការី ដែលបានខិតខំរៀបចំជើងឯកថ្នាក់ជាតិនេះជារៀងរាល់ឆ្នាំ ដែលបានជួយរួមចំណែកក្នុងការជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ លើឆាកអន្ដរជាតិ ហើយក៏ជាសកម្មភាពមួយដ៏សំខាន់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា។តាមរយៈព្រឹត្តិការណ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន បានគាំទ្រសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងការសកម្មភាពនេះឲ្យកាន់តែរឹងមាំ ហើយសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិកទាំង ៦៨ប្រទេស ធ្វើសកម្មភាពនេះឲ្យបានផុសផុលដូចៗគ្នា ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីប្រចាំប្រទេសនីមួយៗ ត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក ពិសេសការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលកម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ក្រុមបាល់ទះកម្ពុជា រកបាន ១ពិន្ទុ ក្នុងជើងទី១ នៃជើងឯក SEA V.League 2025

2025/07/14 05:32:05 pm        236
ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League 2025 របស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ហាក់ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ ក្រោយបញ្ចប់ការប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន កាលពីសប្ដាហ៍កន្លងទៅ ដោយរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ។ ការប្រកួតជើងទី១ បានធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយមានបេក្ខភាព ៥ក្រុមចូលរួម និងធ្វើការប្រកួតវិលជុំ ។ ជាលទ្ធផលក្នុងចំណោម ៤ប្រកួត នៃជើងទី១ នេះ កម្ពុជាសុទ្ធតែរងបរាជ័យ ពោលគឺចាញ់វៀតណាម ៣-០សិត, ចាញ់ឥណ្ឌូនេស៊ី ៣-០សិត, ចាញ់ហ្វីលីពីន ៣-០សិត និងចាញ់ថៃ ៣-០សិត។ ការណ៍នេះ ក្រុមបាល់ទះកម្ពុជា រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីន ៣-២សិត។ យ៉ាងណាក្ដីការប្រកួតនៅសល់ ១ជើងទៀត ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដាខាងមុខ ។ ការប្រកួតនេះ ពិតជាសំខាន់ សម្រាប់ក្រុមបាល់ទះកម្ពុជា ដែលត្រូវការលទ្ធផលល្អជាងជើងទី១ ជាចាំបាច់ ដើម្បីអាចគេចផុតពីតំបន់បាតតារាង៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

​​សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធី«តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុងនេះ

2025/07/12 07:25:52 pm        135
កម្មវិធីនេះត្រូវរៀបចំឡើងដើម្បី បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយ ដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាស្ថិតនៅជាអមតៈ ។ជាមួយគ្នានេះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀងដែលបង្ហាញពីស្មារតីជាតិនិយម ដែលមាន ដូចជា បទពង្សាវតាខ្មែរ, បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេលប្រកួតកីឡាបាល់ទាត់នេះ ។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ២ម៉ឺនរៀល៕

កម្ពុជា បន្ដជួបឥណ្ឌូនេស៊ី ក្រោយចាញ់វៀតណាម ៣-០ បើកឆាកព្រឹត្តិការណ៍ SEA V.League នៅហ្វីលីពីន

2025/07/11 11:35:46 pm        414
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៥ ជាមួយលទ្ធផលមិនគាប់ប្រសើរឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិវៀតណាម ៣-០ សិត សម្រាប់ការប្រកួតជុំទី១ ដែលកំពុងប្រព្រឹត្តទៅ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។សម្រាប់លទ្ធផលការប្រកួតដំបូង រវាងកម្ពុជា និងវៀតណាម នេះ សិតទី១ កម្ពុជាបានចាញ់ក្នុងពិន្ទុ ២៣-២៥, សិតទី២ ពិន្ទុ ២០-២៥ និងសិតទី៣ ពិន្ទុ ២១-២៥។បន្ទាប់ពីភ្លាត់បរាជ័យក្នុងការប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបន្ដធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមម្ចាស់មេដាយមាសស៊ីហ្គេម ឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដ្បិតឥណ្ឌូនេស៊ី កំពុងត្រូវការជ័យជម្នះដូចគ្នា បន្ទាប់ពីពួកគេបានរងបរាជ័យក្នុងការប្រកួតដំបូង ទល់ក្រុមថៃ ក្នុងលទ្ធផល ៣-១ សិត។គួរដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជា បានចូលរួមព្រឹត្តិការណ៍បាល់ទះដ៏ធំប្រចាំតំបន់អាស៊ាន ក្រោយតស៊ូមតិ ក៏ដូចជាការបំពេញលក្ខខណ្ឌ និងជម្នះនូវឧបសគ្គជាច្រើន ដែលថ្នាក់ដឹកនាំសហព័ន្ធបានខំប្រឹង ដើម្បីមានឱកាសចូលរួម ក្នុងគោលបំណងជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិ ក៏ដូចជាមានឱកាសទទួលបានចំណាត់ថ្នាក់ល្អប្រសើរ នៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធ ទទួលស្គាល់ថា បេក្ខភាពប្រកួតប្រជែងទាំង ៥ សុទ្ធតែជាក្រុមខ្លាំង និងមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍នេះ ។ យ៉ាងណាមិញក្រុមបាល់ទះកម្ពុជា បានប្ដេជ្ញារួមគ្នាធ្វើឲ្យបានល្អបំផុតក្នុងការបង្ហាញខ្លួនលើកដំបូង យ៉ាងហោចក៏បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ដើម្បីចៀសវាងនូវប្រការណាមួយ ដែលនាំឲ្យកម្ពុជា ខកខានឱកាសបន្ដចូលរួមព្រឹត្តិការណ៍នេះ។ព្រឹត្តិការណ៍ SEA V.League 2025 នេះដែរ មាន ៥ក្រុមចូលរួម គឺមានឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន និងកម្ពុជា ដែលត្រូវធ្វើការប្រកួតចំនួន ២ជុំ ដោយជុំទី១ ត្រូវប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា មុនបន្ដការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

កីឡារាំកម្ពុជា ឈ្នះមេដាយ ៥គ្រឿងបណ្ដោះអាសន្ន នៃជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅវៀតណាម

2025/07/11 11:13:15 pm        458
ក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៥គ្រឿងបណ្ដោះអាសន្ន ក្នុងបេសកកម្មចូលរួមការប្រកួតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) នៅក្រុងហូជីមិញ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដាចុសងប្ដាហ៍នេះ។ គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដាកន្លងទៅ ពោលគឺក្រោយចាប់ផ្ដើមការប្រកួតផ្លូវការបាន ២ថ្ងៃ ក្រុមកីឡារាំកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងជូនជាតិ ក្នុងនោះមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៤ ។ សម្រាប់មេដាយប្រាក់ ដណ្ដើមបានដោយកីឡាការិនី ឱ រចនី លើវិញ្ញាសារាំចង្វាក់ Jive ហើយកញ្ញា ក៏ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Paso Doble ផងដែរ។ រីឯមេដាយសំរឹទ្ធ ៣គ្រឿងទៀត ទទួលបានដោយកីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា លើវិញ្ញាសារាំចង្វាក់ Samba ១គ្រឿង និងវិញ្ញាសារាំចង្វាក់ Cha Cha Cha ១គ្រឿង ព្រមទាំងកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ទទួលបានលើវិញ្ញាសារាំចង្វាក់ Paso Doble។ គួរដឹងថា ព្រឹត្តិការណ៍ WDSF Asian-South East Asian Championship 2025 នេះ មានអត្តពលិកចូលរួមសរុបជាង ៣ពាន់នាក់ មកពី ៣៧ប្រទេសក្នុងទ្វីបអាស៊ី ក្នុងនោះសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនអត្ដពលិករបស់ខ្លួន ១៨នាក់ចូលរួមការប្រកួតប្រចាំឆ្នាំនេះផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

AirAsia និងព្រះខ័នរាជស្វាយរៀង ចាប់ដៃគ្នាដើម្បីលើកកម្ពស់វិស័យបាល់ទាត់កម្ពុជាក្នុងតំបន់

2025/07/11 06:24:02 pm        240
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចុះហត្ថលេលើអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាដៃគូក្រុមហ៊ុនអាកាសចរណ៍របស់ក្លឹប សម្រាប់ដំណើរទស្សនកិច្ចរបស់ក្លឹបទៅកាន់ទីក្រុងកូឡាឡាំពួរនាពេលខាងមុខ។ ពិធីចុះ MoU នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដាទៅ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងក្លិប ក៏ដូចជាកីឡាករមួយចំនួនផងដែរ។តាមរយៈភាពជាដៃគូនេះ នឹងពង្រឹងចក្ខុវិស័យរួមគ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងការលើកកម្ពស់វិស័យបាល់ទាត់កម្ពុជានៅក្នុងឆាកតំបន់ ដោយក្រុមហ៊ុន នឹងផ្តល់សំបុត្រធ្វើដំណើរដល់ថ្នាក់ដឹកនាំ ព្រមទាំងកីឡាករ-កីឡាការិនីរបស់ ក្លឹបចំនួន ៥១រូប ក្នុងដំណើរទស្សនកិច្ចមុនរដូវរបស់ក្លឹបពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងកូឡាឡាំពួរ នៅចន្លោះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាផ្នែកមួយ នៃកម្មវិធីហ្វឹកហាត់កំឡុង Pre-Season មុនរដូវកាល និងត្រៀមខ្លួនកាន់តែល្អប្រសើរ តាមរយៈការប្រកួតមិត្តភាពជាមួយក្លឹបល្បីៗរបស់ប្រទេសម៉ាឡេស៊ី។ គំនិតផ្តួចផ្តើមនៃដំណើរទស្សនៈកិច្ចនេះ នឹងផ្តល់នូវការបង្ហាញខ្លួនលើឆាកអន្តរជាតិរបស់កម្ពុជាដ៏មានតម្លៃ លើកកម្ពស់មោទនភាពជាតិនិងពង្រឹង ទំនាក់ទំនងក្នុងតំបន់ តាមរយៈទំនាក់ទំនងការទូតកីឡា។ ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia «ហ៊ានស្រមៃ» (Dare to Dream) និងស្របជាមួយយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់អត្តពលិក និងបង្រួបបង្រួមសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានតាមរយៈកីឡា។ ដោយធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល ក្រុមហ៊ុនអាកាចរណ៍ AirAsia Cambodia នៅ តែប្តេជ្ញាក្នុងការបន្តគាំទ្រយុវជនដែលមានទេពកោសល្យនិងសមត្ថភាព និងលើកកម្ពស់មោទនភាពជាតិ ភាពរួបរួមគ្នា និងទំនាក់ទំនងឆ្លងតំបន់។ ជាមួយគ្នា ភាគីទាំងពីរ ក៏មានគោលបំណងបំផុសគំនិតដល់អត្តពលិកជំនាន់ក្រោយរបស់កម្ពុជា និងបង្ហាញពីអានុភាពបង្រួបបង្រួមគ្នាតែមួយនៃកីឡាក្នុងការផ្សារភ្ជាប់វប្បធម៌ និងពង្រឹងទំនាក់ទំនងតំបន់។លោក ណម វិស្សុត នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មានប្រសាសន៍ថា ក្រុមហ៊ុនមានទំនុកចិត្តលើការតភ្ជាប់ទំនាក់ទំនងមនុស្ស និងសហគមន៍ ហើយកីឡា គឺជាមធ្យោបាយដ៏ឥទ្ធិពលមួយក្នុងការធ្វើវា។ លោកមានមោទនភាពក្នុងការគាំទ្រាក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងដំណើររបស់ពួកគេ និងចូលរួមចំណែកក្នុងការលើកកម្ពស់ក្លិប ដែលមានសមត្ថភាពរបស់កម្ពុជាទៅក្នុងតំបន់។ ដោយមានតែការធ្វើដំណើរទេ ដែលអាចផ្តល់ជាលទ្ធភាពឲ្យពួកគេ ហើយយើងនៅតែប្តេជ្ញាបន្តពង្រឹងយុវជន និងជំរុញភាពរួបរួមទូទាំងអាស៊ាន តាមរយៈបទពិសោធន៍រួមគ្នា ទាំង នេះក៏ដូចជាការចូលរួមចំណែកមួយនេះផងដែរ។ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង បានមានប្រសាសន៍ថា ភាពជាដៃគូនេះ គឺជាផ្នែកមួយនៃ ចក្ខុវិស័យកាន់តែធំទូលាយក្នុងការនាំយកបាល់ទាត់កម្ពុជាទៅកាន់កម្រិតខ្ពស់មួយដែលល្អប្រសើរជាងនេះ ខណៈពេលដែលធានាបានថា ក្រុមបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីប្រកួតក្នុងកម្រិតកំពូលបំផុតរបស់ក្រុម។ ជាមួយគ្នា ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនអាកាចរណ៍ AirAsia Cambodia ដែលជឿជាក់លើចក្ខុវិស័យរបស់ក្លិប និងសម្លឹងឆ្ពោះទៅមុខពីភាពជោគជ័យ និងមានអត្ថន័យខ្ពស់ចំពោះភាពជាដៃគូនេះនាពេលអនាគត។អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន៕

លឹម ពិសុទ្ធ និង សារ ទី ផ្លាស់ប្ដូរទ្រនំគ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ

2025/07/10 10:41:25 pm        467
កីឡាករជម្រើសជាតិកម្ពុជា លឹម ពិសុទ្ធ និង សារ ទី ត្រូវបានប្រកាសផ្លាស់ប្ដូរទ្រនំថ្មី ដើម្បីបន្ដអាជីពរៀងៗខ្លួន ដោយ ពិសុទ្ធ ចាកចេញពីភ្នំពេញក្រោន ទៅចូលរួមជាមួយវិសាខា គ្រាដែល សារ ទី ចេញពីវិសាខា ទៅចូលរួមជាមួយភ្នំពេញក្រោន ។ ការដោះដូរនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងទីផ្សារដោះដូរកីឡាករត្រៀមរដូវកាលថ្មីខាងមុខ។ លឹម ពិសុទ្ធ គឺជាកីឡាករដែលទទួលការបណ្ដុះបណ្ដាលក្នុងជំរំថ្នាលផ្ទាល់របស់ភ្នំពេញក្រោន តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៩ មុនដំឡើងមកកាន់ក្រុមធំសិង្ហក្រហម ពីឆ្នាំ២០២០ រហូតដល់ល្ងាចថ្ងៃទី៩ ខែកក្កដា ភ្នំពេញក្រោន ក៏បានប្រកាសចែកផ្លូវគ្នា ជាមួយសារអរគុណរូបគេ ដែលខិតខំប្រឹងប្រែងប្រកួតប្រជែងលើទីលាន និងទទួលបានសម្មិទ្ធផលដ៏ជោគជ័យជាមួយក្លិបនាពេលកន្លងមក។ ទន្ទឹមជាមួយការចាកចេញ ក្រោយរួមរស់ជាង ១០ឆ្នាំនេះដែរ ពិសុទ្ធ ក៏បានបង្ហោះសារថ្លែងអំណរគុណថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន ពិសេសលោកឧកញ៉ា ឬទ្ធី សំណាង អតីតប្រធានក្លិប និងលោកជំទាវ Phu Cherlin ប្រធានក្លិបបច្ចុប្បន្ន ដែលបានបង្កើតក្លឹបភ្នំពេញក្រោន ជួយទៅដល់ការងារសង្គម និងអភិវឌ្ឍន៍យុវជន និងបាល់ទាត់នៅកម្ពុជា ជាក់ស្ដែងរូបគេ ក៏ទទួលបានការបណ្ដុះបណ្ដាលនៅទីនេះផងដែរ។ ពិសុទ្ធ បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានមើលថែខ្លួនបានយ៉ាងល្អ ហើយខ្លួននឹងកត់ត្រាភ្នំពេញក្រោនក្នុងបេះដូងជារៀងរហូតខ្លួន ក៏ដូចជាជូនពរភ្នំពេញក្រោន ឲ្យបន្ដទទួលបានភាពជោគជ័យផងដែរ។ ដំណាលគ្នានឹងការប្រកាសចែកផ្លូវជាមួយ លឹម ពិសុទ្ធ នោះ ក្រឡេកទៅក្រុមវិសាខា ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ សារ ទី នៅល្ងាចថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីរូបគេបានរួមចំណែកជួយក្លិបអស់រយៈពេល ៣រដូវកាលកន្លងមក ។ សារ ទី បានផ្ដើមអាជីពបាល់ទាត់ នៅសាលាបាល់ទាត់ជាតិបាទី នៅចន្លោះឆ្នាំ២០១៩-២០២០ មុនផ្ទេរមកលេងឲ្យអតីតក្រុមបាល់ទាត់អគ្គិសនីកម្ពុជា នៅចន្លោះឆ្នាំ២០២០-២០២១ ជាទីកន្លែងដែលរូបគេបានបង្ហាញសមត្ថភាព និងកសាងនូវភាពលេចធ្លោរក្នុងអាជីពបាល់ទាត់ រហូតដល់ឆ្នាំ២០២២ រូបគេក៏បានផ្ទេរមកកាន់ក្រុមវិសាខា។ អ្វីដែលភ្ញាក់ផ្អើល គឺនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ក្នុងពេលតែមួយ វត្តមានខ្សែប្រយុទ្ធវ័យក្មេងដ៏មានសក្ដានុពលរបស់ក្រុមជម្រើសជាតិកម្ពុទាំង ២រូប ត្រូវបានក្លិបភ្នំពេញក្រោន និងវិសាខា ប្រកាសនាំចូលត្រៀមរដូវកាលថ្មីរៀងៗខ្លួន ដោយ លឹម ពិសុទ្ធ បានផ្ទេរទៅកាន់វិសាខា និង សារ ទី ផ្ទេរទៅកាន់ភ្នំពេញក្រោន។ ធ្លាប់ជាក្រុម និងជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងលីគ ការផ្លាស់ប្ដូរនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរមិនគួរឲ្យជឿ ។ តែយ៉ាងណានេះ គឺជាបាល់ទាត់ដែលអាចមានការប្រែប្រួលគ្រប់ពេល ហើយគេក៏សង្ឃឹមថា ការផ្លាស់ប្ដូរទ្រនំថ្មីនេះ ទាំង លឹម ពិសុទ្ធ និង សារ ទី នឹងអភិវឌ្ឍន៍ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM