គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

បង្ហាញខ្លួន ២ ប្រកួតគត់ឈ្នះពាន ១២ អ្នកចាំទី Scott Carson សម្រេចចិត្តចាកចេញពី Manchester City

2025/06/10 10:58:29 pm        268
បន្ទាប់ពីរយៈពេល ៦ ឆ្នាំ បង្ហាញខ្លួនបាន ២ ប្រកួត អ្នកចាំទី Scott Carson នឹងចាកចេញពី Manchester City ហើយ នៅពេលកិច្ចសន្យាអស់សុពលភាពរដូវក្តៅខាងមុខ។         កីឡាករវ័យ ៣៩ ឆ្នាំអតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះ គឺជាសមាជិករបស់ City ដែលឈ្នះពានសរុប ១២ បូករួមទាំង ៣ ពានក្នុងមួយរដូវកាល ២០២២-២៣។         Scott Carson បានចូលរួមជាមួយ City ក្នុងកិច្ចសន្យាខ្ចីពី ​Derby County នៅឆ្នាំ ២០១៩ មុនពេលទទួលបាន កិច្ចសន្យាផ្លូវការនៅឆ្នាំ ២០២១។          Carson ចំណាយពេលនៅ City ជាអ្នកចាំទីដៃទី ៣ ពីក្រោយអ្នកចាំទីប្រេស៊ីល Ederson និងអ្នកចាំទីអាល្លឺម៉ង់ Stefan Ortega ពោលគឺចូលលេងបានពីរប្រកួត រឺសរុប ១១៧ នាទី។          ក្នុងពេលជាកីឡាករខ្ចីជើង Carson ជាអ្នកសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រក្នុងជ័យជំនះ ៤-៣ លើ Newcastle នៅ Premier League ឆ្នាំ ២០២១។         ប្រកួតទីពីររបស់ Carson គឺជាកីឡាករបម្រុងផ្លាស់ប្តូរចូលនៅវគ្គ ១៦ ក្រុមចុងក្រោយ Champions League ឆ្នាំ ២០២២ ពេលស្មើជាមួយ Sporting Lisbon។         កាលពីខែមុន Kyle Walker ដែលនៅ AC Milan ក្នុងកិច្ចសន្យាខ្ចីពី City នោះ បាននិយាយថា ជាកីឡាករជម្រើសចុងក្រោយដើរចូលកៅអីបម្រុងរាល់ការប្រកួត ពួកយើងសូមកោតសរសើរស្មារតី និងទឹកចិត្តរបស់ Carson។          រំលឹកថា Scott Carson ជាកីឡាករដែលមានបទពិសោធក្រាសក្រែលនៅលើទីលានពោលគឺធ្លាប់ប្រកបអាជីពសរុប ១០ ក្លិបរាប់ពីចូលលេងក្លិបដំបូង Leeds United នៅឆ្នាំ ២០០៤ បូករួមទាំង ២ ឆ្នាំនៅទឹកដីទួកគី Bursaspor៕អត្ថបទ៖នាង សុភាវុធ

Manchester City ទិញបានខ្សែការពារឆ្វេង Ait-Nouri ពី Wolves តម្លៃ ៣១ លានផោន

2025/06/10 10:44:05 pm        303
ក្លិបបាល់ទាត់ Manchester City បានសម្រេចក្នុងការនាំយកខ្សែការពារសញ្ជាតិអាល់ហ្សេរី Rayan Ait-Nouri ពី Wolverhampton តម្លៃ ៣១ លានផោន។          កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានចុះហត្ថលេខានៅកីឡដ្ឋាន Etihad ដែលមានសុពលភាពដល់ឆ្នាំ​ ២០៣០​ ហើយក៏ទាន់ពេលដែរ ក្នុងការរួមដំណើរជាមួយ City ចូលរួមព្រឹត្តិការណ៍ Club World Cup។         Manchester City នឹងចាប់ផ្តើមយុទ្ធនាការ Club World Cup របស់ខ្លួនដោយជួបជាមួយក្លិបម៉ារ៉ុក Wydad AC នៅថ្ងៃទី ១៨ ខែមិថុនានេះ។          Rayan Ait-Nouri បានចូលរួមជាមួយ Wolves ក្នុងតម្លៃផ្ទេរ ១៤.៩ លានផោនផ្ទេរពីក្លិបបារាំង Angers នៅឆ្នាំ ២០២១ និងបានចំណាយពេលមួយរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទិញផ្តាច់រដូវក្តៅឆ្នាំមុន។          រដូវកាលនេះ Ait-Nouri បង្ហាញខ្លួនបានសរុប ៤១ ប្រកួតគ្រប់ក្របខណ្ឌស៊ុតបញ្ចូលទីបាន ៥ គ្រាប់និងប៉ះបញ្ជូន ៧ ជួយ Wolves គេចផុតពីការកាត់ចេញ។         Manchester City គិតត្រឹមពេលនេះ ទិញបានកីឡាករថ្មីពីររូបហើយគឺខ្សែបម្រើហូឡង់ Tijjani Reijnders ពី AC Milan តម្លៃ ៤៦.៣​ លានផោន។          City ក៏កំពុងចរចានាំយកអ្នកចាំទីអង់គ្លេស Marcus Bettinelli ផងដែរពី Chelsea ដើម្បីយកមកឈរជាអ្នកចាំទីដៃទីបី បន្ទាប់ពី Scott Carson ប្រកាសចាកចេញ៕អត្ថបទ៖នាង សុភាវុធ

Sabalenka ទម្លាក់ Swiatek ឡើងវគ្គផ្តាច់ព្រ័ត្រ French Open ជួប Coco Gauff

2025/06/06 10:55:59 pm        578
កីឡាការិនីវាយកូនបាល់លេខមួយពិភពលោក Aryna Sabalenka បានបន្តដំណើរស្វែងរកជើងឯក Grand Slam, French Open ដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះជើងឯកបួនសម័យ Iga Swiatek ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។          កីឡាការិនីបេឡារុសរូបនេះ នឹងត្រូវជួបជាមួយ Coco Gauff នៅវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីកីឡាការិនីអាមេរិករូបនេះ បញ្ចប់ក្តីស្រមៃកីឡាការិនីបារាំង Lois Boisson។          Aryna Sabalenka មានការប្រកួតដ៏ជក់ចិត្តមួយជាមួយកីឡាការិនីប៉ូឡូញ Iga Swiatek បន្ទាប់ពីអ្នកទាំងពីរយកឈ្នះម្នាក់មួយសិត ៧-៦(៧-១) និង ៤-៦ មុនពេលដែល Sabalenka យកឈ្នះតែឯង ៦-០ នៅសិតទីបីប្រើពេលត្រឹម ២២ នាទីដើម្បីបញ្ចប់ដំណើរឈ្នះជាប់គ្នា ២៦ ប្រកួតរបស់ Iga Swiatek នៅ French Open នេះ។          Sabalenka នៅពេលនេះមានឱកាសស្វែងរកជើងឯក Grand Slam ដំបូងនៅលើទីលានដីក្រហម បន្ទាប់ពីជើងឯកបីលើកកន្លងមកសុទ្ធតែឈ្នះនៅលើទីលានរឹង។          ជាការបង្ហាញខ្លួនដំបូងផងដែរសម្រាប់ Aryna Sabalenka ដែលមិនធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ French Open នេះ ឡើយ ដោយនឹងត្រូវជួបជាមួយអតីតជើងឯករងឆ្នាំ ២០២២ Coco Gauff។         កីឡាការិនីអាមេរិក Coco Gauff ហាក់មិនមានការលំបាកឡើយនៅពេលជួបកីឡាការិនីបារាំងលំដាប់លេខ ៣៦១ ពិភពលោក Lois Boisson ដែលឡើងមកកាន់វគ្គនេះគួរឱ្យភ្ញាក់ផ្អើល។          Lois Boisson ជាកីឡាការិនីបារាំងដំបូងតាំងពីឆ្នាំ ២០១១ ដែលឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នេះ ដោយនាងបានទម្លាក់ជើងខ្លាំងជាច្រើនដូចជា Jessica Pegula និង Mirra Andreeva ជាដើម។          ទើបមកជួប Coco Gauff លើកនេះ Lois Boisson ហាក់គ្មានអ្វីតបតរឡើយ ខណៈកីឡាការិនីអាមេរិកយកឈ្នះពីរសិតផ្ទួនៗ ៦-១ និង ៦-២។          ការប្រកួតវគ្គផ្តាច់ព្រ័ត្រនារីនឹងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះ ខណៈវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសធ្វើនៅថ្ងៃអាទិត្យ។          Novak Djokovic ជួប Jannik Sinner ខណៈ Carlos Alcaraz ជួប Lorenzo Musetti វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃសុក្រនេះ៕ អត្ថបទ៖នាង សុភាវុធ

Liverpool បដិសេធមិនជជែកជាមួយ Barcelona ជុំវិញការចរចាចង់បាន Luis Diaz

2025/06/06 10:04:12 pm        505
ក្លិបហង្សក្រហម Liverpool បានបដិសេធការចង់ជួបចរចារបស់ Barcelona ជុំវិញការចង់បានខ្សែប្រយុទ្ធ Luis Diaz។          ប្រភពព័ត៌មានពីក្លិបឱ្យដឹងថា Luis Diaz កីឡាករជម្រើសជាតិកូឡុំប៊ី ជាកីឡាករសំខាន់ម្នាក់ដែលជួយក្រុមឈ្នះជើងឯក Premier League មិនមែនសម្រាប់លក់ឡើយ។          កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានផ្លាស់មកកាន់ Liverpool នៅឆ្នាំ ២០២២ ពីក្លិបព័រទុយហ្កាល់ FC Porto និងមានកិច្ចសន្យាដល់ឆ្នាំ ២០២៧ នៅ Anfield។         Luis Diaz ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងប៉ះបញ្ជូន ៧ ជួយឱ្យ Liverpool ឈ្នះជើងឯកដោយដាច់ក្រុមលេខពីរ ១០ ពិន្ទុ។          កន្លងមក Manchester City ក៏ធ្លាប់ធ្វើទំនាក់ទំនងមកកាន់ Liverpool ចង់បានកីឡាករកូឡុំប៊ីរូបនេះ ក៏ដូចជាទទួលបានការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអ៊ូឌីតផងដែរ។         រឿងរ៉ាវផ្ទេររបស់ Luis Diaz បានផ្តើមគេយកមកធ្វើប្រធានបទសរសេរ បន្ទាប់ពីមិត្តស្រីរបស់គេបានសរសេរនៅលើបណ្តាញសង្គមយ៉ាងវែង ដែលមានអត្ថន័យលាអ្នកគាំទ្រ Liverpool។          Liverpool បច្ចុប្បន្នកំពុងស្ថិតក្នុងការចរចានាំយកកីឡាករមួយចំនួន និងកៀកនឹងកិច្ចព្រមព្រៀងផងដែររួមមាន ខ្សែបម្រើអាល្លឺម៉ង់ Florian Wirtz តម្លៃបំបែកកំណត់ត្រាក្លិប ១០៩ លានផោនពី Leverkusen និងខ្សែការពារ Bournemouth, Milos Kerkez តម្លៃ ៤៥ លានផោន បន្ទាប់ពីជោគជ័យរួចហើយក្នុងការនាំយកខ្សែការពារស្តាំ Jeremie Frimpong តម្លៃ ២៩.៥ លានផោនពី Leverkusen៕

Victor Gyokeres បើកចំហរការផ្ទេរមកកាន់ Manchester United រង់ចាំតែការចរចារវាងក្លិបប៉ុណ្ណោះ

2025/06/06 06:49:56 pm        200
ខ្សែប្រយុទ្ធស៊ុយអែត Victor Gyokeres បើកចំហរជានិច្ចក្នុងការផ្លាស់មកកាន់ក្លិបបិសាចក្រហម Manchester United ទោះបីជាក្លិបមិនមានកៅអីបាល់ទាត់អឺរ៉ុបរដូវកាលក្រោយក៏ដោយ។          ខ្សែប្រយុទ្ធ Sporting រូបនេះនៅតែជាជម្រើសដំបូងសម្រាប់អតីតអ្នកចាត់ការ Ruben Amorim ដែលគេរំពឹងថា អ្នកទាំងពីរនឹងរួមការងារនឹងគ្នាម្តងទៀត។         ប្រភពជិតស្និតនឹងកីឡាករឱ្យដឹងថា Victor Gyokeres មានទំនាក់ទំនងជាមួយ Ruben Amorim ជាប់រហូត តាំងពីពេលលោក Amorim ចាកចេញពី Sporting មកកាន់ Old Trafford ហើយបើកចំហរជានិច្ចក្នុងការផ្ទេរនេះ រង់ចាំតែការចរចារវាងភាគីក្លិបទាំងពីរប៉ុណ្ណោះ។          Sporting ត្រូវបានគេដឹងថា ចង់បានតម្លៃផ្ទេរប្រមាណ ៦០ លានផោនសម្រាប់ Victor Gyokeres ដែលតម្លៃនេះ បានចុះថ្លៃហើយពីតម្លៃផ្តាច់កិច្ចសន្យាដំបូងដល់ទៅ ៨៥ លានផោន។          Victor Gyokores បានស៊ុតបញ្ចូលទី ៥៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៥២ ប្រកួតគ្រប់ក្របខណ្ឌរដូវកាលមុនជាមួយ Sporting ហើយកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ក៏កំពុងទទួលបានការទាក់ទងពី Chelsea និង Arsenal ផងដែរ៕អត្ថបទ៖នាង សុភាវុធ

បុរសពីរនាក់ពួនក្នុងបន្ទប់ទឹក ២៧ ម៉ោងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ដើម្បីបានទស្សនាការប្រកួតមិនអស់លុយ

2025/06/05 11:52:54 pm        477
បុរសជនជាតិបែលហ្ស៊ិកពីរនាក់បានអះអាងថាពួកគេបានលាក់ខ្លួននៅក្នុងបន្ទប់ទឹកនៅឯកីឡដ្ឋាន Allianz Arena ទីក្រុង Munich អស់រយៈពេល ២៧ ម៉ោងដើម្បីបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ដោយឥតគិតថ្លៃ។ Neal Remmerie និង Senne Haverbeke ដែលជាអ្នកបង្កើតមាតិការសង្គមប្លែកៗ បានប្រាប់ទូរទស្សន៍ VRT News របស់ប្រទេសបែលហ្ស៊ិកថា ពួកគេបានចូលទៅសំងំក្នុងបន្ទប់ទឹកមុនការប្រកួត ហើយអ្នក​ទាំង​ពីរ​បាន​បង្ហោះ​វីដេអូ​ពីសកម្មភាពរបស់ខ្លួន ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម TikTok ដែល​បង្ហាញ​ថា​ពួកគេ​បាន​បិទ​ផ្លាក​សញ្ញា នៅមុខទ្វារបង្គន់ចំនួនពីរថា “បន្ទប់គ្មានសណ្តាប់ធ្នាប់”មុន​ពេល​ពួកគេ​រង់ចាំ​ក្នុង​ភាព​ស្ងៀមស្ងាត់​ជាង​មួយ​ថ្ងៃដោយគ្មានអ្នកដឹង ទោះមានបុគ្គលិកចេញចូលតែមិនបានចាប់អារម្មណ៍។ អ្នកទាំងពីរបានឱ្យដឹងទៀតថា "យើងមានកាបូបស្ពាយជាមួយអាហារសម្រន់ ហើយយើងលេងទូរសព្ទរបស់យើងដើម្បីបន្លប់ពេលវេលា ខណៈភ្លើងបានបើកគ្រប់ពេល ហើយទីតាំងអង្គុយមិនស្រួល ដូច្នេះការគេងស្ទើរតែមិនអាចទៅរួចទេ ដែលធ្វើឱ្យវាមានការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត។" ភ្លាមៗ​ពេលដែល​អ្នក​ទាំង​ពីរ​បាន​ឮ​អ្នក​គាំទ្រ​ប្រើ​បង្គន់​ក្នុង​ថ្ងៃ​ប្រកួត ពួកគេ​បាន​ងើប​ចេញ​ពី​កន្លែង​លាក់​ខ្លួន និងគេចផុតពីកន្លែងឆែកសំបុត្រដំណាក់កាលចុងក្រោយ ឆ្លៀតចំពេលក្រុមសន្តិសុខធ្វេសប្រហែសមិនសួរនាំច្រើន។ អ្នកទាំងពីរបានហៅការទស្សនាវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន ជាពេលវេលាមានន័យបំផុតក្នុងជីវិតរបស់ពួកគេ៕ អត្ថបទ៖នាង សុភាវុធ

Man City ព្រមព្រៀងជាមួយ AC Milan តម្លៃ ៥៥ លានអឺរ៉ូផ្ទេរខ្សែបម្រើហូឡង់ Tijjani Reijnders

2025/06/05 11:40:00 pm        307
ក្លិបបាល់ទាត់ Manchester City បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ៥៥ លានអឺរ៉ូជាមួយក្លិបអ៊ីតាលី AC Milan ហើយ ក្នុងការផ្ទេរខ្សែបម្រើហូឡង់ Tijjani Reijnders។         កីឡាករវ័យ ២៦ ឆ្នាំរូបនេះនឹងចុះហត្ថលេខារយៈពេលប្រាំឆ្នាំនៅកីឡដ្ឋាន Etihad បន្ទាប់ពីព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ។          Manchester City សង្ឃឹមថានឹងសម្រេចរួចរាល់ការផ្ទេរនេះមុន Club World Cup មកដល់នៅថ្ងៃទី ១៤ ខែមិថុមិថុនាខាងមុខនេះ ខណៈដែលពួកគេកំពុងមានវិបត្តិខ្សែបម្រើដោយក្នុងនោះ Rodri ទើបជាសះស្បើយក៏ពិតមែនតែមិនទាន់វិលមករកទម្រង់ដើមនៅឡើយ ហើយខ្សែបម្រើក្រូអាស៊ី Mateo Kovacic ក៏ទើបរងរបួសដាច់សសៃរជង្គង់ផងដែរ។          ចំណែកខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne ទំនងជាមិនមានមុខនៅ Club World Cup ជាមួយ City ដែរ ស្របពេលកំពុងចរចាផ្លាស់ទៅក្លិបអ៊ីតាលី Napoli។          បង្ហាញខ្លួន ២២ លើកជាមួយក្រុមជម្រើសជាតិហូឡង់ Tijjani Reijnders ជាប្រភេទខ្សែបម្រើកណ្តាលដែល City ខ្វះខាតនាពេលកន្លងមក។          កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៤ ប្រកួតគ្រប់ក្របខណ្ឌឱ្យ AC Milan ដែលបានបញ្ចប់រដូវកាលមិនល្អខកខានការប្រកួតនានានៅអឺរ៉ុបរដូវកាលក្រោយ៕អត្ថបទ៖នាង សុភាវុធ

Chelsea ទិញបានខ្សែប្រយុទ្ធ Liam Delap ពី Ipswich តម្លៃ ៣០ លានផោន

2025/06/05 10:26:18 pm        173
ក្លិបបាល់ទាត់តោខៀវ Chelsea បានសម្រេចក្នុងនាំយកខ្សែប្រយុទ្ធ Liam Delap ពី Ipswich Town ហើយក្នុងតម្លៃផ្ទេរ ៣០ លានផោន។         កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៦​ ឆ្នាំនៅ Stamford Bridge បន្ទាប់ពី Chelsea ព្រមព្រៀងជាមួយ Ipswich ជុំវិញតម្លៃផ្តាច់កិច្ចសន្យា។          ក្រុមរបស់លោក Enzo Maresca បានយកឈ្នះការប្រកួតប្រជែងពី Manchester United, Newcastle និង Everton ដែលសុទ្ធតែបានចរចានាំយកកីឡាករជម្រើសជាតិអាយុក្រោម ២១ ឆ្នាំអង់គ្លេសរូបនេះ។          Liam Delap មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួននៅ Ipswich បើទោះជាធ្លាក់ចេញពី Premier League តែគេរកបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួត។          Liam Delap ធ្លាប់ចំនាយពេលខ្ចីនៅ Stoke City, Preston និង Hull City មុនពេលផ្លាស់មក Ipswich នៅឆ្នាំ ២០២៤ តម្លៃ ២០ លានផោន។          ជាកូនប្រុសរបស់អតីតកីឡាករជម្រើសជាតិអៀរឡង់ Rory Delap, Liam Delap ដំបូងគឺជាកីឡាករនៅថ្នាលយុវជនរបស់ Derby County មុនពេលផ្លាស់ទៅ Man City។          Delap ធ្លាប់បង្ហាញខ្លួន ៦ ប្រកួតផងដែរឱ្យ City ស៊ុតបញ្ចូលទីមួយគ្រាប់នៅ League Cup។          Chelsea ដែលឈ្នះជើងឯក Conference League និងមានកៅអីនៅ Champions League រដូវកាលក្រោយនោះ ជាឱកាសសម្រាប់កីឡាករវ័យ ២២ ឆ្នាំរូបនេះបង្ហាញខ្លួននៅក្របខណ្ឌអឺរ៉ុបលើកដំបូង៕អត្ថបទ៖នាង សុភាវុធ

Middlesbrough សម្រេចបញ្ចប់តំណែងគ្រូបង្គោលអតីតខ្សែបម្រើ Man United, Michael Carrick

2025/06/05 09:32:19 pm        165
ក្លិបបាល់ទាត់ Middlesbrough នៅក្របខណ្ឌទីពីរអង់គ្លេស League Championship បានសម្រេចបញ្ចប់តំណែងគ្រូបង្គោលរបស់ខ្លួនលោក Michael Carrick ដែលជាអតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United ក្រោយដឹកនាំបានពីរឆ្នាំកន្លះ។          អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសវ័យ ៤៣ ឆ្នាំរូបនេះ បានចូលមកកាន់តំណែងនៅ​ Middlesbrough នៅខែតុលាឆ្នាំ ២០២២ ដែលជាការចាប់ផ្តើមដំបូងនៃអាជីពគ្រូបង្វឹករបស់ខ្លួន។          ត្រឹមរដូវកាលដំបូង Carrick បានដឹកនាំ Middlesbrough ឡើងដល់វគ្គ Play-Off រដូវកាល ២០២២-២៣ មុនពេលឡើងមិនដល់កៅអី Play-Off ពីររដូវកាលចុងក្រោយ។          មុននឹងឈានដល់ការបញ្ចប់តំណែងនេះ Middlesbrough បានចំណាយលុយច្រើនក្នុងគោលដៅឡើងមកកាន់ក្របខណ្ឌកំពូល Premier League វិញ រឺយ៉ាងហោចដល់កៅអី Play-Off តែឈ្នះមួយក្នុងចំណោម ៦ ប្រកួតចុងក្រោយ ធ្វើឱ្យពួកគេឃ្លាតឆ្ងាយពីកៅអី Play-Off ពោលគឺបញ្ចប់នៅចំណាត់ថ្នាក់លេខ ១០។          រំលឹកថា Michael Carrick បានចាប់ផ្តើមអាជីពគ្រូបង្វឹករបស់ខ្លួនជាគ្រូជំនួយនៅ​ Manchester United និងធ្លាប់កាន់តំណែងបណ្តោះអាសន្ននៅពេលក្លិបបញ្ចប់តំណែងលោក Ole Gunnar Solskjaer។          Middlesbrough បង្ហាញខ្លួននៅក្របខណ្ឌកំពូល ​English Premier League ចុងក្រោយបំផុតនៅរដូវកាល ២០១៦-១៧ និងបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៩ ធ្លាក់ទៅ League Championship រហូតមកដល់ពេលនេះ៕អត្ថបទ៖នាង សុភាវុធ

Al-Hilal ប្រកាសគ្រូបង្គោលថ្មីលោក Simone Inzaghi ដែលទើបចាកចេញពី Inter Milan

2025/06/05 08:39:19 pm        389
លោក Simone Inzaghi ត្រូវបានប្រកាសជាផ្លូវការគ្រូបង្គោលក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal មួយថ្ងៃបន្ទាប់ពីការប្រកាសចែកផ្លូវគ្នាជាមួយ Inter Milan។         បុរសវ័យ ៤៩ ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីតំណែងអ្នកចាត់ការនៅ Inter Milan ដោយការព្រមព្រៀងរៀងខ្លួន គ្មានការបង្ខិតបង្ខំបន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Champions League ៥-០ ទល់នឹង Paris Saint Germainកាលពីចុងសប្តាហ៍កន្លងទៅ។          ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal មិនបានបង្ហាញលំអិតជុំវិញកិច្ចសន្យាជាមួយបុរសសញ្ជាតិអ៊ីតាលីរូបនេះឡើយ តែបើតាមប្រភពព័ត៌មានឱ្យដឹងថាលោក Inzaghi នឹងទទួលបាន ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ។          កិច្ចការរបស់លោក Inzaghi គឺដឹកនាំ Al-Hilal ទៅព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup ដែលនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិកថ្ងៃទី ១៤ ខែមិថុនានេះ ហើយពួកគេស្ថិតក្នុងពូល និងជួបជាមួយ Real Madrid នៅថ្ងៃទី ១៨។          រំលឹកថាក្រោមការដឹកនាំរបស់លោក Simone Inzaghi, Inter Milan បានឈ្នះជើងឯក Serie A មួយលើក Coppa Italia ពីរលើក ក៏ដូចជា Supercoppa Italia បីលើក។          Inter Milan ក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ពីរលើកតែមិនជោគជ័យគឺចាញ់ Manchester City នៅឆ្នាំ ២០២៣ និងចាញ់ PSG ឆ្នាំនេះ៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM