គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

Chelsea សុខចិត្តបង់លុយពិន័យ ៥ លានផោនមិនទិញផ្តាច់ Jadon Sancho ពី Manchester United

2025/06/04 11:22:14 pm        541
តោខៀវ Chelsea បានសម្រេចថា នឹងមិនទិញផ្តាច់ Jadon Sancho ឡើយ ហើយសុខចិត្តបង់ប្រាក់ពិន័យ ៥ លានផោនដើម្បីបញ្ជូនកីឡាករអង់គ្លេសរូបនេះត្រលប់ទៅ Manchester United វិញ។          ខ្សែប្រយុទ្ធស្លាបអង់គ្លេសរូបនេះ បានផ្លាស់មកកាន់ Stamford Bridge កាលពីរដូវកាលឆ្នាំមុនក្នុងកិច្ចសន្យាខ្ចី បន្ទាប់ពីទំនាក់ទំនងមិនល្អជាមួយអតីតអ្នកចាត់ការ Man United លោក Erik ten Hag។         Manchester United ដែលនាំយក Sancho ពី Dortmund តម្លៃ ៧៣ លានផោនកាលពីឆ្នាំ ២០២១ នោះ រីករាយប្រសិនបើកីឡាករវ័យ ២៥ ឆ្នាំរូបនេះចាកចេញ។          Chelsea មិនបានផ្តល់ប្រាក់សម្រាប់កិច្ចសន្យាខ្ចីនេះឡើយ ដោយគ្រាន់តែចេញថ្លៃនឿងហត់ពាក់កណ្តាល ដែល Sancho ទទួលបាន ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍នៅ Man United។         បើតាមកិច្ចសន្យាខ្ចីកាលពីដំបូង Chelsea ព្រមព្រៀងទិញផ្តាច់ Sancho ក្នុងតម្លៃ ២៥ លានផោននៅពេលចប់កិច្ចសន្យាខ្ចីប្រសិនបើបញ្ចប់រដូវកាលនៅ Premier League ល្អជាងចំណាត់ថ្នាក់លេខ ១៤ តែបើមិនទិញផ្តាច់ ត្រូវបង់ប្រាក់ពិន័យ ៥ លានផោននេះ។          កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅសល់កិច្ចសន្យាមួយរដូវកាលទៀតនៅ Old Trafford ខណៈដែល Manchester United នៅជំពាក់ Dortmund ១៧ លានផោននៅឡើយ។          Sancho បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ ៤-១ លើ Real Betis នៅវគ្គផ្តាច់ព្រ័ត្រ Europa Conference League និងសរុបរួមស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ប៉ះបញ្ជូន ១០ នៃការបង្ហាញខ្លួន ៤២ ប្រកួត។          ទោះបីជាកិច្ចសន្យាខ្ចីរបស់ Sancho នៅ Chelsea នៅដល់ដំណាច់ខែមិថុនានេះ អតីតយុវជនរបស់ Manchester City រូបនេះ ទំនងជាមិនមានឈ្មោះជាមួយ Chelsea ឡើយនៅ Club World Cup៕អត្ថបទ៖នាង សុភាវុធ

លោក Simone Inzaghi សម្រេចចិត្តចាកចេញពី Inter Milan ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រ UCL

2025/06/04 11:13:33 pm        577
លោក Simone Inzaghi បានសម្រេចចិត្តចាកចេញពីតំណែងអ្នកចាត់ការនៅ Inter Milan ហើយ ដោយការព្រមព្រៀងរៀងខ្លួន គ្មានការបង្ខិតបង្ខំបន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Champions League ៥-០ ទល់នឹង Paris Saint Germain។         បុរសវ័យ ៤៩ ឆ្នាំរូបនេះបានចូលកាន់តំណែងអ្នកចាត់ការក្លិបនៅ Serie A មួយនេះនៅឆ្នាំ ២០២១ និងត្រូវបានគេរំពឹងថានឹងទៅដឹកនាំក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។         “នេះជាពេលវេលាដែលត្រូវនិយាយពាក្យថាលាទៅកាន់ក្លិបដែលបានធ្វើដំណើររួមគ្នាបួនឆ្នាំ ហើយពួកយើងបានផ្តល់អ្វីគ្រប់យ៉ាងឱ្យគ្នាទៅវិញទៅមក” នេះជាសំដីលោក Inzaghi ដែលបានដឹកនាំ Inter Milan ឈ្នះពានសរុប ៦។         ការប្រកាសពីការចែកផ្លូវគ្នានេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងលោក Inzaghi ជាមួយសមាជិកប្រតិបត្តិក្លិបកាលពីថ្ងៃអង្គារ ហើយភាគីទាំងពីរក៏ឈានកិច្ចព្រមព្រៀងចែកផ្លូវដោយសន្តិវិធី។          ប្រធានក្លិប Inter Milan លោក Giuseppe Marotta បាននិយាយថា ក្លិបមិនដែលមានចេតនាចង់បញ្ចប់តំណែងលោក Inzaghi ឡើយ ហើយក្លិបនៅតែមានជំនឿចិត្តលើអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ តែនេះគឺជាការសម្រេចចិត្តរបស់ Inzaghi ផ្ទាល់ ហើយពួកយើងគោរពការសម្រេចចិត្តនេះ។          រំលឹកថាក្រោមការដឹកនាំរបស់លោក Simone Inzaghi, Inter Milan បានឈ្នះជើងឯក Serie A មួយលើក Coppa Italia ពីរលើក ក៏ដូចជា Supercoppa Italia បីលើក។          Inter Milan ក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ពីរលើកតែមិនជោគជ័យគឺចាញ់ Manchester City នៅឆ្នាំ ២០២៣ និងចាញ់ PSG ឆ្នាំនេះ៕អត្ថបទ៖នាង សុភាវុធ

Manny Pacquiao វិលពីចូលនិវត្តន៍ឡើងប្រកួតដណ្តើមខ្សែក្រវាត់ WBC ទល់នឹង Mario Barrios

2025/06/04 10:39:50 pm        600
កំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយក្នុងសន្និសីតសារព័ត៌មានថា ត្រៀមខ្លួនរួចរាល់សម្រាប់ការវិលត្រលប់ពីចូលនិវត្តន៍ មុនការប្រកួតដណ្តើមខ្សែក្រវាត់ WBC welterweight ទល់នឹងកីឡាករកូនកាត់អាមេរិក-ម៉ិកស៊ិក Mario Barrios។          ត្រូវបានចោទសួរដោយអ្នកសារព័ត៌មានអំឡុងសន្និសីតសារព័ត៌មានថា ការប្រកួតនៅថ្ងៃទី ១៩ ខែកក្កដាខាងមុខ គឺជាការប្រកួតដែលអ្នកគាំទ្រនឹងឃើញ Pacquiao ពីមុនរឺយ៉ាងណា កីឡាករវ័យ ៤៦ ឆ្នាំហ្វីលីពីនឆ្លើយថា អ្នកទាំងអស់គ្នានឹងឃើញ Pacquiao ពីមុន ហើយបន្ថែមថា “Manny Pacquiao is back”។         Manny Pacquiao គឺជាកីឡាករប្រដាល់តែម្នាក់គត់ក្នុងប្រវត្តិសាស្រ្តដែលឈ្នះខ្សែក្រវាត់ពិភពលោក ៨ ប្រភេទទម្ងន់ផ្សេងគ្នា។          បច្ចុប្បន្ន Pacquiao ក៏កំពុងកាន់កំណត់ត្រាកីឡាករវ័យចំណាស់បំផុតដែលឈ្នះជើងឯកពិភពលោក ៨ ប្រភេទទម្ងន់ដែរដោយធ្វើបានជើងឯកចុងក្រោយនៅឆ្នាំ ២០១៩ ក្នុងវ័យ ៤០ ហើយបើឈ្នះ Mario Barrios ទៀត កំណត់ត្រាពិភពលោកនឹងត្រូវបានបំបែកម្តងទៀត។          កីឡាករសញ្ជាតិហ្វីលីពីនដែលធ្លាប់ជាសមាជិកសភាពីឆ្នាំ ២០១៦ ដល់ ២០២២ រូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពប្រដាល់របស់ខ្លួននៅឆ្នាំ ២០២១ ដើម្បីឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ ២០២២។          Pacquiao មានប្រវត្តិប្រកួតសរុប ៧២ ប្រកួតឈ្នះ ៦២ ចាញ់ ៨ និងស្មើ ២ ខណៈកីឡាករអាមេរិក-ម៉ិកស៊ិក Mario Barrios មានប្រវត្តិប្រកួត ៣២ ប្រកួតឈ្នះ ២៩ ចាញ់ ២ ស្មើ ១ ផ្តួលគូប្រកួតឱ្យបោះបង់ ១៨ លើក៕អត្ថបទ៖នាង សុភាវុធ

វិលទៅណាមិនឆ្ងាយ Maurizio Sarri ត្រលប់មកដឹកនាំក្លិបអ៊ីតាលី Lazio វិញ

2025/06/03 11:52:43 pm        286
លោក Maurizio Sarri បានវិលត្រលប់ជាថ្មីមកកាន់តំណែងជាគ្រូបង្គោលនៃក្លិបអ៊ីតាលី Lazio មួយឆ្នាំបន្ទាប់ពីសម្រេចចិត្តលាលែងពីតំណែង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលី​ Adnkronos កាលពីថ្ងៃចន្ទ។          អតីតអ្នកចាត់ការ Chelsea និង Juventus រូបនេះ បានត្រលប់មកកាន់តំណែងនៅទីក្រុងរ៉ូមជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំដឹកនាំ Lazio ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំ។          រំលឹកថាលោក Maurizio Sarri បានលាលែងពីតំណែងនៅ Lazio កាលពីខែមីនាឆ្នាំ ២០២៤ ហើយ Lazio ក៏បញ្ចប់រដូវកាល ២០២៣-២៤ នោះនៅចំណាត់ថ្នាក់លេខ ៧ បន្ទាប់ពីរដូវកាលមុននោះបានលេខ ២។          រដូវកាលដែលទើបបញ្ចប់នេះ Lazio បញ្ចប់នៅចំណាត់ថ្នាក់លេខ ៧ ម្តងទៀតក្រោមការដឹកនាំរបស់លោក Marco Baroni ដែលត្រូវបានដកតំណែង។          រំលឹកថាលោក Maurizio Sarri មានបទពិសោធក្រាសក្រែលក្នុងការដឹកនាំនៅអ៊ីតាលីក្រោយចាប់ផ្តើមអាជីពនៅឆ្នាំ ១៩៩០ ពោលគឺ Lazio ជាក្លិបអ៊ីតាលីទី ២០ ដែលលោកធ្លាប់ដឹកនាំ ខណៈដែល Chelsea ជាក្លិបមិនមែនអ៊ីតាលីតែមួយគត់ដែលបុរសវ័យ ៦៦ ឆ្នាំរូបនេះធ្លាប់ដឹកនាំ៕អត្ថបទ៖នាង សុភាវុធ

បរាជ័យភ្ញាក់ផ្អើលបំផុតនៅ French Open ឆ្នាំនេះ Jessica Pegula ចាញ់កីឡាការិនី Lois Boisson លំដាប់លេខ ៣៦១ ពិភពលោក

2025/06/03 11:22:52 pm        343
កីឡាការិនីវាយកូនបាល់លំដាប់លេខ ៣៦១ ពិភពលោក Lois Boisson បានធ្វើឱ្យមានការភ្ញាក់បំផុតនៅ Grand Slam, French Open ឆ្នាំនេះ តាមរយៈជ័យជំនះលើកីឡាការិនីលំដាប់លេខបីរបស់កម្មវិធី Jessica Pegula នៅជុំទីបួន។          កីឡាការិនីបារាំងរូបនេះ ទទួលបានការអញ្ជើញឱ្យចូលរួម French Open ឆ្នាំនេះ បន្ទាប់ពីរងរបួសដាច់សសៃជង្គង់ឆ្នាំមុន។          Lois Boisson បានឆ្លងផុតបីប្រកួតរួចមកហើយនៅ French Open ឆ្នាំនេះតែមិនដែលជួបគូប្រកួតក្នុងលំដាប់ Top50 ពិភពលោកឡើយ មុនជ័យជំនះលើជើងឯករងឆ្នាំមុន Jessica Pegula ៣-៦ ៦-៤ និង ៦-៤។          ជុំបន្ត Lois Boisson នឹងត្រូវជួបជាមួយកីឡាការិនីវ័យក្មេងរុស្ស៊ី Mirra Andreeva នៅវគ្គ ៨ នាក់ចុងក្រោយ។          ងាកមកការប្រកួតផ្នែកបរុសវិញ ជើងឯកបីសម័យ Novak Djokovic បានបន្តដំណើរឡើងវគ្គ ៨ នាក់ចុងក្រោយហើយក្រោយយកឈ្នះកីឡាករអង់គ្លេស Cameron Norrie បីសិតផ្ទួនៗ ៦-២ ៦-៣ និង ៦-២ ដែលជាជ័យជំនះប្រកួតទី ១០០ របស់ខ្លួននៅ French Open។          ជ័យជំនះ ១០០ ប្រកួតគឺតាមស្មើកំណត់ត្រារបស់ Rafael Nadal ផងដែរ ខណៈដែលកីឡាករស៊ែបរូបនេះ ក៏រកបានជ័យជំនះ ៩៩ ប្រកួតផងដែរនៅ​ Australian Open។          ជុំបន្តជើងឯក Grand Slam ២៤ លើករូបនេះនឹងត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev នៅវគ្គ ៨ នាក់ចុងក្រោយ៕អត្ថបទ៖នាង សុភាវុធ

លោកគ្រូតាក្រមាមាស សាន គីមស៊ាន ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ តែបន្សល់នូវមរតកក្បាច់គុនដ៏ធំធេងសម្រាប់ជាតិ

2025/06/03 11:14:59 pm        364
លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។លោកគ្រូតាក្រមាមាស សាន គីមស៊ាន បានរួមចំណែកយ៉ាងសកម្មនៅក្នុងការចូលរួមគាស់កកាយ បង្កើតចងក្រងនូវក្បាច់គុនល្បុក្កតោឱ្យមានជីវិតរស់រានរហូតមកដល់បច្ចុប្បន្ន និងបានចងក្រងជាសៀវភៅគុនល្បុក្កតោថ្នាក់ក្រមាមាស។ លោកគ្រូតាសាន គីមស៊ាន គឺជាគ្រូតាម្នាក់ក្នុងចំណោមគ្រូតាក្បាច់គុនល្បុក្កតោមួយចំនួនតូចដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់ពីភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក១៥ឆ្នាំ លោកក៏បានវិលត្រឡប់ចូលមករស់នៅប្រទេសកម្ពុជាវិញនាឆ្នាំ១៩៩៥ ហើយបានចាប់ផ្ដើមប្រមូលគ្រូតាក្បាច់គុនល្បុក្កតោដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ១០នាក់ដើម្បីរៀបចំស្រាវជ្រាវ និងចងក្រងក្បាច់គុនល្បុក្កតោឱ្យមានរូបរាងឡើងវិញ។ មិនតែប៉ុណ្ណោះលោកគ្រូតាសាន គីមស៊ាន ក៏បានផ្ដួចផ្ដើមឱ្យបង្កើតសហព័ន្ធគុនល្បុក្កតោជាផ្លូវការថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៤ ដែលនិយាយបានថាជាថ្ងៃនៃការរស់ឡើងវិញនៃគុនព្រលឹងជាតិ គុនល្បុក្កតោក្នុងប្រវត្តិសាស្ត្រខ្មែរជាថ្មីម្ដងទៀត។ ក្នុងន័យនេះលោកគ្រូតាក្រមាមាសគឺជាអ្នកតំណាងនៃការរស់រានឡើងវិញនូវព្រលឹងនៃក្បាច់គុនល្បុក្កតោខ្មែរ និងវប្បធម៌ខ្មែរ។លោកគ្រូគឺជាបុគ្គលមួយរូបដែលបានធ្វើឱ្យក្បាច់គុនល្បុក្កតោដែលបានបាត់បង់អស់រយៈពេលរាប់រយឆ្នាំទៅហើយនោះរស់ឡើងវិញ។ ដើម្បីរក្សា និងអភិរក្សក្បាច់គុនល្បុក្កតោដែលជាមរតកវប្បធម៌ និងកេរដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរឱ្យល្បីល្បាញទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិលោកគ្រូបានដឹកនាំក្រុមកីឡាគុនល្បុក្កតោទៅចូលរួមសម្ដែងក្នុងកម្មវិធីអង្គរសង្គ្រាន្តជារៀងរាល់ឆ្នាំ និងចេញទៅប្រកួត និងសម្ដែងនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ លោកគ្រូជឿជាក់ថាវប្បធម៌រស់ ប្រទេសរុងរឿង ប្រជារាស្ត្រថ្កុំថ្កើន ប្រទេសជាតិល្បីល្បាញ។ ជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រែងប្រែងរបស់លោកគ្រូ ស្ទើរពេញមួយ ក្បាច់គុនល្បុក្កតោត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាជាផ្លូវការរបស់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងនគរបាលជាតិនៅទូទាំងប្រទេស។ លើសពីនេះលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចូលគុនល្បុក្កតោក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ នៅថ្ងៃទី២៩ខែវិច្ឆិកាកន្លងទៅ ហើយក៏ជាបង្គោលដ៏រឹងមាំ ក្នុងការពង្រឹងគុណភាពបន្ថែមលើការអភិវឌ្ឍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោកម្ពុជាឱ្យកាន់តែប្រសើរ ជាពិសេសគុនល្បុក្កតោត្រូវបញ្ចូលក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅព្រះរាជាណាចក្រកម្ពុជា។លោកគ្រូតាក្រមាមាស សាន គីមស៊ាន កើតនៅឆ្នាំ១៩៤៥ នៅរាជធានីភ្នំពេញ។ លោកមាននិស្ស័យខាងក្បាច់គុនតំាងពីកុមារភាពមកម្លេះ។ ចាប់តាំងពីឆ្នាំ១៩៥៨មក លោកគ្រូបានហាត់រៀនក្បាច់គុនជាច្រើនដូចជាគុនល្បុក្កតោ ប្រដាល់សេរី យូដូ ការ៉ាតេ និងហាប់គីដូ រហូតបានក្លាយទៅជាគ្រូបង្ហាត់ក្បាច់គុនមួយរូបនៅតាមក្លឹប សមាគម និងស្ថាប័នរដ្ឋជាច្រើន៕

Ousmane Dembele យកពាន Champions League មកបង្អួតដល់ French Open

2025/06/03 11:02:22 pm        301
ខ្សែប្រយុទ្ធ Paris Saint Germain, Ousmane Dembele បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រនៅទីលានវាយកូនបាល់ Grand Slam, French Open នៅពេលនាំយកពាន Champions League មកបង្អួត និងដាក់បង្ហាញ។          ក្លិបយក្សរបស់បារាំង PSG បានយកឈ្នះក្លិបអ៊ីតាលី Inter Milan ៥-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុងមូនិចប្រទេសអាល្លឺម៉ង់ ដើម្បីគ្រងជើងឯកក្លិបកំពូលអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។         កីឡាករបារាំង Ousmane Dembele ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំ UCL រដូវកាលនេះ បានបន្តការអបអរសាទរពាន UCL របស់ខ្លួននៅទីលានវាយកូនបាល់ Philippe Chatrier នៅចំពោះមុខអ្នកគាំទ្រជាង មួយម៉ឺននាក់ ក្រោយការប្រកួតរបស់កីឡាការិនីអាមេរិក Jessica Pegula ដែលធ្លាក់ពីការប្រកួតគួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃកីឡាការិនីលំដាប់លេខ ៣៦១ ពិភពលោក។          សូមបញ្ជាក់ថា Paris Saint Germain គឺជាក្លិបបារាំងទីពីរប៉ុណ្ណោះដែលឈ្នះជើងឯកក្របខណ្ឌកំពូលរបស់អឺរ៉ុបនេះ បន្ទាប់ពី Olympique de Marseille ដែលឈ្នះនៅឆ្នាំ ១៩៩៣។          Ousmane Dembele នៅពេលនេះ ត្រូវបានគេគិតថាមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯកកីឡាករឆ្នើមប្រចាំរដូវកាល Ballon d’Or ផងដែរ៕អត្ថបទ៖នាង សុភាវុធ

LAFC ឈ្នះការប្រកួត Play-Off លើ Club America ទទួលបានកៅអី Club World Cup

2025/06/02 11:00:35 pm        400
ក្លិបបាល់ទាត់អាមេរិក Los Angeles FC បានកក់កៅអីនៅព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ពិភពលោក Club World Cup ក្រោយយកឈ្នះក្លិបម៉ិកស៊ិក Club America ក្នុងការប្រកួត Play-Off។         ក្រុមទាំងពីរបានទទួលការសម្រេចឱ្យលេង Play-Off យកកៅអី Club World Cup បន្ទាប់ពីតុលាកាកីឡាសម្រេចចុងក្រោយក្រោមការប្តឹងតវ៉ាពីក្លិបម៉ិកស៊ិក Club Leon ដែលត្រូវបានដកសិទ្ធមិនឱ្យចូលរួមប្រកួត ក្នុងហេតុផលមិនអនុញ្ញាតិឱ្យក្រុមពីររឺច្រើនដែលស្ថិតក្រោមការវិនិយោគដោយម្ចាស់តែមួយចូលរួមការប្រកួតរួមគ្នា។          ក្រុមទាំងពីរត្រូវបានជ្រើសរើសឱ្យប្រកួត Play-Off បន្ទាប់ពី LAFC ជាក្រុមដែលលេងចាញ់ Club Leon នៅវគ្គផ្តាច់ព្រ័ត្រ CONCACAF Champions League ខណៈ Club America ជាក្លិបដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតមួយពីក្រោម Club Leon។          Club America រកបានគ្រាប់នាំមុខមុននៅនាទីទី ៦៤ ក្នុងការប្រកួតដោយគ្រាប់បាល់ពិន័យ ១១ ម៉ែត្ររបស់ Brian Rodriguez ខណៈហៀបនឹងចប់ទៅហើយកីឡាករប្រេស៊ីល Igoe Jesus តែតបញ្ចូលទីតាមស្មើឱ្យ LAFC នៅនាទីទី ៨៩ ធ្វើឱ្យក្រុមទាំងពីរត្រូវលេងម៉ោងបន្ថែម ១៥ នាទីពីរដង។          អតីតខ្សែប្រយុទ្ធ Chelsea និង Arsenal, Olivier Giroud ដែលត្រូវបានផ្លាស់ប្តូរចូលនៅនាទីទី ៧៤ នោះគឺជាអ្នកបញ្ជូនបាល់ឱ្យខ្សែប្រយុទ្ធហ្កាបុង Denis Bouanga ស៊ុតបញ្ចូលទីនៅម៉ោងបន្ថែមដែលជាគ្រាប់ជ័យជំនះ។          LAFC នៅពេលនេះត្រូវស្ថិតក្នុងពូល D ជាមួយក្លិបអង់គ្លេសតោខៀវ Chelsea មុនគេ មុនបន្តជួបជាមួយក្លិបប្រេស៊ីល Flamengo និងចុងក្រោយក្លិបទុយនីស៊ី Esperance Sportive de Tunis៕

កីឡាករអង់គ្លេស Simon Yates ឈ្នះជើងឯកប្រណាំងកង់ Giro d’Italia លើកដំបូងក្នុងអាជីព

2025/06/02 10:23:47 pm        233
កីឡាករប្រណាំងកង់អង់គ្លេស Simon Yates បានប្រជែងឈ្នះជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia លើកដំបូងក្នុងអាជីពក្រោយមកដល់ទីព្រ័ត្រដោយសុវត្ថិភាពនៅដំណាក់កាលចុងក្រោយនៅទីក្រុងរ៉ូម។         កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានឡើងមកនាំមុខគេក្នុងតារាងរួមជាលើកដំបូងក្រោយឈ្នះការប្រណាំងដំណាក់កាលទី ២០ កាលពីថ្ងៃសៅរ៍។          ចំណែកដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យដែលមានចំងាយផ្លូវ ១៤៣ គីឡូម៉ែត្រ មិត្តរួមក្រុម Visma-Lease កីឡាករហូឡង់ Olav Kooij ជាអ្នកឈ្នះក្រោយមកដល់ទីព្រ័ត្រមុនគេចំណាយពេលបីម៉ោង ១២ នាទី ១៩ វិនាទី។          តាមរយៈការចំណេញពេលវេលាច្រើនកាលពីថ្ងៃសៅរ៍ និងការបញ្ចប់នៅទីក្រុងរ៉ូមនៅថ្ងៃអាទិត្យ Simon Yates ឈ្នះជើងឯក Giro d’Italia ដោយមានថេរវេលាចំណេញដាច់ ៣ នាទី ៥៦ វិនាទី ពីកីឡាករម៉ិកស៊ិក Isaac del Toro ដែលនាំមុខជាច្រើនដំណាក់កាលកន្លងមក ខណៈលេខបីបានទៅកីឡាករកូឡុំប៊ី Richard Carapaz។          សូមបញ្ជាក់ថា នេះជាជើងឯក Giro d’Italia លើកដំបូងសម្រាប់ Simon Yates តែជាជើងឯក Grand Tour លើកទីពីរបន្ទាប់ពីធ្លាប់លើកដំបូងនៅឆ្នាំ ២០១៨ ជើងឯក Vuelta a Espana។          Simon Yates ជាកីឡាករអង់គ្លេសទីពីរប៉ុណ្ណោះដែលឈ្នះជើងឯក Grand Tour ច្រើនដង បន្ទាប់ពី Chris Froome ដែលឈ្នះសរុប ៧ លើក៕អត្ថបទ៖នាង សុភាវុធ

ស្លាប់ពីរនាក់ ឃាត់ខ្លួនរាប់រយនាក់ក្រោយ PSG ឈ្នះជើងឯក Champions League លើកដំបូង

2025/06/02 10:01:35 pm        322
មនុស្សពីរនាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅប្រទេសបារាំង បន្ទាប់ពីក្លិបបាល់ទាត់ Paris Saint Germain ឈ្នះជើងឯក UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបកាលពីថ្ងៃសៅរ៍ នេះបើតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃបារាំង។         នៅទីក្រុង Dax ភាគនិរតីប្រទេសបារាំង យុវជនវ័យទើបតែ ១៧ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយត្រូវបានចាក់សម្លាប់នៅល្ងាចថ្ងៃសៅរ៍ ខណៈបុរសវ័យ ២៣ ឆ្នាំម្នាក់ទៀតដែលកំពុងជិះម៉ូតូអាគុយបានស្លាប់បាត់បង់ជីវិតដោយរថយន្តបុក អំឡុងភាពចលាចលកើតឡើងពេលប្រជាជនបារាំងអបអរសាទរ។          ផ្កាភ្លើង កាំជ្រួចត្រូវបានគេបាញ់ដោយគ្មានសណ្តាប់ធ្នាប់ ខណៈកាំជ្រួចធំៗដែលកាន់ដោយអ្នកគាំទ្រ ត្រូវបានដុត បាញ់សំដៅមកសមត្ថកិច្ចរក្សាសណ្តាប់ធ្នាប់ ក្នុងពេលអបអរសាទរដ៏អាក្រក់។          ក្លិបយក្សរបស់បារាំង PSG ក៏បានចេញសេចក្តីថ្លែងការថ្កោលទោសជនដៃដល់ដែលបង្ករភាពចលាចល តែអរគុណអ្នកគាំទ្រ អរគុណប្រជាជនបារាំងផ្សេងទៀតដែលបង្ហាញក្តីស្រលាញ់ និងមោទកភាពសម្រាប់ប្រជាជាតិបារាំងទាំងមូល។         មិនមានការបង្អាក់ដំណើរសម្រាប់ពិធីដង្ហែពាន Champions League នៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យឡើយ ទោះបីមានហេតុការបែបនេះ តែអាជ្ញាធរបានបង្កើនកម្លាំងការពារតឹងរ៉ឹង។          បើតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃបារាំងបានបន្ថែមថា មនុស្ស ១៩២ នាក់ផ្សេងទៀតបានរងរបួសប៉ុន្មានម៉ោងមុនពេលពិធីដង្ហែពាន ដែលក្នុងនោះមាន ៥៥៩ នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យ ខណៈមន្ត្រីកងកម្លាំងជាងម្ភៃនាក់បានរងរបួសផងដែរ។          សូមបញ្ជាក់ថា​ Paris Saint Germain បានយកឈ្នះ Inter Milan ៥-០ ដែលជាជ័យជនះធំបំផុតក្នុងប្រវត្តិសាស្ត្រវគ្គផ្តាច់ព្រ័ត្រ Champions League៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM