គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

Manchester United ព្រមព្រៀងទិញ Matheus Cunha តម្លៃ ៦២.៥ លានផោនពី Wolves

2025/06/02 08:58:22 pm        166
ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយ Wolverhampton ក្នុងផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha តម្លៃ ៦២.៥ លានផោន។          កីឡាករវ័យ ២៦ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដំបូងដែលផ្លាស់មកកាន់ Old Trafford រដូវក្តៅខាងមុខនេះ។          អតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះនឹងចុះហត្ថលេខារយៈពេលប្រាំឆ្នាំ បូកនឹងជម្រើសបន្តបន្ថែម ១២ ខែ។          កិច្ចសន្យាផ្ទេរផ្លូវការនឹងត្រូវសម្រេចរួចរាល់ នៅពេល Matheus Cunha ត្រលប់ពីការបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិប្រេស៊ីលចុងខែនេះ។          ប្រេស៊ីលនឹងត្រូវជួបជាមួយអេក្វាដ័រថ្ងៃព្រហស្បតិ៍នេះក្នុងវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូង ដែលនឹងជាការប្រកួតដំបូងរបស់ប្រេស៊ីលក្រោមការដឹកនាំរបស់គ្រូបង្គោលថ្មីលោក Carlo Ancelotti។         Matheus Cunha បានស៊ុតបញ្ចូលទី ៣១ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៦ ប្រកួតជាមួយ Wolves ក្រោយផ្ទេរផ្លូវការពី Atletico Madrid នៅឆ្នាំ ២០២៣។          បន្ទាប់ចំណាយពេល ៦ ខែក្នុងកិច្ចសន្យាខ្ចីពី Atletico Madrid, Wolves ក៏បានសម្រេចទិញផ្តាច់ Cunha ក្នុងតម្លៃ ៣៥ លានផោន។          ក្រុមរបស់លោក Ruben Amorim កំពុងស្ថិតក្នុងការរុះរើកែទម្រង់ទ្រង់ទ្រាយធំ ដែលគេនឹងឃើញការផ្ទេរចេញ និងទិញចូលច្រើនរដូវក្តៅនេះ បន្ទាប់ពី Manchester United បញ្ចប់រដូវកាលដ៏អាក្រក់នៅ Premier League នៅចំណាត់ថ្នាក់លេខ ១៥៕អត្ថបទ៖នាង សុភាវុធ

កីឡាករអាល្លឺម៉ង់ Nico Denz ឈ្នះដំណាក់កាលទី ១៨ ប្រណាំងកង់ Giro d’Italia ខណៈIsaac del Toro បន្តការនាំមុខ

2025/05/30 11:27:53 pm        339
កីឡាករប្រណាំងកង់អាល្លឺម៉ង់ Nico Denz បានប្រជែងឈ្នះដំណាក់កាលទី ១៨ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ខណៈកីឡាករម៉ិកស៊ិក Isaac del Toro នៅតែបន្តកាន់កាប់តារាងថេរវេលារួម។         ដំណាក់កាលទី ១៨ ដែលមានចំងាយផ្លូវ ១៤៤ គីឡូម៉ែត្រ Nico Denz ដែលជិះឱ្យក្រុម Red Bull-Bora-Hansgrohe គឺជាកីឡាករម្នាក់ក្នុងចំណោម ១១ នាក់ដែលនាំមុខដាច់រួមគ្នា មុនពេលបន្ថែមល្បឿននាំមុខដាច់តែឯងនៅចំនុច ១១ គីឡូម៉ែត្រចុងក្រោយ និងមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ១២ នាទី ៧ វិនាទី។          កីឡាករម្ចាស់ផ្ទះអ៊ីតាលី Mirco Maestri ទទួលបានចំណាត់ថ្នាក់លេខពីរក្រោយមកដល់ទីព្រ័ត្រយឺតជាងអ្នកនាំមុខ ១ នាទី ១ វិនាទី និងលេខបី កីឡាករប៊ែលហ្ស៊ិក Edward Planckaert ស្ថិតក្នុងថេរវេលាដូចគ្នា។          ងាកមកតារាងវេលារួមវិញ កីឡាករម៉ិកស៊ិក Isaac del Toro របស់ក្រុម UAE Team Emirate នៅតែបន្តនាំមុខ ៤១ វិនាទីដដែលពីអ្នកលេខពីរកីឡាករកូឡុំប៊ី Richard Carapaz ខណៈលេខបីនៅតែជាកីឡាករអង់គ្លេស Simon Yates យឺតជាង ៥១ វិនាទី។          សម្រាប់ដំណាក់កាលទី ១៩ ថ្ងៃនេះមានចំងាយផ្លូវ ១៦៦ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ ខណៈការប្រកួតនឹងបញ្ចប់ទាំងស្រុងនៅដំណាក់កាលទី ២១ ដែលបញ្ចប់នៅរដ្ឋធានីរ៉ូម៕អត្ថបទ៖នាង សុភាវុធ

Chelsea ព្រមព្រៀងតម្លៃ ៣០ លានផោនផ្ទេរ Liam Delap ពី Ipswich Town

2025/05/30 11:12:33 pm        299
ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងតម្លៃ ៣០ លានផោនផ្ទេរខ្សែប្រយុទ្ធ Liam Delap ពី Ipswich Town។         Manchester United, Everton, Newcastle និង Nottingham Forest សុទ្ធតែជាក្លិបដែលចាប់អារម្មណ៍កីឡាករវ័យ ២២ ឆ្នាំរូបនេះ។         Liam Delap បានចូលរួមជាមួយ Ipswich ផ្ទេរពី Manchester City តម្លៃ ២០ លានផោនរដូវកាលមុន។          Stamford Bridge គឺជាជម្រើសដំបូងសម្រាប់ Liam Delap តែការចរចាលើកិច្ចព្រមព្រៀងផ្ទាល់នៅកំពុងដំណើរការនៅឡើយ។         Liam Delap បង្ហាញខ្លួនជា ១១ នាក់ដំបូង ៣២ ប្រកួតរដូវកាលដែលទើបបញ្ចប់នេះនៅ Premier League រកបាន ១២ គ្រាប់។          Ipswich ដែលធ្លាក់ពី Premier League ក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៩ នោះ ក៏ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Chelsea, Marc Guiu ក្នុងលក្ខខណ្ឌខ្ចីផងដែរ ដើម្បីជំនួសតំណែង Delap។         កីឡាករអេស្ប៉ាញ Marc Guiu បង្ហាញខ្លួនបាន ១៤ ប្រកួតឱ្យ Chelsea រដូវកាលនេះរកបាន ៦ គ្រាប់ តែមិនសូវបានចូលលេងដោយមានរបួសសាច់ដុំញាំញី៕អត្ថបទ៖នាង សុភាវុធ

Jonathan Tah ចាកចេញពី Leverkusen មកកាន់ Bayern Munich ដោយគ្មានតម្លៃផ្ទេរ

2025/05/30 10:15:56 pm        223
ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានប្រកាសពីការមកដល់របស់ខ្សែការពារអាល្លឺម៉ង់ Jonathan Tah ផ្លាស់ពី Bayer Leverkusen ដោយគ្មានតម្លៃផ្ទេរ។         កីឡាករវ័យ ២៩ ឆ្នាំជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំនៅកីឡដ្ឋាន Allianz Arena។         Jonathan Tah បានចំនាយពេល ១០ ឆ្នាំជាមួយ Leverkusen ឈ្នះជើងឯក Bundesliga និង German Cup ដោយមិនចាញ់មួយប្រកួតសោះក្នុងរដូវកាល ២០២៣-២៤ ក្រោមការដឹកនាំរបស់លោក Xabi Alonso ដែលទើបចាកចេញទៅដឹកនាំ​ Real Madrid។          មុនការសម្រេចចិត្តផ្លាស់មក Bayern Munich, Jonathan Tah បានទទួលការចាប់អារម្មណ៍ និងធ្វើទំនាក់ទំនងពីក្លិបជាច្រើនដូចជា Liverpool, Spurs, Manchester United, Barcelona និង Real Madrid ផងដែរ។         Jonathan Tah រយៈពេល ១០ ឆ្នាំនៅ Leverkusen បង្ហាញខ្លួនផ្លូវការសរុប ២៩១ ប្រកួតស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុងតូនាទីជាខ្សែការពារ និងបង្ហាញខ្លួន ៣៥ លើកជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។          Bayern Munich គឺជាជើងឯកអាល្លឺម៉ង់ Bundesliga រដូវកាលដែលទើបបញ្ចប់នេះ ដោយដាច់ក្រុមលេខពីរ Leverkusen ១៣ ពិន្ទុ៕អត្ថបទ៖នាង សុភាវុធ

Isaac del Toro ឈ្នះដំណាក់កាលទី ១៧ ពន្លាតការនាំមុខក្នុងតារាងរួមប្រណាំងកង់ Giro d’Italia

2025/05/29 11:28:25 pm        617
កីឡាករប្រណាំងកង់ម៉ិកស៊ិក Isaac del Toro បានប្រជែងឈ្នះដំណាក់កាលទី ១៧ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia និងពន្លាតការនាំមុខក្នុងតារាងវេលារួម ស្របពលដែលគូប្រជែង Simon Yates ធ្លាក់ទៅលេខបី។          ដំណាក់កាលទី ១៧ ដែលមានចំងាយផ្លូវ ១៥៥ គីឡូម៉ែត្រ កីឡាកររបស់ក្រុម UAE Team Emirate, Isaac del Toro បានប្រជែងឈ្នះក្នុងដំណាក់កាលជាលើកដំបូងឆ្នាំនេះ ក្រោយប្រើល្បឿននៅពីរគីឡូម៉ែត្រចុងក្រោយដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ៥៨ នាទី ៤៨ វិនាទី។          កីឡាករបារាំង Romain Bardet ទទួលបានចំនាត់ថ្នាក់លេខពីរក្នុងដំណាក់កាលទី ១៥ នេះដោយមកដល់ទីព្រ័ត្រយឺតជាងអ្នកឈ្នះ ៤ វិនាទី ដូចគ្នានឹងអ្នកលេខបីកីឡាករអេក្វាដ័រ Richard Carapaz និងលេខបួន Simon Yates យឺតជាង ១៥ វិនាទី។          តាមរយៈលទ្ធផលនេះ Isaac del Toro នៅតែបន្តនាំមុខក្នុងតារាងរួមជាមួយនឹងវេលាចំណេញពីអ្នកលេខពីរ Richard Carapaz ៤១ វិនាទី ខណៈដែលកីឡាករអង់គ្លេស Simon Yates ធ្លាក់ទៅលេខបីតាមពីក្រោយ ៥១ វិនាទី។          សម្រាប់ដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៤៤ គីឡូម៉ែត្រ ហើយការប្រកួតនឹងបញ្ចប់ទាំងស្រុងនៅដំណាក់កាលទី ២១ ដែលបញ្ចប់នៅរដ្ឋធានីរ៉ូម៕អត្ថបទ៖នាង សុភាវុធ

អ្នកការពារជើងឯក Carlos Alcaraz ឡើងជុំទីពីរតែ Casper Ruud ធ្លាក់ចេញពីការប្រកួតវាយកូនបាល់ French Open

2025/05/29 10:35:10 pm        567
អ្នកការពារជើងឯក Grand Slam, French Open កីឡាករអេស្ប៉ាញ Carlos Alcaraz បានឆ្លងផុតជុំទីពីរហើយ ក្រោយយកឈ្នះគូប្រកួតសញ្ជាតិហុងគ្រី Fabian Marozsan ៦-១ ៤-៦ ៦-១ និង ៦-២។         Alcaraz ធ្លាប់ចាញ់ Marozsan ម្តងនៅទីក្រុងរ៉ូមពីរឆ្នាំមុន ហើយលើកនេះក៏ត្រូវកីឡាករហុងគ្រីរូបនេះបង្អាក់នៅសិតទីពីរផងដែរ មុនពេលកីឡាករវ័យ ២២ ឆ្នាំអេស្ប៉ាញរក្សាលំនឹងនៃការចេញសេវារបស់ខ្លួនយកឈ្នះពីរសិតចុងក្រោយ។ ជុំបន្ត Carlos Alcaraz នឹងត្រូវជួបជាមួយកីឡាករបូស្នៀ Damir Dzumhur។ ចំណែកឯជើងឯករងពីរលើក Casper Ruud បានធ្លាក់ចេញពីការប្រកួតត្រឹមជុំទីពីរក្រោយចាញ់កីឡាករព័រទុយហ្កាល់ Nuno Borges។          Ruud បានយកឈ្នះសិតដំបូង ៦-២ មុនពេលដែល Nuno Borges វាយបកយកឈ្នះវិញបីសិតផ្ទួនៗ ៦-៤ ៦-១ និង ៦-០​ ខណៈដែលកីឡាករន័រវេស Casper Ruud មានបញ្ហារបួសកំភួនជើងនៅសិតទីបី។          រីឯកីឡាករអ៊ីតាលី Lorenzo Musetti មិនមានបញ្ហាឡើយក្រោយយកឈ្នះកីឡាករកូឡុំប៊ី Daniel Galan ដើម្បីបន្តជួបកីឡាករអាហ្សង់ទីន Mariano Navone។          ងាកមកការប្រកួតផ្នែកនារីវិញ ជើងឯករងឆ្នាំមុន Jasmine Paolini ក៏បានបន្តដំណើរទៅជុំទីបីផងដែរក្រោយជ័យជំនះពីរសិតផ្ទួនៗ ៦-៣ និង ៦-៣ លើកីឡាករអូស្រ្តាលី Ajla Tomljanovic។          ម្ចាស់មេដាយមាសអូឡាំពិក កីឡាការិនីចិន Zheng Qinwen យកឈ្នះកីឡាការិនីកូឡុំប៊ី Emiliana Arango បន្តជួបកីឡាការិនីកាណាដា Victoria Mboko ខណៈដែលកីឡាការិនីបារាំង Amanda Anisimova យកឈ្នះកីឡាការិនីស្វ៊ីស Viktoria Golubic ៦-០ និង ៦-២ ប្រើពេលត្រឹម ៥៥ នាទី៕អត្ថបទ៖នាង សុភាវុធ

Arsenal ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែបម្រើអេស្ប៉ាញ Martin Zubimendi ពី Real Sociedad តម្លៃ ៥១ លានផោន

2025/05/29 10:13:02 pm        481
ខ្សែបម្រើអេស្ប៉ាញ Martin Zubimendi បានឈានដល់កិច្ចព្រមព្រៀង និងឈានដល់ដំណាក់កាលពិនិត្យសុខភាពហើយ ក្នុងការផ្ទេរមកកាន់កាំភ្លើងធំ Arsenal ក្នុងតម្លៃ ៥១ លានផោន។          ប្រភពជិតស្និតនឹង Arsenal ឱ្យដឹងថា មិនមានអ្វីជាឧបសគ្គឡើយក្នុងការដំណើរការនៃកិច្ចសន្យានេះ ខណៈកិច្ចសន្យាត្រូវបានគេរំពឹងថានឹងមានរយៈពេល ៥ ឆ្នាំនៅកីឡដ្ឋាន Emirate។         Arsenal ត្រូវបានគេដឹងថា ចាប់អារម្មណ៍ និងធ្វើទំនាក់ទំនងទៅកាន់កីឡាករវ័យ ២៦ ឆ្នាំរូបនេះច្រើនខែមកហើយ មុនឈានដល់កិច្ចព្រមព្រៀងនៅពេលនេះ។          Martin Zubimendi គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Real Sociedad ផ្ទាល់ និងបានឡើងមកលេងក្រុមធំនៅឆ្នាំ ២០១៩។          Zubimendi មានតួនាទីលេងនៅតំបន់បម្រើការពារដូចគ្នានឹង Thomas Partey តែអ្នកចាត់ការ Mikel Arteta ក៏នៅតែត្រូវការ Thomas Partey ខណៈដែលក្លិបកំពុងចរចាក្នុងការបន្តកិច្ចសន្យាជាមួយកីឡាករហ្កាណារូបនេះ។          បច្ចុប្បន្ន Arsenal កំពុងចរចាជាមួយកីឡាករក្នុងក្រុមក្នុងការបន្តកិច្ចសន្យាថ្មីដូចជា Bukayo Saka, Williams Saliba, Gabriel, Leandro Trossard, Myles Lewis-Skelly និង Ethan Nwaneri។          ក្រោពី Martin Zubimendi, Arsenal ក៏កំពុងស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មី ហើយជម្រើសជួរមុនគឺ Benjamin Sesko និង Viktor Gyokeres៕អត្ថបទ៖នាង សុភាវុធ

Novak Djokovic ចាប់ផ្តើមស្វែងរកជើងឯក Grand Slam លើកទី ២៥ ជាមួយនឹងជ័យជំនះជុំទីមួយ French Open

2025/05/28 11:23:50 pm        257
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានចាប់ផ្តើមដំណើរស្វែងរកជើងឯក Grand Slam លើកទី ២៥ របស់ខ្លួនជាមួយនឹងជ័យជំនះជុំទីមួយ French Open លើកីឡាករអាមេរិក Mackenzie McDonald។         អតីតកីឡាករលេខមួយពិភពលោករូបនេះ ទើបតែសម្រេចបានជើងឯក ATP លើកទី ១០០ របស់ខ្លួនតាមរយៈការឈ្នះជើងឯក Geneva Open សប្តាហ៍មុន។          មកដល់ Grand Slam, French Open ដោយជំនឿចិត្ត Novak Djokovic បានយកឈ្នះបីសិតផ្ទួនៗលើកីឡាករលំដាប់លេខ ៩៨ ពិភពលោក Mackenzie McDonald ៦-៣ ៦-៣ និង ៦-៣។          Djokovic ដែលទើបឈានចូលវ័យ ៣៨ ឆ្នាំសប្តាហ៍មុន នៅពេលនេះឈ្នះរាល់ការប្រកួតជុំដំបូង French Open នៃការចូលរួមសរុប ២១ លើក។          Djokovic នឹងបន្តជួបជាមួយកីឡាករបារាំង Corentin Moutet ដែលយកឈ្នះមិត្តរួមជាតិរបស់ខ្លួន Clement Tabur៕អត្ថបទ៖នាង សុភាវុធ

Lamine Yamal ចុះកិច្ចសន្យាថ្មី ៦ ឆ្នាំនៅជាមួយ Barcelona ដល់ ២០៣១

2025/05/28 10:21:04 pm        228
កីឡាករវ័យក្មេងអេស្ប៉ាញ Lamine Yamal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ៦ ឆ្នាំជាមួយ FC Barcelonaបន្ទាប់ពីជួយក្លិបឈ្នះជើងឯកក្នុងស្រុកបីក្នុងមួយរដូវកាល។         កីឡាករវ័យ ១៧ ឆ្នាំរូបនេះ មានកិច្ចសន្យាចាស់ត្រូវអស់សុពលភាពនៅដំណាច់រដូវកាលក្រោយ តែកិច្ចសន្យាថ្មី នឹងរក្សារូបគេនៅ Catalan ដល់ឆ្នាំ ២០៣១។          Lamine Yamal ដែលឡើងមកលេងក្រុមជំ Barcelona កាលពីឆ្នាំ ២០១៣ ក្នុងវ័យទើបតែ ១៥ ឆ្នាំនោះ បានស៊ុតបញ្ចូលទី ១៨ គ្រាប់ និង ២៥ បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ៥៥ ប្រកួតរដូវកាលនេះខណៈ Barcelona ក្តោបយកជើងឯកក្នុងស្រុកទាំងអស់រួមមាន Spanish Super Cup, La Liga និង Copa del Rey ក្រោមការដឹកនាំរបស់អ្នកចាត់ការអាល្លឺម៉ង់ Hansi Flick រដូវកាលដំបូង។          Lamine Yamal សរុបស៊ុតបញ្ចូលទីឱ្យ Barcelona ២៥ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១១៥ ប្រកួត និងបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីនៅ Spanish Super Cup, La Liga និង Copa del Rey។          Yamal ដែលនឹងឈានចូលវ័យ ១៨ ឆ្នាំនៅខែកក្កដាខាងមុខនោះ ក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Barcelona ផងដែរដែលបង្ហាញខ្លួនដល់ ១០០ ប្រកួត។          Lamine Yamal បានក្លាយជាកីឡាករទីពីរបន្ទាប់ពី Raphinha ដែលសម្រេចបន្តកិច្ចសន្យាថ្មីជាមួយក្លិប៕អត្ថបទ៖នាង សុភាវុធ

Manchester United ឈានដល់កិច្ចព្រមព្រៀង ៦២.៥ លានផោនផ្ទេរ Matheus Cunha ពី Wolves

2025/05/28 09:53:58 pm        117
ក្រុមបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ៦២.៥ លានផោនជាមួយ Wolverhampton ហើយក្នុងការផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha។         កន្លងមក Wolves បានបដិសេធសំណើរបស់ Manchester United ក្នុងតម្លៃទាបជាងនេះ តែក្រោយកិច្ចព្រមព្រៀងនេះ Man United មានសិទ្ធិក្នុងការជជែងជាមួយសាមីខ្លួនផ្ទាល់ជុំវិញកិច្ចព្រមព្រៀងផ្ទាល់ខ្លួន។          បន្ទាប់ពីការចរចាផ្ទាល់ខ្លួនរួច នឹងឈានដល់ការធ្វើតេស្តសុខភាពមុនចុះហត្ថលេខាដែលគេរំពឹងមានសុពលភាពប្រាំឆ្នាំនៅ Old Trafford។         កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុប ៩៦ លើតាំងពីមកដល់ Wolverhampton ដែលដំបូងក្នុងកិច្ចសន្យាខ្ចីពី Atletico Madrid នៅឆ្នាំ ២០២៣ និងស៊ុតបញ្ចូលទីសរុប ៣៣ គ្រាប់។          សូមបញ្ជាក់ថា Matheus Cunha បានស្ថិតក្នុងគោលដៅរបស់ Manchester United ដែលព្យាយាមស្វែងរកខ្សែប្រយុទ្ធជួរមុខច្បាស់ម្នាក់ បន្ទាប់ពី Ramus Hojlund និង Joshua Zirkzee សុទ្ធតែមិនអាចបំពេញតួនាទីជោគជ័យនៅ Old Trafford៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM