គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

Christian Scaroni ឈ្នះដំណាក់កាលទី ១៦ Giro d’Italia តែអតីតជើងឯក Primoz Roglic ដកខ្លួន

2025/05/28 09:27:02 pm        90
កីឡាករប្រណាំងកង់ម្ចាស់ផ្ទះអ៊ីតាលី Christian Scaroni បានប្រជែងឈ្នះដំណាក់កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia តែអតីតជើងឯក Primoz Roglic បានដកខ្លួនត្រឹមនេះដោយសារការប៉ះទង្គិច។         ដំណាក់កាលទី ១៦​ ដែលមានចំងាយផ្លូវ ២០៣ គីឡូម៉ែត្រជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវឡើងចុះភ្នំស្របពេលដែលអាកាសធាតុក៏មិនអំណោយផល ពោលគឺមានភ្លៀងធ្លាក់ធ្វើឱ្យស្ថានភាពផ្លូវរអិល បណ្តាលឱ្យមានកីឡាករមួយចំនួនរអិលចេញពីផ្លូវ។          ជាក់ស្តែងដូចជាកីឡាករវែល Josh Tarling រអិលបុកនឹងរណាំង ខណៈដែលកីឡាករស្លូវេនី Primoz Roglic ដែលជាបេក្ខភាពជើងឯកឆ្នាំនេះ បានរងការប៉ះទង្គិចស្រដៀងគ្នានេះ ធ្វើឱ្យអ្នកទាំងមានរបួសបន្តិចបន្តួចតែមិនអាចបន្តការប្រកួតក្នុងដំណាក់កាលបាន ធ្វើឱ្យខាតបង់ពេលវេលាច្រើនក៏សម្រេចចិត្តបោះបង់ត្រឹមដំណាក់កាលទី ១៦ នេះ។          បញ្ចប់ដំណាក់កាលទី ១៦ ជ័យជំនះបានទៅកីឡាករម្ចាស់ផ្ទះ Christian Scaroni ដោយប្រើពេល ៥ ម៉ោង ៣៥ នាទី ៥ វិនាទី ក្នុងវេលដូចគ្នានឹងមិត្តរួមជាតិ Lorenzo Fortunato ខណៈដែលកីឡាករអ៊ីតាលីមួយរូបទៀត Giulio Pellizzari បានលេខបីយឺងជាងអ្នកឈ្នះ ៥៥ វិនាទី។         គិតត្រឹម ១៦ ដំណាក់កាលនេះ អ្នកនាំមុខគេនៅតែជាកីឡាករម៉ិកស៊ិក Isaac del Toro ដដែលមានវេលាសរុប ៦១ ម៉ោង ៣១ នាទី ៥៦ វិនាទី កាន់វេលានាំមុខ ២៦ វិនាទីពីកីឡាករអង់គ្លេស Simon Yates និងលេខបីកីឡាករអេក្វាដ័រ Richard Carapaz យឺតជាង ៣១ វិនាទី។          សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៥៥ គីឡម៉ែត្រ ប្រណាំងលើស្ថានភាពផ្លូវឡើងចុះភ្នំចេញពី San Michele all’Adige ឆ្ពោះទៅខេត្ត Bormio ភាគខាងជើងបំផុតនៃប្រទេសអ៊ីតាលីក្បែព្រំប្រទល់ប្រទេសស្វ៊ីស៕អត្ថបទ៖នាង សុភាវុធ

Real Madrid ប្រកាសពីការមកដល់របស់ Xabi Alonso ជាមួយនឹងកិច្ចសន្យាបីឆ្នាំ

2025/05/27 10:45:27 pm        598
ក្លិបបាល់ទាត់ Real Madrid បានប្រកាស និងបង្ហាញអ្នកចាត់ការថ្មីលោក Xabi Alonso ក្រោយរដូវកាល La Liga បានបញ្ចប់។         បុរសវ័យ ៤៣ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេលបីឆ្នាំដឹកនាំក្រុមដែលធ្លាប់ប្រកបអាជីពជាកីឡាករជំនួសតំណែងអ្នកចាត់ការសញ្ជាតិអ៊ីតាលី​ Carlo Ancelotti ដែលចាកចេញទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។          Real Madrid បានបញ្ចប់រដូវកាលដ៏ខកចិត្តរបស់ខ្លួនដោយមិនឈ្នះពានអ្វីសោះ រួមមានបាត់បង់ពាន La Liga ទៅ Barcelona ចាញ់ Barcelona ដដែលនៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey និង Spanish Super Cup និងធ្លាក់ពី Champions League នៅវគ្គ ៨ ក្រុមចុងក្រោយក្រោមស្នាដៃកាំភ្លើងធំ Arsenal។          Xabi Alonso មានអាជីពជោគជ័យនៅពេលដឹកនាំ Leverkusen ដោយឈ្នះជើងឯក Bundesliga រដូវកាលមុនដោយមិនចាញ់មួយប្រកួតសោះ។         អតីតកីឡាករ Liverpool រូបនេះ បាននិយាយថា នេះជាការចាប់ផ្តើមទំព័រថ្មីមួយជំហានទៀតនៃអាជីពជាអ្នកចាត់ការរបស់ខ្លួន ហើយជាជំហានដ៏មានសក្តានុពលមួយដែលទទួលបានការទុកចិត្តឱ្យដឹកនាំក្លិបកំពូលលើលោក។          Alonso ក៏បានជូនពរ និងលើកសរសើរស្នាដៃលោក Carlo Ancelotti និងតែងតែរៀនសូត្រពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ។          Xabi Alonso មកដល់ទីក្រុង Madrid ភ្លាមៗមិនចាំបាច់រង់ចាំដល់រដូវក្តៅឡើយ ដោយសារ Real Madrid ត្រូវការអ្នកចាត់ការថ្មីឱ្យបានមុន Club World Cup មកដល់៕អត្ថបទ៖នាង សុភាវុធ

Carlo Ancelotti មានមោទនភាពក្នុងការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

2025/05/27 10:32:38 pm        99
លោក Carlo Ancelotti បាននិយាយថា លោកមានមោទនភាពក្នុងការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីល ដែលជាក្រុមកំពូលមួយនៅលើលោក។         បុរសវ័យ ៦៥ ឆ្នារូបនេះ បានបង្ហាញមុខនៅក្នុងសន្និសីតសារព័ត៌មានផ្លូវការនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ក្នុងការទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល។          បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានមកដល់ទឹកដីប្រេស៊ីលបន្ទាប់ពីចំណាយពេលបួនឆ្នាំដឹកនាំ Real Madrid។          Carlo Ancelotti បានចំណាយពេលបួនឆ្នាំដឹកនាំក្រុមអេស្ប៉ាញ Real Madrid និងឈ្នះជើងឯក​ Champions League បីលើក La Liga ពីរលើកនៃការដឹកនាំ Real Madrid ពីរដង។          មុនដឹកនាំ Real Madrid លោក Ancelotti មានអាជីពជោគជ័យនៅអ៊ីតាលីដែលរួមមានដឹកនាំ AC Milan ឈ្នះជើងឯក Champions League ពីរលើក មុនពេលដឹកនាំ Chelsea ឈ្នះជើងឯក Premier League និង FA Cup ក៏ដូចជាដឹកនាំ Bayern Munich និង​ Paris Saint Germain ឈ្នះជើងឯកលីគផងដែរ។          ដោយឡែកការមកកាន់តំណែងដឹកនាំក្រុមប្រេស៊ីលនៅពេលនេះ គឺជាទំព័រថ្មីសម្រាប់បុរសសញ្ជាតិអ៊ីតាលីរូបនេះ ដែលពុំធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិឡើយពីមុនមក។          និយាយទៅកាន់អ្នកសារព័ត៌មានលោក Carlo Ancelotti ឱ្យដឹងថា កិច្ចការចំពោះមុខគឺជាការងារដ៏លំបាកបំផុតក្នុងអាជីព តែវាជាការប្រកួតប្រជែងថ្មីមួយ ហើយលោកពិតជាមានមោទនភាពដែលទទួលបានសេចក្តីទុកចិត្តឱ្យដឹកនាំក្រុមជើងឯកពិភពលោកប្រាំសម័យ។          ការងាររបស់លោក Ancelotti នៅពេលនេះគឺគោលដៅរបស់ប្រេស៊ីលចង់ឈ្នះជើងឯក World Cup ដែលខកខានតាំងពីឆ្នាំ​ ២០០២ ដែលឈ្នះចុងក្រោយនៅកូរ៉េ-ជប៉ុន។          ការងារដំបូងរបស់លោក Ancelotti គឺដឹកនាំប្រេស៊ីលប្រកួតជម្រុះ World Cup ពីរប្រកួតដែលរួមមានជួបអេក្វាដ័រ និងប៉ារ៉ាហ្កាយ ខណៈដែលប្រេស៊ីលកំពុងឈរលេខបួនក្នុងតារាងជម្រុះតំបន់អាមេរិកខាងត្បូង៕អត្ថបទ៖នាង សុភាវុធ

អតីតអ្នកចាត់ការ Manchester United, Erik ten Hag ត្រូវតែងតាំងដឹកនាំ Leverkusen

2025/05/27 10:20:40 pm        527
អតីតអ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមបាល់ទាត់អាល្លឺម៉ង់ Bayer Leverkusen ជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំ។          នេះជាការងារដំបូងរបស់បុរសវ័យ ៥៥ ឆ្នាំរូបនេះ បន្ទាប់ពីចាកចេញពី Manchester United នៅខែតុលាឆ្នាំមុន។          រយៈពេលពីរឆ្នាំនៅ Old Trafford បុរសសញ្ជាតិហូឡង់រូបនេះបានដឹកនាំក្រុមឈ្នះជើងឯក Carabao Cup និង FA Cup តែក្រោយមកក៏ត្រូវដកតំណែងកាលពីដើមរដូវកាលនៅពេល Manchester United ធ្លាក់ដល់លេខ ១៤ នៅ Premier League។          Erik ten Hag ធ្លាប់មានអាជីពជោគជ័យនៅពេលដឹកនាំក្លិបហូឡង់ Ajax Amsterdam។          ការមកដល់របស់ Erik ten Hag ស្របពេលដែល Xabi Alonso ចាកចេញទៅកាន់ Real Madrid ផងដែរ។          Leverkusen បានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ២ ពីក្រោម Bayern Munich ១៣ ពិន្ទុ៕អត្ថបទ៖នាង សុភាវុធ

Lando Norris ឈ្នះការប្រណាំង F1 នៅ Monaco កាត់បន្ថយការនាំមុខរបស់ Oscar Piastri ក្នុងតារាងជើងឯក

2025/05/26 11:56:06 pm        474
កីឡាករប្រណាំងរថយន្តអង់គ្លេស Lando Norris បានប្រជែងឈ្នះការប្រណាំង Formula One នៅ Monaco ជាលើកដំបូង ក្រោយនាំមុខតាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ។         ការប្រកួតនៅ Monaco ឆ្នាំនេះ F1 បានកំណត់ឱ្យរថយន្តទាំងអស់ប្រើប្រាស់ប្រភេទកង់ចំនួនបីផ្សេងគ្នា និងតម្រូវឱ្យចូល Pit-Stop ពីរលើក។          Lando Norris ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ និងបានចេញដំណើរនៅពីមុខកីឡាករម្ចាស់ស្រុក Charles Leclerc ដែលជាអ្នកឈ្នះឆ្នាំមុន។          មិនមានការប្រែប្រួលច្រើនឡើយពីការប្រណាំងយកទីចេញដំណើរ និងលទ្ធផលចុងក្រោយនៃ Grand Prix ដោយ Monaco ជាទីតាំងប្រណាំងដែលមានផ្លូវចង្អៀតបំផុត ពិបាកក្នុងការវ៉ាជែងពោលគឺ Lando Norris អ្នកឈ្នះ តាមពីក្រោយប្រកៀកប្រកិតដោយ Charles Leclerc និងលេខបី Oscar Piastri។          តាមរយៈលទ្ធផលនេះ Lando Norris បានកាត់បន្ថយការនាំមុខរបស់មិត្តរួមក្រុម McLaren, Oscar Piastri មកត្រឹមបីពិន្ទុប៉ុណ្ណោះ ខណៈជើងឯកបួនសម័យ Max Verstappen បន្តឈរលេខបីតាមពីក្រោយ ២៥ ពិន្ទុ។          F1 នឹងបន្តដំណើរទៅទឹកដីអេស្ប៉ាញចុងសប្តាហ៍នេះ ដែលជាទីលានទី ៩ រដូវកាលនេះ៕អត្ថបទ៖នាង សុភាវុធ

Liverpool បិទបញ្ចប់រដូវកាល និងលើកពាន Premier League នៅ Anfield

2025/05/26 10:49:59 pm        366
ក្រុមហង្សក្រហម Liverpool បានបិទបញ្ចប់រដូវកាល English Premier League របស់ខ្លួនក្នុងនាមជាជើងឯក និងអបអរលើកពានលីគកំពូលអង់គ្លេសនៅកីឡដ្ឋាន Anfield របស់ខ្លួនក្រោយការប្រកួតចុងក្រោយស្មើនឹងក្រុមភ្ញៀវ Crystal Palace ១-១។          នេះជាជើងឯក Premier League លើកទីពីរសម្រាប់ Liverpool រាប់ពីឆ្នាំ ២០២០ តែជាលើកដំបូងរាប់ពីឆ្នាំ ១៩៩០ ដែល Liverpool លើកពាននៅកីឡដ្ឋាន Anfield របស់ខ្លួន។          ខណៈដែលជើងឯកដឹងតាំងពីនៅសល់បួនប្រកួត ការប្រកួតនៅថ្ងៃអាទិត្យមិនមានភាពតានតឹងឡើយ ខណៈក្រុមទាំងពីរសុទ្ធតែជាក្រុមជើងឯក ពោលគឺ Crystal Palace បិទបញ្ចប់រដូវកាលរបស់ខ្លួនក្នុងនាមជើងឯក FA Cup ផងដែរ ក្រោយយកឈ្នះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ។          ក្រោយចប់ការប្រកួតខ្សែប្រយុទ្ធអេស៊ីប Mohamed Salah ក៏បានទទួលជ័យលាភីស្បែកជើងមាសផងដែរក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះសរុប ២៩ គ្រាប់។          ប្រកួតចុងក្រោយនេះដែរ អ្នកគាំទ្រមួយចំនួនក៏បានស្រែកសម្លេងមិនពេញចិត្តទៅលើខ្សែការពារ Trent Alexander-Arnold ផងដែរ ដែលនឹងចាកចេញទៅកាន់ Real Madrid។          សរុបចំណាត់ថ្នាក់ចុងក្រោយរបស់ Premier League រដូវកាលនេះប្រាំក្រុមទទួលបានកៅអីរួមមាន Liverpool ជាជើងឯក Arsenal លេខពីរ Manchester City លេខបី Chelsea លេខបួន និង Newcastle លេខប្រាំ។          Aston Villa ខកខានកៅអី Champions League ក្រោយចាញ់ Manchester United ប្រកួតចុងក្រោយ ខណៈ Newcastle មានសំណាងទោះចាញ់ Everton ថ្ងៃចុងក្រោយ។          Tottenham Hotspur ជាក្រុមអង់គ្លេសទី ៦ ដែលមានកៅអី Champions League ក្នុងនាមជាក្រុមជើងឯក Europa League៕អត្ថបទ៖នាង សុភាវុធ

Djokovic អបអរខួប ៣៨ ឆ្នាំជាមួយនឹងជ័យជំនះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Geneva Open

2025/05/23 10:55:02 pm        692
ម្ចាស់ជើងឯក Grand Slam ២៤ លើក Novak Djokovic បានអបអរខួបកំណើតឈានចូលវ័យ ៣៨ ឆ្នាំរបស់ខ្លួនជាមួយនឹងជ័យជំនះ Matteo Arnaldi ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Geneva Open នៅប្រទេសស្វ៊ីស។          នេះជាការសងសឹកបានសម្រេចសម្រាប់ Djokovic ដែលធ្លាប់ចាញ់កីឡាករអ៊ីតាលីរូបនេះកាលពីខែមេសាកន្លងទៅជុំទីបួន Madrid Open។          Novak Djokovic បានយកឈ្នះ Matteo Arnaldi ដោយលទ្ធផលពីរសិតផ្ទួនៗ ៦-៤ និង ៦-៤ បន្តដំណើរត្រៀមលក្ខណៈដ៏ល្អរបស់ខ្លួនសម្រាប់ Grand Slam, French Open។         ជុំបួននាក់ចុងក្រោយ Djokovic នឹងត្រូវជួបជាមួយកីឡាករអង់គ្លេស Cameron Norrie ដែលវាយបកយកឈ្នះកីឡាករអូស្រ្តាលី Alexei Popyrin។          ក្រោយចប់ការប្រកួត Novak Djokovic ក៏ទទួលបាននំខួបកំណើតផងដែរ ក្នុងការអបអរខួបឈានចូលវ័យ ៣៨ ឆ្នាំរបស់ខ្លួន។          ព្រឹត្តិការណ៍ Grand Slam, French Open នឹងចាប់ផ្តើមថ្ងៃអាទិត្យនេះ ខណៈដែល Novak Djokovic ប៉ុនប៉ងចង់ឈ្នះដើម្បីបំបែកកំណត់ត្រាកីឡាករឈ្នះជើងឯក Grand Slam ច្រើនបំផុត៕អត្ថបទ៖នាង សុភាវុធ

Raphinha បន្តកិច្ចសន្យាថ្មីដល់ឆ្នាំ ២០២៨ និងចង់ចូលនិវត្តន៍ជាមួយ Barcelona

2025/05/23 10:34:36 pm        558
ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Raphinha បាននិយាយថា ក្តីសុបិន្តរបស់គេគឺនឹងនៅជាមួយ Barcelona ដល់ចុងក្រោយនៃអាជីពកីឡាករ។ ការលើកឡើងបែបនេះគឺបន្ទាប់ពីចុះហត្ថលេខាកិច្ចសន្យាថ្មីជាមួយ Barcelona ដែលមានសុពលភាពដល់ឆ្នាំ ២០២៨។         កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៣៤ គ្រាប់ ប៉ះបញ្ជូន ២៥ ក្នុងការបង្ហាញខ្លួន ៥៦ ប្រកួតជាមួយ Barcelona រដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការ Hansi Flick ឈ្នះជើងឯកក្នុងស្រុកទាំងអស់រួមមាន La Liga, Copa del Rey និង Spanish Super Cup។          Raphinha បានផ្លាស់មកកាន់ Barcelona កាលពីឆ្នាំ ២០២២ ផ្ទេរពី Leeds United ក្នុងតម្លៃ ៥៥ លានផោន។          បន្ទាប់ពីស៊ុតបញ្ចូលទីបានត្រឹម ១៣ គ្រាប់ក្នុងពីររដូវ​កាលដំបូងនៅ Barcelona, Raphinha ធ្លាប់ធ្លាក់ក្នុងបញ្ជីលក់ចេញ ស្របពេលក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ។          តែរដូវកាល ២០២៤-២៥ នេះ ជាការស្តារកិត្តិយសឡើងវិញគួរកត់សំគាល់ ក្រោយស៊ុតបញ្ចូលទី ១៨ គ្រាប់នៅ La Liga។          Raphinha ក៏រកបាន ១៣ គ្រាប់ផ្សេងទៀតនៅ Champions League និងប៉ះប៉ញ្ជូន ៩ នាំក្រុមឡើងដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។          Barcelona នឹងបិទបញ្ចប់រដូវកាល La Liga របស់ខ្លួនក្នុងនាមជាជើងឯកដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Athletic Bilbao នៅថ្ងៃសៅរ៍នេះ៕អត្ថបទ៖នាង សុភាវុធ

Luka Modric នឹងចាកចេញពី Real Madrid ក្រោយចប់ Club World Cup

2025/05/23 10:14:32 pm        665
ប្រធានក្រុម Real Madrid, Luka Modric បានបញ្ជាក់ថា នឹងចាកចេញពីក្លិបយក្សអេស្ប៉ាញក្រោយចប់ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup រដូវក្តៅខាងមុខនេះ។          ខ្សែបម្រើវ័យ ៣៩ ឆ្នាំក្រូអាស៊ីរូបនេះ ជាម្ចាស់ជ័យលាភី Ballon d’Or នៅឆ្នាំ ២០១៨ នឹងបង្ហាញខ្លួនចុងក្រោយ នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃសៅរ៍នេះនៅពេល Real Madrid បើកទ្វារផ្ទះស្វាគមន៍ Real Sociedad បិទបញ្ចប់រដូវកាល La Liga។         “ពេលវេលាបានមកដល់ហើយ ពេលវេលាដែលមិនចង់ឱ្យមកដល់ តែនេះគឺបាល់ទាត់ និងជីវិតរស់នៅ មានការចាប់ផ្តើម ក៏មានទីបញ្ចប់” នេះជាសំនេររបស់ Modric នៅបណ្តាញសង្គម Instagram បញ្ជាក់ពីការចាកចេញរបស់ខ្លួន។          មកដល់ Real Madrid នៅឆ្នាំ ២០១២ ក្នុងតម្លៃផ្ទេរប្រមាណ ៣០ លានផោនពីក្លិបអង់គ្លេស Tottenham Hotspur, Luka Modric បានក្លាយជាសមាជិកសំខាន់បាត់ទៅហើយសម្រាប់ Real Madrid ដែលរួមមានការឈ្នះជើងឯកសរុប ២៨ ពានសំខាន់ៗ បូករួមទាំង Champions League ៦ លើក និង La Liga ៤ លើក FIFA Club World Cup ៦ លើក  European Super Cup ៥ លើក Copa del Rey ២ លើក និង Spanish Super Cup ៥ លើកក្នុងរយៈពេល ១៣ រដូវកាល។         Luka Modrid នឹងចាកចេញពី Real Madrid ក្នុងនាមជាកីឡាករដែលមានកិត្តិនាមអស្ចារ្យម្នាក់តាមរយៈសមិទ្ធផលរបស់ខ្លួនដែលបានបង្ហាញខ្លួនសរុប ៥៩០ ប្រកួត ស៊ុតបញ្ចូលទី ៤៣​ គ្រាប់ និងប៉ះបញ្ជូន ៩៥។          Modrid បច្ចុប្បន្នឈរលេខបីក្នុងតារាងកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតនៅ La Liga តាមពីក្រោយ Oscar de Marcos របស់ Athletic Bilbao និង Koke របស់ Atletico Madrid។          Real Madrid នឹងចាប់ផ្តើម Club World Cup ដោយត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Hilal មុនបន្តជួបក្លិបម៉ិកស៊ិក Pachuca និងក្លិបអូទ្រីស RB Salzburg៕អត្ថបទ៖នាង សុភាវុធ

កីឡាករហូឡង់ Olav Kooij ឈ្នះដំណាក់កាលទី ១២ ប្រណាំងកង់ grand Tour, Giro d’Italia

2025/05/23 09:47:49 pm        609
កីឡាករប្រណាំងកង់ហូឡង់ Olav Koiij បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ខណៈដែលកីឡាករម៉ិកស៊ិក Isaac del Toro បន្តដឹកនាំតារាងវេលារួម។          ដំណាក់កាលទី ១២ ដែលមានចំងាយផ្លូវ ១៧២ គីឡូម៉ែត្រចេញពី Modena ទៅ Viadana ភាគខាងជើងប្រទេសអ៊ីតាលី Olav Kooij ដែលជិះឱ្យក្រុម Visma-Lease a Bike ប្រើពេល ៣ ម៉ោង ៥៥ នាទី ៤០ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ ពោលគឺវ៉ាគូប្រជែងនៅចំណុចចុងក្រោយគឺមិត្តរួមជាតិហូឡង់ Casper van Uden ដែលទទួលបាន ចំណាត់ថ្នាក់លេខពីរ និងលេខបីបានទៅកីឡាករអង់គ្លេស Ben Turner។          ក្រោយ ១២ ដំណាក់កាលនេះ កីឡាករម៉ិកស៊ិក Isaac del Toro ជិះឱ្យក្រុម UAE Team Emirate នៅតែបន្តនាំមុខគេក្នុងតារាងរួមជាមួយនឹងថេរវេលាសរុប ៣៨ ម៉ោង ៤៧ នាទី ១ វិនាទី តាមពីក្រោយ ៣៣ វិនាទីដោយកីឡាករអេស្ប៉ាញ Juan Ayuso និងលេខបីកីឡាករម្ចាស់ផ្ទះអ៊ីតាលី Antonio Tiberi យឺតជាង ១ នាទី ៩ វិនាទី។          សម្រាប់ដំណាក់កាលទី ១៣ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៨០ គីឡូម៉ែត្រចេញពី Rovigo ទៅ Vicenza ភាគខាងជើងប្រទេសអ៊ីតាលី៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM