គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

លោក Pep Munoz នឹងចាកចេញពីព្រះខ័នរាជស្វាយរៀង ក្រោយបញ្ចប់ពានសម្ដេច

2025/05/20 02:13:12 pm        308
យោងសេចក្តីប្រកាសរបស់ក្លឹបនៅព្រឹកនេះបញ្ជាក់ថា នៅចុងបញ្ចប់នៃរដូវកាលនេះ លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង។ក្រោមការដឹកនាំរបស់លោក ក្លឹបបានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស។ក្លឹបបន្តថាគ្រប់គ្នានៅព្រះខ័នរាជស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Pep សម្រាប់ការចូលរួមដឹកនាំ រៀបចំដ៏បុិនប្រសប់ ហើយសូមជូនពរឱ្យទទួលបានជោគជ័យក្នុងជំហានបន្ទាប់នៃអាជីពគ្រូបង្វឹក។ លោក Pep នឹងទទួលបន្ទុកដឹកនាំការប្រកួតចុងក្រោយសម្រាប់ក្លឹបក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅអាទិត្យចុងសប្តាហ៍នេះ ដូច្នេះសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នា ចូលរួមទស្សនាអោយបានច្រើនកុះករ និងបង្ហាញក្តីស្រលាញ់រាប់អានរបស់យើងទាំងអស់គ្នាទៅកាន់ Pep​ ។ សូមរំលឹកថាក្រោមការដឹកនាំរបស់លោក Pep Munoz ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលពីររដូវកាលជាប់គ្នា (២០២៣/២០២៤ និង២០២៤/២០២៥) ពាន Cambodian Premier League Super Cup ២០២៤/២០២៥ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន២០២៣/២០២៤ ជើងឯករងពានរង្វាន់ក្លឹបអាស៊ីលំដាប់ទី៣(AFC Challenge League )២០២៤/២០២៥ បញ្ចប់ចំណាត់ថ្នាក់លេខ៣ក្នុងពូលនៃពានរង្វាន់ក្លឹបកំពូលអាស៊ាន២០២៤/២០២៥(Shopee Cup) និងជួយក្លឹបឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្តេចតេជោ២០២៤/២០២៥ដែលត្រូវប្រកួតជាមួយភ្នំពេញក្រោន ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

នាំមុខដាច់ ៩ ពិន្ទុកាលពីខែមុនទីបំផុត Ajax ពិតជាបាត់បង់ពានលីគកំពូលហូឡង់ទៅ PSV

2025/05/19 10:01:48 pm        247
ប្រាំមួយសប្តាហ៍មុន ពានលីគកំពូលហូឡង់ Eredivisie ត្រូវបានគេនិយាយតៗគ្នាថានឹងជារបស់ Ajax ដែលនឹងជាពានទី ៣៧ ជាក្លិបឈ្នះជើងឯកលីគហូឡង់ច្រើនជាងគេ។         Ajax លើកពានចុងក្រោយបំផុតនៅរដូវកាល ២០២១-២២ តែជ័យជំនះលើ PSV ២-០ កាលពីថ្ងៃទី ៣០ ខែមីនាកន្លងទៅធ្វើឱ្យពួកគេនាំមុខដាច់ ៩ ពិន្ទុទៅហើយពី PSV ដែលធ្វើឱ្យគ្រប់គ្នាគិតថាជើងឯកនឹងរបស់ Ajax។         ប្រធានក្រុម PSV, Luuk de Jong ធ្លាប់បាននិយាយនៅពេលនោះថា ស្របពេលដែលលីគនៅសល់ ៧ ប្រកួតទៀត PSV ត្រូវផ្តោតអារម្មណ៍ធ្វើយ៉ាងណារក្សាតំណែងលេខពីរឱ្យជាប់ដើម្បីឱកាសលេង Champions League រដូវកាលក្រោយ។          ផ្ទុយទៅវិញ រឿងអ្វីក៏អាចកើតឡើងនៅក្នុងពិភពបាល់ទាត់ អ្នកគាំទ្រ PSV បានចាប់ផ្តើមអបអរទៅហើយនៅពេលពួកគេយកឈ្នះ Heracles ៤-១ កាលពីពាក់កណ្តាលសប្តាហ៍ ខណៈ Ajax ស្មើ Groningen ដោយគ្រាប់បាល់នាទីទី ៩០+៩ ធ្វើឱ្យ PSV ឡើងមកនាំមុខមួយពិន្ទុវិញមុនឈានដល់សប្តាហ៍ចុងក្រោយនេះ។          សប្តាហ៍ចុងក្រោយ PSV បានយកឈ្នះនៅទឹកដី Sparta Rotterdam ៣-១ ខណៈដែល Ajax ឈ្នះ Twente ២-០ ជើងឯកបានទៅ PSV ពីររដូ​វកាលជាប់គ្នា។          PSV រកបានជ័យជំនះជាប់រហូតតាំងពីចាញ់ Ajax ស្របពេលដែល Ajax បាត់បង់ ១០ ពិន្ទុពីការប្រកួតបួនលើកចុងក្រោយ៕អត្ថបទ៖នាង សុភាវុធ

Carlos Alcaraz ឈ្នះ Jannik Sinner គ្រងជើងឯក Italian Open ខណៈផ្នែកនារីបានទៅ Jasmine Paolini

2025/05/19 09:52:03 pm        164
កីឡាករវាយកូនបាល់អេស្ប៉ាញ Carlos Alcaraz បានបញ្ចប់ដំណើរឈ្នះ ២៦ ប្រកួតជាប់គ្នារបស់កីឡាករលេខមួយពិភពលោក Jannik Sinner ជាមួយនឹងជ័យជំនះពីរសិតផ្ទួនៗ ៧-៦(៧-៥) និង ៦-១ ដើម្បីគ្រងជើងឯកកម្មវិធី Italian Open។          Jannik Sinner នេះជាការចូលរួមប្រកួតកម្មវិធីដំបូងតាំងបីត្រូវបានពិន័យបីខែក្រោមការចោទប្រកាសថាបានប្រើប្រាស់សារធាតុហាមឃាត់ ហើយក៏សង្ឃឹមថានឹងជាក្លាយជាកីឡាករម្ចាស់ផ្ទះអ៊ីតាលីដំបូងដែលឈ្នះជើងឯក Italian Open តាំងពីឆ្នាំ ១៩៧៦ ដែលឈ្នះដោយ Adriano Panatta។         តែបន្ទាប់ពីការប្រកួតតានតឹងសិតទីមួយដែល Alcaraz ឈ្នះដោយ Tiebreak សិតទីពីរម្ចាស់ជើងឯក Grand Slam បួនលើក Alcaraz មានកម្រិតខ្ពស់ជាងដាច់ឆ្ងាយពី Sinner ជាមួយនឹងជ័យជំនះ ៦-១។          នេះជាជ័យជំនះពីរប្រកួតជាប់គ្នាសម្រាប់ Alcaraz លើ Sinner បន្ទាប់ពីកីឡាករអេស្ប៉ាញធ្លាប់ឈ្នះចុងក្រោយបំផុតនៅខែតុលាឆ្នាំមុនលើកពាន China Open។          ងាកមកផ្នែកនារីវិញ កីឡាការិនីម្ចាស់ផ្ទះអ៊ីតាលី​ Jasmine Paolini បានបញ្ចប់ការទន្ទឹងរង់ចាំ ៤០ ឆ្នាំក្លាយជាកីឡាការិនីម្ចាស់ផ្ទះអ៊ីតាលីដំបូងឈ្នះជើងឯក Italian Open តាំងពី Raffaella Reggi ដែលធ្វើបាននៅឆ្នាំ ១៩៨៥។          Paolini ដែលជាជើងឯករង French Open និង Wimbledon ឆ្នាំមុនបានយកឈ្នះកីឡាការិនីអាមេរិក Coco Gauff ពីរសិតផ្ទួនៗ ៦-៤ និង ៦-២ ប្រើពេលមួយម៉ោង ២៩ នាទី។          Jasmine Paolini ក៏បានក្លាយជាកីឡាការិនីអ៊ីតាលីទីបួនប៉ុណ្ណោះដែលឈ្នះជើងឯក Italian Open នេះ រាប់តាំងពីការបង្កើតឡើងពាននេះដំបូងនៅឆ្នាំ ១៩៣០៕អត្ថបទ៖នាង សុភាវុធ

Crystal Palace ឈ្នះ Manchester City វគ្គផ្តាច់ព្រ័ត្រគ្រងជើងឯក FA Cup លើកដំបូង

2025/05/19 07:36:35 pm        223
ក្លិបបាល់ទាត់ Crystal Palace ដណ្តើមបានជើងឯកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លិបក្រោយយកឈ្នះ Manchester City លើកពាន FA Cup ចុងសប្តាហ៍កន្លងទៅ។          គ្រាប់បាល់ជ័យជំនះមួយគ្រាប់គត់របស់កីឡាករអង់គ្លេស Eberechi Eze នៅវគ្គទីមួយ គ្រប់គ្រាន់ល្មមសម្រាប់ Crystal Palace ឈ្នះជើងឯក បន្ទាប់ពីអ្នកចាំទី Dean Henderson បំពេញតួនាទីបានយ៉ាងអស្ចារ្យផងដែរ។          ក្រុមរបស់លោក Pep Guardiola មានឱកាសច្រើនក្នុងការរកគ្រាប់បាល់តែមិនមានសំណាង ខណៈដែលគ្រាប់បាល់ ១១ ម៉ែត្ររបស់ Omar Marmoush ត្រូវបានសង្គ្រោះបានដោយអ្នកចាំទី Dean Henderson។         ក្រុមជើងឯក ៧ សម័យ Manchester City មានតែការសោកស្តាយចំពោះឱកាសជាច្រើននៅវគ្គទីពីរ ហើយ Crystal Palace ក៏មានឱកាសរកបានគ្រាប់ទីពីរចុងម៉ោង តែលុបចោលដោយ VAR។         Crystal Palace ក្រោមការដឹកនាំរបស់អ្នកចាត់ការ Oliver Glasner បានទទួលរងការរិះគន់ខ្លាំងពីអ្នកគាំទ្រខណៈក្លិបមានរដូវកាលអាក្រក់បំផុតតាំងពីឆ្នាំ ១៩៩៣ នៅ Premier League នៅពេលចាប់ផ្តើមរដូវកាល ៨ ប្រកួតដំបូងមិនឈ្នះសោះ មុនពេលយកឈ្នះ Spurs ប្រកួតទី ៩។          ជ័យជំនះនេះ បានលុបចោលពពកខ្មៅរបស់ Crystal Palace ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអូទ្រីស ខណៈតំណែងអ្នកចាត់ការអាចនឹងរក្សាបានមួយរដូវកាលទៀត។          ងាកមក Manchester City ក៏មានរដូវកាលដ៏អាក្រក់របស់ខ្លួនដែរតាំងពី Pep Guardiola មកដឹកនាំដំបូងនៅរដូវកាល ២០១៦-១៧ ពោលគឺនេះជារដូវកាលដែលពួកគេមិនឈ្នះពានណាមួយសោះលើកដំបូង៕អត្ថបទ៖នាង សុភាវុធ

Max Verstappen ឈ្នះការប្រណាំង F1 នៅអ៊ីតាលីខណៈ Oscar Piastri បន្តនាំមុខក្នុងតារាងជើងឯកពិភពលោក

2025/05/19 06:49:31 pm        159
ជើងឯកប្រណាំង Formula One ពិភពលោកបួនសម័យ Max Verstappen ដណ្តើមបានជ័យជំនះនៅទីលាន Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីក្រោយការវ៉ាជែងនាំមុខតាំងពីជុំដំបូង។          កីឡាករហូឡង់របស់ក្រុម Red Bull រូបនេះ បានចេញដំណើរពីលេខរៀងទីពីរ និងបានវ៉ាផុតអ្នកឈ្នះ Pole Position កីឡាករអូស្រ្តាលី Oscar Piastri នៅចំណុចផ្លូវបត់បែនដំបូង។          Max Verstappen បានរក្សាការនាំមុខជាប់រហូតដាច់ឆ្ងាយ មុនពេលមានការប៉ះទង្គិចលើទីលានតម្រូវឱ្យកីឡាករទាំងអស់បើកបរពីក្រោយរថយន្តសុវត្ថិភាពនៅជិតទីបញ្ចប់នៃការប្រកួត។          Oscar Piastri មានឱកាសកៀកនឹងកន្ទុយរបស់ Verstappen តែអ្នកការពារតំណែងជើងឯកពិភពលោក Verstappen នៅតែរក្សាការនាំមុខ ខណៈដែល Oscar Piastri បាត់បង់តំណែងលេខពីរទៅមិត្តរួមក្រុម Lando Norris ដែលវ៉ាជែងនៅបីជុំចុងក្រោយ។          នេះជាជ័យជំនះទីពីរប៉ុណ្ណោះសម្រាប់ Max Verstappen តែបានកាត់បន្ថយការនាំមុខរបស់ Oscar Piastri ក្នុងតារាងជើងឯកពិភពលោក។          Oscar Piastri នៅពេលនេះមាន ១៤៦ ពិន្ទុតាមពីក្រោយដោយមិត្តរួមក្រុម McLaren, Lando Norris មាន ១៣៣ ពិន្ទុ និងលេខបី Max Verstappen មាន ១២៤ ពិន្ទុ។          Lewis Hamilton ដែលចេញដំណើរលេខរៀងទី ១២ បានបញ្ចប់ទីនៅចំណាត់ថ្នាក់លេខបួន តែបានត្រឹមឈរលេខ ៦ ក្នុងតារាងជើងឯកតាមពីក្រោយ Charles Leclerc និង George Russell។          ទីលានបន្ទាប់ Formula One នឹងបន្តដំណើរទៅ Monaco ចុងសប្តាហ៍នេះ៕អត្ថបទ៖នាង​ សុភាវុធ

នាំមុខដាច់ ៩ ពិន្ទុនៅខែមុនពេលនេះ Ajax ប្រឈមបាត់បង់ជើងឯកលីគកំពូលហូឡង់

2025/05/15 08:53:32 pm        176
ក្រុមបាល់ទាត់ Ajax Amsterdam នៅពេលនេះបានបាត់បង់តំណែងកំពូលតារាងទៅ PSV Eindhoven ហើយ ក្រោយស្មើនៅទឹកដី Groningen ២-២។          Ajax ដែលមានប្រធានក្រុម ខ្សែបម្រើអង់គ្លេស Jordan Henderson បាននាំមុខដាច់ ៩ ពិន្ទុគិតត្រឹមពាក់កណ្តាលខែមេសាកន្លងទៅខណៈនៅសល់ប្រាំប្រកួតទៀតចប់រដូវកាលគិតពីពេលនោះ។          មានន័យថា Ajax ត្រូវការត្រឹម ៦ ពិន្ទុប៉ុណ្ណោះពីការប្រកួតប្រាំលើកចុងក្រោយដើម្បីគ្រងជើងឯកលើកទី ៣៧។         តែបរាជ័យធ្ងន់ពីរប្រកួត ស្មើពីរប្រកួតចុងក្រោយ ធ្វើឱ្យ PSV ដែលយកឈ្នះ Heracles ៤-១ យប់មិញ បានឡើងឈរកំពូលតារាងនាំមុខមួយពិន្ទុវិញ មុនឈានដល់សប្តាហ៍ចុងក្រោយថ្ងៃអាទិត្យនេះ។          Ajax រកបានគ្រាប់នាំមុខដោយ Anton Gaaei នៅវគ្គទីមួយមុនពេលម្ចាស់ផ្ទះ Groningen តាមស្មើវិញដោយ Thom van Bergen នាទីទី ៥២។          Ajax ក៏នាំមុខសារជាថ្មីនៅនាទីទី ៦៨ ដោយ Wout Weghorstខណៈក្រុមទាំងពីរបន្តដំណើរដល់នាទីទី ៩០ Groningen បាត់បង់កីឡាករម្នាក់នៅពេល Luciano Valente ត្រូវបានបណ្តេញចេញ។          គ្នាច្រើនជាង និងកំពុងនាំមុខ Ajax គួរតែទទួលបានបីពិន្ទុពីការប្រកួតនេះទៅហើយ តែម៉ោងបន្ថែមបង្គ្រប់ដល់នាទីទី ៩០+៩ ទៅហើយ Thijmem Blokzijl គឺជាអ្នកតាមស្មើឱ្យ Groningen ហើយការប្រកួតក៏បញ្ចប់ដោយលទ្ធផល ២-២ នេះ។         លទ្ធផលបែបនេះធ្វើឱ្យ Ajax ធ្លាក់មកលេខពីរតាមពីក្រោយ PSV មួយពិន្ទុវិញ មុនឈានដល់សប្តាហ៍ចុងក្រោយនៃលីគកំពូលហូឡង់ដែល Ajax បើកទ្វារផ្ទះទទួល Twente ខណៈ PSV ទៅទឹកដី Sparta Rotterdam លេងក្នុងម៉ោងដំណាលគ្នា៕អត្ថបទ៖នាង សុភាវុធ

Sampdoria ធ្លាក់ទៅកាន់ក្របខណ្ឌទីបីអ៊ីតាលី Serie C លើកដំបូងក្នុងរយៈពេល ៧៨ ឆ្នាំ

2025/05/14 08:34:23 pm        154
ប្រភព៖ BBC រូបភាព៖ Soccer Sampdoria Serie C       ក្លិបបាល់ទាត់ Sampdoria បានធ្លាក់ទៅកាន់ក្របខណ្ឌទីបីអ៊ីតាលី Serie C ជាលើកដំបូងក្នុងរយៈពេល ៧៨ ឆ្នាំនៃដើមកំណើតក្លិប បន្ទាប់ពីរដូវកាលដ៏អាក្រក់ផ្លាស់ប្តូរគ្រូបង្គោលច្រើននាក់។         ក្លិបដែលមានមូលដ្ឋាននៅ Genoa បានលេងស្មើ ០-០ នៅទឹកដី Juve Stabia ប្រកួតចុងក្រោយបិទរដូវកាលក្របខណ្ឌទីពីរ Serie B ឈរលេខ ១៨ ក្នុងចំណោម ២០ ក្រុមចាញ់ក្រុមលេខ ១៧ Salernitana មួយពិន្ទុ។         Sampdoria ដែលធ្លាប់ឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A មួយលើកគត់នៅឆ្នាំ ១៩៩១ នោះ បានធ្លាក់ពី Serie A នៅរដូវកាល ២០២២-២៣។         ជ័យលាភី World Cup អ៊ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាអ្នកគ្រូបង្វឹកនៅឆ្នាំ ២០២៣ តែមិនអាចនាំក្រុមឡើងមកកាន់ Serie A វិញក្រោយចាញ់នៅវគ្គ Play-Off។         Andrea Sottil មកជំនួសតំណែង Andrea Pirlo ខែតុលាឆ្នាំ ២០២៤ តែដឹកនាំក្រុមឈ្នះតែបួនប្រកួតគត់ក្នុងចំណោម ១៤ ប្រកួតដំបូង ក៏ត្រូវបានបណ្តេញចេញជំនួសដោយ Leonardo Semplici។         មិនយូរប៉ុន្មាន Sampdoria បានធ្លាក់ដល់តំបន់គ្រោះថ្នាក់ក្រោយចាញ់ Frosinone ក្នុងផ្ទះកាលពីខែមីនា លោក Semplici ក៏ត្រូវបានបណ្តេញចេញទៀត ជំនួសដោយ Alberico Evani ដែលជាគ្រូបង្វឹកទីបួនក្នុងរដូវកាលនេះ។         លោក Evani ចាប់ផ្តើមដឹកនាំក្រុមដោយឈ្នះមួយប្រកួតដំបូង ស្មើបី និងចាញ់មួយប្រកួត មិនគ្រប់គ្រាន់ដើម្បីរក្សា Sampdoria នៅ Serie B បានឡើយ៕អត្ថបទ៖នាង សុភាវុធ

ជម្រើសជាតិនារីកម្ពុជា នឹងប្រកួតមិត្តភាពជាមួយហ្គាំ មុនវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦

2025/05/14 07:18:10 pm        370
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិហ្គាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃអង្គារ៍កន្លងទៅ។ នេះគឺជាការប្រកួតមិត្តភាពក្នុងដីលើកដំបូងបំផុតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ស្របពេលក្រុមកីឡាការិនីកម្ពុជា មានភារកិច្ចត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះបាល់ទាត់នារីជើងឯកអាស៊ី AFC Women’s Asian Cup Australia 2026 ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ យ៉ាងណាមិញមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បង្ហាញពីសមាសភាពកីឡាការិនី ដែលត្រូវកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះ ក៏ដូចជាត្រៀមការប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីនៅឡើយទេ។ គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺការប្រកួតជម្រុះពូលG ដែលមានបេក្ខភាព ៤ក្រុម ក្នុងនោះមានក្រុមម្ចាស់ផ្ទះកម្ពុជា ហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត ។ នេះគឺជាសករាជថ្មីមួយ ដែលវិស័យបាល់ទាត់នារីនៅកម្ពុជា មានភាពរីកចម្រើន និងមានសកម្មភាពក្នុងការប្រកួតកម្រិតអន្ដរជាតិ ពិសេសការចូលរួមលើកដំបូងក្នុងវគ្គជម្រុះព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

គ្រូ និងកីឡាករចំបាប់កម្ពុជា ចាត់ទុកការប្រជែងមេដាយជាមួយដៃគូក្រៅតំបន់ ជារឿងល្អត្រៀមស៊ីហ្គេម

2025/05/14 06:47:47 pm        233
អ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា និងកីឡាករ ហេង វុទ្ធី ម្ចាស់មេដាយមាស នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី បានចាត់ទុកការប្រកួតប្រជែងជាមួយអត្តពលិកមកពីក្រៅតំបន់ គឺជារឿងដ៏ល្អមួយសម្រាប់ការត្រៀមលក្ខណៈប្រជែងមេដាយស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥។ ការលើកឡើងនេះ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ Southeast Asian & Invitation Championship 2025 កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ៨គ្រឿង រួមមានមេដាយមាស ១ មេដាយប្រាក់ ៣ និងសំរឹទ្ធ ៤។ គ្រូបង្វឹក និងម្ចាស់មេដាយមាសដដែល បានឲ្យដឹងថា ការប្រកួតនេះ មានអត្តពលិកខ្លាំងៗជាច្រើន ទាំងអាស៊ាន ព្រមទាំងកីឡាករមកពីអូស្ដ្រាលី នូវែលហ្សេឡង់ និងឆាយនីតៃប៉ិជាដើម ដែលធ្វើឲ្យមានភាពស្វិតស្វាញ។ ការណ៍នេះ គឺជារឿងមួយដ៏ល្អ សម្រាប់ក្រុមកីឡាករ-កីឡារិនីកម្ពុជា បានវាស់ស្ទង់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតកម្រិតអន្ដរជាតិ ក្រោយប្រមូលផ្ដុំបាន ១ខែនេះ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ ហើយឯកឧត្តមក៏សង្ឃឹមថា នេះគឺជាការត្រៀមខ្លួនមួយដ៏ល្អ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំនេះដែរ។ គួរដឹងថា កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ចូលរួមប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ដោយបេសកកម្មនេះ ទទួលបានការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងនាយកវិទ្យាស្ថានខេមអេដផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន ៕

Franco Colapinto ឡើងមកជំនួស Jack Doohan នៅក្រុម Alpine F1

2025/05/14 05:45:10 pm        150
កីឡាករប្រណាំងរថយន្តអាហ្សង់ទីន Franco Colapinto នឹងក្លាយជាអ្នកបើកបររបស់ក្រុមប្រណាំង Alpine F1 ជំនួសតំណែងកីឡាករអូស្រ្តាលី Jack Doohan។          ក្រុម Alpine F1 បានប្រកាសនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា Franco Colapinto ដែលជាកីឡាកររបស់ក្រុម Alpine ផ្ទេរពី Williams កាលពីឆ្នាំមុននោះ នឹងចាប់ដៃគូជាមួយកីឡាករបារាំង Pierre Gasly ចាប់ពីការប្រកួតបន្ទាប់នៅ Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីសប្តាហ៍ក្រោយ។          Jack Doohan ដែលជាកីឡាកររបស់ Alpine តាំងពីរដូវកាលមុននៅទីលានចុងក្រោយនោះ រកមិនបានសូម្បីមួយពិន្ទុនៅឡើយសម្រាប់រដូវកាលថ្មី ២០២៥ នេះ។          ការសម្រេចចិត្តរបស់ Alpine ដែលយក Colapinto ជំនួស Doohan ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Miami Grand Prix កន្លងទៅ។          Jack Doohan ដែលកូនប្រុសរបស់អតីតជើងឯកម៉ូតូ GP ពិភពលោកប្រាំសម័យ Mick Doohan ធ្លាប់បាននិយាយថា នឹងព្យាយាមពង្រឹងសមត្ថភាពឱ្យកៀកនឹងមិត្តរួមក្រុម Pierre Gasly តែលទ្ធផលកន្លងមកមិនបានឆ្លើយតបនឹងអ្វីដែលបានសន្យានោះឡើយ។          គិតមកដល់ពេលនេះក្រុម F1 Alpine រកបានត្រឹម ៧ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៦ ទីលានហើយ ៧ ពិន្ទុនោះសុទ្ធតែរកបានដោយ Pierre Gasly ហើយ Alpine ឈរលេខ ៩ ក្នុងចំណោម ១០ ក្រុម៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM