គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

កីឡដ្ឋានល្បីល្បាញរបស់ម៉ិកស៊ិក Azteca នឹងបើកដំណើរការឡើងវិញខែមីនាឆ្នាំក្រោយមុន World Cup

2025/05/08 10:29:52 pm        264
រដ្ឋបាលក្រុម Mexico City បានបញ្ជាក់ថា កីឡដ្ឋានល្បីល្បាញរបស់ម៉ិកស៊ិក Azteca នឹងត្រូវផ្លាស់ឈ្មោះទៅជា Estadio Ciudad de Mexico ហើយនឹងត្រូវបើកដំណើរការឡើងវិញនៅខែមីនាឆ្នាំក្រោយមុន World Cup 2026 ឈានមកដល់។         កីឡដ្ឋាន Azteca ដែលកំពុងស្ថិតក្រោមការជួសជុលកែលំអរ ធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup 1970 និង 1986 នឹងជាកីឡដ្ឋានប្រកួតបើកឆាក World Cup 2026 ឆ្នាំក្រោយនៅថ្ងៃទី ១១ ខែមិថុនា ក៏ដូចជាទទួលការប្រកួតក្នុងពូល ខណៈដែលម៉ិកស៊ិកគឺជាសហម្ចាស់ផ្ទះជាមួយសហរដ្ឋអាមេរិក និងកាណាដា។         ការសាងសង់ជួសជល់កែលំអរ នឹងបញ្ចប់រួចរាល់អំឡុងត្រីមាសទីមួយឆ្នាំ​ ២០២៦ ទាន់ពេលវេលាសម្រាប់ការធ្វើត្រួតពិនិត្យដោយ FIFA។         រាល់ការរៀបចំកែលំអរទាំងអស់គឺត្រូវតម្រូវតាមគោលការស្តង់ដារបស់ FIFA ដែលរួមមានការកែលំអរបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់វេជ្ជសាស្រ្តសង្គ្រោះ ការធ្វើទំនើបកម្មបន្ទប់ VIP ការបន្ថែមកៅអីជាដើម។          មិនមានការបញ្ជាក់អំពីកៅអីសរុបក្រោយការសាងសង់កែលំអរឡើយ។          កសាងឡើងនៅឆ្នាំ ១៩៦៦ កីឡដ្ឋាន Estadio Azteca ថ្វីបើមានកៅអីត្រឹម ៨៧៥២៣ តែឆ្នាំ ១៩៦៨ នៅពេលក្រុមម៉ិកស៊ិក ជួបប្រេស៊ីល នៅ World Cup ឆ្នាំ ១៩៦៨ មានអ្នកចូលទស្សនាដល់ទៅជាង ១១ ម៉ឺននាក់ និងជាង ១៣ ម៉ឺននាក់នៅពេលរៀបចំការប្រកួតប្រដាល់រវាង Julio Cesar Chavez និង Greg Haugen នៅឆ្នាំ ១៩៩៣៕អត្ថបទ៖នាង សុភាវុធ

កូនប្រុស Cristiano Ronaldo ត្រូវកោះហៅចូលក្រុមយុវជនព័រទុយហ្កាល់លើកដំបូង

2025/05/07 09:24:17 pm        684
កូនប្រុសច្បងរបស់ Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមយុវជនអាយុក្រោម ១៥ ជម្រើសជាតិព័រទុយហ្កាល់ជាលើកដំបូង។          Cristiano Ronaldo Jr. បច្ចុប្បន្នវ័យ ១៤ ឆ្នាំ ជាកីឡាករយុវជនរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ជាមួយឪពុករបស់ខ្លួនតាំងពីខែធ្នូ ឆ្នាំ ​២០២២។          ឪពុកដែលជាកីឡាករកំពូលនៅលើលោក បច្ចុប្បន្នវ័យ ៤០ ឆ្នាំ បានបង្ហោះរូបភាពនៅលើបណ្តាញសង្គមជាមួយកូនប្រុស ដោយបានសរសេរចំណងជើងថា ពិតជាមានមោទកភាពលើកូនប្រុសរបស់ខ្លួន។         Ronaldo Jr. នឹងត្រូវចូលរួមជាមួយក្រុមយុវជនព័រទុយហ្កាល់សម្រាប់ការប្រកួតកម្រិតយុវជននៅទឹកដីក្រូអាស៊ីពីថ្ងៃទី ១៣ ដល់ ១៨ ខែឧសភានេះ ដោយព័រទុយហ្កាល់ត្រូវជួបជាមួយ ជប៉ុន ក្រិក និងអង់គ្លេស។          ម្ចាស់ជ័យលាភី Ballon d’Or ៥ លើក Cristiano Ronaldo ដែលជាឪពុកនៅមិនទាន់ចូលនិវត្តន៍ និងនៅលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់នៅឡើយដោយស៊ុតបញ្ចូលទីបាន ១៣៦ គ្រាប់ កាន់កំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិ។          អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះមានកូនប្រាំនាក់ រួមមានបន្ទាប់ពី Ronaldo Jr. គឺ កូនភ្លោះ Eva និង Matteo វ័យ ៧ ឆ្នាំ Alana Martina និង Bella៕អត្ថបទ៖នាង សុភាវុធ

Inter Milan ទម្លាក់ Barcelona ការប្រកួតដែលគ្មានអ្នកណាចង់ឱ្យចប់ ឡើងវគ្គផ្តាច់ព្រ័ត្រ UCL

2025/05/07 09:17:11 pm        498
ក្លឹបបាល់ទាត់ Inter Milan បានកក់វគ្គផ្ដាច់ព្រ័តជើងឯកក្លឹបកំពូលអឺរ៉ុប ២០២៤/២០២៥ UEFA Champion League លើកទីពីរក្នុងរយៈពេលបីរដូវកាលចុងក្រោយ បន្ទាប់ពីជ័យជំនះលើ Barcelona ៤-៣ ក្នុងវគ្គពាក់កណ្ដាលជើងទី២ នៅSan Siro អ៊ីតាលី។         ការប្រកួតដែលល្អមើលគ្មានពេលសម្រាក ការប្រកួតដែលគ្មានអ្នកណាចង់ឱ្យចប់ ក្រុមទាំងពីរមានយុទ្ធសាស្រ្តលេងប្រយុទ្ធដូចគ្នាដើម្បីរកគ្រាប់បាល់ មិនចង់អូសបន្លាយដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី។ ៤៥ នាទីដំបូង Inter Milan នាំមុខពីរគ្រាប់មុនដោយខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez នាទីទី ២១ និងបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Hakan Calhanoglu នាទីទី៤៥+១។ លេងវគ្គទីពីរបាន ១៥ នាទី Barcelona វាយបកបានពីរគ្រាប់វិញដោយកីឡាករ Eric Garcia និង Dani Olmo មុនពេលដែលនាទីទី៨៨ កីឡាករប្រេស៊ីល Raphinha ទាត់បញ្ចូលទីឱ្យក្លិបអ្នកមានបុណ្យ Barcelona នាំមុខវិញលើកដំបូង និងគួរតែជាគ្រាប់បាល់ជ័យជំនះទៅហើយ។ ប៉ុន្តែក្នុងនាទីទី ៩០+៣ ក្រុមម្ចាស់ផ្ទះ Inter Milan ក៏តាមស្មើវិញដោយ Francesco Acerbi ខណៈចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ៣-៣ និងសរុបទាំងពីរជើងស្មើគ្នា ៦-៦ គេចមិនផុតពីម៉ោងបន្ថែម ១៥ នាទីពីរដង។ ជាពេលវេលារបស់ Inter Milan កីឡាករបម្រុង Davide Frasetti គឺជាអ្នកសម្រេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៩៩ នៃម៉ោងបន្ថែមឱ្យ Inter Milan ឈ្នះការប្រកួតជើងទីពីរនេះ ៤-៣ សរុបទាំងពីរជើង ៧-៦។          ជ័យជំនះនេះមានន័យថា Inter Milan បន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រ Champions League លើកទីពីរក្នុងរយៈពេលបីរដូវកាលចុងក្រោយ បន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្រចុងក្រោយឆ្នាំ ២០២៣ ចាញ់ Manchester City។          Inter Milan កំពុងស្វែងជើងឯកអឺរ៉ុបលើកទីបួនរបស់ពួកគេ បន្ទាប់ពីធ្លាប់បីលើកនៅឆ្នាំ ១៩៦៤ ១៩៦៥ និងចុងក្រោយបំផុតនៅឆ្នាំ ២០១០ យកឈ្នះ​ Bayern Munich ក្រោមការដឹកនាំរបស់ Jose Mourinho នៅពេលនោះ។          វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ទីក្រុងមូនីចប្រទេសអាល្លឺម៉ង់ថ្ងៃទី ៣១ ខែឧសភានេះ ខណៈ Inter Milan រង់ចាំអ្នកឈ្នះរវាង Paris Saint Germain រឺ Arsenal ដែលជួបគ្នាជើងទីពីរយប់នេះ៕អត្ថបទ៖នាង សុភាវុធ

ព្រឹទ្ធាចារ្យ ប៉ែន ផាត មានមោទនភាពខ្លាំង និងរំពឹងព្រះខ័នរាជ គ្រងជើងឯក AFC Challenge League 2024/25

2025/05/06 10:40:28 pm        326
ព្រឹទ្ធាចារ្យបាល់ទាត់កម្ពុជា ប៉ែន ផាត បានសម្ដែងនូវមោទនភាពជាខ្លាំង ដែលក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 ដោយត្រូវជួបក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ អតីតកីឡាករជម្រើសជាតិកម្ពុជា កំឡុងទសវត្សរ៍ ៦០ និង ៧០ ដដែលបន្ដថា នេះគឺជាលើកដំបូង ដែលក្លិបបាល់ទាត់របស់កម្ពុជា បានជួបក្លិបបរទេស ក្នុងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទ្វីបអាស៊ី លើទឹកដីកម្ពុជា ។ នេះគឺជាមោទនភាពមួយ ហើយលោកសង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងទទួលបានជ័យជម្នះនៅថ្ងៃទី១០ ខែឧសភា ដ្បិតកីឡាករមានឆន្ទៈខ្ពស់ក្នុងការលេង និងជួយក្លិប ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ។ គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនៅកម្ពុជា រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag នឹងចាប់ផ្ដើមនាម៉ោង ៧យប់ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ស្របពេលសំបុត្រចូលទស្សនាការប្រកួត ត្រូវបានលក់ដាច់យ៉ាងគំហុក បន្ទាប់ពីបើកលក់នៅថ្ងៃទី១ ខែឧសភា ដោយសំបុត្រមួយចំនួនធំ ត្រូវបានលក់អស់ត្រឹមរយៈពេលខ្លី ។ ការប្រកួតនេះ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

Trent-Alexander Arnold ប្រកាសចាកចេញពី Liverpool ក្រោយចប់រដូវកាលតែមិនប្រកាសក្លិបគោលដៅបន្ទាប់

2025/05/06 10:33:50 pm        231
ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការ​ចាក​ចេញ​ពី Liverpool នៅ​ចុង​រដូវ​កាល​នេះ​ ជាដំណឹងដែលជៀសមិនរួចដែលអ្នកគាំទ្របានត្រៀមចិត្តរួចហើយ។ ទោះបីជាទិសដៅបន្ទាប់មិនត្រូវបានលើកឡើងនៅក្នុងវីដេអូលាដ៏រំជួលចិត្តរបស់ខ្លួនក៏ដោយ វាគឺជាអាថ៌កំបាំងបើកចំហដែល Arnold នឹងចូលរួមជាមួយមិត្តរួចជាតិអង់គ្លេស Jude Bellingham នៅ Real Madrid។ Alexander-Arnold សមនឹងទទួលបានកិត្តិយសសម្រាប់ការបញ្ជាក់ពីអនាគតរបស់ខ្លួនពេលនេះ ខណៈកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានធ្វើការសម្រេចចិត្តជាសាធារណៈខណៈនៅសល់ការប្រកួតក្នុងផ្ទះពីរប្រកួត ដែលមានជួប Arsenal និង Crystal Palace ប្រកួតចុងក្រោយដែល Liverpool នឹងលើកពានដើម្បីអបអរការឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសលើកទី ២០។         អនាគតរបស់ Arnold បានចាប់ផ្តើមរង្គោះរង្គើរនៅពេល Real Madrid ដាក់សំណើទិញ ២០ លានផោនកាលពីខែមករា ជាយុទ្ធសាស្រ្តរបស់ក្លិបអេស្ប៉ាញដែលដឹងថាសំណើនេះនឹងត្រូវបដិសេធ តែសាមីខ្លួននឹងត្រៀមសម្រាប់ការចាកចេញស្របពេលដែលកិច្ចសន្យានឹងអស់សុពលភាពនៅដំណាច់រដូវកាល។          មិនខុសពី Jude Bellingham ឡើយ ការទទួលបានសំណើពី Real Madrid បានធ្វើឱ្យសាមីខ្លួននៅមិនសុខ និងបានកំណត់គោលដៅរបស់ខ្លួនរួចជាស្រេចនៅពេលផ្ទេរពី Borussia Dortmund។         រយៈពេល ២០ ឆ្នាំជាមួយក្លិបដែលខ្លួនរួចរស់តាំងពីកុមារភាព Trent-Alexander Arnold បង្ហាញខ្លួនសរុបឱ្យ Liverpool បាន ៣៥២ ប្រកួតតាំងពីចាប់ផ្តើមចូលលេងក្រុមធំនៅឆ្នាំ ២០១៦ ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ ឈ្នះជើងឯក Premier League ដែលខកខាន ៣០ ឆ្នាំនៅរដូវកាល ២០១៩-២០ និងឈ្នះជើងឯក UEFA Champions League បន្ថែមលើពានផ្សេងទៀតរួមមាន FA Cup មួយលើក League Cup ពីរលើក FIFA Club World Cup និង UEFA Super Cup៕អត្ថបទ៖នាង សុភាវុធ

Zhao Xintong ក្លាយជាកីឡាករចិនដំបូងឈ្នះជើងឯកស្នូកឃ័រពិភពលោក

2025/05/06 10:28:34 pm        165
Zhao Xintong បានក្លាយជាកីឡាករចិនដំបូងគ្រងជើងឯកស្នូកឃ័រពិភពលោក តាមរយៈជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រលើជើងឯកបីសម័យ Mark Williams។          កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានយកឈ្នះដោយលទ្ធផល ១៨-១២ ហ្វ្រេម ទោះបីជាមានការវាយបកពីកីឡាករជើងចាស់វែលស៍ Mark Williams ក៏ដោយ។          នេះជាជើងឯកដ៏គួរឱ្យកត់សំគាល់មួយសម្រាប់ Zhao Xintong បន្ទាប់ពីកីឡាករចិនរូបនេះបានទទួលរងការពិន័យ ២០ ខែកាលពីខែមករាឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងរឿងអាស្រូវរៀបចំលទ្ធផលប្រកួត ដែលមានន័យថាការចូលរួមព្រឹត្តិការណ៍ស្នូកឃ័រពិភពលោកលើកនេះ Zhao Xintong ត្រូវបានគេចាត់ទុកថាមិនមែនជាកីឡាករដែលគេគិតថាអាចឈ្នះជើងឯកឡើយ។          Zhao Xintong ដែលមានទីលំនៅក្នុងទឹកដីអង់គ្លេស រឺដើររយៈពេលត្រឹម ១០ នាទីពីកីឡដ្ឋានប្រកួតនេ បាននាំមុខ ១១-៦ ហ្វ្រេមមុនឈានដល់ដំណាក់កាលចុងក្រោយថ្ងៃចន្ទម្សិលមិញ។          ដំណាក់កាលចុងក្រោយ Mark Williams ចាប់ផ្តើមដោយមិនទាន់តដៃបានខណៈ Zhao Xintong បន្តនាំមុខ ១៧-៨ ហ្វ្រេម មុនពេលដែល Williams រកឃើញទម្រង់លេងល្អវិញយកឈ្នះបួនហ្វ្រេមជាប់ៗគ្នាតាមពីក្រោយ ១៧-១២ ហ្វ្រេម។          ត្រូវការត្រឹមមួយហ្វ្រេមទៀតដើម្បីគ្រងជើងឯក ហ្វ្រេមទី ៣០ Zhao Xintong មិនភ្លាត់ឡើយដើម្បីឈ្នះជើងឯកជាប្រវត្តិសាស្រ្តនេះ។          មុនឡើងមកដល់វគ្គនេះ Zhao Xintong បានទម្លាក់ជើងឯក ៧ សម័យ Ronnie O’Sullivan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខណៈ Mark Williams យកឈ្នះ Judd Trump៕អត្ថបទ៖នាង សុភាវុធ

ក្រុមបាល់ទះវិសាខា របូតពាន WSVI នៅកោះតៃវ៉ាន់ ខណៈជើងឯកបានទៅក្រុមថៃ

2025/05/05 11:15:41 pm        251
ក្រុមបាល់ទះវិសាខា របស់កម្ពុជា មិនអាចការពារជើងឯកពានរង្វាន់អន្ដរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់បានឡើយ ដោយទទួលបានត្រឹមលេខ៤ ស្របពេលក្រុមចំណូលថ្មី Nakhon Ratchasima មកពីប្រទេសថៃ បានគ្រងជើងឯក ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Chinese Taipei Men's Volleyball Team for FISU ៣-០ សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងនាមក្រុមជើងឯកឆ្នាំចាស់ សម្រាប់ការប្រកួតក្នុងពូល ប្រកួតដំបូង ក្រុមបាល់ទះតំណាងកម្ពុជានេះ បានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ មុនចាញ់ក្រុម Chinese Taipei Men's Volleyball Team for FISU ៣-១ សិត និងចុងក្រោយ បានយកឈ្នះក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង Hyundai Capital Skywalkers ៣-១ ដើម្បីឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។ ប៉ុន្ដែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ពួកគេធ្វើមិនបានល្អឡើយ ដោយចាញ់ក្រុម Nakhon Ratchasima របស់ថៃ ៣-០ ខកខានឱកាសឡើងទៅការពារជើងឯក គ្រាដែលនៅវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ ពួកគេបានបន្ដចាញ់ក្រុមខ្លាំងកូរ៉េខាងត្បូង Korea Armed Force ៣-០ ទៀត ដែលនាំឲ្យពួកគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ក្នុងបេសកកម្មការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នេះ គ្រាដែលក្រុមម្ចាស់ផ្ទះ Win+Streak ដែលមានកីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពវិញ គឺបានធ្លាក់តាំងពីវគ្គជម្រុះក្នុងពូលមកម្ល៉េះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

ទីបំផុត Harry Kane ឈ្នះពានដំបូងក្នុងអាជីពខណៈ Bayern Munich គ្រប់ពិន្ទុគ្រងជើងឯក Bundesliga

2025/05/05 10:05:27 pm        571
ទីបំផុតខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានបញ្ចប់ការទន្ទឹងរង់ចាំឈ្នះជើងឯកដំបូងក្នុងអាជីពរបស់ខ្លួនហើយ បន្ទាប់ពី Bayern Munich គ្រប់ពិន្ទុគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga។         ប្រធានក្រុមអង់គ្លេសដែលពីរសប្តាហ៍មុនបំបែកកំណត់ត្រាស៊ុតបញ្ចូលទី ៦០​ គ្រាប់ក្នុងការបង្ហាញខ្លួន ៦០ ប្រកួតក្នុងលីគជាមួយ Bayern Munich ក៏ប្រហែលនឹងក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្រ្ត Bundesliga ផងដែរ ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេពីររដូវកាលជាប់គ្នា ក្នុងពីររដូវកាលដំបូងរបស់ខ្លួន។          Bayern Munich ស្មើនៅទឹកដី Leipzig ៣-៣ នៅថ្ងៃសៅរ៍តែ Leverkusen ស្មើនៅទឹកដី Freiburg ២-២ កាលពីថ្ងៃអាទិត្យធ្វើឱ្យ Bayern Munich នាំមុខដាច់ ៨ ពិន្ទុខណៈនៅសល់ត្រឹមពីរប្រកួតទៀតចប់រដូវកាល។ ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់ខ្លួន ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាកីឡាករទីពីរនៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីនៅ Premier League ច្រើនជាងគេ Harry Kane បានឈ្នះពានរង្វាន់ជាឯកត្តជនជាច្រើនរួចមកហើយ នៅឡើយពានរង្វាន់ជាមួយក្រុម។ ទោះជាយ៉ាងណាក៏ដោយ Harry Kane មិនដែលបោះបង់ការខិតខំប្រឹងប្រែង និងព្យាយាមលុបពាក្យថា “បណ្តាសាមិនដែលឈ្នះពានជាមួយក្រុម” ទោះបីមានគ្រាប់បាល់បញ្ចូលទីជាង ៤០០ គ្រាប់រួចមកហើយក្នុងអាជីព។ រំលឹកថា Harry Kane បានចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួនជាមួយ Tottenham Hotspur តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ តែមិនដែលឈ្នះពានជាក្រុមណាមួយឡើយ បានត្រឹមជាជើងឯករង Champions League នៅឆ្នាំ​ ២០១៩ និងជាជើងឯករង Euro ២០២០ និង ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ មកកាន់ Bayern Munich ក្នុងតម្លៃផ្ទេរ ១០០ លានអឺរ៉ូនៅឆ្នាំ ២០២៣ Bayern Munich ដែលតែងតែឈ្នះពាន Bundesliga ជាប់មិនដាច់ច្រើនឆ្នាំមកហើយ ក៏បាត់បង់ពានរដូវកាលមុននៅពេល Kane ផ្លាស់មក ខណៈ Leverkusen ក្តោបយកទាំងអស់ និង Bundesliga រឺ DFB Pokal ដែលធ្វើឱ្យក្រោយមកក៏គេបានហៅ Harry Kane ថាជាប់បណ្តាសា៕          អត្ថបទ៖នាង សុភាវុធ

Al-Ahli ឈ្នះ Kawasaki Frontale គ្រងជើងឯក AFC Champions League Elite លើកដំបូងក្នុងប្រវត្តិសាស្រ្ត

2025/05/05 08:58:09 pm        269
បបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Ahli បានក្លាយជើងឯកនៃការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite លើកដំបូងក្នុងប្រវតិ្តសាស្រ្តក្លិប ក្រោយយកឈ្នះក្រុមជប៉ុន Kawasaki Frontale នៅវគ្គផ្តាច់ព្រ័ត្រ។         ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន King Abdullah Sports City ចុងសប្តាហ៍កន្លងទៅនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al-Ahli រកបានគ្រាប់នាំមុខនៅនាទីទី ៣៥ ដោយខ្សែប្រយុទ្ធស្លាបប្រេស៊ីល Galeno មុនពេលអតីតខ្សែប្រយុទ្ធ AC Milan, Franck Kessie តែតបញ្ចូលទីគ្រាប់ទីពីរ ៧ នាទីបន្ទាប់។         មិនមានគ្រាប់បាល់កើតឡើងទៀតឡើយនៅវគ្គទីពីរ ខណៈ Al-Ahli បញ្ចប់ការប្រកួតជាមួយនឹងជ័យជំនះ ២-០ លើ Kawasaki Frontale។         មុនឡើងមកដល់វគ្គនេះ Al-Ahli បានទម្លាក់ក្រុមរួមលីគ Al-Hilal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Kawasaki Frontale ទម្លាក់ Al-Nassr។         នេះជាជើងឯកក្របខណ្ឌកំពូលអាស៊ីដំបូងសម្រាប់ Al-Ahli ដែលធ្លាប់ត្រឹមឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកបរាជ័យនៅឆ្នាំ ១៩៨៦ និង ២០១២។         Al-Ahli ក៏បានក្លាយជាក្លិបអារ៉ាប៊ីសាអ៊ូឌីតទីបីដែលឈ្នះជើងឯកនេះ បន្ទាប់ពី Al-Ittihad និង Al-Hilal ដែលធ្លាប់ឈ្នះជើងឯកបួនសម័យ៕អត្ថបទ៖នាង សុភាវុធ

កីឡាករអូស្រ្តាលី Oscar Piastri ពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកក្រោយឈ្នះ F1 នៅ Miami

2025/05/05 08:41:15 pm        308
កីឡាករប្រណាំងរថយន្តអូស្រ្តាលី Oscar Piastri បានប្រជែងឈ្នះការប្រណាំង F1 នៅទីក្រុង Miami សហរដ្ឋអាមេរិក ដែលជាជ័យជនះទីបួនក្នុងចំណោម ៦ ទីលានរដូវកាលនេះ។         ជើងឯកពិភពលោកបួនសម័យ Max Verstappen ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ តែការចេញដំណើររបស់កីឡាករហូឡង់រូបនេះត្រដាប់ត្រដួសទោះរក្សាការនាំមុខក៏ដោយ។          កីឡាកររបស់ក្រុម McLaren ទាំងពីរមានល្បឿនគួរកត់សំគាល់នៅ Miami នេះតែត្រូវរង់ចាំដល់ជុំទី ១៤ ទើប Oscar Piastri វ៉ាជែងផុត Max Verstappen បានសម្រេចបន្ទាប់ពីកីឡាកររបស់ Red Bull រូបនេះព្យាយាមរារាំង Piastri ពីការវ៉ាជែងជាច្រើនជុំប្រកបដោយគ្រោះថ្នាក់។          មិនយូរប៉ុន្មាន បន្ទាប់ពីការវ៉ាជែងគ្នាទៅវិញទៅមក កីឡាកររបស់ McLaren ម្នាក់ទៀត Lando Norris ក៏វ៉ា Verstappen បានសម្រេច និងបញ្ចប់ទីដោយលេខមួយ និងលេខពីរសម្រាប់ McLaren។          ចំណែក Verstappen ក៏បាត់បង់មួយតំណែងទៀតឆក់យកដោយ George Russell របស់ Mercedes ទទួលបានតំណែងលេខបីនៅ Miami នេះ។          តាមរយៈជ័យជំនះនៅ Miami នេះ និងជាជ័យជំនះទីបួនរដូវកាលនេះ Oscar Piastri នៅពេលនេះមាន ១៣១ ពិន្ទុ នាំមុខដាច់មិត្តរួមក្រុម Lando Norris ១៦ ពិន្ទុ ខណៈ Max Verstappen លេខបីមាន ៩៩ ពិន្ទុ។          ទីលានទី ៧ រដូវកាលនេះ Formula One នឹងបន្តដំណើរទៅ Emilia Romagna Grand Prix ទឹកដីអ៊ីតាលីនៅសប្តាហ៍ក្រោយ៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM