គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

អតីតអ្នកចាត់ការ West Ham, Julen Lopetegui ត្រូវតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកាតា

2025/05/02 10:52:44 pm        447
អតីតអ្នកចាត់ការ West Ham លោក Julen Lopetegui ត្រូវបានប្រកាសតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកាតា ជិតបួនខែប៉ុណ្ណោះបន្ទាប់ពីបាត់បង់តំណែងនៅ West Ham។         បុរសវ័យ ៥៨ ឆ្នាំអេស្ប៉ាញរូបនេះ បានចុះហត្ថលេខាដឹកនាំក្រុមកាតាដល់ឆ្នាំ ២០២៧ ទទួលបន្ទុកដឹកនាំក្រុមប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ ដែលកំពុងដំណើរការ។          កាតាបានចូលរួម World Cup ចុងក្រោយបំផុតនៅឆ្នាំ ២០២២ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ តែជម្រុះ World Cup 2026 នេះរកមិនបានកៅអីស្វ័យប្រវត្តិឡើយ តែនៅមានលទ្ធភាពប្រកួតវគ្គជម្រុះមួយដំណាក់កាលទៀត។         លោក Julen Lopetegui កន្លងមកក៏ធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ ដោយទទួលបានតំណែងនៅឆ្នាំ ២០១៦ តែក៏ត្រូវបញ្ចប់តំណែងវិញពីរថ្ងៃប៉ុណ្ណោះមុន World Cup 2018 ចាប់ផ្តើមនៅរុស្ស៊ី បន្ទាប់ពីត្រូវបានតែងតាំងឱ្យដឹកនាំ Real Madrid។         អាជីពជាមួយ Real Madrid បានត្រឹមជាងបួនខែប៉ុណ្ណោះលោក Lopetegui ក៏ត្រូវបានបណ្តេញចេញ មុនពេលបន្តទៅដឹកនាំ​ Sevilla ឈ្នះជើងឯក Europa League។          នៅខែវិច្ឆិកាឆ្នាំ ២០២២ លោក​ Lopetegui ត្រូវបានជ្រើសរើសជាអ្នកចាត់ការ Wolverhampton តែក៏បានចាកចេញវិញក្រោយចប់រដូវកាល។          ចុងក្រោយបំផុតលោគ Lopetegui បានដឹកនាំ West Ham នៅដើមរដូវកាលនេះ មុនពេលត្រូវបានបណ្តេញចេញវិញ ៦ ខែក្រោយមក ជំនួសដោយលោក Graham Potter បន្ទាប់ពីដឹកនាំក្រុមឈ្នះត្រឹម ៦ ប្រកួតក្នុងរយៈពេល ៦ ខែក្នុងតំណែង៕អត្ថបទ៖នាង សុភាវុធ

Haaland និង Rodri ត្រលប់មកហ្វឹកហាត់ពេញលេញវិញក្រោយជាពីរបួសកជើង និងដាច់សរសៃពួរ ACL

2025/05/02 10:05:11 pm        440
ខ្សែប្រយុទ្ធ Manchester City, Erling Haaland បានត្រលប់មកធ្វើការហ្វឹកហាត់ពេញលេញវិញហើយ ក្រោយជាពីរបួសកជើង។          កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានទទួលរងរបួសកជើងអំឡុងជ័យជំនះ ២-១ លើ Bournemouth វគ្គ ៨ ក្រុមចុងក្រោយ FA Cup។          កីឡាករន័រវេសរូបនេះ បានស៊ុតបញ្ចូលទី ៣៩ គ្រាប់ហើយឱ្យក្លិប និងជម្រើសជាតិរដូវកាលនេះ។          គេមិនទាន់ដឹងថា Haaland នឹងអាចចូលលេងបានវិញពេលណានៅឡើយ រង់ចាំការសម្រេចចិត្តរបស់អ្នកចាត់ការ Pep Guardiola មុនការប្រកួតយប់នេះទល់នឹង Wolverhampton ក្របខណ្ឌ Premier League។          ជាមួយគ្នានោះដែរ ខ្សែបម្រើវ័យ ២៨ ឆ្នាំ Rodri ក៏បានត្រលប់មកធ្វើការហ្វឹកហាត់ពេញលេញវិញផងដែរ បន្ទាប់ពីអវត្តមានតាំងពីខែកញ្ញាដោយសាររបួសដាច់សសៃពួរ ACL។         លោក Pep Guardiola បញ្ជាក់ថា ការសម្រេចឱ្យ Rodri ចូលលេងវិញបានរឺអត់គឺអាស្រ័យលើវេជ្ជបណ្ឌិតរបស់គេ។          Manchester City កំពុងឈរលេខបួននៅ Premier League កំពុងប្រជែងរក្សាតំណែងមិនឱ្យផុតលេខប្រាំដើម្បីកៅអី Champions League រដូវកាលក្រោយ ខណៈជើងឯកបានទៅ Liverpool ទៅហើយ។          City ក៏នឹងត្រូវជួប Crystal Palace ផងដែរនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក FA Cup នៅ​កីឡដ្ឋាន Wembley ថ្ងៃទី ១៧ ខែនេះ៕អត្ថបទ៖នាង សុភាវុធ

Manchester United បោះមួយជំហានធំដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោយឈ្នះនៅដី Bilbao ៣-០

2025/05/02 09:54:16 pm        557
ក្រុមបិសាចក្រហម Manchester United បានបោះដំណើរមួយជំហានធំក្នុងឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្រោយយកឈ្នះជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដី Athletic Bilbao ៣-០។          ការប្រកួតនៅកីឡដ្ឋាន San Mames ក្រុមភ្ញៀវ​ Manchester United គួរតែត្រូវបានម្ចាស់ផ្ទះ Bilbao នាំមុខពីរគ្រាប់មុនទៅហើយ នៅពេលឱកាសតែតបញ្ចូលទីរបស់ Inaki Williams មិនចំគោលដៅ ហើយមួយបាល់ទាត់ Victor Lindelof សង្គ្រោះបាល់ស៊ុតរបស់ Alex Berenguer នៅលើខ្សែបន្ទាត់ទី។          ផ្ទុយទៅវិញ Manchester United បែជាមានឱកាសរកបានគ្រាប់នាំមុខវិញដោយបច្ចេកទេសមិនធម្មតារបស់ Harry Maguire លើកបាល់ពីស្លាបស្តាំ ខណៈ Casemiro ជាអ្នកតែតបញ្ចូលទីនៅនាទីទី ៣០។          ឈានដល់នាទីទី ៣៥ ក្រុមម្ចាស់ផ្ទះ Bilbao ក៏សល់គ្នាតែដប់នាក់ បន្ទាប់ពី VAR បញ្ជាក់ថា Dani Vivian ទាញ Rasmus Hojlund និងទទួលបានកាតក្រហម ហើយប្រធានក្រុម Bruno Fernandes ជាអ្នកស៊ុតបញ្ចូលទីនាំមុខ ២-០ នៅនាទីទី ៣៧ ដោយបាល់ពិន័យ ១១ ម៉ែត្រ។          មិនទាន់អស់នៅឡើយ ចុងវគ្គទីមួយនាទីទី ៤៥ Bruno Fernandes ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួនឱ្យ Manchester United នាំមុខ ៣-០។          ក្រុមរបស់លោក Ruben Amorim គួរតែអាចរកបានគ្រាប់បាល់បន្ថែមនៅវគ្គទីពីរតែមិនមានសំណាង ខណៈការប្រកួតបញ្ចប់ត្រឹមលទ្ធផល ៣-០ នេះ។          ងាកមកមួយគូទៀត Tottenham Hotspur បានយកឈ្នះ Bodo/Glimt ៣-១ ក្នុងទឹកដីរបស់ខ្លួនតាមរយៈគ្រាប់បាល់របស់ Brenan Johnson, James Maddison និងបាល់ពិន័យ ១១ ម៉ែត្ររបស់ Dominic Solanke។          តាមរយៈលទ្ធផលនេះ គេមើលឃើញពីលទ្ធភាពច្រើនដែលក្រុមអង់គ្លេសទាំងពីរអាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ តែត្រូវរង់ចាំការប្រកួតជើងទីពីរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ៕អត្ថបទ៖នាង សុភាវុធ

LeBron James មិនប្រាកដពីអនាគតក្រោយ LA Lakers ចាញ់ត្រឹមជុំទីមួយវគ្គ Play-Off

2025/05/02 09:46:44 pm        358
កីឡាករបាល់បោះកំពូលអាមេរិក LeBron James នៅមិនទាន់ប្រាកដពីអនាគតរបស់ខ្លួននៅឡើយ បន្ទាប់ពី Los Angeles Lakers ធ្លាក់ត្រឹមជុំទីមួយវគ្គ Play-Off ក្របខណ្ឌបាល់បោះអាមេរិក NBA ក្រោយចាញ់ Minnesota Timberwolves ៤-១​ ក្នុង Series។         LA Lakers ចាប់ផ្តើមរដូវកាលដោយសង្ឃឹមចង់ឈ្នះជើងឯក NBA តាមទាន់កំណត់ត្រារបស់ Boston Celtics ១៨ លើកដូចគ្នា តែបានត្រឹមចាញ់នៅវគ្គ Play-Off ជុំទីមួយពីររដូវកាលជាប់គ្នា។          កីឡាករឆ្នើមរបស់ Minnesota, Rudy Gobert គឺជាតួអង្គសំខាន់ក្នុងជ័យជំនះនៅហ្គេមទីប្រាំនៃ Series ដោយបោះបាន ២៧ ពិន្ទុ ២៤ បាល់រីបោន នៅកីឡដ្ឋាន Crypto.com Arena របស់ Minnesota។         LeBron James បានបង្ហាញអារម្មណ៍សោកស្តាយរបស់ខ្លួនក្រោយចប់ការប្រកួត និងតប់ប្រម៉ល់នៅពេលអ្នកសារព័ត៌មានសួរពីអនាគតរបស់ខ្លួន។          Luka Doncic បោះបាន ២៨ ពិន្ទុ Rui Hachimura ២៣ ពិន្ទុ និង LeBron James ២២ ពិន្ទុ តែនៅតែមិនអាចជួយ Lakers គេចផុតពីបរាជ័យហ្គេមទីប្រាំនេះបាន។          ជ័យជំនះរបស់ Minnesota ធ្វើឱ្យពួកគេបន្តដំណើរទៅជុំទីពីរជួបជាមួយអ្នកឈ្នះរវាង Golden State Warriors រឺក៏ Houston Rockets នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រភាគខាងលិច៕អត្ថបទ៖នាង សុភាវុធ

Eric Dier កំពុរចរចាផ្ទេរពី Bayern Munich ទៅ Monaco រដូវក្តៅខាងមុខ

2025/05/01 10:54:56 pm        503
ខ្សែការពារអង់គ្លេស Eric Dier កំពុងស្ថិតក្នុងការចរចាក្នុងការផ្ទេរពីក្លិបអាល្លឺម៉ង់ Bayern Munich ទៅកាន់ Monaco នៅក្របខណ្ឌបារាំង Ligue1 នៅដំណាច់រដូវកាលនេះ។         កីឡាករវ័យ ៣១ ឆ្នាំរូបនេះ នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Bayern Munich ក្រោយចប់រដូវកាលនេះ។         អតីតខ្សែការពារ Spurs រូបនេះ ត្រូវបានគេដឹងថា បានចរចា និងព្រមព្រៀងផ្ទាល់មាត់រួចមកហើយជាមួយ Monaco ដែលមានកិច្ចសន្យាបីឆ្នាំ ជាមួយនឹងជម្រើសបន្តបន្ថែមមួយឆ្នាំ។         Eric Dier បង្ហាញខ្លួនបាន ២៥ ប្រកួតរដូវកាលនេះជាមួយ Bayern Munich ដែលខិតជិតក្លាយជាជើងឯកក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga។         Eric Dier ផ្លាស់មកកាន់ Bayern Munich កាលពីខែមករាឆ្នាំ ២០២៤ ក្នុងកិច្ចសន្យាខ្ចី មុនឈានដល់កិច្ចសន្យាទិញផ្តាច់។         ប្រសិនបើ Bayern Munich លើកពាន Bundesliga នេះមានន័យថា ជាពានរង្វាន់ដំបូងក្នុងអាជីពរបស់កីឡាករអង់គ្លេសរូបនេះ៕អត្ថបទ៖នាង សុភាវុធ

Barcelona និង Inter Milan ស្មើគ្នា ៣-៣ ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដីអេស្ប៉ាញ

2025/05/01 10:48:50 pm        496
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជើងទីមួយជំនួបរវាងក្រុមម្ចាស់ផ្ទះ FC Barcelona និង Inter Milan បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣ នៅទឹកដីអេស្ប៉ាញ។         ជាការប្រកួតដ៏ល្អមើលមួយដូចដែលការលើកឡើងរបស់អ្នកចាត់ការទាំងពីរ ក្នុងសន្និសីតសារព័ត៌មានពោលគឺ គ្រាប់បាល់កើតឡើងតាំងពីវិនាទីទី ៣០ ដោយ Marcus Thuram ប្រើកែងជើងប៉ែងបញ្ចូលនាំមុខឱ្យ Inter Milan មុនពេលដែលខ្សែការពារហូឡង់ Denzel Dumfries បន្ថែមការនាំមុខ ២-០ នៅនាទីទី ២១។          Barcelona មិនបាត់ម្ចាស់ការឡើយ ដោយរកបានគ្រាប់តាមស្មើវិញពីរគ្រាប់ក្នុងវគ្គទីមួយដោយ Lamine Yamal នាទីទី ២៤ និង Ferran Torres នាទីទី ៣៨។          ឈានចូលវគ្គទីពីរ Inter Milan ជាថ្មីម្តងរកបានគ្រាប់នាំមុខសាជាថ្មីដែលជាគ្រាប់បាល់ទីពីររបស់ Denzel Dumfries នៅនាទីទី ៦៣។          តែម្តងទៀត Barcelona ក៏តាមស្មើវិញបានដោយគ្រាប់ស៊ុតពីចំងាយរបស់ Raphinha បុកនឹងអ្នកចាំទី Yann Sommer ចូលទីខ្លួនឯង។          ការប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣ ដោយគេឃើញកីឡាករក្រុមទាំងពីរមានទម្រង់លេងល្អដូចគ្នា ដែលពិបាកទាយទុកថាក្រុមណានឹងឡើងវគ្គផ្តាច់ព្រ័ត្រ។          ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅទឹកដី Inter Milan សប្តាហ៍ក្រោយ៕អត្ថបទ៖នាង សុភាវុធ

Ronaldo និង Al-Nassr បានត្រឹមខកចិត្តក្រោយធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League

2025/05/01 10:39:50 pm        538
ក្លិបបាល់ទាត់ជប៉ុន Kawasaki Frontale បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ AFC Champions League Elite ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត តាមរយៈជ័យជំនះ ៣-២ លើក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ខណៈ Cristiano Ronaldo ត្រូវបន្តរង់ចាំក្នុងការចង់ឈ្នះក្របខណ្ឌក្លិបកំពូលអាស៊ី។         ក្រុមចាយលុយច្រើនរបស់ Saudi Pro League, Al-Nassr ត្រូវបានក្រុមភ្ញៀវជប៉ុននាំមុខមុននៅនាទីទី ១០ ដោយ Tatsuya Ito មុនពេលដែលអតីតខ្សែប្រយុទ្ធ Liverpool, Sadio Mane ស៊ុតតាមស្មើឱ្យ Al-Nassr នៅនាទីទី ២៨។         Kawasaki Frontale ជាថ្មីម្តងទៀតរកបានគ្រាប់នាំមុខ ២-១ នៅនាទីទី ៤១ ដោយ Yuto Ozeki មុនពេលដែលគ្រាប់ទីបីរបស់ពួកគេកើតឡើងនៅនាទីទី ៧៦ ដោយ Akihiro Ienaga ធ្វើឱ្យក្តីសង្ឃឹមរបស់ Al-Nassr កាន់តែខើច។         Ayman Yahya បានផ្តល់ក្តីសង្ឃឹមខ្លះឱ្យ Al-Nassr នៅពេលស៊ុតបញ្ចូលទីពីចម្ងាយតាមពីក្រោយ ២-៣ នៅនាទីទី ៨៧។         Cristiano Ronaldo មានឱកាសស៊ុតបាល់ Freekick នៅចុងម៉ោងតែជួយបានដោយអ្នកចាំទី មុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។         Kawasaki Frontale ដែលជាក្រុមជប៉ុនតែឯងឡើងមកដល់វគ្គនេះ ត្រូវទៅជួបជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីតមួយទៀតគឺ Al-Ahli ដែលយកឈ្នះក្រុមជើងឯកបួនសម័យ Al-Hilal៕អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជ បន្ដគ្រងជើងឯកលីគកំពូលកម្ពុជា មុនបិទរដូវកាលជាថ្មី ខណៈលោក Pep ថាពិតជាស័ក្ដិសម

2025/05/01 04:22:02 pm        304
ទីបំផុតក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការហើយ ក្រោយយកឈ្នះណាហ្គាវើលដ៏ ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ។ជំនួបសប្ដាហ៍ទី៣១ ដែលលើកកាលបរិច្ឆេទការប្រកួតមកពីថ្ងៃទី១០ ខែឧសភា នៅកីឡដ្ឋានខេត្តស្វាយរៀងនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន ដោយកីឡាករ Cristian Dos Santos នៅនាទី១៦ មុនណាហ្គាវើលដ៏ ក៏វាយបកតាមស្មើវិញ នៅដើមវគ្គទី២ ដែលស៊ុតបញ្ចប់ទីរបស់កីឡាករ Hugo Kametaniនៅនាទី៥០ ។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង ទើបកីឡាករ Takashi Odawara រកបានគ្រាប់ទី២ នៅនាទី៩០+៧ ដែលជាគ្រាប់បាល់ជ័យជម្នះ និងជាគ្រាប់ជួយឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការផងដែរ ។ក្រោយចប់ការប្រកួតលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងដោយមោទនភាព ចំពោះការលះបង់ និងខំប្រឹងរបស់ក្រុមទាំងមូល ហើយថា ពិតជាស័ក្ដិសមដែលក្រុមបានក្លាយជាជើងឯក ។ បន្ទាប់ពីអបអរសាទរការឈ្នះពាននេះ លោកនឹងត្រៀមផែនការសម្រាប់ពាន ២ ទៀត គឺវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ គួរដឹងថា ក្រោយទទួលបាន ៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវណាហ្គាវើលដ៏ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កើនពិន្ទុដល់ ៧៣ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃ ហើយនាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងសល់ ៣ប្រកួតក្នុងដៃ ចំនួន ១០ពិន្ទុ ។ ផ្អែកលើលទ្ធផលនេះ នាំឲ្យក្រុមការពារតំណែងជើងឯក ដោយស្វ័យប្រវត្តិ ដូចកាលពីរដូវកាលមុន ដោយសល់ ២ប្រកួតមុនបញ្ចប់រដូវកាលដូចគ្នា៕

Novak Djokovic ដកខ្លួនចេញពីព្រឹត្តិការណ៍វាយកូនបាល់ Rome Masters នៅអ៊ីតាលី

2025/04/30 10:20:24 pm        232
ជើងឯក ៦ លើកនៅកម្មវិធី Rome Masters កីឡាករស៊ែប Novak Djokovic បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតឆ្នាំនេះហើយ ក្នុងគោលបំណងត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Grand Slam, French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែឧសភា។         Djokovic ដែលកំពុងស្វែងរកជើងឯកទី ១០០ នៅក្របខណ្ឌ ATP Tour នឹងអវត្តមានពីការប្រកួត Italian Open រឺ Rome Masters នេះជាលើកដំបូងតាំងពីបង្ហាញខ្លួនលើកទីមួយនៅឆ្នាំ ២០០៧។          អតីតកីឡាករលេខមួយពិភពលោករូបនេះ ទើបរងបរាជ័យគួរឱ្យភ្ញាក់ផ្អើលធ្លាក់ត្រឹមជុំទីពីរ Madrid Open ក្រោយចាញ់កីឡាករអ៊ីតាលី Matteo Arnaldi។          កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ ក៏បានលើកឡើងក្រោយចាញ់ការប្រកួតនោះដែរថា Madrid Open ឆ្នាំនេះប្រហែលជាការចូលរួមចុងក្រោយរបស់ខ្លួន។          ម្ចាស់ជ័យលាភី Grand Slam ២៤ លើករូបនេះ មិនទាន់ឈ្នះជើងឯកណាមួយឡើយតាំងពីឈ្នះជើងឯក ATP Finals នៅចុងឆ្នាំ ២០២៣ ជាឆ្នាំដែលរូបគេឈ្នះជើងឯក Grand Slam បីក្នុងចំណោម Grand Slam បួនប្រចាំឆ្នាំ។          បច្ចុប្បន្នឈរលេខ ៥ ពិភពលោក Novak Djokovic កំពុងកាន់កំណត់ត្រាឈ្នះច្រើនប្រកួតបំផុតនៅក្របខណ្ឌ ATP Masters 1000 ដោយឈ្នះសរុប ៤១៤ ប្រកួត ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៧៩ លើក វគ្គផ្តាច់ព្រ័ត្រ ៦០ លើក ឈ្នះជើងឯក ៤០ លើក៕អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជស្វាយរៀង នឹងគ្រងជើងឯកលីគកំពូលកម្ពុជាល្ងាចនេះ បើបន្ដឈ្នះណាហ្គាវើលដ៏

2025/04/30 10:10:11 pm        212
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹម ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ ពិសេសប្រសិនបើពួកគេ បន្ដយកឈ្នះក្រុមណាហ្គាវើលដ៏ នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២០២៥ ជាផ្លូវការតែម្ដង។ សម្រាប់ជំនួបរវាងក្រុមទាំងពីរល្ងាចនេះ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាការប្រកួតសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា បន្ទាប់ពីណាហ្គាវើលដ៏ បានសម្រេចលើកការប្រកួតនេះ តាមសំណើររបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាន់គ្នានឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដើម្បីសម្រួលដល់ក្លិបតំណាងកម្ពុជា បានត្រៀមលក្ខណៈប្រកួតប្រជែងជាមួយក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ ជុំវិញជំនួបលើកទី៤ ដែលជាការជួបគ្នាលើកចុងក្រោយក្នុងលីគរដូវកាលនេះដែរ ពិតជាសំខាន់សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដ្បិតប្រសិនបើទទួលបានជ័យជម្នះ ពួកគេនឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការ តែប្រសិនបើស្មើ ឬចាញ់វិញ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នឹងត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតនៅសល់ ព្រោះបច្ចុប្បន្នពួកគេ កំពុងមានប្រៀបលើក្រុមឈរលេខ២ ភ្នំពញក្រោន ៧ពិន្ទុនៅឡើយ ស្របពេលក្រុមនីមួយៗ នៅសល់ ៣ប្រកួតស្មើគ្នាក្នុងដៃ។ ក្រឡេកទៅមើលប្រវត្តិជួបគ្នាក្នុងលីគរដូវកាលនេះវិញ ណាហ្គាវើលដ៏ មិនធ្លាប់ឈ្នះ ឬស្មើឡើយ សូម្បីឱកាសស៊ុតបញ្ចូលទីក្រុមរបស់លោក Pep Munoz ក៏គ្មានដែរ ដោយជួបគ្នា ៣លើក ព្រះខ័នរាជស្វាយរៀង ឈ្នះទាំងអស់ ក្នុងនោះជើងទី១ និងជើងទី២ នៃដំណាក់កាលទី១ ពួកគេបានយកឈ្នះក្នុងលទ្ធផល ២-០ ដូចគ្នា គ្រាដែលជំនួបជើងទី១ ក្នុងដំណាក់កាលទី២ ឬវគ្គ Top-6 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះរហូតដល់ ៤-០ ។ ដូច្នេះចាំមើលល្ងាចនេះ តើព្រះខ័នរាជស្វាយរៀង អាចរក្សាកំណត់ត្រាឈ្នះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ បានដែលឬទេ?អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM