ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Rangers បញ្ចប់តំណែងអ្នកចាត់ការ Michael Beale ក្រោយចាញ់ ៣ ប្រកួតរដូវកាលនេះ

2023/10/02 10:46:33 pm        359
ក្លិបបាល់ទាត់ស្កុតឡេន Glasgow Rangers បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Michael Beale ចេញពីតំណែងហើយក្រោយរងបរាជ័យ ៣ ប្រកួតក្នុងចំណោម ៧ ប្រកួតក្នុងលីគរដូវកាលនេះ។បរាជ័យក្នុងទឹកដីរបស់ខ្លួនចុងសប្តាហ៍កន្លងទៅ ក្រោមថ្វីជើង Aberdeen បានធ្វើឱ្យ Rangers នៅពេលនេះដេញពីក្រោយគូប្រជែង Celtic ដល់ទៅ ៧ នៅក្របខណ្ឌ Scottish Premiership។មុនជួប Aberdeen នេះដែរ Rangers ក៏បានរងបរាជ័យធ្ងន់កផងដែរក្រោមថ្វីជើង PSV នៅ UEFA Champions League។អតីតខ្សែបម្រើក្លិបលោក Steven Davis ឡើងមកកាន់តំណែង​បណ្តោះអា​សន្ន​សិន​ទំ​រាំ​ក្លិប​រក​បាន​អ្នក​ចាត់ការថ្មី។រំលឹកថាលោក Michael Beale បានចាកចេញពី QPR កាលពីខែវិច្ឆិកាឆ្នាំ​មុន​ជំនួស​តំណែង​អ្នក​ចាត់​ការ​សញ្ជាតិហូឡង់ Giovanni van Bronckhorst និងចាប់ផ្តើមអាជីព​រប​ស់​ខ្លួន​ដោយ​រក​​បាន​ជ័យ​ជំនះ​ ១៣ ក្នុងចំណោម ១៤ ប្រកួតដំបូងរដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជ និងខ្សែប្រយុទ្ធ Marcus Haber រក្សាកំណត់ត្រារៀងខ្លួន មុនលីគសម្រាក

2023/10/02 10:07:06 pm        189
ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាឈ្នះ ៧ប្រកួតជាប់គ្នា គិត​ត្រឹម​សប្ដាហ៍​ទី៧ នៃលីគកំពូលកម្ពុជា មុនលីគសម្រាកការប្រកួត កំឡុង FIFA Day ប្រចាំខែតុលា ស្រប​ពេលខ្សែប្រយុទ្ធរបស់ខ្លួន Marcus Haber ក៏បាន​បន្ដ​កំណត់​ត្រារ​កបា​ន​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត​ សម្រាប់រដូវកាលឆ្នាំ២០២៣/២០២៤ នេះផងដែរ ។ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបន្ដយកឈ្នះក្រុមចំណូលថ្មីព្រៃវែងអេហ្វស៊ី ៥-៣ ក្នុង​ជំនួប​ជើងទី១ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៧ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការ​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្តព្រៃវែងនេះ ព្រះខ័នរាជស្វាយរៀង រកបាន ៥គ្រាប់មុន ក្នុងនោះធ្វើ​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាណាដា ៣គ្រាប់ម្នាក់ឯង នៅនាទី២៤, ៤៣ និងនាទី៧៥ និង ២គ្រាប់រក​បាន​ដោយ​កីឡាករ​ឡាវ Bounkong Bounphachan នៅនាទី៥១ និង៦៣ មុនក្រុមម្ចាស់ផ្ទះព្រៃវែង វាយបកបាន ៣គ្រាប់វិញ នៅចុងម៉ោង។ជ័យជម្នះនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង រកបាន ២១ពិន្ទុពេញ អមជាមួយ​កំណត់​ត្រា​ឈ្នះ​ ៧ប្រកួតជាប់ៗគ្នាលើកដំបូងក្នុងលីគ ។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធកម្ពស់បាន Marcus Haber ក៏បានបង្កើតកំណត់ត្រាថ្មី ដោយរកបានគ្រាប់បាល់ ៧ប្រកួតជាប់គ្នា ដើម្បីរួម​ចំណែក​ជួយ​ក្រុម​យ​កឈ្នះគូប្រជែងជាបន្ដបន្ទាប់ ក្នុងលីករដូវកាលថ្មីនេះផងដែរ ។ដោយឡែកលទ្ធផលការប្រកួតសប្ដាហ៍ទី៧ ចំនួន ៤គូផ្សេងទៀត រួមមាន​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ភ្នំពេញ​ក្រោន យកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-០, ក្រុមបឹងកេត យកឈ្នះក្រុមណាហ្គាវើលដ៏ ៣-១, វិសាខា យកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ២-០ និងក្រុម ISI ដង្កោសែនជ័យ យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ១-០ ។ជាមួយលទ្ធផលនេះ នាំឲ្យក្រុមភ្នំពេញក្រោន បន្ដចាញ់ប្រៀបក្រុមកំពូលតារាង ៣ពិន្ទុ ដោយ​ពួក​គេ​រកបាន ១៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតដូចគ្នាឈ្នះ ៦ និងចាញ់ ១ គឺចាញ់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង គ្រាដែលក្រុមបឹងកេត បន្ដឈរលេខ៣ មាន ១៣ពិន្ទុ នាំមុខក្រុមវិសាខា ១ពិន្ទុ ដែល​រំកិល​មក​ឈរលេខ៤ ។ ឯក្រុមកងយោធពលខេមរភូមិន្ទ និងព្រៃវែង ឈរលេខ៥ និងលេខ៦ រក្សា ១០​ពិន្ទុក្នុងដៃ ស្របពេលក្រុម ISI ឡើងមកឈរលេខ៧ មាន ៧ពិន្ទុ ។ ចំណែក​ក្រុម​ណាហ្គាវើល​ដ៍​បានធ្លាក់មកឈរលេខ៨ មាន ៥ពិន្ទុ នាំមុខក្រុមអង្គរថាយហ្គឺរ ឈរលេខ៩ មាន ៣ពិន្ទុ និង​គិរីវង់​សុខសែនជ័យ ឈរបាតតារាងមាន ២ពិន្ទុ ។គួរដឹងថា បន្ទាប់ពីដំណើរការប្រកួតបាន ៧សប្ដាហ៍ លីគកំពូលកម្ពុជា នឹងត្រូវសម្រាកការប្រកួត ២​សប្ដាហ៍ កំឡុងថ្ងៃសម្រាក FIFA Day មុនត្រឡប់មកវិញ នាថ្ងៃទី២១-២២ ខែតុលា ដែល​ត្រូវ​បន្ដ​ការ​ប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ និងបន្ដការប្រកួតសប្ដាហ៍ទី៩ ដែលជាសប្ដាហ៍ចុងក្រោយ សម្រាប់​ជើងទី១ នៃលីគកំពូលកម្ពុជា នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ លី ឈុនឡា

Mark Williams ឈ្នះ Mark Selby លើកពានស្នូកឃ័រ British Open

2023/10/02 09:45:35 pm        229
កីឡាករស្នូកឃ័រជើងចាស់ Mark Williams បានក្លាយជាជើងឯកនៃការប្រកួតពានរង្វាន់ British Open ក្រោយយកឈ្នះកីឡាករអង់គ្លេស Mark Selby នៅវគ្គផ្តាច់ព្រ័ត្រ ១០-៧ ហ្វ្រេម។កីឡាករវែលវ័យ ៤៨ ឆ្នាំ Mark Williams បាននាំមុខការប្រកួតដាច់នៅដំណាក់កាលដំបូង មុនពេលដែល Mark Selby វាយបកពីក្រោយកាត់បន្ថយការនាំមុខមកត្រឹម ៨-៧ ហ្វ្រេម។ តែ Mark Williams អាចរក្សាស្ថានការបានដោយយកឈ្នះ ២ ហ្វ្រេមបន្ទាប់ ដើម្បីគ្រងជើងឯក British Open លើកទី ៣ ក្នុងអាជីព និងជាពានលំដាប់ Ranking លើកទី ២៥ ផងដែរ។Mark Williams គ្រងជើងឯកនៅពេលនេះ ក៏បានក្លាយជាកីឡាករវ័យចំណាស់ទី ២ ដែលគ្រង​ជើងឯក​ពានស្នូកឃ័រលំដាប់ Ranking ក្នុងវ័យ ៤៨ ឆ្នាំ បន្ទាប់ពីអ្នកឈ្នះវ័យចំណាស់បំផុតគឺ Ray Reardon នៅពេលឈ្នះជើងឯកក្នុងវ័យ ៥០ ឆ្នាំកាលពីឆ្នាំ ១៩៨២៕ អត្ថបទ៖នាង សុភាវុធ

រតនៈគិរី គឺជាក្រុមកូនពៅវគ្គ ១/៤ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ខណៈសៀមរាប​បានត្រឹមខកចិត្ត

2023/10/02 09:23:32 pm        543
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ បាន​រក​ឃើញបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ(១/៤) គ្រប់ហើយ ដោយក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានក្លាយជាក្រុមកូនពៅសម្រាប់វគ្គដ៏សំខាន់នេះ បន្ទាប់​ពី​ប្រកួត​ស្មើ​ក្រុម​កំពូល​តារាង​ខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅ ។ជំនួបបង្គ្រប់សប្ដាហ៍ទី១៧ និងជាគូប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះពូលD ក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានវាយបកតាមស្មើក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ ១-១ នៅដើមវគ្គទី២ ដោយ​ការ​ទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ ចាន់ ម៉ាន់ នៅនាទី៥៤ បន្ទាប់ពីត្រូវកីឡាករ ឆាយ ប៊ុនណារិទ្ធ រកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីនាទី១១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ បន្ដឈរកំពូលតារាង ដោយ​រកបាន ២០ពិន្ទុ គ្រាដែលក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានឡើងមកឈរ​លេខ​រៀង​ទី២ ​ក្នុងពូលD ដោយមាន ១៤ពិន្ទុក្នុងដៃ ដែលគ្រប់គ្រាន់ឲ្យពួកគេ ឡើងវគ្គ ៨ក្រុមចុងក្រោយ ហើយ​បញ្ចប់ក្ដីសង្ឃឹមថា ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដែលចាញ់ប្រៀប ១ពិន្ទុ​ត្រូវ​ធ្លាក់​មក​ឈរលេខរៀងទី៣ ក្នុងពូលប៉ុណ្ណោះ ។ដូច្នេះសម្រាប់បេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ​នេះ គឺបានរកឃើញហើយ រួមមានពូលA គឺមានក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ ។ ពូល​B មានខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។ ពូលC មានខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំ-ខេត្ដ​ពោធិ៍សាត់ និងពូលD មានក្រុមសន្ដិភាព-ខេត្តកំពង់ធំ និងក្រុមអធិរាជដំរីឦសាន ខេត្ត​រតនៈគិរី ៕ អត្ថបទ លី ឈុនឡា

អត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ បានធ្វើដំណើរទៅប្រកួតកីឡាអាស៊ី នៅចិន

2023/10/02 09:06:29 pm        555
អត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ រួមមានកីឡាសូហ្វតិន្នីស, ទូកប្រពៃណីខ្នាអន្ដរជាតិ, ចំបាប់, ការ៉ាតេ និងកីឡាជឺជីតស៊ូ បានធ្វើដំណើរទៅទីក្រុង Hangzhou ប្រទេសចិន ជា​បន្ដ​បន្ទាប់ ​កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ ។ក្នុងចំណោមអត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ សម្រាប់កីឡាចំបាប់ គឺមានប្រតិភូ គ្រូ​បង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៦នាក់, ទូកប្រពៃណី ឬទូកនាគ ១៧នាក់, សូហ្វតិន្នីស ១២​នាក់, កីឡាជឺជីតស៊ូ ២នាក់ និងកីឡាការ៉េតេ ដែលទើបចេញដំណើរពីកម្ពុជា កាលពី​យប់រំ​លង​អាធ្រាត្រ​ឈានចូលថ្ងៃទី០២ ខែតុលានេះចំនួន ១៤នាក់ ។គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិកសរុប ១៧ប្រភេទកីឡាចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅ​ទីក្រុង Hangzhou ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ហើយមកទល់ពេលនេះ គ្រប់​អត្តពលិកទាំងអស់ បានធ្វើដំណើរទៅទីតាំងប្រកួត ហើយក៏មានអត្តពលិកមួយចំនួន បាន​បញ្ចប់​ការ​ប្រកួត និងត្រឡប់មកមាតុភូមិជាបណ្ដើរៗផងដែរ ដូចជាកីឡាគុនដាវ, ហែលទឹក, យូដូ, តេក្វាន់ដូ WT, បាល់ទះ, បាល់បោះ និងកីឡាគ្រិកឃីតជាដើម ដែលពុំទាន់មានកីឡាករ ឬ​កីឡាការិនី​រូបណាដណ្ដើមបានមេដាយជូនជាតិនោះទេ៕ អត្ថបទ លី ឈុនឡា  

អាហ្វ្រិកខាងត្បូងកៀកឡើងវគ្គ ៨ក្រុម ​ខណៈអូស្រ្តាលីសល់ក្តីសង្ឃឹមតិចតួច​នៅការប្រកួតបាល់ឱបពិភពលោក

2023/10/02 08:37:09 pm        200
ក្រុមការពារតំណែងជើងឯក​បាល់ឱបពិភពលោក អាហ្វ្រិកខាងត្បូងកាន់តែកៀកក្នុងការឡើងវគ្គ ៨ ក្រុមចុងក្រោយហើយបន្ទាប់ពីយកឈ្នះតុងហ្កា។ អាហ្វ្រិកខាងត្បូងរកបាន ៣ Tries ក្នុងវគ្គទី ១ ដោយ Conus Reinach, Canan Moodie និង Deon Fourie មុនពេលដែលវគ្គទីពីរ ក៏រកបាន Tries បន្ថែមទៀតដោយ Jessie Kriel, Willie le Roux, Marco van Staden និង Kwagga Smith ខណៈលទ្ធផល​នៅ​ទីបញ្ចប់​គឺ​អាហ្វ្រិកខា​ង​ត្បូង​ឈ្នះ​តុងហ្កា ៤៩-១៨។ថ្វីបើឈ្នះការប្រកួតមែន អាហ្វ្រិកខាងត្បូងត្រូវរង់ចាំការប្រកួតស្កុតឡេន និង អៀកឡង់​សប្តាហ៍​នេះ ដើម្បី​ដឹងពីចំណាត់ថ្នាក់នៅក្នុងពូល B នេះ។ ងាកមកការប្រកួតនៅក្នុងពូល C វិញ អូស្រ្តាលីបានយកឈ្នះព័រទុយហ្កាល់ ៣៤-១៤ នៅ​សល់​ក្តី​សង្ឃឹម​តិច​តួចឡើងវគ្គបន្ត។ ព័រទុយហ្កាល់ជាអ្នកនាំមុខ តែក្រុមរបស់លោក Eddie Jones វាយបកដោយរកបាន ៥ Tries ដើម្បី​ទទួលបានពិន្ទុបន្ថែមយកឈ្នះការប្រកួតនេះ ៣៤-១៤។អូស្រ្តាលីត្រូវរង់ចាំការប្រកួតរបស់កោះហ្វីជី ដែលត្រូវការត្រឹម ១ ពិន្ទុ​ប៉ុណ្ណោះ​នៅ​ពេល​ជួប​ព័រទុយ​ហ្កាល់ ដើម្បី​ឡើងឈរពីលើអូស្រ្តាលីវិញ៕ អត្ថបទ៖នាង សុភាវុធ

Jorge Martin ឈ្នះការប្រកួតម៉ូតូ GP ភ្លៀងធ្លាក់ជោកជាំនៅជប៉ុន

2023/10/02 07:28:53 pm        124
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Jorge Martin បានប្រជែងឈ្នះការប្រណាំងម៉ូតូ GP ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ នៅជប៉ុន ដែលបណ្តាលឱ្យមានការផ្អាកជាច្រើនសារ។កីឡាកររបស់ក្រុមប្រណាំង Pramac Racing រូបនេះ​គឺ​ជាអ្ន​ក​ធ្វើ​បាន​លឿន​ជាង​គេ​ជា​កំណត់​ត្រា​នៅ​ទីលាន​ប្រណាំង Suzuka ប្រទេសជប៉ុននេះដើម្បីទទួលបាន Pole Position កាល​ពី​ថ្ងៃ​សៅរ៍​។ ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ភ្លៀវធ្លាក់ខ្លាំងតាំងពីពេលមុនប្រកួត និងដល់ពេលប្រកួត ខណៈ ​Jorge Martin បាននាំមុខការប្រកួតតាំងពីពេលចេញដំណើរ មុន​ពេល​ការ​ប្រកួត​ត្រូវ​បាន​គណៈកម្មការ​រៀបចំលើកទង់ពណ៌សនៅជុំទី ២ មានន័យថា​ កីឡាករ​ទាំង​អស់​អាច​ផ្លាស់​ប្តូរ​ម៉ូតូ​របស់​ខ្លួន​ទៅតាមស្ថានភាពផ្លូវដែលមានសំណើមខ្លាំង។ការប្រកួតក៏បានដំណើរការបន្តខណៈ Jorge Martin ក៏មានកំហុសបន្តិចបន្តួច តែ​អាច​ប្រជែង​មក​នាំ​មុខ​គេ​វិញបាន ហើយក៏បានរក្សាការនាំមុខ មុនពេល​ដែល​ការ​ប្រកួត​ត្រូវ​បាន​ប្រកាស​បញ្ចប់​តែ​ម្តង​ ដោយ​សារភ្លៀងធ្លាក់ខ្លាំង មិនរាំងនៅ​ពេល​កីឡាករ​ទាំងអស់​ប្រណាំង​បាន​ជាង​ពាក់​កណ្តាល​ផ្លូវ​។​ការប្រកួតក៏សំរេចផ្តល់លទ្ធផលដល់កីឡាករទាំងអស់ទៅតាមចំណាត់ថ្នាក់របស់ខ្លួនតែម្តង ហើយ Jorge Martin ជាអ្នកទទួលបានជ័យជំនះ។ ជ័យជំនះនេះធ្វើឱ្យ Jorge Martin ដេញពីក្រោយ Francesco Bagnaia តែ ៣ ពិន្ទុប៉ុណ្ណោះ ខណៈ​កីឡាករអ៊ីតាលីរូបនេះទទួលបានលេខ ២ ហើយលេខ ៣ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាករ​អេស្ប៉ាញ Marc Marquez របស់ក្រុមហុងដា៕ អត្ថបទ៖នាង សុភាវុធ

ក្រុមវាយកូនគោលអឺរ៉ុបឈ្នះក្រុមអាមេរិកគ្រងជើងឯក Ryder Cup ក្នុងដីរបស់ខ្លួន

2023/10/02 07:17:25 pm        145
ក្រុមវាយកូនគោលអឺរ៉ុបបានយកឈ្នះក្រុមអាមេរិក ដើម្បីគ្រងជើងឯកពានរង្វាន់ Ryder Cup ក្នុង​ទឹកដី​របស់ខ្លួននៅទីក្រុង Rome ប្រទេសអ៊ីតាលី។ឈានដល់ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ក្រុមអឺរ៉ុបត្រូវការត្រឹម ៤ ពិន្ទុ​ប៉ុណ្ណោះពី​ការ​ប្រកួត​សរុប​១២ ប្រកួតឯកតជននៅថ្ងៃអាទិត្យដើម្បីគ្រងជើងឯក។ ជាក់ស្តែងអឺរ៉ុបបានយកឈ្នះនៅថ្ងៃអាទិត្យដោយ Viktor Hovland, Rory McIlroy, Tyrrell Hatton, Tommy Fleetwood និងកីឡាករស្កុតឡេន Robert Macintyre។ ជ័យជំនះនេះក៏បានធ្វើឱ្យក្រុមវាយកូនគោលអឺរ៉ុប គ្រងជើងឯកនៅក្នុងទឹកដីរបស់ខ្លួនរយៈពេល ៣០ឆ្នាំចុងក្រោយ និងមានកីឡាករ ៥ នាក់របស់អឺរ៉ុបដែលមានវត្តមាននៅពេលនេះឈ្នះជើងឯក Ryder Cup នៅក្នុងទឹកដីរបស់ខ្លួន។គិតតាំងពីបង្កើតឡើងរយៈពេល ៩៦ ឆ្នាំ Ryder Cup បានរៀបចំឡើងបាន ៤៤ លើក ក្នុង​នោះ​អឺរ៉ុប​ឈ្នះ ២៧ លើក អាមេរិកឈ្នះ ១៥ លើក និងស្មើគ្នា ២ លើក៕ អត្ថបទ៖នាង សុភាវុធ

កូរ៉េ ជប៉ុន ហុងកុង និងអ៊ូសប៊ែគីស្ថានឡើងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាល់ទាត់​កីឡាអាស៊ី

2023/10/02 06:52:56 pm        1088
ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រកបាន ៤ គ្រាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ក្រុមការពារមេដាយមាសកូរ៉េខាងត្បូង បានបន្តដំណើរឈ្មោះ​ទៅការពារ​មេដាយ​របស់​ខ្លួន​ដោយ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះចិន ២-០។ ពីរគ្រាប់របស់កូរ៉េធ្វើបានដោយ Hong Hyun-seok និង Song Min-kyu គ្រប់គ្រាន់​ល្មម​ ដើម្បី​ឡើង​វគ្គ៤ ក្រុមចុងក្រោយ និងមានតែការខកចិត្តសំរាប់ម្ចាស់ផ្ទះចិន។ ងាកមកជប៉ុន ក៏បានបន្តដំណើរទៅមុខដែរក្រោយយកឈ្នះកូរ៉េខាងជើងយ៉ាងតានតឹង ២-១។ ជប៉ុននាំមុខមុនដោយ Kontaro Uchino នៅនាទីទី ៥០ តែកូរ៉េខាងជើងក៏តាមស្មើវិញនៅនាទីទី ៧៤ ដោយ Kim Kuk Bom មុនពេលដែលជប៉ុនបានបាល់ពិន័យ ១១ ម៉ែត្រ​មួយ​ស៊ុត​សម្រេច​ដោយ Yuta Matsumara នៅនាទីទី ៧៨។ ចប់ការប្រកួតជប៉ុនឈ្នះ ២-១ តែកីឡាករ​របស់​ក្រុម​កូរ៉េខាង​ជើង​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់អាជ្ញាកណ្តាលដែលផ្តល់បាល់ពិន័យ ១១ ម៉ែត្រដល់ជប៉ុន និងបាន​នាំ​គ្នា​ឡោម​ព័ទ្ធ​អាជ្ញា​កណ្តាលនៅពេលបញ្ចប់ការប្រកួត។ សូមបញ្ជាក់ថា កូរ៉េខាងជើងទើប​បង្ហាញ​ខ្លួន​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​តាំង​ពី​វិបត្តិ​កូវីដ-១៩​។ អ៊ូសប៊ែគីស្ថានក៏តានតឹងដែរទំរាំឈ្នះអារ៉ាប់បីសាអ៊ូឌីតដោយលទ្ធផល ២-១ ខណៈអ៊ូសប៊ែគីស្ថាននាំមុខមុន ២ គ្រាប់មុនពេលដែលអារ៉ាប៊ីសាអ៊ូឌីតតាមបានមួយគ្រាប់វិញ និង​បាត់បង់កីឡាករម្នាក់នៅចុងម៉ោង។ ចុងក្រោយនេះហុងកុង ធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយយកឈ្នះអ៊ីរ៉ង់ ១-០ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​គ្រាប់បាល់របស់ Poon Pui Hin នៅនាទីទី ៤៧។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃពុធនេះ ដោយហុងកុងត្រូវជួបជប៉ុន ខណៈ​អ៊ូស​ប៊ែគីស្ថាន​ជួប​កូរ៉េ​៕ អត្ថបទ៖នាង សុភាវុធ

Canelo Alvarez ឈ្នះ Jermell Charlo ការពារខ្សែក្រវាត់ ៤ ស្ថាប័នរបស់ខ្លួនបាន

2023/10/02 06:14:49 pm        290
កំពូលកីឡាករប្រដាល់ម៉ិកស៊ិក Saul Canelo Alvarez ទីបំផុតអាចការពារខ្សែក្រវាត់ទាំង ៤ ស្ថាប័ន​របស់ខ្លួនបានក្រោយយកឈ្នះកីឡាករអាមេរិក Jermell Charlo។ កីឡាករវ័យ ៣៣ ឆ្នាំ Canelo Alvarez បានយក​ឈ្នះ​ដោយ​ការ​ផ្តល់​ពិន្ទុ​ឱ្យ​ឈ្នះជា​ឯកច្ឆន្ទ​ពី​ចៅក្រ​ម​ទាំងបី ១១៩-១០៨ ១១៨-១០៩ និង ១១៨-១០៩ នៅកីឡដ្ឋាន T-Mobile Arena ទី​ក្រុង Las Vegas សហរដ្ឋអាមេរិក។ Alvarez បានវាយឱ្យ Charlo រាប់ម្តងនៅទឹកទី ៧ ដើម្បីជ័យជំនះលើកទី ៦០ ក្នុងចំណោម ការ​ឡើង​សង្វៀន ៦៤ ប្រកួត។ ជ័យជំនះនេះដែរធ្វើឱ្យកីឡាករវ័យ ៣៣ ឆ្នាំរូបនេះអាចរក្សាខ្សែក្រវាតទាំង ៤ ស្ថាប័ន​របស់​ខ្លួន​បាន​រួម​មាន WBO WBC WBA និង IBF៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្តេជ្ញាចិត្តខ្ពស់ជំរុញការតភ្ជាប់វិនិយោគិន និងធុរជននៃប្រទេសទាំងពីរ
07/29/2026 04:07 PM
ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុងឆមាសទី១ឆ្នាំនេះ
07/29/2026 04:07 PM
អ៊ីរ៉ង់ ស្នើផែនការគ្រប់គ្រងបណ្ដោះអាសន្នកាន់តែធំធេងនៅច្រកសមុទ្រ Hormuz លើការដឹកជញ្ជូនឆ្លងកាត់
07/29/2026 04:07 PM
អារ៉ាប៊ីសាអ៊ូឌីត ចោទក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ពីការវាយប្រហារគ្មានការទទួលខុសត្រូវ
07/29/2026 04:07 PM
ចរាចរណ៍នៅច្រកសមុទ្រ Bab al-Mandeb ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ កក្កដាមក
07/29/2026 04:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ នឹងទទួលបានប្រព័ន្ធការពារដែនអាកាសចិន៤០០គ្រឿង
07/29/2026 04:07 PM
របាយការណ៍៖ លីបង់ត្រូវប្រឈមនឹងផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើក្រុមហេសបូឡាវាយប្រហារ អ៊ីស្រាអែល
07/29/2026 04:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ការនាំចេញទំនិញរបស់អ៊ុយក្រែនកំពុងប្រឈមវិបត្តិកាន់តែខ្លាំង ដោយសារការបិទ ខ្ទប់កំពង់ផែ
07/29/2026 04:07 PM
ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
07/29/2026 04:07 PM
សមាគមសហគ្រិនស្ត្រីកម្ពុជា លើកកម្ពស់ការយល់ដឹង លើការទទួលបាន ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម
07/29/2026 03:07 PM