ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Jessica Hawkins ក្លាយជាកីឡាការិនីដំបូងបើកបរសាកល្បងរថយន្ត F1 តាំងពីឆ្នាំ ២០១៨

2023/09/27 10:18:47 pm        198
កីឡាការិនីប្រណាំងរថយន្តអង់គ្លេស Jessica Hawkins បានក្លាយ​ជា​អ្នក​បើកបរ​ជា​នារី​ដំបូង​ក្នុង​រយៈ​ពេល ៥ឆ្នាំ ដែលបានបើកបរសាកល្បងរថយន្ត Formula One។ក្រុមប្រណាំង Aston Martin បានប្រកាសនៅថ្ងៃអង្គារថា Jessica Hawkins បានបំពេញ​រួចរាល់​ការ​បើកបរ​សាកល្បងលើករថយន្តឆ្នាំ ២០២១ របស់ Aston Martin ចំនួន ២៦ ជុំនៅទីលាន Hungaroring ទីក្រុង Budapest ប្រទេសហុងគ្រីសប្តាហ៍មុន។ អតីតកីឡាការិនីដែលធ្លាប់ប្រណាំងការប្រកួតរបស់នារី Women Series វ័យ ២៨ ឆ្នាំរូប​នេះ​បាន​បើក​បរ​សាកល្បង ជាមួយនឹងកីឡាករបម្រុងរបស់ Aston Martin ម្នាក់ទៀត Felipe Drugovich​។សូមរំលឹកថា កន្លងមកក៏ធ្លាប់មានអ្នកបើកបរជានារីបើកបរសាកល្បងរថយន្ត Formula One ដែរ​កីឡាការិនីកូឡុំប៊ី Tatiana Calderon ដែលបានបើកបររថយន្ត Sauber បច្ចុប្បន្ន Alfa Romeo នៅ​ទីលានប្រណាំង Hermanos Rodriguez ប្រទេសម៉ិកស៊ិកកាលពីខែតុលាឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ

កីឡាករវាយកូនបាល់រុស្ស៊ី​ Karen Khachanov ឈ្នះពានដំបូងក្នុងរយៈពេល ៥ ឆ្នាំ

2023/09/27 09:57:50 pm        175
កីឡាករវាយកូនបាល់រុស្ស៊ី Karen Khachanov ដណ្តើមបានជើងឯកនៅក្នុងក្របខណ្ឌ Tour លើកដំបូងក្នុងរយៈពេល ៥ ឆ្នាំក្រោយយកឈ្នះកីឡាករជប៉ុន Yoshihito Nichioka នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ ATP 250 ពានរង្វាន់ Zhuhai Championship នៅលើទឹកដីចិន។នេះជាការវិលត្រលប់មកការប្រកួតទីពីរប៉ុណ្ណោះសម្រាប់ Karen Khachanov តាំងពីចាញ់នៅវគ្គ ៨ នាក់ចុងក្រោយ French Open កាលពីខែឧសភាដោយសារបញ្ហារបួសខ្នង។មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ កីឡាករវ័យ ២៧ ឆ្នាំរុស្ស៊ីរូបនេះចាញ់តែ ១ សិតប៉ុណ្ណោះ ខណៈវគ្គផ្តាច់ព្រ័ត្របានយកឈ្នះកីឡាករជប៉ុន Nishioka ពីរសិតផ្ទួនៗ ៧-៦(៧-២) និង ៦-១។ រំលឹកថា Karen Khachanov ធ្លាប់ឈ្នះជើងឯកនៅក្របខណ្ឌ Tour ៤ លើករួចមកហើយ ខណៈចុងក្រោយបំផុតគឺឈ្នះនៅទីក្រុងប៉ារីសប្រទេសបារាំងតាំងពីឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ

UEFA អនុញ្ញាតឱ្យក្រុម U17 រុស្ស៊ីប្រកួតនៅក្របខណ្ឌអឺរ៉ុបបានវិញ

2023/09/27 09:40:41 pm        433
សមាគមបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថា ក្រុមយុវជនអាយុក្រោម ១៧ ឆ្នាំរុស្ស៊ីនឹងត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួមការប្រកួតក្របខណ្ឌអឺរ៉ុបលើកដំបូងតាំងពីរុស្ស៊ីធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន ១៩ ខែមុន។ UEFA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ក្មេងប្រុស និងក្មេងស្រី​មិន​គួរ​ទទួល​ទណ្ឌ​កម្ម​តាម​រយៈ​សកម្មភាពរបស់មនុស្សពេញវ័យឡើយ។ រំលឹកថា UEFA បានសម្រេចដាក់បម្រាមឱ្យក្រុមកីឡារុស្ស៊ីចូលរួមការ​ប្រកួត​កីឡា​នានា​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប​តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២។ តាំងពីពេលនោះមក វិធានការហាមប្រាមផ្សេងៗក៏ត្រូវបានដាក់ឡើងពី UEFA ដូចជា ការ​ដក​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០២២ ដែលគ្រោងធ្វើនៅទីក្រុង St. Petersburg និងវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup ២០២៣ ដែលគ្រោងធ្វើទៅទីក្រុង Kazan ក៏ដូចជាផ្តាច់ទំនាក់ទំនងជាមួយដៃគូឧបត្ថម្ភជាមួយក្រុមឧស្ម័នរុស្ស៊ី Gazprom ផងដែរ។ សម្រាប់ការអនុញ្ញាតឱ្យក្រុមយុវជនរុស្ស៊ីចូលរួមការប្រកួតនោះរួមមានការប្រកួតបាល់ទាត់អឺរ៉ុបអាយុ​ក្រោម ១៧ ឆ្នាំដែលគ្រោងធ្វើនៅកោះស៊ីបឆ្នាំក្រោយ និងផ្នែក​យុវនារី​ធ្វើ​ឡើង​នៅ​ប្រទេស​ស៊ុយអែត​ឆ្នាំ​ក្រោយដូចគ្នា។ តែការចូលរួមរបស់ក្រុម U17 រុស្ស៊ីទាំង​ពីរ​ភេទ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ពាក់​ឯក​សណ្ឋាន​ជម្រើស​ជាតិ​រុស្ស៊ី ​មានទង់ជាតិរុស្ស៊ី និងគោរពភ្លេងជាតិរុស្ស៊ីឡើយ៕ អត្ថបទ៖នាង សុភាវុធ

ការបង្ហាញខ្លួនដំបូងឱ្យ Real Madrid របស់កីឡាករវ័យក្មេងទួកគី Arda Guler ត្រូវពន្យាពេលដោយសាររបួស

2023/09/27 09:21:15 pm        215
កីឡាករចំនូលថ្មីវ័យ ១៨ ឆ្នាំទួកគីរបស់ Real Madrid, Arda Guler បាន​ទទួល​រង​របួស​ភ្លៅ​មួយ​ទៀត​ នេះបើតាមការបញ្ជាក់របស់ Real Madrid ដែលធ្វើ​ឱ្យ​ការ​បង្ហាញ​ខ្លួន​ដំបូង​ឱ្យ​ក្លិប​ត្រូវ​ពន្យា​ពេល​បន្ថែម​ទៀត។កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានត្រលប់ពីការប្រកួតមិត្តភាព Pre-Season នៅអាមេរិក​មុនគេ​ដោយ​សារ​បញ្ហាជង្គង់ ដែលត្រូវបានវះកាត់ជោគជ័យកាលពីខែសីហា។Guler ក៏បានវិលត្រលប់មកធ្វើការហ្វឹកហាត់វិញចុងសប្តាហ៍កន្លងទៅ តែក៏មាន​របួស​ផ្សេង​មួយ​ទៀត​ បង្អាក់ការបង្ហាញខ្លួនដំបូងទល់នឹង Las Palmas យប់ថ្ងៃពុធនេះ។ Real Madrid មិនបានបញ្ជាក់ពេលវេលានៃការវិលត្រលប់ពីរបួសរបស់ Arda Guler ឡើយ តែសារព័ត៌មាននៅអេស្ប៉ាញថា នឹងត្រូវសម្រាកប្រហែលបីសប្តាហ៍។របួសរបស់ Arda Guler ជាបញ្ហាបន្ថែមទៀតសម្រាប់ Real Madrid ដែលកំពុង​មាន​កីឡាករ​របួស​មួយ​ចំនួន​រួមមាន Dani Carvajal, Vinicius Junior មានរបួសភ្លៅ ខណៈអ្នកចាំទី Thibaut Courtios និង Eder Militao មានរបួសដែលត្រូវសម្រាកពេញមួយរដូវកាល។ Real Madrid កំពុងឈរលេខ ៣ នៅ La Liga រដូវកាលនេះក្រោយលេងបាន ៦ ប្រកួតឈ្នះ ៥ ចាញ់ ១ ខណៈថ្ងៃសៅរ៍នេះនឹងត្រូវធ្វើដំណើរទៅទឹកដីក្រុមលេខ ២ Girona៕ អត្ថបទ៖នាង សុភាវុធ

ក្រុមការពារជើងឯក Manchester United ឈ្នះ Crystal Palace ឡើងជុំទី ៤ Carabao Cup

2023/09/27 08:55:03 pm        313
ក្រុមការពារតំណែងជើងឯក Carabao Cup បិសាចក្រហម Manchester United បាន​បន្ត​ដំណើរ​ទៅ​ជុំទី ៤ ហើយក្រោយជ័យជំនះ ៣-០ ក្នុងទឹកដីរបស់ខ្លួនលើក្រុមភ្ញៀវ Crystal Palace។គ្រាប់បាល់ពីរគ្រាប់នៅវគ្គទី ១ ដោយកីឡាករអាហ្សង់ទីន Alejandro Garnacho និងកីឡាករ​ប្រេស៊ីល ​Casemiro នាំផ្លូវ Manchester United ទៅវគ្គទី ១៦ ក្រុមចុង​ក្រោយ​ទៅ​ហើយ​មុន​ពេល​ដែល​ខ្សែប្រយុទ្ធបារាំង Anthony Martial បន្ថែមមួយគ្រាប់ទៀតនៅវគ្គទី ២។ក្រុមរបស់លោក Erik ten Hag ប្រឈមនឹងបញ្ហាមិនចេះចប់ពីមួយសប្តាហ៍ទីមួយសប្តាហ៍ ខណៈ​ជ័យ​ជំនះ ៣-០ លើ Crystal Palace នេះជាជ័យ​ជំនះ​ដែល​មាន​គំលាត​គ្រាប់​ច្រើន​បំផុត​ក្នុង​រដូវកាល​នេះ។ ប្រកួតនេះដែរកីឡាករដែលរបួសមួយចំនួនបានវិលត្រលប់មកវិញដូចជា Mason Mount និង​កីឡាករ​ចំនូលថ្មី Sofyan Amrabat ស្ថិតក្នុងជម្រើស ១១ នាក់ដំបូង។ ក្រុមទាំងពីរ Manchester United និង Crystal Palace នឹងត្រូវ​ជួប​គ្នា​ម្តង​ទៀត​ចុង​សប្តាហ៍​នេះ​នៅ​ក្រប​ខណ្ឌ English Premier League នៅទឹកដី Old Trafford ដដែល៕ អត្ថបទ៖នាង សុភាវុធ

Bayern Munich ឈ្នះនៅទឹកដីក្រុមលីគទី ៣ អាល្លឺម៉ង់ជុំទី German Cup តែអ្នកគាំទ្រមិនសប្បាយចិត្ត

2023/09/27 07:32:32 pm        251
ក្រុមជើងឯក Bundesliga, Bayern Munich បានឆ្លងផុតជុំទី ១ ពានរង្វាន់ German Cup ក្រោយជ័យជំនះ ៤-០ នៅទឹកដីក្លិបលីគទី ៣ អាល្លឺម៉ង់ Preussen Muenster តែអ្នកគាំទ្រ Bayern Munich មួយចំនួនមិនសប្បាយចិត្ត។ បន្ទាប់ពីគ្រាប់បាល់នាំមុខដោយ Choupo-Moting នៅនាទីទី ៩ អ្នកគាំទ្រ​ក៏បាន​ចោល​គ្រាប់​បាល់​តិន្នីស​មក​លើ​ទីលាន ដោយពួកគេ​មិន​សប្បាយ​ចិត្ត​ចំពោះ​កាល​វិភាគ​ប្រកួត​របស់​សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់​។ ការប្រកួតនេះត្រូវបានលើកពេលស្ទើពេញមួយខែ បន្ទាប់​ពី​កាល​វិភាគ​ប្រកួត​កាល​ពី​ខែ​សីហា​នោះ​ត្រូវ​ជំនួ​សដោយ ការប្រកួតពានរង្វាន់ German Super Cup ទៅវិញ។ ជើងឯក ២០ សម័យ Bayern Munich បាន​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ឱ្យសម្រាក​ដូច​ជា​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane ជាដើមតែនៅតែមិនមានបញ្ហារកគ្រាប់បាល់ឡើយ។ Konrad Laimer ជាអ្នកតែបញ្ចូលទីគ្រាប់ទីពីរមុនចប់វគ្គទី ១ នាទីទី ៤០ មុនពេលដែល Frans Kraetzig បន្ថែមគ្រាប់ទីបីនៅនាទីទី ៤៥+៥។ កីឡាករវ័យ ១៨ ឆ្នាំ Mathys Tel ជាអ្នកសំរេចគ្រាប់បាល់ទី ៤ នៅចុងវគ្គទី ២ ឱ្យ Bayern Munich ឈ្នះនៅទឹកដី Preussen Muenster ៤-០ បន្តទៅជុំទី ២ German Cup។Bayern Munich នឹងត្រូវធ្វើដំណើរទៅទឹកដី Leipzig ចុងសប្តាហ៍នេះក្របខណ្ឌអាល្លឺម៉ង់ Bundesliga​៕ អត្ថបទ៖នាង សុភាវុធ

អត្តពលិកជាង ១០០នាក់ចូលរួមប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣

2023/09/27 07:05:39 pm        202
ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ ដោយមានអត្តពលិកចូលរួមសរុប ១២៣នាក់ មកពី ១១រាជធានី-ខេត្ត និង ៣​ក្រសួង​ ។ នេះបើយោងតាមរបាយការគណៈកម្មការរៀបចំការប្រកួត ។មន្ដ្រីរៀបចំការប្រកួតបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលឧតបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ចំពោះ​វិញ្ញាសាប្រកួត សរុបមាន ២០វិញ្ញាសា ដែលធ្វើការប្រកួតនៅទីតាំងធំៗពីរ រួមមាន​នៅ​ពហុកីឡដ្ឋាន​ជាតិ(ស្ដាតអូឡាំពិក) និងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ការប្រកួតនេះ ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ នៃផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនី មកពីបណ្ដារាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន​នានា ឆ្ពោះទៅរកចម្រាញ់រកធនធានកីឡាករ-កីឡាការិនីឆ្នើម សម្រាប់​ចូល​រួម​ជំរំ​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើសជាតិ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសអត្តពលិកវ័យក្មេង សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង៕ អត្ថបទ លី ឈុនឡា

Real Madrid គ្រោងយក Xabi Alonso ពី Leverkusen មកជំនួស Carlo Ancelotti

2023/09/27 06:52:37 pm        105
អតីតខ្សែបម្រើអេស្ប៉ាញ Xabi Alonso នឹងក្លាយជាអ្នកចាត់ការ Real Madrid រដូវកាល​ក្រោយ​ជំនួស​លោក Carlo Ancelotti នេះបើតាម​ការ​ចុះផ្សាយ​ជា​ច្រើន​លើ​ទំព័រ​សារព័ត៌មាន​កីឡាធំ​នៅ​អឺរ៉ុប។អតីតខ្សែបម្រើ Liverpool រូបនេះ​ទើប​ទទួល​បាន​តំណែង​ជា​អ្នក​ចាត់​ការ​នៅ​ក្របខ​ណ្ឌ​កំពូល​មិនទាន់​បាន​មួយឆ្នាំនៅឡើយ បន្ទាប់ពីត្រូវបានតែងតាំងឱ្យដឹកនាំក្លិបអាល្លឺម៉ង់ Bayer Leverkusen កាលពីខែតុលារដូវកាលមុន ក្រោយចាកចេញពីការដឹកនាំក្រុម Real Sociedad B រយៈពេល ៣ ឆ្នាំ។ សារព័ត៌មានអេស្ប៉ាញ Marca បានឱ្យដឹងថា Real Madrid បានចាត់ទុក Xabi Alonso គឺ​ជា​ជម្រើស​ដំបូងដែលនឹងមកជំនួសតំណែងលោក Carlo Ancelotti ដែលនឹង​អាច​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីលនៅឆ្នាំក្រោយ។ បុរសវ័យ ៤១ ឆ្នាំ Xabi Alonso បានក្លាយជាបេក្ខភាពឈានមុខគេ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​រដូវកាល​ដ៏អស្ចារ្យរបស់ Bayer Leverkusen រដូវកាលនេះតាមរយៈជ័យជំនះ ៤ ប្រកួតស្មើ ១ ប្រកួត​មាន ១៣ ពិន្ទុស្មើគ្នាជាមួយ Bayern Munich។ ជាងនេះទៅទៀត Alonso ដែលទទួលតំណែងពីលោក Gerardo Seoane នៅខែ​តុលា​ឆ្នាំ​មុន​នោះ​ គឺចំពេលដែល Leverkusen ឈរបាតតារាង និងជួយឱ្យ Leverkusen បញ្ចប់​រដូវ​កាល​មុន​នៅ​ចំណាត់​ថ្នាក់លេខ ៦ រដូវកាលមុន និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ​ទៀតផង៕ អត្ថបទ៖នាង សុភាវុធ

Asian Games៖ គ្រិកឃីតចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈកីឡាមួយចំនួន ពុំទាន់គាប់ប្រសើរនៅឡើយ

2023/09/27 06:31:33 pm        218
ក្រុមកីឡាគ្រិកឃីតជម្រើសជាតិកម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២៣ ស្របពេលប្រភេទកីឡាផ្សេងៗ ហាក់មិនទាន់គាប់ប្រសើរនៅឡើយ ដូច​ជា​កីឡា​ហែលទឹក​ តេក្វាន់ដូ និងបាល់បោះជាដើម ។សម្រាប់ក្រុមគ្រិកឃីតកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមជប៉ុន និងហុងកុង ខណៈ​ប្រកួត​បើក​ឆាក​នា​រសៀលនេះ កម្ពុជាត្រូវជួបជប៉ុនមុនគេ មុនជួបក្រុមហុងកុង នាថ្ងៃទី២៩ ខែកញ្ញា ។ វិញ្ញាសា​គ្រិកឃីតបុរសនេះ គឺបែងចែកជា ៣ពូល ដើម្បីចម្រាញ់រកក្រុមលេខ១ នៃពូលនីមួយៗ ឡើង​ទៅវគ្គ ៨ក្រុមចុងក្រោយ ដែលមានក្រុមខ្លាំង ៥ ទៀត កំពុងឈរចាំ រួមមានឥណ្ឌា ប៉ាគីស្ថាន ស្រីលង្ការ បង់ក្លាដែស និងអាហ្វហ្គានីស្ថាន ។ក្រឡេកទៅចាប់អារម្មណ៍កីឡាផ្សេងៗ ដែលចាប់ផ្ដើមការប្រកួតមុន មកទល់ពេលនេះ ពុំ​ទាន់​មាន​អត្ត​ពលិក​ណាធ្វើបានល្អនោះទេ ជាក់ស្ដែងកាលពីម្សិលមិញ ក្រុមបាល់បោះកម្ពុជា បន្ដចាញ់​ក្រុម​កាហ្សាក់​ស្ថាន ២១-១៣ពិន្ទុ ក្នុងពូលD មុនបន្ដជួបក្រុមគៀហ្ស៊ីគីស្ថាន នៅរាត្រីថ្ងៃពុធនេះ ។ រី​ឯ​កីឡា​ការិនីតេក្វាន់ដូ WT ឈឿង អាលីហ្សា និង ម៉ម ជូលី ក៏បានធ្លាក់ត្រឹមវគ្គជម្រុះដែរ ។ចំណែកកីឡាករទូកក្ដោង ៣រូប បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៣ថ្ងៃកន្លងមក កីឡាករ កែវ ភារុណ កំពុងឈរលេខ៥/៦ ខណៈកីឡាករ កែវ ភានុន ឈរលេខ៨/៩ និងកីឡាករ ញ៉ូវ ចាន់ ឈរ​លេខ១២/១៣ ជាបណ្ដោះអាសន្ននៅឡើយ មុនបន្ដការប្រកួតសន្សំពិន្ទុ នៅថ្ងៃទី២៧ ខែ​កញ្ញា តាមវិញ្ញាសារៀងៗខ្លួនទៀត ។គួរដឹងថា មកទល់ពេលនេះ ក្នុងចំណោមអត្តពលិក ១៧ប្រភេទកីឡា ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូល​រួម​ប្រកួតកីឡាអាស៊ី នៅទីក្រុង Hangzhou គឺមាន ២ប្រភេទកីឡា បានបញ្ចប់ភារកិច្ចរបស់ខ្លួន រួម​មានក្រុមបាល់ទះ និងកីឡាយូដូ ។ រីឯកីឡា ២ប្រភេទទៀត នឹងបញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ថ្ងៃ​នេះ​ ប្រសិនបើពុំមានអត្តពលិករបស់ខ្លួនឡើងវគ្គបន្ដ គឺកីឡាតេក្វាន់ដូ ដែលសល់កីឡាករ វ៉ា មិថុនា ត្រូវប្រកួតជម្រុះជាមួយកីឡាករឥណ្ឌូនេស៊ី Tyagi Shivansh និងកីឡាការិនីហែលទឹក ២រូប ត្រូវប្រកួតជម្រុះ នៅថ្ងៃពុធនេះ ៕ អត្ថបទ លី ឈុនឡា

ម្ចាស់ផ្ទះចិនឈ្នះមេដាយមាសកីឡាអេឡិចត្រូនិចដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី

2023/09/27 06:14:30 pm        247
ម្ចាស់ផ្ទះដណ្តើមបានមេដាយមាសដំបូង ក្នុងប្រភេទកីឡាអេឡិចត្រូនិច​នៅព្រឹត្តិការណ៍​កីឡា​អាស៊ី​ក្រោយ​យក​ឈ្នះក្រុមម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។បន្ទាប់​ពី​ក្លាយ​ជា​កីឡា​បង្ហាញ​នៅ​កាកីឡាអាស៊ីឆ្នាំ ២០១៨ ប្រទេស​ឥណ្ឌូនេស៊ី វា​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ដណ្តើម​មេដាយ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ។កីឡាអាស៊ីនៅទីក្រុង Hangzhou ឆ្នាំនេះមានហ្គេមកុំព្យូទ័រចំនួន ៥ វិញ្ញាសា និង​ហ្គេម​ទូរស័ព្ទ​ចំនួន​ ២ វិញ្ញាសា ដែលត្រូវ​យក​មក​ប្រកួត​លើ​សង្វៀន​ប្រយុទ្ធ​តាម​អ៊ីនធឺណិត​ដែល​មាន​ទាំង​ឯកត្តជន​ និងជាក្រុម។ហ្គេមអនឡាញកំពុងរីកដុះដាលទូទាំងពិភពលោកចំពោះអ្នកលេង និងប្រាក់ចំណូល ហើយ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិកនៅកីឡដ្ឋាន ៤៥០០ កៅអីដែលសាងសង់ឡើងក្នុងទីក្រុង Hangzhou បាន​បង្ហាញថាជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងហ្គេមនៅឆ្នាំនេះ។គណៈកម្មាធិការអូឡាំពិកអន្តរជាតិធ្លាប់មានបំណងដាក់បញ្ចូលកីឡាអេឡិចត្រូនិចនេះ នៅ​ក្នុង​ព្រឹត្តិការណ៍កី​ឡាអូឡាំពិកដែរដោយសារតែលទ្ធភាពនៃប្រាក់ចំណូល ប៉ុន្តែប្រធាន IOC លោក Thomas Bach បានប្រឆាំងនឹងអំពើហឹង្សាដែលបានបង្ហាញនៅក្នុងកីឡាអេឡិចត្រូនិក។Arena of Valor Asian Games Version ដែលត្រូវបានគេស្គាល់ផងដែរថាជា Honor of Kings គឺ​ជា​ហ្គេមទូរស័ព្ទដែលដាក់ក្រុមពីរដែលមានប្រាំនាក់ទល់នឹងគ្នានៅលើសមរភូមិ។ហ្គេមផ្សេងទៀតនៅក្នុងការប្រកួតក្នុងឆ្នាំនេះគឺ៖ League of Legends; Peace Elite Asian Games Version (ត្រូវបានគេស្គាល់ផងដែរថាជា PUBG Mobile); Dota 2; Dream Three Kingdoms 2; Street Fighter V: Champion Edition; និង EA Sports FC (ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា FIFA Online 4)៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតរុស្ស៊ី៖ លោក ហ្សេឡិនស្គី កំពុងប្រើវិបត្តិនៅអ៊ីរ៉ង់ ដើម្បីស្វែងរកថវិកាបន្ថែមពីសហភាពអឺរ៉ុប
07/29/2026 06:07 PM
អ្នកនាំពាក្យ MFA ៖ អ៊ុយក្រែននឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើរថយន្តក្រុង នៅក្នុងប្រទេសរុស្ស៊ី
07/29/2026 05:07 PM
ការចាប់អារម្មណ៍ខ្លាំងដោយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លើ​គុយបា គឺជាផ្នែកនៃ​ក្តីស្រមៃអាមេរិករបស់លោក​
07/29/2026 05:07 PM
FT៖ កម្លាំងមីស៊ីលរបស់អ៊ីរ៉ង់នៅតែមានប្រសិទ្ធភាព ទោះបីរងការវាយប្រហារពីអាមេរិករយៈពេល ៥ ខែក៏ដោយ
07/29/2026 05:07 PM
របាយការណ៍៖ កងទ័ពលីបង់រកឃើញឃ្លាំងអាវុធរបស់ក្រុមហេសបូឡា នៅតំបន់សាកល្បង
07/29/2026 05:07 PM
បារាំងជម្លៀសមនុស្ស ៤ពាន់​នាក់បន្ថែម ខណៈចំហេះ​ព្រៃនាំ​ឱ្យជាង​ ៣០ម៉ឺន​នាក់ភៀសខ្លួន​​ នៅ​ភាគនិរតីទ្វីបអឺរ៉ុប
07/29/2026 05:07 PM
សម្ពាធកើនឡើងលើអធិការបតី​អាល្លឺម៉ង់ លោក Merz ក្រោយ​មាន​ការរុះរើគណៈរដ្ឋមន្ត្រីដ៏ចម្រូងចម្រាស
07/29/2026 05:07 PM
ចិនថ្កោលទោសវិធានការ​របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើស្ថាប័នស្រាវជ្រាវចិន
07/29/2026 05:07 PM
ទោះប្រឈមភាពមិនប្រាកដប្រជាសកល និងការឈ្លានពានពីថៃ កម្ពុជានៅតែទាក់ទាញ FDI កើន ១៨%
07/29/2026 05:07 PM
រដ្ឋបាលលោក Trump ហាម​ឃាត់​មនុស្ស​យន្ត​រូប​រាងដូចមនុស្សថ្មីរបស់ចិន ដើម្បីការពារ​ AI របស់អាមេរិក
07/29/2026 05:07 PM