Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

អតីតខ្សែប្រយុទ្ធអ៊ីតាលី Vincenzo Montella ត្រូវប្រកាសតែងតាំងជាគ្រូបង្វឹកទួកគី

2023/09/22 07:52:30 pm        335
អតីតខ្សែប្រយុទ្ធអ៊ីតាលី Vincenzo Montella ត្រូវ​បាន​ប្រកាស​តែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ទួកគី​នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Stefan Kuntz។លោក Stefan Kuntz ត្រូវបានសហព័ន្ធ​បាល់ទាត់​ទួកគី​បញ្ចប់​តំណែង​ក្រោយ​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពីបរាជ័យក្រោមថ្វីជើងជប៉ុន ៤-២ លក្ខណៈមិត្តភាព។ ទួកគីក្លាយជាក្រុមជម្រើសជាតិទី ២ ដែលដកតំណែងគ្រូបង្វឹកក្រោយចាញ់ជប៉ុន បន្ទាប់​ពី​អាល្លឺម៉ង់​ក៏​បាន​ដកតំណែងគ្រូបង្វឹក Hansi Flick ដែរក្រោយចាញ់ជប៉ុន ៤-១ ក្នុងជំនួបមិត្តភាព​កាល​ពី​សប្តាហ៍មុន។ ចំណែកឯលោក Vincenzo Montella បច្ចុប្បន្នវ័យ ៤៩ ឆ្នាំ ធ្លាប់​ចំណាយ​ពេល​ដឹក​នាំ​ក្លិប​អាជីព​នៅ​ទឹកដីទួកគីផងដែរគឺដឹកនាំក្រុម Adana Demirspor រយៈពេល ២ ឆ្នាំ មុនពេល​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែមិថុនាកន្លងទៅ។ លោក Montella ក៏ធ្លាប់ដឹកក្លិបធំៗនៅអ៊ីតាលីផងដែររួមមាន AC Milan និង Fiorentina ក៏​ដូច​ជា​ធ្លាប់​ដឹកនាំក្លិបអេស្ប៉ាញ Sevilla។មកដល់ទឹកដីទួកគីនេះ Montella បានចុះហត្ថលេខាងដឹកនាំក្រុមជម្រើសជាតិ ៣ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

Liverpool ផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងទាំងអស់តែអាចឈ្នះនៅទឹកដី LASK ក្របខណ្ឌ Europa League

2023/09/22 07:20:51 pm        401
ក្រុមហង្សក្រហម Liverpool មិនមានវត្តមាននៅក្របខណ្ឌកំពូលអឺរ៉ុប Champions League ឡើយ បានត្រឹមលេងនៅក្របខណ្ឌទី ២ Europa League ខណៈការចាប់ផ្តើមយប់មិញ​យកឈ្នះ​នៅទឹកដី​អូទ្រីស LASK Linz ៣-១។ ក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនដោយខ្សែបម្រើ Florian Flecker នៅនាទីទី ១៤។ អ្នកចាត់ការ Liverpool លោក Jurgen Klopp បានផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូ​ង​របស់​ក្រុម​ទាំងអស់​តែ​ម្តងបើប្រៀបធៀបនឹង ១១ នាក់ពេលឈ្នះនៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ។ ជម្រើស ១១ នេះមិនល្អទេសម្រាប់ Liverpool នៅវគ្គទី ១ តែមិនថ្វីទេ Liverpool នៅតែ​អាច​វាយ​ប​កយកឈ្នះការប្រកួតនេះបាននៅវគ្គទី ២ ដោយគ្រាប់បាល់តាមស្មើរបស់ Darwin Nunez ពី​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ មុនពេលដែល Luis Diaz ស៊ុតនាំមុខនៅនាទីទី ៦៣ ខណៈ​កីឡាករ​បម្រុង Mohamed Salah បន្ថែមគ្រាប់ចុងក្រោយនៅនាទីទី ៨៨។ ងាកទៅលទ្ធផលផ្សេងទៀត ក្រុមញញួរធំ West Ham ក៏រក​បាន​បីពិន្ទុផ​ង​ដែរ​ក្នុង​ទឹកដី​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ ក្រុមភ្ញៀវស៊ែប Backa Topola ៣-១ តែ Brighton បង្ហាញខ្លួន​នៅ​អឺរ៉ុប​លើក​ដំបូង​បែ​ជាចាញ់ក្រុមភ្ញៀវក្រិក AEK Athens ២-៣ ក្នុងដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ

ម្ចាស់ផ្ទះចិន និងបងប្អូនកូរ៉េទាំងពីរសុទ្ធតែរកបានបីពិន្ទុពីការប្រកួតវិញ្ញាសាបាល់ទាត់កីឡាអាស៊ី

2023/09/22 06:45:41 pm        907
ក្រុមបាល់ទាត់ម្ចាស់ផ្ទះចិនបន្តធ្វើបានល្អ ក្នុងការប្រកួតវិញ្ញាសាបាល់ទាត់​នៅព្រឹត្តិការណ៍​កីឡាអាស៊ី​ក្រោយ​យក​ឈ្នះ​មីយ៉ាន់ម៉ា ៤-០ ដែលជាជ័យជំនះពីរប្រកួតផ្ទួនៗនៅក្នុងពូល A។កីឡាករ Tan Long តែតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងរយៈពេល ៣ នាទីអំឡុងវគ្គទី ១ ខណៈ ២ គ្រាប់​ទៀត​ក៏​រកបានក្នុងវគ្គទី ១ ដែរដោយ Wang Zhenao នាទីទី ២២ និង គ្រាប់ចុងក្រោយនាទីទី ៤៤ ដោយ Dai Weijun។ នេះជាជ័យជំនះទី ២ របស់ចិនដើម្បីឈរលើគេក្នុងពូល A នេះមាន ៦ ពិន្ទុពេញខណៈឥណ្ឌា និង​មីយ៉ាន៉ម៉ា​មាន ៣ ពិន្ទុគ្នាក្រោយឈ្នះមួយចាញ់មួយដូចគ្នា។ ងាកមកក្រុមការពារមេដាយមាសកូរ៉េខាងត្បូង ក៏រកបានជ័យជំនះលើកទី ២ របស់ខ្លួនដែរដោយប្រកួតទី ២ នេះយកឈ្នះថៃ ៤-០។ ស្រដៀងនឹងការប្រកួតរបស់ចិនដែរ ៣ គ្រាប់កើតឡើងនៅក្នុងវគ្គទី ១ ធ្វើបានដោយ Hong Hyunseok នាទីទី ១៥ An Jeajun នាទីទី ២០ Um Wonsang នាទីទី ៣៩ និងគ្រាប់ទី ៤ សម្រេចបាននៅវគ្គទី ២ ចុងម៉ោងដោយ Lee Jaeik។ កូរ៉េនៅពេលនេះឈរលើគេមាន ៦ ពិន្ទុពេញ ស៊ុតបញ្ចូលទី ១៣ គ្រាប់មិនរបូតគ្រាប់បាល់ឡើយ ខណៈ​បារ៉ែនមាន ២ ពិន្ទុ ថៃ​ ១ ពិន្ទុ និង គុយវ៉ែត ០ ពិន្ទុ។ ចំណែកឯកូរ៉េខាងជើងក៏បន្តធ្វើបានល្អដែរ ក្នុងការវិលត្រលប់របស់ក្រុមបាល់ទាត់ជម្រើសជាតិ​លើ​ឆាក​អន្តរជាតិ ក្រោយយកឈ្នះគីជីស្ថាន ១-០។ គ្រាប់បាល់ជ័យជំនះរបស់កូរ៉េខាងជើងសម្រេចបាននៅនាទីទី ២០ ដោយ Kim Kukjin គ្រប់គ្រាន់​សម្រាប់​ជ័យ​ជំនះ​ឈរលើគេក្នុងពូល F មាន ៦ ពិន្ទុ តាមពីក្រោយដោយឥណ្ឌូនេស៊ី និងឆាយនីសតៃប៉ិមាន ៣ ពិន្ទុ​ដូចគ្នា។ ក្រឡេកមកពូល B ក្រុមបាល់ទាត់អ៊ីរ៉ង់រកបានជ័យជំនះដំបូងរបស់ខ្លួន​នៅ​ក្នុងពូល​ក្រោយ​យក​ឈ្នះ​វៀតណាម ​៤-០ ដើម្បីឡើងមកឈរលើគេក្នុងពូលមាន ៤ ពិន្ទុស្មើគ្នានឹងអារ៉ាប៊ីសាអ៊ូឌីត ដែល​យក​ឈ្នះ​ម៉ុង​ហ្គោលី ៣-០ ខណៈវៀតណាមឈរលេខ ៣ មាន ៣ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

ចិន យាងព្រះមហាក្សត្រកម្ពុជា ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩

2023/09/22 06:25:48 pm        552
ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែល​លើក​ពី​ឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាល្ងាច​ថ្ងៃទី​២៣ ខែ​កញ្ញា​ស្អែក ខណៈរដ្ឋាភិបាលចិន បានយាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេច​យាងចូលរួមជាភ្ញៀវកិត្តិយសពិសេសរបស់ម្ចាស់ផ្ទះ ក្នុងពិធីបើកកីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកនេះគឺជាមហាកិត្តិយសមួយ សម្រាប់​កម្ពុជា​ ពិសេសដែលមានព្រះរាជវត្ដមានរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹង​ស្ដេច​យាង​ចូលរួមពិធីបើកកីឡាអាស៊ី ដែលជាការទូតដ៏ល្អបរិសុទ្ធមួយភ្ជាប់នឹងកីឡា ហើយ​ក៏​ជា​ការ​ផ្ដល់នូ​វ​កិត្តិយស និងការលើកទឹកចិត្តដល់វិសេសវិសាលបំផុតដល់ប្រតិភូកីឡាកម្ពុជា ដែល​ត្រូវ​បំពេញ​បេសកកម្មក្នុងព្រឹត្តិការណ៍នេះ ។គួរដឹងថា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង ​Hangzhou ​នឹង​ដំណើរ​ការ​ប្រកួត​ផ្លូវការ ​ពី​ថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកម្ពុជាបានបញ្ជូនអត្តពលិក ១​៧ប្រភេទកីឡាចូលរួមប្រកួត រួមមាន​កីឡា​អត្តពលកម្ម,​ ហែលទឹក, ​បាល់ទះ, ​បាល់បោះ, ​ជឺជីតស៊ូ,​ តេក្វាន់ដូ WT,​ គ្រិកឃីត, ​យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ​ទូក​ប្រពៃណី, ​សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ ក្នុងចំណោមអត្តពលិកទាំងអស់ មាន​កីឡា​សក្ដានុពលប្រមាណ ៦-៧ប្រភេទកីឡា ដែលកម្ពុជារំពឹងទទួលបានមេដាយ ។ នេះបើ​តាម​ការបញ្ជាក់​បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន ៕ អត្ថបទ លី ឈុនឡា 

ម្ចាស់ផ្ទះបារាំងឈ្នះណាំមីប៊ីលើសលុប ៩៦-០ ការប្រកួតបាល់ឱបជើងឯកពិភពលោក

2023/09/22 06:02:49 pm        573
ក្រុមបាល់ឱបម្ចាស់ផ្ទះបារាំងរកបានជ័យជំនះដ៏ធំធេងលើណាំមីប៊ីដល់ទៅ ៩៦-០ កាន់​តែកៀក​ក្នុង​ការកក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយ នៃ​ព្រឹត្តិការណ៍​បាល់ឱប​ជើងឯក​ពិភពលោក​ក្នុង​ទឹកដី​របស់​ខ្លួន​។ ជំនួបនៅក្នុងពូល A នៅទីក្រុង Marseille នេះ ក្រុមបាល់​ឱប​មក​ពី​តំបន់​អាហ្វ្រិកណាំមីប៊ី​គ្មាន​អ្វីតបតរ​នឹងអតីតជើងឯករង ៣ លើកបារាំងឡើយ ខណៈកីឡាករ Damian Penaud រកបាន ៣ Tries ម្នាក់ឯង ក្នុងចំណោម ១៤ Tries សរុប។ Jonathan Danty, Charles Ollivon និង Louis Bielle-Biarry សុទ្ធតែរកបាន ២ Tries ម្នាក់ឯង។ យ៉ាងណាក្តី ស្របពេលនឹងជ័យជំនះរបស់បារាំងនេះ បារាំង​ក៏មានក្តី​បារម្ភ​ធំមួយ​គឺ​របួស​របស់​កីឡាករ​សំខាន់ Antoine Dupont ខណៈប្រធានក្រុមរូបនេះត្រូវបានផ្លាស់ចេញនៅវគ្គទី ២ ក្រោយ​ប៉ះទង្គិចជាមួយនឹងកីឡាកររបស់ណាំមីប៊ី Johan Deysel ដែល​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ពី​ការប្រកួត។របួសរបស់ Antoine Dupont អាចប្រឈមនឹងអវត្តមានពីក្រុមនៅវគ្គ ៨ ក្រុមចុងក្រោយ។ បារាំងនៅពេលនេះលេង ៣ ប្រកួតឈ្នះទាំង ៣ ឈរលើគេក្នុងពូលមាន ១៣ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ក្រុម​អ៊ីតាលី លេង ២ ប្រកួតមាន ១០ ពិន្ទុ ហើយក្រុមទាំងពីរបារាំង និងអ៊ីតាលី​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី៧ ខែតុលា៕ អត្ថបទ៖នាង សុភាវុធ

ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា ចូលរួមបង្ហូតទង់ជាតិ មុនពិធីបើកព្រឹត្តិការណ៍ Asian Games នៅចិន

2023/09/22 05:17:56 pm        500
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជា​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​(NOCC) អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា ​និងជាអគ្គលេខាធិការ NOCC នៅព្រឹកថ្ងៃទី២២ ខែកញ្ញា​នេះ ​ បាន​អញ្ជើញ​ចូលរួម​ពិធី​បង្ហូត​ទង់​ជាតិ​ នៅភូមិកីឡា នាទីក្រុង Hangzhou ដើម្បីបង្ហាញពីវត្តមាន ក៏ដូចជាការត្រៀមខ្លួនរួចរាល់ សម្រា​ប់ចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន ដែលនឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ពិធីបង្ហូតទង់ជាតិនេះ ធ្វើឡើង ៦ប្រទេសម្ដងនេះ ក្នុងនោះប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា បាន​ប្រារព្ធ​ពិធី​បង្ហូតទង់ជាតិរបស់ខ្លួន ជាមួយប្រតិភូកីឡាប្រ៊ុយណេ ថៃ កូរ៉េខាងជើង ឆាយនីសតៃប៉ិ និង​ប្រតិភូ​កីឡាប៉ាឡេស្ទីន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ពីទីក្រុង ​Hangzhou ​។ឯកឧត្តមអនុប្រធានប្រតិភូមានប្រសាសន៍ថា ជាមួយការចូលរួមបង្ហូតទង់ជាតិ ដើម្បី​បញ្ជាក់​ពី​ការ​ទៅដ​ល់​ភូមិ​កីឡា ក៏ដូចជាទីតាំងប្រកួតនេះ ប្រតិភូកីឡា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី​ ថោង ខុន ក៏បានបញ្ជាក់ពីសមិទ្ធផល នៃការចូលរួម​ប្រកួត​កន្លង​មករ​បស់​អត្តពលិក​កម្ពុជា​ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក៏ដូចជាការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេ​ម​ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីថ្មីៗ ។អ្វីដែលពិសេស គឺកម្ពុជាបានរៀនសូត្រ និងទទួលបានបទពិសោធន៍ច្រើន ពីការ​ទទួល​បដិ​សណ្ឋារកិច្ច​របស់ម្ចាស់ផ្ទះចិន ក្នុងការរៀបចំពិធីទទួលស្វាគមន៍ប្រតិភូ ក៏ដូច​ជា​របៀប​របប​នៃ​ការ​បង្ហូត​ទង់ជាតិ និងការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីជា​ពិសោធ​ន៍​ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។គួរដឹងថា ព្រឹត្តិការណ៍ Asian Games លើកទី១៩ នឹងដំណើរការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែ​កញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ដោយកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡា​ការិនី​សរុប ១៨៩នាក់ លើ ១៧ប្រភេទកីឡាចូលរួមប្រកួត ដូចជា​អត្តពលិក​កីឡា​អត្តពលកម្ម,​ ហែលទឹក,​ បាល់ទះ,​ បាល់បោះ, ​ជឺជីតស៊ូ,​ តេក្វាន់ដូ​ WT​, គ្រិកឃីត,​ យូដូ,​ ចំបាប់,​ វាយសី,​ ការ៉ាតេ,​ ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ៕ អត្ថបទ លី ឈុនឡា

AFC Cup៖ ភ្នំពេញក្រោន យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន Cebu FC ៣-០ ក្នុងជំនួបបើកឆាកពូលF

2023/09/22 04:50:30 pm        811
ក្រុមភ្នំពេញក្រោន របស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលពីន Dynamic Herb Cebu FC ដោយលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូលF នៃពានរង្វាន់ AFC Cup 2023/24​ នៅកីឡដ្ឋាន​ Rizal Memorial នារដ្ឋធានីម៉ានីល កាលពីយប់មិញ ។ជំនួបដ៏តានតឹងនេះ បានចំណាយពេលស្ទើរមួយតង់ ទើបមានគ្រាប់បាល់កើតឡើង ដែល​ផ្ដើម​ចេញ​ពី​ការ​តែតបញ្ចប់របស់ខ្សែប្រយុទ្ធជនជាតិជប៉ុន Shimizu Shintaro  នៅនាទី៤២ ដែល​ជួយ​ឲ្យ​ក្រុមភ្នំពេញក្រោន នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅវគ្គទី១ ។ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង ពិសេស​ក្រុម ​Cebu ​របស់​ហ្វីលីពីន ​តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមសិង្ហក្រហមបានឡើយ ផ្ទុយទៅ​វិញ​ភ្នំពេញ​ក្រោន ​បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ អ៊ន ចាន់ប៊ូលីន នៅនាទី៥៤ និង​កីឡាករ​ Andres Nieto នៅនាទី៨៤ ដើម្បីធានាជ័យជម្នះតែម្ដង ។ជាមួយជ័យជម្នះនេះដែរ នាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុ​ពេញ ​ស្មើក្រុមមកពីអូស្ដ្រាលី Macarthur FC ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៣-០ ដូចគ្នា ក្នុងការប្រកួតដែលចាប់ផ្ដើមដំណាលគ្នា កាលពីយប់មិញ ។សម្រាប់ការប្រកួតបន្ដ ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Shan United ​របស់​មីយ៉ាន់ម៉ា​វិញ​ម្ដង នាថ្ងៃទី០៥ ខែតុលា ហើយក្រុម Cebu FC ក៏ត្រូវជួបក្រុមម្ចាស់ផ្ទះ Macarthur FC នៅ​ថ្ងៃជាមួយគ្នានោះដែរ ក្នុងប្រកួតទី២ ជើងទី១ នៃពូលF ប្រចាំវគ្គជម្រុះពានរង្វាន់ AFC Cup 2023/24 ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ។សូមរំឮកថា វគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ភ្នំពេញក្រោន ស្ថិត​ក្នុង​ពូល ​F​ ជា​មួយក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន, ក្រុម Shan United របស់មីយ៉ាន់ម៉ា និង​ក្រុម Macarthur FC មកពីអូស្ដ្រាលី ដែលត្រូវប្រើរូបមន្ដការប្រកួតវិលជុំចំនួន ២ជើង ដើម្បី​កំណត់​ក្រុម​មានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា  

Manchester United ចាញ់នៅផ្ទះ Bayern Munich ខណៈ Arsenal បំបាក់ PSV នៅ UCL

2023/09/21 09:17:25 pm        499
ក្រុមបិសាចក្រហម Manchester United មិនអាចរកពិន្ទុបានឡើយនៅទឹកដីជើងឯកអាល្លឺម៉ង់ Bayern Munich ក្រោយរងបរាជ័យប្រកៀកប្រកិត ៤-៣ នៅកីឡដ្ឋាន Allianz Arena។Leroy Sane និង Serge Gnabry រកបានម្នាក់មួយគ្រាប់នាំមុខឱ្យ Bayern Munich ២-០ ក្នុងវគ្គទី ១ មុន​ពេល​ដែល​ខ្សែ​ប្រយុទ្ធដាណឺម៉ាក Rasmus Hojlund រកបានគ្រាប់ដំបូងឱ្យ Manchester United តាមពីក្រោយ ១-២។ តែបានត្រឹម ៤ នាទីប៉ុណ្ណោះ កំហុសបាល់ប៉ះដៃ Christian Eriksen នៅក្នុងប្រអប់ឆែកដោយ VAR អាជ្ញា​កណ្តាល​ផ្តល់​ពិន័យ ១១ ម៉ែត្រឱ្យ Bayern Munich ស៊ុតសំរេចដោយខ្សែប្រយុទ្ធអង់គ្លេសធ្លាប់ជាគោលដៅរបស់ Man United, Harry Kane។ ខ្វះពីរនាទីទៀតចប់ខ្សែបម្រើប្រេស៊ីល Casemiro តាមបានមួយគ្រាប់វិញនៅនាទីទី ៨៨ តែក្នុងម៉ោងបន្ថែមបង្គ្រប់ ពីរ​គ្រាប់​កើតឡើងដោយកីឡាករបម្រុង Mathys Tel និង Casemiro គ្រាប់ទីពីរ​របស់​ខ្លួន​ធ្វើ​ឱ្យ​ការ​ប្រកួត​បញ្ចប់​ដោយ Bayern Munich យកឈ្នះ ៤-៣ លើ Manchester United។ នៅក្នុងពូល A នេះដែរ Galatasaray និង Copenhagen ស្មើគ្នា ២-២។ ងាកមកពូល B ក្រុមកាំភ្លើងធំ Arsenal បង្ហាញខ្លួនលើកដំបូងនៅ UEFA Champions League ក្នុងរយៈពេល ៦ ឆ្នាំ ខណៈការវិលត្រលប់របស់ខ្លួនគឺយកជាមួយនឹងភាពជោគជ័យក្រោយយកឈ្នះក្រុមភ្ញៀងហូឡង់ PSV Eindhoven ៤-០។ ៤ គ្រាប់នេះសំរេចដោយកីឡាករ ៤ នាក់ផ្សេងគ្នារួមមាន Bukayo Saka, Leandro Trossard, Gabriel Jesus និង Martin Odegaard។ក្នុងពូលនេះដែរ Sevilla ទទួលស្វាគមន៍ក្រុមភ្ញៀវបារាំង RC Lens បញ្ចប់ទៅដោយស្មើគ្នា ១-១។ចំណែកឯក្រុមជើងឯក ១៤ សម័យ Real Madrid យកឈ្នះក្រុមបង្ហាញខ្លួនលើកដំបូងមកពីអាល្លឺម៉ង់ Union Berlin ទាំងលំបាក ពោលគឺត្រូវរង់ចាំដល់នាទីចុងក្រោយបំផុតនៃការប្រកួត ៩០+៤ ទើបខ្សែបម្រើអង់គ្លេស Jude Bellingham ស៊ុតបញ្ចូលទីបានសំរេច ខណៈដែល Napoli យកឈ្នះនៅទឹកដី Braga បាន ៣ ពិន្ទុក្នុងពូល C ផងដែរ។ ពូល D ក្រុមជើងឯករង Inter Milan ក៏ត្រូវការគ្រាប់បាល់ចុងម៉ោងដែរដើមយកបាន ១ ពិន្ទុពីទឹកដី Real Sociedad បន្ទាប់ពីក្រុមម្ចាស់ផ្ទះនាំមុខតាំងពីនាទីទី ៤ ដោយ Brais Mendez តែខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez តាមស្មើនៅនាទីទី ៨៧។ ក្នុងពូលនេះដែរ RB Salzburg យកឈ្នះនៅទឹកដី Benfica ២-០៕ អត្ថបទ៖នាង សុភាវុធ

Ivan Perisic របួសដាច់សសៃពួរជង្គង់ ត្រូវសម្រាកពេញមួយរដូវកាល

2023/09/21 07:34:04 pm        461
ខ្សែបម្រើ Tottenham Hotspur, Ivan Perisic នឹងត្រូវទទួលវះកាត់ បន្ទាប់​ពីរង​របួស​អំឡុង​ការ​ហ្វឹកហាត់​ដល់ដាច់សសៃពួរជង្គង់ខាងស្តាំ ដែលនឹងត្រូវសម្រាកពេញមួយរដូវកាលនេះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ក្លិបនៅ Premier League មួយនេះ។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបង្ហាញខ្លួនឱ្យ Spurs បាន ៦ ប្រកួតគ្រប់ក្របខណ្ឌរដូវកាលនេះ ប៉ះ​បញ្ជូន​ឱ្យ​មាន​គ្រាប់​បាល់ពីរលើក។ អតីតកីឡាកររបស់ Inter Milan រូបនេះនឹងត្រូវទទួលការវះកាត់នៅទីក្រុងឡុងដ៍សប្តាហ៍នេះ។ Ivan Perisic បានមកដល់ Spurs ពី Inter Milan នៅឆ្នាំ ២០២២ ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ ពោល​គឺ​កិច្ច​សន្យានឹងអស់សុពលភាពដំណាច់រដូវកាលថ្មីនេះ។ Spurs បច្ចុប្បន្នមិនទាន់ចាញ់ឡើយនៅ Premier League ក្រោយលេងបាន ៥ ប្រកួតឈ្នះ ៤ និងស្មើ ១ ឈរ​លេខ ២ ក្នុងតារាងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ange Postecoglou។រំលឹកថា Ivan Perisic គឺជាជ័យលាភីឈ្នះជើងឯក UEFA Champions League ជាមួយនឹង Bayern Munich នៅឆ្នាំ ២០២០ និង ជាសមាជិករបស់ Inter Milan ឈ្នះជើងឯកអ៊ីតាលី Serie A នៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ

ក្រុមថៃទាំងពីរ Buriram និង Bangkok United រកបាន ៣ ពិន្ទុរៀងខ្លួននៅ AFC Champions League

2023/09/21 07:13:50 pm        828
ក្រុមបាល់ទាត់មកពីលីគកំពូលថៃទាំងពីរ Buriram United និង Bangkok United សុទ្ធតែរក​បាន​បីពិន្ទុ​រៀង​ខ្លួន​ពីការប្រកួតទី ១ ក្នុងពូលនៅក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League។គូដំបូងនេះ Buriram United បើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមចិន Zhejiang FC នៅកីឡដ្ឋាន Chang Arena។ ៤ គ្រាប់កើតឡើងនៅក្នុងវគ្គទី ១ ពោលគឺម្ចាស់ផ្ទះរកបានគ្រាប់នាំមុខមុន ៣-០ ដោយ Lousana Boumbouya មុនពេលដែល Goran Causic រកបានពីរគ្រាប់ម្នាក់ឯង។ មុនចប់វគ្គទី ១ ក្រុមភ្ញៀវចិន Zhejiang តាមបានមួយគ្រាប់វិញដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Leonardo តែវគ្គទី ១ Buriram រកបានគ្រាប់ចុងក្រោយដោយ Pansa Hemviboon។ បីពិន្ទុនេះធ្វើឱ្យ Buriram ឡើងឈរលើគេក្នុងពូល H តាមពីក្រោយក្រុមអូស្រ្តាលី Melbourne City FC និងក្រុមជប៉ុន Ventforet Kofu ដែលស្មើគ្នា ១-១។ ងាកមកក្រុមថៃមួយទៀត Bangkok United ធ្វើដំណើរទៅទឹកដីសិង្ហបុរី និងបានយកឈ្នះក្រុមម្ចាស់ផ្ទះ Lion City Sailors ២-១។ ក្រុមម្ចាស់ផ្ទះនាំមុខដោយគ្រាប់របស់វ៉ូឡេរបស់ Diego Lopez នៅវគ្គទី ១ តែ Bangkok United វាយបកវិញនៅវគ្គទី ២ ដោយគ្រាប់បាល់របស់ Everton តែតបញ្ចូលទីនៅនាទីទី ៥១ និង Thitipan Puangchan។ បីពិន្ទុនេះ Bangkok United ឈរលេខ ២ ក្នុងពូល F ជាមួយក្រុមកូរ៉េ Jeonbuk ដែលបានយកឈ្នះក្រុមភ្ញៀវហុងកុង Kitchee FC ២-១។ លទ្ធផលផ្សេងទៀតក្រុមកូរ៉េ Pohang Steelers យកឈ្នះនៅទឹកដីវៀតណាម Hanoi FC ៤-២ ឈរលើគេក្នុងពូល J ខណៈ ក្រុមចិន Wuhan Three Towns និងក្រុមជប៉ុន Urawa Reds ស្មើគ្នា ២-២៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
07/30/2026 07:07 PM