Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

អ៊ីតាលី វាយបកយកឈ្នះអ៊ុយរូហ្កាយការប្រកួតបាល់ឱបពិភពលោក នៅបារាំង

2023/09/21 05:35:37 pm        347
ក្រុមបាល់ឱបអ៊ីតាលី ធ្វើបានយ៉ាងល្អក្នុងការប្រកួតវគ្គទីពីរក្នុងវាយបកពីក្រោយយកឈ្នះអ៊ុយរូហ្កាយ ៣៨-១៧ ដើម្បីឡើងឈរលើគេក្នុងពូល A ការប្រកួតបាល់ឱបជើងឯកពិភពលោកនៅប្រទេសបារាំង។អ៊ីតាលីរកបាន Try នាំមុខមុនក្នុងវគ្គទី ១ មុនពេលដែលអ៊ុយរូហ្កាយរកបាន ២ Try ផ្ទួនៗក្នុងវគ្គទី ១ ដដែល​ដើម្បីនាំមុខលើអ៊ីតាលី ១៧-៧ ចប់វគ្គទី ១។ឈានដល់វគ្គទី ២ ពិន្ទុ ១៧ របស់អ៊ុយរូហ្គាយគាំងត្រឹមនេះ បន្ទាប់ពីអ៊ីតាលីកែប្រែយុទ្ធសាស្រ្តនៅវគ្គទី ២ និង​វាយសម្រុកខ្លាំង និងរកបាន ៤ Try ដើម្បីយកឈ្នះការប្រកួត ៣៨-១៧ លើអ៊ុយរូហ្កាយ។ជ័យជំនះនេះធ្វើឱ្យអ៊ីតាលីឡើងឈរលើគេបណ្តោះអាសន្ននៅក្នុងពូល A នេះក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត​ក្នុង​ពូល ដូចនឹងក្រុមម្ចាស់ផ្ទះបារាំងដែរ តែអ៊ីតាលីមានពិន្ទុបន្ថែម ២ ពិន្ទុ​ពីការ​ប្រកួត​ទាំងពីរ​លើក​របស់​ខ្លួន​។ ថ្ងៃនេះក្រុមម្ចាស់ផ្ទះបារាំងនឹងត្រូវជួបជាមួយណាំមីប៊ី ជាការប្រកួតទី ៣ ក្នុង​ពូល​ ខណៈអ៊ីតាលី​នឹង​ត្រូវ​ជួប​នូវេស៊ីឡង់​ប្រកួតទី៣ របស់ខ្លួននៅថ្ងៃទី ២៩៕ អត្ថបទ៖នាង សុភាវុធ

ក្រុម F1 McLaren បន្តកិច្ចសន្យាជាមួយកីឡាករអូស្រ្តាលី Oscar Piastri ដល់ដំណាច់រដូវកាល ២០២៦

2023/09/21 05:08:39 pm        307
ក្រុមប្រណាំង Formula One, McLaren បានសំរេចបន្តកិច្ចសន្យាឱ្យកីឡាករវ័យក្មេងអូស្រ្តាលី Oscar Piastri ដល់ដំណាច់រដូវកាល ២០២៦។កីឡាករវ័យ ២២ ឆ្នាំរូបនេះធ្វើឱ្យក្រុម McLaren មានការចាប់អារម្មណ៍ក្នុងការសហការជាមួយមិត្តរួមក្រុម Lando Norris រដូវកាលនេះ ដែលក្រុម McLaren រំពឹងថា Oscar ជាតារាឆ្នើមរបស់ក្រុមនៅថ្ងៃអនាគត។ប្រធានគ្រប់គ្រងបច្ចេកទេសរបស់ McLaren លោក Andrea Stella ឱ្យដឹងថា ការសម្រេច​បន្ត​កិច្ច​សន្យា​ជាមួយ ​Oscar Piastri ជាការសំរេចចិត្តដ៏ងាយស្រួល តាមរយៈទេពកោសល្យ ការងារជាក្រុម និង​អត្តចារឹត។ Oscar Piastri សមត្ថភាពគួរកត់សំគាល់រដូវកាលនេះគឺទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងប្រណាំង Sprint​ Race នៅប៊ែលហ្ស៊ិក និងបានលេខ ៣ ក្នុងការប្រណាំងយកទីចេញដំណើរនៅអង់គ្លេស បន្ទាប់​ពី​ផ្លាស់​មកកាន់ McLaren រដូវកាលនេះផ្ទេរពី Alpine F1 Team។Oscar Piastri កំពុងឈរលេខ ១១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកមាន ៤២ ពិន្ទុក្នុង​ចំណោម​កីឡាករ​ ២២ នាក់រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ 

AFC Cup៖ ភ្នំពេញក្រោន ជួប DH Cebu របស់ហ្វីលីពីន បើកឆាកពូល F យប់នេះ

2023/09/21 04:38:34 pm        1188
ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Dynamic Herb Cebu FC ​របស់​ហ្វីលីពីន​ នាវេលាម៉ោង ៧យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែល​ជា​ជំនួប​បើក​ឆាក​ពូល​F ​នៃ​ពាន​រង្វាន់​ AFC Cup 2023/24 នៅកីឡដ្ឋាន Rizal Memorial ។ក្រុមភ្នំពេញក្រោន បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ានីល កាលពីរាត្រីថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែ​កញ្ញា​កន្លងទៅ ប៉ុន្ដែយ៉ាងណាលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា ​កូនក្រុមរបស់ខ្លួននឹងអាចដណ្ដើមបាន ៣ពិន្ទុត្រឡប់មកផ្ទះវិញ ។លោក Oleg ធ្លាប់បានបញ្ជាក់មុនចាកចេញពីកម្ពុជាថា AFC Cup គឺជាពានដ៏សំខាន់ ដូច​នឹង​លីគ​កំពូល​កម្ពុជា​​ដែរ ដែលភ្នំពេញក្រោន បានយកចិត្តទុកដាក់ ។ ដូច្នេះលោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​បើក​ឆាកចែកពូល ជាមួយក្រុម DF Cebu FC របស់ហ្វីលីពីន នៅរាត្រីថ្ងៃព្រហស្បត្តិ៍នេះ ដើម្បី​ស្វែង​រក​ជ័យ​ជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងពូល ។គួរ​ដឹងថា សម្រាប់ការប្រកួតវគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ក្រុមជើង​ឯក​លីគ​កំពូល​កម្ពុជា​ ភ្នំពេញក្រោន គឺស្ថិតក្នុងពូល F ជាមួយក្រុមមកពី ៣ប្រទេសផ្សេងទៀត រួមមាន​ក្រុម ​Macarthur FC របស់អូស្ដ្រាលី, ក្រុម Dyanamic Herb Cebu FC របស់ហ្វីលីពីន និងក្រុម Shan United របស់មីយ៉ាន់ម៉ា ។វគ្គចែកពូលនេះ គ្រោងនឹងបញ្ចប់ការប្រកួតនាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដោយ​ប្រើ​ប្រព័ន្ធ​ប្រកួត​ក្នុង​ដី និងក្រៅដី(Home/Away) ពោលគឺក្រុមនីមួយៗ ត្រូវធ្វើការប្រកួត ២ជើង ដើម្បីសន្សំពិន្ទុ និង​ស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ។ តាមរយៈនេះ មានន័យថា ក្រុមតំណាងកម្ពុជា ភ្នំពេញ​ក្រោន​ នឹងត្រូវធ្វើម្ចាស់ផ្ទះចំនួន ៣ប្រកួត សម្រាប់ពូលF ផងដែរ ។សូមរំឮកដែលថា មុនឈានដល់ការប្រកួតវគ្គចែកពូលនេះ ក្រុមសិង្ហក្រហមភ្នំពេញក្រោន បាន​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ ២ដំណាក់កាលមកហើយ ពោលគឺបានយកឈ្នះ Young Elephants FC របស់ឡាវ ដោយ​លទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋម(Preliminary Stage) ​មុនបន្ដ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ​Tampines Rover FC របស់សិង្ហបុរី ដោយលទ្ធផល ៣-២ ក្នុងវគ្គ Play-Off កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕ អត្ថបទ លី ឈុនឡា

ថ្នាក់ដឹកនាំ និងកីឡាករ ចង់ឃើញវិស័យឯកជន ចូលរួមគាំទ្រ​កីឡាបាល់ទាត់​កាន់តែច្រើន

2023/09/20 08:25:41 pm        143
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ​ក៏ដូចជា​កីឡាករ​ជម្រើសជាតិកម្ពុជា បានបង្ហាញក្ដីរីករាយ បន្ទាប់ពីមាន​ក្រុមហ៊ុន​ឯកជន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡាបាល់ទាត់ជាតិជាបន្ដបន្ទាប់ ហើយចង់ឃើញអ្នកវិនិយោគជាតិ និង​អន្ដរជាតិ​ផ្សេងៗ​ទៀត ចូលរួមគាំទ្រកាន់តែច្រើន ដើម្បីជំរុញ​ការ​អភិវឌ្ឍ​វិស័យកីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន ។ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់គ្នា ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ឯកឧត្តម សៅ សុខា មានប្រសាសន៍ថា សហព័ន្ធមានគោលការណ៍គន្លឹះ ៤ នៅ​ក្នុង​ការ​អភិវឌ្ឍ​បាល់​ទាត់​កម្ពុជា ១-រដ្ឋបាលគ្រប់គ្រង ២-បច្ចេកទេស និងអភិវឌ្ឍន៍ ៣-ការប្រកួត និង៤-ការ​ចូលរួម​ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការលេង និងការគាំទ្រពីទស្សនិកជន ហើយដើម្បី​អនុវត្ត​គោលការណ៍​នេះ សហព័ន្ធបានដាក់ចេញនូវយុទ្ធសាស្ដ្រ ១២ចំណុចផ្សេងទៀត ។ដូច្នេះការងារនេះ ត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសហព័ន្ធ រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធជាតិ និងអន្ដរជាតិ ក្នុងនោះក៏ត្រូវការការគាំទ្រផ្នែកហិញ្ញវត្ថុពីវិស័យឯកជនដែរ ។ តាមរយៈនេះ ក្នុងនាមមហាគ្រួសារបាល់ទាត់ជាតិ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម​បាន​អំពាវនាវ​ក្រុមហ៊ុនអ្នកវិនិយោគជាតិ និងបរទេសដទៃផ្សេងទៀត ព្រមទាំងអ្នក​ដែល​និយម​លេង ​និងទស្សនាកីឡាបាល់ទាត់ បន្ដចូលរួមគាំទ្រសកម្មភាពកីឡាប្រភេទនេះបន្ដទៀត ដើម្បី​ធានា​បាន​នូវការអភិវឌ្ឍ និងរីកចម្រើន ។ចំណែកកីឡាករ ហ៊ុល គឹមហ៊ុយ អ្នកចាំទីជម្រើសជាតិកម្ពុជា បានសម្ដែងការសប្បាយចិត្ត ដែល​មាន​ក្រុម​ហ៊ុនឯកជនធំៗ ចាប់ផ្ដើមចាប់អារម្មណ៍ និងចូលរួមឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ ដ្បិតរូបគេ បានចាត់​ទុកការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុនេះពិវិស័យឯកជន គឺមានសារៈសំខាន់ណាស់ ដើម្បី​ជំរុញ​ការអភិវឌ្ឍបាល់ទាត់ជាតិ ។ ដូច្នេះគេសង្ឃឹមថា ក្រុមហ៊ុនផ្សេងៗ នឹងចូល​រួម​ឧបត្ថម្ភ​គាំទ្រ​កាន់​តែ​ច្រើនថែមទៀត ។ឆ្លៀតឱកាសនោះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក៏បាន​សម្ដែង​ការ​សប្បាយ​ចិត្ត ក្នុងការរួមចំណែកជាមួយសហព័ន្ធ ដើម្បីគាំទ្រ និងចូលរួម​សកម្មភាព​កីឡា​បាល់ទាត់​កម្ពុជា ។ លើសពីនេះ លោកបានសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់​ពី​យល់​ច្បាស់អំពីគុណតម្លៃ និងអត្ថប្រយោជន៍របស់កីឡា ចំពោះសង្គមជាតិ តាមរយៈ​ប្រសាសន៍​របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា៕ អត្ថបទ លី ឈុនឡា 

Man City បើកយុទ្ធនាការការពារជើងឯក UCL ឈ្នះជើងឯកឆ្នាំ ១៩៩១ Red Star Belgrade ៣-១

2023/09/20 08:13:20 pm        159
ក្រុមការពារតំណែងជើងឯក Manchester City បានចាប់ផ្តើមរដូវកាលថ្មី UEFA Champions League ជាមួយនឹងជ័យជំនះ ៣-១ លើក្រុមជើងឯកឆ្នាំ ១៩៩១ Red Star Belgrade របស់ស៊ែបនៅទឹកដី Etihad។ក្រុមជើងឯកស៊ែបមួយនេះចាប់ផ្តើមជាមួយនឹងជំនឿចិត្ត និងរកបានគ្រាប់នាំមុខនៅនាទីទី ៤៥ ដោយ Osman Bukari តែដើមវគ្គទី ២ City ក៏តាមស្មើ និងនាំមុខវិញដោយខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ពីរគ្រាប់ម្នាក់ឯង មុនពេលដែល Rodri ធានាជ័យជំនះនៅនាទីទី ៧៣។ ថ្វីបើឈ្នះក្តីលោក Pep Guardiola បានបង្ហាញពីក្តីបារម្ភបន្ទាប់ពីខ្សែបម្រើព័រទុយហ្កាល់ Bernardo Silva រងរបួសដែលនឹងត្រូវអវត្តមានប្រហែលមួយខែ។ City បច្ចុប្បន្នកំពុងមានបញ្ហាកីឡាកររបួសស្រាប់រួមមាន Kevin de Bruyne, Jack Grealish, Mateo Kovacic និង John Stones។ក្នុងពូល G នេះដែរ Leipzig ឈ្នះនៅទឹកដី Young Boys ៣-១ ដូចគ្នាឡើងឈរលើគេក្នុងពូលជាមួយ City។ ងាកទៅក្រុមអង់គ្លេសមួយទៀត Newcastle United ដែលបង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌ UEFA Champions League ក្នុងរយៈពេល ២០ ឆ្នាំរកបានមួយពិន្ទុពីទឹកដីអ៊ីតាលី AC Milan ដោយលទ្ធផល ០-០។ អ្នកចាត់ការ Newcastle លោក Eddie Howe ឱ្យដឹងថា ១ ពិន្ទុជាលទ្ធផលល្អមួយសម្រាប់ក្រុម ហើយនេះជាបទពិសោធថ្មីមួយសម្រាប់កូនក្រុម ដែលបទពិសោធនេះនឹងជាប្រយោជន៍សម្រាប់ការប្រកួតបន្ទាប់ទៀត។ ពូល F នេះដែរ Paris Saint Germain ឡើងឈរលេខ ១ ក្នុងពូលក្រោយឈ្នះ Dortmund ២-០ ដោយគ្រាប់បាល់របស់ Kylian Mbappe និង Achraf Hakimi។ ចំណែកឯ Barcelona មិនពិបាកឡើយក្រោយយកឈ្នះក្រុមភ្ញៀវប៊ែលហ្ស៊ិក Royal Antwerp ៥-០ ដែលរួមមានគ្រាប់របស់ Joao Felix ពីរគ្រាប់ ឡើងឈរលើគេក្នុងពូល H ជាមួយ Porto ដែលឈ្នះ Shakhtar Donetsk ៣-១។ ពូលចុងក្រោយគេនេះវិញគឺពូល E Feyenoord ឡើងឈរលេខ ១​ ក្នុងពូលក្រោយឈ្នះ Celtic ២-០ ខណៈ Lazio តាមស្មើចុងម៉ោង ១-១ ក្នុងដីរបស់ខ្លួនដោយការតែតបញ្ចូលទីរបស់អ្នកចាំទី Ivan Provedel នាទីទី ៩០+៥៕អត្ថបទ៖នាង សុភាវុធ

Julian Nagelsmann ឈានដល់កិច្ចព្រមព្រៀងដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់

2023/09/20 07:38:12 pm        187
អតីតអ្នកចាត់ការ Bayern Munich លោក Julian Nagelsmann បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង ដើម្បី​ក្លាយ​ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិអាល្លឺម៉ង់។ បុរសវ័យ ៣៦ ឆ្នាំរូបនេះ នឹងក្លាយ​ជា​គ្រូ​បង្វឹក​វ័យក្មេង​បំផុត​ទីពីរ​ដែល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បន្ទាប់ពីលោក Otto Nerz ដែលធ្លាប់ដឹកនាំក្នុងវ័យ ៣៤ ឆ្នាំកាលពីឆ្នាំ ១៩២៦។ តាំងពី Bayern Munich បញ្ចប់តំណែងជំនួសដោយលោក Thomas Tuchel លោក Julian Nagelsmann បានស្ថិតក្នុងគោលដៅពីក្លិបធំៗនៅអឺរ៉ុបជាច្រើន។សារព័ត៌មានអាល្លឺម៉ង់បានចុះផ្សាយថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ និងលោក Nagelsmann ឈាន​ដល់កិច្ចព្រមព្រៀងក្នុងការដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដល់ Euro 2024។រំលឹកថាលោក Julian Nagelsmann បានចាប់ផ្តើមអាជីពជាអ្នកចាត់ការដំបូងដោយដឹកនាំ Hoffenheim កាលពីឆ្នាំ ២០១៦ ក្នុងវ័យ ២៩ ឆ្នាំ មុនពេលផ្លាស់ទៅ Leipzig នៅឆ្នាំ ២០១៩ និងបានដឹកនាំក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០១៩-២០ ចាញ់ Paris Saint Germain។ក្រោយមកលោក Nagelsmann ក៏ត្រូវបានតែងតាំងជាអ្នកចាត់ការ Bayern Munich បន្ត​តំណែង​ពី​លោក Hansi Flick ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក ២៥ លានអឺរ៉ូ និង​បាន​ឈ្នះ​ជើងឯក Bundesliga នៅរដូវកាល ២០២១-២២៕ អត្ថបទ៖នាង សុភាវុធ

កីឡាអាស៊ី២០២២៖ ម្ចាស់ផ្ទះចិន និងប្រទេសអាស៊ានបីបើកការប្រកួតសុទ្ធតែឈ្នះ

2023/09/20 07:26:20 pm        845
ប្រភេទកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី បានដំណើរការប្រកួតហើយ ដោយម្ចាស់ផ្ទះចិន រួមនិងប្រទេសអាស៊ានបី សហភាពមីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី បើកការប្រកួត​សុទ្ធតែឈ្នះ ខណៈថៃ បានត្រឹមតែស្មើ។មួយគ្រាប់របស់កីឡាករ Hasan Murad Tipu ធ្វើឱ្យមានកំហុសចូលទីខ្លួនឯង បើក​ផ្លូវ​ឱ្យ​សហភាព​មីយ៉ាន់ម៉ា ឈ្នះបង់ក្លាដេស ១ទល់០ ក្នុងពូល A ឯម្ចាស់ផ្ទះចិន បានយកឈ្នះឥណ្ឌា ៥ទល់១ ពីមុខអ្នកគាំទ្រជាង៣០០០០នាក់។ក្នុងពូល B ក្រុមបាល់ទាត់វៀតណាម ឈ្នះម៉ុងហ្គោលី ៤ទល់នឹង២។ ជំនួបនេះលេងបានបីនាទី វៀតណាមនាំមុខដោយកីឡាករ Nguyen Quoc Viet។ នាទីទី៣១ កីឡាកររូបនេះដដែល បន្ថែម​គ្រាប់​ទីពីររបស់ខ្លួន មុនពេលកីឡាករ  Khuat van Khang ស៊ុតបញ្ចូល​ទីគ្រាប់​នាំ​មុខ​ទីបី​ឱ្យ​វៀតណាម ៤នាទីមុនចប់តង់ទី១។ យ៉ាងណាក៏ដោយផ្តើមតង់ទី២ មិនដល់មួយនាទីផង ម៉ុងហ្គោលី​វាយបកបានមួយគ្រាប់វិញ ដោយកីឡាករ Uuganbat Temullan។ តែនាទីទី៦៤ កីឡាករ Vo Nguyen Hoang បន្ថែមគ្រាប់បាល់ទី៤ឱ្យវៀតណាម ខណៈដែលកីឡាករ Tserenbat Baasanjav រកគ្រាប់ទីពីរឱ្យម៉ុងហ្គោលី។ ក្នុងពូលជាមួយគ្នានោះដែរ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ស្មើគ្នា ០ទល់០។មកចាប់អារម្មណ៍ ការប្រកួតពូល E វិញ ថៃបើកយុទ្ធនាការកីឡាអាស៊ី បានត្រឹមតែស្មើបារ៉ែន ១ទល់១។ ការប្រកួតនេះទោះបីបារ៉ែននាំមុខមុនក្នុងតង់ទី១ ដោយកីឡាករ Abdulaziz​យ៉ាង​ណាក៏​ដោយ តែជិតចប់ការប្រកួតទាំងមូល ថៃតាមស្មើដោយ​គ្រាប់បាល់របស់កីឡាករ Purachet Thodsanit។ចំនែក កូរ៉េខាងត្បូង អ្នកការពារមេដាយមាស ផ្តើមការប្រកួតដោយយកឈ្នះកូវ៉ែត ៩ទល់នឹង០។ ជំនួបនេះតង់ទី១ កូរ៉េខាងត្បូងនាំមុខ ៤ទល់នឹង០ដោយគ្រាប់បាល់របស់កីឡាករ Jeong Woo-yeong នាទីទី៣, កីឡាករ Cho Young-wook នាទីទី២០, កីឡាករ Paik Seung-ho នាទីទី៤៤ និងកីឡាករ Jeong Woo-yeong នាទីទី៤៥។ កូរ៉េខាងត្បូងនៅបន្តធ្វើបានល្អទៀត ក្នុងតង់ទី២ រកបានប្រាំគ្រាប់បន្ថែមដោយកីឡាករ Jeong Woo-yeong, Um Won-sang នាទីទី៥២, Cho Young-wook នាទីទី៧៤, Bak Jae-yong នាទីទី៨០ និងកីឡាករ An Jae-jun នាទីទី៩០។ការប្រកួតពូល F កូរ៉េខាងជើង ឈ្នះឆាយនីសតៃប៉ិ ២ទល់នឹង០។ លេងបានត្រឹម៧នាទី កីឡាករ Ri Jo Guk ស៊ុតបញ្ចូលទីនាំមុខឱ្យកូរ៉េខាងជើង មុនពេលដែលកីឡាករ Kim Kuk Jin បន្ថែមគ្រាប់ទី២នាទីទី១១។ នាទីនៅសល់ មិនមានគ្រាប់បាល់កើតឡើងនោះទេ។នេះជាការបង្ហាញខ្លួនលើកដំបូងរបស់កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិ បន្ទាប់ពី ប្រកួត ០ទល់នឹង០ ជាមួយលីបង់ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក នៅខែវិច្ឆិកា ឆ្នាំ២០២១៩។ក្នុងពូលជាមួយគ្នានេះម្ចាស់មេដាយមាសឥណ្ឌូនេស៊ី ឈ្នះ កៀហ្ស៊ីស៊ីស្ថាន ២ទល់នឹង០។ កីឡា​បាល់ទាត់ក្នុងកីឡាអាស៊ី នឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ខាងមុខនេះ មួយថ្ងៃមុនពិធីបិទកីឡាស៊ី ២០២២​ផ្លូវការ៕

Empoli ដេញអ្នកចាត់ការ Paolo Zanetti ចេញក្រោយចាញ់ Roma ៧-០

2023/09/20 07:00:23 pm        208
ក្លិបបាល់ទាត់អ៊ីតាលី Empoli បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Paolo Zanetti ហើយ​ក្រោយ​បរាជ័យនៅទឹកដី Roma ៧-០ កាលពីថ្ងៃអាទិត្យ។ នេះជាបរាជ័យ ៤ ប្រកួតជាប់គ្នារកពិន្ទុមិនបានសូម្បីតែមួយរដូវកាលថ្មីនេះ មុនឈាន​ដល់​ការ​បញ្ចប់​តំណែង​លោក Zanetti នៅថ្ងៃអង្គារម្សិលមិញ។មិនត្រឹមតែចាញ់ទាំង ៤ ប្រកួតទេ Empoli ថែមទាំងរកគ្រាប់បាល់បញ្ចូលទីមិនបាននៅឡើយ តែ​របូត​ដល់​ទៅ ១២ គ្រាប់។ បុរសវ័យ ៤០ ឆ្នាំ ដែលជាអតីតកីឡាកររបស់ Empoli រូបនេះ ត្រូវបាន​តែង​តាំង​ឱ្យ​ដឹកនាំ​ក្រុម​កាល​ពីដើម​រដូវកាលមុន ខណៈ Empoli បញ្ចប់នៅចំណាត់ថ្នាក់លេខ ១៤ នៅ Serie A។មុនមកដល់ Empoli លោក Zanetti ធ្លាប់ដឹកនាំ Venezia ឡើងមកកាន់ Serie A តែក៏​ត្រូវ​បណ្តេញ​ចេញនៅឆ្នាំ ២០២២ បន្ទាប់ពីក្រុមចាប់ផ្តើមរដូវកាលចាញ់ ៨ ប្រកួតជាប់គ្នា។ Empoli នឹងត្រូវទទួលក្រុមកំពូលតារាង Inter Milan ថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ

ថ្នាក់ដឹកនាំយុទ្ធគុនចម្រុះកម្ពុជា ប្ដេជ្ញាពង្រឹងការអភិវឌ្ឍ ដើម្បីឆ្លើយតបកំណែទម្រង់​អន្ដរជាតិ

2023/09/20 06:35:03 pm        174
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជា​ប្រធាន​សហព័ន្ធ​កីឡាយុទ្ធគុនចម្រុះកម្ពុជា បានប្ដេជ្ញា និងជំរុញក្បាលម៉ាស៊ីនសហព័ន្ធ ត្រូវពង្រឹង​ប្រសិទ្ធ​ភាព​ការងារ ដើម្បីធានាការអភិវឌ្ឍ ឆ្ពោះទៅរកភាពរីកចម្រើន និង​ឆ្លើយ​តប​កំណែ​ទម្រង់​ថ្មី​របស់​អន្ដរជាតិ ។ការតាំងចិត្តនេះ បន្ទាប់ពីសហព័ន្ធ បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដ​អាណត្តិ​ទី៣​ ឆ្នាំ២០២១-២០២៥ ដោយគណៈកម្មាធិការប្រតិបត្តិ បានបោះឆ្នោតគាំទ្រឯកឧត្តម វ៉ាត់ ចំរើន បន្ដធ្វើជាប្រធានសហព័ន្ធ ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គហិរញ្ញិក និងសមាជិក ១០​រូបផ្សេងទៀត ។ថ្នាក់ដឹកនាំសហព័ន្ធដដែលបន្ដថា បន្ទាប់ពីប្រកួតលក្ខណៈអាជីវកម្ម ឬគេស្គាល់​ត្រឹម​តែ​ការ​ប្រកួត​ក្នុង​ទ្រុង​ ឬវាយដាក់ទ្រុងនោះ បច្ចុប្បន្នកីឡាគុនចម្រុះ ត្រូវបានទទួលស្គាល់ជាប្រភេទកីឡា ដោយ​មាន​ក្បួន​ច្បាប់ត្រឹម បន្ទាប់ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បី​គ្រប់​គ្រងព្រឹត្តិការណ៍ និងជំរុញការអភិវឌ្ឍន៍កីឡានេះ ហើយក៏កំពុងសិក្សា ដើម្បី​បញ្ចូល​គុន​ចម្រុះ ទៅក្នុងព្រឹត្តិការណ៍កីឡាធំៗទៀតផង ។ដូច្នេះដើម្បីឆ្លើយតបនឹងរបថថ្មី បន្ទាប់ពីជ្រើសរើសបានក្បាលម៉ាស៊ីន សម្រាប់​សហព័ន្ធ​កីឡាគុន​ចម្រុះ​កម្ពុ​ជា អាណត្តិទី៣ ឯកឧត្តមបានចាត់ទុកជាពេលវេលាដ៏សំខាន់ ដែល​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិទាំងអស់គ្នា ត្រូវពង្រឹងសកម្មភាពការងារ ទាំងកិច្ចការរដ្ឋបាល និង​ការងារ​បច្ចេកទេស ក្នុងន័យឆ្ពោះទៅរកការអភិវឌ្ឍនូវធនធានមនុស្ស ស្របតាម​លក្ខ​ខណ្ឌ​អន្ដរជាតិ​ ពិសេសគឺធនធានកីឡាករ-កីឡាការិនី ដើម្បីត្រៀមចូលរួមការប្រកួតនានា ។អ្វីដែលសំខាន់ គឺការពង្រឹងនូវរចនាសម្ព័ន្ធផ្ទៃក្នុងសហព័ន្ធ និងសកម្មភាពការងារ ដើម្បី​ស្វែង​រក​ការ​ទទួល​ស្គាល់​សមាជិកភាពជាផ្លូវការ ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា បន្ទាប់ពីមានការគាំទ្រ និងត្រៀមសហការជួយពីអន្ដរជាតិ ។ ឯកឧត្តម វ៉ាត់ ចំរើន ចាត់ទុកនេះគឺជាកិច្ចការសំខាន់ ដែលសហព័ន្ធត្រូវធ្វើ មុនឈាន​ទៅ​រក​ការ​ប្រកួត​ប្រជែង​លើឆាកអន្ដរជាតិ ។សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីរបស់សហព័ន្ធកីឡាគុនចម្រុះកម្ពុជា ក្រៅ​ពី​ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធាន គឺមានឯកឧត្តម វ៉ា ស៊ិនភីរម្យ ជាអនុប្រធានទី១, លោក​បណ្ឌិត សេង ប៊ុនសុង និងលោក ហ៊ុន ច័ន្ទរាជ្យ ជាអនុប្រធាន, លោក ជឹម ធារ៉ា ជាអ​គ្គ​លេខា​ធិការ, លោក ឃឹម សាមាន ជាអគ្គលេខាធិការរង, លោក សុវត្ថិ សិទ្ធិរ៉ូ ជាអគ្គហេរញ្ញិក និងកញ្ញា ឈិន រីយ៉ា ជាអគ្គហេរញ្ញិករង ព្រមទាំងសមាជិក ៣រូបផ្សេងទៀត៕ អត្ថបទ លី ឈុនឡា

Al-Nassr ឈ្នះនៅទឹកដីអ៊ីរ៉ង់ Persepolis ខណៈក្រុមក្នុងតំបន់អាស៊ានសុទ្ធតែចាញ់

2023/09/20 06:18:37 pm        874
អតីតជើងឯករងឆ្នាំ ១៩៩៥ ក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានចាប់ផ្តើមរដូវកាលថ្មី AFC Champions League យ៉ាងល្អជាមួយនឹងជ័យជំនះ ២-០ នៅទឹកដីអ៊ីរ៉ង់ Persepolis។ មុនការប្រកួតនេះមកដល់ អ្នកគាំទ្រអ៊ីរ៉ង់មានការពុះកញ្ជ្រោលសម្រាប់វត្តមានរបស់ Cristiano Ronaldo មកកាន់ទឹកដីអ៊ីរ៉ង់ តែពួកគេមិនអាច​ចូលទស្សនា​ការ​ប្រកួត​ផ្ទាល់​បាន​ដោយសារ​ជាប់​បម្រាម​របស់​ AFC ដែលតម្រូវឱ្យការប្រកួតនៅទីក្រុង Tehran ស្ថិតក្នុងការបិទទ្វា។ Al-Nassr មានឱកាសល្អពី Ronaldo តែការតែតចំគោលដៅជួយសង្គ្រោះបានដោយអ្នកចាំទី។ ឈានដល់វគ្គទី ២ ម្ចាស់ផ្ទះ Persepolis សល់គ្នាតែ ១០ នាក់បន្ទាប់ពី Milan Sarlak ទទួល​បាន​កាត​លឿងទីពីរបណ្តេញចេញពីការប្រកួតតាមរយៈកំហុសជាន់ជើង Ronaldo។គ្រាប់​បាល់ក៏ចាប់ផ្តើមកើតមានឡើង សម្រេចបានដោយ Abdulrahman Ghareeb នៅនាទីទី ៦២ ​និងមួយគ្រាប់ទៀតដោយ Mohammed Qassem Al Nakhli។ បីពិន្ទុនេះធ្វើឱ្យ Al-Nassr ឈរលើគេក្នុងពូល E ខណៈ Istiklol និង Al-Duhail ស្មើគ្នា ០-០។ ងាកទៅការប្រកួតនៅភាគខាងកើតវិញ ក្រុមចិន Shandong Taishan ឈ្នះនៅទឹកដីហ្វីលីពីន Kaya FC ៣-១។ បីគ្រាប់ជ័យជំនះរបស់ Shandong ត្រូវរង់ចាំជាង ១ ម៉ោងទំរាំ​សម្រេច​បាន​ដោយ​កីឡាករ​បី​នាក់​រួមមាន​ Moises Lima Magalhaes, Matheus Pato និង Cryzan ខណៈ Kaya FC តប​បាន​មួយ​គ្រាប់​វិញដោយ Jarvey Gayoso ចុងម៉ោង។ នៅក្នុងពូល G នេះដែរក្រុមភ្ញៀវកូរ៉េ Incheon United យកឈ្នះដល់ទឹកដីជប៉ុន Yokohama F Marinos ៤-២ ខណៈគ្រាប់បាល់ជ័យជំនះ​ពីរ​គ្រាប់​របស់​ក្រុមភ្ញៀវ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​Hernandez ដែលផ្លាស់ចូលនៅនាទីទី ៦១។ នៅក្នុងតំបន់អាស៊ានដដែល ក្រុមជើងឯកម៉ាឡេស៊ី JDT មិនជោគជ័យ​ឡើយ​ដោយ​ចាញ់​ក្រុម​ភ្ញៀវ​ជប៉ុន​ Kawasaki Frontale ១-០ ដោយគ្រាប់បាល់របស់ជ័យជំនះនៅនាទីទី ៤៥ របស់ Marcinho។ នៅក្នុងពូល I នេះដែរក្រុមក្នុងតំបន់អាស៊ានមួយទៀត BG Pathum របស់ថៃ​ក៏​រង​បរាជ័យ​ដែរ​ក្រោម​ថ្វី​ជើង​ក្រុមម្ចាស់ផ្ទះកូរ៉េ Ulsan Hyundai ៣-១។ បីគ្រាប់របស់ Ulsan សម្រេចដោយ Hat-Trick របស់ខ្សែប្រយុទ្ធហុងគ្រី Martin Adam ខណៈ BG Pathum មានគ្រាប់តាមស្មើ ១-១ នៅចុងវគ្គទី ១ ដោយ Ryhan Stewart។ សម្រាប់ថ្ងៃនេះក៏នឹងមានការប្រកួតបន្តទៀត ក្នុងនោះមានក្រុមក្នុងតំបន់អាស៊ាន ៤ រួមមាន Hanoi របស់វៀតណាមទទួល Pohang Steelers របស់កូរ៉េ Buriram United ស្វាគមន៍ក្រុមចិន Zhejiang និងក្រុមសិង្ហបុរី Lion City Sailors ទទួលក្រុមថៃ Bangkok United៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM