Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

កីឡាករ-កីឡាការិនីសិស្សខេត្តសៀមរាប ទទួលបានការស្វាគមន៍ ក្រោយឈ្នះមេដាយ

2023/09/13 05:44:33 pm        391
សៀមរាប៖ កីឡាករ កីឡាការិនីដែលជាសិស្សមធ្យមសិក្សារបស់ខេត្តសៀមរាប ត្រូវទទួល​បាន​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និងកីឡា បន្ទាប់ពីត្រឡប់​មក​ដល់​ខេត្ត​ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយ​ឈ្នះ​មេដាយ​ច្រើន​គ្រឿង​ពី​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ២០២៣។លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រង់ចំាទទួល និងស្វាគមន៍ អត្តពលិក និង​សំណេះ​សំណាល ក៏ដូចជាថ្លែងអំណរអរគុណដល់ កីឡាករទាំង​អ​ស់​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ប្រកួត​ និងដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ជូនខេត្តសៀមរាប។លោក ជូន សុវណ្ណឌី ប្រធានការិយាល័យកីឡាខេត្ត បានបញ្ជាក់ថា កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់​ជាតិ​នេះ ​ដំណើរការប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះខេត្តសៀមរាប បាន​បញ្ជូនប្រតិភូកីឡាករ កីឡាការិនីសិស្ស ១៨៥នាក់ ប្រកួត​លើ​១០​ប្រភេទ​កីឡា​ក្នុង​ចំណាម១២​ប្រភេទ​កីឡាដែលដាក់ឱ្យប្រកួត។លោកបន្តថា ៧ប្រភេទកីឡាដែលដណ្តើមបានមេដាយមាន កីឡាបាល់ទាត់នារី មេដាយមាស បាល់​ទាត់​បុរស​មេដាយ​ប្រាក់ បាល់ទះបុរសដណ្តើមបានមេដាយសំរឹទ្ធ បាល់បោះបុរស ឈ្នះ​មេដាយ​មាស និងនារីមេដាយសំរឹទ្ធ អត្តពលិកម្មដណ្តើមបានមេដាយមាស០៤គ្រឿង ប្រាក់០១ គ្រឿង និងសំរឹទ្ធ០១គ្រឿង កីឡាល្បុក្កតោ ឈ្នះមេដាយមាស០២គ្រឿង ប្រាក់០៤គ្រឿង និង​សំរឹទ្ធ​០៣​គ្រឿង កីឡាតេក្វាន់ដូ WT ឈ្នះសំរឹទ្ធ០៥គ្រឿង និងកីឡាវាយសី ឈ្នះមេដាយ​មាស​០១​គ្រឿង ​ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង។ តាមរយៈនេះ ខេត្តសៀមរាប ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម២៥រាជធានី ខេត្ត ជាមួយ​មេដាយ​សរុប ២៨គ្រឿង ក្នុងនោះមាស០៩គ្រឿង ប្រាក់ ០៧គ្រឿង និងសំរឹទ្ធ១២គ្រឿង៕

Jonas Vingegaard ឡើងឈរលេខ ២ ក្រោយឈ្នះដំណាក់កាលទី ១៦ Vuelta a Espana

2023/09/13 05:31:43 pm        290
ជើងឯក Tour de France កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បាន​ប្រជែង​ឈ្នះ​ដំណាក់​កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅ​ប្រទេសអេស្ប៉ាញ និងបានរំកិលឡើងមកឈរលេខ​ ២ ក្នុងតារាងរួម។ដំណាក់កាលទី ១៦ ដែលមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma រូប​នេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ២ ម៉ោង ៣៨ នាទី ២៣ វិនាទី ឈ្នះដាច់អ្នកលេខ ២ កីឡាករនូវែស៊ីឡង់ Finn Fisher-Black ដល់ទៅ ៤៣ វិនាទី និងលេខ ៣ បាន​ទៅ​កីឡាករ​ហូឡង់ Wout Poels យឺតជាង ៤៩ វិនាទី។ ជ័យជំនះរបស់ Jonas Vingegaard ធ្វើឱ្យគេឡើងមកដល់លេខ ២ ក្នុង​តារាង​រួម​ដោយ​ដេញ​ពី​ក្រោយ​កីឡាករ​អាមេរិក Sepp Kuss មកត្រឹម ២៩ វិនាទី ខណៈលេខ ៣ នៅតែជាកីឡាករស្លូវេនី Primoz Roglic ដដែលយឺតជាង ១ នាទី ៣៣​ វិនាទី។ សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រផងដែរ ខណៈ​ព្រឹត្តិការណ៍​ Vuelta a Espana នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញានេះនៅទីក្រុង Madrid​៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុមិនបានបញ្ជូនក្រុមបាល់ទាត់នារី ទៅប្រកួតកីឡាអាស៊ី

2023/09/13 05:03:20 pm        716
កង្វះធនធានកីឡាការិនី ព្រមទាំងលក្ខខណ្ឌ គឺជាកត្ដាដ៏សំខាន់ នាំឲ្យ​កម្ពុជា​សម្រេច​មិន​បញ្ជូន​ក្រុម​បាល់ទាត់​នារី​ចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅ​ទីក្រុង​ Hangzhou​ ប្រទេសចិន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ខណៈលោក កែវ សារ៉េត អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ក៏បានលើកឡើងស្រដៀងគ្នាផងដែរ ។ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ការសម្រេចមិនបញ្ជូនក្រុមបាល់ទាត់នារី ទៅ​ប្រកួត​កីឡា​អាស៊ី​នេះ ​ធ្វើឡើងក្រោយមានការឯកភាពគ្នា បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ស្នើ​ទៅ​សហព័ន្ធ​ ហើយសហព័ន្ធក៏បានបញ្ជាក់នូវហេតុផលច្បាស់លាស់ ទី១-កង្វះ​ខាត​ធន​ធាន​កីឡា​ការិនី​មាន​សក្ដានុពល សម្រាប់ធ្វើការប្រមូលផ្ដុំ និងទី២-ដោយសារព្រឹត្តិការណ៍ Asian Games ​គឺ​ជា​ការ​ប្រកួត​កម្រិតខ្ពស់ បើធៀបបណ្ដាក្រុមបាល់ទាត់នារីក្នុងទ្វីបអាស៊ី គឺមាន​គម្លាត​បច្ចេកទេស​ខុសគ្នា។ដោយសារហេតុផលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏​បាន​គោរព​ឯកភាព​តាម​ការ​សម្រេច​របស់​សហព័ន្ធ ហើយបានស្នើសុំទៅក្រុមប្រឹក្សាកីឡាអាស៊ី និងម្ចាស់ផ្ទះចិន ចំពោះ​ដក​ខ្លួន​ពី​ការ​ប្រកួតកីឡាអាស៊ី ទោះបីមានការចាប់ឆ្នោតបែងចែកពូលរួចហើយក៏ដោយ ។ តាមរយៈនេះ ឯក​ឧត្តម វ៉ាត់ ចំរើន ស្នើឲ្យប្រជាពលរដ្ឋកម្ពុជា មានការសោគយល់ ចំពោះការងារនេះ ដ្បិត​​ជា​បច្ចេក​ទេស ក្រុមបាល់ទាត់នារី នៅមិនទាន់អាចចូលរួមប្រកួតកីឡាអាស៊ីបាននៅឡើយ ។ជាមួយគ្នាដែរ លោក កែវ សារ៉េត បានបន្ថែមថា ដោយសារការពុំបានត្រៀមទុកជាមុន គួរ​ផ្សំ​ពេល​វេលា​ខ្លី ​ស្របពេលក្រោយចប់ស៊ីហ្គេម កីឡាការិនីមួយចំនួន មានរបួស អ្នកខ្លះជាប់រៀន និង​អ្នក​ខ្លះ​ប្រឡង​ជាប់​ក្របខណ្ឌការងារនានា បានធ្វើឲ្យសហព័ន្ធជួបការលំបាកក្នុងការបញ្ជូន ហើយ​ក៏​សម្រេច​ជូន​ដំណឹងទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពី​ការ​មិន​បញ្ជូន​ក្រុម​បាល់​ទាត់​នារី​កម្ពុជា​ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី នៅចិននេះតែម្ដង ។គួរដឹងថា សម្រាប់វិញ្ញាសាបាល់ទាត់នារី នៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដែល​គ្រោង​ចាប់​ផ្ដើម​ការ​ប្រកួតនាថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ កម្ពុជា បាន​ចាប់​ឆ្នោត​ស្វិត​ក្នុង​ពូល​ C​ ជាមួយ​សិង្ហបុរី ​និង​កូរ៉េខាងជើង ។ ដូច្នេះបន្ទាប់ពីកម្ពុជាដកខ្លួន ពូលC នៅសល់តែ ២ក្រុមប៉ុណ្ណោះ សម្រាប់​ធ្វើ​ការប្រកួតប្រជែង៕ អត្ថបទ លី ឈុនឡា  

ក្រុមបាល់បោះស៊ែប ទទួលការសាទរពីអ្នកគាំទ្រទោះបានត្រឹមជើងឯករងជាមួយនឹងវត្តមាន Novak Djokovic

2023/09/13 04:44:52 pm        552
អ្នកគាំទ្ររាប់ពាន់នាក់បានធ្វើការស្វាគមន៍ និងអបអរសាទរ​ក្រុមបាល់បោះ​ជម្រើសជាតិ​ស៊ែប​នៅ​រដ្ឋ​ធានី​ Belgrade ទោះបីដណ្តើមបានត្រឹមជើងឯករង អមជាមួយនឹងវត្តមាន Novak Djokovic ធ្វើ​ឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ក្រុមបាល់បោះស៊ែបទទួលបានត្រឹមមេដាយប្រាក់ក្រោយចាញ់អាល្លឺម៉ង់ ៨៣-៧៧ នៅវគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​បោះជើងឯកពិភពលោកដែលរៀបចំនៅប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ខណៈ​អាល្លឺម៉ង់​ក្លាយ​ជាជើងឯកពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។នៅចំពោះមុខអ្នកគាំទ្រដែលកំពុងសប្បាយរីករាយ ស្រាប់​តែ​លេច​វត្ត​មាន​កីឡាករ​វាយ​កូន​បាល់​លេខ​ ១ ពិភពលោក Novak Djokovic បង្ហាញខ្លួន។ Djokovic នៅក្នុងថ្ងៃអាទិត្យជាមួយគ្នានោះដណ្តើមបានជើងឯក Grand Slam, US Open ដែល​ជា​ជើង​ឯក Grand Slam លើកទី ២៤ តាមស្មើកំណត់ត្រារបស់ Margaret Court និង​បាន​អបអរ​សាទរ​ជើងឯកនេះ រួមជាមួយក្រុមបាល់បោះស៊ែប៕ អត្ថបទ៖នាង សុភាវុធ

អ្នកគាំទ្រ Valladolid ធ្វើបាតុកម្ម​ប្រឆាំងប្រធានក្លិបអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo

2023/09/12 08:27:43 pm        1219
អ្នកគាំទ្រនៃក្លិបបាល់ទាត់អេស្ប៉ាញ Real Valladolid បាន​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រធាន​ក្លិប​បច្ចុប្បន្នដែលជាអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario ពីការ​ដឹក​នាំ​ក្លិប​ដើរ​ថយ​ក្រោយ​។ Ronaldo Nazario បានទិញយកភាគហ៊ុនមួយចំនែករបស់ Real Valladolid កាលពី ៥ ឆ្នាំមុន តែ​ក្លិប​បានរងបរាជ័យធ្លាក់ទៅក្របខណ្ឌទីពីរអេស្ប៉ាញ ហើយក៏​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​នេះ​នៅ​ក្រប​ខណ្ឌ​ទី២ មិនបានល្អទៀត។អ្នកគាំទ្របានសរសេរថា ៥ ឆ្នាំជាការភូតកុហក ខណៈ​អ្នក​គាំ​ទ្រ​ខ្លះ​បាន​សរសេរ​ពាក្យ​បណ្តេញ​លោក​ Ronaldo ឱ្យដកភាគហ៊ុន និងចេញពីតំណែង។ Real Valladolid ចាប់ផ្តើមរដូវកាលនេះបាន ៥ ប្រកួត ខណៈប្រកួតដំបូងរបស់ខ្លួនឈ្នះ Rayo Vallecano មុនពេលចាញ់ ៣ ប្រកួតជាប់គ្នា និងចុងក្រោយស្មើ Elche៕ អត្ថបទ៖នាង សុភាវុធ

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លាលែងពីតំណែងផ្លូវការ​ជុំវិញរឿងថើបមាត់​កីឡាការិនីអេស្ប៉ាញ

2023/09/12 08:13:07 pm        404
ប្រធានកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales បានប្រកាស​ផ្លូវការ​ពីកា​រ​លាលែង​ពី​តំណែង​ហើយ បន្ទាប់ពីត្រូវបានថ្កោលទោសយ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះ​ការ​ថើប​មាត់​កីឡាការិនីអេស្ប៉ាញ Jennifer Hermoso អំឡុងពេល​អបអរ​អេស្ប៉ាញ​ឈ្នះ​ជើង​ឯកបាល់​ទាត់​នារីពិភពលោក។កីឡាការិនីវ័យ ៣៣ ឆ្នាំ Jennifer Hermoso បាននិយាយក្រោយពេលអេស្ប៉ាញឈ្នះអង់គ្លេស ១-០ លើកពានបាល់ទាត់នារីពិភពលោកនោះថា ការថើបនេះមិនមានការឯកភាពឡើយ ហើយ​សប្តាហ៍មុន Hermoso ក៏បានដាក់ពាក្យបណ្តឹងផ្លូវការផងដែរ។ លោក Luis Rubiales បានដាក់ពាក្យលាលែងពីតំណែងទៅកាន់ប្រធានស្តីទី Pedro Rocha ហើយ​បុរសវ័យ ៤៦ ឆ្នាំរូបនេះក៏បានលាលែងពីតំណែងអនុប្រធានប្រតិបត្តិ UEFA ផងដែរ។រឿងរ៉ាវថើបមាត់របស់លោក Luis Rubiales លើកីឡាការិនីអេស្ប៉ាញ Jennifer Hermoso បាន​ក្លាយ​ជា​ប្រធានបទក្តៅ មិនចេះចប់ជិតមួយខែហើយ និង​ឈាន​ដល់​ការ​បញ្ចប់​តំណែង​គ្រូ​បង្វឹក​ក្រុម​នារី​អេស្ប៉ាញ Jorge Vilda ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ខ្សែបម្រើ Juventus, Paul Pogba ត្រូវព្យួរការប្រកួតបណ្តោះអាសន្ន​ក្រោយរកឃើញសារធាតុហាមឃាត់

2023/09/12 08:07:56 pm        535
ខ្សែបម្រើ Paul Pogba របស់ក្លឹប Juventus ត្រូវបានផ្អាកពីការប្រកួតជាបណ្ដោះអាសន្ន ក្រោយ​ធ្វើ​តេស្តរ​កឃើញសារធាតុហាមឃាត់ក្នុងខ្លួន។ភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិរបស់អ៊ីតាលី (Nado) បាននិយាយថា Pogba ត្រូវបានធ្វើតេស្ត និង​រកឃើញជាមួយនឹងកម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juventus ឈ្នះ ៣-០ នៅទឹកដី Udinese កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ។កីឡាករវ័យ ៣០ ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ចៃដន្យសម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់សារធាតុហាមឃាត់មែននោះ អតីត​ខ្សែ​បម្រើ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះអាច​ប្រឈម​មុខ​នឹង​ការ​ពិន័យ​មិន​ឱ្យ​ពាក់​ព័ន្ធ​នឹង​បាល់​ទាត់​ពី ២ ទៅ ៤ ឆ្នាំ។អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និង ការស៊ូទ្រាំរបស់អត្តពលិក ខណៈ Pogba មានពេល ៣ ថ្ងៃដើម្បីធ្វើតេស្តឡើងវិញដើម្បីវិភាគបកស្រាយលទ្ធផលទៅកាន់ Nado វិញ។ រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញកាលពីខែកក្កដាឆ្នាំ ២០២២ ជាមួយ​នឹង​កិច្ច​សន្យា ៤ ឆ្នាំក្រោយចាកចេញពី Manchester United។តែការវិលវិញរបស់ Pogba មកកាន់ទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និង​ឈាន​ដល់​អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅឆ្នាំកាតាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

Lyon សម្រេចបណ្តេញអ្នកចាត់ការ Laurent Blanc ក្រោយធ្លាក់ដល់បាតតារាង

2023/09/12 07:56:09 pm        460
ក្លិបបាល់ទាត់បារាំង Olympique Lyon បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Laurent Blanc ហើយក្រោយក្រុមធ្លាក់ដុនដាបដល់បាតតារាងនៃក្របខណ្ឌលីគកំពូលបារាំង Ligue1។Lyon ចុងក្រោយបំផុតចាញ់អតីតក្លិបដែលលោក Blanc ធ្លាប់ដឹកនាំ Paris Saint Germain ៤-១ ក្នុងទឹកដីខ្លួនឯង គឺជាការប្រកួតចុងក្រោយរបស់លោក Blanc ខណៈក្លិបបានប្រកាសពីការចែកផ្លូវនៅថ្ងៃចន្ទម្សិលមិញ។ ផ្តើមរដូវកាលបាន ៤ ប្រកួត Lyon មានត្រឹម ១ ពិន្ទុប៉ុណ្ណោះ និងរបូតគ្រាប់បាល់ច្រើនជាង​គេក្នុង​ក្របខណ្ឌ។នាយកបច្ចេកទេសលោក Jean-Francois Vulliez នឹងឡើង​មក​កាន់​ការ​បណ្តោះ​អាសន្ន​ទំរាំ​ក្លិប​រក​បាន​អ្នកចាត់ការថ្មី។រំលឹកថាបុរសវ័យ ៥៧ ឆ្នាំ Laurent Blanc ត្រូវបានតែងតាំងឱ្យដឹកនាំ Lyon កាលពីខែតុលាឆ្នាំ ២០២២ កន្លងទៅ និងបានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៧ ខកខាន​មិន​បាន​ប្រកួត​ក្របខណ្ឌ​អឺរ៉ុបរដូវកាលនេះឡើយ។អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United រូបនេះធ្លាប់ដឹកនាំ Paris Saint Germain និងបានចាកចេញនៅឆ្នាំ ២០១៦ មុនទទួលបានការងារដឹកនាំក្លិបកាតា Al Rayyan៕ អត្ថបទ៖នាង សុភាវុធ

រត់ម៉ារ៉ាតុង ២០០០ គីឡូម៉ែត្រ រៃអង្គាសប្រាក់ទិញរថយន្តសង្គ្រោះជួយអ៊ុយក្រែន​បញ្ចប់ដោយជោគជ័យ

2023/09/12 06:55:35 pm        605
អ្នករត់ប្រណាំងមកពីហូឡង់ម្នាក់ បានបញ្ចប់ដោយជោគជ័យក្នុងការរត់ម៉ារ៉ាតុងពីទីក្រុង Amsterdam ប្រទេសហូឡង់ទៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ដើម្បី​រៃអង្គាស​ប្រាក់​បាន​ប្រមាណ​ ៦ ម៉ឺនអឺរ៉ូ ទិញរថយន្តសង្គ្រោះជូនភ្នាក់ងារសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។បុរសវ័យ ២៨ ឆ្នាំ Boas Kragtwijk បានចាកចេញពីទីក្រុង Amsterdam ដើម្បី​ចាប់​ផ្តើម​ដំណើរ​ផ្សង​ព្រេង​របស់ខ្លួននៅថ្ងៃទី ២២ ខែកក្កដា។ក្នុងការតស៊ូរយៈពេល ៥០ ថ្ងៃ Boas បានឆ្លងកាត់ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ Warsaw ប្រទេសប៉ូឡូញ និងទីក្រុង Lviv ប្រទេសអ៊ុយក្រែន និងចុងក្រោយបំផុតមកដល់រដ្ឋធានី Kyiv ដែល​ជាគោលដៅចុងក្រោយ សរុបចំងាយផ្លូវ ២០០០ គីឡូម៉ែត្រ។និយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Kyiv, Boas Kragtwijk បានឱ្យដឹងថា លោក​ចូល​រួម​ការ​ប្រកួត​នេះ​មាន​មូល​ហេតុ​សំខាន់​គឺ​ជួយ​សម្រាល​បន្ទុក​មួយ​ចំណែក​តូច​របស់​អ៊ុយក្រែន​ដែល​រង​គ្រោះ​ដោយ​សារសង្គ្រាម ការរត់ទៅកាន់ប្រទេស​ដែល​មាន​សង្គ្រាម​គឺ​ជា​រឿង​ដែល​គ្រប់គ្នា​នឹក​ស្មាន​មិន​ដល់​ តែយ៉ាង​ហោច​ណាស់​បេសកកម្ម​នេះ​អាច​ប្រមែ​ប្រមូល​ថវិកា​បាន​ដើម្បី​ទិញ​រថយន្ត​សង្គ្រោះ​បាន ២ គ្រឿង ដែលមួយគ្រឿងអាចជួយសង្រ្គោះជីវិតមនុស្សបានយ៉ាងហោចណាស់ ២៥ នាក់ក្នុងមួយថ្ងៃ៕ អត្ថបទ៖នាង សុភាវុធ

ពាន Svay Rieng Cup U18 រកឃើញបេក្ខភាពវគ្គបន្ដបណ្ដើរៗ ក្រោយចប់សប្ដាហ៍ទី៤

2023/09/12 06:36:10 pm        865
ការប្រកួតបាលទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៨ឆ្នាំ(Svay Rieng Cup U18) លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល សប្ដាហ៍ទី៤ ហើយ ហើយ​ក៏បាន​រកឃើញបេក្ខភាពវគ្គបន្ដជាបណ្ដើរៗផងដែរ ។ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៤ កាលពីចុងសប្ដាហ៍កន្លងទៅ នៅ​ក្នុង​ពូល​A ក្រុម​យុវជនសាមគ្គី បានបន្ដយកឈ្នះក្រុម Rainbow FC ដោយលទ្ធផល ៣-១ គ្រា​ដែល​ក្រុម​ត្រកួន​ទែក បានយកឈ្នះក្រុម ស.ស.យ.ក ឃុំស្វាយតាយាន ៣-០ ។ ជ័យជម្នះនេះ នាំ​ឲ្យ​ក្រុម​យុវជន​សាមគ្គី កក់កៅអីវគ្គបន្ដ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា រកបាន ៩ពិន្ទុពេញ ខណៈ​ក្រុម​យុវជន​ត្រកួន​ទែក ឈរលេខ២ រកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់ ១ ។ដោយឡែកពូល E វិញ ក្រុមយុវជនរមាសហែក បានបន្ដជ័យជម្នះលើក្រុមយុវជនគគីសោម ក្នុង​លទ្ធផល ៣-១ ខណៈក្រុមសាលាចំរើនសូនីតា ទទួលជ័យជម្នះដំបូង លើក្រុមយុវជនចុងព្រែង ដោយ​លទ្ធផល ៣-២ ។ លទ្ធផលនេះដែរ ធ្វើឲ្យក្រុមយុវជនរមាសហែក បន្ដឈរកំពូលតារាង ដោយ​រកបាន ៦ពិន្ទុពីជ័យជម្នះ ២ប្រកួតជាប់គ្នា គ្រាដែលក្រុមសាលាចំរើនសូនីតា មាន ៣ពិន្ទុ​ស្មើ​ក្រុមយុវជនគគីសោម ដែលឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ដូចគ្នា ។ចំណែកពូលF ក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ បានយកឈ្នះក្រុម ស.ស.យ.ក ស្រុក​ស្វាយទាប ​ដោយលទ្ធផល ៣-០ ។ នេះគឺជាជ័យជម្នះលើកទី២ ក្នុងពូល ដែលនាំឲ្យក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ទទួលបានកៅអីវគ្គបន្ដ ខណៈក្រុម ស.ស.យ.ក ស្រុកស្វាយទាប ត្រូវ​ជួបក្រុមមិនទាន់ស្គាល់ជ័យជម្នះដូចគ្នា គឺក្រុមយុវជនបាទី ដើម្បីបញ្ចប់ពូលចុងសប្ដាហ៍ក្រោយ ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM