កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ

2026/08/19 02:47:01 pm        284
ខ្សែបម្រើរបស់ Bayern Munich កីឡាករ Jamal Musiala បានបញ្ជាក់ថា រូបគេកំពុងទទួលការព្យាបាលចំពោះ បញ្ហាមុខងារប្រព័ន្ធប្រសាទ បន្ទាប់ពីបានដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ។កាលពីថ្ងៃអង្គារ Musiala បានដួលប្រហែល ៦នាទីបន្ទាប់ពីចូលលេងជាកីឡាករបម្រុង ក្នុងការប្រកួតមិត្តភាព ដែល Bayern Munich យកឈ្នះ Heidenheim ៤-២។កីឡាករវ័យ ២៣ ឆ្នាំ រូបនេះ ហាក់ដូចជាមានអាការៈស្រពិចស្រពិល ខណៈក្រុមគ្រូពេទ្យបានចូលទៅពិនិត្យ និងជួយគេដើរចេញពីទីលាន។ហេតុការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី Musiala បានដួលក្នុងការប្រកួតមិត្តភាពដែល Bayern Munich យកឈ្នះ RB Leipzig ៣-១ កាលពីថ្ងៃសៅរ៍ នៅទីក្រុង Munich។ក្រោយមក Musiala បានបង្ហោះសារតាម Instagram ដើម្បីបន្ធូរក្តីបារម្ភរបស់អ្នកគាំទ្រ ដោយពន្យល់ថា រូបគេបានទទួលការធ្វើរោគវិនិច្ឆ័យថា មានអាការៈបាត់ស្មារតីរយៈពេលខ្លី និងបណ្តោះអាសន្ន ដែលអាចព្យាបាលបានយ៉ាងងាយស្រួល ហើយវាបណ្តាលមកពីបញ្ហាមុខងារប្រព័ន្ធប្រសាទ។Musiala បានបន្ថែមថា អាការៈនេះអាចបណ្តាលឱ្យមានហេតុការណ៍ដូចដែលបានកើតឡើងនៅពេលប្រកួតជាមួយ Leipzig និង Heidenheim ហើយទោះបីវាអាចធ្វើឱ្យមនុស្សមានការភ័យខ្លាចនៅពេលឃើញជាលើកដំបូងក៏ដោយ សម្រាប់រូបគេ វាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅពេលនេះ។បន្ទាប់ពីការប្រកួតថ្ងៃអង្គារ នាយកកីឡា Bayern Munich លោក Max Eberl បាននិយាយថា Musiala នឹងពន្យល់អំពីបញ្ហានេះដោយខ្លួនឯង ហើយបញ្ជាក់ថា ក្លិបបានដឹង និងយល់ច្បាស់អំពីស្ថានភាពរបស់កីឡាករ។Musiala ក៏ធ្លាប់អវត្តមានអស់រយៈពេល ៦ខែដំបូងនៃរដូវកាលមុន បន្ទាប់ពីរងរបួសបាក់កជើងនៅ FIFA Club World Cup 2025។ ប៉ុន្តែគេបានត្រឡប់មកវិញនៅពាក់កណ្តាលទី២ នៃរដូវកាល ហើយបានចាប់ផ្តើមជម្រើសដំបូងក្នុង ៣ប្រកួតក្នុងចំណោម ៤ប្រកួតរបស់អាល្លឺម៉ង់នៅ World Cup 2026៕ អត្ថបទ៖នាង សុភាវុធ 

ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool

2026/08/19 02:36:35 pm        322
ក្រុមវិនិយោគមួយដែលរួមមានស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានទិញភាគហ៊ុនជិត ៤០ ភាគរយនៃក្លិបអង់គ្លេស Liverpool ពីក្រុមហ៊ុន Fenway Sports Group (FSG)។ដំបូងមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន 1892 Holdings បានទិញភាគហ៊ុនប្រហែលមួយភាគបីនៃក្លិប ប៉ុន្តែតាមការរាយការណ៍ចុងក្រោយ ភាគហ៊ុនដែលបានទិញពិតប្រាកដមានប្រមាណ ៣៨ ភាគរយ។កិច្ចព្រមព្រៀងនេះក៏មានជម្រើសឱ្យក្រុមវិនិយោគអាចទិញ ភាគហ៊ុនគ្រប់គ្រង (Controlling Stake) នៅ Liverpool ក្នុងរយៈពេល ១២ ខែខាងមុខ ប៉ុន្តែមិនមែនជាការប្តេជ្ញាចិត្តជាផ្លូវការថានឹងទិញនោះទេ។ក្រុមវិនិយោគនេះ1982 Holdings ដឹកនាំដោយមហាសេដ្ឋីជនជាតិអង់គ្លេស-ឥណ្ឌា Amit Bhatia។ ក្នុងក្រុមក៏មានលោក Jeff Bezos និងមហាសេដ្ឋី Eduardo Saverin ដែលជាសហស្ថាបនិក Facebook ផងដែរ។លោក Bhatia នឹងក្លាយជា អនុប្រធានក្លិប Liverpool និងចូលរួមក្នុងក្រុមប្រឹក្សាភិបាលដែលត្រូវបានពង្រីក បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។លោក Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីឥណ្ឌា Lakshmi Mittal ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគហ៊ុនរបស់ Queens Park Rangers (QPR) អស់រយៈពេល ១៨ ឆ្នាំ មុនពេលលក់ភាគហ៊ុនរបស់ខ្លួននៅក្លិបកាលពីខែមុន។តម្លៃក្លិប Liverpool ត្រូវបានគេយល់ថា មានចន្លោះពី ៥ ពាន់លានផោន ទៅ ៦ ពាន់លានផោន តាមតម្លៃនៃកិច្ចព្រមព្រៀងនេះ៕ អត្ថបទ៖នាង សុភាវុធ 

Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians

2026/08/19 02:01:59 pm        347
ខ្សែប្រយុទ្ធហូឡង់ Memphis Depay បានយល់ព្រមកាត់បន្ថយតម្លៃប្រាក់ឈ្នួលរបស់ខ្លួន ដើម្បីបន្តលេងឱ្យ ល Corinthians ប៉ុន្មានថ្ងៃបន្ទាប់ពីក្លិបប្រេស៊ីលមួយនេះបានសម្រេចមិនបន្តកិច្ចសន្យារបស់គេ។អតីតខ្សែប្រយុទ្ធ Manchester United បានចោទប្រកាន់ Corinthians ថាមាន «អាកប្បកិរិយាមិនអាចទទួលយកបាន» កាលពីសប្តាហ៍មុន បន្ទាប់ពីក្លិបបានដកការយល់ព្រមលើការបន្តកិច្ចសន្យារយៈពេល ២ ឆ្នាំ ដែលធ្លាប់បានព្រមព្រៀងគ្នា។ប៉ុន្តែប្រធានក្លិប Corinthians លោក Osmar Stabile បានបញ្ជាក់ថា Depay បានកាត់បន្ថយការទាមទារផ្នែកហិរញ្ញវត្ថុរបស់គេយ៉ាងច្រើន ដើម្បីចុះកិច្ចសន្យាថ្មីជាមួយក្លិបនៅទីក្រុង São Paulo រហូតដល់ឆ្នាំ ២០២៨។កីឡាករវ័យ ៣២ ឆ្នាំ រូបនេះ រកបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៩ ប្រកួត សម្រាប់ Corinthians និងបានជួយក្លិបឈ្នះ Copa do Brasil ឆ្នាំ ២០២៥ និង Supercopa do Brasil ឆ្នាំ ២០២៦។ទោះជាយ៉ាងណា Corinthians ដែលបច្ចុប្បន្នកំពុងឈរនៅលេខ ៩ ក្នុងលីគកំពូលប្រេស៊ីល Serie A ធ្លាប់សម្រេចមិនបន្តកិច្ចសន្យារបស់ Depay ដោយសារក្លិបមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុ៕ អត្ថបទ៖នាង សុភាវុធ 

ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន

2026/08/19 01:11:25 pm        397
ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការគាំទ្រយ៉ាងផុសផុលពីវិស័យឯកជន ដែលជាសញ្ញាណដ៏ល្អឆ្ពោះទៅរកភាពជោគជ័យ នៃការប្រកួតដ៏ធំនេះ។នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហាយធិច នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមហ៊ុននឹងឧបត្ថម្ភគាំទ្រទឹកសុទ្ធសម្រាប់កីឡាករ-កីឡាការិនីប្រើប្រាស់ កំឡុងពេលហ្វឹកហាត់ រហូតដល់ការប្រកួតផ្លូវការ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ សម្រាប់រួមចំណែកទ្រទ្រង់ដល់ការធ្វើម្ចាស់ផ្ទះនេះទៀតផង។ឯកឧត្តមបានសម្ដែងក្ដីរីករាយ ដែលបណ្ដាក្រុមហ៊ុននានា បានចាប់អារម្មណ៍ និងចូលរួមជាមួយសហព័ន្ធ ដើម្បីធានាឲ្យការរៀបចំព្រឹត្តិការណ៍វ៉ូវីណាមជើងឯកអាស៊ី បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ស្របពេលសហព័ន្ធក៏បាននឹងកំពុងពង្រឹងក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងដៃគូ តាមរយៈការត្រៀមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិផងដែរ។ទន្ទឹមជាមួយគ្នាលោក ព្រាប សកល តំណាងក្រុមហ៊ុនហាយធិច បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមជាមួយសហព័ន្ធ ក្នុងការគាំទ្រដល់ដំណើរការរៀបចំការប្រកួតនាពេលខាងមុខ។ លោកមិនផ្ដោតលើផលតបស្នង លោកសង្ឃឹមថា ការរួមចំណែកនេះ នឹងជំរុញឲ្យព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី ទទួលបានជោគជ័យ ហើយលោកក៏បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនផ្សេងៗ ក្នុងការបន្ដចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយវិស័យកីឡាជាតិផងដែរ។គួរដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានបណ្ដាប្រទេសជាច្រើន បាននឹងកំពុងដំណើរការនិតីវិធីចុះឈ្មោះ ខណៈការចុះឈ្មោះចូលរួម គ្រោងនឹងបិទឈប់ទទួលពាក្យនៅដំណាក់ខែសីហា ឆ្នាំ២០២៦។ ផ្អែកលើបទពិសោធន៍រៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ស៊ីហ្គេម និងជើងឯកពិភពលោកកន្លងមក ឯកឧត្តម អ៊ូ រតនា រំពឹងការប្រកួតជើងឯកអាស៊ីនេះ នឹងមានបណ្ដាប្រទេសជាច្រើនចូលរួម៕ អត្ថបទ លី ឈុនឡា 

កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ក្នុងជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ក្រោយចាញ់មីយ៉ាន់ម៉ា

2026/08/19 11:07:49 am        268
កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាប្រកួតជាក្រុម ក្រោយចាញ់មីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ។បើគិតត្រឹមថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៦ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់វិញ្ញាសាជាក្រុមហើយ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាទាំង៣ប្រភេទអាយុ គឺ អាយុក្រោម១៦ឆ្នាំ ក្រោម១៩ឆ្នាំ និងក្រោម២៣ ប្រជែងដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីចាញ់ប្រទេសមីយ៉ានម៉ាក្នុងវគ្គផ្តាច់ព្រ័ត្រ។ក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួតវិញ្ញាសាជាក្រុមនេះ គឺមានការអញ្ជើញជាកិត្តិយសបំពាក់បំពាក់មេដាយ ពីសំណាក់ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ និង ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី។ក្នុងបទសម្ភាសន៍ក្រោយការប្រកួត លោក ឈិត សាមាន គ្រូបង្វឹកជម្រើសជាតិវាយសី បានលើកឡើងថា នៅថ្ងៃប្រកួតដណ្តើមយកមេដាយមាសនេះ កូនក្រុមរបស់លោកប្រឹងប្រែងធ្វើបានល្អហើយ ប៉ុន្តែការរំពឹងមេដាយមាសគឺយើងមិនអាចដណ្តើមបានឡើយ ខណៈមីយ៉ាន់ម៉ាគេធ្វើបានល្អ និងបច្ចេសទេសខ្ពស់ជាងយើង។ តែទោះជាយ៉ាងណា កីឡាករកីឡាការិនីរបស់យើងបានលេងបញ្ចេញគុណផលអស់ពីលទ្ធភាពដើម្បីចង់ប្រជែងដណ្តើមមេដាយមាសជូនជាតិ តែយើងមិនអាចដណ្តើមបាន។សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាក្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣នេះ វិញ្ញាសាប្រកួតជាក្រុមដំណើរពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែ សីហា សម្រាប់វិញ្ញាសាជាក្រុមបានបញ្ចប់ ដោយប្រទេសមីយ៉ាន់ម៉ាដណ្តើមបានមេដាយមាសទាំង៣ប្រទេសអាយុ រីឯម្ចាស់ផ្ទះកម្ពុជាដណ្តើមបានជើងឯករងមេដាយប្រាក់ទាំង៣ប្រភេទអាយុ។ បន្ទាប់ពីបញ្ចប់ការប្រកួតជាក្រុម កម្ពុជានៅមានវិញ្ញាសាប្រកួតឯកក្តជន វាយគូ និងវាយគូចម្រុះ ជាក្តីសង្ឃឹមក្នុងការដណ្តើមមេដាយមាស និងដំណើរការរហូតដល់ថ្ងៃទី២១ទើបបញ្ចប់ការប្រកួតទាំងស្រុង៕

Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង

2026/08/19 10:54:05 am        402
ក្រុមបាល់ទាត់ព្រះវិហារក្រោន បានទទួល ៣ពិន្ទុពីជ័យជម្នះលើកដំបូង លើក្រុមបាល់ទាត់អាចារ្យលាក់ខេត្តកំពង់ធំ ស្របពេលក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បានវាយបកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៣-២ ដើម្បីរក្សាកៅអីកំពូលតារាងពូលC នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត)។សម្រាប់ជំនួបបញ្ចប់ទី១ ក្នុងពូល A  នៅកីឡដ្ឋានខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃអង្គារ រវាងក្រុមម្ចាស់ផ្ទះអាចារ្យលាក់ខេត្តកំពង់ធំ និងក្រុមព្រះវិហារក្រោន បានបញ្ចប់ដោយលទ្ធផលដ៏តានតឹង ដោយការប្រកួតបានអូសបន្លាយដល់ចុងម៉ោង ទើបមានគ្រាប់បាល់កើតឡើង ១គ្រាប់ ពីកីឡាករ ម៉ាត់ អារ៉ាហ្វីន ដែលជាគ្រាប់ជ័យឲ្យក្រុមភ្ញៀវទទួលបានជ័យជម្នះ នៅនាទី៨២។ជ័យជម្នះដំបូងនេះ បានក្លាយជាក្ដីសង្ឃឹមសម្រាប់ព្រះវិហារក្រោន ក្នុងឱកាសប្រជែងកៅអីវគ្គបន្ដ ដ្បិតនៅសល់ ២ប្រកួតទៀត នៅជើងទី២ គ្រាដែលក្រុមអាចារ្យលាក់ខេត្តកំពង់ធំ នៅសល់ក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា។ បច្ចុប្បន្នព្រះវិហារក្រោន មាន ៣ពិន្ទុ ឈរលេខ២ តាមពីក្រោយក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង ដែលរកបាន ៦ពិន្ទុ ខណៈខេត្តកំពង់ធំ មិនទាន់មានពិន្ទុរាប់ឡើយ។ចំណែកជំនួបដ៏ជក់ចិត្តក្នុងពូលC នៅទីលានវិទ្យាល័យច្បារអំពៅវិញ កីឡាករ ម៉ាត់ សេតមូស្លីម បានចំណាយពេលត្រឹម ៣នាទី ក្នុងការស៊ុតគ្រាប់បើកការនាំមុខឲ្យក្រុមភ្នំពេញហ្គាឡាក់ស៊ី មុនកីឡាករ ពុធ គ្រីយ៉ា រកបានគ្រាប់តាមស្មើ ឲ្យខេត្តកណ្ដាល នៅនាទី២២។ បន្ទាប់មកភ្នំពេញហ្គាឡាក់ស៊ី ក៏បានបើកការនាំមុខជាថ្មី ដោយកីឡាករ លី មស្លីម នៅនាទី៥១ មុនកីឡាករ ពុធ គ្រីយ៉ា រកបាន ២គ្រាប់បន្ថែម នៅនាទី៧៤ និងនាទី៨៧។ការធ្វើបាន Hat-Trick ពីកីឡាករពាក់អាវលេខ៤៥ នេះ បានជួយឲ្យសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល យកឈ្នះលើក្រុមភ្នំពេញហ្គាឡាក់ស៊ី ៣-២ និងរក្សាបាននូវតំណែងកំពូលតារាងពូលC បណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុវិលជុំ នៅជើងទី១ ចំនួន ៣ប្រកួតឈ្នះ ២ និងស្មើ ១ រកបាន ៧ពិន្ទុ គ្រាដែលក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្ដឈរបាតតារាង ដោយរក្សា ១ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៣ប្រកួតស្មើ ១ និងចាញ់ ២ មិនទាន់ស្គាល់ជ័យជម្នះឡើយ។យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ការប្រកួត ១ជុំទៀត នៅជើងទី២ ដើម្បីកាត់សេចក្ដីរកក្រុមលេខ១ ក៏ដូចជាក្រុមលេខ២ ល្អជាងគេ ក្នុងចំណោមពូលទាំង ៥ ឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា 

ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល

2026/08/19 10:33:16 am        280
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបញ្ចប់ការប្រកួតមិត្តភាពមួយទៀតហើយ ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ» ដោយកៀរគរបានថវិកាជាង ៤០០លានរៀល សម្រាប់ត្រៀមរៀបចំចាត់ចែងជូនប្រជាពលរដ្ឋនៅភូមិរង់ចាំ នាខែកញ្ញាខាងមុខ។ជំនួបមិត្តភាពសប្បុរសធម៌នេះ បានប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ដ្រីថ្នាក់ដឹកនាំ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមអបអរ និងទស្សនាការប្រកួតនេះ។ឆ្លៀតឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្ររៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង ដែលការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ ផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។គួរដឹងថា បន្ទាប់ពីក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសចាប់ផ្ដើមយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» តាមរយៈការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នេះគឺជាការប្រកួតទី២ បន្ទាប់ពីការប្រកួតដំបូង ទល់នឹងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែសីហា ដោយកៀរគរបានថវិកាជិត ៥០លានរៀលសម្រាប់ជួយដល់អ្នកភូមិរង់ចាំ។ដោយមិនគិតពីការប្រកួតលក្ខណៈហ្វឹកហាត់ និងមិត្តភាពចំនួន ២ផ្សេងទៀត នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងមានការប្រកួតមិត្តភាពសប្បុរសធម៌មួយទៀត ទល់នឹងក្រុមបាល់ទាត់តារាកម្ពុជា ដែលនឹងរៀបចំនៅកីឡដ្ឋានស្ដាតចាស់ ។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំ ដើម្បីចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។មកទល់ពេលនេះ ក្រោយយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ត្រូវបានប្រកាសបើកទទួលការបរិច្ចាគពីសប្បុរសជន កាលពីថ្ងៃទី១២ ខែសីហា រហូតមកទល់ពេលនេះ គេឃើញមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានចូលរួមបរិច្ចាគយ៉ាងផុសផុល ទាំងថវិកា និងសម្ភារ ។ នេះបើយោងតាមការជូនដំណឹងលើបណ្ដាញសង្គមផ្លូវការរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ។រាល់ជំនួយទទួលបានពីការបរិច្ចាគទាំងអស់នេះ នឹងត្រូវរៀបចំឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំទាំងអស់ ដោយថ្នាក់ដឹកនាំ និងកីឡាករនៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងរៀបចំកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួួយអ្នកភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងការត្រៀមរៀបចំនូវកម្មវិធីអមមួយចំនួន ដើម្បីស្វែងយល់ បង្កើនទំនាក់ទង ពិសេសបង្ហាញពីការនឹករលឹករបស់ប្រជាពលរដ្ឋខ្មែរដែលនៅជួរក្រោយ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី

2026/08/19 10:09:58 am        296
ជំនួបបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុវិលជុំ នៃពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season Cup 2026 រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្រុមមកពីហុងកុង Eastern District FC បានបញ្ចប់ជាមួយលទ្ធផលដ៏ស្វិតស្វាញ ក្រោយក្រុមម្ចាស់ផ្ទះ វាយបករកបានគ្រាប់តាមស្មើនៅចុងម៉ោង ១-១ បន្ទាប់ពីការដាក់សម្ពាធ អមជាមួយការស៊ុតដ៏សន្ធាប់ តែភាគច្រើនបុករបាទី កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ទោះបីក្រុមទាំងពីរ បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានលក្ខណៈមិត្តភាពនេះក៏ពិតមែន តែជំនួបដែលផ្ដោតសំខាន់ការរៀបចំ និងពង្រឹងក្រុមត្រៀមរដូវកាលថ្មីនេះ បានផ្ដល់នូវភាពជក់ចិត្តដល់ទស្សនិកជន ពិសេសក្លិបព្រះខ័នរាជស្វាយរៀង ដែលបានវាយសម្រុកយ៉ាងខ្លាំង តាំងពីដើមវគ្គទី១ រហូតដល់ចុងម៉ោង ប៉ុន្ដែក្នុងចំណោមឱកាសស៊ុតដ៏គ្រោះថ្នាក់ស្ទើររាប់ភ្លេច ភាគច្រើន ត្រូវបានសង្គោះដោយអ្នកចាំទី និងបុករបាទីគួរឲ្យសោកស្ដាយ។បន្ទាប់ពីខកខានឱកាសបំប៉ោងសំណាញ់ទីម្ដងហើយម្ដងទៀតពីសំណាក់ក្រុមម្ចាស់ផ្ទះ កីឡាករ Luizinho របស់ក្លិប Eastern District FC ដែលមានឱកាសស្ដួចស្ដើង ក៏បានអូសបាល់ចូលតំបន់គ្រោះថ្នាក់ និងរកបានគ្រាប់នាំមុខឲ្យក្រុមមកពីហុងកុង ១គ្រាប់មុន នៅនាទី៧៦ ហើយលទ្ធផលនេះ បានអូសបន្លាយចុងម៉ោង ទើបកីឡាករ ញាណ សុស៊ីដាន រកបានគ្រាប់តាមស្មើឲ្យព្រះខ័នរាជស្វាយរៀង តាមរយៈការស៊ុតបាល់ឡងបន្ទាប់ពីបុករបាទីយ៉ាងល្អ នៅនាទី៨៩។ក្រោយចែកគ្នា ១ពិន្ទុម្នាក់នេះ ក្លិប Eastern District FC បានរក្សាតំណែងកំពូលតារាង ក្នុងចំណោម ៣ក្លិប ដែលចូលរួមប្រកួតពានមិត្តភាពនេះ ដោយរកបាន ៤ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី២ គ្រាដែលក្លិប Geylang International FC របស់សិង្ហបុរី បានធ្លាក់ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា ។ ដូច្នេះក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប Eastern District FC នឹងត្រូវជួបគ្នាម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Pre-Season Cup 2026 នាយប់ថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

លោក Conor៖ គ្មានលេសត្រូវប្រកែក ក្រោយ ISI ផ្ដល់អ្វីៗគ្រប់យ៉ាង និងចាំអ៊ុតលទ្ធផលនៅចុងរដូវកាល

2026/08/18 03:06:45 pm        516
លោក Conor Nestor គ្រូបង្វឹកក្លិប ISI ដង្កោសែនជ័យ ថា គ្មានលេសត្រូវប្រកែកឡើយ ក្រោយប្រធានក្លិបលោក កាំង សេន បានផ្ដល់អ្វីៗទាំងអស់ ដែលលោកចង់បាន ហើយលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ខណៈលទ្ធផលត្រូវរង់ចាំអ៊ុលមើលជាក់ស្ដែងក្រោយបញ្ចប់រដូវកាល។ការលើកឡើងនេះ ស្របពេល ISI ដង្កោសែនជ័យ បានបន្ថែមការវិនិយោគនាំយកកីឡាករអន្ដរជាតិ ៤រូបទៀត មកពង្រឹងក្រុម រួមមានខ្សែការពារសញ្ជាតិប្រេស៊ីល Matheus Freitas អតីតសមាជិកក្លិបអង្គរថាយហ្គឺរកាលពីរដូវកាលមុន, អតីតខ្សែប្រយុទ្ធដ៏លេចធ្លោររបស់ភ្នំពេញក្រោន Shimizu Shintaro រួមទាំងកីឡាករជប៉ុន ២រូបទៀត គឺខ្សែការពារ Takahiro Tezuka ផ្ទេរមកពីក្លិប Bangkok FC និងខ្សែប្រយុទ្ធ Daizo Horikoshi ផ្ទេរមកពីក្លិប NWS Spirit FC នៃលីគទី៣ អូស្ដ្រាលី។ក្នុងនាមគ្រូបង្វឹកលោកបានស្វាគមន៍កីឡាករចំណូលថ្មី ព្រមទាំងកីឡាករផ្សេងៗទៀត ដែលក្លិបបាននាំចូលជាបន្ដបន្ទាប់ កាលពីថ្មីៗ ហើយលោកសង្ឃឹមពួកគេ នឹងរួមគ្នាជួយក្លិបសម្រេចបានលទ្ធផលល្អប្រសើរនារដូវកាលថ្មី ។អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងដដែលបន្ដថា ភ្ជាប់ជាមួយការលើកឡើងពីអតីតកាលរបស់ក្លិប ISI ដែលឈរបាតតារាងកាលពីរដូវកាលមុន លោកថា ខ្លួនក៏ធ្លាប់ដឹកនាំក្រុមមិនចាញ់សោះ ៣៣ប្រកួតដែរ ។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺធ្វើឲ្យអនាគតក្លិបល្អប្រសើរបំផុត។គួរដឹងថា ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងត្រឡប់មកវិញ នាដើមខែកញ្ញាខាងមុខ ក្លិប ISI ដង្កោសែនជ័យ បានធ្វើការរុះរើស និងរៀបចំក្រុមទ្រង់ទ្រាយធំ ទាំងក្រុមការងារគ្រូបង្វឹក ដែលដឹកនាំដោយលោក Conor Nestor ក៏ដូចជាកីឡាករ ទាំងខ្មែរ និងបរទេស សុទ្ធសឹងជាកីឡាករមានគុណភាព និងបទពិសោធន៍ តួយ៉ាងដូចជាកីឡាករ ធារី ចន្ថាប៊ីន, កីឡាករអាហ្វ្រិកខាងត្បូងសញ្ជាតិខ្មែរ កាន់ ម៉ូ, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yudai Ogawa, គួច សុកុម្ភៈ និងអ្នកចាំទី ហ៊ុល គឹមហ៊ុង ជាដើម មុននាំចូលកីឡាករបរទេសថ្មីទាំង ៤រូបនេះ។ការវិនិយោគដ៏សម្បើមនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរំពឹងក្រុមបាតតារាងកាលពីរដូវកាលចាស់នេះ នឹងអាចបង្កព្យុះភ្លៀងដល់បណ្ដាក្លិបធំៗ ហើយអាចឈានទៅប្រកួតប្រជែងតំណែងជើងឯកទៀតផង៕ អត្ថបទ លី ឈុនឡា 

ពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹង​ក្រុម​កម្ពុជា​ត្រៀម​ការ​ប្រកួត​អន្ដរជាតិនានា

2026/08/18 02:17:16 pm        383
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្ដល់ឱកាស និងពង្រឹងសមត្ថភាព​ក្រុមកីឡាករ​ជម្រើស​ជាតិកម្ពុជា សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេមចំពោះមុខ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខ។នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា មុនការប្រកួតផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែសីហាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។នេះជាលើកទី២ ដែលសហព័ន្ធទទួលបានការអនុញ្ញាតជាគោលការណ៍ពីសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍បាល់ទះនេះឡើង ក្រោយការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ និងខកខានរៀបចំវិញ នៅឆ្នាំ២០២៥ ។ ប៉ុន្ដែដោយមានការជំរុញពីថ្នាក់ដឹកនាំសហព័ន្ធ និងមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ពានសម្ដេចធិបតី នេះ នឹងត្រូវរៀបចំជាប្រចាំ ចាប់ពីឆ្នាំ២០២៦ នេះតទៅ។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា ការជំរុញឲ្យបន្ដរៀបចំពានរង្វាន់ប្រមុខថ្នាក់ដឹកនាំនេះ គឺដើម្បីជាឱកាសវាស់ស្ទង់ និងពង្រឹងសមត្ថភាពកីឡាករ ដែលបានប្រមូលផ្ដុំក្នុងជំរុំជម្រើសជាតិ តាមរយៈការអញ្ជើញបណ្ដាក្លិប និងក្រុមជម្រើសជាតិខ្លាំងមកចូលរួម ជាក់ស្ដែងលើកនេះ សហព័ន្ធបានអញ្ជើញក្រុម MBSA របស់ម៉ាឡេស៊ី និងក្រុម Dong Hai របស់វៀតណាម មកចូលរួម ខណៈក្រុមជម្រើសជាតិកម្ពុជា បានបែងចែកជា ២ក្រុម គឺក្រុមA និងក្រុមB ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ។ទន្ទឹមជាមួយគ្នាលោកក៏បានសម្ដែងការសោកស្ដាយ ចំពោះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលដំបូងឡើយត្រូវចូលរួមប្រជែងពានដែរ តែដោយសារការប្រកួតនេះ ស្ថិតក្នុងរដូវកាលប្រមូលផ្ដុំជម្រើសជាតិ ដែលបណ្ដាប្រទេសនានា មិនអាចប្រកួតពានរង្វាន់បាន គឺបានត្រឹមប្រកួតលក្ខណៈមិត្តភាព។ ដូច្នេះឥណ្ឌូនេស៊ី នឹងចូលរួមប្រកួតលក្ខណៈមិត្តភាព តែជាមួយក្រុមជម្រើសជាតិកម្ពុជាប៉ុណ្ណោះ ដើម្បីចៀសវាងការរងទណ្ឌកម្មពីសហព័ន្ធកីឡាបាល់ទះអាស៊ី និងអន្ដរជាតិ។យ៉ាងណាក្ដីក្នុងនាមសហព័ន្ធ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នៅតែចាត់ទុកវត្តមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មកប្រកួតមិត្តភាពនៅកម្ពុជា គឺជាមោទនភាព ព្រោះបង្ហាញឲ្យឃើញថា សមត្ថភាពកីឡាករបាល់ទះកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រុមខ្លាំងប្រចាំតំបន់ ។ លោកថា ដំបូងឡើយឥណ្ឌូនេស៊ី ត្រូវទៅបោះជំរុំហ្វឹកហាត់នៅជប៉ុន ដើម្បីត្រៀមកីឡាអាស៊ី តែការសម្រេចមកលេងមិត្តភាពជាមួយកម្ពុជានេះ គឺជារឿងល្អ ហើយក៏ជាឱកាសសម្រាប់ក្រុមកម្ពុជា បានវាស់ស្ទង់ និងអភិវឌ្ឍសមត្ថភាពមួយកម្រិតបន្ថែមទៀតផងដែរ។សម្រាប់រដូវកាលទី២ នៃពានរង្វាន់ «សម្ដេចធិបតី» នេះដែរ ក្នុងចំណោមបេក្ខភាព ៤ក្រុមចូលរួម គឺត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ពីថ្ងៃទី១៩-២១ ខែសីហា មុនបន្ដការប្រកួតវគ្គខ្វែង រវាងក្រុមលេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣ នាថ្ងៃទី២២-សីហា ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាននាថ្ងៃទី២៣ ខែសីហា។ ទន្ទឹមជាមួយគ្នានៅថ្ងៃបើកការប្រកួតពានសម្ដេចធិបតី នាល្ងាចថ្ងៃទី១៩ ខែសីហា ក៏នឹងមានការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ មុនក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងលក្ខណៈមិត្តភាព ជាលើកទី២ នាថ្ងៃទី២៥ ខែសីហាខាងមុខ។ ជាមួយព្រឹត្តិការណ៍បាល់ទះដ៏ធំនេះដែរ សហព័ន្ធនឹងមានការលក់សំបុត្រ ដើម្បីកៀរគរមូលនិធិសម្រាប់បែងចែកមួយផ្នែកជួយដល់វីរកងទ័ពជួរមុខ មួយផ្នែកជួយដល់បងប្អូនជនភៀសសឹក និងមួយផ្នែកបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារផងដែរ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ខណៈព្រឹកនេះដំណើរការកំណែសន្លឹកកិច្ចការ និងបញ្ចូលពិន្ទុប្រឡងប្រជែងគ្រូមធ្យមសិក្សាឈានដល់ថ្ងៃទី៦
10/25/2026 09:10 AM
គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM