កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង ត្រូវជួបជើងឯករង AFC Champion League Elite, Machida Zelvia

2026/08/18 02:04:22 pm        631
ពេលនេះក្លឹបបាល់ទាត់ទាំងពីររបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនបានដឹងគូប្រកួតរៀងៗខ្លួនហើយការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី២ទ្វីបអាស៊ី២០២៦/២០២៧ (AFC Champion League Two 2026/2027) តំបន់អាស៊ីខាងកើត ពេលការចាប់ឆ្នោតធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ នៅប្រទេសម៉ាឡេស៊ី។ លទ្ធផលការចាប់ឆ្នោតបានបង្ហាញថាជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូលG ជាមួយក្លឹបបាល់ទាត់ Machida Zelvia ជើងឯករង AFC Champion League Elite រដូវកាល២០២៥-២០២៦ របស់ជប៉ុន Shanghai Shenhua ជើងឯករងលីគកំពូលប្រទេសចិន និងក្លឹប Tampines Rovers ជើងឯករងលីគកំពូលសិង្ហបុរី។ ចំណែកភ្នំពេញក្រោនស្ថិតនៅក្នុងពូល H ជាមួយក្លឹបកូរ៉េខាងត្បូង Gangwon FC ដែលធ្លាក់ពីការប្រកួតជម្រុះ AFC Champion League Elite, Kuching Cityជើងឯករងលីគកំពូលម៉ាឡេស៊ី និងក្លឹបKitchee ជើងឯកលីគកំពូលចិនហុងកុង)។ការប្រកួតវគ្គចែកពូលពានលំដាប់ទី២ទ្វីបអាស៊ីនេះ នឹងដំណើរការប្រកួតពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦៕ 

ភ្នំពេញក្រោន គ្រងជើងឯកពាន Pre-Season នៅម៉ាឡេស៊ី ក្រោយឈ្នះ ២ប្រកួតជាប់គ្នា

2026/08/18 11:03:36 am        284
ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានក្លាយជាជើងឯកពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិ International 4 Triangle Tournament Malacca Governor's 76th Anniversary Cup 2026  ក្រោយយកឈ្នះគូប្រកួត ២ប្រកួតជាប់គ្នា ពិសេសជំនួបទល់ក្រុមម្ចាស់ផ្ទះ Melaka FC របស់ម៉ាឡេសុី កាលពីយប់មិញ។បន្ទាប់ពីយកឈ្នះក្រុម Persik Kediri FC របស់ឥណ្ឌូនេសុី ដោយលទ្ធផល ៤-០ នៅវគ្គខ្វែង ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Melaka FC ដោយតានតឹង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season នេះ តាមរយៈការយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១។នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយសម្រាប់ក្រុមភ្នំពេញក្រោន សម្រាប់ការត្រៀមលក្ខណៈប្រកួតប្រជែង នារដូវកាលថ្មី ពិសេសលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលនឹងត្រឡប់មកវិញ នាដើមខែកញ្ញាខាងមុខ ក៏ដូចជាការត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League 2 ឆ្នាំ២០២៦/២៧ ផងដែរ។គួរដឹងថា ពានរង្វាន់មិត្តភាព Pre-Season ដែលរៀបចំដោយក្លិប Melaka FC គឺមាន ៤ក្លិប មកពី ៤ប្រទេសចូលរួម ។ ជាលទ្ធផលក្លិបភ្នំពេញក្រោន របស់កម្ពុជា បានគ្រងជើងឯក, ក្រុមម្ចាស់ផ្ទះ Melaka FC  ទទួលបានជើងឯករង និងក្រុម  Jurong FC  របស់សិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣ គ្រាដែលក្រុម Persik Kediri FC របស់ឥណ្ឌូនេស៊ី ទទួលបានលេខ៤៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ ជួបក្លិប Eastern របស់ហុងកុង យប់នេះ មុនជួបគ្នាជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១-សីហា

2026/08/18 10:35:36 am        520
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Eastern District FC ក្នុងវគ្គវិលជុំសន្សំពិន្ទុ ក្នុងពានរង្វាន់មិត្តភាពអន្ដរជាតិ Pre-Season Cup 2026 នាវេលាម៉ោង ៧យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ មុនក្រុមទាំងពីរ ត្រូវជួបគ្នាជាថ្មី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃសុក្រចុងសប្ដាហ៍នេះ។ពានរង្វាន់មិត្តភាពបើករដូវកាល ដែលរៀបចំដោយក្រុមជើងឯកលីគកំពូលកម្ពុជានេះ មាន ៣ក្រុមមកពី ៣ប្រទេសចូលរួម ខណៈ ១ក្រុមទៀត គឺក្លិប Geylang International FC របស់សិង្ហបុរី ដែលពួកគេបានអស់ឱកាសឡើងវគ្គបន្ដ ក្រោយរងបរាជ័យទល់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុម Eastern District FC កាលពីថ្មីៗ។ដូច្នេះព្រះខ័នរាជស្វាយរៀង និង Eastern District FC បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ប៉ុន្ដែមុនជួបគ្នាដណ្ដើមពានរង្វាន់ Pre-Season Cup 2026 ពួកគេត្រូវជួបគ្នាបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុវិលជុំ នៅរាត្រីថ្ងៃទី១៨ ខែសីហានេះសិន មុនជួបគ្នាជាថ្មី ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក នាថ្ងៃទី២១ ខែសីហា នៅពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់៕ អត្ថបទ លី ឈុនឡា

West Ham បំបែកកំណត់ត្រា EFL ផ្ទេរ Arne Engels ពី Celtic ក្នុងតម្លៃ ២២ លានផោន

2026/08/17 04:04:31 pm        371
ក្រុមដែលធ្លាក់ពី Premier League ញញួរធំ West Ham បានបំបែកកំណត់ត្រាតម្លៃផ្ទេររបស់ EFL League Championship បន្ទាប់ពីចំណាយប្រាក់ ២២ លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Arne Engels ពីក្រុមជើងឯកស្កុតឡេន Celtic។កីឡាករជម្រើសជាតិបែលហ្ស៊ិកវ័យ ២២ ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ ជាមួយ West Ham។ តម្លៃ ២២ លានផោននេះ បានបំបែកកំណត់ត្រាចាស់ ១៧.៥ លានផោន ដែល Ipswich Town បានចំណាយកាលពីមួយឆ្នាំមុន ដើម្បីនាំយកខ្សែប្រយុទ្ធន័រវែស Sindre Walle Egeli។West Ham នឹងចាប់ផ្តើមរដូវកាល Championship ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១២ បន្ទាប់ពីធ្លាក់ពី Premier League កាលពីខែឧសភា។ គេនឹងអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ West Ham នៅក្នុងការប្រកួត London Derby ជាមួយ Charlton Athletic នៅ London Stadium ថ្ងៃសៅរ៍ ទី២២ ខែសីហា។រំលឹកថា Arne Engels ធ្លាប់បង្ហាញខ្លួន ១០០ ប្រកួតជាមួយ Celtic ស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ និងប៉ះបញ្ជូន ២២ ឈ្នះជើងឯកលីគកំពូលស្កុតឡេន ២ រដូវកាលជាប់គ្នា។Engels គឺជាកីឡាករចំណូលថ្មីទី ៤ របស់ West Ham នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើវេណេស៊ុយអេឡា Keiber Lamadrid, ខ្សែការពារហូឡង់ Joel Veltman និងខ្សែបម្រើស្លាបអ៊ីស្រាអែល Manor Solomon៕ អត្ថបទ៖នាង សុភាវុធ

Barcelona ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rodri ពី Man City ក្នុងតម្លៃ ៦៥ លានផោន

2026/08/17 03:32:22 pm        350
ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester City ហើយ នៅក្នុងការផ្ទេរប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Rodri ក្នុងតម្លៃប្រមាណ ៦៥ លានផោន។ខ្សែបម្រើវ័យ ៣០ ឆ្នាំ ដែលធ្លាប់ឈ្នះពាន Ballon d’Or ឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំ ជាមួយក្លិបជើងឯកអេស្ប៉ាញ។ ការផ្ទេរនេះអាចនឹងសម្រេចផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។Rodri បានបង្ហាញខ្លួន ២៩៨ ប្រកួត ក្នុងរយៈពេល ៧ រដូវកាលជាមួយ Man City បន្ទាប់ពីផ្ទេរមកពី Atlético Madrid ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃកំណត់ត្រាក្លិប ៦២.៨ លានផោន។គេបានខកខានការប្រកួតភាគច្រើនក្នុងរដូវកាល ២០២៤-២៥ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ហើយរដូវកាលមុនក៏មានបញ្ហារបួសសរសៃពួរផងដែរ។យ៉ាងណាក៏ដោយ Rodri បានត្រឡប់មករកទម្រង់លេងល្អបំផុតរបស់ខ្លួននៅ World Cup រដូវក្តៅនេះ ដោយជួយអេស្ប៉ាញឈ្នះជើងឯកពិភពលោកជាលើកទី២ និងត្រូវបានជ្រើសរើសជា កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។សមិទ្ធផលសំខាន់ៗរបស់ Rodri ជាមួយ Man City រួមមានឈ្នះជើងឯក Premier League ៤ ដង FA Cup ២ ដង EFL Cup ៣ ដង Champions League ១ ដង។Rodri នឹងចាកចេញពី Manchester City បន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យជាមួយក្លិប ហើយការផ្ទេរទៅ Barcelona នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ៕ អត្ថបទ៖នាង សុភាវុធ

Arsenal ឈ្នះ Manchester City ៣-០ លើកពាន Community Shield លើកទី ១៨

2026/08/17 03:11:29 pm        345
ក្រុមជើងឯក Premier League កាំភ្លើងធំ Arsenal បានបង្កើតជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើគូប្រជែង Manchester City ដោយឈ្នះ ៣-០ នៅទីក្រុង Cardiff ដើម្បីលើកពានបើករដូវកាល Community Shield។Arsenal បានបើកការនាំមុខត្រឹមតែ ២៣ វិនាទីដំបូង បន្ទាប់ពី Myles Lewis-Skelly បញ្ជូនបាល់ឱ្យ Riccardo Calafiori ហើយខ្សែការពារអ៊ីតាលីរូបនេះស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី Gianluigi Donnarumma។នៅនាទីទី ២៨ Arsenal បន្ថែមគ្រាប់ទី២ ដោយការតែតបញ្ចូលទីរបស់ Kai Havertz។ចូលដល់វគ្គទី២បានត្រឹម ៣ នាទី ប្រធានក្រុម Martin Odegaard បន្ថែមគ្រាប់ចុងក្រោយឱ្យ Arsenal ដោយញាក់បញ្ឆោតអ្នកចាំទី Donnarumma មុនស៊ុតបញ្ចូលទីស្រួលៗ។ជ័យជម្នះលើក្រុមម្ចាស់ពាន FA Cup ធ្វើឱ្យ Arsenal ឈ្នះពានទី ២ ក្នុងរយៈពេល ៤ ខែ និងជាពាន Community Shield លើកទី១៨ ក្នុងប្រវត្តិសាស្ត្រក្លិប៕ អត្ថបទ៖នាង សុភាវុធ 

កាមេរូនឈ្នះជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូង

2026/08/17 01:19:46 pm        319
ក្រុមបាល់ទាត់នារីកាមេរូន បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមដែលបង្ករការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ ម៉ាឡាវី ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ កីឡាការិនី Marie Ngah បានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងវគ្គទី១ ជួយឱ្យកាមេរូនគ្រប់គ្រងការប្រកួត និងបញ្ចប់ការរង់ចាំពានរង្វាន់របស់ពួកគេ។កាមេរូនធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៣ លើក ប៉ុន្តែបានរងនឹងបរាជ័យទាំងអស់។ លើកនេះ ពួកគេអាចសម្រេចបានជោគជ័យនៅលើកទី៤ ខណៈម៉ាឡាវីបានបង្ហាញខ្លួនក្នុងពានរង្វាន់ទ្វីបនេះជាលើកដំបូង ហើយបានបង្កើតដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។កាមេរូន និងម៉ាឡាវី សុទ្ធតែបានកក់កៅអីទៅកាន់បាល់ទាត់នារីពិភពលោក Women’s World Cup នៅប្រេស៊ីលឆ្នាំក្រោយជាមួយម៉ារ៉ុក និងអាល់ហ្សេរី។ អាល់ហ្សេរីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីកាលពីថ្ងៃសៅរ៍។ក្រោយការប្រកួត ប្រធាន FIFA Gianni Infantino បានចូលរួមប្រគល់មេដាយដល់ក្រុមកាមេរូន ដោយមានប្រធាន CAF Patrice Motsepe ចូលរួមផងដែរ។ កីឡាការិនីមួយចំនួនថែមទាំងបានស្នើសុំថតរូបជាមួយ Infantino។ជាមួយជ័យជម្នះនេះ កាមេរូនក្លាយជាប្រទេសទី៤ ដែលឈ្នះបាល់ទាត់នារីទ្វីបអាហ្រ្វិកនេះចាប់តាំងពីពាននេះបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៨។ ប្រទេសដែលធ្លាប់ឈ្នះរួមមាន នីហ្សេរីយ៉ា ១០ ដង អេក្វាទ័រីយ៉ាល់ហ្គីណេ ២ ដង អាហ្វ្រិកខាងត្បូង ១ ដង និង កាមេរូនឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ 

សហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ

2026/08/17 12:46:51 pm        317
សហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូបរូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធត្រៀមបញ្ជូនកីឡាការិនី២រូប ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ីនាពេលខាងមុខនេះ រួមមាន កីឡាការិនីឆ្នើមកូនកាត់ខ្មែរ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ និងជាម្ចាស់មេដាយប្រាក់១គ្រឿង កីឡាឆ្នេរខ្សាច់អាស៊ី នៅចិន ២០២៦ និងកីឡាការិនី កូនកាត់ខ្មែរ-បារាំង ឡាប្លាណេតា កាឡាទេវីម៉ារាជិនីម៉ារីជាកីឡាការិនីថ្មីរបស់សហព័ន្ធ ។អគ្គលេខាធិការ រូបនេះបន្ថែមថា ការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុននេះ គឺក្នុង១ប្រទេសចុះឈ្មោះបានតែកីឡាករ២នាក់ ឬកីឡាការិនី២នាក់ប៉ុណ្ណោះ ដូច្នេះហើយទើបសហព័ន្ធទទួលបានគោលការណ៍ពីក្រសួងអប់រំ យុវជនផងនោះបញ្ជូនតែកីឡាការិនី២នាក់ទៅចូលរួមប្រកួតវិញ្ញាសាទ្រីយ៉ាត្លុងនារី ដែលមានហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ប្រណាំង៥គីឡូម៉ែត្រ។ លោក ងិន សុខបញ្ញា សង្កត់ធ្ងន់ថា ការប្រកួតកីឡាអាស៊ី ក្នុងប្រភេទកីឡាទ្រីយ៉ាត្លុងនេះ គឺមានកម្រិតប្រហាក់ប្រហែលអូឡាំពិកហ្គេមទៅហើយ ដោយសារបណ្តាប្រទេសនានា ក្នុងអាស៊ីសុទ្ធសឹងតែមានអត្តពលិកខ្លាំងៗ ដែលម្ចាស់ផ្ទះជប៉ុនស្ថិតក្នុងកម្រិត Top10 ក្នុងពិភពលោក និងប្រទេសចិនក៏ខ្លាំងប្រហាក់ប្រហែលគ្នាដែរ។ យ៉ាងណាលោកសង្ឃឹមខ្លះៗដែរថា កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជានឹងអាចធ្វើបានល្អ អាចឈានទៅរកមេដាយសំរិទ្ធិ១គ្រឿងផងដែរ។សូមបញ្ជាក់ថា ព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ចាប់ផ្តើមពីថ្ងៃទី ១៩សីហា ដល់ថ្ងៃទី៤ តុលា មាន៤៥ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។ កម្ពុជាបានបញ្ជូនប្រភេទកីឡាមួយចំនួនទៅចូលរួមប្រកួត ក្នុងនោះក៏មានប្រភេទកកីឡាទ្រីយ៉ាត្លុងចូលរួមផងដែរ៕ 

អាជ្ញាធររំពឹងប្រាសាទភ្នំដា ទាក់ទាញកំណើនភ្ញៀវទេសចរកាន់តែច្រើន ក្រោយព្រឹត្តិការណ៍ជិះកង់ដើម្បីផ្សព្វផ្សាយសក្ដានុពលតំបន់ប្រវត្តិសាស្ដ្រនេះ

2026/08/17 11:07:38 am        397
ព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា លើកដំបូង ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ស្រុកអង្គរបូរី ខេត្តតាកែវ បានបញ្ចប់ដោយជោគជ័យ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៨០០នាក់ ដោយមានការអញ្ជើញចូលរួមពិធីបើក និងចូលរួមជិះកង់ជូនដំណើរពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រមទាំងទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្រោយក្បួនកក់ធ្វើដំណើរដល់គោលដៅ ប្រកបដោយសុវត្ថិភាព។ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ រៀបចំដោយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ ក្រោមមូលនិធិឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងក្របខណ្ឌ គម្រោងតេជោភូមិ១០០ ក្រោមកិច្ចសហការពីក្លិបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងគោលបំណងគោលផ្សារភ្ជាប់រវាងកីឡា បេតិកភណ្ឌ ធម្មជាតិ បរិស្ថាន និងសហគមន៍។ឯកត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចាត់ទុកនេះគឺជាផលិតផលថ្មីមួយទៀត ក្នុងក្របខណ្ឌគម្រោងតេជោភូមិ១០០ ដោយមានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញពីសក្ដានុពលវិស័យទេសចរណ៍ ក៏ដូចជាទឹកចិត្តស្រលាញ់តំបន់ប្រវត្តិសាស្ដ្រភ្នំដា ដែលជាប្រយោជន៍រួមសម្រាប់សហគមន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្រោយព្រឹត្តិការណ៍នេះ ឯកឧត្តមរំពឹងនឹងមានកំណើនភ្ញៀវទេសចរណ៍ច្រើន ដូច្នេះគណៈសហគមន៍ និងប្រជាពលរដ្ឋ ត្រូវត្រៀមផ្ដល់នូវការទទួលបដិសណ្ឋារកិច្ច និងសេវាផ្សេងៗឲ្យបានល្អ ក្នុងការស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិនានា។លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ បានលើកឡើងថា រាល់ព្រឹត្តិការណ៍ តែងទទួលបានការគាំទ្រថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ជាក់ស្ដែងព្រឹត្តិការណ៍ជិះកង់នេះ ជាសក្ដានុពលថ្មីមួយក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ទូទាំងប្រទេស និងជំរុញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិឲ្យធ្វើដំណើរកម្សាន្ដបានគ្រប់រដូវ ពិសេសរដូវកាលបៃតង។ ព្រឹត្តិការណ៍នេះ មិនត្រឹមផ្សព្វផ្សាយតំបន់ទេសចរណ៍ភ្នំដា តែបានផ្សារភ្ជាប់ការផ្សព្វផ្សាយទេសចរណ៍តាមតម្រាយផ្លូវពីភ្នំពេញ ដល់ភ្នំដា ហើយក៏បានរួមចំណែកលើកកម្ពស់បរិស្ថាន តាមរយៈការដាំកូនឈើ ស្របតាមយុទ្ធនាការរដូវកាលបៃតង និងការចូលរួមការងារមនុស្សធម៌ទៀតផង។ជាមួយគ្នាលោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោង នៃគម្រោងតេជោភូមិ១០០ បានសម្ដែងក្ដីរីករាយ ក្នុងនាមអាជ្ញាធរ និងសហគមន៍ ចំពោះការគាំទ្ររបស់ថ្នាក់ដឹកនាំ ហើយមានការចូលរួមយ៉ាងផុសផុសពីក្រុមអ្នកជិះកង់ ដែលពិតជាបានរួមចំណែកជំរុញឲ្យភ្ញៀវទេសចរណ៍បានស្គាល់ និងស្វែងយល់កាន់តែច្បាស់ពីសក្ដានុពល និងភូមិសាស្ដ្រ នៃទឹកដីដ៏ចំណាស់នេះ ។ទន្ទឹមជាមួយគ្នាលោក ឈួន សុភ័ក្រសាដា ប្រធានក្លឹបអូដាកកម្ពុជា បានបង្ហាញនូវមោទនភាព ដែលសកម្មភាពក្លិប និងការចូលរួមរបស់សមាជិក បានបំផុសសកម្មភាពកីឡាលើសពីសុខភាព តែបានចូលរួមជាប្រយោជន៍ដល់សង្គមជាតិ ទាំងទេសចរណ៍ បរិស្ថាន និងសប្បុរសធម៌ជាដើម។ ក្នុងនាមក្លិបសមាជិកនៃក្លិបអូដាកអន្ដរជាតិ លោកសង្ឃឹមថា រូបភាពនៃព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដានេះ នឹងត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក តាមរយៈបណ្ដាក្លិបសមាជិកជាង ១០០ប្រទេសលើពិភពលោក។ជាមួយភាពជោគជ័យ នៃព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា លើកដំបូងនេះ ពិតជាបានផ្សារភ្ជាប់ជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា បានបង្ហាញពីការរួមបញ្ចូលគ្នារវាង កីឡា ទេសចរណ៍ ការអប់រំ សកម្មភាពសង្គម និងការអភិរក្សបរិស្ថាន ព្រមទាំងជាវេទិកាផ្សព្វផ្សាយសក្តានុពល និងតម្លៃទេសចរណ៍សហគមន៍ ព្រមទាំងរួមចំណែកបង្កើនការយល់ដឹង និងការចូលរួមរបស់សាធារណជន ព្រមទាំងបើកចក្ខុវិស័យថ្មីក្នុងការប្រើប្រាស់កីឡាជាកម្លាំងជំរុញ ទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍ប្រកបដោយចីរភាព ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕ អត្ថបទ លី ឈុនឡា

រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា

2026/08/17 10:19:46 am        393
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈរបស់កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ ដែលបានរួបរួមគ្នាចូលរួមជិះកង់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំដា។ការកោតសរសើរនេះ បន្ទាប់ពីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា ព្រមជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការគ្នារៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដោយចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយទាក់ទាញកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមលើសការរំពឹងសរុបចំនួន ៨០០នាក់។ឯកឧត្តម ហួត ហាក់ បានចាត់ទុកនេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយទៀត ដែលមានការចូលរួមសហការ និងគាំទ្រពីក្រសួង-ស្ថាប័នជាច្រើន ក្នុងគោលដៅការផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ឲ្យធ្វើដំណើរកម្សាន្ដ នៅតាមរមនីយដ្ឋាន និងតំបន់សក្ដានុពលទេសចរណ៍សំខាន់ៗនានា ពិសេសកំឡុងរដូវកាលបៃតងនេះតែម្ដង។បន្ថែមលើនេះ ឯកឧត្តមបានកោតសរសើរនូវឆន្ទៈរបស់កីឡាករ-កីឡាការិនីទាំង ៨០០នាក់ ក្នុងនោះក៏មានជនបរទេសមកពីច្រើនសញ្ជាតិ ដូចជាបារាំង រុស្ស៊ី អាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និងជប៉ុនជាដើម ដែលបានរួមគ្នាបង្ហាញនូវទឹកចិត្តស្នេហាវិស័យកីឡា ក៏ដូចជាទឹកចិត្តប្ដេជ្ញាដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ដែលើសពីព្រឹត្តិការណ៍កីឡាធម្មតា តែបានផ្សារភ្ជាប់នឹងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការលើកកម្ពស់វប្បធម៌ អរិយធម៌ និងបរិស្ថាន តាមរយៈការដាំកូនក្ងោកចំនួន ៦០០ដើម និងកម្មវិធីមនុស្សធម៌ តាមរយៈការរួមគ្នាផ្ដល់ជូននូវសម្ភារសិក្សាដល់សិស្សានុសិស្សទៀតផង។ជាមួយព្រឹត្តិការណ៍កីឡាផ្សារភ្ជាប់ទេសចរណ៍ និងសប្បុរសធម៌នេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួួយក្លិបអូដាកកម្ពុជា ដោយបានការគាំទ្រពីភាគីពាក់ព័ន្ធជាច្រើន ពិសេសក្រសួងទេសចរណ៍ ពិតជាបានរួមចំណែកជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើន។ ក្រោយព្រឹត្តិការណ៍ជិះកង់មកកាន់ប្រាសាទភ្នំដានេះ ឯកឧត្តមសង្ឃឹមថានឹងធ្វើឲ្យប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសបានស្គាល់កាន់តែទូលំទូលាយពីទឹកដីកំណើតដំបូងនៃព្រះរាជាណាចក្រកម្ពុជានេះ ហើយចូលរួមធ្វើដំណើរកម្សាន្ដ ខណៈសហគមន៍មានផលិតផលជាច្រើនរង់ចាំស្វាគមន៍ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។គួរដឹងថា នេះជាលើកដំបូងហើយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដែលមានចម្ងាយទៅមកពីរាជធានីភ្នំពេញ ទៅកាន់ប្រាសាទភ្នំដា ចម្ងាយ ១៧៩គីឡូម៉ែត្រ ក្នុងគោលបំណងបំផុសចលនាកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ផ្សារភ្ជាប់សកម្មសប្បុរសធម៌ និងជួយលើកកម្ពស់ការផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ ប្រាសាទភ្នំដា។ក្រោយចេញដំណើរពីរាជធានីភ្នំពេញ ដោយមានការអញ្ជើញសំណេះសំណាល និងជិះកង់ជូនដំណើរពីឯកឧត្តម ហួត ហាក់ ក្បួនកង់បានធ្វើដំណើរដល់គោលដៅដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តតាកែវ ។ បន្ទាប់មកក៏មានការចែកកង់ចំនួន ២០ និងសម្ភារសិក្សាដល់សិស្សានុសិស្សជាង ៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ ព្រមទាំងកម្មវិធីដាំកូនក្ងោកចំនួន ៦០០ដើម ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង, ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រោមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិជាច្រើនផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/25/2026 10:10 AM
កម្ពុជា បន្តតវ៉ាទង្វើបំពានច្បាប់ដែលកងទ័ពថៃឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជានៅតំបន់តាទុំ
10/25/2026 10:10 AM
យុវជនជាង១០០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានី ចុះទៅនាំខ្លួនក្រោយប្រមូលផ្តុំនៅតំបន់បឹងកក់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
10/25/2026 10:10 AM
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ខណៈព្រឹកនេះដំណើរការកំណែសន្លឹកកិច្ចការ និងបញ្ចូលពិន្ទុប្រឡងប្រជែងគ្រូមធ្យមសិក្សាឈានដល់ថ្ងៃទី៦
10/25/2026 09:10 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM