Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ឯកឧត្តម វ៉ាត់ ចំរើន៖ សហព័ន្ធជាតិ ត្រូវយកវីរភាពស៊ីហ្គេមជាគំរូ ក្នុងការចាប់ផ្ដើមការងារឡើងវិញ

2023/07/19 04:24:33 pm        133
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានក្រើនរំឮកដល់គ្រប់សហព័ន្ធ​កីឡាជាតិ ត្រូវពង្រឹងការងាររដ្ឋបាល និងការងារបច្ចេកទេសឡើងវិញ បន្ទាប់ពីសម្រាក ក្រោយទទួលបាន​ជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ ដោយយកវីរភាព នៃមហាជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ធ្វើជាគំរូ ឬជា Role Model សម្រាប់ការចាប់ផ្ដើម​ការងារខ្លួនឡើងវិញ ។ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសហព័ន្ធកីឡាជាតិ ក៏ដូចជាសហព័ន្ធ ដែលត្រៀមបញ្ចូនកីឡាករ​-កីឡាការិនី ទៅហ្វឹកហាត់នៅចិន កាលពីដើមសប្ដាហ៍កន្លងទៅ ឯកឧត្តមបានបញ្ជាក់ថា ការងារមួយ​ចប់ គ្រាន់តែបិទបញ្ចប់នូវលទ្ធផលមួយប៉ុណ្ណោះ តែមានបេសកកម្មជាច្រើនទៀត ដែលអ្នកបំពេញការងារ​វិជ្ជាជីវៈមួយនេះ ត្រូវបន្ដ ពិសេសដើម្បីរក្សាបាននូវគុណតម្លៃដ៏អស្ចារ្យ ចំពោះមរតក នៃជោគជ័យស៊ីហ្គេម ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ។គួរដឹងថា ពិធីបូកសរុបលទ្ធផលការងារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីចុងខែមិថុនា សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC បានផ្ដល់អនុសាសន៍មួយចំនួន ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្ដជំរុញការ​អភិវឌ្ឍ​កីឡាជាតិឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវលទ្ធផលកាន់តែប្រសើរថែមទៀត ក្រោយព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ក្នុងនោះដែរ សម្ដេចពិជ័យសេនា បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថាប័នពាក់ព័ន្ធ បន្ដធ្វើការអភិវឌ្ឍន៍គុណផលកីឡាករ-កីឡាការិនីជម្រើសជាតិ និងកំណត់គោលដៅនីតិវិធីថែរក្សា ថែ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធកីឡា ឧបករណ៍ សម្ភារៈកីឡាតាមលក្ខណៈបច្ចេកទេស ឲ្យមានប្រសិទ្ធភាព ។ លើស​ពីនេះ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រកីឡាថ្មី ក្រោយបរិបទថ្មីនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដើម្បីរក្សាសក្ដានុពល និងឧត្តមភាពកីឡាជាតិលើឆាកអន្ដរជាតិបន្ដទៀត ៕ អត្ថបទ៖ លី ឈុនឡា

Novak Djokovic ត្រូវពិន័យក្រោយបោករ៉ាកែតអំឡុងវគ្គផ្តាច់ព្រ័ត្រ Wimbledon

2023/07/18 09:17:54 pm        397
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic ត្រូវបានពិន័យ ៦១១៧ ផោន រឺ ៨០០០ ដុល្លារ​អាមេរិក​ពីការបោករ៉ាកែតនឹងបង្គោលសំណាញ់អំឡុងវគ្គផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាល​ពី​ថ្ងៃអាទិត្យ។ហេតុការណ៍នេះកើតឡើងនៅសិតទី ៥ នៃបរាជ័យរបស់គេក្រោមស្នាដៃកីឡាករអេស្ប៉ាញ Carlos Alcaraz ពោលគឺនៅពេលចាញ់សេវារបស់ខ្លួននៅហ្គេមទី ៣ នៃសិតទី ៥។ មន្ត្រីនៅកៅអីអាជ្ញាកណ្តាលលោក Fergus Murphy ក៏បានព្រមាន Djokovic ផងដែរភ្លាមៗ​នោះ​។ទឹកប្រាក់ដែលត្រូវពិន័យនោះ នឹងត្រូវកាត់ចេញពីប្រាក់រង្វាន់ជើងឯក​រងរបស់​គេតែម្តង​ដែល​មាន​ចំនួន​ ១.១៧៥ លានផោននោះ។ Novak Djokovic មានអារម្មណ៍ចឹងចិត្តខ្លួនឯងនៅក្នុងសិតចុងក្រោយនោះ បន្ទាប់​ពីខូច​បាល់​ងាយៗ ដែលធ្វើឱ្យ Carlos Alcaraz គ្រប់គ្រង​ស្ថានការ​បាន​ទាំង​ស្រុង​យក​ឈ្នះ​ការប្រកួត​ដែល​មាន​រយៈ​ពេល​ជិត ៥ម៉ោង។ នេះជាជើងឯក Grand Slam លើកទី ២ សម្រាប់ Carlos Alcaraz និង​ជា​ការ​ខកខាន​ឈ្នះ​ជើង​ឯក​របស់ Djokovic ក្នុងការប៉ុនប៉ងតាមស្មើកំណត់ត្រារបស់ Roger Federer ឈ្នះជើងឯក Wimbledon សរុប ៨ លើក និងខកខានក្លាយជាកីឡាករដែលឈ្នះជើងឯក Grand Slam សរុប​ច្រើន​ជាង​គេ ២៤លើកផងដែរ៕ អត្ថបទ៖ នាង សុភាវុធ

Willian បន្តស្នាក់នៅជាមួយ Fulham មួយរដូវកាលទៀតក្រោយការចរចាជាមួយ Nottingham បរាជ័យ

2023/07/18 09:00:41 pm        113
ខ្សែបម្រើស្លាបប្រេស៊ីល Willian បានត្រលប់មកបន្តកិច្ចសន្យាមួយរដូវកាលទៀតជាមួយ Fulham បន្ទាប់ពីការចរចាជាមួយ Nottingham Forest បរាជ័យ។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចាកចេញពី Fulham ក្រោយចប់​កិច្ច​សន្យា​នៅ​ដំណាច់​រដូវកាល​កន្លង​ទៅ និងត្រូវបានដឹងថាមានការចរចាជាមួយ Nottingham ដែលខិតជិត​ដល់​កិច្ច​ព្រម​ព្រៀង​ទៅ​ហើយ​បែ​ជាបរាជ័យទៅវិញ។ ផ្ទុយទៅវិញ Willian ក៏បានត្រលប់មកកាន់ Fulham វិញបន្តកិច្ចសន្យា ១ រដូវកាល​ទៀត​ជា​មួយ​ក្លិប​នៅ​ទីក្រុងឡុងដ៍។ អតីតកីឡាកររបស់ Chelsea និង Arsenal រូបនេះបានផ្លាស់មកកាន់ Fulham កាលពីឆ្នាំ ២០២២ បន្ទាប់ពីចាកចេញពីក្លិបប្រេស៊ីល Corinthian។ រដូវកាលមុន Willian បង្ហាញខ្លួនបាន ២៧ ប្រកួតឱ្យ Fulham នៅ Premier League ស៊ុត​បញ្ចូល​ទី៥ គ្រាប់ ប៉ះបញ្ជូន ៦ គ្រាប់ខណៈ Fulham បញ្ចប់នៅចំណាត់ថ្នាក់លេខ ១០៕ អត្ថបទ៖នាង សុភាវុធ 

ក្លិបនៅលីគកំពូលកម្ពុជា កំពុងសម្រុកនាំយក កីឡាករកូតាអាស៊ានមករួមក្លិប

2023/07/18 08:53:09 pm        486
លីគកំពូលកម្ពុជារដូវកាលថ្មី បានកែប្រែទម្រង់មួយចំនួនក្នុងការដាក់កីឡាករបរទេសនៅលើទីលាន ដែលបន្ថែមឲ្យមានកីឡាករអាស៊ានម្នាក់ទៀត ដូច្នេះនៅលើទីលានអាចដាក់កីឡាករបរទេសបាន ៥រូប បើសិនជាមានកីឡាករអាស៊ានម្នាក់។ហេតុដូចនេះហើយ ទើបក្លិបនៅលីគកំពូលកម្ពុជា បានកំពុងស្វះស្វែងរកកីឡាករអាស៊ានមករួមក្លិប ដែលបច្ចុប្បន្នមានក្លិបចំនួន ៨ហើយ ដែលបាននាំចូលកីឡាករកូតាអាស៊ាន លើកលែងតែក្លិប ២ប៉ុណ្ណោះមិនទាន់នាំចូល កីឡាករកូតាអាស៊ានរួមមាន បឹងកេត និង Tiffy Army FC។ម្សិលមិញនេះ ក្លិបចំនួន២បន្ថែមទៀតហើយ នៃលីគកំពូលកម្ពុជា បានប្រកាសនាំយកកីឡាករអាស៊ានមករួមក្លិប រួមមាន ព្រះខ័នរាជស្វាយរៀងបានបង្ហាញ ខ្សែប្រយុទ្ធជម្រើសជាតិឡាវ Bounphachan Bounkong វ័យ ២២ឆ្នាំ ដែលផ្ទេរមកពីក្លិប Young Elephants នៃលីគកំពូលឡាវ ដែលរូបគេបង្ហាញខ្លួនឲ្យក្លិបជើងឯក លីគកំពូលឡាវរដូវកាល ២០២២/២៣ មួយនេះបាន ៥៨ប្រកួត ស៊ុតបញ្ចូលទីបាន ៤០គ្រាប់ និង ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញកីឡាករអាស៊ានម្នាក់ដែរ ដែលមានសញ្ជាតិ មីយ៉ាន់ម៉ា កីឡាករ Soe Moe Kyaw វ័យ ២៤ឆ្នាំ លេងក្នុងតួរនាទី ខ្សែការពារកណ្តាល ដែលរដូវកាលមុនរូបគេប្រកបអាជីពនៅលីគទី២ថៃ ជាមួយក្លិប Kasetsart ខណៈអតីតប្រធានក្រុមជម្រើសជាតិមីយ៉ាន់អាយុក្រោម ២៣ឆ្នាំរូបនេះជាប់ជម្រើសជាតិមីយ៉ាន់ម៉ា ក្រុមកម្រិតមកដល់បច្ចុប្បន្ន និង បង្ហាញខ្លួន ឲ្យក្រុមធំមីយ៉ាន់ម៉ា បាន ២៨លើកផងដែរ។សូមបញ្ចាក់ថាគិតមកទល់ពេលនេះ ក្លិបចំនួន៨ហើយដែលបាននាំចូលកីឡាករកូតាអាស៊ាន រួមមាន វិសាខា នាំចូលកីឡាករសញ្ចាតិទីម័រ Mouzinho Barreto , ព្រៃវែង នាំចូលកីឡាករសញ្ជាតិ មីយ៉ាន់ម៉ា Thiha Zaw, អាយអេសអាយ នាំចូលកីឡាករ សញ្ជាតិទីម័រ Jhon Frith គីរីវង់សុខសែនជ័យ នាំចូលកីឡាករសញ្ជតិទីម័រ Zenivio Mota, អង្គរថាយហ្គឺរ នាំចូលកីឡាករ សញ្ចាតិ ហ្វីលីពីន Pocholo Bugas , ព្រះខ័នរាជស្វាយរៀង នាំចូលកីឡាករ សញ្ចាតិឡាវ Bounphachan Bounkong, ភ្នំពេញក្រោន បង្ហាញមុខកីឡាករ សញ្ចាតិ មីយ៉ាន់ម៉ា Soe Moe Kyaw និង ចុងក្រោយណាហ្គាដ៍វើល ត្រៀមបង្ហាញមុខកីឡាករកូតា អាស៊ាន ខ្សែប្រយុទ្ធ សញ្ចាតិ ឥណ្ឌូនេស៊ី Muhammad Rafli Mursalim ដែលរដូវកាលមុនរូបគេលេងនៅលីគទី២ នៃលីគឥណ្ឌូនេស៊ី ( Liga 2 ) ជាមួយក្លិប Gresik United៕ អត្ថបទ៖ យិន ស៊ាងលី

Son បដិសេធសំណើពីអារ៉ាប៊ីសាអ៊ូឌីត និងចង់បន្តលេងឱ្យ Spurs

2023/07/18 08:21:15 pm        287
ខ្សែប្រយុទ្ធកូរ៉េ Son Heung-min បាននិយាយថា គេអាចបន្តអាជីពនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតក៏បានបើសិនជាចិត្ត ចង់ តែមិនប្រាថ្នាឡើយ គឺចង់បន្តលេងឱ្យ Tottenham Horspur ទៀត។ការលើកឡើងបែបនេះគឺស្របពេលដែល Spurs កំពុងស្ថិតនៅទឹកដីអូស្រ្តាលីត្រៀមការប្រកួតមិត្តភាព Pre-Season ទល់នឹង West Ham។កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានការទាក់ទងពីក្លិប Al-Ittihad ដែលបានផ្តល់សំណើអមជាមួយកិច្ចសន្យាដែលអាចទទួលបានប្រាក់ឈ្នួលច្រើនសន្ធឹក។Al-Ittihad ដែលដឹកនាំដោយអតីតគ្រូបង្វឹក Wolves និង Spurs លោក Nuno Espirito Santo ត្រូវបានគេដឹងថាបានផ្តល់សំណើកិច្ចសន្យា ៤ ឆ្នាំដល់ Son Heung-min ជាមួយនឹងប្រាក់ឈ្នួល ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ។Son បានឈ្នះស្បែកជើងមាស ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ Premier League រដូវកាល ២០២១-២២ ជាមួយនឹង ២៣ គ្រាប់ តែបញ្ហារបួស និងធ្លាក់ចុះទម្រង់លេង ធ្វើឱ្យកីឡាករកូរ៉េរូបនេះរកបានត្រឹម ១០​ គ្រាប់ប៉ុណ្ណោះរដូវកាលមុន ខណៈ Spurs បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៨៕ អត្ថបទ៖នាង សុភាវុធ 

Manchester United ខិតជិតសម្រេចក្នុងការនាំយកអ្នកចាំទីកាមេរូន Andre Onana ពី Inter Milan

2023/07/18 07:06:53 pm        142
ក្លិបបិសាចក្រហម Manchester United បានខិតជិតដល់កិច្ចព្រមព្រៀងហើយក្នុងការនាំយកអ្នកចាំទីកាមេរូន Andre Onana ពី Inter Milan ក្នុងតម្លៃជិត ៥០ លានផោន។កីឡាករវ័យ ២៧ ឆ្នាំរូបនេះនឹងមកជំនួសអ្នកចាំទីចាស់វស្សា David de Gea ដែលបានចាកចេញពីក្លិបកាលពីខែមុនក្រោយចំណាយពេល ១២ ឆ្នាំនៅ Old Trafford។បើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡានានានៅអឺរ៉ុបឱ្យដឹងថា Onana បានព្រមព្រៀងលើកិច្ចសន្យា ៥ ឆ្នាំ តែតម្លៃនៃការផ្ទេរកំពុងស្ថិតក្នុងការជជែករវាងក្លិបទាំងពីរ។ យ៉ាងណាក្តីក្លិបទាំងពីរហាក់មិនមានការចង់បាននៃតម្លៃផ្ទេរ ឃ្លាតឆ្ងាយពីគ្នាប៉ុន្មានទេ នឹងរំពឹងការផ្ទេររបស់ Onana នឹងសំរេចមិនពេល Manchester United ចាកចេញទៅប្រកួត Pre-Season ចុងសប្តាហ៍នេះ។អ្នកចាត់ការ Erik ten Hag បានស្គាល់ Onana ច្បាស់ដោយសារធ្លាប់ជាគ្រូ និងសិស្សនៅ Ajax ជាមួយគ្នា ពោលគឺ Andre Onana បានចំណេញពេលជាង ៧ រដូវកាលមុនពេលផ្លាស់មកកាន់ Inter Milan នៅខែកក្កដាឆ្នាំ ២០២២។រដូវកាលមុន Andre Onana បានរក្សាសំណាញ់ទី ២៤ ប្រកួតនៅ Serie A ខណៈ Inter Milan បញ្ចប់នៅចំនាត់ថ្នាក់លេខ ៣ និង រក្សាសំណាញ់ទី ៨ ប្រកួតផ្សេងទៀតក្នុងចំណោម ១៣ ប្រកួតនៅ UEFA Champions League ដែល Inter Milan ចាញ់ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ

Gundogan៖ ការផ្លាស់ទៅកាន់ Barcelona គឺដើម្បីចែករំលែកបទពិសោធដល់កីឡាករវ័យក្មេង

2023/07/18 06:52:25 pm        137
ខ្សែបម្រើអាល្លឺម៉ង់ Ilkay Gundogan បានបង្ហាញខ្លួនផ្លូវការនៅចំពោះមុខអ្នកសារព័ត៌មាន ជាកីឡាកររបស់ក្លិប អេស្ប៉ាញ FC Barcelona។ កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ ៣២ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅទីលានហ្វឹកហាត់របស់ក្លិបនៅថ្ងៃចន្ទម្សិលមិញក្រោយចុះហត្ថលេខា ២ ឆ្នាំ បន្ទាប់ពីចាកចេញពី Manchester City។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរពីមូលហេតុនៃការផ្លាស់មកកាន់ Barcelona, Ilkay Gundogan បានឱ្យដឹងថា ការសម្រេចមកកាន់ទីនេះគឺជាការសម្រេចមិនពិបាកឡើយ នៅទីនេះមានកីឡាករដែលលេងតួនាទីដូចរូបគេច្រើនដែលមានទេពកោសលដូចជា Gavi, Pedri និង Luuk de Jong ជាដើម ហើយសង្ឃឹមថាគេនឹងអាចយកបទពិសោធក្រាសក្រែលរបស់ខ្លួនដើម្បីចែករំលែងដល់ពួកគេ។ ក្រោមការដឹកនាំរបស់ Pep Guardiola នៅ Manchester City, Gundogan រំពឹងថាការមកកាន់ Barcelona នឹងអាចសម្របខ្លួនដោយងាយតាមរយៈរបៀបលេងក្រោមការដឹកនាំរបស់អ្នកចាត់ការ Xavi Hernandez ដែលធ្លាប់រួមការយ៉ាងជិតស្និតជាមួយ Pep Guardiola។រំលឹកថាខ្សែបម្រើជាម្រើសជាតិអាល្លឺម៉ង់រូបនេះ បានផ្លាស់មកកាន់ Manchester City នៅឆ្នាំ ២០១៦ ក្នុងផ្ទេរ ២០ លានផោនពី Borussia Dortmund និងបានបង្ហាញខ្លួនមកទល់ពេលនេះសរុប ៣០៤ ប្រកួតរកបាន ៦០ គ្រាប់ ជាពិសេសគឺរដូវកាលចុងក្រោយដែលគេបង្ហាញខ្លួន ៥១ ប្រកួតរកបាន ១១ ​គ្រាប់ជួយ Manchester City ឈ្នះពានបីក្នុងមួយរដូវកាលរួមមាន English Premier League, FA Cup និង UEFA Champions League៕ អត្ថបទ៖ នាង សុភាវុធ

ជើងឯកប្រណាំងម៉ូតូ GP ពិភពលោក ៨ សម័យ Valentino Rossi ឈ្នះការប្រណាំងរថយន្ត GT នៅអ៊ីតាលី

2023/07/18 06:34:48 pm        173
ជើងឯកប្រណាំងម៉ូតូ GP ពិភពលោក ៩សម័យ កីឡាករអ៊ីតាលី Valentino Rossi រកបានជ័យជំនះដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត GT World Challenge Europe Race នៅលើទីលាន Misano ទឹកដីអ៊ីតាលី ដែលជាទឹកដីកំណើត។Valentino Rossi និងមិត្តរួមក្រុម WRT BMW, Maxime Martin បានធ្វើការប្រណាំងជុំទី ២ នៃការប្រកួតរដូវកាលនេះពានរង្វាន់ Sprint Cup ដែលជាព្រឹត្តិការណ៍របស់ GT World Challenge Europe Race។នេះជាជ័យជំនះដំបូង និងធំបំផុតសម្រាប់ Valentino Rossi ចាប់តាំងពីចាកចេញពីអាជីពកាន់ចង្កូតម៉ូតូ មកកាន់ចង្កូតឡាន។ជ័យជំនះនេះដែថ ក៏បានធ្វើឱ្យ Valentino Rossi ឡើងឈរលេខ ២ ក្នុងតារាងជើងឯក។ រំលឹកថាកីឡាករវ័យ ៤៤ ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៍ពីអាជីពប្រណាំងម៉ូតូនៅឆ្នាំ ២០២១។ មុនចូលនិវត្តន៍ Rossi ក៏ធ្លាប់បានឆ្លៀតពេលចូលរួមការប្រកួតប្រណាំងរថយន្តមួយចំនួនដែរដូចជា Gulf 12 Hours នៅឆ្នាំ ២០១៩ និង ២០២០ មុនពេលឈានជើងចូលផ្លូវការប្រណាំងឱ្យក្រុម WRT នៅ GT World Challenge Europe Race នៅឆ្នាំ ២០២២៕ អត្ថបទ៖នាង សុភាវុធ

Tyson Fury ប្រកាសផ្លូវការពីការឡើងសង្វៀននៅអារ៉ាប៊ីសាអ៊ូឌីតជួបអតីតជើងឯកទំងន់ធ្ងន់ UFC

2023/07/18 06:25:35 pm        194
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury បានប្រកាសជាផ្លូវការក្នុងការឡើងសង្វៀនជួបជាមួយអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC Francis Ngannou នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២៨ ខែតុលា ក្នុងការប្រកួតប្រើច្បាប់ប្រដាល់សកល។ តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែលជាម្ចាស់ជើងឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខានមិនបានឡើងសង្វៀនប្រកួតចាប់តាំងពីការប្រកួតដែលគេអាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើមិត្តរួមជាតិអង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវបានដកខ្សែក្រវាត់ទម្ងន់ធ្ងន់របស់ខ្លួនបន្ទាប់ពីមានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ

Messi ចុះកិច្ចសន្យាផ្លូវការ ២ ឆ្នាំលេងឱ្យក្លិបអាមេរិក Inter Miami

2023/07/17 07:41:29 pm        354
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានចុះហត្ថលេខាផ្លូវការលើកិច្ចសន្យារយៈពេល ២ ឆ្នាំ​លេងឱ្យក្លិបអាមេរិក Inter Miami ដល់ឆ្នាំ ២០២៥។ម្ចាស់​ជយលាភី Ballon d’Or ៧ លើកវ័យ ៣៦ ឆ្នាំរូបនេះ បានចាកចេញពីក្លិបបារាំង Paris Saint Germain ក្រោយបញ្ចប់រដូវកាលកន្លងទៅ។ ម្ចាស់​ក្លិបបាល់ទាត់ Inter Miami អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United, David Beckham បានហៅការមកដល់របស់ Lionel Messi ជាក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​របស់​លោក និងសម្រាប់អ្នកគាំទ្រ Inter Miami ក៏ដូចជាប្រជាជនអាមេរិកទាំងអស់។ Lionel Messi មិនដែលប្រកបអាជីពនៅក្រៅដីអឺរ៉ុបឡើយ តាំងពីចាកចេញពីប្រទេសកំណើត ពី​ក្លិប​បាល់ទាត់ Newell’s Old Boys នៅឆ្នាំ ២០០០។ Messi បានឈ្នះពាន Ballon d’Or លើកទី ៧ កាលពីឆ្នាំ ២០២១ និងអាចឈ្នះម្តងទៀតឆ្នាំនេះ ក្រោយ​ជួយអាហ្សង់ទីនលើកពាន World Cup នៅកាតាឆ្នាំមុន។ Lionel Messi បង្ហាញខ្លួនឱ្យ Paris Saint Germain សរុប ៧៥ ប្រកួតរកបាន ៣២ គ្រាប់ ខណៈរដូ​វកាលចុងក្រោយរបស់គេស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ ប៉ះបញ្ជូន ១៦។ ក្នុង​ឱកាសបង្ហាញខ្លួនផ្លូវការរបស់ Lionel Messi នោះផងដែរ Inter Miami បានប្រកួតចាញ់ St. Louis ៣-០ ក្រោមការដឹកនាំដំបូងរបស់អតីតអ្នកចាត់ការ Barcelona, Tata Martino ខណៈ Inter Miami នៅពេលនេះលេងមិនឈ្នះសោះ ១៣ ប្រកួតចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM