Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Man United ដកតំណែងប្រធានក្រុមពី Harry Maguire ស្របពេលដំណឹងចង់បានពី West Ham

2023/07/17 07:17:57 pm        314
ខ្សែការពារកណ្តាលអង់គ្លេស Harry Maguire បានឱ្យដឹងថា តំណែងប្រធានក្រុមបិសាចក្រហម Manchester United របស់គេត្រូវបានដកដោយអ្នកចាត់ការ Erik ten Hag។កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានទទួលតំណែងប្រធានក្រុមតាំងពីពេល Ole Gunnar Solskjear នៅដឹកនាំនៅខែមករាឆ្នាំ ២០២០ ពោលគឺ ៥ ខែបន្ទាប់ពីទិញពី Leicester City តម្លៃ ៨០ លានផោន។ កីឡាករអង់គ្លេសរូបនេះ ក៏បានបង្ហាញអារម្មណ៍ខកចិត្តដែរ តែមិនមែន​ជាឧ​បសគ្គ​នៃ​អាជីព​រប​ស់​គេ​ឡើយ​។ Harry Maguire ដែលចាប់ផ្តើម ១១ នាក់ដំបូងរដូវកាលមុនត្រឹម ៨ លើកនៅ Premier League ត្រូវ​បានគេដឹងថាក្លិបញញួរធំ West Ham កំពុងចាប់អារម្មណ៍។ តំណែង​ការពារកណ្តាលរបស់ Harry Maguire បានបាត់បង់ បន្ទាប់ពី​ទំរង់​លេងរបស់​គេធ្លាក់​ចុះ​ខ្លាំង ស្របពេលដែលអ្នកចាត់ការ Erik ten Hag ផ្តល់ទំនុកចិត្តលើ Raphael Varane និង Lisandro Martinez ខណៈដែល Vintor Lindelof ក៏ជាជម្រើស ហើយខ្សែការពារឆ្វេង Luke Shaw អាចកណ្តាលបានដែរ។កិច្ចសន្យារបស់ Harry Maguire ជាមួយ Manchester United នៅមានសុពលភាពដល់ឆ្នាំ ២០២៥ ខណៈ West Ham ដែលទើបលក់ Declan Rice ទៅ Arsenal បាន ១០៥ លានផោន​នោះ រំពឹងថាអាចនាំយកអតីតខ្សែការពារ Leicester City រូបនេះ​មក​កាន់​ក្លិប​នៅ​រដូវ​ក្តៅ​នេះ​៕​ អត្ថបទ៖នាង សុភាវុធ 

ឈុន ប៊ុនថន រក្សាតំណែងលេខ១ អាស៊ាន ជាមួយកំណត់ត្រាថ្មី ក្នុងជើងឯកអាស៊ី នៅថៃ

2023/07/17 07:00:40 pm        363
ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា ឈុន ប៊ុនថន នៅតែរក្សាតំណែងលេខ១ ក្នុង​ចំណោម​អត្តពលិក​អាស៊ាន ដែលចូលរួមការប្រកួតកីឡាអត្តពលិកជម្រើសជើងឯកអាស៊ី លើកទី២៥ ឆ្នាំ​២០២៣ នៅប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ ទោះបីរូបគេ ពុំទទួល​បាន​ជយលាភី​ក្នុង​ការ​ប្រកួត​ប្រចាំទ្វីបនេះក៏ដោយ ។កីឡាករមានដើមកំណើតពីខេត្តព្រៃវែងរូបនេះ បានប្រកួតលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ជា​វិញ្ញាសា​ដែល​រូបគេដណ្ដើមបានមេដាយមាសជូនជាតិ កាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់​ពីខកខានការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ។ក្នុងវិញ្ញាសានេះ ប៊ុនថន ប្រើប្រាស់ថិរវេលា ១នាទី និង ៥០.០៩វិនាទី គឺជាកំណត់ត្រាថ្មី និង​បំបែក​កំណត់​ត្រាចាស់លើវិញ្ញាសាដូចគ្នា កាលពីស៊ីហ្គេម ដែលរូបគេប្រើថិរវេលា ១នាទី និង ៥២.៩១​វិនាទី។ លទ្ធផលនេះដែរ បានធ្វើឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះ ឈរចំណាត់ថ្នាក់លេខ៥ ក្នុង​វគ្គ​ជម្រុះ(Heat) និងឈរចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមអត្តពលិកអាស៊ី ។ប៉ុន្ដែបើក្រឡេកមកចាប់អារម្មណ៍ ក្នុងចំណោមអត្តពលិកអាស៊ីអាគ្នេយ៍ ដែល​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​អាស៊ី​នេះ ផ្អែកលើលទ្ធផលបច្ចេកទេសជារួម ម្ចាស់​មេ​ដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា​រូប​នេះ នៅតែរក្សាតំណែងលេខ១ ដដែល ដ្បិតក្នុងការប្រកួតនេះ គេក៏មានកីឡាករវៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើតចូលរួមប្រកួតផងដែរ ។សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកអាស៊ី លើកទី២៥ ឆ្នាំ២០២៣ នៅ​ប្រទេស​ថៃ បានធ្វើការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ហើយសហព័ន្ធ​ខ្មែរ​កីឡា​អត្ត​ពលកម្មស្ម័គ្រចិត្ត បានបញ្ជូនកីឡាករ-កីឡាការិនី ៣រូបចូលរួម គឺមានម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឈុន ប៊ុនថុន, កីឡាករ ណឹប ច័ន្ទយ៉ុរ៉ុង និងកីឡាការិនី ពក ពិសី ក្រោមការ​ដឹកនាំ​របស់​លោក ប៉ែន វុទ្ធី អនុប្រធានសហព័ន្ធ និងលោក បូរ ពុធរាត្រី ជាគ្រូបង្វឹក ៕ អត្ថបទ៖ លី ឈុនឡា  

Rory McIlroy គ្រងជើងឯកវាយកូនគោល Scottish Open លើកដំបូង

2023/07/17 06:52:55 pm        152
កីឡាករវាយកូនគោលអៀកឡង់ខាងជើង Rory McIlroy បានគ្រង​ជើងឯកលើក​ដំបូង​នៅ​លើទឹក​ដីស្កុត​ឡេន​ ក្រោយឈ្នះជើងឯក Scottish Open។ ជាការប្រកួតថ្ងៃចុងក្រោយដ៏ល្អសម្រាប់កីឡាករលំដាប់លេខ ៣ ពិភពលោក Rory McIlroy បន្ទាប់​ពី​ធ្វើបាន Birdie នៅ ២ ឡូចុងក្រោយ។ McIlroy តាមពីក្រោយកីឡាករម្ចាស់ផ្ទះស្កុតឡេន Robert MacIntyre នៅពេលចាប់ផ្តើមឡូទី ១៧ មុនពេលដែល McIlroy ធ្វើបាន Birdie លើកទី ១ ដើម្បីតាមស្មើ និងធ្វើបាន Birdie ម្តង​ទៀត​នៅ​ឡូចុងក្រោយទី ១៨ នៃការប្រកួត ដើម្បីបញ្ចប់ការប្រកួតជាមួយនឹង ១៥ អាន់ឌើផា យក​ឈ្នះ Robert MacIntye មួយស្ត្រូក។ លទ្ធផលផ្សេងទៀត កីឡាករលំដាប់លេខ ១ ពិភពលោកបច្ចុប្បន្នសញ្ជាតិអាមេរិក Scottie Scheffler បានចំណាត់ថ្នាក់លេខ ៣ មាន ១០ អាន់ឌើផា។ ដោយឡែកសម្រាប់ជើងឯកលើកនេះដែរ Rory McIlroy បានរំកិលឡើងមកឈរលេខ ២ ពិភព​លោក ទំលាក់ Jon Rahm ទៅលេខ ៣ វិញ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករហូឡង់ Wout Poels ឈ្នះដំណាក់កាលទី១៥ Tour de France ខណៈ​អ្នកនាំមុខ​ត្រូវ​កាត់បន្ថយវេលា

2023/07/17 06:39:32 pm        146
កីឡាករប្រណាំងកង់ហូឡង់ Wout Poels បានប្រជែងឈ្នះដំណាក់កាលទី ១៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Tour de France នៅលើទឹកដីបារាំង ខណៈ​ដែល​អ្នក​ការពារ​តំណែងជើ​ង​ឯក និងជាអ្នកកំពុងនាំមុខគេក្នុងតារាងរួម កីឡាករដាណឺម៉ាក Jonas Vingegaard ត្រូវ​កាត់បន្ថយពេលវេលានាំមុខ។ដំណាក់កាលទី ១៥ ដែលមានចំងាយផ្លូវ ១៧៩ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Team Bahrain Victorious, Wout Poels បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៤០ នាទី ១៥ ​វិនាទី តាម​ពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Wout van Aert របស់ក្រុម Jumbo-Visma យឺតជាង ២ នាទី៨ វិនាទី និងអ្នកលេខ ៣ កីឡាករម្ចាស់ផ្ទះបារាំង Mathieu Burgaudeau យឺតជាង ៣ នាទី​គត់។ យ៉ាងណាក្តី ក្រោយឆ្លងកាត់ ១៥ ដំណាក់កាលកន្លងមកនេះ អ្នកការពារតំណែងជើងឯក Jonas Vingegaard នៅតែរក្សាការនាំមុខដដែល តែមានត្រឹម ១០ វិនាទីប៉ុណ្ណោះពីលើអ្នកលេខ ២ កីឡាករ​ស្លូវេនៀ Tadej Pogacar និងអ្នកលេខ ៣ គឺ កីឡាករអេស្ប៉ាញ Carlos Rodriguez យឺត​ជាង ៥ នាទី ២១ វិនាទី។ សម្រាប់ថ្ងៃចន្ទនេះ ជាថ្ងៃសម្រាក ខណៈដំណាក់កាលទី ១៦ នឹងបន្ត​នៅ​ថ្ងៃ​អង្គារ​ស្អែក​លើ​ចំងាយ​ផ្លូវ ២២.៤ គីឡូម៉ែត្រប៉ុណ្ណោះ និងជាដំណាក់​កាល​សំខាន់​ដោយ​កីឡាករ​ម្នាក់ៗ​ត្រូវ​ប្រជែង​យក​ថេរវេលា​ផ្ទាល់​ខ្លួន មិនពឹងផ្អែកលើកក្រុមទៀតឡើយ។ព្រឹត្តិការណ៍ប្រណាំងកង់ Tour de France នឹងបញ្ចប់ជាស្ថាព​រ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ប៉ារីស៕ អត្ថបទ៖ នាង សុភាវុធ 

ប្រធានតេក្វាន់ដូ ITF សម្លឹងឃើញកីឡាករជម្រើសជាតិខ្លះធ្លាក់សមត្ថភាព តែមានអ្នកបន្ដវេនល្អៗ

2023/07/17 06:23:09 pm        173
ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានគូសបញ្ជាក់ថា មាន​កីឡាករ​ជម្រើស​ជាតិ​មួយ​ចំនួនតូច បានធ្លាក់ចុះសមត្ថភាព តែក៏សម្លឹងអ្នកបន្ដវេនល្អៗច្រើនដែរ ក្រោយ​បញ្ចប់​ការ​ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលមិញ នៅ​សាល​ដំបូល​ទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ឯកឧត្តមមានប្រសាសន៍ថា ទោះបីកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា មាន​ទទួល​រង​ផល​ប៉ះ​ពាល់​ផ្លូវ​អារម្មណ៍ ក្រោយខកខានចូលរួមស៊ីហ្គេម តែពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បី​រក្សា និងបង្កើននូវគុណភាព ជាក់ស្ដែងឆ្លងកាត់ការប្រកួត ៣ថ្ងៃកន្លងមក គឺមាន​កីឡាករ​ជម្រើស​ជាតិ​ភាគ​ច្រើន នៅតែធ្វើបានល្អ គ្រាន់តែមានសមាជិកជម្រើសជាតិមួយចំនួនតូច ហាក់​ធ្លាក់​ចុះ​កម្លាំង ។ យ៉ាងណាក្ដី សហព័ន្ធក៏បានសម្លឹងឃើញឈាមថ្មី ដើម្បី​បន្ដ​វេន​ក្នុង​វិស័យ​កីឡា​មួយ​នេះផ​ងដែរ ។ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតប្រចាំឆ្នាំ ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រសួងអប់រំ យុវជន និងកីឡានេះ បានចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០២៣ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៣៨នាក់ មក​ពី ១៦ រាជធានី-ខេត្ត និងក្រសួង ។ ជាលទ្ធផលបច្ចេកទេស គឺក្លិបក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដណ្តើមបានមេដាយច្រើនជាងគេសរុប ១១គ្រឿង រួមមានមេដាយមាស ៦ ប្រាក់២ និងសំរឹទ្ធ ៣, លេខ២ ក្លិបក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ១៥គ្រឿង (មាស ៥ ប្រាក់៦ និងសំរឹទ្ធ ៤) ខណៈ​លេខ៣ ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ ឈ្នះមេដាយសរុប ១១គ្រឿង គឺមានមេដាយមាស ៤ ប្រាក់៣ និងសំរឹទ្ធ ៤គ្រឿង៕ អត្ថបទ៖ លី ឈុនឡា 

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រ ផ្ដាំក្លិបសមាជិកថា ការចូលរួម សំខាន់​ជាង​លទ្ធផល​ឈ្នះ-ចាញ់

2023/07/17 06:06:26 pm        288
ឯកឧត្តម​បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានផ្ដាំ​បណ្ដា​ក្លិប​សមាជិក​ថា ការចូលរួមការប្រកួតផ្សេងៗ ពិសេសការប្រកួតជើងឯកថ្នាក់ជាតិ គឺពិតជាសំខាន់ មិន​អាស្រ័យ​លើ​លទ្ធផល​ឈ្នះ-ចាញ់នោះទេ ។ការលើកឡើងនេះ ក្នុងឱកាសពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បន្ទាប់​ពីដំណើរការប្រកួតដ៏ស្វិតស្វិញរយៈពេល ៤ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ ស្រប​ពេល​ក្នុង​ចំណោម​ក្លិបសមាជិកទាំង ២៨ គឺមានក្លិបប្រមាណ ៥០% ប៉ុណ្ណោះ​បាន​ចូលរួម​ជើង​ឯកថ្នាក់​ជាតិ​ឆ្នាំ​នេះ។ឯកឧត្តមបន្ដថា លទ្ធផលឈ្នះ-ចាញ់ ជារឿងកីឡា តែការចូលរួម គឺសំខាន់ជាង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ហើយបើសិនមានការចូលរួមកាន់តែច្រើន នៅ​ឆ្នាំ​បន្ដ​បន្ទាប់ សហព័ន្ធនឹងអាចឈានទៅរៀបចំឲ្យមានការប្រកួតក្របខណ្ឌក១ និងក២ ដើម្បី​បំផុស​សកម្មភាព​កីឡាប្រពៃណីមួយនេះឲ្យកាន់តែផុសផុលថែមទៀតផង ។សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បាន​ដំណើរ​ការ​ប្រកួត​ពី​ថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-កីឡា​ការិនី​ចូលរួមសរុប ២៤៤នាក់ មកពី ១២រាជធានី-ខេត្ត និងក្រសួង ។ ជាលទ្ធផល គឺ​សមាគម​កីឡា​ទាញព្រ័ត្រខេត្តបាត់ដំបង ដណ្ដើមបានមេដាយមេដាយមាស២ និងប្រាក់ ១ ខណៈខេត្តស្វាយរៀង ឈរលេខ២ ដណ្ដើមបានមេដាយមាស ១ និងប្រាក់ ២ និង​ក្រុម​កីឡា​ទាញព្រ័ត្រកងទ័ពជើងទឹក ដណ្ដើមបានមេដាយមាស ១ ឈរលេខរៀងទី៣ ៕ អត្ថបទ៖ លី ឈុនឡា  

កីឡាករ និងមន្ត្រីឥណ្ឌូនេស៊ី និងថៃ ត្រូវរងការពិន័យពី AFC ក្រោយប៉ះទង្គិចក្នុងស៊ីហ្គេម ២០២៣

2023/07/13 06:55:24 pm        488
យោងតាម ASEAN Football បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC ) បានសម្រេចពិន័យកីឡាករ ឥណ្ឌូនេស៊ីបីរូប និងមន្តី្រ៤រូប និងគ្រូបង្វឹក ខណៈកីឡាករថៃពីររូប មន្ត្រីប្រាំរូប និងគ្រូៗបង្វឹក ក៏រងការពិន័យដែរ។AFC បានសម្រេចពិន័យបញ្ឈរជើងកីឡាករឥណ្ឌូនេស៊ី Agung Bagus Fawwazi ៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអាមេរិក, កីឡាករKomang Teguh ៦ប្រកួត និងថវិកា ១០០០ដុល្លារអាមេរិក និងកីឡាករ Taufany Muslihuddin ៦ប្រកួតដែរ។ មន្ត្រីក្រុម និងគ្រូបង្វឹក ដែលរងពិន័យរួមមាន លោកSahari Gultom ៦ប្រកួត ឯលោក Tegar Diokta, Ahmad Nizar និងលោកToid Sarnadi ជាប់បម្រាម៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអាមេរិកដូចៗគ្នា។ចំនែកខាងភាគីថៃ AFC បានសម្រេចពិន័យលើកីឡាករ Soponwit Rakyart មិនឱ្យលេង៦ប្រកួត និង១០០០ដុល្លារអាមេរិក និងកីឡាករ Chayapipat Supunpasuch ៦ប្រកួតដេរ។ រីឯមន្ត្រីគ្រូបង្វឹករួមមាន Pattarawut Wongsriphuek និង Mayeid Mad-Adam រងពិន័យ៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអារិក។ សម្រាប់ Purachet Todsanit, Prueangna និងBamrung Boonprom ជាប់បម្រាម៦ប្រកួតម្នាក់ដែរ។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏បានពិន័យសមាគមបាល់ទាត់ប្រទេសថៃ (The Football Association of Thailand) នូវទឹកប្រាក់១០ ០០០ដុល្លារអាមេរិកផងដែរ៕

កម្ពុជានឹងសម្រាំងកីឡាសក្ដានុពល ចូលរួមប្រកួតកីឡាអាស៊ី ដើម្បីស្វែងរកលទ្ធផលល្អជាងមុន

2023/07/13 06:24:50 pm        394
កម្ពុជានឹងសម្រិតសម្រាំងតែប្រភេទកីឡាសក្ដានុពលប៉ុណ្ណោះ បញ្ជូនទៅចូលរួមប្រកួតកីឡា​អាស៊ី​(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឆ្នាំ​២០២៣ ខាងមុខ ដើម្បីធានាបាននូវការប្រកួតប្រជែងកម្រិតខ្ពស់ និង​ស្វែងរកលទ្ធផល​កាន់​តែល្អ​ប្រសើរ បើធៀបនឹងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា កាលពីថ្មីៗ ។ ឯកឧត្តមមានប្រសាសន៍ថា មកទល់ពេលនេះ កម្ពុជាមិនទាន់​សម្រេច​កំណត់​ប្រភេទកីឡា សម្រាប់បញ្ជូនទៅប្រកួតកីអាស៊ីនៅចិននោះទេ តែក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងធ្វើការជាមួយសហព័ន្ធកីឡាជាតិ ពាក់​ព័ន្ធការងារនេះ ។យ៉ាងណាមិញឯកឧត្តមសង្កត់ធ្ងន់ថា កីឡាត្រូវបញ្ជូនទៅប្រកួតកីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ នឹងចម្រាញ់ចេញពីកីឡាសក្ដានុពលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្នុងនោះកីឡាមួយចំនួន ក៏ត្រូវបញ្ជូនទៅហ្វឹកហាត់នៅចិន ក្រោមជំនួយបន្ដរបស់រដ្ឋាភិបាលចិន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយកីឡាករ-កីឡាការិនីកម្រិតខ្ពស់មួយចំនួន នឹងត្រូវ​បាន​ជ្រើសរើស​ចូល​រួម​ការ​ប្រកួត​កីឡា​​អាស៊ី​នៅទីនោះតែម្ដងផងដែរ ។សូមរំឮកថា កាលពីកីឡាអាស៊ី លើក១៨ នៅឥណ្ឌូនេស៊ី កម្ពុជា បានបញ្ជូនអត្តពលិក ១៣​ប្រភេទ​កីឡា​ចូលរួម ហើយដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះកីឡាករម៉ូតូទឹកដ៏ឆ្នើមរបស់កម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ និង​សំរឹទ្ធ ១ និងកីឡាការិនីជឺជីតស៊ូឆ្នើមកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ដែលនាំឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិដណ្ដើមបានមេដាយមាស ២គ្រឿងលើកដំបូង បន្ទាប់​ពី​កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាល​ពី​ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ៕ អត្ថបទ៖ លី ឈុនឡា  

សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូកីឡា ៤រូប ចូលរួមប្រកួតជើងឯកពិភពលោក នៅជប៉ុន

2023/07/13 06:02:21 pm        304
សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសមាសភាពប្រភេទកីឡា ៤រូប ដែលត្រៀម​បញ្ជូន​ចូលរួម​ការ​ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃទី៣១ ខែកក្កដាខាងមុខ នៅទីក្រុង Fukuoka ប្រទេសជប៉ុន។តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក សហព័ន្ធបានចាត់តាំងលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ តំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ព្រមទាំងគ្រូបង្វឹកលោក ហែម ថុនពន្លឺ កីឡាករ មនត្រស ផានសុណ្ណអារុន និងកីឡាការិនី ឃឺន ចន្ទចរិយា ដើម្បីចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះ ។យោងតាមការជូនដំណឹងរបស់សហព័ន្ធ ក្រៅពីដឹកនាំប្រតិភូកីឡាហែលទឹកកម្ពុជា ចូលរួម​ការ​ប្រកួត​ជ្រើស​រើសជើងឯកពិភពលោក ឆ្នាំ២០២៣ លោក ហែម គិរី នឹងត្រូវចូលរួម​មហាសន្និបាត​របស់​សហព័ន្ធ​កីឡាហែលទឹកពិភពលោក នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា នា​ទីក្រុង Fukuoka ផងដែរ ។អ្វីដែលពិសេស គឺសហព័ន្ធកីឡាហែលទឹកពិភពលោក បាន​ជ្រើសរើស​សហព័ន្ធខ្មែរ​កីឡា​ហែលទឹក ដើម្បីឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការ​ជួយ​ជំរុញ​គាំទ្រ​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍបន្ត ដ្បិតមានសមាជិកសហព័ន្ធកីឡាហែលទឹកពិភពលោកតែ ១០​ប្រទេស​ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ព្រះ​រា​ជា​ណាចក្រកម្ពុជា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ផងដែរ៕ អត្ថបទ៖ លី ឈុនឡា  

ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ មានអ្នកចុះឈ្មោះកើនទ្វេដង បើធៀបកាលពីឆ្នាំមុន

2023/07/12 06:37:00 pm        204
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ (Khmer Empire Marathon 2023) នឹងរៀបចំ​នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ តំបន់អង្គរ និងក្រុងសៀមរាប ខណៈ​បច្ចុប្បន្ន​មាន​អ្នកចុះឈ្មោះចូលរួមកើនទ្វេដង បើធៀបកាលពីឆ្នាំ២០២១ កន្លងទៅ ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍​កីឡា​ទេសចរណ៍នេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ។ឯកឧត្តមមានប្រសាសន៍ថា នេះគឺជាឆ្នាំទី២ ហើយ ដែលក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយ​ជំងឺ​រាតត្បាតសកលកូវីដ-១៩ ដោយកាលពីឆ្នាំ២០២២ គឺមានអ្នកចូលរួមជាង ១ពាន់នាក់ ខណៈ​បច្ចុប្បន្ន អ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជជាតិ ចក្រភពខ្មែរ លើកទី៨ គឺ​កើន​ដល់ជាង ២ពាន់នាក់ហើយ ។ដូច្នេះសន្ទុះអ្នករត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺជាសញ្ញាមួយដ៏ល្អ ក្នុងការទាក់​ទាញ​ភ្ញៀវ​ទេសចរ ពិសេសទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ចក្រៅប្រទេសផង និងរួមចំណែកការងារសប្បុរសធម៌ តាមរ​យៈ​ការ​ប្រមូល​ថវិកា​ទទួល​បាន​ពីការរៀបចំទាំងអស់ បរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ជាដើម ។ មិន​តែ​ប៉ុណ្ណោះ ក៏ជាឱកាសតេស្ដសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជាផងដែរ ។លោក សែម ផល្លា នាយបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង បានបញ្ជាក់ថា ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុងអ​ន្ដរជជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺរក្សាផ្លូវរត់នៅដដែល តែនឹងមានការរឹតបន្ដឹងបន្ថែម លើ​ការ​ការពារសុខុមាលភាពអ្នករត់ ទោះពីកន្លងមក ពុំមានបញ្ហាអ្វីកើតឡើយក៏ដោយ ។ ជា​មួយ​គ្នា​ដែរ លោកបានលើកទឹកចិត្តដល់អ្នករត់ក្នុងស្រុកចូលរួមឲ្យបានច្រើន ដើម្បី​រួម​ចំណែក​ឲ្យ​ព្រឹត្តិការណ៍​នេះ ទទួលបានជោគជ័យ និងទាក់ទាញជនបរទេសមកចូលរួមកាន់តែច្រើន ពិសេស​ក្នុង​រដូវ​ភ្លៀង​នេះតែម្ដង ។គួរដឹងថា ទិវារត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២​គីឡូ​ម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ កើតឡើង បន្ទាប់​ពី​មានសំណូមពរពីជនបរទេស ក្រោយកម្ពុជាទទួលបានជោគជ័យខ្លាំង ក្នុង​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​អន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅរៀងរាល់ខែធ្នូ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្ល​ង​មក​៕ អត្ថបទ៖ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM