កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

គ្រូបង្វឹកព្រះខ័នរាជ ចាត់ទុកពាន Pre-Season ក្នុងស្រុក ជាការត្រៀមខ្លួនដ៏ល្អ ទាំងពានក្នុងស្រុក និងពានអន្ដរជាតិ

2026/08/12 01:48:28 pm        273
លោក McConkey Matthew គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុកការណាត់ក្រុមបរទេសមកលេងពានរង្វាន់មិត្តភាពនៅកម្ពុជា គឺជាការត្រៀមខ្លួនមួយដ៏ល្អ សម្រាប់រដូវកាលថ្មី ទាំងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ។នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតពានរង្វាន់ Pre-Season Cup 2026 ដែលក្លិបរៀបចំ ដោយមាអញ្ជើញក្លិប Eastern District SA មកពីហុងកុង និងក្លិប Geylang International មកពីសិង្ហបុរី ចូលរួមប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។លោក McConkey បានសម្ដែងក្ដីរីករាយ នឹងការបានធ្វើម្ចាស់ផ្ទះពានបើករដូវកាលថ្មីដ៏មានសារៈសំខាន់នេះ ដែលជាឱកាសដ៏ល្អ សម្រាប់ការលេងទល់ក្រុមមកពីក្រៅស្រុក ដើម្បីត្រៀមរដូវកាលថ្មី ពិសេសការប្រកួតពានរង្វាន់អន្ដរជាតិ។បន្ថែមលើនេះ លោកក៏បានបង្ហើបពីមូលហេតុក្លិបសម្រេចរៀបចំការប្រកួតពានរង្វាន់ Pre-Season ក្នុងស្រុក ជំនួសការចេញទៅបោះជំរុំក្រៅប្រទេស ព្រោះពេលវេលាមិនអំណោយផល ខណៈក្លិបមានហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារគ្រប់គ្រាន់ ដែលអាចពង្រឹងការហ្វឹកហាត់ និងអភិវឌ្ឍន៍ក្រុមបានល្អ សម្រាប់ត្រៀមរដូវកាលថ្មី។ជាមួយគ្នា ប្រធានក្រុម សឿយ វិសាល បានចាត់ទុកការប្រកួតពានរង្វាន់មិត្តភាពនេះ គឺជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់ក្រុម ក្រោយការប្រមូលផ្ដុំហ្វឹកហាត់ ៣សប្ដាហ៍កន្លងមក ពិសេសរវាងកីឡាករចាស់ និងកីឡាករថ្មី ដើម្បីធានាភាពរួចរាល់សម្រាប់ត្រៀមរដូវកាលថ្មី ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប Geylang International មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែសីហា មុនបន្ដជួបក្រុម Eastern District នាថ្ងៃទី១៨ ខែសីហា ក្រោយជំនួបក្រុមភ្ញៀវទាំងពីរ ដែលធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ដើម្បីកាត់សេចក្ដីយកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា 

ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីចងចាំជនភៀសសឹក គឺជាគោលបំណងធំ នៃការប្រកួតបាល់ទាត់​សប្បុរស​របស់ក្រុម សសយក អលស្ដារ

2026/08/12 01:05:35 pm        373
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ស្មារតីចង់ចាំរបស់ប្រជាពលរដ្ឋខ្មែរ មិនដែលបំភ្លេចចំពោះបងប្អូនជនភៀសសឹក ពិសេសពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរស់នៅភូមិរង់ចាំ គឺជាគោលបំណងសំខាន់បំផុត ក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ នៃកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ដែលរៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ។ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកួតមិត្តភាពសប្បុរសធម៌ទល់នឹងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត និងមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ រហូតកៀរគរបានថវិកាជិត ៥០លានរៀលសម្រាប់ត្រៀមនាំយកទៅជូនដល់ប្រជាពលរដ្ឋនៅភូមិរង់ចាំ។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា កីឡាដើម្បីសុខភាព មិត្តភាព ជារឿងមួយ ហើយការកៀរគរថវិកាសម្រាប់អ្នកភូមិរង់ចាំជារឿងមួយ តែអ្វីដែលសំខាន់បំផុត គឺបង្ហាញថា ស្មារតីពលរដ្ឋខ្មែរ មិនដែលភ្លេចបងប្អូនជនភៀសសឹក ក៏ដូចជាវីរកងកម្លាំងជួរមុខឡើយ ។ ម្យ៉ាងក្នុងនាមផ្នែកមួយនៃខឿនការពារជាតិប្រជាជន គឺចង់បញ្ជាក់ពីការបន្ដគាំទ្ររាល់វិធានការ និងការសម្រេចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី ជាមួយប្រទេសជិតខាង ដើម្បីទាមទានូវយុត្តិធម៌ និងភាពស្របច្បាប់របស់កម្ពុជាត្រឡប់មកវិញ។តបទៅនឹងការលើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡា អាចបង្កការសប្បាយ ភ្លេចពីការឈ្លានពាន ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា នេះគ្រាន់តែជាមតិមួយចំនួនតូច តែអ្វីដែលជាទឹកចិត្ត និងស្មារតីរបស់អ្នកជួរក្រោយ ទោះបីសកម្មភាពតូចឬធំ ឲ្យតែធ្វើចេញពីចិត្តត្រូវតែធ្វើ ដើម្បីបង្ហាញពីការនឹករលឹក និងចងចាំបងប្អូនជនភៀសសឹកជានិច្ច។គួរដឹងថា ការប្រកួតបាល់ទាត់សប្បុរសធម៌ ជាមួយក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ គឺជាការចាប់ផ្តើម និងជាផ្នែកមួយនៃកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ដែលក្រុមបាល់ទាត់ ស.ស.យ.ក. អលស្ដារ ផ្តើមរៀបចំឡើង និងមានការសហការ គាំទ្ររៀបចំពីភាគីពាក់ព័ន្ធ រួមមានក្រុមបាល់ទាត់ដៃគូចំនួន១១ និងស្ថាប័នដៃគូដទៃទៀត។តាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មហាជន យុវជន និងសប្បុរសជនទាំងអស់ បន្តរួបរួមគ្នាក្នុងស្មារតី “ខឿនការពារជាតិ ប្រជាជន” គឺបន្តរួមគ្នា ចូលរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់ និងក្តីរលឹក សម្រាប់បងប្អូនជនរួមជាតិទាំងអស់គ្នា ដោយក្រុមការងារនៃក្រុម ស.ស.យ.ក. អលស្ដារ នឹងចាប់ផ្ដើមទទួលថវិកា និងសម្ភារផ្សេងៗ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣០ ខែសីហាខាងមុខ មុនកម្មវិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ ជាមួយអ្នកភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យ ដណ្តើមបានមេដាយសរុប ៤១ គ្រឿង​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ នៅម៉ុងហ្គោលី

2026/08/12 11:45:58 am        374
ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​សហព័ន្ធ​បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់​បេសកកម្ម​ដ៏ជោគជ័យ​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ឆ្នាំ២០២៦នៅប្រទេសម៉ុងហ្គោលី (ថ្ងៃទី០៣-៩ ខែសីហា ឆ្នាំ២០២៦) កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។ប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមកែវ រ៉េមី បាន​មាន​ប្រសាសន៍​ដោយ​រំលេច​ពី​ពេលចាប់ផ្ដើមការប្រកួតចេញពីកីឡាករថ្នាល ហើយធ្វើបានល្អឈ្នះមេដាយ​មាស​តែ​ម្ដង​។ លើស​ពី​នេះ​កីឡាករ​របស់​កម្ពុ​ជា​ក៏​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ឈ្នះ​ម្ចាស់​ជើង​ឯក​ពិភព​លោក ​និងឈ្នះលើប្រទេសខ្លាំងៗមួយចំនួនរួមទាំងម្ចាស់ក្បាច់គុនដែរ។ សូមបញ្ជាក់ថា ជារួម ការចូលរួមប្រកួតលើក​នេះ​កម្ពុជា​ទទួល​បាន​ជោគជ័យ​គួរ​ជា​ទី​មោទនៈ​បី​ធំ​ៗ​ដូចជា ១. ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១២ឆ្នាំ២០២៨ ដោយ​បានយកឈ្នះប្រទេសអូសបេគីស្ថាន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន២. ដណ្ដើមបានមេដាយដ៏ច្រើនដល់ទៅ ៤១គ្រឿង (មាស៨គ្រឿង ប្រាក់១២គ្រឿង និងសំរឹទ្ធ២១)៣. ទទួលបានពានប្រចាំប្រទេសចំណាត់ថ្នាក់លេខ២ក្នុងចំណោម ២៥ ប្រទេស ៕  

គ្រូបង្វឹកក្លិបមកពីហុងកុង និងសិង្ហបុរី សរសើរភាពរីកចម្រើនបាល់ទាត់នៅកម្ពុជា និង​រីករាយ​បាន​លេង​ទល់​ព្រះខ័នរាជ

2026/08/12 11:18:34 am        392
លោក Ng Wai Chiu គ្រូបង្វឹក Eastern District SA មកពីហុងកុង និងលោក Noor Ali​ គ្រូ​បង្វឹក Geylang International មកពីសិង្ហបុរី បានកោត​សរសើរ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​នា​ប៉ុន្មានឆ្នាំចុងក្រោយ ហើយរីករាយដែលត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង អញ្ជើញ​មកលេងពានរង្វាន់ Pre-Season Cup 2026 នៅរាជធានីភ្នំពេញ។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនចាប់ផ្ដើមការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពនេះ នៅល្ងាចថ្ងៃទី១១ ខែសីហា លោក Ng Wai Chiu បានសម្ដែងក្ដីរីករាយ នឹងការធ្វើដំណើរមកកម្ពុជាលើកដំបូង ជាមួយបរិយាកាសដ៏ល្អ ទាំងការស្នាក់នៅ ធ្វើដំណើរ និងអាកាសធាតុ។ ជាមួយគ្នាលោកបានសរសើរពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាបច្ចុប្បន្ន បើធៀបកាលពី ១០ឆ្នាំមុន ហើយលោកក៏រីករាយនឹងការប្រកួតទល់ក្រុមខ្លាំងកម្ពុជា គឺក្រុមព្រះខ័នរាជស្វាយរៀង។ដោយឡែកកីឡាករ Helio Jose De Souza Goncalves វិញថា ទោះបីជាការប្រកួតលក្ខណៈមិត្តភាព តែពួកគេនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ក្រុម ក៏ដូចជាការត្រៀមរដូវកាលថ្មី នៃលីគកំពូលហុងកុងផងដែរ។ចំណែកលោក Noor Ali បានចាត់ទុកការប្រកួត Pre-Season គឺជាពេលវេលាដ៏ល្អ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី ដោយសារក្រុមនីមួយៗ សុទ្ធតែជាក្រុមល្អ ពិសេសក្រុមព្រះខ័នរាជស្វាយរៀង ។ បន្ថែមលើនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសរបៀបលេងដ៏ល្អ ជាមួយការប្រកួតប្រជែងកម្រិតខ្ពស់។ ដូច្នេះទើបលោកសម្រេចមកប្រកួតនៅទីនេះ ដោយមិនស្ទាក់ស្ទើរ គ្រាដែលកីឡាករ Joshua Pereira ក៏បានលើកឡើងស្រដៀងគ្នានឹងគ្រូបង្វឹករបស់ខ្លួនផងដែរ។សម្រាប់ពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង នឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ ដោយមាន ៣ក្លិបមកពី ៣ប្រទេសចូលរួម ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប Geylang International មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែសីហា មុនក្រុមមកពីសិង្ហបុរីនេះ ត្រូវជួបក្រុម Eastern District នាថ្ងៃទី១៥ ខែសីហា និងការប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ត្រូវជួប Eastern District នាថ្ងៃទី១៨ ខែសីហា។ ក្រោយប្រកួតវិលជុំនេះ ក្រុមឈរលេខ១ និងលេខ២ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២១ ខែសីហាខាងមុខ ខណៈសំបុត្រចូលទស្សនាក្លិបនឹងលក់ក្នុងតម្លៃត្រឹមតែ ៨០០០រៀលប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

Cristiano Ronaldo និង Georgina Rodriguez ប្រកាសចំណងអាពាហ៍ពិពាហ៍ផ្លូវការ

2026/08/12 10:44:55 am        256
កំពូលខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo និងដៃគូ Georgina Rodriguez បានប្រកាសផ្លូវការថា ពួកគេបានរៀបការជាមួយគ្នា តាមរយៈការបង្ហោះរូបថតដៃរបស់ពួកគេទាំងពីរ ដែលពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ នៅលើគណនី Instagram រៀងៗខ្លួន កាលពីថ្ងៃអង្គារ ទី១១ ខែសីហា។Ronaldo និង Georgina បានចាប់ផ្តើមមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០១៦។ តាមការរាយការណ៍ ពួកគេបានជួបគ្នាជាលើកដំបូងនៅហាង Gucci មួយក្នុងរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ នៅពេល Ronaldo កំពុងលេងឱ្យ Real Madrid។ អ្នកទាំងពីរមានកូនជាមួយគ្នាចំនួន ៣នាក់។បច្ចុប្បន្ន Ronaldo ត្រៀមចាប់ផ្តើម រដូវកាលទី៥ របស់ខ្លួនជាមួយក្លិបជើងឯកអារ៉ាប៊ីសាអូឌីត Al Nassr។ខ្សែប្រយុទ្ធដែលធ្លាប់លេងឱ្យ Real Madrid, Manchester United និង Juventus រូបនេះ ក៏កំពុងខិតជិតដល់កំណត់ត្រាដ៏អស្ចារ្យមួយផងដែរ ដោយនៅសល់តែ ២៤គ្រាប់ទៀត ប៉ុណ្ណោះ ដើម្បីឈានដល់គ្រាប់បាល់ទី ១,០០០ ក្នុងអាជីព៕ អត្ថបទ៖នាង សុភាវុធ     

ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក

2026/08/11 12:54:53 pm        395
ក្លឹបបាល់ទាត់សិង្ហបុរី Geylang International បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពកាលពីព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិជាមួយក្លឹបម្ចាស់ផ្ទះកម្ពុជា និងក្លឹបមកពីចិនហុងកុង។គ្រូបង្វឹកក្លឹប Geylang International លោក Noor Ali បានប្រាប់ BTV News ដោយបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលបានរៀបចំពានរង្វាន់មិត្តភាពអន្តរជាតិនេះ។ ហើយនេះជាលើកដំបូងសម្រាប់លោកមកកាន់ទីនេះ។ ហើយលោកពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងអាកាសយានដ្ឋានដ៏ស្អាតរបស់កម្ពុជា។ លោកបន្តថាការប្រកួតមិត្តភាពមុនបើករដូវកាលនេះពិតជាល្អណាស់ដែលក្រុមរបស់លោកត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតលីគរដូវកាលថ្មី។លោកបន្ថែមទៀតថាវាជាឱកាសដ៏ល្អដែលបានលេងជាមួយក្រុមខ្លាំងដូចជាព្រះខ័នរាជស្វាយរៀងដែលកន្លងមកនេះបានបង្ហាញខ្លួនយ៉ាងល្អសម្រាប់ការប្រកួត AFC Challenge League ក៏ដូចជាពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍។ ហើយរំពឹងថាអ្នកគាំទ្របាល់ទាត់កម្ពុជា ពិសេសអ្នកគាំទ្រក្លឹបព្រះខ័នរាជស្វាយរៀងនឹងមកចូលរួមទស្សនាច្រើន។ក្លឹបបាល់ទាត់ Geylang Internation បើកការប្រកួតពានរង្វាន់មិត្តភាពមុនបើករដូវកាលនេះ ដោយស្អែកត្រូវជួបព្រះខ័នរាជស្វាយរៀង ម៉ោង៧និង០០នាទីយប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនជួប Eastern District SA ថ្ងៃទី១៥ ខែសីហាចុងសប្ដាហ៍នេះ។ពានរង្វាន់អន្តរជាតិដែលរៀបចំដោយជើងឯកកម្ពុជានេះ នឹងបញ្ចប់ការប្រកួតនៅថ្ងៃទី២១ ខែសីហា ខាងមុខដោយក្រុមដែលមានពិន្ទុច្រើនជាងគេពីរក្រុមនឹងលេងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានតែម្ដង៕ 

Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់

2026/08/11 11:00:44 am        287
ក្លិបហង្សក្រហម Liverpool បានសម្រេចចុះហត្ថលេខាយកខ្សែការពារកណ្តាលសញ្ជាតិអ៊ុយរូហ្គាយ Ronald Araujo ពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ដោយកិច្ចព្រមព្រៀងនេះក៏មានជម្រើសទិញផ្តាច់នៅចុងរដូវកាលផងដែរ។Araujo វ័យ ២៧ ឆ្នាំ បានផ្លាស់មក Barcelona ពីក្លិប Uruguayan Boston River ក្នុងឆ្នាំ ២០១៨។ ក្រៅពីតួនាទីខ្សែការពារកណ្តាល គេក៏អាចលេងជាខ្សែការពារស្លាបស្តាំបានផងដែរ។ការមកដល់របស់ Araujo គឺដើម្បីពង្រឹងតំបន់ការពាររបស់ Liverpool បន្ទាប់ពី Ibrahima Konaté បានចាកចេញទៅចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃផ្ទេរ។Araujo បានបង្ហាញខ្លួនជាង ២០០ ប្រកួត សម្រាប់ Barcelona ឈ្នះពាន La Liga ៣ លើក និង Copa del Rey ២ លើក។ គេក៏ត្រូវបានតែងតាំងជាប្រធានក្រុម Barcelona កាលពីខែមករា បន្ទាប់ពីអ្នកចាំទី Marc-André ter Stegen ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង។ទោះជាយ៉ាងណា កាលពីរដូវកាលមុន Araujo មានឱកាសចូលលេងក្នុងជម្រើសដំបូងនៅ La Liga ត្រឹម ១១ ប្រកួត ប៉ុណ្ណោះ ខណៈ Barcelona បានគ្រងជើងឯកលីគអេស្ប៉ាញជាលើកទី ២៩ ក្នុងប្រវត្តិសាស្ត្រក្លិប។Araujo នៅមានកិច្ចសន្យាជាមួយ Barcelona រហូតដល់ឆ្នាំ ២០៣១ ប៉ុន្តែពេលវេលាលេងរបស់គេមានកម្រិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Hansi Flick ដោយ Gerard Martín និង Pau Cubarsí ក្លាយជាជម្រើសសំខាន់នៅតំបន់ការពារកណ្តាល។សម្រាប់ក្រុមជម្រើសជាតិ Araújo បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ អ៊ុយរូហ្គាយ ក្នុងឆ្នាំ ២០២០ និងមាន ២៧ ប្រកួតជាមួយជម្រើសជាតិ។ គេក៏ស្ថិតក្នុងបញ្ជីកីឡាកររបស់គ្រូបង្វឹក Marcelo Bielsa សម្រាប់ World Cup រដូវក្តៅនេះ ប៉ុន្តែមិនបានចូលលេងឡើយ។Liverpool នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មីដោយធ្វើដំណើរទៅជួប Newcastle United នៅថ្ងៃទី ២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ 

សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ

2026/08/11 10:44:09 am        505
ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងជួបប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីផ្ញើនូវក្ដីនឹកលឹក និងការចងចាំរបស់អ្នកជួរក្រោយ ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ ព្រោះមិនទាន់អាចវិលទៅផ្ទះវិញបាន ដោយសារការឈ្លានពានរបស់ថៃ។នេះគឺជាការប្រកួតដំបូង នៅក្នុងកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ដែលរៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក្រោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) មុនឈានដល់ការប្រកួតដ៏ធំនៅរាជធានីភ្នំពេញ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។សម្រាប់ការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាល្ងាចថ្ងៃអង្គារនេះដែរ នឹងមានការលក់សំបុត្រក្នុងតម្លៃ ១ម៉ឺនរៀល ហើយរាល់សំបុត្រដែលលក់បានទាំងអស់ នឹងត្រូវឧបត្ថម្ភទាំងស្រុងជូនដល់បងប្អូនភូមិរង់ចាំ។ លើសពីនេះ ប្រជាពលរដ្ឋ និងអ្នកអញ្ជើញចូលរួមទស្សនាទាំងអស់ ក៏អាចបរិច្ចាគជាថវិកា និងសម្ភារផ្សេងៗ ដើម្បីក្រុមការងាររៀបចំជូនដល់អ្នកភូមិរង់ចាំផងដែរ។ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្មីៗថាកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» រៀបចំឡើង ក្នុងគោលដៅសាមញ្ញនោះទេ គឺដើម្បីផ្ញើក្តីនឹករលឹក សំណេះសំណាលសួរសុខទុក្ខ ផ្តល់ស្នាមញញឹម និងផ្តល់ភាពកក់ក្តៅជូនដល់បងប្អូនអ្នកភូមិរង់ចាំ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏អាចចូលរួមបានទាំងអស់គ្នា។ដូច្នេះក្រោយបញ្ចប់ការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ  តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញាខាងមុខ ជាមួយនឹងការរៀបចំកម្មវិធីអមជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា 

កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

2026/08/10 03:08:24 pm        383
ក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៣គ្រឿង ពីការប្រកួតកីឡាកាយសម្ព័ន្ធជ្រើអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៦ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃ នៅប្រទេសហ្វីលីពីន កាលពីសប្ដាហ៍កន្លងទៅ។យោងតាមឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាប្រតិភូដឹកនាំ បានឲ្យដឹងថា សមិទ្ធផលដែលក្រុមធំ និងយុវជននៃកីឡាកាយសម្ព័ន្ធកម្ពុជា រកបានជូនជាតិនេះ រួមមានមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាក្រុមយុវជន(Youth Group) និងមេដាយសំរឹទ្ធ ២គ្រឿង ប្រជែងបានវិញ្ញាសា Senior Trio និងវិញ្ញាសា Senior Group ។ក្នុងចំណោមអត្តពលិកខ្លាំងៗមកពី ១២ប្រទេសក្នុងទ្វីបអាស៊ី ដែលចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ការសម្រេចបាននូវមេដាយ ៣គ្រឿងនេះ ត្រូវបានឯកឧត្តមចាត់ទុកជាសមិទ្ធផលគាប់ប្រសើរមួយ ក្រោមកិច្ចសហការដ៏ល្អ រវាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធផ្ទាល់ ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធានសហព័ន្ធ និងលោកឧកញ៉ា សុខ ហុង ជាអនុប្រធាន។ជាមួយគ្នាក្នុងនាមប្រតិភូដឹកនាំ និងជាសេនាធិការផ្ទាល់របស់ថ្នាក់ដឹកនាំហព័ន្ធ ឯកឧត្តម ណយ ផាណា បានថ្លែងអំណរគុណដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក ក៏ដូចជាការព្យាយាមអស់ពីសមត្ថភាពក្នុងការប្រកួតរហូតដណ្ដើមបានមេដាយប្រាក់ ក៏ដូចជាមេដាយសំរឹទ្ធជូនជាតិមាតុភូមិ ហើយឯកឧត្តមសង្ឃឹមថា ពួកគេនឹងបន្ដប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ពិសេសស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខតែម្ដង៕ អត្ថបទ លី ឈុនឡា

ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី

2026/08/10 02:41:10 pm        323
ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ចប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី ដោយជោគជ័យ ដោយដណ្ដើមបានមេដាយសរុបចំនួន ៤១គ្រឿងជូនជាតិមាតុភូមិ រួមមានមេដាយមាស ៨ មេដាយប្រាក់ ១២ និងមេដាយសំរឹទ្ធ២១។នៅក្នុងព្រឹត្តិការណ៍តេក្វាន់ដូ ITF ប្រចាំទ្វីបនេះ កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ៤៧នាក់ ក្នុងនោះមានកីឡាកររ-កីឡាការិនីចំនួន ៣២នាក់ ទាំងកម្រិតក្រុមយុវជនថ្នាល និងក្រុមឈុតធំ។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយមាស ៨ ប្រាក់ ១២ និងសំរឹទ្ធ ២១ សរុបចំនួន ៤១គ្រឿង។ជាមួយការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ដែលមានការអញ្ជើញចូលរួមដឹកនាំ និងផ្ដល់កម្លាំងចិត្តផ្ទាល់ពីឯកឧត្ដមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធនេះ ក៏ទទួលបានការផ្ញើសារអបអរសាទរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែង រហូតដណ្ដើមបានមេដាយជាច្រើនជូនជាតិមាតុភូមិនេះផងដែរ។សូមរំឮកថា ក្រៅពីទទួលបានជោគជ័យក្នុងការប្រកួត កម្ពុជាក៏ទទួលបានជោគជ័យក្នុងការបន្ដវេនធ្វើម្ចាស់ផ្ទះផងដែរ ក្រោយទទួលបានការគាំទ្រជាឯកច្ឆន្ទពីបណ្ដាប្រទេសសមាជិកសហព័ន្ធកីឡាតេក្វាន់ដូអាស៊ី(ATF) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដោយកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) ឆ្នាំ២០២៨ ខាងមុខ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM
ភាគីពាក់ព័ន្ធជំរុញ​ការផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យា និងការបញ្ជ្រាបការយល់ដឹងពីកិច្ចការពារបេតិកភណ្ឌ នៅស្រុកអង្គរបុរី
10/25/2026 01:10 PM
ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
10/25/2026 12:10 PM
នគរបាលព័រទុយហ្គាល់រុះរើជំរំតវ៉ាលើបញ្ហាផ្ទះសម្បែងនៅទីក្រុង លីស្បុន និងចាប់ខ្លួនមនុស្សមួយចំនួន
10/25/2026 12:10 PM
ឯកឧត្តម អ៊ិត សំហេង ចូលរួមចែករំលែកបទពិសោធន៍ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
10/25/2026 11:10 AM
វិស័យឯកជន វាយតម្លៃខ្ពស់និងចាត់ទុកព្រឹត្តការណ៍ CAFE 26 ជាស្ពានចម្លងច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា
10/25/2026 11:10 AM
សម្ដេចតេជោ ហ៊ុន សែន៖«រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗ និងចៅៗខ្ញុំថា មានតែការខិតខំប៉ុណ្ណោះទើបឈានទៅមុខបាន»
10/25/2026 11:10 AM
គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/25/2026 10:10 AM
កម្ពុជា បន្តតវ៉ាទង្វើបំពានច្បាប់ដែលកងទ័ពថៃឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជានៅតំបន់តាទុំ
10/25/2026 10:10 AM
យុវជនជាង១០០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានី ចុះទៅនាំខ្លួនក្រោយប្រមូលផ្តុំនៅតំបន់បឹងកក់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
10/25/2026 10:10 AM