កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា

2026/08/10 10:57:35 am        497
ក្រោយពីបញ្ចប់ការប្រកួតដ៏ជោគជ័យរបស់អត្តពលិកជម្រើសជាតិថ្នាល និង​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី២០២៦នៅម៉ុងហ្គោលី ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុ​ប្រធាន​សហព័ន្ធកីឡាតេក្វាន់ដូ-ITF កម្ពុជា បានចេញអត្ថ​បទ​ពិសេស​មួយ​ដែល​មាន​ចំណង​ជើង​ថា ​ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និង​ទឹក​ភ្នែក​របស់​កូន​ស្រី ម៉ានេតា។ ក្នុងសំណេរនេះឯកឧត្តមអនុប្រធានសហព័ន្ធបានរំលេចថា សម្រាប់ឪពុកគ្រប់រូប កូនគឺជាបេះដូង និង​ជា​ពិភពលោកទាំងមូល។ កូនស្រី ម៉ានេតា ក្នុងវ័យទើបតែ ១១ ឆ្នាំ តែង​តែ​ជា​ក្មេង​ស្រី​ដ៏​ទន់​ភ្លន់ ​ជាសិស្សពូកែម្នាក់ដែលចំណាយពេលភាគច្រើនជាមួយការអានសៀវភៅ និងស្រឡាញ់​សំឡេង​តន្ត្រី ​Piano យ៉ាងខ្លាំង។ នៅក្នុងភ្នែករបស់លោក កូនគឺជាព្រះនាង​តូច​ដ៏​សុភាព​រាប​សារ​ជានិច្ច​។ ប៉ុន្តែនៅ​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូជើងឯកអន្តរជាតិ នៅលើទឹកដីប្រទេស​ម៉ុង​ហ្គោលី​នា​ពេល​នេះ ​កូនស្រីតូចបានសម្រេចចិត្តសុំច្បាប់សាលា ខកខានការរៀនសូត្រអស់មួយសប្តាហ៍ពេញ ដើម្បី​ឈានជើងមកធ្វើជាតំណាងឱ្យប្រទេសជាតិ និងប្រឈម​មុខ​នឹង​ការ​សាកល្បង​ដ៏​ធំបំផុត​មួយ​ក្នុង​ជីវិត​។ វិនាទី​ដែល​កូនស្រីតូចដើរឡើងលើសង្វៀនប្រកួត ឈរទល់មុខនឹងគូប្រកួតដែលឌឺដង និង​មាន​មាឌ​ធំ​ជាង ​បេះដូងជាឪពុកម្នាក់នេះស្ទើរតែលោតចេញមកក្រៅ។ ជើងរបស់លោក ឈរ​ឡើង​រឹង​កំព្រឹស ​ដៃទាំងពីរកាន់ថតវីដេអូកូនប្រកួតឡើងញ័រដៃ និងរន្ធត់ជាខ្លាំង។ អារម្មណ៍ជាឪពុក នៅ​ពេល​ដែល​ឃើញកូនស្រីតូចដែលយើងធ្លាប់តែថ្នម និងបីបាច់ថែរក្សា ត្រូវរងការទាត់ វាយ និង​តស៊ូ​យ៉ាង​ខ្លាំង​នៅលើសង្វៀន វាគឺជាការឈឺចាប់ និងក្តុកក្តួល​ដែល​ស្ទើរ​តែ​រក​ពាក្យ​បក​ស្រាយ​មិន​បាន​។ ទឹកភ្នែកជាឪពុកស្ទើរតែស្រក់ចុះ ដោយអាណិតកូន និងភ័យខ្លាចកូនមានគ្រោះថ្នាក់។ ប៉ុន្តែ​នៅ​ក្នុងជម្រៅចិត្ត លោកដឹងយ៉ាងច្បាស់ថា ជីវិតមនុស្សយើង​មិន​អាច​រស់​នៅក្នុ​ងជ​ម្រក​សុខ​សាន្ត​បាន​រហូតនោះទេ។ ការគាំទ្រឱ្យកូនចូលរួមក្នុងកីឡានេះ មិនមែនដើម្បីតែការយកឈ្នះចាញ់ ឬ​ដណ្តើមយកមេដាយមួយមុខនោះទេ ប៉ុន្តែគឺដើម្បីទទួលបានសុខភាព និងកាយ​សម្បទា​រឹងមាំ​ចេញ​ពីការហាត់ប្រាណ ព្រមទាំងទទួលបានជំនាញការពារខ្លួនដ៏ពិតប្រាកដមួយ សម្រាប់​ឈរ​ជើង​ដោយ​សុវត្ថិភាព និងជឿជាក់ក្នុងសង្គមនាថ្ងៃអនាគត។ លទ្ធផល មេដាយសំរឹទ្ធ ដែលកូនស្រីដណ្តើមបានមកជូនជាតិ និងគ្រួសារនាពេលនេះ មិន​ត្រឹម​តែ​ជា​សមិទ្ធ​ផលលោហធាតុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតំណក់ញើស ទឹកភ្នែក និងជាសាក្សីនៃ «ភាព​ក្លា​ហាន​ដ៏​អស្ចារ្យ» របស់ក្មេងស្រីវ័យ ១១ ឆ្នាំម្នាក់ ដែលហ៊ានជម្នះភាពភ័យខ្លាច និងភាព​ឈឺ​ចាប់​នៅ​លើ​ឆាក​អន្តរជាតិ។ តាមរយៈសំណេរនេះឯកឧត្តមក៏សូមលើកទឹកចិត្តដល់ក្មួយៗ និងយុវជនខ្មែរគ្រប់រូប ដោយ​សង្ឃឹម​ថា ​រឿងរ៉ាវរបស់កូនស្រី ម៉ានេតា នឹងក្លាយជាកម្លាំងចិត្តដល់ក្មេងៗ និងក្មួយៗខ្មែរទាំងអស់ ដោយ​ជ្រើស​រើស​កីឡាណាមួយដែលខ្លួនស្រឡាញ់ មិនថាតេក្វាន់ដូ បាល់ទាត់ ឬកីឡាអ្វីក៏ដោយ ចាប់​ផ្តើម​ហាត់​ដើម្បីទទួលបានសុខភាពមាំមួន និងស្មារតីក្លាហានក្នុងការប្រឈមមុខនឹងជីវិត និង​សូម​កុំ​បោះ​បង់ការសិក្សា ព្រោះការសិក្សាជាគ្រឹះដ៏សំខាន់បំផុតក្នុងការកសាងអនាគតខ្លួនឯង ជួយ​សម្រាល​បន្ទុ​កគ្រួសារ និងរួមចំណែកកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន។ កីឡា​បង្កើត «សុខភាព និងភាពក្លាហាន» ចំណែកចំណេះដឹងបង្កើត «អនាគតដ៏ភ្លឺស្វាង»៕

ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា

2026/08/09 12:06:26 pm        756
ក្លឹបបាល់ទាត់ហុងកុង Earstern District SA បានធ្វើដំណើរព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព ដើម្បីចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិមុនបើករដូវកាល។Easter District SA នឹងប្រកួតប្រជែងពានរង្វាន់មិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្លឹបសិង្ហបុរី Geylang International ថ្ងៃទី១២ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។Eastern District នឹងស្នាក់នៅកម្ពុជាជិតកន្លះខែដើម្បីហ្វឹកហាត់ និងប្រកួតមិត្តភាព មុនជួបព្រះខ័នរាជ ក្លឹបហុងកុងមួយនេះ និងប្រកួតមិត្តភាពជាមួយបឹងកេត។រដូវកាល២០២៥-២០២៦ ក្លឹបបាល់ទាត់ Eastern District បញ្ចប់នៅចំណាត់ថ្នាក់លេខ៨នៃលីគកំពូលហុងកុង។សូមជម្រាបជូនថាលីគកំពូលហុងកុងនឹងដំណើរការរដូវកាល២០២៦-២០២៧ ពីថ្ងៃទី២១ ខែសីហានេះ តទៅ ពោលបីសប្ដាហ៍មុនលីគកំពូលកម្ពុជាចាប់ផ្ដើម។ ក្លឹប Eastern District បើករដូវកាលថ្មីដោយត្រូវជួបក្លឹប Hong Kong Football Club៕(ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ម៉ោង១១និង៣០នាទី)

UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA

2026/08/07 02:56:57 pm        430
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ៦ ខែសីហា ដោយ​បញ្ជាក់​ថា ​ការសុំទោសរបស់ប្រធាន FIFA លោក Gianni Infantino ជុំវិញភាព​ចម្រូង​ចម្រាស​លើ​គម្រោង​លក់​សិទ្ធិពាណិជ្ជកម្ម World Cup មិនបានផ្លាស់ប្តូរជំហររបស់ UEFA ឡើយ ខណៈ​សមា​ជិក​ទាំង ៥៥ប្រទេសរបស់ខ្លួននៅតែប្តេជ្ញាចិត្តលើផែនការធ្វើពហិការការប្រកួតរបស់ FIFA ប្រសិនបើលក្ខខណ្ឌសំខាន់ៗមិនត្រូវបានបំពេញ។UEFA បានអះអាងថា FIFA នៅមិនទាន់បំពេញ​លក្ខ​ខណ្ឌ​ពី​រ​ចំណុចដែល​ខ្លួន​បាន​ដាក់​ចេញ​សម្រាប់​ការ​ស្ដារទំនាក់ទំនងឡើងវិញនោះទេ។ លក្ខខណ្ឌទាំងនោះរួមមាន៖FIFA ត្រូវដកចេញទាំងស្រុងនូវគម្រោងលក់ភាគហ៊ុន ឬសិទ្ធិ​ពាណិជ្ជកម្ម​នៃ​ការ​ប្រកួតធំៗ​។ FIFA ត្រូវធានាថា គម្រោង​ស្រដៀង​គ្នា​នេះនឹង​មិន​ត្រូវ​បាន​លើក​យក​មក​អនុវត្ត​ម្ដង​ទៀត​នា​ពេល​អនាគត។ UEFA ក៏បានបញ្ជាក់ជាថ្មីថា ខ្លួន បានបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោក Gianni Infantino ហើយជំហរនេះនៅតែដដែល ទោះបីថ្នាក់ដឹកនាំ និងបុគ្គលិក FIFA បង្ហាញ​ការ​គាំទ្រ​ប្រធាន​រូប​នេះ​ក៏ដោយ។ការឆ្លើយតប​របស់ UEFA ធ្វើឡើងបន្ទាប់ពី FIFA បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនៅទីក្រុង Rabat ប្រទេសម៉ារ៉ុក ដែលក្នុងនោះ FIFA បានសុំទោសសមាជិកទាំង ២១១ សហព័ន្ធ ចំពោះ​ការ​គ្រប់​គ្រងមិនបានល្អជុំវិញគម្រោងលក់ចំណែកនៃអនាគតពាណិជ្ជកម្ម World Cup និង​សន្យា​ពិនិត្យ​ឡើង​វិញ ដំណើរការសម្រេចចិត្តដែលបង្កឱ្យមានវិបត្តិនេះ។FIFA បានទទួលស្គាល់ថា គម្រោងនេះគួរតែត្រូវបានដោះស្រាយតាមវិធីផ្សេង ហើយបញ្ជាក់ថា មិន​មាន​បំណងទុកឱ្យក្រុមប្រឹក្សា FIFA ឬសមាជិក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ដក​ចេញ​ពី​ដំណើរ​ការ​សម្រេច​ចិត្ត​នោះទេ។ អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកក៏នឹងធ្វើការស៊ើបអង្កេតផ្ទៃក្នុង និងដាក់របាយការណ៍ជូនក្រុមប្រឹក្សា FIFA ក្នុងកិច្ចប្រជុំបន្ទាប់ផងដែរ។ទោះជាយ៉ាងណា ភាពចម្រូងចម្រាសមិនបានបញ្ចប់ឡើយ។ អង្គភាពលីគអឺរ៉ុប (European Leagues) ដែលតំណាងឱ្យក្លិបជាង ១,៣០០ នៅទូទាំងទ្វីបអឺរ៉ុប បានរិះគន់ FIFA ផងដែរ ចំពោះការកំណត់ពេលវេលាត្រឹម ៤ សប្ដាហ៍សម្រាប់ពិចារណាគម្រោងពង្រីក World Cup ឆ្នាំ ២០៣០ ពី ៤៨ ទៅ ៦៤ ក្រុម ដោយចាត់ទុកថា មិនសមហេតុផល និងបង្ហាញថា អ្នកពាក់ព័ន្ធជាញឹកញាប់ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្ត ជាជាងត្រូវបានពិគ្រោះយោបល់ជាមុន។ជាមួយគ្នានេះ ប្រធានសហព័ន្ធបាល់ទាត់ហ្ស៊កដានី ព្រះអង្គម្ចាស់ Prince Ali bin Hussein ក៏បានបញ្ជាក់ថា ព្រះអង្គនឹងមិនគាំទ្រលោក Infantino ក្នុងការបោះឆ្នោតប្រធាន FIFA នាពេលខាងមុខឡើយ ទោះបី FIFA បានបង់ប្រាក់ដែលនៅសេសសល់សម្រាប់ការចូលរួមព្រឹត្តិការណ៍ Arab Cup 2025 រួចហើយក៏ដោយ។សម្រាប់លោក Gianni Infantino អាទិភាពសំខាន់នៅពេលនេះគឺការកាត់បន្ថយផលប៉ះពាល់ផ្នែកនយោបាយ មុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ ២០២៧ ក្នុងប្រទេសម៉ារ៉ុក។ បើទោះបីមិនទាន់មានបេក្ខជនប្រកួតប្រជែងដ៏មានឥទ្ធិពលលេចឡើងក៏ដោយ វិបត្តិលើកនេះបានធ្វើឱ្យការសម្រេចចិត្ត និងការគ្រប់គ្រងផ្ទៃក្នុងរបស់ FIFA ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងពីសហព័ន្ធតំបន់ សមាគមជាតិ និងភាគីពាក់ព័ន្ធជាច្រើន។អ្នកវិភាគជាច្រើនយល់ថា គម្រោងធំៗរបស់ FIFA នៅពេលអនាគត មិនថាជាយុទ្ធសាស្ត្រពាណិជ្ជកម្ម ការពង្រីកការប្រកួត ឬកំណែទម្រង់អភិបាលកិច្ច នឹងត្រូវប្រឈមមុខនឹងការទាមទារឱ្យមាន តម្លាភាព ការពិគ្រោះយោបល់ និងការទទួលខុសត្រូវ កាន់តែខ្ពស់ជាងមុន៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់

2026/08/07 02:37:22 pm        889
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នាវេលាម៉ោង ៨យប់ថ្ងៃទី៧ ខែសីហានេះ ដែលជាជំនួបបិទបញ្ចប់ពូលA ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ My Dinh នាទីក្រុងហាណូយ ប្រទេសវៀតណាម។ទោះបីនេះជាការប្រកួតបង្គ្រប់កិច្ច ដ្បិតក្រុមគោព្រៃកម្ពុជា អស់ឱកាសឡើងវគ្គបន្ដ ប៉ុន្ដែលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែចាត់ទុកនេះជាការប្រកួតដ៏សំខាន់ ដោយលោករំពឹងកូនក្រុមនឹងធ្វើបានល្អទៀតផង។នៅក្នុងសន្និសីទសាព័ត៌មានមុនការប្រកួតលោក Koji ថា ថ្វីត្បតិកម្ពុជាបានអស់ឱកាសបន្ដដំណើរទៅមុខក្នុងពានបាល់ទាត់អាស៊ានឆ្នាំនេះក៏ដោយ ប៉ុន្ដែការប្រកួតទល់ក្រុមជម្រើសជាតិវៀតណាម នៅតែជាការប្រកួតដ៏សំខាន់មួយ ដែលលោកចង់ឃើញកីឡាករបង្ហាញទម្រង់លេងឲ្យបានល្អបំផុត។គ្រូបង្វឺកជនជាតិជប៉ុនដដែល សង្ឃឹមទៀតថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងជាឱកាសសម្រាប់កីឡាករ ក្នុងការបង្ហាញសមត្ថភាពឲ្យបានពេញលេញ ដើម្បីទទួលបានការកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិក្នុការប្រកួតលើកក្រោយៗទៀត។សូមបញ្ជាក់ថា កម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ទោះបីសល់ ១ប្រកួតក្នុងដៃ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ រកបាន ៣ពិន្ទុ ដោយកំពុងឈរលេខ៤ បណ្ដោះអាសន្ន តាមពីក្រោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលរកបាន ៦ពិន្ទុ គ្រាដែលវៀតណាម និងសិង្ហបុរី រកបាន ៧ពិន្ទុស្មើគ្នា។ ដំណាលគ្នា នៅរាត្រីថ្ងៃសុក្រនេះ ក្រុមជម្រើសជាតិសិង្ហបុរី ក៏នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Hyundai Cup ឆ្នាំ២០២៦ នេះផងដែរ៕អត្ថបទ លី ឈុនឡា 

Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

2026/08/07 01:00:20 pm        458
ក្លិបបាល់ទាត់ Leeds United បានប្រកាសជាផ្លូវការពីការចុះហត្ថលេខានាំយកអ្នកចាំទី James Trafford ពី Manchester City ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃអាចកើនដល់ ៤៥ លានផោន។អ្នកចាំទីជម្រើសជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះ បានចាកចេញពីកីឡដ្ឋាន Etihad ត្រឹមមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី Manchester City បានប្រើលក្ខខណ្ឌទិញត្រឡប់ពី Burnley ក្នុងតម្លៃ ២៧ លានផោនកាលពីរដូវក្តៅឆ្នាំមុន។ទោះបី Trafford មិនទាន់អាចក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ City បានក៏ដោយ ប៉ុន្តែរូបគេបានបង្ហាញខ្លួនសរុប ១៧ ប្រកួត កាលពីរដូវកាលមុន ក្នុងនោះមាន ៤ ប្រកួតនៅ Premier League ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមឈ្នះពាន League Cup និង FA Cup។ការផ្ទេរទៅកាន់ Leeds កើតឡើងបន្ទាប់ពី Manchester City បាននាំយកអ្នកចាំទីជើងឯក UEFA Champions League, Gianluigi Donnarumma មករួមក្រុមកាលពីខែកញ្ញាឆ្នាំមុន ដែលធ្វើឱ្យឱកាសរបស់ Trafford ក្នុងការក្លាយជាអ្នកចាំទីដៃទីមួយរបស់ក្លិបបាត់បង់។កិច្ចព្រមព្រៀងនេះក៏បានបង្កើត កំណត់ត្រាថ្មីសម្រាប់អ្នកចាំទីជនជាតិអង់គ្លេស ដោយមានតម្លៃផ្ទេរខ្ពស់ជាងកំណត់ត្រាចាស់ ៣០ លានផោនដែល Everton ទិញ Jordan Pickford ពី Sunderland កាលពីឆ្នាំ ២០១៧។លើសពីនេះ Trafford ក៏បានក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ នៅពីក្រោម Kepa Arrizabalaga (៦៨ លានផោន) និង Alisson Becker (៦២ លានផោន)។Trafford គឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Manchester City។ មុនពេលផ្ទេរទៅ Burnley ក្នុងឆ្នាំ ២០២៣ គេធ្លាប់ត្រូវបានដាក់ឱ្យ Accrington Stanley និង Bolton ខ្ចីជើង ដើម្បីទទួលបានបទពិសោធន៍។ ក្នុងអំឡុងពេលលេងឱ្យ Burnley អ្នកចាំទីរូបនេះបានបង្ហាញខ្លួនសរុប ៧៣ ប្រកួត មុនពេល City ប្រើសិទ្ធិទិញត្រឡប់វិញ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

2026/08/07 12:28:41 pm        369
ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships & 3rd Asian Youth HAPKIDO Championships 2026) នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចិនហុងកុង ។កិច្ចសម្ភាសន៍កាលពីល្ងាចម្សិលមិញ ប្រធានសហព័ន្ធស្តីទី លោក គួច ហុងជៀក បានបញ្ជាក់ថា ពិតជាអួរដើមករ ព្រោះឃើញថាកីឡាករហាប់គីដូកម្ពុជាមានចិត្តមុះមុត ត្រៀមរួចរាល់ក្នុងការចូលរួមការប្រកួតនេះ អ្វីដែលសំខាន់នោះកីឡាករ កីឡាករិនី បានចូលរួមចំណែកថវិការផ្ទាល់ខ្លួនខ្លះៗដើម្បីធ្វើដំណើរស្វែងរកមេដាយជូនជាតិ។លោក គួច ហុងជៀក បញ្ជាក់ទៀតថា ដោយមានបទពិសោធន៍ និងការខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក យើងសង្ឃឹមថាកីឡាករ កីឡាការិនី ចេញទៅប្រកួតលើកនេះ នឹងទទួលបានជោគជ័យពិតជាមិនខាន។ លោកបានផ្តាំផ្ញើដល់អត្តពលិកទាំងអស់ត្រូវថែរក្សាសុខភាព ជាពិសេសត្រូវត្រួតពិនិត្យឯកសារធ្វើដំណើរឲ្យបានត្រឹមត្រូវ។ជាមួយគ្នានេះដែល លោក គង់ ចាន់ទីណា អគ្គលេខាធិការកីឡាហាប់គីដូកម្ពុជា បានឲ្យដឹងថា យោងលិខិតអញ្ជើញ របស់សមាគមហាប់គីដូហុងកុង សហព័ន្ធបានសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន១៨នាក់ចូលរួមជាផ្លូវការ ។ ហើយសហព័ន្ធបានគោរពស្នើសុំដល់ ក្រសួងអប់រំ យុវជន និងកីឡា ឧបត្ថម្ភប្រាក់ហោប៉ៅដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន១៨នាក់ ចំណែកការចំណាយលើសំបុត្រយន្តហោះទៅមក ការហូបចុក ស្នាក់នៅ និងការចំណាយផ្សេងៗ ជាបន្ទុករបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក៏ដូចជាកីឡាករ។សូមបញ្ជាក់ថា ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ នៅចិនហុងកុង ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី១៥ ដល់១៧ ខែ សីហា លើ៦វិញ្ញសា៕

Real Madrid សម្រេចការផ្ទេរ Yan Diomande ក្នុងតម្លៃអាចកើនដល់ ១២០ លានផោន បំបែកកំណត់ត្រាកីឡាករអាហ្វ្រិកថ្លៃបំផុត

2026/08/07 11:32:19 am        220
ក្លិបបាល់ទាត់ Real Madrid បានប្រកាសជាផ្លូវការពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាបវ័យក្មេង Yan Diomande ពីក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃអាចកើនដល់ ១២០ លានផោន (ប្រមាណ ១៤០ លានអឺរ៉ូ)។កីឡាករវ័យ ១៩ ឆ្នាំ សញ្ជាតិកូតឌីវ័របានចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ ហើយប្រសិនបើ Real Madrid បង់ប្រាក់គ្រប់តាមលក្ខខណ្ឌនៃកិច្ចសន្យា នោះ Diomande នឹងក្លាយជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតទី ៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក បន្ទាប់ពី Neymar, Kylian Mbappe និង Alexander Isak។កិច្ចព្រមព្រៀងនេះក៏បានធ្វើឱ្យ Diomande ក្លាយជា កីឡាករអាហ្វ្រិកដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយវ៉ាដាច់កំណត់ត្រាចាស់របស់ Nicolas Pepe ដែល Arsenal បានទិញពី Lille ក្នុងតម្លៃ ៧២ លានផោន កាលពីឆ្នាំ ២០១៩។មុនពេលសម្រេចចិត្តផ្ទេរទៅ Real Madrid, Diomande ត្រូវបាន Paris Saint-Germain ចាត់ទុកជាគោលដៅសំខាន់ ប៉ុន្តែក្លិបបារាំងបានដកខ្លួនចេញពីការប្រជែង បន្ទាប់ពីសំណើ ១០២.៥ លានផោនរបស់ពួកគេត្រូវបាន RB Leipzig បដិសេធ។ ចំណែក Liverpool ក៏ធ្លាប់ដាក់សំណើដំបូងក្នុងតម្លៃ ៦៩ លានផោនកាលពីខែមិថុនា ដើម្បីស្វែងរកអ្នកជំនួស Mohamed Salah ប៉ុន្តែមិនទទួលបានជោគជ័យ។Diomande គឺជាកីឡាករថ្មីទី ៦ ដែល Real Madrid នាំចូលនៅរដូវក្តៅនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jose Mourinho បន្ទាប់ពីក្លិបបានចុះហត្ថលេខាលើ Bernardo Silva, Ibrahima Konate, Denzel Dumfries, Marc Cucurella និង Carlos Espi។ក្នុងរដូវកាលមុនជាមួយ Leipzig កីឡាករវ័យក្មេងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយស៊ុតបញ្ចូលទី ១២ គ្រាប់ និងប៉ះបញ្ជូន ៨ លើក នៅ Bundesliga ដែលធ្វើឱ្យគេឈ្នះពានកីឡាករវ័យក្មេងឆ្នើមប្រចាំរដូវកាល។នៅលើឆាកអន្តរជាតិ Diomande បានចូលលេងគ្រប់ ៤ ប្រកួត ឱ្យក្រុមជម្រើសជាតិកូតឌីវ័រ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 មុនពេលក្រុមរបស់គេធ្លាក់ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ ក្រោមថ្វីជើងន័រវែស។Diomande ចាប់ផ្តើមអាជីពយុវជននៅសហរដ្ឋអាមេរិក មុនផ្លាស់ទៅកាន់ក្លិប Leganes របស់អេស្ប៉ាញនៅឆ្នាំ ២០២៥ ហើយក្រោយមកបានចូលរួមជាមួយ RB Leipzig នៅឆ្នាំដដែល៕ អត្ថបទ៖នាង សុភាវុធ

ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និង​កៀរគរ​ជំនួយ​ជូន​ពលរដ្ឋ​នៅ​ភូមិរង់ចាំ

2026/08/07 11:01:50 am        364
ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ដោយ​នឹង​មានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ចំនួន ២ នាថ្ងៃទី១១ និងថ្ងៃទី២៩ ខែ​សីហា​ខាង​មុខ ដើម្បីផ្សារភ្ជាប់ក្ដីនឹករលឹករវាងអ្នកជួរក្រោយ និងការកៀរគរជំនួយ សម្រាប់​នាំ​យក​ទៅ​ជូន​ប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។នេះបើតាមប្រសាសន៍ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ  ក្រោយកោះប្រជុំផ្លូវការមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង​តំណាង​ក្រុម​បាល់​ទាត់​ជា​ច្រើន​នៅអគារ The Kampus កាលពីល្ងាចថ្ងៃទី៦ ខែសីហា ដើម្បីផ្ដល់ព័ត៌មានសំខាន់ៗ អំពី​ដំណើរ​ការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ បន្ទាប់ពីទទួលបានអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។សម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ទាំង ២ របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងត្រូវជួបក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាថ្ងៃទី១១ ខែសីហា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ មុនបន្ដជួបក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ដែលជាព្រឹត្តិការណ៍ដ៏ធំ ក្នុងគោលបំណងផ្សព្វផ្សាយ និងរៃអង្គាសនូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់នាំយកទៅជួយដល់អ្នកភូមិរង់ចាំ។ ឯកឧត្តមរំពឹងកម្មវិធីនេះ នឹងទទួលបានការគាំទ្រផុសផុសពីប្រជាពលរដ្ឋ ដែលនៅតែនឹករលឹក និងចងចាំមិនភ្លេច ចំពោះសមរភូមិមុខ ក៏ដូចជាពលរដ្ឋនៅភូមិរង់ចាំផងដែរ។សូមបញ្ជាក់ថា ១ថ្ងៃក្រោយការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ទល់ក្រុមរួបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ  តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ។បន្ថែមលើនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក៏គ្រោងនឹងបំផុសនូវយុទ្ធនាការ Homestay ដែលជាការរស់នៅផ្ទាល់ជាមួយពលរដ្ឋនៅភូមិរង់ចាំ ដើម្បីបានមើលឃើញពីទិដ្ឋភាពរស់នៅជាក់ស្ដែង ព្រមទាំងកម្មវិធីអមផ្សេងៗទៀត ក៏ដូចជាការពិនិត្យសុខភាព ការប្រគំតន្ដ្រីជូនអ្នកភូមិកម្សាន្ដ និងកកម្មវិធីកីឡាមួយចំនួនផងដែរ៕ អត្ថបទ លី ឈុនឡា

អាហ្សង់ទីនកំណត់ថ្ងៃទី ១៥ កក្កដាជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» រំលឹកជ័យជម្នះលើអង់គ្លេសនៅ World Cup 2026

2026/08/07 10:30:10 am        271
សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) បានប្រកាសជាផ្លូវការថា ថ្ងៃទី ១៥ ខែកក្កដា នឹងត្រូវបានប្រារព្ធជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» (National Football Teams Day) ដើម្បីរំលឹកដល់ជ័យជម្នះដ៏គួរឱ្យចងចាំរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលើអង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ការប្រកួតដែលធ្វើឡើងនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក បានចាប់ផ្តើមយ៉ាងតានតឹង ដោយក្រុមអង់គ្លេសជាអ្នកនាំមុខមុននៅនាទីទី ៥៥ តាមរយៈគ្រាប់បាល់របស់ Anthony Gordon។ ទោះជាយ៉ាងណា អាហ្សង់ទីនបានបង្ហាញភាពអស្ចារ្យនៅចុងម៉ោង ដោយរកបានពីរគ្រាប់នៅនាទីទី ៨៥ និង ៩០+២ឆក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ជ័យជម្នះនេះក៏បានកើតឡើងស្របពេលគម្រប់ ៤០ ឆ្នាំ នៃការឈ្នះអង់គ្លេសក្នុងវគ្គ ៨ ក្រុមចុងក្រោយ World Cup 1986 ដែលជាការប្រកួតដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្របាល់ទាត់។បន្ទាប់ពីការប្រកួត ក៏មានភាពចម្រូងចម្រាសផ្នែកនយោបាយផងដែរ ខណៈកីឡាករអាហ្សង់ទីនមួយចំនួនបានអបអរដោយកាន់បដាសរសេរថា «Las Malvinas son Argentinas» ដែលមានន័យថា «កោះ Malvinas (Falklands) ជារបស់អាហ្សង់ទីន»។កោះ Falklands ដែលជាដែនដីក្រៅប្រទេសរបស់ចក្រភពអង់គ្លេស នៅតែជាប្រធានបទនៃជម្លោះអធិបតេយ្យភាពរវាងអង់គ្លេស និងអាហ្សង់ទីន។ ជម្លោះយោធាកាលពីឆ្នាំ ១៩៨២ ដែលមានរយៈពេល ៧៤ ថ្ងៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិតទាហានអាហ្សង់ទីន ៦៥៥ នាក់ ទាហានអង់គ្លេស ២៥៥ នាក់ និងប្រជាពលរដ្ឋនៅលើកោះ ៣ នាក់។ការកំណត់ថ្ងៃទី ១៥ កក្កដាជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» ត្រូវបាន AFA ចាត់ទុកថា ជាការរំលឹកដល់ស្មារតីតស៊ូ និងសមិទ្ធផលដ៏សំខាន់មួយរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅលើឆាកបាល់ទាត់ពិភពលោក៕ អត្ថបទ៖នាង សុភាវុធ         

សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសជាផ្លូវការពីការផ្លាស់ប្តូរឈ្មោះមកជាសហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ

2026/08/07 10:03:11 am        292
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹកពេលថ្មីៗ បានប្រកាស​ជា​សាធារណៈ​ថា ឈ្មោះ និង និមិ្មតសញ្ញាសហព័ន្ធ បានផ្លាស់ប្តូរជាផ្លូវការហើយ មកជា សហព័ន្ធកីឡា​ក្នុង​ទឹកកម្ពុជាវិញ។ ដូច្នេះ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់ពីពេលនេះតទៅ ឈ្មោះសហព័ន្ធរបស់ត្រូវបានប្តូរជាផ្លូវការពី សហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) មកជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា (Cambodia Aquatics Federation)។លោក ហែម គិរី អគ្គលេខាធិការកីឡាក្នុងទឹកកម្ពុជា បានឲ្យដឹងថា នាពេលថ្មីៗនេះសហព័ន្ធបាន ធ្វើមហាសន្និបាតអាណត្តិថ្មីក្នុងនោះ បានផ្លាស់ប្ដូរ ឈ្មោះថ្មីរបស់ សហព័ន្ធ និងនិម្មិតសញ្ញារបស់សហព័ន្ធ ពីសហព័ន្ធខ្មែរ កីឡាហែលទឹក ទៅជាសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។លោកបន្តថា នៅក្នុងការ រចនារូបភាពថ្មី បានធ្វើឡើងដោយផ្ចិតផ្ចង់ បានផ្លាស់ប្តូរ និម្មិតសញ្ញារូបនាងមច្ចា ទៅជារូបអង្គរវត្ត និងរូបកីឡាករលោតទឹក ហែលទឹក និងលេងបាល់ទឹកថែមទៀត ដូច្នេះសូមសាធាណៈជនមេត្តាជ្រាប។អគ្គលេខាធិការរូបនេះបន្ថែមថា ការផ្លាស់ប្តូរនេះសហព័ន្ធចង់បង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅលើឆាកអន្តរជាតិ ហើយមួយវិញទៀតនៅកីឡាក្នុងទឹកនេះក៏មានប្រភេទកីឡាមួយចំនួនផងដែរ ដូចជា កីឡាហែលទឹក លោតទឹក និងបាល់ទឹកជាដើម ។ សូមបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះ និងនិម្មិតសញ្ញា(Logo)ធ្វើឡើងនៅក្នុងមហាសន្និបាតសហព័ន្ធបន្តអាណត្តិថ្មី ទី៨ (២០២៥-២០២៩)នាពេលថ្មីៗដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។អង្គមហាសន្និបាតបានសម្រេច១០០%ជាឯកច្ឆន្ទ ក្នុងការធ្វើវិសោធកម្មលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ផ្លាស់ប្តូរឈ្មោះជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញក្នុងអាណាត្តថ្មីនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM
ភាគីពាក់ព័ន្ធជំរុញ​ការផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យា និងការបញ្ជ្រាបការយល់ដឹងពីកិច្ចការពារបេតិកភណ្ឌ នៅស្រុកអង្គរបុរី
10/25/2026 01:10 PM
ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
10/25/2026 12:10 PM
នគរបាលព័រទុយហ្គាល់រុះរើជំរំតវ៉ាលើបញ្ហាផ្ទះសម្បែងនៅទីក្រុង លីស្បុន និងចាប់ខ្លួនមនុស្សមួយចំនួន
10/25/2026 12:10 PM
ឯកឧត្តម អ៊ិត សំហេង ចូលរួមចែករំលែកបទពិសោធន៍ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
10/25/2026 11:10 AM
វិស័យឯកជន វាយតម្លៃខ្ពស់និងចាត់ទុកព្រឹត្តការណ៍ CAFE 26 ជាស្ពានចម្លងច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា
10/25/2026 11:10 AM
សម្ដេចតេជោ ហ៊ុន សែន៖«រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗ និងចៅៗខ្ញុំថា មានតែការខិតខំប៉ុណ្ណោះទើបឈានទៅមុខបាន»
10/25/2026 11:10 AM
គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/25/2026 10:10 AM