កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣

2026/08/06 04:37:14 pm        430
ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) សម្រាប់វគ្គជម្រុះពូលC កំពុងឡើងកម្ដៅ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ ដោយក្រុមនីមួយៗ បានបង្ហាញភាពខ្លាំង និងមានឱកាសស្វែងរកពិន្ទុរៀងៗខ្លួន។ក្នុងចំណោមបេក្ខភាព ៤ក្រុម សុទ្ធតែរកបានពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួត ក្នុងនោះសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល រកបាន ៤ពិន្ទុ ឈរលេខ១ ក្រោយវាយបកស្មើម្ចាស់ផ្ទះភ្នំដាមហានគរខេត្តតាកែវ ៣-៣ ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានហក់មកឈរលេខ២ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២-១ កាលពីថ្ងៃពុធកន្លងទៅ។ក្រោយចែកគ្នា ១ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះតាកែវ លោក ហង់ សុខនូ គ្រូបង្វឹកក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលថា ក្រុមខ្លួនបានបង្កកំហុសបច្ចេកទេសមួយចំនួន ទើបធ្វើឲ្យការប្រកួតបញ្ចប់ដោយភាពស្វិតស្វាញ រហូតដល់ម៉ោងបន្ថែម ទើបអាចមានឱកាសរកបានគ្រាប់តាមស្មើ ៣-៣ ទល់ក្រុមភ្នំដាមហានគរខេត្តតាកែវ ដែលជាលទ្ធផលមួយល្អ ហើយលោកនឹងបន្ដពង្រឹងក្រុមឲ្យបានកាន់តែល្អនៅប្រកួតបន្ទាប់។ដោយឡែកលោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមភ្នំដាមហានគរខេត្តតាកែវ ក៏បានលើកពីចំណុចខ្វះខាតរបស់ក្រុម ពិសេសពាក់ព័ន្ធនឹងកម្លាំង ដ្បិតកូនក្រុមភាគច្រើនជាអ្នកធ្វើការ និងសិស្ស មិនមានពេលហាត់គ្រប់គ្រាន់ ។ បែបនេះក្ដីលោកចាត់ទុកការប្រកួតស្មើជាលើកទី២ គឺជារឿងល្អមួយ ព្រោះខេត្តកណ្ដាល គឺជាក្រុមល្អមួយក្នុងពូល ហើយលោកនឹងព្យាយាមពង្រឹងក្រុមឲ្យបានកាន់តែល្អសម្រាប់ការប្រកួតសេសល់ ដើម្បីមានឱកាសឡើងវគ្គបន្ដ។ឆ្លងកាត់ ២ប្រកួតក្នុងពូលដដែលនេះ សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ឈ្នះ១ និងស្មើ ១ រកបាន ៤ពិន្ទុ, ខេត្តកំពង់ស្ពឺ ឈ្នះ ១ និងចាញ់ ១ រកបាន ៣ពិន្ទុ គ្រាដែលក្រុមភ្នំដាមហានគរខេត្តតាកែវ ស្មើទាំង ២ប្រកួត រកបាន ២ពិន្ទុ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ធ្លាក់មកឈរបាតតារាង មាន ១ពិន្ទុ ក្រោយស្មើ ១ និងចាញ់ ១។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន ពូលC កំពុងមានភាពតានតឹង ដ្បិតក្រុមនីមួយៗ សុទ្ធតែនៅសល់ ៤ប្រកួតក្នុងដៃ ដើម្បីស្វែងរកពិន្ទុបន្ថែម ក៏ដូចជាប្រជែងកៅអីឡើងទៅវគ្គបន្ដ។គួរដឹងថា ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំនេះ មាន ១៩ក្រុមចូលរួម និងបែងចែកជា ៥ពូល ហើយត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីស្វែងរកក្រុមលេខ១ តាមពូលនីមួយៗ និងក្រុមលេខ២ ល្អជាងគេ ៣ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ លី ឈុនឡា 

ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម

2026/08/06 04:19:17 pm        346
ការប្រកួតបើករដូវកាលពានរង្វាន់ គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៦ រវាង​ក្លិប​ព្រះខ័ន​រាជស្វាយរៀង និង វិសាខា នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហាខាងមុខ ពោលគឺធ្វើឡើង ១​សប្ដាហ៍​មុនលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៦/២៧ ចាប់ផ្ដើមការប្រកួតជាផ្លូវការ។យោង​តាមសេចក្ដីជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានបើករដូវកាលនេះ នឹង​រៀប​ចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការ​រំពឹង​អាច​ទាក់​ទាញ​ទស្សនិក​ជន​ចូល​រួម​ទស្សនាច្រើនកុះករ ដើម្បីអបអរសាទរកាលបើករដូវកាលថ្មីផង ក៏ដូចជា​បាន​ទស្សនាការ​បង្ហាញ​សមត្ថភាព​ក្រុម​ខ្លាំងទាំងពីរផង។ជាការពិតព្រះខ័នរាជស្វាយរៀង គឺជាក្រុមជោគជ័យគេក្នុងប៉ុន្មានរដូវកាលចុងក្រោយ ហើយក្លិបបាននឹងកំពុងពង្រឹងភាពខ្លាំងបន្ថែមទៀត សម្រាប់ត្រៀមនារដូវកាលថ្មី ទាំងពានក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ តាមរយៈការផ្លាស់ប្ដូរ ក៏ដូចជានាំចូលកីឡាករមានគុណភាពខ្ពស់ ទាំងខ្មែរ និងបរទេស ដើម្បីបង្កើនការប្រកួតប្រជែងកាន់តែខ្ពស់ថែមទៀត។ចំណែកវិសាខា ក៏មិនចាញ់ព្រះខ័នរាជស្វាយរៀង ដែរ ពិសេសក្រោយពួកគេរបូតកៅអី Top-6 កាលពីរដូវកាលមុន បានធ្វើឲ្យពួកគេខំប្រឹងពង្រឹងក្រុមទ្វេដង ជាក់ស្ដែងវិសាខា រុះរើសកីឡាករបរទេសទាំងអស់ ហើយនាំចូលកីឡាករបរទេសថ្មីៗ ដែលមានបទពិសោធន៍ជោគជាំមកជួយក្រុម ដើម្បីឈានទៅសម្រេចគោលដៅស្វែងរកពានលីគជាលើកដំបូង។ផ្អែកលើកត្ដាទាំងនេះ គេរំពឹងថា ជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងទាំងពីរ នឹងផ្ដល់នូវការប្រកួតប្រជែងដ៏រំភើប ជាមួយគុណភាពកម្រិតខ្ពស់ សម្រាប់ទស្សនិកជន ហើយក៏ជាឱកាសមាសសម្រាប់ព្រះខ័នរាជស្វាយរៀង និង វិសាខា ក្នុងការតេស្ដប្រព័ន្ធលេង ក៏ដូចជាភាពស៊ីចង្វាក់គ្នារវាងកីឡាករចាស់ និងថ្មី មុនឈានចូលដល់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនៅសប្ដាហ៍បន្ទាប់ផងដែរ។ជាមួយការប្រកួតពានរង្វាន់បើករដូវកាល គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៦ នេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានប្រកាសលក់សំបុត្រចំនួន ២ប្រភេទ រួមមានប្រភេទទី១ តម្លៃ ១០,០០០រៀល និងប្រភេទទី២ តម្លៃ ៨,០០០រៀល។ ក្រោយបញ្ចប់ការប្រកួតនេះ នឹងឈានចូលដល់ការប្រកួតផ្លូវការ នៃលីគកំពូលកម្ពុជាំ ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែកញ្ញាខាងមុខ៕ អត្ថបទ លី ឈុនឡា 

ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

2026/08/06 03:52:58 pm        327
ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ក្រុមបាល់ទាត់ភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង និងក្រុមបាត់ដំបងយូណៃធីត បានរក្សានូវភាពខ្លាំងរៀងៗខ្លួន ដោយរកបាន ៦ពិន្ទុពេញ ស្របពេលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បន្ដស្មើក្រុមម្ចាស់ផ្ទះសៀមរាប ១-១។ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បាននឹងកំពុងបង្ហាញនូវភាពលេចធ្លោរក្រោយយកឈ្នះគូប្រជែងក្នុងពូលA ២ប្រកួតជាប់គ្នា ក្រោយយបន្ដយកឈ្នះម្ចាស់ផ្ទះព្រះវិហារក្រោន ដោយលទ្ធផល ១-០ ធ្វើសម្រេចគ្រាប់ជ័យជម្នះដោយកីឡាករ គឹម សុជាណាស់ នៅនាទី៦០ ដែលនាំឲ្យក្រុមតំណាងខេត្តស្ទឹងត្រែងនេះ ឈរកំពូលតារាង និងមានក្ដីសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្ដ ខណៈគូប្រជែងក្នុងពូល ទាំងក្រុមព្រះវិហារក្រោន និងក្រុមអាចារ្យលាក់ខេត្តកំពង់ធំ នៅមិនទាន់មានពិន្ទុរាប់ឡើយ។ចំណែកក្រុមបាត់ដំបងយូណៃធីតវិញ បានយកឈ្នះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៦-២ នៅទីលានវិទ្យាល័យ តេជោ សែន សំរោង កាលពីថ្ងៃពុធសប្ដាហ៍នេះ។ គ្រាប់បាល់ជ័យជម្នះនេះ រកបានដោយកីឡាករ តាំង ពិសី ២គ្រាប់ ព្រមទាំងមិត្តរួមក្រុម រដ្ឋ សំណាង, ជា ច័ន្ទដារ៉ា និង គង់ រាត្រី ម្នាក់ ១គ្រាប់ និង ១គ្រាប់ទៀត ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ វឿង ខាវី គ្រាដែល ២គ្រាប់របស់ខេត្តឧត្តរមានជ័យ រកបានដោយកីឡាករ សំ ភក្ដី និង ឈាវ ជិនឈាន។ នេះគឺជាជ័យជម្នះលើកទី២ ដែលជួយឲ្យបាត់ដំបងយូណៃធីត រកបាន ៦ពិន្ទុពេញឈរកំពូលតារាងពូលC ជាបណ្ដោះអាសន្ន។ដោយឡែកក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័័យ បានបន្ដស្មើជាលើកទី២ ក្នុងពូលC ទល់នឹងក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ។ ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ គឹម ហុងលី បានរកគ្រាប់នាំមុខឲ្យបន្ទាយមានជ័យ ១គ្រាប់មុន នៅចុងវគ្គទី១ តែត្រូវបានខេត្តសៀមរាប វាយបកគ្រាប់តាមស្មើវិញ ដោយកីឡាករ វី វិសាល នៅនាទី៧៦ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យខេត្តបន្ទាយមានជ័យ រំកិលទៅឈរលេខ២ ក្នុងពូល និងមាន ២ពិន្ទុក្នុងដៃ គ្រាដែលសៀមរាប រកបាន ១ពិន្ទុដំបូង ស្មើខេត្តឧត្ដរមានជ័យ ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូលរៀងៗខ្លួន៕ អត្ថបទ លី ឈុនឡា

Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

2026/08/06 02:42:10 pm        207
ក្លិបជើងឯក Premier League រដូវកាលមុន Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយ Newcastle United ក្នុងតម្លៃប្រមាណ ៧៥ លានផោន ដើម្បីផ្ទេរខ្សែបម្រើជម្រើសជាតិប្រេស៊ីល Bruno Guimaraes មកកាន់កីឡដ្ឋាន Emirates នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសកាលពីថ្ងៃពុធ។តាមរបាយការណ៍របស់ Sky Sports សំណើដំបូងរបស់ Arsenal សម្រាប់ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ ត្រូវបាន Newcastle បដិសេធកាលពីដើមសប្តាហ៍។ ប៉ុន្តែក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានដាក់សំណើថ្មីដែលមានតម្លៃខ្ពស់ជាងមុន និងអាចឈានដល់ការព្រមព្រៀងជាមួយ Newcastle បានដោយជោគជ័យ។ប្រភពព័ត៌មានបានឱ្យដឹងថា Guimaraes ធ្លាប់បានជូនដំណឹងទៅកាន់ Newcastle រួចហើយថា ខ្លួនមានបំណងផ្លាស់ទៅ Arsenal ប្រសិនបើមានសំណើសមស្របមកដល់។ទោះបីជាយ៉ាងណា Newcastle បានព្យាយាមរក្សាប្រធានក្រុមរូបនេះឱ្យបន្តនៅកីឡដ្ឋាន St James' Park ខណៈដែលកិច្ចសន្យារបស់គេនៅសល់រយៈពេល ២ ឆ្នាំទៀត និងមានជម្រើសបន្តមួយឆ្នាំបន្ថែម។Guimaraes បានផ្លាស់ពីក្លិបបារាំង Olympique Lyonnais មកកាន់ Newcastle កាលពីខែមករា ឆ្នាំ២០២២ ហើយបានក្លាយជាកីឡាករស្នូលដ៏សំខាន់របស់ក្រុម។ គេបង្ហាញខ្លួនសរុប ១៩៥ ប្រកួត នៅគ្រប់កម្មវិធីប្រកួត ស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ និងបានដឹកនាំ Newcastle ឈ្នះពាន League Cup ឆ្នាំ២០២៥ ដែលជាពានក្នុងស្រុកដំបូងរបស់ក្លិបក្រោយរង់ចាំអស់រយៈពេលយូរ។ការមកដល់របស់ Guimaraes ត្រូវបានគេរំពឹងថា នឹងបន្ថែមគុណភាព និងបទពិសោធន៍ដល់តំបន់បម្រើរបស់ក្រុមលោក Mikel Arteta ខណៈ Arsenal កំពុងត្រៀមការពារតំណែងជើងឯក Premier League និងប្រជែងពាននៅលើឆាកអឺរ៉ុប។សម្រាប់ Newcastle ការបាត់បង់ Guimaraes នឹងក្លាយជាការខាតបង់ដ៏ធ្ងន់ធ្ងរមួយទៀត បន្ទាប់ពីក្លិបបានបាត់បង់កីឡាករសំខាន់ៗដូចជា Anthony Gordon, Sandro Tonali និងអតីតអ្នកចាត់ការ Eddie Howe នាពេលកន្លងមក៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម កែវ រ៉េមី ចាត់ទុកការឈ្នះមេដាយ ៨គ្រឿងថ្ងៃបើកឆាកតេក្វាន់ដូ ITF ជើងឯកអាស៊ី ជាកាដូ និងសារជូនពរដ៏ថ្លៃថ្លា ជូនសម្ដេចតេជោ

2026/08/06 01:57:53 pm        488
ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចាត់ទុកលទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃបើកឆាកដំបូង នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី គឺជាកាដូ និងជាសារជូនពរដ៏ថ្លៃថ្លា ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ការឧទ្ទេសជ័យលាភីជូនសម្ដេចតេជោ ក្នុងថ្ងៃមង្គលសួស្ដីនេះ បន្ទាប់ពីក្រុមកីឡាតេក្វាន់ដូ ITF បានចាប់ផ្ដើមយុទ្ធនាការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៦ កាលពីថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃបើកការប្រកួតផ្លូវការ ហើយដណ្ដើមបានមេដាយសរុបចំនួន ៨គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៣ លើវិញ្ញាសាផ្សេងៗគ្នា។ជាមួយគ្នា ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានគូសបញ្ជាក់ពីទីក្រុង Ulaanbaatar ថា ជ័យលាភី និងសមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃបើកឆាកនេះ ត្រូវបានក្រុមកីឡាករ-កីឡាការិនី ប្រតិភូដឹកនាំ និងគ្រូបង្វឹកទាំងអស់ ចាត់ទុកជា «កាដូ និងសារជូនពរដ៏ថ្លៃថ្លា» ចេញពីបេះដូងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាខួបកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ។ឯកឧត្តមបន្ថែមទៀតថា ស្មារតីតស៊ូ និងលទ្ធផលដ៏គាប់ប្រសើរនៅលើសង្វៀនអន្តរជាតិនេះ គឺជាប្រភពថាមពលយ៉ាងធំធេង និងជាមោទនភាពសម្រាប់ប្រតិភូកីឡាកម្ពុជាទាំងមូល។ ប្រតិភូ និងក្រុមកីឡាករ-កីឡាការិនីទាំងអស់ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ និងជាឃឿនការពារសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។គួរដឹងថា ក្នុងបេសកកម្មប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៦ ដែលប្រទេសម៉ុងហ្គោលី ធ្វើម្ចាស់ផ្ទះនេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី៩ ខែសីហាខាងមុខ ដោយកម្ពុជា មានថ្នាក់ដឹកនាំមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិម្នាក់ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ៤៧នាក់ចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនី ៣២នាក់ ជាក្រុមយុវជនថ្នាល និងក្រុមឈុតធំ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ លើវិញ្ញាសាជាច្រើន។ អ្វីដែលពិសេសទៀតនោះ កម្ពុជា ក៏ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ នាឆ្នាំ២០២៨ ទៀតផង៕ អត្ថបទ លី ឈុនឡា

FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ

2026/08/06 12:06:12 pm        283
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានចេ​ញមុ​ខ​សុំ​ទោស​ចំពោះ "កំហុស" ក្នុងការរៀបចំគម្រោងលក់ភាគហ៊ុននៃសិទ្ធិពាណិជ្ជកម្មការប្រកួតរបស់ FIFA ទៅ​ឱ្យ​វិនិយោគិនឯកជន ខណៈលោកនៅតែបន្តកាន់តំណែងជាប្រធាន FIFA បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់។លោក Infantino បានកោះប្រជុំបន្ទាន់ជាមួយសមាជិកក្រុមប្រឹក្សាគ្រប់គ្រង FIFA នៅ​ការិយា​ល័យ ​FIFA ប្រចាំទ្វីបអាហ្រ្វិក ក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៥ ខែសីហា បន្ទាប់​ពី​មាន​ការ​រិះគន់កាន់តែខ្លាំងជុំវិញគម្រោងដែលត្រូវបានដកចេញ។ ប្រមាណ ៤ ម៉ោងបន្ទាប់​ពី​កិច្ច​ប្រជុំ​បាន​បញ្ចប់ FIFA ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ថ្នាក់ដឹកនាំ​របស់​ខ្លួន​នៅ​តែ​គាំទ្រ​លោ​ក Infantino ពេញលេញ។នៅក្នុងសេចក្តីថ្លែងការណ៍ FIFA បានទទួលស្គាល់ថា ការគ្រប់គ្រងគម្រោង FIFA Forward Enterprise (FFE) ដែលមានបំណងបង្កើតអង្គភាពពាណិជ្ជកម្មថ្មី គួរតែត្រូវបានអនុវត្តតាមរបៀបដែលមានតម្លាភាព និងការពិគ្រោះយោបល់ទូលំទូលាយជាងនេះ។ជាមួយគ្នានេះ FIFA ក៏បានផ្ញើលិខិតសុំទោសទៅកាន់សមាជិកក្រុមប្រឹក្សា FIFA និងសមាគមបាល់ទាត់សមាជិកទាំង ២១១ ដោយទទួលស្គាល់កំហុស និងសន្យាថានឹងពិនិត្យកែលម្អនីតិវិធីការងារឡើងវិញ។FIFA ក៏បានបញ្ជាក់ដែរថា ក្រោយពីគម្រោងនេះត្រូវបានដកចេញ ស្ថាប័ននឹងមិនអត់ឱនចំពោះការវាយប្រហារណាមួយដែលប៉ះពាល់ដល់ភាពស្មោះត្រង់ អភិបាលកិច្ច និងដំណើរការស្របច្បាប់របស់ខ្លួនទៀតឡើយ ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ FIFA។កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលលោក Infantino កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង មុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA នៅឆ្នាំ២០២៧។គួរបញ្ជាក់ថា គម្រោងដែលត្រូវបានលុបចោលនោះ មានគោលបំណងលក់ភាគហ៊ុន ២០% នៃអង្គភាពពាណិជ្ជកម្មថ្មីទៅឱ្យវិនិយោគិនឯកជន ដើម្បីប្រមូលថវិកាប្រមាណ ៤,២ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍវិស័យបាល់ទាត់ពិភពលោក។ទោះជាយ៉ាងណា គម្រោងនេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) សមាគមសមាជិកជាច្រើន និងមន្ត្រីជាន់ខ្ពស់របស់ FIFA ដោយចោទប្រកាន់ថា FIFA ខ្វះតម្លាភាព និងមិនបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធគ្រប់គ្រាន់។ បន្ថែមពីនេះ គម្រោងក៏រងការចាប់អារម្មណ៍ផងដែរ ដោយសារមានការពាក់ព័ន្ធនឹងក្រុមហ៊ុនមួយដែលមានទំនាក់ទំនងគ្រួសារជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។វិបត្តិនេះត្រូវបានគេចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរបំផុតដែលលោក Gianni Infantino ប្រឈមមុខ ចាប់តាំងពីឡើងកាន់តំណែងជាប្រធាន FIFA ក្នុងឆ្នាំ២០១៦ និងបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពី UEFA សមាជិក FIFA និងមន្ត្រីជាន់ខ្ពស់ជាច្រើន ជុំវិញបញ្ហាអភិបាលកិច្ច និងដំណើរការសម្រេចចិត្តរបស់ស្ថាប័ន៕ អត្ថបទ៖នាង សុភាវុធ

នាយករដ្ឋមន្ត្រីកាណាដា៖ ខ្ញុំលែងមានទំនុកចិត្តលើប្រធាន FIFA លោក Gianni Infantino

2026/08/06 11:13:24 am        249
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានថ្លែងកាលពីថ្ងៃទី ៥ ខែសីហាថា លោកលែងមានទំនុកចិត្តលើប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បន្ទាប់ពីភាពចម្រូងចម្រាសជុំវិញគម្រោងលក់សិទ្ធិពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការប្រកួត FIFA World Cup។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Toronto លោក Carney បានរិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្ត្រគ្រប់គ្រងរបស់លោក Infantino ដោយលើកឡើងថា ការមិនបង្ហាញព័ត៌មានសំខាន់ៗទៅកាន់ទីប្រឹក្សាជិតស្និទ្ធ ប្រតិបត្តិករជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាគ្រប់គ្រងរបស់ខ្លួន គឺជាកំហុសធ្ងន់ធ្ងរមួយផ្នែកអភិបាលកិច្ច។«គំនិតដែលថា អភិបាលកិច្ចល្អមិនអាចកើតមានបានឡើយ នៅពេលដែលអ្នកមិនបង្ហាញព័ត៌មានសំខាន់ទៅកាន់ទីប្រឹក្សាជិតស្និទ្ធ ប្រធានប្រតិបត្តិការ និងសមាជិកក្រុមប្រឹក្សារបស់ខ្លួន វាគឺជារឿងដែលមិនអាចទទួលយកបាន។ នោះគួរតែជាកំហុសធ្ងន់ធ្ងរដែលនាំឱ្យបាត់បង់ទំនុកចិត្ត»។«ចំពោះខ្ញុំ ខ្ញុំលែងមានទំនុកចិត្តលើលោក Gianni Infantino ទៀតហើយ បន្ទាប់ពីអ្វីដែលបានកើតឡើង»។ការលើកឡើងរបស់លោក Mark Carney កើតមានបន្ទាប់ពី FIFA បានសម្រេចដកចេញនូវគម្រោងលក់ភាគហ៊ុន ២០% នៃអង្គភាពសិទ្ធិពាណិជ្ជកម្មថ្មី ដែលមានគោលបំណងប្រមូលថវិកាប្រមាណ ៤,២ ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍបាល់ទាត់។ គម្រោងនេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពី UEFA សមាគមសមាជិកជាច្រើន និងមន្ត្រីជាន់ខ្ពស់របស់ FIFA ជុំវិញបញ្ហាតម្លាភាព និងអភិបាលកិច្ច។សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកាណាដា ក៏បានបន្ថែមសម្ពាធលើលោក Gianni Infantino ខណៈប្រធាន FIFA រូបនេះកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង មុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិបន្ទាប់នៅឆ្នាំ២០២៧៕ អត្ថបទ៖នាង សុភាវុធ

MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី

2026/08/06 10:30:50 am        272
ក្លិបបាល់ទាត់ MOI Kompong Dewa បានប្រកាសជាផ្លូវការអំពីការនាំយកកីឡាករជនជាតិប្រេស៊ីលចំនួន ២ រូប ដើម្បីពង្រឹងសមត្ថភាពក្រុម សម្រាប់ការប្រកួតនារដូវកាលថ្មី។កីឡាករទាំងពីររូបនោះរួមមាន Mauricio Barbosa និង Charlestion Silva dos Santos ដែលសុទ្ធសឹងជាកីឡាករមានបទពិសោធន៍ក្នុងបាល់ទាត់ប្រេស៊ីល និងត្រៀមចូលរួមជួយ MOI Kompong Dewa សម្រេចគោលដៅរបស់ក្លិប។Mauricio Barbosa បច្ចុប្បន្នវ័យ ៣១ ឆ្នាំ ជាកីឡាករលេងនៅតំណែងខ្សែការពារកណ្តាល ដែលមានបទពិសោធជោគជាំជាមួយក្លិបប្រេស៊ីលជាច្រើន។ Barbosa មុនមកដល់ MOI Kompong Dewa គេបានប្រកបអាជីពរយៈពេល ២ រដូវកាលនៅក្លិបបាល់ទាត់ Olympiakos Nicosia នៅលីគកំពូល Cyprus និងធ្លាប់ចំណាយពេល ២ រដូវកាលផងដែរនៅក្លិបវៀតណាម HAGL FC ពីឆ្នាំ ២០២១ ដល់ ២០២៣។ចំណែក Charleston ក៏ជាកីឡាករប្រេស៊ីលដែលលេងតំណែងការពារកណ្តាលផងដែរ និងបានផ្ទេរពីក្លិបនៅលីគកំពូលម៉ាល់តា Hibernians FC។ បច្ចុប្បន្នវ័យ ២៦ ឆ្នាំ Charleston ធ្លាប់ចំណាយពេលនៃអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លិបជាច្រើនប្រទេសដូចជា ប្រេស៊ីល ប៊ុលហ្ការី និង កាហ្សាក់ស្ថានជាដើម។ ការមកដល់របស់កីឡាករប្រេស៊ីលកំពង់ជិត ២ ម៉ែត្រទាំងពីរ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនគុណភាពទាំងផ្នែកការពារ និងការរៀបចំការលេងរបស់ក្រុម ខណៈ MOI Kompong Dewa កំពុងបន្តរៀបចំកម្លាំងឱ្យកាន់តែរឹងមាំ ដើម្បីប្រកួតប្រជែងក្នុងការប្រកួតនាពេលខាងមុខ។ការចុះហត្ថលេខាលើកីឡាករថ្មីនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្លិប ក្នុងការកសាងក្រុមដែលមានសមត្ថភាពខ្ពស់ និងអាចប្រជែងជាមួយក្លិបធំៗនៅក្នុងបាល់ទាត់កម្ពុជា៕ អត្ថបទ៖នាង សុភាវុធ 

Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor

2026/08/05 01:54:42 pm        221
អតីតខ្សែប្រយុទ្ធ Liverpool និងជាប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប Mohamed Salah កំពុង​ខិត​ជិ​ត​ការផ្ទេរទៅកាន់ក្លិប Trabzonspor នៃលីគកំពូលទួកគី បន្ទាប់ពីក្លិប​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​បានចាប់ផ្តើមការចរចាដើម្បីនាំយកកីឡាករវ័យ ៣៤ ឆ្នាំរូបនេះមករួមក្រុម។Trabzonspor បានចេញសេចក្តីប្រកាសថា កិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ តាម​សេចក្តីរាយការណ៍ Salah ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅទីក្រុង Istanbul ដើម្បី​ពិនិត្យ​សុខភាព មុនពេលបន្តទៅកាន់ទីក្រុង Trabzon សម្រាប់ការចុះហត្ថលេខាលើកិច្ចសន្យា។សារ​ព័ត៌មានជាច្រើននៅអឺរ៉ុបបានរាយការណ៍ថា Salah បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សន្យា​រយៈ​ពេល ២ឆ្នាំ ជាមួយ Trabzonspor បន្ទាប់ពីបញ្ចប់អាជីពរយៈពេល ៩ ឆ្នាំជាមួយ Liverpool។ក្នុងអំឡុងពេលលេងឱ្យ Liverpool Salah បានក្លាយជាវីរបុរសរបស់ក្លិប ដោយស៊ុតបញ្ចូលទីបានជាង ២៥០ គ្រាប់ និងរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើន រួមមាន Premier League ពីរលើក និង UEFA Champions League មួយលើក។ រូបគេក៏ធ្លាប់ឈ្នះពានស្បែកជើងមាស (Golden Boot) និងពានកីឡាករឆ្នើមជាច្រើនផងដែរ។ប្រសិនបើការផ្ទេរនេះត្រូវបានបញ្ចប់ជាផ្លូវការ Salah នឹងក្លាយជាការចុះហត្ថលេខាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Trabzonspor ខណៈក្លិបមានគោលដៅប្រជែងជើងឯក Turkish Süper Lig និងពានរង្វាន់ UEFA Europa League នៅរដូវកាលថ្មី៕ អត្ថបទ៖ នាង សុភាវុធ

Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២

2026/08/05 12:45:39 pm        260
សហព័ន្ធបាល់ទាត់កូតឌីវ័រ បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារថា គ្រូបង្វឹកជនជាតិបារាំង Hervé Renard ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២ បន្ទាប់ពីធ្លាប់ដឹកនាំក្រុមឈ្នះជើងឯក Africa Cup of Nations កាលពីឆ្នាំ២០១៥។បុរសវ័យ ៥៧ ឆ្នាំរូបនេះ នឹងចូលមកជំនួសតំណែងលោក Emerse Faé ដែលមិនត្រូវបានបន្តកិច្ចសន្យា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ទោះបីកូតឌីវ័រអាចឆ្លងផុតវគ្គចែកពូល និងឡើងទៅកាន់វគ្គជម្រុះជាលើកដំបូងក្នុងការចូលរួម World Cup ចំនួន ៤ លើកក៏ដោយ ក្រុមបានបញ្ចប់ដំណើរត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ ក្រោយចាញ់ន័រវេស។មុនវិលត្រឡប់មកកាន់កូតឌីវ័រ Renard បានចូលកាន់តំណែងជាបន្ទាន់ដើម្បីដឹកនាំក្រុមជម្រើសជាតិទុយនេស៊ី អំឡុងពេល World Cup 2026 បន្ទាប់ពីក្រុមបរាជ័យយ៉ាងធ្ងន់ ៥-១ ក្រោមថ្វីជើងស៊ុយអែតក្នុងការប្រកួតបើកឆាក។ ទោះជាយ៉ាងណា លោកមិនអាចស្តារស្ថានការណ៍បានឡើយ ខណៈទុយយនេស៊ីបន្តចាញ់ជប៉ុន និងហូឡង់ ហើយរបូតគ្រាប់បាល់បន្ថែម ៧ គ្រាប់។ ទុយនេស៊ីក៏ជាក្រុមអាហ្វ្រិកតែមួយគត់ ក្នុងចំណោម ១០ ក្រុម ដែលមិនអាចឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយបាន។Renard មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិជាច្រើន រួមមាន អង់ហ្គោឡា ហ្សាំប៊ី ម៉ារ៉ុក និងអារ៉ាប៊ីសាអូឌីត។ លោកធ្លាប់ដឹកនាំហ្សាំប៊ីឈ្នះជើងឯកទ្វីបអាហ្វ្រិកឆ្នាំ២០១២ និងកូតឌីវ័រឆ្នាំ២០១៥ ដែលធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកម្នាក់មានកំណត់ត្រាលេចធ្លោបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាហ្វ្រិក។ក្រៅពីនេះ លោកក៏ធ្លាប់ដឹកនាំក្រុមបាល់ទាត់នារីជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ FIFA Women's World Cup ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសផងដែរ។ភារកិច្ចធំបន្ទាប់របស់ Renard គឺការដឹកនាំកូតឌីវ័រប្រជែងពាន Africa Cup of Nations ឆ្នាំ២០២៧ ដែលនឹងរៀបចំរួមគ្នាដោយប្រទេសកេនយ៉ា តង់ហ្សានី និងអ៊ូហ្គង់ដា៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM
ភាគីពាក់ព័ន្ធជំរុញ​ការផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យា និងការបញ្ជ្រាបការយល់ដឹងពីកិច្ចការពារបេតិកភណ្ឌ នៅស្រុកអង្គរបុរី
10/25/2026 01:10 PM
ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
10/25/2026 12:10 PM
នគរបាលព័រទុយហ្គាល់រុះរើជំរំតវ៉ាលើបញ្ហាផ្ទះសម្បែងនៅទីក្រុង លីស្បុន និងចាប់ខ្លួនមនុស្សមួយចំនួន
10/25/2026 12:10 PM
ឯកឧត្តម អ៊ិត សំហេង ចូលរួមចែករំលែកបទពិសោធន៍ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
10/25/2026 11:10 AM
វិស័យឯកជន វាយតម្លៃខ្ពស់និងចាត់ទុកព្រឹត្តការណ៍ CAFE 26 ជាស្ពានចម្លងច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា
10/25/2026 11:10 AM