កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ ផ្ដល់ការភ្ញាក់ផ្អើលដល់អ្នករត់ និងបង្កើត​ចំណូល​ដល់សេដ្ឋកិច្ច​យ៉ាងហោច​កន្លះលានដុល្លារ

2026/08/03 03:08:35 pm        337
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយភាព​ជោគជ័យ​ដ៏ត្រចះត្រចង់ ដោយបានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិសរុបប្រមាណ ៦,៥០០ នាក់ មកពី ៥១ ប្រទេសចូលរួម ដែលមានកំណើន ២៥% បើធៀបកាលឆ្នាំមុន។ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មិនត្រឹមតែនាំមកនូវភាពរីករាយ និងការភ្ញាក់ផ្អើលដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតចំណូលយ៉ាងហោចកន្លះលានដុល្លារ កំឡុងព្រឹត្តិការណ៍រយៈពេលប៉ុន្មានថ្ងៃនេះ។បើតាមការវាយតម្លៃរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ បានប្រព្រឹត្តទៅយ៉ាងរលូន នៅតំបន់អង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមានការអញ្ជើញចូលរួមជាសក្ខីភាពីលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាច្រើនទៀត។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ឆ្នាំនេះ ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ បានផ្ដល់នូវការភ្ញាក់ផ្អើល និងភាពអស្ចារ្យដល់អ្នករត់ ពិសេសអត្តពលិកមកពីចិន ចំពោះទិដ្ឋភាពជារួមនៅតាមតម្រាយផ្លូវរត់ ក្រោយមានការជំរុញគាំទ្រ និងសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពទាក់ទាញ ហើយបង្កើតបានចំណូលដ៏ច្រើនមិនតិចជាងកន្លះលានដុល្លារពីអត្តពលិក ដែលបានមកចូលរួមរត់ និងបន្ដស្នាក់នៅកម្សាន្ដ កំឡុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ។ទន្ទឹមជាមួយគ្នាផងដែរ យុវជន ដាវុធ វីលី និងយុវជន ដាវុធ អាលីកា ជាបងប្អូនបង្កើតនឹងគ្នាដែលបានចូលរួមរត់ជាមួយឪពុកម្ដាយរបស់ខ្លួន បានសម្ដែងសេចក្ដីរីករាយ ក្នុងការចូលរួមរត់ជុំគ្រួសារ ក្រោមបរិយាកាសដ៏ស្រស់ស្អាត និងសប្បាយរីករាយ ដ្បិតពួកគេយល់ថា ការរត់នេះ មិនត្រឹមផ្ដល់នូវសុខភាពល្អ និងបង្កើតអនុស្សាវរីយ៍ល្អៗជុំគ្រួសារ តែថែមទាំងអាចចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់បេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកទៀតផង។គួរដឹងថា ក្នុងចំណោមអត្តពលិកចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលចូលរួមច្រើនជាងគេ សម្រាប់អត្តពលិកបរទេសចូលរួមច្រើនជាងគេ គឺមានចិន ជប៉ុន និងអង់គ្លេស។ ជាលទ្ធផលវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ លេខ១ ផ្នែកបុរសបានទៅកីឡាករឆ្នើមរបស់កម្ពុជា វ៉ាន់ ភារ៉ា ដោយប្រើថិរវេលា ២ម៉ោង ២១នាទី និង ៨វិនាទី ខណៈលេខ១ ផ្នែកនារី គឺបានទៅកីឡាការិនីកម្ពុជា កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៣ម៉ោង ១០នាទី និង ៥៧វិនាទី។ចំណែកវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ លេខ១ ផ្នែកបុរស បានទៅកីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១ម៉ោង ១៣នាទី និង ៥៩វិនាទី តែលេខ១ ផ្នែកនារី បានទៅកីឡាការិនីចិន Yang Cheng ប្រើថិរវេលា ១ម៉ោង ៣២នាទី និង ៥៨វិនាទី។ ក្រៅពីនេះ ក៏មានការផ្ដល់រង្វាន់អនុស្សាវរីយ៍ដល់កីឡាករ-កីឡាការិនី តាមវិញ្ញាសាផ្សេងៗ រួមទាំងការរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ទិវាកីឡាអាស៊ានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន

2026/08/03 02:29:26 pm        347
ខេត្តកំពង់ធំ៖ ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦ ក្រោមប្រធានបទ ” កីឡា​បរិយាបន្ន​ដើម្បីសុខដុមរមនាក្នុងសង្គម”កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមដងស្ទឹងសែន នៃ​ខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និង​កីឡា​មហាជន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាការរៀបចំទិវាកីឡាអាស៊ាននេះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម។ទិវានេះគឺដើម្បីពង្រឹង និងលើកកម្ពស់វិស័យកីឡាក្នុងប្រទេស សមាជិកអាស៊ានទាំងមូល ក្នុងគោលបំណងឲ្យប្រជាជនយល់ដឹងអំពីអាស៊ាន រស់នៅប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម តាមបាវចនា “អាស៊ានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ”។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា កីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គមវប្បធម៌ទាំងនៅក្នុងតំបន់ និងលើពិភពលោក។ ការរៀបចំទិវាកីឡាអាស៊ាន នាពេលនេះ គឺជាការបំផុសឱ្យប្រជាជនកម្ពុជា និងប្រជាជន នៅក្នុងសហគមន៍អាស៊ាន ទាំងមូលចូលរួមអភិរក្ស និងអភិវឌ្ឍល្បែងប្រជាប្រិយ និងកីឡា ប្រពៃណីគ្រប់ប្រភេទ និងចូលរួមលេងកីឡាដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អ និងលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់អាស៊ានទាំងមូល។ជាមួយគ្នានេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគម ន៍អាស៊ាន នាថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ និងការលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន និងដើម្បីបំផុសផ្សព្វផ្សាយឲ្យប្រជាជននៃបណ្តាប្រទេសជាសមាជិក ចូលរួមលើកកម្ពស់របៀបរស់នៅរបស់ប្រជាជន ប្រកបដោយសុខដុមនីយកម្ម មានសុខភាពល្អ លើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡា ប្រពៃណី និងល្បែងប្រជាប្រិយនៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ។សូមបញ្ជាក់ថា ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦នេះ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានដាក់ប្រភេទកីឡាមួយចំនួនរួមមាន ហាត់ប្រាណតាមចង្វាក់ភ្លេង ជិះកង់ បុរស នារី រត់ចម្ងាយ បុរស នារី កីឡាតេក្វាន់ដូ កីឡាប៉េតង់ និងល្បែងប្រជាប្រិយ រុញអង្រែ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរចូលរួម ប្រមាណ ១ ០០០នាក់លេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព៕

UEFA ស្វាគមន៍ការសម្រេចចិត្តរបស់ FIFA លុបចោលផែនការលក់ភាគហ៊ុន World Cup តែបង្ហាញការបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំបច្ចុប្បន្ន

2026/08/03 02:08:24 pm        358
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានស្វាគមន៍ការសម្រេចចិត្តរបស់ FIFA ក្នុងការដកចេញនូវផែនការលក់ភាគហ៊ុននៃការប្រកួតរបស់ខ្លួន រួមទាំងព្រឹត្តិការណ៍ FIFA World Cup ទៅឱ្យវិនិយោគិនឯកជន។ ទោះជាយ៉ាងណា UEFA ក៏បានបញ្ជាក់ថា ខ្លួនបានបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ FIFA ផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ UEFA បានលើកឡើងថា ការដកចេញនូវផែនការនេះ គឺជាជំហានវិជ្ជមានសម្រាប់អនាគតបាល់ទាត់ពិភពលោក។ ទន្ទឹមនឹងនេះ UEFA បានរិះគន់ថា ការដឹកនាំរបស់ FIFA នាពេលបច្ចុប្បន្ន មិនត្រឹមតែបាត់បង់ការជឿទុកចិត្តពី UEFA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ទំនុកចិត្តពីសមាជិកជាច្រើនទៀតក្នុងគ្រួសារបាល់ទាត់ពិភពលោកផងដែរ។ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបក៏បានបញ្ជាក់ថា នឹងធ្វើការជាមួយសមាគមសមាជិក និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថា គម្រោងសំខាន់ៗដែលពាក់ព័ន្ធនឹងអនាគតបាល់ទាត់ពិភពលោក នឹងមិនអាចត្រូវបានជំរុញឱ្យអនុម័តយ៉ាងឆាប់រហ័ស ដោយគ្មានការពិគ្រោះយោបល់ទូលំទូលាយដូចករណីនេះទៀតឡើយ។UEFA បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ ខ្លួននឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមសមាជិក និងសហព័ន្ធបាល់ទាត់តំបន់ផ្សេងៗ ដើម្បីពិនិត្យឡើងវិញពីមូលហេតុដែលធ្វើឱ្យបញ្ហានេះកើតឡើង និងរៀបចំវិធានការថ្មីៗ ដើម្បីទប់ស្កាត់មិនឱ្យស្ថានភាពបែបនេះកើតឡើងម្តងទៀត៕ អត្ថបទ៖នាង សុភាវុធ

គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ

2026/08/03 12:36:34 pm        959
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសទីម័រខាងកើត ដែល​ជំនួប​លើក​ចុង​ក្រោយលើទឹកដីរបស់ខ្លួន ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (ASEAN​ Hyundai Cup) ឆ្នាំ២០២៦ ពូលA នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៣ ខែ​សីហានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Koji Gyotoku ​គ្រូប​ង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ មុនការប្រកួត ដោយមិនរងឥទ្ធិពលបរាជ័យ ២​ប្រកួត​មុន​ តែអ្វីដែលលោកបានផ្ដាំកូនក្រុម ការប្រកួតនេះ មិនត្រឹមតែលទ្ធផលឈ្នះចាញ់នោះទេ តែ​ត្រូវ​បង្ហាញ​ខ្លួន​ឲ្យបានល្អ ដើម្បីមានឱកាសកោះហៅលើកក្រោយៗទៀត។ដោយឡែកគ្រូបង្វឹកក្រុមទីម័រខាងកើតលោក José Pedro វិញ ថា ក្រុមទាំងពីរ មាន​ស្ថាន​ភាព​ប្រហាក់​ប្រហែល​គ្នា ដ្បិតមិនទាន់ស្គាល់ឈ្នះរៀងៗខ្លួន ហេតុនេះលោកនឹង​ព្យាយាម​លេង​ទៅ​តាម​ផែន​ការ​ក្រុម ដោយផ្ដោតលើការអភិវឌ្ឍ និងព្យាយាមធ្វើឲ្យបានល្អបំផុត ទោះបីកម្ពុជាមាន​ផល​ចំណេញ​សម្រាប់​ការប្រកួតក្នុងដី ជាមួយអ្នកគាំទ្ររបស់ខ្លួនក៏ដោយ។គួរដឹងថា នេះគឺជាការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិទីម័រខាងកើត ក្រោយរងបរាជ័យ ៣​ប្រកួត​ជាប់​គ្នា គ្រាដែលជាការប្រកួតទី៣ របស់ក្រុមគោព្រៃកម្ពុជា មុនបន្ដជួបក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ​បង្គ្រប់កិច្ចនាថ្ងៃទី៧ ខែសីហាខាងមុខ។ ផ្អែកលើស្ថានភាពក្រុមទាំងពីរបច្ចុប្បន្ន ជំនួប​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទនេះ អាចជាឱកាសតែមួយគត់ ដែលក្រុមទាំងពីរ អាចប្រជែងពិន្ទុលើកដំបូង ពិសេស​ក្រុម​ជម្រើសជាតិកម្ពុជា មុនត្រូវជួបក្រុមកំពុងស្រេកឃ្លានជ័យជម្នះវៀតណាម ដែលកំពុង​ត្រូវ​ការ​ពិន្ទុ​ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាមួយក្រុមកំពូលតារាងសិង្ហបុរី និងឥណ្ឌូនេស៊ី៕ អត្ថបទ លី ឈុនឡា

យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន

2026/08/03 12:02:48 pm        392
ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ដទទួលឱកាសចូលរួមព្រឹត្តិការណ៍កីឡាបាល់យុវជនឆ្នើម Silk Road 2026 នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការអញ្ជើញពីសមាគមចិនឈានចូវនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ ដឹកនាំដោយអ្នកនាង ពៅ សុខា ជាប្រធានប្រតិភូ។លោក ថោង ឧត្ដម អ្នកចាត់ការទូទៅនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅថា នេះជាឱកាសថ្មីមួយៗ សម្រាប់យុវជនកម្ពុជា ពិសេសថ្នាលបាល់ទាត់ថ្មីៗរបស់ក្លិបផ្ទាល់ ក្នុងការបង្ហាញសមត្ថភាព និងទេពកោលស្យ ក៏ដូចជាដកស្រង់បទពិសោធន៍ និងកសាងទំនុកចិត្ត តាមរយៈការចូលរួមព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ។កន្លងមកសមាគមតែងបញ្ជូនក្រុមយុវជនខ្លួនចូលរួមព្រឹត្តិការណ៍ជារឿយៗ តបតាមការអញ្ជើញរបស់ភាគីចិន តែដំណើរលើកនេះ កាន់តែពិសេស ដោយទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសមាគមឈានចូវ និងសមាគមហ្វូជាននៅកម្ពុជា។ ជំនួយនេះ មិនត្រឹមតែជាការជ្រោមជ្រែងផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងការរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន។អ្នកចាត់ការទូទៅក្រុមដដែលបន្ដថា ទោះបីការចូលរួមនេះ លោកមិនរំពឹងខ្ពស់លើលទ្ធផល តែលោកសង្ឃឹមថា ការចូលរួមនេះ គឺជាឱកាសមាសមួយ សម្រាប់ជំរុញការអភិវឌ្ឍន៍សមត្ថភាពធនធានកីឡាករថ្នាលរបស់ខ្លួនកាន់តែប្រសើរ ដើម្បីអាចក្លាយជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត ពិសេសការរឹតចំណងមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ជាមួយគ្នា លោក Ye ChangQing ប្រធានសមាគមឈានចូវនៅកម្ពុជា និងជាតំណាងក្រុមហ៊ុនឧបត្ថម្ភ បានសម្តែងនូវក្តីរីករាយជាខ្លាំង ដែលបានចូលរួមគាំទ្រដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ លោកថា នេះជាព្រឹត្តិការណ៍បាល់ទាត់យុវជនអន្តរជាតិមួយ ដែលមានបេក្ខភាពជាង ៦០ក្រុម ចាប់ពីកម្រិតអាយុ ៨ឆ្នាំ ដល់ ១៥ ឆ្នាំចូលរួម ហើយជាឱកាសផ្លាស់ប្ដូរបទពិសោធកីឡា និងវប្បធម៌ដ៏មានអត្ថន័យរវាងចិន និងកម្ពុជា។ទន្ទឹមនឹងនោះលោក ភួង សុខសាណា គ្រូបង្គោលក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ បានចាត់ទុកការប្រកួតនេះ ជាឱកាសតេស្តសមត្ថភាពដ៏សំខាន់ សម្រាប់កូនក្រុមរបស់លោក ដែលទើបតែប្រមូលផ្ដុំហ្វឹកហាត់រួមគ្នាបានប្រមាណ ៤ ខែប៉ុណ្ណោះ ហើយលោកជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងអាចទាញយកបទពិសោធទាំងនេះមកអភិវឌ្ឍខ្លួន ដើម្បីក្លាយជាធនធានដ៏មានសក្ដានុពលសម្រាប់វិស័យកីឡាបាល់ទាត់ជាតិនាថ្ងៃអនាគត៕អត្ថបទ លី ឈុនឡា 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​ក្នុង​ទឹក​កម្ពុជា​អាណត្តិ​ទី​៨ ឆ្នាំ២០២៥-២០២៩

2026/08/03 11:02:31 am        335
ភ្នំពេញ៖ ក្នុងសមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និង​បន្ត​អាណត្តិទី៨ (២០២៥-២០២៩)កាលពីចុងសប្តាហ៍កន្លងទៅ នៅ​សាល​ប្រជុំ​ធំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានបន្តជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានគាំទ្រ ១០០ ភាគរយ ក្នុងចំណោមតំណាងក្លិប-សមាគម​កីឡា​ក្នុង​ទឹក​ជាសមាជិករបស់សហព័ន្ធក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិថ្មី។ជាមួយការប្តេជ្ញានឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍កីឡាក្នុងទឹកឲ្យកាន់តែមានភាពរីកច្រើន ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី៨ បានជំរុញឲ្យ​រៀប​ចំ​ការ​ប្រកួតជាច្រើនរួមមានការប្រកួតកីឡាហែលទឹកពានរង្វាន់ក្រុមហ៊ុន ជីប ម៉ុង ការ​ប្រកួត​កីឡា​ហែល​ទឹក​ឆ្លង​កាត់ទន្លេមេគង្គ និងការប្រកួតផ្សេងៗទៀត។ទន្ទឹមនឹងនេះ ក្នុងនាមប្រធានសហព័ន្ធលោក នឹងខំស្វែងដៃគូ​ឧបត្ថម្ភ​ដើម្បី​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន ​ដើម្បីចម្រាញ់យកកីឡាករកីឡាការិនី ដែលមានសមត្ថភាពឲ្យចូលក្នុងក្រុមជម្រើសជាតិ និង​បញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេសជាដើម។ ជាមួយគ្នានេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹក (Cambodia Aquatices Federation) បានឲ្យដឹងថា ក្នុងមហាសន្និបាតអាណត្តិថ្មីនេះ មាន ការផ្លាសប្ដូរសមាសភាព គណៈ​កម្មការប្រតិបត្តិថ្មី មួយចំនួន និង បានផ្លាស់ប្ដូរ ឈ្មោះថ្មីរបស់ សហព័ន្ធ និងរូប​សញ្ញា​ផង​ដែរ​។ទិស​ដៅ​ក្នុងអាណត្តិទី៨នេះ ក្នុងមានជាអគ្គលេខាធិការ នឹងបន្តរៀបចំផែនការសំខាន់ៗ ក្នុងការ អនុវត្តន៍ ដូចជា បង្កើននូវការប្រកួត រកការគាំទ្របន្ថែមដើម្បីឲ្យសហព័ន្ធ មានលទ្ធភាព​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត បណ្ដុះបណ្ដាលធនធាន បានកាន់តែច្រើនពិសេសលើប្រភេទកីឡា បាល់ទឹក និងជំរុញឲ្យទៅ​ចូលរួមការប្រកួតនៅ ឯក្រៅប្រទេសឲ្យបានកាន់តែច្រើន ដើម្បីស្វែង​រក​មេដាយ​ជូន​ជាតិ ​មាតុភូមិកាន់តែកើនឡើង។សូមជម្រាបថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨នេះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង និងឧកញ៉ា ជា ហុយ ជាអនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អ្នកនាង ស៊ុន សីមុនី អគ្គ​លេខាធិការរង និងកញ្ញា ហែម ថុនវិទិនី ជាអគ្គហេរញ្ញិក៕

យុទ្ធគុនចម្រុះកម្ពុជាឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង ខណៈ​មន្ដ្រី​សហព័ន្ធ​ទទូច​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​

2026/08/03 10:35:19 am        414
ក្រុមជម្រើសជាតិកីឡាយុទ្ធគុនចម្រុះកម្ពុជា បានត្រឡប់មកមាតុភូមិវិញ ក្រោយ​បញ្ចប់​ការ​ប្រកួត​បេសក​កម្ម​ក្នុង​ព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី(GAMMA Asian Championship) ឆ្នាំ​២០២៦ ​នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនាំមកជាមួយនូវមេដាយចំនួន ៣​គ្រឿង​ជូន​ជាតិ​ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៦ ​រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។ក្រោយត្រឡប់មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ម៉ុក សាំងហ៊ុន អនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ បានវាយតម្លៃខ្ពស់ ចំពោះ​ការ​ខិត​ខំ​របស់​កីឡាករ-កីឡាការិនីរបស់ខ្លួន ក្នុងចំណោមអត្តពលិក ៤រូប ដែលមាន ៣​រូប​ដណ្ដើម​បាន​មេដាយ​។ ទោះបេសកកម្មនេះ កីឡាករត្រូវចំណាយខ្លួនឯងខ្លះលើការធ្វើដំណើរ តែពួក​គេ​បាន​ព្យាយាម​អស់​ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អជូនជាតិ ។ ដូច្នេះលោកសង្ឃឹមអនាគត នឹង​មានការគាំទ្រពីវិស័យឯកជនបន្ថែមទៀត ដើម្បីផ្ដល់​លទ្ធភាព​ដល់​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-កីឡាកា​រិនី​បានច្រើន និងមានឱកាសស្វែងរកមេដាយជូនជាតិកាន់តែច្រើនថែមទៀត។ជាមួយគ្នាកីឡាករ ស៊ា វិច្ឆិកា ម្ចាស់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ បាន​សម្ដែង​ក្ដី​រីក​រាយ​ ដែលមានឱកាសបានចូលរួមប្រកួត និងទទួលប​ទ​ពិសោធន៍​ល្អ​ៗ​ពី​ការ​ជួប​កីឡាករ​ខ្លាំង​ៗ​ក្នុង​ទ្វីប​អាស៊ី​។ ​ទោះមិនអាចដណ្ដើមមេដាយមាស តែការឈ្នះមេដាយប្រាក់ និងសំរឹទ្ធ គឺ​ជា​ការ​ចាប់​ផ្ដើម​មួយ​ដ៏​ល្អស​ម្រាប់ពួកគេ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែង និងទទួលលទ្ធ​ផល​កាន់​តែ​ល្អ​ប្រសើរ​នា​ថ្ងៃ​អនាគត។គួរដឹងថា បេសកកម្មចូលរួមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦ នេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ពលិក ៤រូបចូលរួម ក្នុងនោះកីឡាករ ស៊ា វិច្ឆិកា ដណ្ដើមបានមេដាយប្រាក់ គ្រា​ដែល​កីឡាករ​ លាង កុម្ភៈ និងកីឡាការិនី ខៀវ ចិន្ដារ័ត្ន ទទួលបានមេដាយសំរឹទ្ធដូចគ្នា លើក​លែង​កីឡាករ​ គោរមៈ ច័ន្ទរាជ ដែលពុំទទួលបានមេដាយ ហើយរូបគេក៏បានសុំទោសអ្នកគាំទ្រ ចំពោះ​ការ​ខក​ខានឱកាសស្វែងរកមេដាយជូនជាតិនេះផងដែរ៕ អត្ថបទ លី ឈុនឡា

Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ

2026/07/31 03:17:31 pm        499
លោក Eddie Howe បានសម្រេចលាលែងពីតំណែងជាអ្នកចាត់ការក្លិប Newcastle United ហើយ បញ្ចប់ការដឹកនាំរយៈពេល ៥ ឆ្នាំរបស់លោកនៅទឹកដី St James' Park។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗនៅចក្រភពអង់គ្លេស កាលពីថ្ងៃទីព្រហស្បតិ៍។ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីលោក Howe និងថ្នាក់ដឹកនាំក្លិបបានពិភាក្សាគ្នាអស់រយៈពេល ៤៨ ម៉ោងកន្លងមក។ ប្រភពជាច្រើនក៏បានបញ្ជាក់ដែរថា លោក Howe បានជូនដំណឹងដល់ក្លិបថា លោកចង់សម្រាកពីការងារជាគ្រូបង្វឹកមួយរយៈ។ក្នុងវ័យ ៤៨ ឆ្នាំ Eddie Howe បានកសាងជោគជ័យគួរឱ្យកត់សម្គាល់ជាមួយ Newcastle ដោយដឹកនាំក្លិបឈ្នះពាន League Cup ឆ្នាំ២០២៥ ដែលជាពានរង្វាន់ក្នុងស្រុកដ៏ធំលើកដំបូងរបស់ក្លិបក្នុងរយៈពេល ៧០ ឆ្នាំ។ លើសពីនេះ លោកក៏បាននាំ Newcastle ឡើងទៅប្រកួតក្នុងពានរង្វាន់ UEFA Champions League ចំនួន ២ លើកផងដែរ។ទោះជាយ៉ាងណា រដូវកាលចុងក្រោយមិនបានដំណើរការដូចការរំពឹងទុកឡើយ ដោយ Newcastle បញ្ចប់ចំណាត់ថ្នាក់លេខ ១២ នៅក្របខណ្ឌ Premier League ក្រោយចាញ់រហូតដល់ ១៧ ប្រកួតក្នុងចំណោម ៣៨ ប្រកួត។ ប្រកួតចុងក្រោយរបស់លោកក្នុងនាមជាអ្នកចាត់ការក្រុម គឺបរាជ័យ ៤-១ ក្រោមថ្វីជើង Bristol City ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃទី២៩ ខែកក្កដា។បច្ចុប្បន្ន Newcastle United កំពុងស្វែងរកអ្នកចាត់ការថ្មី ដើម្បីត្រៀមដឹកនាំក្រុមសម្រាប់រដូវកាលថ្មី ខណៈការប្រកួតបើកឆាក Premier League របស់ពួកគេ នឹងត្រូវទទួលស្វាគមន៍ក្រុមហង្សក្រហម Liverpool នៅថ្ងៃទី២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២

2026/07/31 02:55:05 pm        385
ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែការពារក្រុមជម្រើសជាតិបារាំង Maxence Lacroix ពី Crystal Palace ក្នុងតម្លៃ ៥២ លានផោន ជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ ២០៣២។Lacroix បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Wolfsburg មកកាន់ Crystal Palace កាលពីឆ្នាំ២០២៤ ក្នុងតម្លៃដំបូងប្រមាណ ១៥.៥ លានផោន ហើយបានក្លាយជាជម្រើសសំខាន់ក្រោមការដឹកនាំរបស់លោក Oliver Glasner។ក្នុងរដូវកាលមុន ខ្សែការពារសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនសរុប ៥៥ ប្រកួត នៅគ្រប់កម្មវិធីប្រកួត និងបានជួយ Crystal Palace លើកពាន UEFA Conference League ដែលជាពានរង្វាន់អឺរ៉ុបដ៏ធំលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។នៅកម្រិតជម្រើសជាតិ Lacroix បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបារាំងសរុប ៧ ប្រកួត ហើយបានចូលលេង ៣ ប្រកួត ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 រួមទាំងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ទល់នឹងអង់គ្លេស ខណៈក្រុមបារាំងបញ្ចប់ការប្រកួតនៅចំណាត់ថ្នាក់លេខ៤។ការមកដល់របស់ Lacroix គឺជាការចុះហត្ថលេខាទី៣របស់ Chelsea ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីក្លិបបាននាំយក Morgan Rogers និង Marco Palestra មកពង្រឹងក្រុម ដើម្បីត្រៀមសម្រាប់រដូវកាលដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xabi Alonso។លើសពីនេះ Chelsea ក៏បានបំពេញរួចរាល់ការផ្ទេរខ្សែបម្រើស្លាប Geovany Quenda និងខ្សែប្រយុទ្ធ Emmanuel Emegha ផងដែរ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយកីឡាករទាំងពីរត្រូវបានសម្រេចតាំងពីឆ្នាំ២០២៥ ហើយនិតិវិធីផ្ទេរបានបញ្ចប់ជាផ្លូវការនៅខែនេះ៕ អត្ថបទ៖ នាង សុភាវុធ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup

2026/07/31 02:08:34 pm        436
លោក Hong Myung-bo អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ ​កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមជម្រើស​ជាតិ​បរាជ័យ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ​ដោយធ្លាក់ត្រឹមវគ្គចែកពូល។ ទន្ទឹមនឹងនេះ លោកក៏បានបដិសេធការចោទប្រកាន់ថា លោក​ទទួល​បាន​ការ​អនុគ្រោះ ឬអាទិភាពពិសេសក្នុងដំណើរការតែងតាំងជាគ្រូបង្វឹក។ក្នុង​សវនាការនៅសភា លោក Hong បានថ្លែងថា៖ «ជាដំបូង ខ្ញុំសូម​អភ័យ​ទោស​ដល់​ប្រជា​ពលរដ្ឋ​ ដែលខ្ញុំមិនអាចបំពេញតាមការរំពឹងទុករបស់ពួកគេ ចំពោះលទ្ធផលនៅ World Cup បាន​»។ការ​ធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ដោយ​ប្រធានាធិបតីបានបញ្ជាឱ្យបើកការស៊ើបអង្កេតលើការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ ខណៈ​លោក Hong បានសម្រេចលាលែងពីតំណែង ហើយអ្នកគាំទ្រ​ជា​ច្រើន​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​កែ​ទម្រង់​សហព័ន្ធបាល់ទាត់កូរ៉េ (KFA)ផងដែរ។នៅ​ក្នុងសវនាការ សមាជិកសភាបានសួរលោក Hong ជាច្រើនសំណួរ ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​តែង​តាំង​របស់​លោក ​បន្ទាប់ពីមានការរិះគន់ថា នីតិវិធីធម្មតាមិនត្រូវបានអនុវត្តពេញលេញ។ យ៉ាង​ណាក៏​ដោយ លោក Hong បានអះអាងថា សំណើដែល​គណៈកម្មាធិការ​បច្ចេក​ទេស​របស់​ក្រុម​ជម្រើស​ជាតិ​បាន​ដាក់​ជូន​លោក គឺធ្វើឡើងស្របតាមនីតិវិធីត្រឹមត្រូវ។ទោះ​បី​ជា​ការបរាជ័យនៅ World Cup ជាមូលហេតុចម្បងនៃការខកចិត្តរបស់អ្នកគាំទ្រក៏ដោយ ការ​មិន​ពេញចិត្តចំពោះការគ្រប់គ្រងរបស់ KFA បានកើនឡើងជាច្រើនឆ្នាំមកហើយ។ ជាពិសេស ការ​តែងតាំងអតីតខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Jürgen Klinsmann ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ២០២៣ មុនត្រូវបណ្តេញចេញត្រឹមមួយឆ្នាំក្រោយ បាន​ក្លាយ​ជា​ចំណុច​មួយ​ដែល​រង​ការ​រិះគន់ខ្លាំង៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM
ភាគីពាក់ព័ន្ធជំរុញ​ការផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យា និងការបញ្ជ្រាបការយល់ដឹងពីកិច្ចការពារបេតិកភណ្ឌ នៅស្រុកអង្គរបុរី
10/25/2026 01:10 PM
ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
10/25/2026 12:10 PM
នគរបាលព័រទុយហ្គាល់រុះរើជំរំតវ៉ាលើបញ្ហាផ្ទះសម្បែងនៅទីក្រុង លីស្បុន និងចាប់ខ្លួនមនុស្សមួយចំនួន
10/25/2026 12:10 PM