កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

2026/07/31 01:52:38 pm        426
អ្នកជំនាញបានលើកឡើងថា UEFA គឺជាស្ថាប័នដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងពិភពបាល់ទាត់។ ក្រុមជើងឯកពិភពលោកបច្ចុប្បន្នមកពីតំបន់អឺរ៉ុប ហើយក្នុងចំណោមក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកចុងក្រោយ មានរហូតដល់ ៣ ក្នុងចំណោម ៤ ក្រុមជាសមាជិករបស់ UEFA។លើសពីនេះ ក្លិបដែលមានចំណូលខ្ពស់ជាងគេនៅលើពិភពលោក ស្ទើរតែទាំងអស់ក៏ស្ថិតនៅក្រោម UEFA ផងដែរ។ បើយោងតាមចំណាត់ថ្នាក់ Deloitte Money League ក្លិបទាំង ២៥ ដែលមានចំណូលខ្ពស់បំផុតសុទ្ធតែជាក្លិបនៅអឺរ៉ុប។ UEFA ក៏ជាម្ចាស់ការប្រកួតធំៗដូចជាជើងឯកក្លិបកំពូលអឺរ៉ុប UEFA Champions League និងជើងឯកទ្វីបអឺរ៉ុប UEFA European Championship ដែលធ្វើឱ្យស្ថាប័ននេះត្រូវបានចាត់ទុកថាជាកម្លាំងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងវិស័យបាល់ទាត់។ប្រសិនបើ UEFA សម្រេចធ្វើពហិការព្រឹត្តិការណ៍ FIFA World Cup មែន នោះ FIFA នឹងប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ តម្លៃសិទ្ធិផ្សាយបន្តផ្ទាល់អាចធ្លាក់ចុះ ខណៈតម្លៃពាណិជ្ជកម្ម និងការទាក់ទាញអ្នកឧបត្ថម្ភក៏នឹងថយចុះផងដែរ។ទោះជាយ៉ាងណា World Cup នៅតែអាចទាក់ទាញអ្នកទស្សនាយ៉ាងច្រើនពីតំបន់អាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង និងតំបន់ផ្សេងៗ ព្រោះក្រុមជម្រើសជាតិនៃតំបន់ទាំងនោះនៅតែចូលរួមប្រកួត។ ជាមួយគ្នានេះ ការអវត្តមានរបស់ក្រុមអឺរ៉ុបក៏អាចបង្កើនឱកាសឱ្យប្រទេសមួយពីអាស៊ី អាហ្វ្រិក ឬសូម្បីតែសហរដ្ឋអាមេរិក ឈ្នះជើងឯក World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។អ្នកជំនាញក៏បានចោទជាសំណួរថា តើអ្នកគាំទ្រនៅអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អង់គ្លេស ស្កុតឡែន និងប្រទេសអឺរ៉ុបផ្សេងៗ នឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើក្រុមជម្រើសជាតិរបស់ពួកគេមិនមានវត្តមាននៅ World Cup? ចំណែកកីឡាករជាច្រើនក៏អាចមានអារម្មណ៍ថាត្រូវបានដកហូតឱកាសដ៏កម្រមួយ ដែលប្រហែលជាកើតឡើងតែម្តងគត់ក្នុងអាជីពរបស់ពួកគេ។ហេតុនេះអ្នកជំនាញយល់ថា ការគំរាមធ្វើពហិការគួរត្រូវបានពិចារណាដោយប្រុងប្រយ័ត្ន ព្រោះវានឹងប៉ះពាល់ដល់គ្រប់ភាគី។ជាមួយគ្នានេះ គាត់ក៏បានរិះគន់ប្រធាន FIFA លោក Gianni Infantino ថា បានជំរុញផែនការបង្កើតក្រុមហ៊ុនថ្មីនេះដោយឯកតោភាគី និងកំណត់ពេលឱ្យបោះឆ្នោតត្រឹមតែ ៥៣ ថ្ងៃប៉ុណ្ណោះ។ លើសពីនេះ ប្រទេសណាដែលបោះឆ្នោតប្រឆាំង អាចប្រឈមនឹងការកាត់បន្ថយថវិកាដែល FIFA ផ្តល់ជូន ដែលត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រដាក់សម្ពាធលើសមាជិក។អ្នកជំនាញបន្ថែមថា ទំនាក់ទំនងរវាង FIFA និង UEFA កំពុងស្ថិតក្នុងភាពតានតឹង។ ជាឧទាហរណ៍ ប្រធាន UEFA លោក Aleksander Ceferin មិនបានចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ World Cup នោះទេ ដែលត្រូវបានគេមើលឃើញថាជាការបង្ហាញការមិនពេញចិត្តចំពោះការជ្រៀតជ្រែកផ្នែកនយោបាយក្នុងការប្រកួត។ទោះបីជាយ៉ាងណា អ្នកជំនាញជឿថា ការធ្វើពហិការ គឺជាវិធានការដ៏ខ្លាំងបំផុតដែល UEFA អាចប្រើប្រាស់ ប៉ុន្តែមិនមែនជាជម្រើសដែលពួកគេចង់អនុវត្តនោះឡើយ៕ អត្ថបទ៖នាង សុភាវុធ

ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍

2026/07/31 12:49:33 pm        396
ស្របពេលការប្រកួតប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង កំពុងមានទីផ្សារទំលូទូលាយទាំងក្នុង និង​ក្រៅ​ប្រទេស បានធ្វើឲ្យកីឡាករ-កីឡាការិនី ដែលចេះប្រភេទកីឡាប្រយុទ្ធទាំងពីរ ទទួលបា​ន​ផល​ចំណេញ​ជា​ច្រើន និងងាយស្រួលបត់បែនតាមស្ថានការណ៍ ករណីបើមានការ​ប្រែប្រួល​ពី​ការ​ចាប់​គូ​ប្រកួត​គុន​ខ្មែរ ទៅប្រកួតលក្ខណៈឃីកបុកស៊ីងជាដើម។នេះ​បើតាមការលើកឡើងរបស់លោកស្រី សាំង សុម៉ាលី គ្រូបង្វឹកក្លិបអេភូថង និងកូនសិស្ស បន្ទាប់​ពីទទួលបានការចែករំលែកបច្ចេកទេសពីគ្រូជំនាញឃីកបុកស៊ីងអន្ដរជាតិរយៈពេល ១០ថ្ងៃ ក្រោយ​ជំនួយរបស់ភេសជ្ជៈ Cambodia Sport+ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​បាន​ឧបត្ថម្ភ​ថវិកា ​៥០០លានរៀល ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្នុងកា​រ​នាំ​យក​គ្រូ​បង្វឹក​ឃីក​បុក​ស៊ីងអ​ន្ដរជាតិ មកពង្រឹងបន្ថែមនូវការហ្វឹកហាត់បច្ចេកទេសថ្មីៗ ដល់បណ្ដា​ក្លិប​សមាជិក​ទូទាំង​ប្រទេស។ភរិយាអតីតកីឡាករ​ឆ្នើម​ប្រចាំប្រទេសលោក អេ ភូថង ដដែលបានប្រាប់ BTV ថា ការ​ចេះ​ច្បាស់​កី​ឡា​ទាំង​ពីរ ពិតជាល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកួតបច្ចុប្បន្ន ដែលជួយ​លើក​កម្ពស់​ទាំង​ជីវភាព​។ មិនតែប៉ុណ្ណោះ ក៏អាចការពារពេលចាប់គូ ជាក់ស្ដែងបទ​ពិសោធន៍​លោក​ស្រី​ធ្លាប់​ជួប​ផ្ទាល់​ ពេលចេញទៅប្រកួតក្រៅប្រទេស ត្រូវប្រកួតគុនខ្មែរ តែដល់ជាក់ស្ដែង គេតម្រូវឲ្យ​ប្រកួត​ឃីក​បុកស៊ីង។ ករណីនេះ កូនលោកស្រីផ្ទាល់ អាចធ្វើបាន ហើយថែមទាំងយកឈ្នះ ដែល​ជួយ​លើកក​ម្ពស់ ទាំងគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាទៀតផង។ដោយឡែក​កីឡាករ ម៉ឺន មេឃា ដែលមានគ្រឹះដ៏រឹងមាំពីគុនខ្មែរ និងមានបទពិសោធន៍​ច្រើន​ក្នុង​ការ​ប្រកួត​ឃីកបុកស៊ីង នៅតែចាត់ទុកការហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្ដរជាតិ បានផ្ដល់​នូវ​បច្ចេក​ទេស​ថ្មីៗ សម្រាប់ខ្លួន ក៏ដូចជាផ្ដល់ឱកាសឲ្យមិត្តរួមក្រុម បានយល់កាន់តែច្បាស់ពីឃីកបុកស៊ីង ដើម្បី​បើកឱកាសប្រកួតបានកាន់តែច្រើន ពិសេសករណីបើមានអ្នកចង់ជួប ដោយមិន​ហ៊ាន​ប្រកួត​គុ​នខ្មែរ តែចង់ប្រកួតលក្ខណៈឃីកបុកស៊ីងតែម្ដង។ជាមួយដំណើរការហ្វឹកហាត់ដ៏ជោគជ័យនេះដែរ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ធី កុសល អ្នកគ្រប់គ្រងផ្នែកផលិតកម្មនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ផ្ដល់​នូវ​វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​ទទួលបាននូវការហ្វឹកហាត់បច្ចេកទេសឃីកបុកស៊ីងពីគ្រូបង្វឹកអន្ដរជាតិ ដល់ក្លិប​ប្រដាល់​អេភូថ​ង ជាមួយការវាយតម្លៃខ្ពស់ សម្រាប់ការខិតខំប្រឹងប្រែងហ្វឹកហាត់ ក្រេបជញ្ជក់​យក​ចំណេះ​ដឹង និងបច្ចេកទេសល្អៗ របស់គ្រូបង្វឹក ក៏ដូចជាកីឡាករទាំងអស់ ដើម្បីជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ក្នុងនោះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពីឯកឧត្តម ហេង សុខឃន ប្រធាន​សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងផងដែរ៕ អត្ថបទ លី ឈុនឡា 

អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ

2026/07/31 12:01:42 pm        223
គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ បានជូនដំណឹងដល់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ទាំងអស់ ត្រូវពាក់ស្លាកលេខរត់ ឬ Race Bib Number ដែលគណៈកម្មការបានផ្ដល់ជូន តាមរយៈការចុះឈ្មោះ ដើម្បីងាយស្រួលដល់ការត្រួតពិនិត្យរបស់ក្រុមរក្សាសន្ដិសុខ ខណៈអ្នកគ្មានស្លាកលេខរត់ មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងនោះទេ។ការជូនដំណឹងនេះ ស្របពេលគណៈកម្មាធិការជាំតិអូឡាំពិកកម្ពុជា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ នឹងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ដែលគ្រោងនឹងមានអត្តពលិកយ៉ាងហោច ៦,៥០០នាក់ មកពី ៥១ប្រទេសចូលរួម។ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា កីឡាករ-កីឡាការិនីទាំងអស់ ត្រូវពាក់ស្លាកលេខរត់ ដែលគណៈកម្មការរៀបចំព្រឹត្តិការណ៍បានផ្ដល់ជូន ព្រោះក្រុមរក្សាសន្ដិសុខ នឹងធ្វើការត្រួតពិនិត្យ ហើយមិនអនុញ្ញាតឲ្យអ្នកដែលគ្មានស្លាកលេខរត់ប្រណាំងចូលទៅក្នុងបរិវេណរត់ប្រណាំង ដែលស្ថិតនៅមុខប្រាសាទអង្គរវត្ត និងនៅតាមតម្រាយផ្លូវរត់ឡើយ។ បន្ថែមលើនេះ រាល់ពេលមានបញ្ហាសុខភាព ដែលពុំអាចបន្ដការរត់ប្រណាំងបាន កីឡាករ-កីឡាការិនីអាចឈប់តាមផ្លូវ និងទាក់ទងក្រុមកង់ ត្រួតពិនិត្យស្ថានភាពតាមផ្លូវការ ដើម្បីផ្ដល់ព័ត៌មានទៅរថយន្ដសង្គ្រោះប្រចាំការតាមផ្លូវរត់ប្រណាំងផងដែរ។លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង បានឲ្យដឹងថា គណៈកម្មការបានត្រៀមលក្ខណៈរួចរាល់ ក្រោមកិច្ចសហការដ៏ល្អជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំឲ្យកាន់តែល្អប្រសើរ ពិសេសធានាឲ្យបាននូវសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អតាមតម្រាយផ្លូវជូនដល់អត្តពលិកជាតិ-អន្ដរជាតិ ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាមួយគ្នាលោកក៏សុំការយោគយល់ និងអធ្យាស្រ័យសម្រាប់អ្នកមិនបានចុះឈ្មោះ ឬគ្មានស្លាកលេខរត់ សង្ឃឹមថានឹងសហការជាមួយគណៈកម្មការ ដើម្បីធានានូវការគ្រប់គ្រង និងភាពរលូននៃការរៀបចំឲ្យទទួលបានជោគជ័យផងដែរ។គួរដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ មាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងការរត់កម្សាន្ដលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ហើយគណៈកម្មការរៀបចំក៏បានត្រៀមមេដាយអនុស្សាវរីយ៍រួចរាល់ សម្រាប់ផ្ដល់ជូនអត្តពលិកទាំងជាង ៦,៥០០នាក់ ដែលបានចូលរួម និងរត់ដល់ទី ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងរដូវកាលបៃតងដ៏ធំប្រចាំឆ្នាំលើទឹកដីអង្គរនាចុងសប្ដាហ៍នេះ៕ អត្ថបទលី ឈុនឡា

Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស

2026/07/30 01:04:36 pm        376
ក្លិបហង្សក្រហម Liverpool កំពុងបង្កើនការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង Bradley Barcola ពីក្លិបបារាំង Paris Saint-Germain ហើយកំពុងរៀបចំដាក់សំណើផ្លូវការលើកដំបូង ដើម្បីចាប់ផ្តើមការចរចា។ប្រភពបានឱ្យដឹងថា Barcola វ័យ ២៣ ឆ្នាំ ត្រូវបានកំណត់ជាគោលដៅអាទិភាពរបស់ក្រុមហង្សក្រហម សម្រាប់មកជំនួសតំណែងរបស់ Mohamed Salah ដែលបានចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលមុន។ខណៈ PSG វាយតម្លៃតម្លៃផ្ទេររបស់ Barcola ប្រមាណ ១៤៥ លានផោន ដែលនឹងក្លាយជាកំណត់ត្រាផ្ទេរថ្មីនៅអង់គ្លេស ប្រសិនបើការផ្ទេរនេះកើតឡើងពិតប្រាកដក៏ដោយ Liverpool មានបំណងចង់បិទកិច្ចព្រមព្រៀងក្នុងតម្លៃប្រមាណ ១០០ លានផោន ប៉ុណ្ណោះ។Barcola នៅសល់កិច្ចសន្យាជាមួយ PSG រយៈពេលពីរឆ្នាំទៀត ប៉ុន្តែមានព័ត៌មានថា រូបគេមានបំណងចង់ផ្លាស់ទៅកាន់ទឹកដី Anfield ដើម្បីស្វែងរកបទពិសោធន៍ថ្មី បន្ទាប់ពីតួនាទីរបស់ខ្លួនក្នុងក្រុម PSG បានថយចុះ។រំលឹកថា Bradley Barcola ជាកីឡាករដែលចេញពីថ្នាលយុវជន Lyon តាំងពីវ័យ ៨ ឆ្នាំ មុនពេលផ្លាស់មកកាន់ PSG នៅឆ្នាំ ២០២៣ ក្នុងតម្លៃផ្ទេរ ៤៥ លានអឺរ៉ូ។ រយៈពេល ៣ ឆ្នាំនៅទីក្រុងប៉ារីស Barcola បង្ហាញខ្លួនបាន ៨៨ ប្រកួតផ្លូវការ ស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ ឈ្នះជើងឯកលីគកំពូលបារាំង ៣ លើក Coupe de France ២ លើក និង UEFA Champions League ២ លើក៕ អត្ថបទ៖នាង សុភាវុធ 

ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

2026/07/30 12:29:15 pm        309
សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត រកបាន ៣ពិន្ទុពេញពីជ័យជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួន ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ឆ្នាំ២០២៦/២៧។សម្រាប់សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ គឺបានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយលទ្ធផល ៧-០ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា នៅកីឡដ្ឋានខេត្តព្រៃវែង ។ គ្រាប់បាល់ជ័យជម្នះនេះ រកបានដោយកីឡាករ Bruno Wellynton Krenkel, Osa Orobosa Okoro និង វុធ តុលា ម្នាក់ ១គ្រាប់ និង ៤គ្រាប់ទៀត រកបានម្នាក់ ២គ្រាប់ដោយកីឡាករ ធី ភារ៉ា និង សារី តៃម៉ូ។ជ័យជម្នះនេះ បានធ្វើឲ្យសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ឈរកំពូលតារាងពូលD មាន ៣ពិន្ទុស្មើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដែលបានយកឈ្នះក្រុមការពារតំណែងជើងឯក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ៣-២ កាលពីថ្ងៃអង្គារកន្លងទៅ។ចំណែកក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតវិញ គឺបានយកឈ្នះសមាគមកីឡាបាល់ទាត់ខេត្តកែវ ដោយលទ្ធផល ២-០ លើទឹកដីរបស់ខ្លួន ។ ៣គ្រាប់ដែលជួយឲ្យក្រុមម្ចាស់ផ្ទះ រកបាន ៣ពិន្ទុពេញនេះ រកបានដោយកីឡាករ ហង្ស បញ្ញារិទ្ធ នៅនាទី៥២ និង ង៉ូវ ហេង នៅនាទី៥៤ ។ ជ័យជម្នះនេះ នាំឲ្យខេត្តកំពត ឡើងឈរកំពូលតារាងពូលE ជាបណ្ដោះអាសន្ន លើក្រុមខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើគ្នា ២-២ នៅដើមសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា

ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត

2026/07/30 11:48:46 am        287
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី លោក Boris Yaryshevsky បានទទួលស្គាល់ថា ការត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិអស់រយៈពេលជាងមួយទសវត្សរ៍ បានធ្វើឱ្យអត្តពលិករុស្ស៊ីបាត់បង់ការលើកទឹកចិត្ត និងកម្រិតសមត្ថភាពរបស់ពួកគេធ្លាក់ចុះ បើប្រៀបធៀបទៅនឹងគូប្រជែងនៅលើឆាកពិភពលោក។ការផ្អាកសមាជិកភាពរបស់សហព័ន្ធអត្តពលកម្មរុស្ស៊ីបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ បន្ទាប់ពីមានការបង្ហាញអំពីកម្មវិធីប្រើប្រាស់សារធាតុហាមឃាត់ដែលគាំទ្រដោយរដ្ឋ។ បន្ទាប់មក ការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២ ក៏បាននាំឱ្យស្ថាប័នកីឡាអន្តរជាតិជាច្រើន បន្តដាក់ទណ្ឌកម្ម និងហាមឃាត់ក្រុមជម្រើសជាតិ និងអត្តពលិករុស្ស៊ីមិនឱ្យចូលរួមការប្រកួតអន្តរជាតិ។ថ្លែងប្រាប់ Reuters អំឡុងការប្រកួតជើងឯកអត្តពលកម្មជាតិរុស្ស៊ីកាលពីសប្ដាហ៍មុន លោក Yaryshevsky បាននិយាយថា៖ «ការខ្វះឱកាសប្រកួតជាមួយកីឡាករលំដាប់ពិភពលោក បានធ្វើឱ្យអត្តពលិកមួយចំនួនបាត់បង់កម្លាំងចិត្ត ខណៈអ្នកផ្សេងទៀតនៅតែស្ថិតនៅកម្រិតដដែល ដោយមិនអាចអភិវឌ្ឍសមត្ថភាពបន្ថែមបាន។ ជារួម វាបានធ្វើឱ្យកម្រិតអត្តពលកម្មរបស់យើងធ្លាក់ចុះដោយជៀសមិនរួច»។ទោះបីជាយ៉ាងណា លោកនៅតែមានទំនុកចិត្តថា អត្តពលិករុស្ស៊ីនឹងអាចវិលត្រឡប់ទៅប្រកួតក្នុងព្រឹត្តិការណ៍ អូឡាំពិកទីក្រុង Los Angeles ឆ្នាំ ២០២៨ បាន។លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា សហព័ន្ធកំពុងខិតខំយ៉ាងខ្លាំង ដើម្បីធានាថាអត្តពលិករបស់យើងនឹងមានឱកាសចូលរួមអូឡាំពិកនៅ Los Angeles។ បច្ចុប្បន្ន អត្តពលិកជម្រើសជាតិរបស់យើង ៦ នាក់ កំពុងឈរនៅចំណាត់ថ្នាក់លេខ ១ ពិភពលោកក្នុងវិញ្ញាសារបស់ពួកគេ ហើយខ្ញុំជឿថា ពួកគេមានសមត្ថភាពដណ្ដើមមេដាយជូនប្រទេសរុស្ស៊ី ប្រសិនបើបានចូលរួមប្រកួត»។ទោះជាយ៉ាងណាស្ថាប័នគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោក World Athletic នៅតែរក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ី។ ប្រធានស្ថាប័ន លោក Sebastian Coe បានបញ្ជាក់ថា ការហាមឃាត់នេះនៅតែចាំបាច់ ដើម្បីការពារយុត្តិធម៌ និងសុចរិតភាពនៃការប្រកួត។គួរបញ្ជាក់ថា រុស្ស៊ីបានចូលរួមការប្រកួតអូឡាំពិកក្រោមទង់ជាតិរបស់ខ្លួនជាលើកចុងក្រោយនៅទីក្រុង Rio ២០១៦ ប៉ុន្តែអត្តពលិកផ្នែកអត្តពលកម្មនៅពេលនោះ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមផងដែរ ដោយសារករណីសារធាតុហាមឃាត់៕ អត្ថបទ៖នាង សុភាវុធ

អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

2026/07/30 10:57:00 am        280
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នឹងមកដល់នាថ្ងៃទី២ ខែ​សីហា​ចុង​សប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយកំណត់ត្រាថ្មី នៃកំណើន​អត្ត​ពលិក​ជាតិ​-អន្ដរជាតិ ដែលបានត្រៀមចូលរួមសរុបប្រមាណជាង ៦,៥០០នាក់ មកពី ៥១ប្រទេស​ជុំវិញ​ពិភព​លោក​។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរឆ្នាំនេះ មាន​កំណើន ២៥% បើធៀបឆ្នាំមុន ក្រោយមានការជំរុញ និងគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូច​ជា​ការ​ខិត​ខំ​រៀបចំរបស់គណៈកម្មការ ដែលជំរុញឲ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពទាក់ទាញ ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈបញ្ហាសកលយ៉ាងណាក្ដី។គួរដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ត្រូវបានរៀបចំឡើងចំនួន ១១លើក​មក​ហើយ ​ក្នុងគោលបំណងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងរដូវកាលបៃតង ក៏​ដូច​ជា​ចូល​រួម​ជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន ផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ផ្សេងៗ ។ ចំពោះ​វិញ្ញាសា​រត់​ គឺមានចំនួន ៤ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និ​ង​ការ​រត់​កម្សាន្ដ​លក្ខណៈ​គ្រួសារចម្ងាយ ៣គីឡូម៉ែត្រ៕ អត្ថបទ៖ លី ឈុនឡា

លីគកំពូលកម្ពុជានឹងត្រូវចាប់ឆ្នោត និងប្រកាសបើករដូវកាលថ្មី ឆ្នាំ២០២៦/២៧ នាថ្ងៃស្អែក

2026/07/30 10:37:00 am        292
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំពិធីចាប់ឆ្នោតផ្លូវការ និងប្រកាស​បើក​រដូវ​កាល​ខេម​បូឌាន​ព្រីមៀរ​លីគ ឬលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅ​នាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (ស្ទូឌីយ៉ូស្ទឹងមានជ័យ)។យោងតាមការជូនដំណឹងរបស់ CPL កម្មវិធីនេះ នឹងមានការចូលរួមពីតំណាងក្លិបបាល់ទាត់ទាំង ១១ ដែលបានចុះឈ្មោះចូលរួមប្រកួតក្នុងរដូវកាល២០២៦/២៧ រួមមាន៖ អង្គរថាយ​ហ្គឺរ​, ​បឹងកេត​, ​អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា​, ​ណាហ្គាវើលដ៍​, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្ត​ព្រះសីហនុ ​និងវិសាខា ហើយក៏នឹងមានការចូលរួមប្រព័ន្ធផ្សព្វផ្សាយ កីឡាករ និងអ្នកគាំទ្រ​ជា​ច្រើន​រូប​ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ មុនពេលរដូវកាលថ្មីចាប់ផ្តើម ផងដែរ។ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រៅពីការចាប់ឆ្នោត ដើម្បីកំណត់កាលវិភាគប្រកួត ពិសេស​កម្ម​វិធី​ប្រកួត​សប្ដាហ៍ដំបូង សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ក៏នឹងមាន​ការ​បង្ហាញ​ពាន​ផ្លូវ​ការ​របស់​លីគ​កំពូល​កម្ពុជា ដែលត្រូវដាក់ឲ្យបណ្ដាក្លិបសមាជិកធ្វើការប្រកួតប្រជែង។ បន្ថែមលើនេះ ក៏​នឹង​មាន​ការ​បង្ហាញយុទ្ធនាការ និងការប្រកាស​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ នារដូវកាលថ្មីផងដែរ។សូមបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹង​ចាប់​ផ្ដើម​ការ​ប្រកួតនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយរក្សាក្លិបចូលរួមចំនួន ១១ក្រុម ដូច​កាល​ពី​រដូវកាលមុនដដែល៕ អត្ថបទ លី ឈុនឡា

ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង

2026/07/29 04:14:16 pm        328
សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសជាផ្លូវការពីការតែងតាំងអតីតគ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង ដើម្បីជំនួសលោក Didier Deschamps ដែលបានបញ្ចប់តួនាទីក្រោយដឹកនាំក្រុមអស់រយៈពេល ១៤ ឆ្នាំ។ការចាកចេញរបស់ Deschamps កើតឡើងបន្ទាប់ពីបារាំងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026 ក្រោមថ្វីជើងក្រុមជម្រើសជាតិអេស្ប៉ាញ។ ក្នុងអំឡុងពេលដឹកនាំក្រុម លោកបាននាំបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតធំៗចំនួន ៣ លើក និងជួយឱ្យប្រទេសឈ្នះជើងឯកពិភពលោកលើកទីពីរក្នុងឆ្នាំ ២០១៨។Zidane វ័យ ៥៤ ឆ្នាំ ដែលធ្លាប់ជួយបារាំងលើកពាន World Cup ឆ្នាំ ១៩៩៨ និងត្រូវបានចាត់ទុកថាជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំង នឹងចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិរហូតដល់យុទ្ធនាការជម្រុះ FIFA World Cup 2030 ហើយក៏នឹងដឹកនាំបារាំងក្នុងការប្រកួតជម្រុះ Euro 2028 ផងដែរ។ការប្រកួតផ្លូវការលើកដំបូងរបស់ Zidane ក្នុងនាមជាគ្រូបង្វឹកបារាំង នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ក្នុងការប្រកួត UEFA Nations League ទល់នឹងក្រុមជម្រើសជាតិទួកគី។ក្រោយចូលនិវត្តន៍ពីអាជីពជាកីឡាករបន្ទាប់ពី World Cup ឆ្នាំ ២០០៦ Zidane បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ ២០១៤ ជាមួយក្រុម Real Madrid Castilla មុននឹងឡើងដឹកនាំក្រុមធំនៅខែមករា ឆ្នាំ ២០១៦។ក្នុងរយៈពេលខ្លី លោកបានក្លាយជាគ្រូបង្វឹកដ៏ជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ Real Madrid ដោយដឹកនាំក្រុមឈ្នះពាន UEFA Champions League បីរដូវកាលជាប់ៗគ្នា (២០១៦, ២០១៧ និង ២០១៨) ដែលជាកំណត់ត្រាមិនធ្លាប់មានក្នុងសម័យ Champions League។ លោកក៏បានជួយ Real Madrid ឈ្នះពាន La Liga រដូវកាល ២០១៦-១៧ ផងដែរ។បន្ទាប់ពីចាកចេញនៅឆ្នាំ ២០១៨ លោកបានវិលត្រឡប់មកដឹកនាំ Real Madrid ជាលើកទីពីរ នៅឆ្នាំ ២០១៩ និងនាំក្លិបឈ្នះពាន La Liga ក្នុងរដូវកាលនោះ មុននឹងលាលែងពីតំណែងនៅឆ្នាំ ២០២១ ហើយមិនទាន់ទទួលការងារជាគ្រូបង្វឹកណាមួយរហូតមកដល់ពេលនេះ។Zidane ចាប់ផ្តើមអាជីពជាកីឡាករជាមួយក្លិប Cannes ក្នុងឆ្នាំ ១៩៨៩ មុនផ្លាស់ទៅ Bordeaux ហើយបន្តទៅ Juventus នៅឆ្នាំ ១៩៩៦។ នៅអ៊ីតាលី លោកបានជួយ Juventus ឈ្នះពាន Serie A ពីររដូវកាលជាប់គ្នា និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីរលើកជាប់ៗគ្នា។នៅឆ្នាំ ២០០១ លោកបានផ្ទេរទៅ Real Madrid ក្នុងតម្លៃ ៦៦ លានផោន ដែលជាកំណត់ត្រាពិភពលោកនាពេលនោះ និងក្លាយជាផ្នែកមួយនៃរជ្ជកាលដ៏អស្ចារ្យរបស់ក្រុមរួមជាមួយ Ronaldo, Luis Figo និង David Beckham។ សម្រាប់ក្រុមជម្រើសជាតិបារាំង Zidane គឺជាវីរបុរសដែលជួយប្រទេសឈ្នះ FIFA World Cup លើកដំបូងក្នុងឆ្នាំ 1998 ដោយស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រឈ្នះប្រេស៊ីល ៣-០។ នៅឆ្នាំដដែល លោកក៏បានឈ្នះពាន Ballon d'Or ហើយបន្តជួយបារាំងឈ្នះពាន Euro 2000 ផងដែរ។បន្ទាប់ពីរង់ចាំឱកាសអស់រយៈពេលជាងមួយទសវត្សរ៍ ទីបំផុត Zidane បានសម្រេចក្តីស្រមៃក្នុងការដឹកនាំក្រុមជម្រើសជាតិបារាំង ដែលអ្នកគាំទ្រជាច្រើនរំពឹងថា នឹងនាំ "មាន់គក" វិលត្រឡប់ទៅកាន់កំពូលបាល់ទាត់ពិភពលោកម្តងទៀត៕ អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ

2026/07/29 03:11:54 pm        584
ក្លិបព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងរៀបចំការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាល Pre-Season Cup 2026 ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋាន​ជាតិ​មរត​ក​តេជោ ​ដោយមានការចូលរួមពីក្រុមភ្ញៀវ ២ទៀត មកពីហុងកុង និងសិង្ហបុរី។នេះបើតាមប្រភពព័ត៌មានច្បាស់ការពីមន្ដ្រីព័ត៌មានក្លិបជើងឯកលីគកំពូលកម្ពុជា ខណៈ​សមាស​ភាព​ក្រុម​ចូល​រួម​ប្រកួតពានរង្វាន់ Pre-Season Cup ដើម្បីត្រៀមរដូវកាលថ្មីនេះ គឺមានចំនួន ៣ រួម​មាន​ក្លិបព្រះខ័នរាជស្វាយរៀង រួមទាំងក្រុមមកពីហុងកុង ១ក្លិប និងក្រុមមកពីសិង្ហបុរី ១ក្លិប តែ​មិន​ទាន់បញ្ជាក់ឈ្មោះជាផ្លូវការឡើយ។គួរដឹងថា នេះជាលើកដំបូង ដែលក្លិបព្រះខ័នរាជស្វាយរៀង បានណាត់​ក្លិប​បរទេស​មក​ប្រកួត ​Pre-Season ក្នុងស្រុក ផ្ទុយពីរដូវកាលមុនៗ ដែលក្លិបច្រើនចេញទៅបោះជំរុំហ្វឹកហាត់ និង​ប្រកួត​មិត្ត​ភាព​ក្រៅ​ប្រទេស ដើម្បីរៀបចំ និងពង្រឹងក្រុមត្រៀមរដូវកាលថ្មី។ យ៉ាងណា​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធនឹងការប្រកួត រួមទាំងសមាសភាពក្រុមចូលរួម ក្លិបមានមូលដ្ឋាន​នៅ​ខេត្ត​ស្វាយ​រៀង​នេះ ​នឹងធ្វើការជូនដំណឹងនាពេលក្រោយ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM