កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា

2026/07/29 02:27:56 pm        552
មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.League ដែលទើបប្ដូរមកជា SEA V.Cup ក្នុងរដូវកាលនេះ គួរតែពង្រីកវិសាលភាពដោយបញ្ចូលប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឡាវ ឲ្យចូលរួមប្រកួតប្រជែងបន្ថែម ដើម្បីពង្រឹងកម្រិតបាល់ទះក្នុងតំបន់ និងភាពស្មើមុខស្មើមាត់ ក្នុងនាមជាសមាជិកគ្រួសារអាស៊ានដូចគ្នា។នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ក្រោយដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា បំពេញបេសកកម្មប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ដោយជោគជ័យ ក្រោយគ្រងជើងឯក ក្នុងការប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន កាលពីថ្មីៗ ក្នុងនាមប្រទេសដែលជម្នះឧបសគ្គជាច្រើន ទម្រាំបានចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ។មន្ដ្រីសហព័ន្ធដដែលបានរំឮកពីការតស៊ូ ក្នុងនាមម្ចាស់មេដាយសំរឹទ្ធ និងមេដាយប្រាក់ ស៊ីហ្គេម ឆ្នាំ២០២២ និងឆ្នាំ២០២៣ តែត្រូវរង់ចាំដល់ឆ្នាំ២០២៥ ទើបបានចូលរួម ក្រោយបំពេញលក្ខខណ្ឌរៀបចំពានកម្រិតទី២ SEA V.League Challenge 2024 ដែលកម្ពុជា បានគ្រងជើងឯក និងទទួលបានកៅអីលេងពានកម្រិតកំពូលក្នុងតំបន់នេះ ដោយមានការគាំទ្រពីម៉ាឡេស៊ី និងសិង្ហបុរី។ប៉ុន្ដែដោយសារពាន SEA V.League គឺជាពានប្រចាំតំបន់ ហេតុនេះគប្បីគួរមានការចូលរួមបន្ថែមពីបណ្ដាប្រទេសផ្សេងៗ ដែលចង់ចូលរួម ដូចជាម៉ាឡេស៊ី សិង្ហបុរី និងឡាវជាដើម ដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍តំណាងឲ្យតំបន់អាស៊ីអាគ្នេយ៍ពេញលេញ មិនមែនមានតែត្រឹមបណ្ដាប្រទេសមួយចំនួនចូលរួមឡើយ ទោះបីកម្រិតនៃការលេងបែបណាក្ដី លោកជឿជាក់នឹងមានការចូលរួម ប្រសិនបើមានការបើកបេះដូងទូលំទូលាយបន្ថែមទៀត។សូមរំឮកថា ពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ២០១៩ ដោយផ្ដើមពីវិញ្ញាសាបាល់ទះនារី និងមាន ៤ប្រទេសចូលរួម គឺមានឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងថៃ រហូតដល់ឆ្នាំ២០២៣ ទើបសមាគមបាល់ទះអាស៊ីអាគ្នេយ៍ បង្កើតពានបាល់ទះផ្នែកបុរស ដោយមានបេក្ខភាព ៤ក្រុមចូលរួមដដែល តែទន្ទឹមនឹងនោះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ និងមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ក៏បានដាក់លិខិតស្នើចូលលេងដែរ តែត្រូវបានបដិសេធ រហូតដល់២០២៤ ដើម្បីបំពេញលក្ខខណ្ឌ កម្ពុជាបានរៀបចំពាន SEA V.League Challenge ដើម្បីស្វែងរកក្រុមជើងឯក ឡើងទៅលេងពាន SEA V.League នៅឆ្នាំ២០២៥ ហើយកម្ពុជា ក៏ទទួលបានឱកាសនេះ តែការចូលរួមឆ្នាំដំបូង ក្រុមបាល់ទះបុរសកម្ពុជា ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ មុនធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ភ្ញាក់ផ្អើល ក្នុងការបង្ហាញខ្លួនលើកទី២ ដោយដណ្ដើមបានជើងឯក SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន ដែលទើបដង្ហែរមកដល់កម្ពុជា កាលពីដើមសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា 

Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

2026/07/28 02:40:02 pm        290
អតីតវីរបុរសបាល់ទាត់អ៊ីតាលី Paolo Maldini និងអតីតខ្សែបម្រើជម្រើសជាតិប្រេស៊ីល Leonardo បានសម្រេចចិត្តលាលែងពីតួនាទីរបស់ពួកគេនៅក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC)។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Italia នៅថ្ងៃទី២៧ ខែកក្កដា។ការលាលែងនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងពីរបានយល់ព្រមចូលរួមក្នុងគម្រោងកែទម្រង់ដ៏ធំមួយរបស់ក្រុមជម្រើសជាតិអ៊ីតាលី។Maldini ត្រូវបានតែងតាំងជានាយកបច្ចេកទេសរបស់ FIGC កាលពីថ្ងៃទី១១ ខែកក្កដា ដោយមានភារកិច្ចសំខាន់ក្នុងការជួយស្តារកម្លាំងក្រុមជម្រើសជាតិឡើងវិញ បន្ទាប់ពីអ៊ីតាលីខកខានឡើងទៅប្រកួតបាល់ទាត់ពិភពលោកបីលើកជាប់ៗគ្នា។ ភារកិច្ចដំបូងរបស់លោក គឺស្វែងរកអ្នកចាត់ការថ្មីជំនួស Gennaro Gattuso ដែលបានចាកចេញពីតំណែង។យ៉ាងណាក៏ដោយ ត្រឹមរយៈពេល ១៦ ថ្ងៃប៉ុណ្ណោះក្រោយការតែងតាំង Maldini បានសម្រេចចិត្តលាលែងពីតំណែង ដោយមាន Leonardo ដែលជាទីប្រឹក្សារបស់លោក លាលែងតាមផងដែរ។ការចាកចេញរបស់អ្នកទាំងពីរ កើតឡើងបន្ទាប់ពីអតីតកីឡាករជម្រើសជាតិអ៊ីតាលី Andrea Pirlo បានប្រកាសថា លោកលែងជាបេក្ខភាពសម្រាប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទៀតហើយ។ ការតែងតាំង Pirlo បានជួបការប្រឆាំងយ៉ាងខ្លាំង ដោយសារទំនាក់ទំនងពាណិជ្ជកម្មរបស់លោកជាមួយក្រុមហ៊ុនភ្នាល់កីឡារបស់រុស្ស៊ី។ការលាលែងរបស់ Maldini និង Leonardo បានធ្វើឱ្យប្រធាន FIGC ដែលទើបតែងតាំងថ្មី លោក Giovanni Malago ប្រឈមនឹងបញ្ហាធំភ្លាមៗ ខណៈសហព័ន្ធកំពុងខ្វះទិសដៅច្បាស់លាស់សម្រាប់ក្រុមជម្រើសជាតិ។ វាក៏កើតឡើងក្នុងពេលដែលបាល់ទាត់អ៊ីតាលីកំពុងធ្លាក់ចុះ បន្ទាប់ពីក្លិបអ៊ីតាលីធ្លាក់ចេញពីការប្រកួតអឺរ៉ុបតាំងពីវគ្គដំបូងកាលពីរដូវកាលមុន និងការខកខានឡើងទៅ World Cup ម្តងទៀត។ប្រភពដដែលបានបញ្ជាក់ថា Pirlo គឺជាជម្រើសទីមួយរបស់ Maldini សម្រាប់តំណែងគ្រូបង្វឹក បន្ទាប់ពី Pep Guardiola បានបដិសេធសំណើរបស់ FIGC។ បច្ចុប្បន្ន គ្រូបង្វឹកល្បីៗជាច្រើនកំពុងមានទំនាក់ទំនងមកកាន់តំណែងនេះ រួមមាន Roberto Mancini, Thiago Motta និង Antonio Conte។ជុំវិញបញ្ហានេះ សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) មិនទាន់បានឆ្លើយតបចំពោះការសាកសួររបស់ Reuters នៅឡើយទេ៕ អត្ថបទ៖នាង សុភាវុធ

Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu

2026/07/28 02:19:13 pm        302
ក្លិបបាល់ទាត់ Manchester City កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា ខ្សែបម្រើស្នូល Rodri នឹងបន្តស្នាក់នៅកីឡដ្ឋាន Etihad បន្តទៀត ស្របពេលដែល Real Madrid កំពុងតាមដានស្ថានភាពរបស់កីឡាករអេស្ប៉ាញរូបនេះយ៉ាងជិតស្និទ្ធ និងមានបំណងនាំយករូបគេទៅកាន់ទឹកដី Santiago Bernabéu។Rodri ត្រូវបានចាត់ទុកថាជាកីឡាករសំខាន់បំផុតម្នាក់នៅក្នុងប្រព័ន្ធលេងរបស់ Manchester City ដោយសារសមត្ថភាពក្នុងការគ្រប់គ្រងចង្វាក់ប្រកួត ការពារតំបន់កណ្តាល និងការបង្កើតឱកាសសម្រាប់ក្រុម។ ការរួមចំណែករបស់គេបានជួយឱ្យ City ឈ្នះពានរង្វាន់ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។មិនតែប៉ុណ្ណោះ Rodri បានក្លាយជាកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផងដែរ ក្រោយជួយក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯក។ដោយមើលឃើញពីសារៈសំខាន់របស់ Rodri ថ្នាក់ដឹកនាំ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការរក្សាកីឡាករវ័យ ៣០ ឆ្នាំរូបនេះឱ្យបន្តនៅក្លិបរយៈពេលវែង ដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ពីសំណាក់ Real Madrid។ចំណែកឯ Real Madrid វិញ កំពុងស្វែងរកខ្សែបម្រើកម្រិតកំពូលម្នាក់ ដើម្បីពង្រឹងតំបន់បម្រើសម្រាប់អនាគត ហើយ Rodri ត្រូវបានគេចាត់ទុកថា ជាគោលដៅអាទិភាពមួយ ដោយសារបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំនៅលើទីលាន។ទោះជាយ៉ាងណា Manchester City នៅតែមានជំហរច្បាស់លាស់ថា ពួកគេមិនមានបំណងបាត់បង់កីឡាករស្នូលរូបនេះឡើយ ហើយត្រៀមធ្វើគ្រប់យ៉ាងដើម្បីរក្សាអនាគតរបស់ Rodri នៅក្លិប៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"

2026/07/28 01:51:17 pm        320
ស្ថាប័នបាល់ទាត់អង់គ្លេសបានសម្រេចដាក់ឱ្យសាកល្បងច្បាប់ថ្មីមួយក្នុងរដូវកាលនេះ ដើម្បី​ទប់​ស្កាត់​ការ​ប្រើប្រាស់យុទ្ធសាស្ត្រ "យុទ្ធសាស្ត្រផ្អាកការប្រកួតតាមរយៈការព្យាបាលអ្នកចាំទី" "Goalkeeper Tactical Timeout" ដែលកំពុង​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​រដូវកាលចុងក្រោយ។ការសាកល្បងនេះទទួលបានការឯកភាពពី សមាគមបាល់ទាត់អង់គ្លេស (FA), Premier League, English Football League (EFL), National League និង Women's Super League ដោយមានការអនុញ្ញាតជាផ្លូវការពី ក្រុមប្រឹក្សាអន្តរជាតិកំណត់ច្បាប់បាល់ទាត់ (IFAB)​។តាម​ច្បាប់ថ្មី ប្រសិនបើអាជ្ញាកណ្តាលអនុញ្ញាតឱ្យក្រុមគ្រូពេទ្យចូលមកព្យាបាលអ្នកចាំទី ក្រុម​នោះ​នឹង​ត្រូវ​ដកកីឡាករម្នាក់ដែលលេងនៅលើទីលាន ចេញពីការប្រកួតរយៈពេល ១ នាទី បន្ទាប់​ពី​ការ​ប្រកួត​ចាប់ផ្តើមឡើងវិញ។គ្រូបង្វឹកនឹង​មាន​ពេល ១០ វិនាទី ដើម្បីជ្រើសរើសកីឡាករដែលត្រូវចាកចេញពីទីលាន និង​ជូន​ដំណឹង​ទៅ​មន្ត្រីទី៤។ បើមិនអាចសម្រេចបានក្នុងរយៈពេល ១០ វិនាទីនោះ ប្រធានក្រុម នឹង​ត្រូវ​ចាក​ចេញ​ពីទីលានជំនួស។ការសាក​ល្បងច្បាប់ថ្មីនេះ នឹងចាប់ផ្តើមអនុវត្តជាលើកដំបូងក្នុងការប្រកួតពានរង្វាន់ League Cup វគ្គជម្រុះ រវាង Tranmere Rovers និង Rochdale នៅថ្ងៃសៅរ៍ខាងមុខ។ទន្ទឹម​នឹង​នេះ ប្រភពពី BBC Sport ក៏បានឱ្យដឹងថា ក្របខណ្ឌ A-League របស់អូស្ត្រាលី កំពុង​ត្រៀម​សាកល្បងច្បាប់ស្រដៀងគ្នាផងដែរ ប៉ុន្តែក្នុងករណីនោះ ប្រធានក្រុម នឹងត្រូវចាក​ចេញ​ពី​ទីលាន​តែ​ម្តង នៅពេលអ្នកចាំទីទទួលការព្យាបាល។ការផ្លាស់​ប្តូរនេះ មានគោលបំណងកាត់បន្ថយការប្រើប្រាស់ការព្យាបាលអ្នកចាំទីជាលេស ដើម្បី​ពន្យា​ពេល ឬផ្តល់ឱកាសឱ្យក្រុមសម្រាក និងរៀបចំយុទ្ធសាស្ត្រឡើងវិញ ដែលជា​វិធី​សាស្ត្រ​មួយ​កំពុង​ត្រូវ​បានប្រើប្រាស់កាន់តែញឹកញាប់ក្នុងបាល់ទាត់សម័យទំនើប។ក្រៅពីផ្តល់​ឱកាសឱ្យគ្រូបង្វឹករៀបចំយុទ្ធសាស្ត្រឡើងវិញ វិធីសាស្ត្រនេះក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្អាក់​ចង្វាក់​លេងរបស់គូប្រកួត នៅពេលដែលភាគីម្ខាងកំពុងគ្រប់គ្រងការប្រកួត ឬ​កំពុង​មា​ន​ស​ន្ទុះ​ល្អ​។ជាក់ស្តែង កាលពីខែវិច្ឆិកាកន្លងទៅ លោក Daniel Farke អ្នកចាត់ការក្រុម Leeds United បាន​ចោទ​ប្រកាន់​អ្នកចាំទី Gianluigi Donnarumma របស់ Manchester City ថា បានធ្វើ​ពុត​ជា​រង​របួស ​ដើម្បីបង្អាក់ភាពរលូននៃចង្វាក់លេងរបស់គូប្រកួតដែលកំពុងមានប្រៀប៕ អត្ថបទ៖នាង សុភាវុធ 

Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

2026/07/28 01:39:25 pm        313
ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ RB Leipzig, Yan Diomande បានព្រម​ព្រៀង​លើ​លក្ខ​ខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្លិបយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពី Paris Saint-Germain សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែងចង់បាន។កីឡាករជម្រើសជាតិកូតឌីវ័រវ័យ ១៩ឆ្នាំរូបនេះ ក៏ធ្លាប់ជាគោលដៅរបស់ Liverpool ផងដែរ ដោយ​ក្លិប​អង់​គ្លេសបានដាក់សំណើដំបូងប្រមាណ ៦៩ លានផោនកាលពីខែមិថុនា ប៉ុន្តែត្រូវបាន RB Leipzig បដិសេធ។ បន្ទាប់មក Liverpool បានបង្វែរគោលដៅទៅរកកីឡាករផ្សេង ខណៈ PSG ក៏​បាន​សម្រេចមិនចូលរួមក្នុងការប្រជែងតម្លៃជាមួយ Real Madrid។តាមប្រភពព័ត៌មាន PSG ត្រូវបានគេរាយការណ៍ថា បានដាក់សំណើចុងក្រោយប្រមាណ ១០២.​៥ ​លានផោន សម្រាប់ Diomande កាលពីថ្ងៃអាទិត្យ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។ទន្ទឹម​នឹង​នេះ Real Madrid បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Diomande​។ កិច្ចសន្យារបស់គេត្រូវបានគេរាយការណ៍ថា នឹងមានរចនាប័ទ្ម​ស្រដៀង​នឹង​កិច្ច​សន្យា​របស់​ខ្សែបម្រើអង់គ្លេស Jude Bellingham ដែលផ្តល់រង្វាន់ និងប្រាក់លើក​ទឹក​ចិត្ត​អាស្រ័យ​លើ​សមិទ្ធផលរបស់កីឡាករ ហើយអាចធ្វើឱ្យ​ប្រាក់​ចំណូល​របស់​គេ​កើន​ឡើង​ជា​បន្ត​បន្ទា​ប់​ពីមួយឆ្នាំទៅមួយឆ្នាំ។Real Madrid ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ លើស ១០០ លានផោន ដើម្បីនាំយក Diomande មកកាន់កីឡដ្ឋាន Santiago Bernabéu។ RB Leipzig បានព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​កីឡាករ​វ័យ​ក្មេ​ង​រូប​នេះ​ឱ្យ​បន្ត​ស្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែក្លិបបានទទួលស្គាល់ថា ការចាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុបចំពោះ Diomande គឺ​មាន​កម្រិតខ្ពស់ខ្លាំង ហើយពិបាក​នឹង​បដិសេធ​សំណើដែ​ល​អាច​ក្លាយ​ជា​តម្លៃ​លក់​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសា​ស្ត្រ​ក្លិប។Diomande ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំ Bundesliga រដូវកាល ២០២៥-២៦ បន្ទាប់ពីរកបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៨ដង កាលពីរដូវកាល​មុន​។កីឡាកររូបនេះបានចាកចេញពីប្រទេសកំណើតកូតឌីវ័រ ទៅចូលរួមជាមួយ​សាលា​បាល់​ទាត់​មួយ​នៅ​សហ​រដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ មុនពេលផ្លាស់ទៅកាន់ក្លិប Leganes របស់អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ

Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម

2026/07/28 12:45:16 pm        308
ក្លិបបាល់ទាត់ Chelsea កំពុងបើកការចរចាដើម្បីនាំយកខ្សែបម្រើ Jordan Henderson ពី Brentford និងខ្សែប្រយុទ្ធ Danny Welbeck ពី Brighton មកកាន់កីឡដ្ឋាន Stamford Bridge សម្រាប់រដូវកាលថ្មី។ប្រភពព័ត៌មានបានឱ្យដឹងថា Henderson វ័យ ៣៦ ឆ្នាំ នៅសល់កិច្ចសន្យាជាមួយ Brentford មួយឆ្នាំទៀត ប៉ុន្តែក្លិបអនុញ្ញាតឱ្យរូបគេចាកចេញដោយគ្មានតម្លៃផ្ទេរ ប្រសិនបើភាគីទាំងអស់ឈានដល់កិច្ចព្រមព្រៀង។ចំណែកឯ Danny Welbeck វ័យ ៣៥ ឆ្នាំ ក៏ត្រូវបានគេរាយការណ៍ថា មានបំណងចង់ផ្លាស់ទៅ Chelsea ដែរ ខណៈភាគីក្លិបមានទំនុកចិត្តថា ការចរចាអាចបញ្ចប់ដោយជោគជ័យក្នុងពេលឆាប់ៗនេះ។ការស្វែងរកកីឡាករជើងចាស់ទាំងពីររូបនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ Chelsea បន្ទាប់ពីម្ចាស់ក្លិបដ៏មានឥទ្ធិពល Behdad Eghbali ធ្លាប់លើកឡើងកាលពីខែមេសាថា គោលនយោបាយផ្តោតលើការនាំយកកីឡាករវ័យក្មេង ត្រូវការការកែសម្រួលខ្លះ ដោយបន្ថែមកីឡាករដែលមានបទពិសោធន៍ ដើម្បីជួយពង្រឹងតុល្យភាពក្នុងក្រុម។សម្រាប់ Welbeck រូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួតនៅ Premier League ដែលជាចំនួនគ្រាប់បាល់ច្រើនបំផុតក្នុងអាជីពរបស់គេមួយរដូវកាល។ រីឯ Henderson បានបង្ហាញខ្លួនសរុប ៣៤ ប្រកួតឱ្យ Brentford កាលពីរដូវកាលមុន បន្ទាប់ពីផ្ទេរមកពី Ajax។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏បានចូលលេងជាកីឡាករបម្រុងមួយប្រកួតនៅព្រឹត្តិការណ៍ FIFA World Cup មុនពេលរងរបួសបាក់ដៃ ដោយសារដួលលើផ្ទាំងផ្សព្វផ្សាយអំឡុងពេលអបអរជ័យជម្នះលើម៉ិកស៊ិកក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ប្រសិនបើការផ្ទេរទាំងពីរនេះកើតឡើងជាផ្លូវការ វានឹងក្លាយជាសញ្ញាបង្ហាញថា Chelsea ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Xabi Alonso កំពុងងាកមកបន្ថែមកីឡាករដែលមានបទពិសោធន៍ ដើម្បីជួយដឹកនាំក្រុមវ័យក្មេង និងបង្កើនការប្រកួតប្រជែងសម្រាប់រដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ 

កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ

2026/07/28 12:27:39 pm        367
ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត ចាត់ទុកថា ការខិតខំប្រឹងប្រែង​ប្រកួត​របស់​កីឡាករ កីឡាការិនីរាំកម្ពុជា នៅក្នុងការប្រកួតកីឡារាំ ជើងឯកអាស៊ាន នៅប្រទេសម៉ាឡេស៊ី ២០២៦ ជាការបំបែកកំណត់ត្រាថ្មីប្រកបដោយជោគជ័យ និងមោទនភាពជាតិ នៅក្នុង​ការ​ប្រកួត​អន្តរជាតិ​កម្រិត​អាស៊ាន។ថ្លែងក្នុងបទសម្ភាសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៦ បានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១៨នាក់ ចូល​រួម​ប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF ASIAN-SOUTHEAST ASIAN CHAMPIONSHIP 2026) នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលទ្ធផលទទួលបាន គឺកម្ពុជាដណ្តើមមានមេដាយសរុបចំនួន ៦៩គ្រឿង ក្នុងនោះ​មេដាយ​មាស​១៤ គ្រឿង មេដាយប្រាក់ ២៧ គ្រឿង មេដាយសំរឹទ្ធិ ២៨ គ្រឿង។ ការទទួលបានមេដាយទាំងអស់នេះ គឺនៅក្នុងការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ចំពោះកម្រិត​អាស៊ី​មិន​បាន​មេដាយទេ។លោកជំទាវ​រំលេចថា ជាមួយនឹងសមិទ្ធផលរបស់ប្រភេទកីឡារាំកម្ពុជា ដែលដណ្តើម​បាន​មេ​ដាយ​ច្រើន​ជាង​ពេល​ណាៗទាំងអស់ នាពេលនេះ គឺជាលទ្ធផលដ៏គាប់ប្រសើរ​ប្រកប​ដោយ​មោទន​ភាព​ជាតិ ​កិត្តិយសជាតិ កិត្យានុភាពជាតិ ដោយកើតចេញពីការគាំទ្រ និងការខិតខំរបស់ថ្នាក់ដឹកនាំ សហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី និងដៃគូអភិវឌ្ឍន៍។ជាគោលដៅបន្ទាប់ លោកជំទាវ នៅក្នុងវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​កីឡាករ​កីឡាការិនីទៅចូលរូមប្រកួតកីឡារាំជើងឯកអាស៊ី នៅចិនហុងកុង ហើយក៏ត្រៀម​លក្ខណៈ​​ចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧ខាងមុខ នៅប្រទេសម៉ាស៊ី។ជាមួយ​នឹងការខិតខំឆ្លងការលំបាក ទម្រាំទទួលបានមេដាយពីការប្រកួតខាងលើនេះ កីឡាករ កីឡារិនី បានសម្តែងនៅភាពរីករាយ មោទនភាពខ្លួនឯង ដែលដណ្តើម​បាន​មេដាយ​ច្រើន​មក​ជូន​ជាតិ​មាតុភូមិ​។សូមជម្រាបថា ការប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី​កម្ពុជា​ដណ្តើមបា​នមេដាយសរុបចំនួន៦៩គ្រឿង ក្នុងនោះ កីឡាករ កីឡាការិនីថ្នាលអាយុ១៣ឆ្នាំ ទទួល​បានមេដាយសរុប ៨គ្រឿង មាស៤គ្រឿង ប្រាក់២គ្រឿង សំរឹទ្ធិ ២គ្រឿង។ សម្រាប់​វ័យ​ជំទង់​ពេញវ័យ បានមេដាយសរុប ៥៥គ្រឿង មេដាយមាស៧គ្រឿង មេដាយប្រាក់ ២៣គ្រឿង និង​មេដាយសំរឹទ្ធិ ២២គ្រឿង៕ 

ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»

2026/07/28 11:50:15 am        247
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាច្រើន នៃសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានស្ម័គ្រចិត្តបន្ដចូលរួមបរិច្ចាគឈាមជាថ្មី ក្រោម​ស្មារតី «ខ្មែរជួយខ្មែរ» ក្នុងកម្មវិធី បរិច្ចាគឈាមសង្គ្រោះជីវិត លើកទី២ ដែលក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ឯកឧត្តម ហេង សុខឃន បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តបរិច្ចាគឈាមនេះ ពិតជា​មាន​តម្លៃ​ណាស់ ​ក្នុងការផ្ដល់នូវក្ដីសង្ឃឹម ក្ដីស្រម៉ៃ ពិសេសគឺការជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុង​មាន​តម្រូវ​ការ​គ្រប់​រូបភាព។ ទាំងអស់នេះហើយ ទើបជំរុញឲ្យសហព័ន្ធ និងកីឡាករ-កីឡាការិនី​ឯកភាព​គ្នា​បន្ដចូលរួមសកម្មភាពមនុស្សធម៌មួយនេះ ដ្បិតកន្លងមក​សហព័ន្ធ​ក៏​ធ្លាប់​បាន​ចូល​រួម​បរិច្ចាគ​ផង​ដែរ។ជាមួយគ្នាកីឡាករ ម៉ុន ម៉ិល ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលបានចូលរួម​សកម្មភាព​បរិច្ចាគ​ឈា​ម ដ្បិតរូបគេយល់ថា ការបរិច្ចាគនេះ មិនត្រឹមតែ​អាច​រួម​ចំណែក​ជួយ​សង្គ្រោះ​ជីវិ​ត​មនុស្ស​ប៉ុណ្ណោះ​ទេ តែក៏អាចផលិតនូវឈាមថ្មី ធ្វើឲ្យសុខភាពខ្លួនកាន់តែល្អប្រសើរទៀតផង។គួរដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សុខឃន ក្រៅពីជំរុញការបណ្ដុះបណ្ដាល និង​អភិវឌ្ឍក្លិប ពិសេសធនធានកីឡាករ-កីឡាការិនី សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង ក៏តែង​ចូល​រួម​សកម្មភាពសប្បុរសធម៌ជាច្រើន សម្ដៅរួមចំណែកជួយដល់ការងារសង្គមផងដែរ ជាក់ស្ដែង​សកម្ម​ភាព​បរិច្ចាគឈាម ដែលថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី តែងចូលរួមជារឿយៗ ហើយ​នឹង​បន្ដ​ចូល​រួមបន្ថែមទៀតនាថ្ងៃខាងមុខ៕ អត្ថបទ លី ឈុនឡា

ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ

2026/07/28 11:10:29 am        320
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្ដទទួលលទ្ធផលមិនគាប់ប្រសើរ ក្នុងការប្រកួតទី២ របស់​ខ្លួន នៃពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ ដោយ​រង​បរាជ័យ​ក្នុង​លទ្ធផល ១-៥ ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី កាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា​កន្លង​ទៅ នៅ​កីឡដ្ឋាន Pakansari ប្រទេសឥណ្ឌូនេស៊ី។ការបរាជ័យ ២ប្រកួតផ្ទួនៗដោយមិនទាន់មានពិន្ទុរាប់នេះ បានធ្វើឲ្យក្រុមគោព្រៃ ស្ទើរ​បាត់​បង់​ឱកាស​ដើម្បីប្រ​ជែងកៅអីវគ្គបន្ដ តែគ្រូបង្វឹកលោក Koji Gyotoku គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិក​ម្ពុជា ​បានបញ្ជាក់ក្រោយបញ្ចប់ការប្រកួតជាមួយឥណ្ឌូនេស៊ីថា លោកនៅតែជឿ​ជាក់​លើ​កូន​ក្រុម​នឹង​ព្យាយាម​ស្វែងរកលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅសល់។គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បញ្ជាក់ថា ទោះបីក្រុមបានរងបរាជ័យ ២ប្រកួតដំបូង ​តែ​លោក​សង្ឃឹម​ថា ​ក្រុមនឹងអាចកែលម្អនូវចំណុចខ្វះខាតដើម្បីត្រៀមការប្រកួតបន្ទាប់ ព្រោះ​​ការ​ប្រកួត​មិន​ទាន់​បញ្ចប់​នៅឡើយ ហើយនៅសល់ ២ប្រកួតខាងមុខ លោកជឿជាក់ថា ក្រុមទាំង​មូល​នឹង​ព្យាយាម​ឲ្យ​អស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អបំផុត។គួរដឹងថា ក្រោយបរាជ័យក្រៅដី ក្រុមគោព្រៃកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បី​ត្រៀមបើ​ក​ទ្វា​រ​ផ្ទះទទួលក្រុមជម្រើសជាតិទីម័រខាងកើត វិញម្ដង នាថ្ងៃទី៣ ខែសីហាខាងមុខ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិម​រតកតេជោ មុនត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះវៀតណាម ក្នុងការប្រកួត​បញ្ចប់​ពូល​A ​នៃពានរង្វាន់បាល់ទាត់ប្រចាំតំបន់នេះ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា

2026/07/28 10:47:50 am        468
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី (AVC Cup) លើកដំបូង នាឆ្នាំ២០២៧ ក្រោយ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ដ្រ​ក្នុង​ពាន​រង្វាន់​បាល់​ទះ​អាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជាមួយក្រុមបាល់ទះជម្រើស​ជាតិ​វៀតណាម ​ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលទទួលបានកៅអីលេងពានកម្រិតទ្វីបនេះ ក្រោម​លក្ខ​ខណ្ឌ​ផ្សេង​គ្នា​។នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា ក្រោយដឹកនាំក្រុមបាល់ទះកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ ជាមួយ​ពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាដណ្ដើមបានលើកដំបូង ក្នុងពាន​រង្វាន់ SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន កាលពីថ្មីៗ ជាមួយការ​ទទួល​ស្វាគមន៍​ដ៏​កក់​ក្ដៅពីថ្នាក់ដឹកនាំ ព្រមទាំងមានពិធីដង្ហែរអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ពី​អាកាសយានដ្ឋានអន្ដរជាតិតេជោ ឆ្ពោះទៅមកកាន់ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយ​មាន​ការ​ចូល​រួមសាទរយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។ទន្ទឹមជា​មួយដំណើរវិលត្រឡប់ប្រកបដោយមោទនភាពនេះដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏​បាន​បង្ហើប​នូវដំណឹងល្អមួយទៀត សម្រាប់ក្រុមបាល់ទះបុរសកម្ពុជា ដែលនឹង​ទទួល​បាន​កៅ​អី​លេង​ពាន​បាល់ទះអាស៊ី នាឆ្នាំ២០២៧ ក្នុងនាមម្ចាស់ពានបាល់ទះអាស៊ីអាគ្នេយ៍ ជើងទី១ និង​ក្រុម​ជម្រើស​ជាតិវៀតណាម ម្ចាស់ពានជើងទី២ ដែលទទួលបានកៅអីពានកម្រិតទ្វីបនេះដូចគ្នា ។ រីឯឥណ្ឌូនេស៊ី ក្នុងនាមក្រុមការពារជើងឯក AVC Cup ព្រមទាំងហ្វីលីពីន ដែល​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ពានរង្វាន់ AVC Cup 2027 ក៏នឹងមានកៅអីក្នុងការប្រកួតនេះផងដែរ។ជាមួយការ​សាង​សមិទ្ធផលដ៏ភ្ញាក់ផ្អើល និងទទួលបានឱកាសពានកាន់តែធំនេះដែរ ចំពោះ​មុខ​សហព័ន្ធ​នឹង​ព្យាយាមពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង ពិសេសការជ្រើស​រើស​កីឡាករ​មក​ជំនួស​បន្ថែម​ បន្ទាប់កីឡាកររាមច្បងមួយចំនួន មានបញ្ហារបួស ដើម្បីត្រៀម​លក្ខណៈ​ចូល​រួម​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន ​នាឆ្នាំក្រោយ ទាំងស៊ីហ្គេម ពានបាល់ទះអាស៊ីអាគ្នេយ៍ ពិសេសការត្រៀម​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ពានបាល់ទះទ្វីបអាស៊ីតែម្ដង។ដោយឡែកកីឡាករ សួន ចាន់ណារ៉ូ និង គួន មុំ បានបង្ហាញនូវមោទនភាព ក្រោយ​សម្រេច​បាន​នូវ​ក្ដី​ស្រម៉ៃ​ដ៏​ធំ ក្នុងការនាំពាន និងមេដាយមាសព្រឹត្តិការណ៍ប្រចាំតំបន់ត្រឡប់មកមាតុភូមិ ជា​មួយ​ការ​ស្វាគមន៍ដ៏កក់ក្ដៅពីប្រជាពលរដ្ឋ។ បែបនេះក្ដី ពួកគេបានតាំងចិត្ត និងប្ដេជ្ញា​បន្ដ​ការ​ខំ​ប្រឹង​បន្ថែម​ទៀត ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតជាច្រើន នាពេលខាងមុខ។សូមរំឮកថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចំណាយពេលត្រឹម ២រដូវកាលប៉ុណ្ណោះ ដើម្បី​ក្លាយ​ជាជើ​ងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ជើងទី១ ឆ្នាំ២០២៦ នៅលើទឹកដីហ្វីលីពីន ក្រោយ​យក​ឈ្នះក្រុមថៃ ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-​២សិត នៅវគ្គផ្ដាច់ព្រ័ត្រ មុនបន្ដធ្វើដំណើរទៅប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់ដដែល នៅ​ទឹកដីឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ ដោយ​ទទួល​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤។ យ៉ាងណាមិញសរុបពិន្ទុការប្រកួតទាំង ២ជើង ក្រុមបាល់ទះកម្ពុជា ក៏ទទួលបាន​កៅ​អី​លើក​ដំបូង ដើម្បីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM