កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ

2026/07/27 02:30:45 pm        322
កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតក្នុងពិភពលោក Kazuyoshi Miura បានស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ ខណៈកំពុងលេងឱ្យក្លិបជប៉ុន Fukushima United នៅលីគទីបីជប៉ុន។Miura បានស៊ុតបញ្ចូលទីនៅនាទីទី៥២ ដើម្បីជួយឱ្យ Fukushima United នាំមុខ ៥-០ ក្នុងជ័យជម្នះយ៉ាងធំធេង ៧-០ លើ Iwaki Furukawa ក្នុងពានរង្វាន់ Emperor's Cup កាលពីថ្ងៃសៅរ៍។នេះជាគ្រាប់បាល់ក្នុងការប្រកួតផ្លូវការលើកដំបូងរបស់គេ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ពេលគេស៊ុតបញ្ចូលទីឱ្យក្លិប Suzuka PG ដែលបច្ចុប្បន្នមានឈ្មោះថា Atlético Suzuka ក្នុងការប្រកួតទល់នឹង FC Osaka។ត្រូវបានអ្នកគាំទ្រជប៉ុនដាក់រហស្សនាមថា «King Kazu» Miura គឺជាកីឡាករដ៏មានប្រជាប្រិយភាពបំផុតម្នាក់នៅប្រទេសជប៉ុន និងជា Superstar ម្នាក់របស់ J.League។Miura បានចាប់ផ្តើមអាជីពជាមួយក្លិបប្រេស៊ីល Santos ក្នុងឆ្នាំ១៩៨៦ ហើយក៏ធ្លាប់លេងឱ្យក្លិបនៅប្រទេសអ៊ីតាលី ក្រូអាស៊ី និងអូស្ត្រាលីផងដែរ។អាជីពបាល់ទាត់ដ៏វែងអន្លាយរបស់ Miura នឹងឈានចូលរដូវកាលទី៤២ បន្ទាប់ពីគេបានបន្តកិច្ចសន្យាខ្ចីជើងជាមួយ Fukushima United ពីក្លិប Yokohama FC នៅលីគ J2 រហូតដល់ខែមិថុនា ឆ្នាំ២០២៧។Miura បានចុះហត្ថលេខាជាមួយ Yokohama FC តាំងពីឆ្នាំ២០០៥ ប៉ុន្តែគេមិនបានចូលលេងសូម្បីតែមួយនាទីសម្រាប់ក្លិបនេះ ចាប់តាំងពីឆ្នាំ២០២០មក៕ អត្ថបទ៖នាង សុភាវុធ

វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី

2026/07/27 02:02:14 pm        404
អ្នកចាំទីកាប់វែរ Vozinha ដែលបានក្លាយជាតារាដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបយក្សរបស់ស៊ីលី Colo-Colo។ នេះបើតាមការបញ្ជាក់របស់ប្រធានក្លិប លោក Anibal Mosa។អ្នកចាំទីវ័យ៤០ឆ្នាំ ដែលបច្ចុប្បន្នជាកីឡាករទំនេរគ្មានក្លិប នឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីលី ដើម្បីឆ្លងកាត់ការពិនិត្យសុខភាព មុនពេលត្រូវបានប្រកាសជាផ្លូវការនៅកីឡដ្ឋាន Estadio Monumental ក្នុងទីក្រុង Santiago។ប្រធានក្លិបលោក Anibal Mosa បានឱ្យដឹងថា ការបង្ហាញសមត្ថភាពរបស់ Vozinha នៅ World Cup គឺជាភស្តុតាងថា អ្នកចាំទីជើងចាស់រូបនេះសក្តិសមនឹងការផ្ទេរមកកាន់ Colo-Colo។ ទន្ទឹមនឹងនេះ លោកក៏ទទួលស្គាល់ថា ការចុះហត្ថលេខានេះអាចផ្តល់អត្ថប្រយោជន៍ផ្នែកទីផ្សារដល់ក្លិបផងដែរ។Vozinha បានចាកចេញពីក្លិប Chaves ដែលលេងនៅលីគទីពីររបស់ព័រទុយហ្គាល់ មុនពេលចូលរួម World Cup។ នៅក្នុងការប្រកួតនោះ គេបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ដោយជួយឱ្យកាប់វែរដែលបង្ហាញខ្លួននៅ World Cup ជាលើកដំបូង អាចរក្សាលទ្ធផលស្មើ ០-០ ជាមួយអេស្ប៉ាញដែលចុងក្រោយជាម្ចាស់ជើងឯក។លើសពីនេះកាប់វែរ ក៏បានធ្វើឱ្យអាហ្សង់ទីន ដែលក្រោយមកក្លាយជាជើងឯករង ប្រឈមការលំបាកយ៉ាងខ្លាំង ដោយបង្ខំឱ្យការប្រកួតឈានដល់ម៉ោងបន្ថែមនៅវគ្គ ៣២ក្រុមចុងក្រោយ។ដោយសារការបង្ហាញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍នេះ Vozinha ត្រូវបានអ្នកគាំទ្របោះឆ្នោតជ្រើសរើសចូលក្នុង ក្រុម ១១ នាក់ល្អបំផុតរបស់ World Cup ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន

2026/07/27 12:33:01 pm        829
រោងពុម្ពមួយនៅទីក្រុង Buenos Aires បានបោះពុម្ពសារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ឬ «កោះម៉ាល់វីណាសជារបស់អាហ្សង់ទីន» ដោយឥតគិតថ្លៃ ដើម្បីបង្ហាញការអះអាងអធិបតេយ្យភាពរបស់អាហ្សង់ទីនលើកោះ Falkland។សារនេះបានក្លាយជាប្រធានបទចម្រូងចម្រាស បន្ទាប់ពីត្រូវបានបង្ហាញក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup រវាងអាហ្សង់ទីន និងអង់គ្លេស។រោងពុម្ពបានប្រើទម្រង់អក្សរដូចគ្នាទៅនឹងបដាដែលកីឡាករអាហ្សង់ទីនបានលើកឡើង បន្ទាប់ពីយកឈ្នះអង់គ្លេសនៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី១៥ ខែកក្កដា ដើម្បីបោះពុម្ពសារនេះលើសម្លៀកបំពាក់របស់អ្នកគាំទ្រ។ក្រោយហេតុការណ៍នោះ អង់គ្លេសបានអំពាវនាវឱ្យ FIFA ស៊ើបអង្កេតលើករណីនេះ។បញ្ហាអធិបតេយ្យភាពលើដែនដីកោះនៅមហាសមុទ្រអាត្លង់ទិកខាងត្បូងនេះ ដែលអង់គ្លេសហៅថា Falkland Islands ខណៈអាហ្សង់ទីនហៅថា Malvinas បានក្លាយជាបញ្ហារសើប និងជាប្រភពភាពតានតឹងរយៈពេលយូរមកហើយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។អាហ្សង់ទីនអះអាងជាយូរមកហើយថា ខ្លួនបានទទួលមរតកកោះទាំងនេះពីអេស្ប៉ាញ បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ១៨១៦ ហើយថា អង់គ្លេសបានគ្រប់គ្រងកោះនេះនៅឆ្នាំ១៨៣៣ តាមរយៈសកម្មភាពអាណានិគមដែលអាហ្សង់ទីនចាត់ទុកថា ខុសច្បាប់។នៅឆ្នាំ១៩៨២ អាហ្សង់ទីន និងអង់គ្លេសបានធ្វើសង្គ្រាមរយៈពេលខ្លីលើកោះនេះ ក្នុងអំឡុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher។ សង្គ្រាមបានផ្ទុះឡើងបន្ទាប់ពីអាហ្សង់ទីនព្យាយាមចូលកាន់កាប់កោះ ប៉ុន្តែបរាជ័យ។ ជម្លោះនោះបានបណ្តាលឱ្យសមាជិកកងកម្លាំងអាហ្សង់ទីន ៦៤៩នាក់ និងកងកម្លាំងអង់គ្លេស ២៥៥នាក់ បាត់បង់ជីវិត៕ អត្ថបទ៖នាង សុភាវុធ

ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

2026/07/27 11:40:08 am        183
ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ គ្រោងនឹងរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ដ៏ធំមួយ នាថ្ងៃទី២៩ ខែសីហាខាងមុខ បន្ទាប់ពីចាប់ផ្ដើមសកម្មភាពការប្រកួតផ្លូវការលើកដំបូង ក្រោយក្រុមបាល់ទាត់មានសមាសភាពកីឡាករចម្រុះមួយនេះ ត្រូវបានប្រកាសទទួលស្គាល់ និងបង្ហាញឯកសណ្ឋានផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្មីៗ ជាមួយគោលបំណងសំខាន់ៗ ៣ គឺ កីឡា មិត្តភាព និងសប្បុរសធម៌។នេះបើតាមការបង្ហើបរបស់ឯកឧត្តម គួច វែងស្រ៊ុង អ្នកចាត់ការទូទៅក្រុម កំឡុងក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានធ្វើការប្រកួតមិត្តភាពទល់នឹងក្រុមសមាគមគ្រូពេទ្យ TYDA នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមបាល់ទាត់ ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមនេះ បានយកឈ្នះក្នុងលទ្ធផល ១-០ ដែលសម្រេចគ្រាប់បាល់បញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា។ឯកឧត្តម គួច វែងស្រ៊ុង បានចាត់ទុកនេះជាការប្រកួតមិត្តភាពផ្លូវការដំបូង ក្រោយការប្រកាសទទួលស្គាល់សមាសភាពកីឡាករ ដែលក្រុមបានកំណត់យកថ្ងៃសុក្ររៀងសប្ដាហ៍ទី៣ ប្រចាំខែនីមួយៗ ដើម្បីណាត់ប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗ ហើយក៏ជាការត្រៀមលក្ខណៈមួយ ក្នុងដំណើរឈានទៅរៀបចំការប្រកួតសប្បុរសធម៌មួយ នាថ្ងៃទី២៩ ខែសីហា ដើម្បីកៀរគរមូលនិធិ សម្ភារៈ និងរបស់របរប្រើប្រាស់ផ្សេងៗ សម្រាប់គាំទ្រដល់ពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមដូចសកម្មភាពសប្បុរសធម៌ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាធ្លាប់បានរៀបចំកន្លងមកដែរ។សូមរំឮកថា ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបង្កើតតាំងពីខែតុលា ឆ្នាំ២០២៤ ហើយបានចូលរួមប្រកួតមិត្តភាព និងសកម្មភាពជាប្រយោជន៍ដ៏សង្គមជាតិជាច្រើន រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗ ទើបមានការប្រកាសទទួលស្គាលសមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ជាផ្លូវការ ដែលមានសមាជិកសរុប ៨៧រូប មកពីគ្រប់មជ្ឈដ្ឋាន រួមមានថ្នាក់ដឹកនាំ និងសមាជិកសកម្មរបស់ ស.ស.យ.ក., មន្ត្រីរាជការ, ពាណិជ្ជករ, សិល្បករ, កីឡាករអាជីព អតីតកីឡាករអាជីព និងកីឡាករមកពីក្រុមផ្សេងៗ ។សម្រាប់គោលបំណងងសំខាន់នៃការបង្កើតក្រុមនេះឡើង គឺឈរលើស្មារតី «កីឡា មិត្តភាព សប្បុរសធម៌» ដើម្បីប្រមូលផ្តុំអ្នកស្នេហាវិស័យកីឡាបាល់ទាត់ លើកកម្ពស់សុខភាព សាមគ្គីភាព និងបង្កើតសកម្មភាពសង្គម ស្របតាមទិសដៅយុទ្ធសាស្ត្រ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»៕ អត្ថបទ លី ឈុនឡា

កីឡាករម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ ត្រៀមផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី

2026/07/27 11:23:05 am        392
កីឡាករម៉ូតូស្ព័រឆ្នើមរបស់កម្ពុជា ឈឹម ពិសិដ្ឋ នឹងត្រូវចូលរួមព្រឹត្តិការណ៍ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប Malaysia Superbike Championship ជុំទី៣ ឆ្នាំ២០២៦  ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហាខាងមុខ ដោយការប្រណាំងថ្នាក់ជាតិដ៏ធំជាងគេរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍អន្ដរជាតិដ៏ធំមួយនៅអាស៊ី ដ្បិតមានកីឡាករអាជីពខ្លាំងៗជាច្រើនចូលរួម។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបំពេញបេសកកម្មតំណាងជាតិនេះ ពិសិដ្ឋ បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួម និងផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ព្រោះរាល់ការបង្ហាញវត្តមានរបស់កីឡាករកម្ពុជាក្នុងព្រឹត្តិការណ៍នេះ តែងធ្វើឲ្យបណ្ដាប្រទេសផ្សេងៗភ្ញាក់ផ្អើល ។ លើសពីនេះ រូបគេក៏បានប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីរក្សាគម្លាតមិនឲ្យឆ្ងាយពេកពីគូប្រជែង ទោះបីខ្លួនត្រូវបានតម្លើងវិញ្ញាសាកាន់តែខ្ពស់ ដោយត្រូវប្រណាំងលើម៉ូតូកម្រិត 1000cc ក៏ដោយ។ទន្ទឹមជាមួយបេសកកម្មរបស់កីឡាករតំណាងកម្ពុជានេះដែរ ឯកឧត្តម ខៃ វណ្ណៈ អគ្គលេខាធិការសហព័ន្ធកីឡាយានយន្ដកម្ពុជា បានបង្ហាញការគាំទ្រចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់ ឈឹម ពិសិដ្ឋ ដែលបានលះបង់ និងការខិតខំប្រឹងប្រែង ដើម្បីចូលរួមព្រឹត្តិការណ៍កម្រិតអន្ដរជាតិដ៏ធំនេះ ហើយក៏សង្ឃឹមថា រូបគេនឹងធ្វើបានល្អ ក្នុងជំហានថ្មី ដើម្បីឆ្ពោះទៅរកការប្រកួតកម្រិតខ្ពស់ជាបន្ដបន្ទាប់ទៀត នាថ្ងៃខាងមុខ។ជាមួយការបញ្ជូនសមាជិកក្លិប Mekong motorcycle club រួមជាមួយជាងមេកានិច លោក ជាចាន់ ដាវិដ ទៅចូលរួមព្រឹត្តិការណ៍ Malaysia Superbike Championship ជុំទី៣ ឆ្នាំ២០២៦ នេះដែរ ឈឹម ពិសិដ្ឋ បានអរគុណដល់ដៃគូសហការឧបត្ថម្ភ រួមមាន៖ Top-One, Raksmey bike shop និង Magic workshop Cambodia ជាដើម ដែលជំរុញឲ្យខ្លួនមានឱកាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះជាថ្មី ហើយរូបគេក៏បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អបំផុត ដើម្បីនាំមកនូវសមិទ្ធផលល្អជូនក្លិប និងប្រទេសជាតិផងដែរ៕ អត្ថបទ លី ឈុនឡា 

កម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតទី២ នៃពានបាល់ទាត់អាស៊ាន រាត្រីនេះ

2026/07/27 10:49:41 am        335
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដានេះ ក្នុងពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ នៅកីឡដ្ឋាន Pakansari នៃតំបន់កោះជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី។នេះគឺជាការប្រកួតទី២ ក្នុងA របស់ក្រុមគោព្រៃកម្ពុជា ក្រោយរបូត ៣ពិន្ទុក្នុងការប្រកួតដំបូង ទល់ក្រុមជម្រើសជាតិសិង្ហបុរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ តែជាការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។សម្រាប់ជំនួបទល់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាត្រីនេះដែរ ពិតជាជំនួបដ៏សំខាន់សម្រាប់កម្ពុជា ដែលត្រូវការពិន្ទុដើម្បីរក្សានូវឱកាសប្រជែងកៅអីវគ្គបន្ដ តែក៏ជាការដ៏លំបាកផងដែរ ដ្បិតផ្អែកលើប្រវត្តិជួបគ្នា និងស្ថានភាពក្រុមទាំងពីរ ឥណ្ឌូនេស៊ី កំពុងមានប្រៀប ព្រមទាំងសម្ពាធពីអ្នកគាំទ្រ ក៏ដូចជាផលចំណេញការប្រកួតក្នុងដី និងជាការប្រកួតដំបូងរបស់ខ្លួនថែមទៀត។គួរដឹងថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់នបាល់ទាត់អាស៊ីអាគ្នេយ៍នេះ កម្ពុជា ស្ថិតក្នុងពូលA ជាមួយគូប្រជែង ៤ក្រុមផ្សេងទៀត ក្នុងនោះក្រោយបរាជ័យទល់ក្រុមភ្ញៀវសិង្ហបុរី និងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី យប់នេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមជម្រើសជាតិទីម័រខាងកើត វិញម្ដង នាថ្ងៃទី៣ ខែសីហា មុនធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026

2026/07/27 10:25:02 am        322
យុទ្ធនាការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ បាន​បញ្ច​ប់​ដោយជោ​គជ័យ ដោយក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងវៀតណាម បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ដ្រ​ពាន​ប្រចាំតំ​បន់នេះ ក្រោយគ្រងជើងឯករៀងៗខ្លួន ពោលគឺក្រុមបាល់ទះកម្ពុជា បាន​គ្រង​ជើង​ឯក​ក្នុង​ការប្រកួតជើងទី១ នៅហ្វីលីពីន គ្រាដែលវៀតណាម បានគ្រង​ជើង​ឯក​ក្នុង​ការ​ប្រកួត​ជើង​ទី​២ នៅប្រទេសឥណ្ឌូនេស៊ី។សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់ SEA V.Cup 2026 ដែល​ទើប​បញ្ចប់​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​កន្ល​ងទៅ ក្រុមបាល់ទះកម្ពុជា បានបញ្ចប់នៅត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយរង​បរាជ័យ​ទល់​ក្នុ​​ងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ១-៣សិត ជាមួយពិន្ទុ ១៨-២៥, ២៥-១៩, ២០-២៥ និង ២៤-២៦ គ្រាដែលវៀតណាម បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមថៃ ដោយ​លទ្ធ​ផល ៣-២សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។សមិទ្ធផលនេះ ថ្វីដ្បិតកម្ពុជា មិនអាចបន្ថែមកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី ក្នុងការដណ្ដើមជើងឯក ដូច​កាលពីជើងទី១ តែមហាជនក្នុងតំបន់ ពិសេសអ្នកគាំទ្រកម្ពុជា នៅតែសាទរ និងវាយតម្លៃខ្ពស់ ចំពោះ​ការខំប្រឹងរបស់កីឡាករកម្ពុជាគ្រប់រូប ទោះបីកីឡាករសំខាន់ៗមួយចំនួន ខំ​ប្រឹង​លេង​ទាំ​ង​របួស​យ៉ាង​ណាក្ដី​។ អ្វីដែលមានមោទនភាពបំផុត គឺការបង្កើតប្រវត្តិសាស្ដ្រ​គ្រង​ជើង​ឯក​លើកដំ​បូង ​ក្នុងពានរង្វាន់បាល់ទះប្រចាំតំបន់នេះ កាលពីជើងទី១ នៅហ្វីលីពីន ក្រោយចំណាយពេល ២​រដូវកាល។ចំណែកក្រុមបាល់ទះវៀតណាម ដូចគ្នានឹងកម្ពុជាដែរ ដ្បិតនេះជាលើកដំបូង ដែល​ពួក​គេ​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់ SEA V.Cup ជាមួយលទ្ធផលដ៏ភ្ញាក់ផ្អើល បើធៀបកាលពីជើងទី១ ។ ក្រោយ​បញ្ចប់ត្រឹមលេខ២ ក្នុងពូលB ពួកគេបានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-១សិត នៅ​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះក្រុមថៃ ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ប្រទេស​ទី៤​ ក្នុងចំណោមបេក្ខភាព ៦ប្រទេស ដែលបានគ្រងជើងឯកពានដ៏ធំនេះ ក្រោយ​ចំណា​យពេ​ល ៤រដូវកាល។ទាំងអស់នេះ សុទ្ធសឹងជារឿងភ្ញាក់ផ្អើល សម្រាប់អ្នកតាមដានវិស័យកីឡាបាល់ទះក្នុងតំបន់ ពិសេស​សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ តែង​បង្ក​នូវ​ការ​ភ្ញាក់​ផ្អើលជាបន្ដបន្ទាប់ រាប់ចាប់ពីស៊ីហ្គេម លើកទី៣១ កាលពីឆ្នាំ២០២២ នៅវៀតណាម រហូត​ដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលក្រុមបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ និង​មេដាយប្រាក់ជាបន្ដបន្ទាប់ មុនបើកទំព័រប្រវត្តិសាស្ដ្រឈ្នះជើងឯក SEA V.Cup ជើងទី១ ឆ្នាំ២០២៦ ដែលជាសញ្ញាណរីកចម្រើនថ្មីមួយទៀត សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​ព្រឹត្តិ​ការណ៍អន្ដរជាតិធំៗជាបន្ដបន្ទាប់នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am        394
ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា​ភ្លាត់ចាញ់ក្រុមបាល់ទាត់សិង្ហបុរីនៅនាទីទីចុងក្រោយ ដោយ​គ្រាប់​បាល់​របស់​កីឡាករ Ilhan Fandi Ahmad ក្នុង​ជំនួប​បើក​ឆាក​ពាន​រង្វាន់​បាល់​ទាត់​តំបន់​អាស៊ី​អាគ្នេយ៍ (ASEAN Hyundai Cup 2026) កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ក្នុង​ជំនួបនេះលេងបាន ២២នាទី ក្រុមបាល់ទាត់ជម្រើសជាតិ​សិង្ហបុរី​បានបើកការ​នាំ​មុខ​មុន​ដោយ​គ្រាប់​បាល់រ​បស់កីឡាករ Shawal Anuar។លុះរហូតដល់នាទី៥៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាន​វាយ​បក​តាម​ស្មើ​ដោយ​គ្រាប់​បាល់​របស់​កីឡាករ អ៊ុក សុវណ្ណ នៅនាទីទី៥៥។ តែយ៉ាងណាក៏ដោយនាទីទី៩០+១១ កីឡាករ Ilhan Fandi Ahmad បាន​ទាត់គ្រាប់ចុងក្រោយ​ឱ្យសិង្ហបុរីឈ្នះកម្ពុជា ២ទល់នឹង១។ក្រោយ​ការប្រកួតនេះថ្ងៃទី២៧ ខែកក្កដា កម្ពុជានឹង​ត្រូវប្រកួតជាមួយឥណ្ឌូណេស៊ីក្រៅដី។ ឯ​សិង្ហបុរី​ទទួល​ទីម័រខាងកើតថ្ងៃជាមួយគ្នា៕

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm        308
ខ្សែបម្រើជើងចាស់ Luka Modric បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំជាមួយក្លិបអ៊ីតាលី AC Milan ខណៈរូបគេនឹងឈានចូលវ័យ ៤១ ឆ្នាំនៅខែកញ្ញាខាងមុខ។កីឡាករជនជាតិក្រូអាស៊ីរូបនេះបានចូលរួមជាមួយ AC Milan កាលពីរដូវក្តៅឆ្នាំមុន ជាមួយនឹងកិច្ចសន្យាមួយឆ្នាំ និង ជម្រើសបន្តកិច្ចសន្យា បន្ទាប់ពីចាកចេញពី Real Madrid។ក្រោយចំណាយពេល ១៣ ឆ្នាំនៅកីឡដ្ឋាន Real Madrid, Modric បានបង្ហាញខ្លួន ៣៧ ប្រកួត និងរកបាន ២ គ្រាប់សម្រាប់ AC Milan ក្នុងរដូវកាលមុន។ ទោះជាយ៉ាងណា Milan បានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ទី៥ ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A និងឈានដល់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃពាន Coppa Italia ប៉ុណ្ណោះ។Modric ក៏ទើបតែចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទី៥ របស់ខ្លួនផងដែរ ប៉ុន្តែក្រុមជម្រើសជាតិក្រូអាស៊ីត្រូវបានព័រទុយហ្គាល់ទម្លាក់ចេញនៅវគ្គ ៣២ ក្រុមចុងក្រោយ។ចាប់តាំងពី Modric ក្លាយជាប្រធានក្រុមជម្រើសជាតិក្រូអាស៊ីក្នុងឆ្នាំ ២០១៦ ក្រុមរបស់គេធ្លាប់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯករង និងចំណាត់ថ្នាក់លេខ៣ នៅព្រឹត្តិការណ៍ World Cup។ម្ចាស់ពាន Ballon d'Or ឆ្នាំ ២០១៨ រូបនេះ បានឈ្នះពាន UEFA Champions League ចំនួន ៦ លើក និងពាន La Liga ចំនួន ៤ លើកជាមួយ Real Madrid។ មុនពេលផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញ Modric ក៏ធ្លាប់បង្ហាញខ្លួន ១៦០ ប្រកួតសម្រាប់ Tottenham Hotspur ក្នុងរយៈពេល ៤ ឆ្នាំផងដែរ។នៅរដូវកាលថ្មីនេះ Modric នឹងធ្វើការក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Manchester United លោក Ruben Amorim ដែលបានចូលមកជំនួសលោក Massimiliano Allegri បន្ទាប់ពី Allegri ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm        297
ក្លិបកាំភ្លើងធំ Arsenal បានប្រកាសចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជម្រើសជាតិក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន។កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេលវែងជាមួយក្រុមជើងឯក Premier League។ក្នុងអំឡុងពេលលេងឱ្យ Club Brugge, Tzolis បានបង្ហាញខ្លួន ១០៨ ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៤៥ លើក។ការមកដល់របស់ Tzolis កើតឡើងបន្ទាប់ពី Arsenal បានបាត់បង់ខ្សែប្រយុទ្ធជនជាតិបែលហ្សិក Leandro Trossard ដែលបានផ្លាស់ទៅកាន់ Besiktas កាលពីដើមខែនេះ។Tzolis បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិបក្រិក PAOK ហើយក្រោយមកបានចូលរួមជាមួយ Norwich City។ ក្នុងអំឡុងពេលលេងនៅ Norwich ចន្លោះឆ្នាំ ២០២១ ដល់ ២០២៤ គេបានបង្ហាញខ្លួន ៣០ ប្រកួត និងរកបានបីគ្រាប់។ក្នុងអំឡុងពេលនៅ Norwich, Tzolis ក៏ធ្លាប់ត្រូវបានខ្ចីជើងទៅកាន់ក្លិបហូឡង់ Twente និង Fortuna Düsseldorf មុនពេលផ្លាស់ទៅកាន់ Club Brugge។គួរឱ្យចាប់អារម្មណ៍ថា Tzolis បានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ក្នុងការប្រកួតដែល Norwich ចាញ់ Arsenal ០-១ កាលពីខែកញ្ញា ឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM