ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

យុវជន​អាស៊ាន និង​មន្ដ្រី​ UN ​ចាប់អារម្មណ៍​បទ​បង្ហាញ​កីឡាការិនី ពៅ សុខា ក្នុង​ប្រធានបទ “​កីឡា​រស់ក្នុង​សន្ដិភាព​”

2022/12/22 06:14:01 pm        66
​​វ៉ូ​វី​ណា​ម​៖ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជា ពៅ សុខា តំណាង​យុវជន​កម្ពុជា​កាលពី​ថ្មីៗត្រូវបាន​អញ្ជើញ​ចូលរួម​វេទិកា​យុវជន​ថ្នាក់​តំបន់​អាស៊ាន​-​អង្គការសហប្រជាជាតិ​ (UN) ស្ដីពី​ការ​ទប់​ស្កាត់​អំពើហិង្សា​ជ្រុលនិយម​តាមរយៈ​កីឡា (ASEAN-UN Reginal Youth Forum on Prevention Violet Extremism Through Sport) ​ដែល​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ​​បន្ទាប់ពី​ចូលរួម​វេទិការ​អន្ដរជាតិ កញ្ញា​បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​ក្នុងចំណោម​យុវជន​អាស៊ាន​ភាគច្រើនដែលជា​អ្នកមាន​បទពិសោធន៍​ផ្នែក​ការងារ​សង្គម ឬ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ផ្ទុយ​ពី​ខ្លួន​ជា​អ្នកកីឡា តែ​បានធ្វើ​បទ​បង្ហាញ​ចែករំលែក​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​កម្ពុជា ក្រោម​ដំបូល​សន្ដិភាព ពុំមាន​ហិង្សា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ដូច​បណ្ដា​ប្រទេស​មួយចំនួន។​ អ្វីដែល​ពិសេសគឺ​កីឡាការិនី​ស្រស់​សោភា​រូបនេះ បាន​លើកយក​ប្រធានបទ “​កីឡា​រស់ក្នុង​សន្ដិភាព​” ទៅ​បង្ហាញ​ក្នុង​វេទិកា​សាធារណៈ​នេះ រហូត​មានការ​ចាប់អារម្មណ៍​ពី​បណ្ដា​យុវជន​អាស៊ាន និង​មន្ដ្រី​ UN ​ដ្បិត​កញ្ញា​យល់ថា ច្បាស់​ណាស់ កីឡា​មិន​ត្រឹមតែ​នាំមុខ​សុខភាព មិត្តភាព សាមគ្គីភាព​នោះទេ ថែមទាំង​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ និង​សុខសន្ដិភាពថែមទៀត។​ ​គួរ​ដឹងថា កន្លងមក​កីឡាការិនី ពៅ សុខា ក៏​ត្រូវបាន​អន្ដរជាតិ​ជ្រើសរើស និង​អញ្ជើញ​ចូលរួម​ចែករំលែក​ពីបទ​ពិសោធន៍ និង​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​កីឡា​ក្នុង​វេទិកា​អន្ដរជាតិ ជាក់ស្ដែង​កាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ កញ្ញា​ក៏ត្រូវ​បាន​លេខាធិការដ្ឋាន​អាស៊ាន អញ្ជើញ​ចួ​ល​រួម​កម្មវិធី​ជជែក​ពិភាក្សា​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី ក្នុង​វិស័យ​កីឡា​នៅ​អាស៊ាន និង​ការផ្តល់​កិត្តិយស​ដល់​ម្ចាស់​មេដាយ​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន​តូ​ក្យូ ២០២០ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​សន្និសីទ​វីដេអូ​ ​ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុជា​ ​រួមជាមួយ​ និង​ទូត​សុច្ឆន្ទៈ​កីឡា​ស្ត្រី​អាស៊ាន​មកពី​ប្រទេស ៩​ផ្សេងទៀត​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

កីឡា​វាយ​សី​ជំរុញ​ការហ្វឹកហាត់ទាំង​មុន និង​ក្រោយ​ស៊ី​ហ្គេម ដើម្បី​និរន្ដរភាព​នៃ​ការអភិវឌ្ឍ

2022/12/22 05:43:17 pm        102
​វាយ​សី​៖ ឯកឧត្តម​ លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​លើក​ឡើង​ថា សហព័ន្ធ​បាន​ខិតខំ​ជំរុញ​ការហ្វឹកហាត់ទាំង​មុន និង​ក្រោយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​រក្សាបាន​នូវ​និរន្ដរភាព​នៃ​ការអភិវឌ្ឍ ឆ្ពោះទៅរក​ការប្រកួត​ដោយ​ស្មើ​មុខមាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​នៅលើ​ឆាក​អន្ដរជាតិ។​ ​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​សាមគ្គី​អូឡាំពិក ស្ដីពី​គ្រូបង្វឹក​កីឡា​វាយ​សី​កម្រិត​១ ឆ្នាំ​២០២២ ក្រោយ​ដំណើរ​ការរៀបចំ​អស់​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​១៦-២១ ខែធ្នូ​នេះ ក្រោម​គម្រោង​ថវិកា​របស់​អង្គការ​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ ដែល​បង្រៀន​ដោយ​គ្រូឧទ្ទេស​កម្រិត​ខ្ពស់​លោក​ Sambenthan Sivaperumal ​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី (BA)​។​ ​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​នេះ​ឡើង ដើម្បី​ផលិត​ធនធាន​គ្រូបង្វឹក​កីឡា​វាយ​សី​កម្ពុជាឲ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ ហើយ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ការបណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនីដែល​ពឹង​​ផ្អែកលើ​គ្រូបង្វឹក​មានគុណ​វុឌ្ឍិ​ខ្ពស់។ ដូច្នេះ​មិន​ថា​ការត្រៀម​ស៊ី​ហ្គេម ឬ​ក្រៅ​ស៊ី​ហ្គេម​នោះទេ សហព័ន្ធ​គឺមាន​ផែនការ​ច្បាស់លាស់ ដើម្បី​ពង្រឹង និង​ពង្រីក​ការអភិវឌ្ឍ​វិស័យ​កីឡា​វាយ​សី​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត។​​​ឯកឧត្តម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា វគ្គ​នេះមាន​សិក្ខាកាម​ចូលរួម​សរុប ២៥​នាក់ (​ស្រី ៦​នាក់​) មកពី ១១​ក្លិប​-​សមាគម និង​រាជធានី​-​ខេត្ត​​ដែល​សិក្សា​ចាប់ពី​ថ្ងៃទី​១៦-២១ ខែធ្នូ​នេះ។ ជា​លទ្ធផល​មាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​មាន​ចំនួន ៥០% និទ្ទេស​មធ្យម ២០% និង​និទ្ទេស​ខ្សោយ ២០%។ ក្រោយពី​បញ្ចប់​វគ្គ​នេះ ឯកឧត្ដម​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​ប្តេជ្ញាចិត្ត​យកចំណេះ​ដឹង​ទាំងនេះ ​ទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​វាយ​សី​នៅតាម​ក្លិប និងបណ្តា​ខេត្ត​នានាឲ្យ​មាន​សក្តានុពល​ ដូច​បណ្តា​ប្រទេសជិតខាង​នៅក្នុង​តំបន់៕​អត្ថបទ៖ លី ឈុន​ឡា

វៀតណាម​បើក​ទំព័រ AFF Mitsubishi Electric Cup ជាមួយនឹង​ជ័យជំនះ ៦-០ នៅ​ទឹកដី​ឡាវ

2022/12/22 05:23:43 pm        90
​បាល់ទាត់៖ ​ក្រុម​ការពារ​ជើងឯក​បាល់ទាត់​អាស៊ីអាគ្នេយ៍​ឆ្នាំ២០១៨ វៀតណាម​បាន​បើក​ទំព័រ​ប្រកួត​ដំបូង​របស់ខ្លួន​នៅ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាមួយនឹង​ជ័យជំនះ​ធំធេង ៦-០ នៅ​ទឹកដី​ឡាវ​។ ​​Nguyen Tien Linh បាន​បើក​ការនាំ​មុខ​ឱ្យ​វៀតណាម​នៅ​នាទី​ទី១៥ មុនពេល​ដែល Do Hung Dung បន្ថែម​មួយគ្រា​ប់​ទៀត​មុន​ចប់​វគ្គ​ទី១​។ ​ឈានចូល​វគ្គ​ទី២ ម្ចាស់ផ្ទះ​ឡាវ​គ្មានអ្វី​តដៃ​ឡើយ មានតែ​ក្រុម​ជើងឯក ២សម័យ​វៀតណាម​បង្កើន​ការនាំ​មុខ ៤គ្រាប់​បន្ថែមទៀត​ដោយ​កីឡាករ ៤នាក់​រួមមាន Ho Tan Tai, Doan Van Hau, Nguyen Van Toan និង Vu Van Thanh​។​ ​​លទ្ធផល​នេះ​មានន័យថា​ ក្រុម​របស់លោក Park Han Seo ឈរ​លេខ១ ក្នុង​ពូ​ល B ជាមួយនឹង​គ្រាប់​ចំណេញ ៦គ្រាប់​។ ​​ឡាវ​ប្រកួត​បន្ទាប់​ត្រូវ​ទទួល​សិង្ហ​បុរី​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ខណៈ​វៀតណាម​ត្រូវ​ទទួលភ្ញៀវ​ម៉ាឡេស៊ី​។ ​​ក្រឡេក​មក​ម៉ាឡេស៊ី​ក៏​ទទួលបាន​ ៣​ពិន្ទុ​ពី​ប្រកួត​ដំបូង​របស់ខ្លួន​ដែរ តាមរយៈ​ជ័យជំនះ​តានតឹង​នៅ​ទឹកដី​មី​យ៉ាន់​ម៉ា ១-០​។ ​​ការប្រកួត​នៅ​ទីក្រុង Yangon ប្រទេស​មី​យ៉ាន់​ម៉ា ​ក្រុម​ជើងឯក​ឆ្នាំ២០១០ ម៉ាឡេស៊ី​ហាក់​មានការ​លំបាក​ទំរាំ​រកបាន​គ្រាប់​បាល់​ត្រូវ​រង់ចាំ​ដល់​នាទី​ទី៥២ ដោយ Faisal Halim​។ ​​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​គួរតែ​បាន​មួយ​ពិន្ទុ​ពី​ការប្រកួត​ដំបូង​នេះ នៅពេលដែល​អាជ្ញាកណ្តាល​ផ្តល់​ពិន័យ ១១ម៉ែត្រ​ក្រោយ​កំហុស​របស់ Sharul Nazeem ក្នុង​ប្រអប់​គ្រោះថ្នាក់ តែ​កីឡា​ករមី​យ៉ាន់​ម៉ា Win Naing Tun ស៊ុត​មិនបាន​សំរេច សង្គ្រោះបាន​ដោយ​អ្នកចាំទី​ម៉ាឡេស៊ី Syihan Hazmi នៅ​នាទី​ទី៩០+៤​។ ​ម៉ាឡេស៊ី​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ជាមួយ​ឡាវ​នៅ​ថ្ងៃ​សៅរ៍ ខណៈ​មី​យ៉ាន់​ម៉ា​ត្រូវ​ទៅ​ទឹកដី​សិង្ហ​បុរី​ថ្ងៃ​ជាមួយគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

AFF៖ កម្ពុជា​ស្ទើរ​គ្មាន​ពេល​សម្រាក មុន​ជួប​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​ដែល​ត្រូវ​ប្រកួត​ដំបូង​

2022/12/22 04:54:13 pm        561
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​កាលពី​រាត្រី​ថ្ងៃ​ពុធ ដើម្បី​ត្រៀម​ការប្រកួត​បន្ទាប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mistubishi Electric Cup 2022 ​នា​ថ្ងៃ​ទី​២៣ ខែធ្នូ​ស្អែក​នេះ បន្ទាប់ពី​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ហ្វីលីពីន ៣-២ ក្នុងជំនួប​បើកឆាក​ពូ​ល​ A ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លងទៅ។​ ​ដំណើរ​ដ៏​តក់ក្រហល់​នេះ បានធ្វើ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជាស្ទើរ​គ្មាន​ពេល​សម្រាក​ឡើយ មុន​ជួប​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេស៊ីដែល​ត្រូវធ្វើ​ការប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​ពូ​ល។ ជាក់ស្ដែង​ដោយសារ​កំឡុងពេល​ធ្វើដំណើ​រ ជើង​ហោះ​ហើរ​ត្រូវបាន​ពន្យា​រពេល​ចំនួន ២​លើក​ទៀត បានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជាធ្វើដំណើរ​ដល់​ប្រទេស​ឥណ្ឌូនេស៊ីនៅ​ម៉ោង ១០៖៤៥​នាទី មុន​បន្ដដំណើរ​ទៅ​សណ្ឋាគារ​ស្នាក់នៅ​ដល់​យប់​ជ្រៅ។​ ​ការណ៍​នេះបានធ្វើ​ឲ្យ​ក្រុម​កម្ពុជាខកខាន​ការហ្វឹកហាត់ ១​លើកកាលពី​ល្ងាច​មិញ ពោលគឺ​នៅសល់តែ​ការហ្វឹកហាត់​ផ្លូវការ​តែម្ដង​ប៉ុណ្ណោះនៅ​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ​នេះ ដើម្បី​ត្រៀម​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីនា​ថ្ងៃស្អែក។​ ​ជាការ​ពិតជាមួយ​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​នេះបានធ្វើ​ឲ្យ​លោក​ Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជាមិន​ពេញចិត្ត​ឡើយ ដោយ​លោក​ពិបាក​នឹង​ទទួលយក ព្រោះ​កាលវិភាគ​ស្ទើរតែ​ធ្វើ​ឲ្យ​កូនក្រុម​គ្មាន​ពេល​សម្រាក បន្ទាប់ពី​ជួប​ហ្វីលីពីននៅ​ថ្ងៃទី​២០-​ធ្នូ ត្រូវធ្វើ​ដំណើរ​ទៅ​ឥណ្ឌូនេស៊ីនៅ​ថ្ងៃទី​២១-​ធ្នូ ហើយ​បាន​ហ្វឹកហាត់​ម្ដងគត់នៅ​ថ្ងៃទី​២២-​ធ្នូ មុន​ការប្រកួត​ផ្លូវការ​ជាមួយ​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​២៣-​ធ្នូ ទាំង​តែ​ឥណ្ឌូនេស៊ីគឺជា​ការប្រកួត​ដំបូង ហើយ​ត្រូវ​ប្រកួត​ក្នុងផ្ទះ​ពួកគេ​ថែមទៀត។​ គួរ​ដឹងថា បច្ចុប្បន្ន​កម្ពុជាកំពុងកាន់ ៣​ពិន្ទុ​ស្មើ​ក្រុម​ដំរី​សឹក​ថៃ ក្រោយ​យកឈ្នះ​ការប្រកួត​ដំបូង​រៀងៗ​ខ្លួនក្នុង​ពូ​ល​ A ​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ក្នុងនោះ​កម្ពុជាបាន​យកឈ្នះ​ហ្វីលីពីន ៣-២ ខណៈ​ថៃបាន​យកឈ្នះ​ប្រ៊ុយណេ ៥-០។ ក្រោយ​ជួប​ឥណ្ឌូនេស៊ីកម្ពុជា​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី​២៩ ខែធ្នូ ដើម្បី​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រក​តេ​ជោ ទទួល​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ច​ប់ពូ​លជាមួយ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ពានរង្វាន់ការប្រកួត​វាយ​កូន​បាល់​ថ្មី​ United Cup ត្រូវបាន​បង្ហាញ​នៅ​ប្រទេស​អូស្ត្រាលី​

2022/12/21 10:25:19 pm        62
​វាយ​កូន​បាល់៖ ​ពានរង្វាន់​នៃ​ការប្រកួត​វាយ​កូន​បាល់​ថ្មី​សន្លាង​មួយ United Cup ត្រូវ​បានដាក់​បង្ហាញ​នៅ​ទីក្រុង Perth ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​ មុន​ការចាប់ផ្តើម​ការប្រកួត​ថ្មី​មួយ​នៅក្នុង​កាលវិភាគ​ របស់​ការប្រកួត​វាយ​កូន​បាល់​អន្តរជាតិ​ប្រចាំឆ្នាំ​។ ​​United Cup នឹង​នឹង​ប្រមូលផ្តុំ​ជាការ​ប្រកួត​ក្រុម​តំណាងឱ្យ​ប្រទេស ​ដែលមាន​ទាំង​កីឡាករ និង​កីឡា​ការិនី​រួមបញ្ចូល​គ្នា​ជា​លើកដំបូង​។ ​កន្លងមក​ការប្រកួត​តំណាង​ប្រទេស ​ត្រូវបាន​បែងចែក​ដាច់​ដោយ​ឡែក​ពីគ្នា​រវាង​កីឡាករ និង​កីឡាការិនី​ដោយ​កីឡាករ​ត្រូវ​លេង​ពាន Davis Cup ឯ​កីឡាការិនី​ត្រូវ​លេង​ពាន Fed Cup ពីមុន និង​បច្ចុប្បន្ន​ហៅថា​ពាន Billie Jean King Cup​។ ​​សម្រាប់ United Cup នឹងមាន​កីឡាករ-កីឡាការិនី​លំដាប់​កំពូល​ប្រកួត​តំណាង​ប្រទេស ​ដែល​ចូលរួម​សរុប ១៨​ប្រទេស​ដែល​មាន​កញ្ចប់​ទឹកប្រាក់​ដល់​ទៅ ១៥​លាន​ដុល្លារ​អាមេរិក​។ ​Rafael Nadal, Alexander Zverev, Casper Ruud, Iga Swiatek, Caroline Garcia និង Madison Keys សុទ្ធតែ​មានឈ្មោះ​ក្នុងការ​ប្រកួត​នេះ​។ ​United Cup នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែធ្នូ​ចុងឆ្នាំ​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែមករា​ដើមឆ្នាំ​២០២៣ នៅ​ទីក្រុង Brisbane Perth និង Sydney ខណៈ​ព្រឹត្តិការណ៍ Grand Slam, Australian Open នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មករា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ivan Toney រង​ការពិន័យ​រឿង​ភ្នាល់ ៣០ករណី​បន្ថែមទៀត​

2022/12/21 09:31:52 pm        77
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Brentford, Ivan Toney បាន​ទទួលរង​ការពិន័យ​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស FA ក្រោយ​រកឃើញ​ពាក់ព័ន្ធ​រឿង​ភ្នាល់ ៣០ករណី​បន្ថែមទៀត​។ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​ទើបតែ​ត្រូវ​ពិន័យ​ដោយ FA កាលពី​ខែ​មុន​ពាក់ព័ន្ធ​នឹង​រឿង​ភ្នាល់​នេះ​ដែល​មាន​ដល់​ទៅ ២៣២ករណី​។ ​Ivan Toney បាន​ស៊ុត​បញ្ចូល​ទី ១០គ្រាប់​រដូវ​កាល​នេះ តែ​មិន​ជាប់​ឈ្មោះ​ទៅ World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឡើយ​។​ ​Ivan Toney មាន​ពេល​ដល់​ថ្ងៃទី៤ ខែមករា​ដើម្បី​ឆ្លើយតប​ជាមួយ FA វិញ​ចំពោះ​ការបំពានច្បាប់​របស់ FA នៅ​ចំនុច E8 ដែល​បាន​ហាម​ឃាត់​មិនឱ្យ​កីឡាករ​អាជីព​ មិនឱ្យ​ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់​ល្បែងស៊ីសង រឺ​ផ្តល់ព័ត៌មាន​សំងាត់​របស់​ក្រុម​ទៅខាង​ក្រៅ​ក្នុង​គោលបំណង​នៃ​ការ​ភ្នាល់​។​ ​Ivan Toney ប្រឈម​នឹង​ការដាក់ពិន័យ​ច្រើន​សប្តាហ៍​មិនឱ្យ​ពាក់ព័ន្ធ​បាល់ទាត់ និង​ពិន័យ​ជា​ទឹកប្រាក់​បន្ថែមទៀត​ ប្រសិនបើ​រកឃើញថា​ពិតមែន​។ ​​រំលឹកថា​ ខ្សែការពារ​អង់គ្លេស Kieran Trippier ធ្លាក់​រង​ពិន័យ ១០សប្តាហ៍​ដោយ FA កាលពី​ខែធ្នូ ​ឆ្នាំ២០២០ ដែល​បាន​ផ្តល់ព័ត៌មាន​ទៅខាង​ក្រៅ​ដើម្បី​ធ្វើការ​ភ្នាល់​ពី​ការផ្ទេរ​របស់ខ្លួន​ពី Tottenham Hotspur ទៅកាន់ Ateltico Madrid​។ កាលពី​ឆ្នាំ២០១៧ អ្នកចាត់ការ និង​ជា​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Joey Barton ត្រូវបាន FA ពិន័យ ៥ខែបន្ទាប់​ពី​ត្រូវបាន​គេ​រកឃើញថា​បាន​ភ្នាល់​បាល់ ១២៦០លើក​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រូបថត​មួយ​សន្លឹក​របស់ Messi លើក​ពាន World Cup មាន​អ្នក​ចូលចិត្ត​ច្រើន​បំផុត​នៅ Instagram បំបែក​កំណត់ត្រា​

2022/12/21 09:09:35 pm        210
​បាល់ទាត់៖ ​រូបថត​មួយ​សន្លឹក​របស់ Lionel Messi លើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ បានក្លាយ​ជា​រូបថត​ដែលមាន​អ្នក​ចូលចិត្ត​ច្រើន​បំផុត​បំបែក​កំណត់ត្រា​នៅ​បណ្តាញ​សង្គម Instagram​។ ​​រូបថត​បាល់ទាត់​រប​ស់​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូបនេះ​លើក​ពាន​បាល់ទាត់​ពិភពលោក​លើកដំបូង រ​បស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ក្នុង​រយៈពេល ៣៦​ឆ្នាំ​បានទទួល​ការចូល​ចិត្ត​ចុច (Like) នៅលើ​បណ្តាញ​សង្គម Instagram ដល់​ទៅ​ជាង ៦២លាន​គណនី​។ ​​អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ដើម្បី​លើ​ពាន World Cup ជា​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​។ ​​រូបថត​មួយ​សន្លឹក​នេះ​បាន​បំបែក​កំណត់ត្រា​មាន​អ្នក​ចូលចិត្ត​ច្រើន​បំផុត​នៅលើ IG ដែល​កាន់កាប់​ដោយ​រូបថត​មួយ​សន្លឹក​ដែលមាន​រូប​ពងមាន់​មួយ​ដែលមាន​អ្នក Like ដល់ ៥២.៨លាន​គណនី​។ ​​Cristiano Ronaldo ឈរ​លេខ៣ ជា​រូបភាព​ដែល​អង្គុយ​លេងអុក​ជាមួយ Messi ដែលមាន​អ្នក Like ចំនួន ៤២.១លាន​គណនី​។ ​​រូបថត​មួយ​សន្លឹក​ទៀត​របស់ Messi ដែល​គេង​ឱប​ពាន World Cup នៅលើ​យន្តហោះ​ឈរ​លេខ៤ មាន​អ្នក Like សរុប ៣៦.៥លាន​គណនី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម៉ា​រ៉ុ​ក​មកដល់​ប្រទេស​កំណើត​ទទួល​បាន​ការ​ស្វាគមន៍​ដូច​ក្រុម​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក

2022/12/21 06:45:18 pm        133
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​កបាន​ត្រលប់មក​ដល់ទី​ក្រុម Rabat នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ និង​ទទួលបាន​ការស្វាគម​ន៍​ដូច​វីរបុរស ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ដ៏​ជោគជ័យ​នៅ World Cup 2022 ប្រទេស​កាតា​។​​ម៉ា​រ៉ុ​កបាន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល និង​ទាយ​មិនត្រូវ​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ និង​បាន​សាង​ប្រវត្តិសាស្ត្រ​ឱ្យ​ក្រុមបាល់ទាត់​នៅ​ទ្វីបអាហ្វ្រិក និង​ប្រទេស​អារ៉ាប់​ទាំងអស់​តាមរយៈ​ការបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤​។ ​ក្រុម​របស់លោក Walid Regragui បានបញ្ចប់​រជ្ជកាល​មាស​របស់​ប៊ែ​ល​ហ្ស៊ិ​ក​ដែលជា​ក្រុម​ឈរ​លេខ២ ក្នុង​ចំណាត់ថ្នាក់​ពិភពលោក​ដោយ​យកឈ្នះ​នៅក្នុង​ពូ​ល ២-០​។ ​​ម៉ា​រ៉ុ​ក​បន្ត​ឡើងមក​វគ្គ ១៦ក្រុម​ក៏​យកឈ្នះ​ក្រុម​ជើងឯក ២០១០ គោ​ជល់​អេ​ស្ប៉ា​ញ និង​ទំលាក់​ជើងឯក Euro ២០១៦ ព័រទុយហ្កាល់ មុននឹង​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ដែល​ឈរ​ចាំ​ទទួល និង​អបអរ​ក្រុម​ម៉ា​រ៉ុ​កបាន​និយាយថា ប្រជាជន​ម៉ា​រ៉ុ​កមិន​ថា​នៅក្នុង​ស្រុក និង​ជុំវិញ​ពិភពលោក​សុទ្ធ​តែមាន​មោទនភាព និង​អារម្មណ៍​រីករាយ​មិនអាច​ថ្លែង​បាន​ដូចៗ​គ្នា ការទទួលបាន​ចំណាត់ថ្នាក់​លេខ៤ គឺជា​អ្វីដែល​គ្រប់គ្នា​មិនដែល​រំពឹងទុក​ឡើយ តែ​វា​ជាការ​ពិត​ទៅហើយ​។ សូមបញ្ជាក់ថា World Cup នៅលើ​ទឹកដី​អារ៉ាប់​ប្រទេស​កាតា​នេះ អាចនិយាយបាន​ជា​ជោគជ័យ​ខ្លាំង​សម្រាប់​ប្រទេស​អារ៉ាប់ បន្ទាប់ពី​ម៉ា​រ៉ុ​ក​ដែល​បាន​លេខ៤ យកឈ្នះ​ក្រុម​ខ្លាំងៗ​ដូចជាប៊ែ​ល​ហ្ស៊ិ​ក អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​នោះ អារ៉ាប៊ីសាអ៊ូឌីត​យកឈ្នះ​ក្រុម​ជើងឯក​អា​ហ្ស​ង់​ទីន​ប្រកួត​ដំបូង​ក្នុង​ពូ​ល និង​ទុយ​នេ​ស៊ី​យកឈ្នះ​ក្រុម​ជើងឯក​រង​បារាំង​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អា​ហ្ស​ង់​ទីន​ដង្ហែ​ពាន World Cup លើ​រថយន្តក្រុង រហូត​ជម្លៀស​ឡើង​ឧទ្ធម្ភាគចក្រ​

2022/12/21 06:17:37 pm        219
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ត្រលប់​មកដល់​ប្រទេស​កំណើត​វិញ​ និង​ធ្វើ​ពិធី​ដង្ហែ​ពាន​នៅ​រដ្ឋធានី Buenos Aires ដោយមាន​ប្រជាជន​ចាំ​អបអរ​ខ្ទង់លាន​នាក់​។ ​​កីឡាករ​របស់​អា​ហ្ស​ង់​ទីន​បាន​អបអរ​បង្ហាញ​ពាន World Cup របស់ខ្លួន​នៅ​រថយន្តក្រុង​ចំហរ​ដំបូល​នៅតាម​ដង​វិថី​ធំៗ​ក្នុង​ទីក្រុង Buenos Aires តែ​ការ​ដង្ហែ​នោះ​មិន​បានយូរ​ប៉ុន្មាន​ឡើយ កីឡាករ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ឡើង​ឧទ្ធម្ភាគចក្រ​វិញ ដោយ​សង្កេតឃើញថា​អារម្មណ៍​ហាក់​ពុះកញ្ជ្រោល​ពេក​។ ​​ដំបូង​នៅពេល​រថយន្តក្រុង​ចូក​ក្រោម​ស្ពាន​ថ្មើ​រជើង​ក៏មាន​អ្នកគាំទ្រ​លោត​ចុះមក និង​ម្នាក់ទៀត​លោត​ខុស​រថយន្ត​។ ​​ស្ថានភាព​ទូទៅ​នៃ​ការអបអរ​ហាក់​កាន់តែ​ពិបាក​គ្រប់គ្រង ទើប​ឈានដល់​ការជម្លៀស​កីឡាករ​ឡើង​ឧទ្ធម្ភាគចក្រ​បែបនេះ​។ ​​រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន​បានប្រកាសថា ថ្ងៃ​អង្គារ​ម្សិលមិញ​គឺជា​ថ្ងៃ​សម្រាក​របស់​ជាតិ​តែម្តង ដើម្បី​អបអរ​ការ​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​អា​ហ្ស​ង់​ទីន និង​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​ក៏ដូចជា​លើកដំបូង​ក្នុង​អាជីព​បាល់ទាត់​របស់ Lionel Messi​។ ​​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​ថា អ្នកគាំទ្រ​នៅ​ទីក្រុង Buenos Aires ដែល​រង់ចាំ​អបអរសាទរ​ក្រុម​អា​ហ្ស​ង់​ទីន​នោះមាន​ចំនួន​លើសពី ៤លាន​នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​ជំរុញ​គណៈកម្មការ​ជំនាញ​ទាំងអស់ត្រូវ​រួចរាល់មុន​ឈាន​ចូលឆ្នាំថ្មី​

2022/12/21 06:02:40 pm        310
​ស៊ីហ្គេម៖ គណៈអចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បាន​បន្ដ​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់ ខណៈ​ថ្នាក់ដឹកនាំបាន​ជំរុញ​គ្រប់​គណៈកម្មការ​ជំនាញ ត្រូវ​រួចរាល់មុន​ដំណាច់ឆ្នាំ​ចាស់ផ្លាស់​ចូលឆ្នាំថ្មីឆ្នាំ​២០២៣ ដែលជា​ឆ្នាំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ប្រាប់​អ្នក​សារព័ត៌មាន​​ក្រោយ​បញ្ចប់​កិច្ចប្រជុំដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​ឯកឧត្តម​អគ្គលេខាធិការ វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះបាន​ត្រួត​ពិ​និ​ត្យិ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​របស់ខ្លួន​ទាំងអស់ ពិសេស​ពិនិត្យមើល​បញ្ហា​ប្រឈម​ទាំងអស់ ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​លើ​គណៈកម្មការ​ស្នាក់នៅ ហូបចុក ការទទួល​បដិសណ្ឋារកិច្ច និង​ទីលាន​ប្រកួត​ជាដើម។​​​សូមបញ្ជាក់ថា កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការនៅ​ថ្ងៃទី​០៥ ខែឧសភា និង​បិទនៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ហើយ​បើ​គិតពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​បើកគឺ​នៅសល់​រយៈពេល ១៣៥ថ្ងៃ​គត់។ រីឯ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។ ប៉ុន្ដែ​មុន​ឈានដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រនៃ​ការទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ កម្ពុជា​នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ដូច​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​គ្រោង​រៀបចំ​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ និង​កម្មវិធី​រត់​ភ្លើង​គប់ ក៏ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិជប៉ុន៖ គ្មានការខូចខាតត្រូវបានរាយការណ៍នោះទេ ក្រោយការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
08/06/2026 07:08 PM
អនុប្រធានាធិបតីអាមេរិកថា អ៊ីរ៉ង់ជាមនុស្សសែនពិបាកនិយាយគ្នា ហើយកិច្ចព្រមព្រៀងត្រូវការចំណាយពេលទៀត
08/06/2026 07:08 PM
លីទុយអានី៖ រុស្ស៊ីអាចប្រើប្រាស់យានដ្រូន​របស់អ៊ុយក្រែន ប្រឆាំងនឹងតំបន់បាល់ទិក
08/06/2026 07:08 PM
ការផ្អាកជំនួយ ក្រោយការវាយប្រហារ ពន្យឺតដល់ការឆ្លើយតបជំងឺអេបូឡានៅភាគខាងកើតកុងហ្គោ
08/06/2026 07:08 PM
ប្រភព៖ ការប្រកាសពីកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ៦០ថ្ងៃ រវាងអ៊ីរ៉ង់ និងអូម៉ង់ ជិត​កើត​ឡើង​ហើយ
08/06/2026 07:08 PM
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤
08/06/2026 07:08 PM
កម្ពុជា និងបែលហ្ស៊ិក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
08/06/2026 07:08 PM
ប៉ាគីស្ថានរំពឹងថា ​កិច្ចព្រមព្រៀងច្រក​សមុទ្រ​ Hormuz នឹងនាំទៅរកការចាប់​ផ្ដើម​កិច្ចចរចាអ៊ីរ៉ង់-អាមេរិកឡើងវិញ
08/06/2026 06:08 PM
ព្យុះទីហ្វុង Dolphin កំពុងបន្តដំណើរឆ្ពោះទៅទិសខាងលិចនៅសមុទ្រហ្វីលីពីន
08/06/2026 06:08 PM
ប្រធានាធិបតី៖ កងកម្លាំងនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះពី​ការចាប់ជំរិតជាង ៣០០នាក់
08/06/2026 06:08 PM