ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

អតីត​កីឡាករ​-​កីឡាការិនី និង​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​ជាច្រើន​នឹង​ចូល​រួម​រត់​ភ្លើង​គប់​ពិធី​បើក​កីឡា​ជាតិ​លើក​ទី​៣

2022/11/18 05:47:56 pm        117
​កីឡា​ជាតិ​៖ ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​ជាតិលើក​ទី​១ នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការនា​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតី​ត​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ​​ស្រដៀង​នឹង​ការរៀបចំ ២​លើក​មុន​ដែរ ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ​ដ៏​ធំ​នេះនឹងមាន​កម្មវិធី​ជាច្រើន ដើម្បី​អបអរសាទរ តែ​ឆ្នាំនេះ គ្រោង​នឹងមាន​រៀបចំ​នូវ​កម្មវិធី​កាន់តែ​អស្ចារ្យ​ថែមទៀត ដើម្បី​ជា​ពិសោធន៍​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្នុងនោះ​ក៏មាន​ពិធី​រត់​ភ្លើង​គប់​ផងដែរ ដែល​នឹងត្រូវ​រត់​ពី​វិមាន​ឈ្នះ​ឈ្នះចូលទៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​យោងតាម​គណៈកម្មការ​រៀបចំ​ពិធី​បើក​-​បិទបានរៀបចំ​នូវ​ព្រឹទ្ធាចារ្យ អតីត​កីឡាករ​-​កីឡាការិនី និង​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជាច្រើនដើម្បី​រត់​ភ្លើង​គប់ ក៏ដូចជា​កាន់​ទង់ និង​ដង្ហែ​ទង់​កីឡា​ជាតិឆ្ពោះទៅ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​ជាតិលើក​ទី​១ នា​ដើម​សប្ដាហ៍​ក្រោយ។​សម្រាប់​ព្រឹទ្ធាចារ្យ និង​កីឡាករ​-​កីឡាការិនីដែល​ត្រូវ​រត់​ភ្លើង​គប់រួមមាន​៖១. វីរ​កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​កីឡា​ម៉ូតូ​ទឹកនៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីឆ្នាំ​២០១៨។ អ៊ូ​មើ​តគឺជា​កីឡាករ​ឆ្នើម​មួយរូបដែល​ធ្លាប់​ដណ្ដើមបាន​មេដាយ និង​ពានរង្វាន់​ជាច្រើន​ទៀត ទាំង​ការប្រកួត​ថ្នាក់​តំបន់ អាស៊ី និង​ពិភពលោក។​២. កីឡាករ​គុន​ខ្មែរ ប៉ោ ភា​រិ​ទ្ធ ដែលជា​ម្ចាស់​មេដាយមាសកីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។ កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​រូបនេះ បាន​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយមាស​ស៊ី​ហ្គេម​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ជា​បន្ដ​បន្ទាប់ពី​ការប្រកួត​ក្នុងស្រុក។​៣. វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាសកីឡា​ប៉េតង់​ជើងឯក​ពិភពលោក ៤​សម័យ​ជាប់​គ្នា និង​ជា​កីឡាករ​ដំបូង​លើ​ពិភពលោកដែល​ធ្វើបាន​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ។ លើសពីនេះលោកស្រី​ក៏​ធ្លាប់​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម និង​ជើងឯក​អាស៊ី​ជាច្រើន​ផងដែរ។​៤. កីឡាករ​ជនពិការ ហៀ ហុក ម្ចាស់​មេដាយមាស​ប្រណាំង​រទេះ​នៃ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២ នៅ​ឥណ្ឌូនេស៊ី ។​៥. កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី ម្ចាស់​មេដាយមាស​កីឡា​វ៉ូ​វី​ណា​មនៃ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។ ប៉ាល់ ឆរ​ស្ម៊ី ក៏​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ៣​សម័យ​ជាប់​គ្នា ហើយក៏​ធ្លាប់​ឈ្នះ​មេដាយមាស​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភពលោក និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ​ជាច្រើន​ទៀត ទាំង​លើ​កីឡា​វ៉ូ​វី​ណា​ម និង​កីឡា​តេ​ក្វាន់​ដូ​ ITF ​ផងដែរ។​៦. ព្រឹទ្ធាចារ្យ​កីឡាបាល់ទាត់ ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ទសវត្សរ៍​ទី​៦០។៧. កីឡាការិនី​ជនពិការ វ៉ិ​ន ចាន់ថា ម្ចាស់​មេដាយមាស​លោត​ចម្ងាយ និង​រត់ ៤០០​ម៉ែត្រនៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២ នៅ​ឥណ្ឌូនេស៊ី។​៨. វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​តេ​ក្វាន់​ដូ​កីឡា​អាស៊ីឆ្នាំ​២០១៤ នៅ​សាធារណរដ្ឋ​កូរ៉េ។ លើសពីនេះ សៀវ​ម៉ី ក៏​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ៣​សម័យ រួមទាំង​ការ​ដណ្ដើមបាន​សមិទ្ធផល​ធំៗ​ជាច្រើន​លើ​ឆាក​អន្ដរជាតិ​ជូន​ជាតិ​ផងដែរ។​​ចំណែក​កីឡាករ​-​កីឡាការិនីត្រូវ​កាន់​ទង់ និង​ដង្ហែ​ទង់​កីឡា​ជាតិ អម​ពិធី​រត់​ភ្លើង​គប់​វិញរួមមាន​៖១. កីឡាករ ទូច រ៉ា​ឆាន់ ម្ចាស់​មេដាយមាស​កីឡា​ឃី​ក​បុក​ស៊ី​ងស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។​២. កីឡាការិនី វង ចន្ថា និង​កីឡាករ ស៊ីន វង់ ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​នារី នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។​៣. កីឡាករ វ៉ា មិថុនា ម្ចាស់​មេដាយមាស​កីឡា​តេ​ក្វាន់​ដូ​ WT ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម​៤. កីឡាការិនី ពៅ សុខា ម្ចាស់​មេដាយមាស​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោកឆ្នាំ​២០១៩។​៥. កីឡាករ លី បូរ៉ា​មី ម្ចាស់​មេដាយមាស​កីឡា​វ៉ូ​វី​ណា​មនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។​​សូមបញ្ជាក់ថា ក្រៅពីនេះក៏មាន​នូវ​កម្មវិធី​ជាច្រើន ទាំង​ការសម្ដែង​ចលនា​សមស្រប ការសម្ដែង​ក្បាច់គុន​ល្បុ​ក្ក ការសម្ដែង​សិល្បៈ​បុរស​-​សម័យ និង​ការបាញ់​គាំ​ជ្រួច​ដ៏​អស្ចារ្យ និង​កម្មវិធី​ជាច្រើន​ទៀត ដើម្បី​អបអរសាទរ​ពិធី​បើក​-​បិទ​កីឡា​ជាតិ និង​កីឡា​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២ នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ជំនាញការ​ជប៉ុន​សរសើរ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម និង​ការប្រកួត​ប្រដាល់សកល​អាជីព​នៅ​កម្ពុជា​

2022/11/18 05:28:18 pm        84
​ប្រដាល់​សកល៖ វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​ប្រដាល់សកល​អាជីព និង​ការប្រកួត​ប្រដាល់សកល​អាជីព​ Ultimate Pro Boxing 2022 ​ដែល​រៀបចំ​ដោយ​អង្គភាព​ចំណុះ​របស់​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា គឺ​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា បានទទួល​ការសរសើរ​ពី​ជំនាញការ​ជប៉ុន​លោក​ YASUKOCHI Tsuyoshi ​បន្ទាប់ពី​លោក​បាន​បង្រៀន និង​ពិ​និត្យនូវ​ការអនុវត្ត​ផ្ទាល់​រយៈពេល ២​ថ្ងៃ​កន្លងមក។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ប្រធាន​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា និង​ជា​អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ឆ្លងកាត់​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​ប្រដាល់សកល​អាជីពកាលពី​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ ខែវិច្ឆិកា ក៏ដូចជា​ការរៀបចំ​កា​រ​ប្រកួត​ប្រដាល់សកល​អាជីពនៅ​ថ្ងៃ​ចុងក្រោយឃើញថា សិក្ខាកាម​ទាំងអស់បាន​អនុវត្ត​យ៉ាង​ល្អពាក់ព័ន្ធ​នឹង​ការវិនិច្ឆ័យ ក៏ដូចជា​ការ​កាត់សេចក្ដី​លើស​ង្វៀន​ជាដើម។​ ​តាមរយៈ​នេះ​លោក​ YASUKOCHI Tsuyoshi ​បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្ពុជាដែល​លោក​អាច​ទទួលយកបាន ហើយក៏​ជាការ​បំពេញ​នូវ​លក្ខខណ្ឌ​មួយ នៃ​ស្ថាប័ន​កីឡាប្រដាល់​សកល​អាជីព​អន្ដរជាតិ​(WBC)។ ចំពោះ​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​វិញ ក៏បាន​បង្ហាញ​នូវ​លក្ខណៈ​បច្ចេកទេស​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ចូលរួម​ការប្រកួត​លក្ខ​ណៈ​អន្ដរជាតិ​ផងដែរ។​​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា យ៉ាងណាក្ដី​ដើម្បី​ជំរុញ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​ទាំង​ព្រម សហព័ន្ធ​នឹង​បន្ដ​អនុវត្ត​ការសំខាន់ៗ​ជា​បន្ដបន្ទាប់​ទៀត ទី​១-​ការបើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម និង​ទី​២-​ការរៀបចំ​ការប្រកួត​ប្រចាំ​សប្ដាហ៍​របស់​សហព័ន្ធ ក៏ដូចជា​ការបញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​ជាដើម ដើម្បី​ធានាបាន​នូវ​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​សម្រាប់​កីឡាករ​-​កីឡាការិនី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​ជាតិ​នឹង​ដំណើរ​ការប្រកួត​ចុង​សប្ដាហ៍​នេះ ខណៈ​ពិធី​បើក​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​

2022/11/18 05:11:32 pm        478
​កីឡា​ជាតិ៖ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ក្រោម​ការ​គាំទ្រ​របស់​រា​ជ​រដ្ឋាភិបាល​នឹង​ដំណើរ​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ ជាមួយ​ការ​ជួបជុំ និង​ប្រជុំ​បច្ចេកទេស​ផ្សេងៗ​នៅ​ថ្ងៃ​ទី​១៩-​វិច្ឆិកា និង​ចាប់ផ្ដើម​ការប្រកួត​នៅ​ថ្ងៃទី​២០-​វិច្ឆិកា មុន​ពិធី​បើកផ្លូវ​ការនា​ល្ងាច​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដែល​​នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។​ ​នេះ​គឺជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំដែល​នឹងត្រូវ​រៀបចំ​ក្នុង​ក្របខណ្ឌ​ទូទៅ​ប្រទេស បន្ទាប់ពី​ខកខាន​រៀបចំ​កាលពី​ឆ្នាំ២០២២ ដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩។ អ្វីដែល​ពិសេស ការ​ត្រឡប់មកវិញនៃ​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ប៉ា​រ៉ា​ហ្គេមលើក​ទី​១ នេះនឹងត្រូវ​រៀបចំ​តាម​ទម្រង់​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដើម្បី​ជាការ​តេស្ដ​សាក​ល្បង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣ ខាងមុខ។​ ​ជា​ការពិត​សម្រាប់​កីឡា​ជាតិត្រូវ​បានរៀបចំ​ការប្រកួត​លើ ៣៨ប្រភេទ​កីឡា ដូច​ទៅនឹង​ប្រភេទ​កីឡាដែល​បានអនុម័ត​ដាក់​ក្នុង​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ដែរ។ មិន​តែប៉ុណ្ណោះ ការប្រកួត​នៃ​ប្រភេទ​កីឡា​នីមួយៗនឹងត្រូវ​រៀបចំ​ទៅតាម​ទីតាំងនៃ​រាជធានី​-​ខេត្ត ដែល​ត្រូវ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​ទៀតផង ដូចជា​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប។ រីឯ​កីឡា​ប៉ា​រ៉ា​ហ្គេម​វិញនឹងត្រូវ​រៀបចំ​លើ ៧​ប្រភេទ​កីឡាដោយ​រៀបចំ​តាម​ទម្រង់​នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដូចគ្នា។​​មន្ដ្រីជាន់ខ្ពស់នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ឲ្យ​ដឹងថា គោលបំណង​សំខាន់នៃ​កីឡា​ជាតិ ក៏ដូចជា​កីឡា​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២ នេះគឺ​ដើម្បី​សាកល្បង​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​មាន​ម្ចាស់ការ​ក្នុង​ការរៀប ពិសេស​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ឲ្យ​មាន​ភាព​បន្សាំ និង​ស្វែងយល់​ពី​ចំនុច​ខ្វះខាត ដើម្បី​កែលម្អ​ត្រៀម​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំក្រោយ​។ មួយវិញទៀត ដោយសារ​អត្ត​ព​លិ​ក​ជម្រើសជាតិ​មួយចំនួនធំ​បានចេញ និង​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​បន្ថែម​នាពេល​ខាងមុខ ដូច្នេះ​ក៏​ជាការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ-កីឡាការិនី​ជា​យុវជន និង​ថ្នាល តំណាង​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗបាន​ដុសខាត់​សមត្ថភាព និង​បង្កើន​សិទ្ធ​ផល ជាពិសេស​បន្សាំ​ខ្លួន​ឲ្យ​បានល្អ​ផងដែរ។​​ឯកឧត្តម អ៊ុក សិទ្ធី​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡាបាន​បញ្ជាក់ថា កីឡា​ជាតិ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​នេះមិនមែន​ធ្វើឡើង​ក្នុង​គោលបំណង​វាស់​ស្ទង់​សមត្ថភាព​របស់​អត្ត​ព​លិ​ក​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ក្នុង​គោលបំណង​ធំ​៤ ទី​១-​ផ្តល់ឱកាស​ឲ្យ​មន្ត្រី​ដែល​ធ្លាប់​បណ្តុះបណ្តាល​ហើយ​ទាំង ៣៨​ប្រភេទ​កីឡាបាន​អនុវត្តសម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទាំង​បរិមាណ និង​គុណភាព ដើម្បី​ត្រៀម​រៀបចំ និង​កាត់សេចក្តី​តាម​ប្រភេទ​កីឡា​នីមួយៗ​។ ទី​២- ពាក់ព័ន្ធ​នឹង​ទីតាំង​ប្រកួត ដោយ​យក​ទីតាំង​ទាំង​៥ ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ ​ប្រកួត​កីឡា​ជាតិ និង​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការរៀបចំពី​ចំនុច​ខ្វះខាត ដើម្បី​កែលម្អ​ឲ្យ​ទាន់ពេលវេលាដោយសារ​នៅសល់​ពេល​ច្រើន​។ ទី​៣- ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ កីឡាការិនី​ក្នុងប្រទេស​បាន​វាស់​ស្ទង់​សមត្ថភាព​របស់ខ្លួន ដោយសារ​ពួកគេ​មិនបាន​ចេញទៅ​ហ្វឹកហាត់​ក្រៅប្រទេស ដូច្នេះ​ពួកគេ​យក​ការប្រកួត​ក្នុង​កីឡា​ជាតិលើក​ទី​៣ ជាការ​ដុស​ខាត​សមត្ថភាព និង​បង្កើន​បទពិសោធន៍​សម្រាប់​ស៊ី​ហ្គេម និង​ទី​៤- សហព័ន្ធ​កីឡា​ជាតិនីមួយៗគឺ​រៀបចំ​រចនាសម្ព័ន្ធ​រប​ស់​ខ្លួន​តាំងពី​ A ​ដល់​ Z​។ចំណុច​នេះ​មានន័យថា តាំងពី​ការរៀបចំ ការ​កាត់សេចក្តី ដាក់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល មើល​ទីតាំង និង​សម្ភារ​ទាំងអស់ដើម្បី​ទទួលបាន​បទពិសោធន៍ និង​ជឿជាក់​ក្នុងការ​ឈានទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ។​ ​គួរ​បញ្ជាក់ថា កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ប៉ា​រ៉ា​ហ្គេមលើក​ទី​១ គ្រោង​នឹង​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​១៩ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ។ សម្រាប់​ពិធី​បើក​-​បិទនឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​ត​តេ​ជោ ដែល​តាម​គម្រោង​នឹងមាន​អ្នកចូលរួម​អបអរសាទរ​ប្រមាណ​ជាង ៤​ម៉ឺន​នាក់។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

Novak Djokovic ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ATP Finals

2022/11/17 10:25:13 pm        59
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​បន្តដំណើរ​ស្វែង​រកពាន ATP Finals លើក​ទី៦ ក្នុង​អាជីព​របស់ខ្លួន បន្ទាប់ពី​យកឈ្នះ​កីឡាករ​រុស្ស៊ី Ruben Rublev ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​នេះ​ជា​ជ័យជំនះ​ទី២ សម្រាប់ Novak Djokovic នៅក្នុង​ពូ​ល​ពណ៌​ក្រហម​នេះ​តាមរយៈ​លទ្ធផល​ឈ្នះ ៦-៤ និង ៦-១ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​លើ Ruben Rublev នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​បន្ទាប់ពី​យក​ឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅ​ប្រកួត​ដំបូង​ក្នុង​ពូ​ល​។ ​Novak Djokovic ដែល​លើក​ពាន ATP Finals ចុងក្រោយ​របស់ខ្លួន​តាំងពី​ឆ្នាំ​២០១៥ នោះ​មិនទាន់​អស់​ការប្រកួត​ឡើយ ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី​មួយរូប​ទៀត Daniil Medvedev ប្រកួត​បិទ​បញ្ចប់​ពូ​ល​។​ងាក​មក​ការប្រកួត​ដ៏​តានតឹង​មួយគូ​ទៀត​ក្នុង​ពូល​ពណ៌​ក្រហម​នេះដែរ កីឡាករ​ក្រិ​ក Stefanos Tsitsipas បាន​យកឈ្នះ​អតីត​កីឡា​ករលេខ ១ ពិភពលោក Daniil Medvedev យ៉ាង​តានតឹង​ដោយ​លទ្ធផល ២ សិត​ទល់នឹង ១ ពិន្ទុ ៦-៣ ៦-៧(៩-១១) និង ៧-៦(៦-១)​។ ​ជ័យជំនះ​នេះ​ធ្វើ​ឱ្យ Tsitsipas នៅសល់​ឱ្យ​កាស​ចុងក្រោយ​ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ប្រសិនបើ​យកឈ្នះ​ប្រកួត​ចុង​ក្រោយ​លើ Ruben Rublev បាន​ ខណៈ​ដែល Rublev ក៏​ត្រូវការ​ជ័យជំនះ​ដូចគ្នា​ដើម្បី​ឡើង​វគ្គ​បន្ត​។ ​សម្រាប់​ថ្ងៃនេះ​ជា​ការ​ប្រកួត​បិទ​បញ្ច​ប់​ពូ​ល​ពណ៌​បៃតង​ដោយ Rafael Nadal ដែល​ធ្លាក់​ទៅហើយនោះ​ត្រូវ​ជួប​ជាមួយ​កីឡាករ​ន័​រវេ​ស Casper Ruud ដែល​កក់​កៅអី​រួចហើយ ស្រប​ពេលដែល Felix Auger-Aliasimme នឹង​ជួប​ជាមួយ Taylor Fritz ដើម្បី​កៅអី​វគ្គ​បន្ត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Raphael Varane ថា​ រឿងរ៉ាវ​របស់ Ronaldo ប៉ះពាល់​ដល់​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម​

2022/11/17 09:57:51 pm        96
​បាល់ទាត់៖ ​ខ្សែការពារ​បារាំង Raphael Varane បាន​និយាយថា ​ស្ថានភាព​ទូទៅ​របស់​ក្រុម​បិសាច​ក្រហម Manchester United ជុំវិញ​បញ្ហា​ជាមួយ Cristiano Ronaldo ពិត​ជាមាន​ផលប៉ះពាល់​ខ្លាំង​ដល់​អារម្មណ៍​កីឡាករ​ផ្សេងទៀត​នៅក្នុង​ក្រុម​ទាំងមូល​។ ​​នៅក្នុង​កិច្ចសម្ភាសន៍ Ronaldo បាន​និយាយថា ​ខ្លួន​មាន​អារម្មណ៍​ថា​ត្រូវ​ក្លិប​ក្បត់ ហើយ​នឹង​លែង​គោរព​ដល់​អ្នកចាត់កា​រ Erik ten Hag​។ ​Manchester United ក្រោយមក​ក៏បាន​បញ្ជាក់ថា នឹង​ពិចារណា​ជុំវិញ​កិច្ចសម្ភាសន៍​របស់ Ronaldo ដែល​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​កិត្តិយស​ក្លិប​។ ​ជុំវិញ​រឿងនេះ​មិត្ត​រួម​ក្រុម​របស់ Ronaldo ទាំង​នៅ Real Madrid និង Manchester United, Raphael Varane បាន​និយាយថា ពិត​ណាស់​ថា​ រឿង​នេះ​ពាក់ព័ន្ធ​ខ្លាំង​ដល់​ពួក​យើង​ជា​មិត្ត​រួម​ក្រុម នេះ​មិនមែន​ជា​ការ​ដោះស្រាយ​បញ្ហា​ដ៏​ល្អ​ឡើយ វា​គួរតែ​ជាការ​ដោះស្រាយ​នៅក្រោយ​ឆាក ប្រសើរ​ជាង​ការដោះស្រាយ​នៅលើ​បណ្តាញ​សង្គម​បែបនេះ​។ ​Varane បាន​បន្តថា អ្វីដែល​កីឡាករ មិត្ត​រួម​ក្រុម​ចង់បាន​នៅពេលនេះ​គឺ​ដើម្បី​ក្រុម ដើម្បី​ក្លិប ដូច្នេះ​រាល់​ការសំរេចចិត្ត​បែបនេះ​របស់​ក្លិប ក្នុងនាម​ជា​កីឡាករ​ត្រូវតែ​គោរព និង​ទទួលយក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ Frankfurt, Randal Kolo Muani គឺជា​អ្នក​ជំនួស Nkunku ដែលមាន​របួស

2022/11/17 09:43:37 pm        71
​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ក្លិប​អាល្លឺម៉ង់ Randal Kolo Muani ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង​ដើម្បី​ជំនួស Christopher Nkunku ដែលមាន​របួស​។ ​​ខ្សែប្រយុទ្ធ​របស់​ក្លិប RB Leipzig រូបនេះ​បានទទួល​រងរបួស​ជើង​អំឡុង​ការហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​កាលពី​ថ្ងៃ​អង្គារ ​នៅពេល​ប៉ះទង្គិច​ជាមួយ​ខ្សែបម្រើ Real Madrid, Camavinga​។ ​​Kolo Muani របស់ Frankfurt បាន​ស៊ុត​បញ្ចូល​ទី ៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៣ប្រកួត​រដូវ​កាល​នេះ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង​ដែរ​ ដោយបាន​បង្ហាញខ្លួន​ពីរលើកជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​អំឡុង​ការប្រកួត​ទល់នឹង​អូទ្រីស និង​ដា​ណឺ​ម៉ា​កនៅ​ក្របខណ្ឌ UEFA Nations League កាលពី​ខែកញ្ញា​។ ​​Christophe Nkunku គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Bundesliga រដូវ​កាល​នេះ​សរុប ១២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៥ប្រកួត​ជាមួយ​ក្លិប​ RB Leipzig​។​ ​Nkunku បាន​ក្លាយជា​កីឡាករ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មួយរូប​ទៀត ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​ខកខាន World Cup បន្ទាប់ពី Paul Pogba, N’Golo Kante និង Prisnel Kimbempe៕អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស Gary Cahill ចូលនិវត្តន៍​ក្នុង​វ័យ ៣៦​ឆ្នាំ​

2022/11/17 07:27:01 pm        80
​បាល់ទាត់៖ ​អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​តោ​ខៀវ Chelsea, Gary Cahill បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​នៅក្នុង​វ័យ ៣៦ឆ្នាំ​។ ​Gary Cahill ធ្លាប់​ឈ្នះ​ពាន​ធំៗ ៨ ក្នុង​រយៈពេល ៧ឆ្នាំ​នៅ Chelsea ដែល​រួមមាន English Premier League ពីរលើក, FA Cup ពីរលើក និង UEFA Champions League មួយ​លើក​។ ​​Cahill បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ Aston Villa មុន​បន្តដំណើរ​ទៅ Bolton, Crystal Palace និង Bournemouth និង​រួម​មានការ​បង្ហាញខ្លួន ៦១ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​។ ​ក្នុងចំណោម ៦១ប្រកួត​នោះ Cahill បានបង្ហាញ​ខ្លួន​នៅ World Cup ពីរលើក​គឺ​នៅ​ឆ្នាំ២០១៤ និង ២០១៨ ក៏ដូចជា Euro ២០១៦ ផងដែរ​។ ​មុន​ប្រកាស​ចូលនិវត្តន៍​នេះ Gary Cahill បាន​ទំនេរ​ពី​អាជីព​កីឡាករ​របស់ខ្លួន​តាំងពី​ចាកចេញ​ពី Bournemouth ចុងរដូវ​កាល​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bruno Guimaraes និង Alex Telles រងរបួស​ក្នុងការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល​មុន​ចេញទៅ World Cup

2022/11/17 06:58:32 pm        70
​បាល់ទាត់៖ ​កីឡាករ​ប្រេ​ស៊ី​ល​ពីររូប​រួមមាន Bruno Guimaraes និង Alex Telles បាន​រងរបួស​អំឡុង​ការ​ហ្វឹកហាត់​នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី មុនពេល​ក្រុម​ជើងឯក​ពិភពលោក ៥សម័យ​ប្រេ​ស៊ី​ល​ហោះហើរ​មកកាន់​ទឹកដី​កាតា​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​របស់​ក្លិប Newcastle, Bruno Guimaraes បាន​ដើរ​ចេញពី​ទីលាន​ហ្វឹកហាត់​ក្រោយ​ប៉ះទង្គិច​ជាមួយ​មិត្ត​រួម​ជាតិ Rodrygo ស្រប​ពេលដែល​ខ្សែការពារ Alex Telles បាន​ប៉ះទង្គិច​ជាមួយ Neymar​។ ​យ៉ាងណាក្តី​គេ​មិនទាន់​ដឹង​ពី​ស្ថានភាព​របួស​របស់​កីឡាករ​ទាំងពីរ​មាន​ទំហំ​ប៉ុណ្ណា​នៅ​ឡើយ តែ​ប្រេ​ស៊ី​ល​ក៏បាន​ស្វាគមន៍​ការចូល​ហ្វឹកហាត់​វិញ​លើកដំបូង​របស់​ខ្សែការពារ Marquinhos ដែល​អវត្តមាន​ពី​ការប្រកួត​ចុងក្រោយ​ជាមួយ PSG ចុង​សប្តាហ៍​កន្លងទៅ​។​​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បន្ត​ស្នាក់នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​រហូតដល់​ថ្ងៃ​សៅរ៍​ទើប​ហោះហើរ​មកកាន់​ទឹកដី​កាតា​។ ​ប្រេ​ស៊ី​ល​ស្ថិតក្នុង​ពូ​ល G នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​ស៊ែ​ប​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា​ បន្ត​ជួប​ជាមួយ​ស្វ៊ី​ស និង​កា​មេ​រូ​ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រដាល់សកល​អាជីព​កម្ពុជាបើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រមដើម្បី​ឈានទៅរក​ការទទួលស្គាល់​ពី​ WBC

2022/11/17 06:32:29 pm        78
ប្រដាល់សកល៖ ​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា ដែលជា​អង្គភាព​ក្រោម​ចំណុះ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​អាជីពរយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ដុស​ខាត​សមត្ថភាព​មន្ដ្រី​បច្ចេកទេស​កម្ពុជា ឈានទៅរក​ការទទួលស្គាល់​ពី​ស្ថាប័ន​កីឡាប្រដាល់​សកល​អាជីព​អន្ដរជាតិ​(WBC)។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ប្រធាន​គណៈកម្មការ​ប្រដាល់​អាជីព​កម្ពុជាបាន​ឲ្យ​ដឹងថា វគ្គ​នេះមាន​សិក្ខាកាម ១០​រូប​ចូលរួមក្រោម​ការបង្រៀន​របស់​គ្រូឧទ្ទេស​លោក​ SHOZO KATAYAMA ​មកពី​ស្ថាប័ន​ប្រដាល់សកល​អាជីព​ជប៉ុន។ លោក​ថា វគ្គ​នេះពិត​ជាមាន​សារៈសំខាន់​ណាស់សម្រាប់​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្ពុជា ក៏ដូចជា​ការបំពេញ​តម្រូវកា​រ​របស់​ស្ថាប័ន​អន្ដរជាតិ ដើម្បី​អាច​ចូល​ជា​សមាជិក​ WBC ​នា​ថ្ងៃ​អនាគត។​​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​ប្រដាល់សកល​អាជីព​នេះគឺ​សិក្សា​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់ ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា​ស្អែក​នេះក៏​នឹងមាន​រៀបចំ​ការប្រកួត​ប្រដាល់សកល​អាជីព​ Ultimate Pro Boxing 2022 ​ដែលមាន​ការចូលរួម​ពី​កីឡាករ​ជម្រើសជាតិ ក៏ដូចជា​អ្នក​ប្រដាល់សកល​អាជីព​កម្ពុជា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​សិក្ខា​កាម​បាន​អនុវត្ត​ផ្ទាល់ក្នុងតួនាទី​ជា​អាជ្ញាកណ្ដាល​-​ចៅក្រម​របស់ខ្លួន​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

រូប Ronaldo នៅ​ផ្ទាំង​កញ្ចក់​កីឡដ្ឋាន Old Trafford ត្រូវ​បក​ចេញ​

2022/11/17 06:12:07 pm        139
​បាល់ទាត់៖ ​តើ​ពិតជា​ដល់​ផ្លូវបំបែក​ប្រាកដ​ហើយ​សម្រាប់ Cristiano Ronaldo និង Manchester United? ​​នេះ​ជា​សំណួរ​ដែល​ត្រូវបាន​ចោទឡើង​ពី​មជ្ឈដ្ឋាន​បាល់ទាត់ តែ​ចម្លើយ​ក៏ត្រូវ​បានគិត​ថា​មិន​ពិបាក​ឆ្លើយ​ដែរ គឺ​ពិតប្រាកដ​ណាស់​ថា ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​រូបនេះ​នឹងមិន​ត្រលប់​មកកាន់​ក្លិប​ ដែល​គេ​ធ្លាប់​ជោគជ័យ​ពីមុន​ឡើយ​។ ​រូប​ស្ទីក​ឃ័​រ​បិទ​ទាំង​ផ្ទាំង​នៅលើ​កញ្ចក់​នៃ​កីឡដ្ឋាន Old Trafford ត្រូវបាន​បក​ចេញ​ជា​ផ្លូវ​ការដែល​អាច​បញ្ជាក់​ច្បាស់​ថា Ronaldo នឹងមិន​ត្រលប់​មកកាន់ Old Trafford វិញ​ឡើយ​បើទោះជា​កិច្ចសន្យា​នៅសល់​ដល់​ដំណាច់​រដូវ​កាល​ក្តី​។ ​​ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United មួយចំនួន​បាន​បញ្ចេញមតិ​ស្រដៀង​គ្នា​ថា Ronaldo នឹងមិន​ត្រលប់​មកវិញ​ទេ ព្រោះ​គាត់​បានធ្វើ​រឿង​ដែល​មិនគួរ​ធ្វើ អ្នក​អាច​រិះគន់​នរណាម្នាក់​ដែល​អ្នក​មិន​ពេញចិត្ត​បាន តែ​នេះ​គឺជា​ការរិះគន់​ក្លិប​ទាំងមូល ​ដែល​ក្នុង​គំនិត​គាត់​គ្មានអ្វី​ប្រសើរ​សោះ​សម្រាប់​ក្លិប​ដែលគាត់​ធ្លាប់​រួមរស់​។ ជាក់ស្តែង​ណាស់ Man United មិនត្រូវ​ការ​គាត់​ទៀត​ទេ អ្នកចាត់ការ Erik ten Hag កំពុង​ធ្វើ​អ្វីដែល​ត្រឹមត្រូវ និង​បន្តដំណើរ​ទៅមុខទៀត​មិនអាច​បក​ក្រោយ​។​​ចំណែកឯ​អ្នកគាំទ្រ​ម្នាក់​ក្នុងចំណោម​នោះបាន​និយាយថា គាត់​ជា​អ្នកគាំទ្រ Ronaldo តែ​សង្កត់ធ្ងន់ថា Ronaldo គួរតែ​និយាយ​រិះគន់​ម្ចាស់​ក្លិប​គ្រួសារ Glazers គឺជា​រឿង​ត្រឹមត្រូវ​បំផុត តែ​អ្វីដែល​គាត់​បាន​និយាយ​គឺ​ប្រកាសសង្គ្រាម​ជាមួយ​ក្លិប​ខ្លួនឯង ទាំង​ខ្លួន​មិនទាន់​ផុត​កុងត្រា​នៅឡើយ​។ ​​រំលឹកថា ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan ជាមួយនឹង​ការ​លាតត្រដាង បកអាក្រាត​រឿង​អវិជ្ជមាន​ជាច្រើន​របស់ Manchester United ដែល​រួមទាំង​ការរិះគន់​អ្នកចាត់ការ Ralf Rangnink, Erik ten Hag ម្ចាស់​ក្លិប​គ្រួសារ Glazers ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM