ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Jimmy White និង​អ្នកការពារ​ជើងឯក Zhao Xintong ធ្លាក់​ត្រឹម​ជុំ​ទី​១ UK Championship

2022/11/14 10:31:46 pm        86
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​វ័យ​ចំណាស់​បំផុត​នៅ UK Championship, Jimmy White បាន​ធ្លាក់​ត្រឹម​ជុំ​ទី​១ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Ryan Day​។ ​​កីឡាករ​វ័យ ៦០ឆ្នាំ Jimmy White បាន​យកឈ្នះ​កីឡាករ​បួន​នាក់​ទំរាំ​មាន​កៅអី​នៅ UK Championship នេះ តែ​បាន​ត្រឹម​ខក​បំណង​នៅ​ជុំ​ដំបូង​ក្រោម​បរាជ័យ ៦-២​ហ្វ្រេ​ម​ដោយ​កីឡាករ​សញ្ជាតិ​វែ​ល Ryan Day​។ ​Ryan Day ជុំ​បន្ត​ត្រូវ​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Sam Craigie​។ ​Sam Craigie បាន​ធ្វើឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ទម្លាក់​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ចិន Zhao Xintong ដោយ​លទ្ធផល ៦-២​ហ្វ្រេ​ម​ដូចគ្នា​។​​ចំណែក​ឯ​លទ្ធផល​ផ្សេងទៀត​កីឡាករ​លំដាប់​លេខ​៧ ពិភពលោក Kyren Wilson បាន​យកឈ្នះ Matthew Selt ៦-៣ហ្វ្រេ​ម​ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​អៀក​ឡង់​ខាង​ជើងឯក Mark Allen​។ ​Mark Allen បាន​យកឈ្នះ​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​កីឡាករ Jordan Brown ដោយ​លទ្ធផល ៦-៤ហ្វ្រេ​ម​ក្នុង​ជំនួប​លើកដំបូង​រវាង​មិត្តភ័ក្ដិ​ជិតដិត​មួយ​គូ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

George Russell សម្រក់​ទឹកភ្នែក​ក្រោយ​ឈ្នះ​ការប្រណាំង F1 លើកដំបូង​ក្នុង​អាជីព

2022/11/14 10:05:20 pm        89
​​ប្រណាំង​រថយន្ត​៖ ​កីឡាករ​អង់គ្លេស George Russell ទីបំផុត​បាន​ប្រជែង​ឈ្នះ​ការ​ប្រណាំង F1 ជា​លើកដំបូង​ក្នុង​អាជីព​ក្នុង​ការ​ប្រកួត​នៅ​លើ​ទឹកដី​ប្រេ​ស៊ី​ល​។​ ​​កីឡាករ​របស់​ក្រុម Mercedes រូបនេះ​ថែមទាំង​ឈ្នះ​ការប្រកួត Sprint Race កាលពី​ថ្ងៃ​សៅរ៍​ផង​ដែរដែល​ធ្វើ​ឱ្យគេ​ទទួល​បាន​កៅអី​ជួរ​មុខ ​ក្នុង​ការចេញ​ដំណើរការ​ប្រកួត​ធំ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​George Russell បានធ្វើការ​នាំមុខ​តាំងពី​ពេលចេញ​ដំណើរ និង​កាន់តែ​រក្សា​ការ​នាំមុខ​ស្រួល ​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​រវាង Lewis Hamilton និង Max Verstappen នៅ​ជុំ​ដំបូង​។ ​​Hamilton បាន​ធ្លាក់​ទៅដល់​លេខ៩ ក្រោយ​ការប៉ះទង្គិច​នោះ តែ​នៅតែ​អាច​បញ្ចប់​ការប្រកួត​នៅ​ចំណាត់ថ្នាក់​លេខ២ បាន​។ ​​លេខ៣ ក្នុងការ​ប្រកួត​គឺ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz ខណៈ​លេខ៤ Charles Leclerc ទោះបី​កីឡាករ​ម៉ូ​ណា​កូ​រូបនេះ​មានការ​ប៉ះទង្គិច​ជាមួយ Lando Norris ក្តី​។​​ចំណែក​ជើងឯក​ពិភពលោក Max Verstappen បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៦ ឈរ​ពីក្រោយ Fernando Alonso​។ ​ក្រឡេក​ទៅ​តារាង​ជើងឯក​វិញ​នៅ​ពីក្រោម Max Verstappen គឺ Charles Leclerc និង Sergio Perez កំពុងមាន ២៩០ពិន្ទុ​ស្មើគ្នា រង់ចាំ​ទីលាន​ចុងក្រោយ​នៅ​អារ៉ាប់​រួម​ចុង​សប្តាហ៍​នេះ ​ដើម្បី​ដឹងថា​នរណា​ជា​ជើងឯក​រង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Alvaro Bautista គ្រង​ជើងឯក​ប្រណាំង​ម៉ូតូ Superbike ពិភពលោក​

2022/11/14 09:46:15 pm        35
​​ប្រណាំង​ម៉ូតូ៖ កីឡាករ​អេ​ស្ប៉ា​ញ Alvaro Bautista បាន​គ្រង​តំណែង​ជើងឯក​ពិភពលោក​ប្រណាំង​ម៉ូតូ Superbike ទោះ​បាន​ត្រឹម​លេខ២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ​​Alvaro Bautista បានបញ្ចប់​ការប្រកួត​ទី២ នៅ​អេ​ស្ប៉ា​ញ​នៅ​ចំណាត់ថ្នាក់​លេខ២ ក៏​ពិតមែនតែ​គ្រប់គ្រាន់​ល្មម​ដើម្បី​បង្គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក ​ទោះបី​នៅសល់​ការប្រកួត​ ១​ទីលាន​ទៀត​នៅ​ទឹកដី​អូស្ត្រាលី​សប្តាហ៍​នេះ ដោយ ដាច់​អ្នក​លេខ២ Toprak Razgatlioglu ដល់ ៦៦ពិន្ទុ​។ ​​Alvaro Bautista បាន​ក្លាយជា​កីឡាករ​របស់​ក្រុម​ប្រណាំង Ducati ទីមួយ​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​ប្រណាំង​ម៉ូតូ Superbike ចាប់តាំងពី​អ្នកឈ្នះ​ចុងក្រោយ​គឺ​កីឡាករ Carlos Checa នៅ​ឆ្នាំ​២០១១​។​​អតីត​កីឡាករ​ប្រណាំង MotoGP រូបនេះ​ក៏បាន​ក្លាយជា​កីឡា​ករទី៣ មកពី​ក្រុម​ប្រណាំង ៣ផ្សេងគ្នា​ដែល​ឈ្នះ​ជើងឯក​ក្នុង​រយៈពេល ៣រដូវ​កាល​ចុងក្រោយ​នេះ បន្ទាប់ពី​កីឡាករ​ទួ​រ​គី Toprak Razgatlioglu ឈ្នះ​ជាមួយ​ក្រុម Yamaha នៅ​ឆ្នាំ២០២១ និង​កីឡាករ​អៀក​ឡង់​ខាងជើង Jonathan Rea ឈ្នះ​ជាមួយ​ក្រុម Kawasaki នៅ​ឆ្នាំ២០២០​។ ​ជាមួយគ្នានេះ​ដែរ​ក៏​ជា​ឆ្នាំ​ដំបូង​ផងដែរ​ដែល​ក្រុម​ប្រណាំង Ducati ឈ្នះ​ទាំង​ជើងឯក World Superbike និង MotoGP ដែល​គ្រង​ជើងឯក​ដោយ​កីឡាករ​អ៊ីតាលី Francesco Bagnaia៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មានឈ្មោះ​ក្នុង​បញ្ជី​ តែ​សេ​ណេ​ហ្កា​ល់​ទៅដល់​ទឹកដី​កាតា​ដោយ​គ្មាន Sadio Mane

2022/11/14 07:25:08 pm        66
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្កា​ល់​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​កាតា​ហើយ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup តែ​គេ​មិនឃើញ​មាន​វត្តមាន​ខ្សែប្រយុទ្ធ Bayern Munich, Sadio Mane ឡើយ​។ ​​គ្រូបង្វឹក​សេ​ណេ​ហ្កា​ល់​លោក Aliou Cisse បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦នាក់​សម្រាប់ World Cup កាលពី​ថ្ងៃ​សុក្រ​ដោយមាន​ឈ្មោះ Sadio Mane ផងដែរ​បើទោះបី​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​មាន​របួស​ក៏ដោយ​។ ​​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអាហ្វ្រិក ២លើក​រូបនេះត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ត្រឹម​នាទី២០ អំឡុង​ជ័យជំនះ​របស់ Bayern Munich ៦-១ លើ Werder Bremen កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។​​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា Sadio Mane នឹងមិន​អាចជា​ទាន់ World Cup ឡើយ​តែ​គ្រូបង្វឹក​សេ​ណេ​ហ្កា​ល់​លោក Aliou Cisse នៅតែ​មានៈ​បញ្ចូល​ឈ្មោះ Mane ដោយ​គិត​ថា បើ​មិនបាន​លេង​ប្រកួត​ដំបូង​ក៏​អាចជា​ទាន់​ប្រកួត​បន្ទាប់​។ ​សេ​ណេ​ហ្កា​ល់​ស្ថិតក្នុង​ពូ​ល A នៅ World Cup ឆ្នាំនេះ​ដោយ​ត្រូវ​ជួប​ហូ​ឡង់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​ខាងមុខនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​ធ្លាប់​ដឹកនាំ​ប្រេ​ស៊ី​ល​ឈ្នះ World Cup, Luiz Felipe Scolari ប្រកាស​ចូលនិវត្តន៍​ហើយ

2022/11/14 06:57:05 pm        157
​បាល់ទាត់៖ ​លោក Luiz Felipe Scolari ដែល​ធ្លាប់​ដឹកនាំ​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក FIFA World Cup ចុងក្រោយ​កាលពី​ឆ្នាំ២០០២ នោះបាន​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​គ្រូបង្វឹក​ហើយ​។​ ​​បុរស​វ័យ ៧៤ឆ្នាំ​រូបនេះ​បាន​លា​អ្នកគាំទ្រ​របស់ខ្លួន​ក្រោយ​ដឹកនាំ Athletico Paranaense ឈ្នះ Botafogo ៣-០ ជុំ​ចុងក្រោយ​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ ខណៈដែល Athletico Paranaense បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ៦ មាន​កៅអី​នៅ Copa Libertadores ឆ្នាំក្រោយ​។ ​​លោក Scolari ធ្លាប់​និយាយថា​នឹង​អាច​វិល​មកកាន់ Athletico សារជាថ្មី​ឆ្នាំក្រោយ​ក្នុងតួនាទី​ដឹកនាំ​ណាមួយ តែ​បាន​លើកឡើងថា​នឹង​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹមនេះ​។ ​​លោក Felipe Scolari គឺជា​គ្រូបង្វឹក​ចុងក្រោយ​បំផុត​របស់​ប្រេ​ស៊ី​ល​ដែល​ឈ្នះ​ជើងឯក World Cup កាលពី​ឆ្នាំ២០០២ នៅ​កូរ៉េ និង​ជប៉ុន​នៅពេល​យកឈ្នះ​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រោយ​មក​លោក Scolari បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2004 តែ​ចាញ់​ក្រិ​កនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​​ជាមួយ​ក្លិប​អាជីព​វិញ​លោក Scolari ក៏​ធ្លាប់​ដឹកនាំ​តោ​ខៀវ Chelsea ផងដែរ ខណៈ​ចុងក្រោយ​នៃ​អាជីព​នោះ​គឺ Athletico Paranaense នេះឯង​ដោយ​លោក​បាន​ដឹកនាំ​ក្រុម​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa Libertadores ថ្មីៗ​នេះ​តែ​ចាញ់ Flamengo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ចុងខែ​តុលា​កន្លងទៅ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ម្ចាស់ផ្ទះ​កាតា​ត្រលប់​មកដល់​ទឹកដី​របស់​ខ្លួន​វិញ​ ក្រោយ​បញ្ចប់​ការ​បោះ​ជំរំហ្វឹកហាត់​នៅ​អេ​ស្ប៉ា​ញ

2022/11/14 06:30:30 pm        89
​បាល់ទាត់៖ ​ក្រម​​ជម្រើសជាតិ​កាតា​បាន​ត្រលប់​មកដល់​ទឹកដី​កំណើត​របស់ខ្លួន​វិញ ៧ថ្ងៃមុន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ចាប់ផ្តើម ក្រោយ​បញ្ចប់​ការបោះ​ជំរំហ្វឹកហាត់​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។ ​​ក្រុម​កាតា​បាន​ទៅដល់​ទឹកដី Marbella ប្រទេស​អេ​ស្ប៉ា​ញ​កាលពីដើម​ខែតុលា និង​បាន​ប្រកួត​មិត្តភាព​បួន​ប្រកួត​នៅ​ទីនោះ​ទល់នឹងក្វា​តេ​ម៉ា​ឡា ហុង​ឌុយ​រ៉ា​ស ប៉ា​ណា​ម៉ា និង​អាល់​បា​នី​។​​កាតា​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Felix Sanchez នឹង​ចាប់ផ្តើម​ប្រកួត​មុនគេ​បង្អស់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ទល់នឹង​អេ​ក្វា​ដ័​រ​នៅ​កីឡដ្ឋាន Al Bayt នៅ​ថ្ងៃទី២០ ខែវិច្ឆិកា​ចុង​សប្តាហ៍​នេះ​។ ​​លោក Felix Sanchez បានប្រកាស​កីឡាករ ២៦នាក់​របស់​កាតា​សម្រាប់ World Cup មុនគេ​បង្អស់​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​។ ​​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១១៣ កាតា​នៅពេលនេះ​បាន​ឡើង​មកឈរ​លេខ ៥០ ក្នុង​តារាង FIFA World Ranking​។​​​មុននឹង​ឈាន​មកដល់ World Cup កាតា​បានឈ្នះ​ជើងឯក AFC Asian Cup លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំ២០១៩ និង​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ CONCACAF Gold Cup នៅ​ទឹកដី​អាមេរិក​ឆ្នាំ២០២១ បើទោះជា​ត្រឹម​ក្រុម​ដែល​គេ​អញ្ជើញ​ចូលរួម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ថា ​ខ្លួន​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់​នៅ Manchester United

2022/11/14 06:20:12 pm        141
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo មិនមាន​មុខ​ឡើយ​ក្នុងការ​ប្រកួត​ដែល Manchester United យកឈ្នះ​នៅ​ទឹកដី Fulham ២-១ យប់មិញ តែមាន​មុខ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​មួយ​ក្នុង​កម្មវិធី​របស់លោក Piers Morgan​។ ​​Ronaldo ធ្លាប់មាន​រឿងចម្រូងចម្រាស​មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​តាមរយៈ​ការចង់​ចាកចេញ តែ​ក្រោយ​មក​ក៏បាន​សន្យា​ជាមួយ​ក្លិប​ពី​ការប្តេជ្ញាចិត្ត​រួមរស់​ក្រោយ​ការចាកចេញ​បរាជ័យ​។ ​មក​ត្រឹម​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះបាន​ចេញមក​បកស្រាយ​មិន​លាក់លៀម​ថា រូបគេ​មាន​អារម្មណ៍​ថា​ត្រូវគេ​ក្បត់ មិន​ថា​ក្លិប​ទេ គឺ​ថែមទាំង​អ្នកចាត់ការ Erik ten Hag ផងដែរ ដោយ​ចោទថា​មាន​មនុស្ស​ពីរ​បីនាក់​ក្នុង​ក្លិប ព្យាយាម​កំចាត់​រូបគេ​ឱ្យ​ចាក​ចេញពី​ក្លិប​។ Ronaldo បាន​បន្ថែមថា តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson Manchester United បាន​ដើរ​ថយក្រោយ និង​គ្មានអ្វី​អភិវឌ្ឍ​ឡើយ​។​​សូមបញ្ជាក់ថា Ronaldo មិនបាន​ចូល​លេង​ឡើយ​តាំងពី​ធ្វើជា​ប្រធាន​ក្រុម​ពេល Manchester United ចាញ់​នៅផ្ទះ Aston Villa ៣-១ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ហើយ​នោះ​ទំនងជា​ប្រកួត​ចុងក្រោយ​របស់ Ronaldo ហើយ​នៅ Manchester United តាមរយៈ​កិច្ចសម្ភាសន៍​ហែកហួរ​នេះ​។ ​Cristiano Ronaldo នៅសល់​កិច្ចសន្យា​របស់​ខ្លួន​រហូត​ដល់​ដំណាច់​រដូវ​កាល​នេះ តែ​ត្រូវបាន​គេ​រំពឹងថា ​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​នឹងមិន​ត្រលប់មក​រួម​ក្លិប​វិញ​ឡើយ​ក្រោយ World Cup បញ្ចប់​។ ​មិនមាន​ការ​តបត​ឡើយ​ពី​ក្លិប​បិសាច​ក្រហម Manchester United មកទល់ពេលនេះ​ក្រោយ​កិច្ចសម្ភាសន៍​របស់ Cristiano Ronaldo ជាមួយ​លោក Piers Morgan កាលពី​យប់មិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពានរង្វាន់​បាល់ទាត់​ពិភពលោក​ធ្វើដំណើរ​មកដល់​ទឹកដី​កាតា​វិញ ១សប្តាហ៍​មុន World Cup មកដល់

2022/11/14 05:56:34 pm        88
​បាល់ទាត់៖ ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​បានធ្វើ​ដំណើរ​មកដល់​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​វិញ​ហើយ ១សប្តាហ៍​ប៉ុណ្ណោះ​មុន​ព្រឹត្តិការណ៍ FIFA World Cup 2022 ឈានចូល​មកដល់​នៅ​ចុង​សប្តាហ៍​នេះ​។ ​ពានរង្វាន់​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ​នេះបានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ជាង ៥០ បូករួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ​ដំបូង​ពាន​បាល់ទាត់​ពិភពលោក​បានចេញ​ដំណើ​រ​ពី​ទីក្រុង Dubai អារ៉ាប់​រួម​កាលពី​ខែឧសភា​ឆ្លងកាត់​ប្រទេស​ដែលមាន​កៅអី​នៅ World Cup ទាំង ៣២ក្រុមដែល​ការធ្វើដំណើរ​ទេសចរ​នេះ​ចាប់​ផ្តើមដំបូង​តាំងពី​ឆ្នាំ​២០០៦​។ ​ការធ្វើដំណើរ​របស់​ពាន​បាល់ទាត់​ពិភពលោក​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកគាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក បានឃើញ​ផ្ទាល់ និង​ថតរូប​អនុស្សាវរីយ៍ ជាពិសេស​គឺ​ការផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ ​ដើម្បី​ជំរុញ​ទឹកចិត្ត​យុវជន​ដើម្បី​សម្រេចក្តី​ស្រមៃ​បាល់ទាត់​របស់ខ្លួន​ផងដែរ​។​ ​យោងតាម​ច្បាប់​របស់ FIFA មានតែ​អតីត​ជើងឯក និង​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​ប៉ះ​ផ្ទាល់ ជាក់ស្តែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចាប់​កាន់​ផ្ទាល់​ផងដែរ​។​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ត្រូវបាន​រក្សា​ទុកជា​បណ្តោះអាសន្ន​ដោយ​ក្រុម​ជើងឯក ក្រោយមក​អ្នកឈ្នះ​ទទួលបាន​ច្បាប់​ចម្លង​មាស​ពិសេស​មួយ មុន​ពេលដែល​ពានរង្វាន់​ដើម​ធ្វើ​ពី​មាស​ត្រូវ​ប្រគល់ជូន FIFA វិញ​ហើយ តាមច្បាប់ និង​បទប្បញ្ញត្តិ​។​ ថ្វីត្បិតតែ​ពាន​ត្រូវបាន​ប្រគល់ឱ្យ​ក្រុម​ឈ្នះ​ក៏ដោយ វា​នៅតែ​ជា​កម្មសិទ្ធិ​របស់ FIFA។ ពាន​នេះ​ធ្វើ​ពី​មាស​សុទ្ធ និង​មាន​ទម្ងន់ ៦,១៤២គីឡូក្រាម ដោយ​ការ​រចនា​បច្ចុប្បន្ន​មាន​អាយុកាល​តាំងពី​ឆ្នាំ១៩៧៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មន្ដ្រីជាន់ខ្ពស់​ក្រសួង​អប់រំចុះសួរសុខទុក្ខ​ក្រុម​ជម្រើសជាតិកំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រត​តេ​ជោ

2022/11/14 05:39:32 pm        92
​ស៊ីហ្គេម៖ ឯកឧត្តម ប៊ូ ជុំ​សេរី និង​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មន្ដ្រីក្រោមឱវាទកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ក្រុម​ជម្រើសជាតិ​ចំនួន ១០​ប្រភេទ​កីឡាដែល​កំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្រាប់​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាបាន​ឲ្យ​ដឹងថា ការចុះ​សួរសុខទុក្ខរ​បស់​មន្ដ្រីជាន់ខ្ពស់​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡានេះ ស្របតាម​ការយកចិត្ត​ទុកដាក់​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ដើម្បី​ជំរុញលើកទឹកចិត្ត ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗដល់​កីលាករ​-​កីឡាការិនី ដើម្បី​ធានាបាន​នូវ​ការប្រមូលផ្ដុំ​ប្រកបដោយ​ប្រសិទ្ធភាព​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ។​​គួរ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុម​ជម្រើសជាតិ ១០​ប្រភេទ​កីឡាកំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយ​ក្រុម​ជម្រើសជាតិ​មួយចំនួនធំ​ទៀត បាន​ត្រឡប់​ទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​(​ស្ដា​ត​អូឡាំពិក​)។ ដំណាលគ្នា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏មាន​ការបញ្ជូន​ប្រភេទ​កីឡា​មួយចំនួនធំទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន និង​តាម​បណ្ដា​ប្រទេស​ជា​មិត្ត​មួយចំនួន ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​ប៉េតង់​កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ថៃ​

2022/11/14 05:22:03 pm        81
​​ប៉េតង់​៖ ក្រុម​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជាបានសម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ក្នុងការ​ប្រកួត​ជើងឯក​អាស៊ីលើក​ទី​៤ នៅ​ប្រទេស​ថៃកាលពី​សប្ដាហ៍​កន្លងទៅ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងលើ ៦​វិញ្ញាសារួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ព្រមទាំង​ពាន​មួយ​ទៀតផង។​ ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ទាំង​ក្រុម​ធំ និង​យុវជន​សរុប ២៧​នាក់​ចូលរួម​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​នេះកាលពី​ថ្ងៃទី​១០ រហូត​ល់​ដ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ។​ ​ជា​លទ្ធផល​ក្រុមកីឡា​ប៉េតង់​កម្ពុជាសម្រេចបាន​រួមមាន​មេដាយមាស ៣ ដណ្ដើមបាន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំដោយ​កីឡាករ អ៊ុត ដួងខែ​, វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​បុរសដោយ​កីឡាករ ថោង ឈឿន និង​វិញ្ញាសា​បុរស ៣នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ A ​របស់​កម្ពុជាគឺមាន​កីឡាករ ថោង​ឈឿន​, ​យឹម សុ​ភ័​ណ្ឌ​, ​សៅ សុភា​រ៉ា​ន់ និង តិ​ប ន​រ៉ា។​ ​ចំណែក​មេដាយប្រាក់ ២ ដណ្ដើមបាន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នារីដោយ​កីឡាការិនី អ៊ុន ស្រី​យ៉ា និង​វិញ្ញាសា​នារី ៣​នាក់ទល់ ៣​នាក់ រួមមាន​កីឡាការិនី អ៊ុក ស្រីមុំ​, ​អ៊ុន ស្រី​យ៉ា​, ​ឃួន យ៉ា​រី និង អ៊ុំ ដា​វីន។ រីឯ​មេដាយ​សំរឹទ្ធ ២ ដណ្ដើមបាន​លើ​វិញ្ញាសា​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ ៣​នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ B ​របស់​កម្ពុជាដែលមាន ភាព ផា​ឃិន​, ​អ៊ុត សុខ​ជា​, ​នូ​ច សុ​ខេមរៈ និង​កីឡាការិនី ហាក់ ស្រី​នុត និង​វិញ្ញាសា​បុរស ៣​នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ B ​របស់​កម្ពុជា មាន​កីឡាករ ហេង ស៊ូ​មៀន​, ស៊ីន វង់​, ញ៉ែម បូរ៉ា និង​កីឡាករ ពុធ​យ៉ុ​ន ច័ន្ទដារ៉ា។​​មិនតែប៉ុណ្ណោះកម្ពុជា​ថែម​ទ​ទួល​បាន​ពានរង្វាន់​ Nation Cup ​មួយទៀត ដែលជា​ពានរង្វាន់​លើកទឹកចិត្តដណ្ដើមបាន​លើ​វិញ្ញាសា​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ ៣​នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ A ​របស់​កម្ពុជាដែលមាន​កីឡាករ អ៊ុត ដួងខែ​, ម៉ុង វីរៈ​បុត្រ​, ន​ន់ រ៉ា​វីន និង​កីឡាករ ជា ហេង​ឧ​ត្ត​មរ​ស្មី ទៀតផង។​ ​តាមរយៈ​ជោគជ័យ​នេះគឺជា​កម្លាំងចិត្ត​មួយ​ដ៏​សំខាន់ សម្រាប់​ក្រុមកីឡា​ប៉េតង់​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ផ្សេងៗ​ទៀត ដ្បិត​ក្នុង​បេសកកម្ម​លើក​នេះ សហព័ន្ធ​ក៏ពានផ្ដល់​ឱកាស​ដល់​ទំពាំង​ស្នង​ឬ​ស្សី​ជំនាន់​ថ្មី​ជាច្រើនរូប បាន​ចូលរួម​ប្រកួតប្រជែង និង​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​លើ​ឆាក​អន្ដរជាតិ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM