ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រី​កីឡា​អា​រ៉ា​ប៊ី​សា​អូឌីត​

2022/10/04 05:04:22 pm        86
​ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​តុលា​ម្សិលមិញបាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់​ Abdulaziz Bin Turki Al Saud ​រដ្ឋមន្ត្រី​ក្រសួង​កីឡានៃ​ព្រះ​រាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីតនៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ។​ ​ជំនួប​នេះ​ដែរធ្វើឡើង​ស្រប​ពេល​ព្រះអង្គម្ចាស់​ Abdulaziz Bin Turki Al Saud ​បាន​យាង​មក​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីលើក​ទី​៤១ នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ផង​ដែរ។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​ឲ្យ​ដឹង​ថា ជំនួប​រយៈពេល​ខ្លី​នេះ ផ្ដោត​សំខាន់​ការ​សំណេះសំណាល និង​ការពិភាក្សា​ការងារ​មួយ​ចំនួន អំឡុង​ពេល​ព្រះអង្គម្ចាស់​ Abdulaziz Bin Turki Al Saud ​យាង​មក​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីនៅ​កម្ពុជា ក៏ដូចជា​ដើម្បី​រឹតចំណង​មិត្តភាព​រ​វា​ង​ប្រទេស​ទាំងពីរ​ផង​ដែរ៕អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​-​កីឡាការិនី​ស្ប៉េ​ស្យា​ល់​ជាង ២០០​នាក់​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​២០២២

2022/10/04 04:44:52 pm        73
​ស្ប៉េ​ស្យា​ល់៖ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​០៣ ខែតុលា​ម្សិលមិញបានរៀបចំ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិឆ្នាំ​២០២២ និង​កម្មវិធី​អប់រំ​សុខភាព​អាណា​ព្យ​បាលនៅ​ទីលាន​ T Soccer ​ដោយមាន​អាណាព្យាបាល និង​កីឡាករ​-​កីឡាការិនី​ជនពិការ​ខ្សោយ​សតិ​បញ្ញា​ជាង ២០០​នាក់​ចូលរួម។​ ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម សែម សុខា​ ​រដ្ឋលេខាធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ហើយ​ឯកឧត្តម​បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធដែល​បាន​ខិតខំ​បញ្ជូន​កីឡាករ​-​កីឡាការិនី​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការប្រកួត​នេះឆ្លើយតប​នឹង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ពិសេស​ការលើកកម្ពស់​ដល់​ជនពិការ និង​ក្រុមគ្រួសារ​ទទួលបាន​នូវ​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម និង​សេវាសាធារណៈប្រកបដោយ​គុណភាព រួមទាំង​ជំរុញ​ឲ្យ​ជន​មាន​ពិការភាព​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុងសង្គម​ទៀតផង ពិសេស​សកម្មភាព​កីឡា​ផ្ទាល់​តែម្ដង។​ ​លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ការរៀបចំ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិ និង​កម្មវិធី​អប់រំ​សុខភាព​អាណា​ព្យ​បាល​ប្រចាំឆ្នាំ​២០២២ នេះធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី មកពី​គ្រប់​រាជធានី​-​ខេត្ត​បាន​ជួបជុំគ្នា លេង​កីឡា ដើម្បី​ចែករំលែក​​បទពិសោធន៍ ភាពសប្បាយ​រីករាយ​​រវាង​កីឡាករ កីឡាការិនី​​ខ្សោយបញ្ញា ជាពិសេស​ក៏មាន​លោក​វេជ្ជបណ្ឌិតចូលរួម​ធ្វើការ​ណែនាំអប់រំ​ពី​របៀប​តំហែទាំ​សុខភាព ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​អាណាព្យាបាល និង​កីឡាករ​-​កីឡាការិនី​ខ្សោយ​បញ្ញា​ទាំងអស់​ផងដែរ​។​​ចំពោះ​ការប្រកួត​រយៈពេល ១​ថ្ងៃនេះគឺមាន​កីឡាករ​-​កីឡាការិនី​ស្ប៉េ​ស្យា​ល់ និង​អាណាព្យាបាល​ចូលរួម​សរុប ២១៩នាក់មកពី ១៥​រាជធានី​-​ខេត្តដែល​ធ្វើការ​ប្រកួត​លើ ៣​ប្រភេទ​កីឡារួមមាន​កីឡាអត្តពលកម្ម ៣​វិញ្ញាសា​, កីឡាបាល់ទាត់ ៥​នាក់​ម្ខាង និង​កីឡា​ប៉ូល​មាន ២​វិញ្ញាសាគឺ ១​នាក់ទល់ ១​នាក់ និង ២​នាក់ទល់ ២​នាក់។​ ​លោក ឃ្លាំង ច​ន្ធូ បន្ថែមថា ការប្រកួត​នេះ​​មិនមែន​ដើម្បី​ជ័យជំនះ​តែ​ម្យ៉ាង​នោះទេ គឺ​ដើម្បី​មិត្តភាព សាមគ្គីភាព បំបាត់​ការរើសអើង និង​ផ្តល់ឱកាស​ចូលរួម​សកម្មភាព​ក្នុងសង្គម តាមរយៈ​វិស័យ​កីឡា ស្របតាម​ចលនា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ក្នុង​តំបន់ និង​ពិភពលោក និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ពិសេស​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​សិ​ទ្ធ​ជនពិការ ក្នុងនោះ​វិស័យ​កីឡា​ជនពិការក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ​ជំរុញ​លើកស្ទួយ​ឥតឈប់ឈរ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Miguel Oliveira ឈ្នះ​ការ​ប្រណាំង MotoGP នៅ​ថៃ​ ខណៈ Bagnaia ដេញ​ពិន្ទុ​ជិត​ទាន់ Quartararo ក្នុង​តារាង​ជើងឯក​

2022/10/03 10:10:46 pm        69
​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​ព័រទុយហ្កាល់ Miguel Oliveira បាន​ប្រជែង​ឈ្នះ​ការ​ប្រណាំង MotoGP នៅ​លើ​ទឹកដី​ថៃ ដែល​ជា​ជ័យជំនះ​ដំបូង​បំផុត​ក្នុង​អាជីព​។ ​​ការប្រកួត​នៅ​ទីលាន Chang International Circuit នៅ​ខេត្ត​ Buriram ​ប្រទេស​ថៃ កីឡាករ​របស់​ក្រុម​ប្រណាំង KTM រូប​នេះ​បាន​ជំនះ​លើ​ស្ថានភាព​ផ្លូវ​សើម​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ ដើម្បី​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​នៅ​ចំពោះ​មុខ​អ្នក​លេខ​២ កីឡាករ​អូស្ត្រាលី Jack Miller ០.៧៣វិនាទី ខណៈ​លេខ៣ គឺ​កីឡាករ​របស់​ក្រុម Ducati, Francesco Bagnaia​។ ជ័យ​ជំនះ​របស់ Jack Miller ធ្វើ​ឱ្យ​គេ​ឡើង​មក​ឈរ​លេខ៨ ក្នុង​តារាង​ជើងឯក​ពិភពលោក តែ​អ្វី​ដែល​ជា​ការប្រែប្រួល​គួរ​កត់​សំគាល់​នៅ​ក្នុង​តារាង​ជើងឯក​នោះ​គឺ​អ្នក​នាំ​មុខ​គេ​កីឡាករ​បារាំង Fabio Quartararo បាន​បញ្ចប់​ការប្រកួត​នៅ​ទឹកដី​ថៃ​នេះ​ត្រឹម​ចំណាត់ថ្នាក់​លេខ ១៧ ធ្វើ​ឱ្យ​ការ​នាំ​មុខ​គេ​របស់​គេ​ត្រូវ​កាត់​មក​ត្រឹម ២ពិន្ទុ​ប៉ុណ្ណោះ​ដែល​តាម​ពីក្រោយ​ដោយ​កីឡាករ​អ៊ីតាលី Francesco Bagnaia​។ ​​MotoGP នៅ​សល់​តែ ៣​ទីលាន​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល ២០២២ របស់​ខ្លួន​ដោយ​ជុំ​បន្ត​នឹង​ធ្វើ​នៅ​ទឹកដី​អូស្ត្រាលី ម៉ាឡេស៊ី និង​ចុងក្រោយ​នៅ Valencia ប្រទេស​អេ​ស្ប៉ា​ញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sergio Perez ឈ្នះ​ការប្រកួត​នៅ​សិង្ហ​បុរី​ ខណៈ Max Verstappen ត្រូវ​រង់ចាំ​ប្រកួត​បន្ទាប់​អ៊ុត​មើល​ថា​ជា​ជើងឯក​រឺ​អត់

2022/10/03 09:34:02 pm        151
​ប្រណាំង​រថយន្ត៖ ​អ្នក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក Max Verstappen ត្រូវ​រង់ចាំ​នៅ​ទីលាន​បន្ទាប់​ដើម្បី​ដឹងថា​ អាច​ឈ្នះ​ជើងឯក​ពិភពលោក​លើក​ទី២ រឺ​អត់ បន្ទាប់ពី​ការប្រកួត​មិនបាន​ល្អ​នៅ​សិង្ហ​បុរី ដែល​ជ័យ​ជំនះបាន​ទៅ​មិត្ត​រួម​ក្រុម Red Bull, Sergio Perez​។ ​​ការប្រកួត​ដែល​ត្រូវបាន​ពន្យា​ដោយសារ​ភ្លៀង​ធ្លាក់ ក៏បាន​ចាប់ផ្តើម​ដោយ Sergio Perez វ៉ា Charles Leclerc របស់ Ferrari តាំងពី​ពេលចេញ​ដំណើរ​រហូតដល់​ទី​ព្រ័ត្រ​។ ​​Charles Leclerc ដែលជា​គូប្រជែង​ម្នាក់​គត់​របស់ Verstappen ទទួលបាន​ចំនាត់ថ្នាក់​លេខ២ ក្នុងការ​ប្រកួត​នេះ​ និង​លេខ៣ ក៏​ជា​កីឡាករ Ferrari មួយរូប​ទៀត Carlos Sainz​។ ចំណែក Max Verstappen ដែល​ត្រូវការ​ឈ្នះ​នៅ​សិង្ហ​បុរី​នេះ ហើយ Charles Leclerc ត្រូវ​បញ្ចប់​លើសពី​លេខ៨ នោះ បាន​ត្រឹម​ខកបំណង និង​រង់ចាំ​នៅ​ទីលាន​បន្ទាប់ ពោលគឺ​បញ្ចប់​ការប្រកួត​នៅ​សិង្ហ​បុរី​នេះ​ត្រឹម​លេខ៧ ក្រោយ​ប្រណាំង​ចេញពី​ផ្លូវ ២លើក​។​​ពិន្ទុ​ក្នុង​តារាង​ជើងឯក​នៅពេលនេះ Max Verstappen កំពុង​នាំមុខ Charles Leclerc ១០៤ពិន្ទុ ​ខណៈ​នៅសល់ ៥ទីលាន​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​។ ​​Max Verstappen នៅតែមាន​ឱកាស​ដល់​ទៅ ៩០ភាគរយ​ដើម្បី​គ្រង​ជើងឯក​រដូវ​កាល​នេះ ជាពិសេស​នៅ​ទីលាន​បន្ទាប់​នៅ​ប្រទេស​ជប៉ុន​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wolves បញ្ចប់​តំណែង​អ្នកចាត់ការ Bruno Lage ក្រោយ​ចាញ់ West Ham

2022/10/03 09:24:44 pm        91
​បាល់ទាត់៖ ​ក្លិប​ Wolverhampton Wanderers បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Bruno Lage ហើយ ក្រោយ​បរាជ័យ​នៅ​ទឹកដី West Ham កាលពី​ថ្ងៃ​សៅរ៍​ធ្លាក់​ទៅ​តំបន់​គ្រោះថ្នាក់​។ ​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះបាន​មក​កាន់តំណែង​នេះ​បន្ទាប់ពី​លោក Nuno Espirito Santo កាលពីដើម​រដូវ​កាល​មុន និង​បាន​ដឹកនាំ Wolves បាន​លេខ ១០ ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន​។ ​​យ៉ាងណាក្តី Wolves ឈ្នះ​តែ ១ប្រកួត​គត់ ចាញ់ ៩ ក្នុងចំណោម ១៥ប្រកួត​ចុងក្រោយ​នៃ​ក្របខណ្ឌ English Premier League រាប់​ពី​ចុងរដូវ​កាល​មុន​។ ​​ប្រធាន​ក្លិប Wolves លោក Jeff Shi និយាយថា ទំរង់​លេង​អាក្រក់​បែបនេះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​នេះឡើយ តែ​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ​។ ​​សូមបញ្ជាក់ថា Wolves ក៏បាន​ចំណាយលុយ​ទិញ​កីឡាករ​ច្រើន​ដែរ​ក្នុង​រដូវ​កាល​នេះ​ដល់​ទៅ​ជាង ១០០លាន​ផោន​ដែលមាន​ដូចជា​កីឡាករ​ជម្រើសជាតិ​ព័រទុយហ្កាល់​ពីរ​នាក់ Goncalo Guedes និង Matheus Nunes ក្នុងតម្លៃ ៣៨លាន​ផោន​បំបែក​កំណត់ត្រា​ក្លិប​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

យុវជន ២​រូបប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្រោយក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បញ្ជូន​ទៅ​ហាត់​នៅ​ជប៉ុន​

2022/10/03 06:48:44 pm        107
​បាល់ទាត់៖ យុវជន ហាន់ ទី និង លី សូ​សៀ ជ្រើសរើស​ចេញពី​ក្នុងចំណោម​យុវជន​ជាង ២,៥០០​នាក់តាមរយៈ​កម្មវិធី​ធ្វើតេស្ដ​ Pocari Sweat Japan Youth Ream Challenge ​ដែល​រៀបចំ​ដោយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រសហការ​ជាមួយ​ភេសជ្ជៈ​ Pocari Sweat ​កាលពី​ថ្មីៗ​បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ហើយ​កាលពី​រាត្រី​ថ្ងៃទី​០១ ខែតុលា​កន្លងទៅ ដោយ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ជាមួយ​ក្លិប​ Tokushima Vortis ​នៃ​ក្របខណ្ឌ​លី​គ​ទី​២ ជប៉ុន។​ ​ដំណាលគ្នា​នឹង​ការចាកចេញ​ពី​មាតុភូមិ​ទៅ​ហ្វឹកហាត់​នេះ​ដែរ យុវជន​ទាំងពីរ​បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ និង​សប្បាយចិត្ត​ជាខ្លាំងដែល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន​បានក្លាយ​ជាការ​ពិត ដោយ​ពួកគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង ទោះបី​មាន​រយៈពេល​ខ្លី​យ៉ាងណា ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​អាជីព​បាល់ទាត់ ពិសេស​យក​បទពិសោធ​ន៍​ទាំងអស់​មក​ជួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រវិ​ញ។​ ​ជាមួយគ្នា​ដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រដែល​បាន​ដឹកនាំ​យុវជន​ទាំង ២​រូបទៅ​ហ្វឹកហាត់​នៅ​ជប៉ុន បាន​ចាត់ទុក​នេះ​គឺជា​ឱកាស​មាស​សម្រាប់​ពួកគេ ក្នុងការ​សិក្សា​រៀន​សូត្រ និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ​លើ​ទឹកដី​ជប៉ុន ដែលជា​ប្រទេសមួយ​មានការ​អភិវឌ្ឍ​ខ្លាំង​ផ្នែក​បាល់​ទាត់។ លោក​សង្ឃឹមថា ពេល​ពួកគេ​ត្រឡប់មកវិញនឹង​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​បន្ដ​ដុសខាត់​សមត្ថភាព និង​ជួយ​ក្លិប​របស់ខ្លួន។​​គួរ​ដឹងថា កម្មវិធី​ Pocari Sweat Japan Youth Ream Challenge ​បានធ្វើ​ឡើង​កាលពី​ខែកក្កដា ដោយមាន​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​ជាង ២,៥០០​នាក់​ចូលរួមមកពី ៣​ទីតាំង​ធំៗគឺ​ខេត្តបាត់ដំបង ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ មុន​ចម្រាញ់​បាន​យុវជន​ឆ្នើម ២​រូបដើម្បី​ចេញទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​ Tokushima Vortis ​ពេលនេះគឺ​កីឡាករ ហាន់ ទី និង លី សូ​សៀ។​ ពួកគេ​នឹងត្រូវ​ចំណាយពេល ២​សប្ដាហ៍​នៅ​ទីនោះ ដើម្បី​យល់ដឹង​កាន់តែច្បាស់​ពី​តិច​និ​ច​លេង​បាល់ ការហ្វឹកហាត់ របប​អាហារ ការថែទាំ​រា​ង្គ​កាយ ក៏ដូចជា​ទំនៀមទម្លាប់ និង​ការរស់នៅ​របស់​ប្រជាជន​ជប៉ុន​ជាដើម។ មិន​តែប៉ុណ្ណោះ ពួកគេ​ក៏​នឹង​ទទួលបាន​ឱកាស​ទស្សនា​ផ្ទាល់រាល់​ការប្រកួត​របស់​ក្លិប​ Tokushima Vortis ​ដើម្បី​សិក្សា និង​ដកស្រង់​បទពិសោធន៍​បន្ថែមទៀត​ផង៕​អត្ថបទ៖ លី ឈុន​ឡា

ផ្ទុះ​អំពើ​ហិង្សា​ក្រោយ​ការប្រកួត​បាល់ទាត់​នៅ​ឥណ្ឌូនេស៊ី​រត់​ជាន់គ្នា​ស្លាប់ជាង ១២០​នាក់​

2022/10/03 06:09:22 pm        505
​បាល់ទាត់៖ ​អំពើ​ហិង្សា​មួយ​បាន​ផ្ទុះឡើង​ ក្រោយ​ការប្រកួត​បាល់ទាត់​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើឱ្យ​មន្ត្រីនគរបាលបង្ខំចិត្ត​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​មាន​មនុស្ស​ស្លាប់​ដល់​ទៅ ១២៥​នាក់​ដោយសារ​រត់​ជាន់គ្នា​។ ​​មានការ​ប៉ះទង្គិចរ​វា​ង​អ្នកគាំទ្រ​ក្រុម​ពីរ​ជួបគ្នា​នៅ​កីឡដ្ឋាន Kanjuruhan នៅ​ទីក្រុង Malang City ភាគ​ខាងកើត​ខេត្ត Java ដែល​បញ្ចប់​ទៅដោយ Persebaya Surabaya យកឈ្នះ Arema Malang ៣-២ នៃ​ការប្រកួត​ក្របខណ្ឌ​លី​គ កំពូល​ឥណ្ឌូនេស៊ី Indonesian Premier League​។ ​​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​ភ្លាមៗ​ក្រោយ​ការប្រកួត​បានបញ្ចប់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដែល​ធ្វើឱ្យមាន​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពី​មន្ត្រីនគរបាល​ដើម្បី​បំបែក ហើយ​មនុស្ស​រាប់រយ​នាក់​ព្យា​យាម​រក​ផ្លូវ​រត់​ចេញពី​កីឡដ្ឋាន​ ដែល​បណ្តាលឱ្យមាន​ការជាន់​គ្នា​ស្លាប់ៗ​ភ្លាមៗ​នៅនឹងកន្លែង​ចំនួន ៣៤នាក់​។​​មនុស្ស​ជាង ៣០០នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្បែ​រកីឡដ្ឋាន តែ​អកុសល​ក៏មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ទៀត​អំឡុងពេល​ដឹកជញ្ជូន​ទៅ​មន្ទីរ​ពេ​ទុ្យ និង​នៅ​មន្ទីរពេទ្យ​សរុប ១២៥នាក់​។ ​​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​នៅក្នុង​តំបន់​ថា ចំនួន​អ្នកស្លាប់​អាច​នឹងមាន​ការ​កើន​ឡើ​ន​បន្តបន្ទាប់​ទៀត​លើ​អ្នករងគ្រោះ​ប្រមាណ​ជា ១៨០នាក់​ដែល​ភាគច្រើន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Haaland ក្លាយជា​កីឡា​ករទី១ ក្នុង​ប្រវត្តិសាស្ត្រ Premier League ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ម្នាក់ឯង​ ៣​ប្រកួត​ជាប់​គ្នា​ក្នុង​ដី

2022/10/03 05:46:38 pm        118
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ជាថ្មី​ម្តងទៀត​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ក្របខណ្ឌ​​អង់គ្លេស Premier League គឺជា​កីឡា​ករទី១ ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ស៊ុត​បញ្ចូល​ទី ៣​គ្រាប់​ម្នាក់ឯង (Hat-Trick) បី​ប្រកួត​ជាប់​គ្នា​នៅក្នុង​ដី​។ ​​បី​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប Manchester Derby ម្សិលមិញ បូក​នឹង​បី​គ្រាប់​ម្នាក់ឯង​របស់​កីឡាករ​អង់គ្លេស Phil Foden ធ្វើឱ្យ Manchester City យកឈ្នះ Manchester United ៦-៣​។ ​​បី​គ្រាប់​របស់ Manchester United ធ្វើបាន​ដោយ Antony និង​ពីរ​គ្រាប់​របស់ Anthony Martial ដែល​ដូរ​ចូល​នៅ​វគ្គ​ទី២​។ ​​គិត​មកដល់ពេលនេះ Haaland ស៊ុត​បញ្ចូល​ទី​បាន ១៧គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ១១ប្រកួត​ពោលគឺ​គិត​ជា​មធ្យមភាគ ៥៤នាទី ១មួយ​គ្រាប់​តាំងពី​ផ្លាស់​ពី Borussia Dortmund​។ ​​លោក Pep Guardiola បាន​ពណ៌​នាពី Haaland ថា ​លោក​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់ Haaland តែ​វា​ជាការ​ពិត ហើយ​ធ្លាប់​កើតឡើង​តាំងពី​ពេល​នៅ​ន័​រវេ​ស អូទ្រីស និង​អាល្លឺម៉ង់​។មួយទៀត​លោក​ក៏​សូម​សរសើរ​កូនក្រុម​ទាំងអស់​ ដែល​រួមចំណែក​សំខាន់​ក្នុងការ​បញ្ជូន​ឱ្យ Haaland មាន​គ្រាប់​បាល់​ផងដែរ​។ ​​ជុំវិញ​ការចូល​លេង​រាល់​ការប្រកួត​លោក Pep និយាយថា Man City មានសំណាង​ដែល Haaland មាន​អ្វី​គ្រប់យ៉ាង​នៅពេលនេះ មិន​ដូច​ពេល​នៅ Dortmund ដែល​មានការ​ញាំញី​ដោយសារ​របួស តែ​ច្បាស់​ណាស់​ថា Haaland មានលទ្ធភាព​អាចគ្រប់ ៩០នាទី​រាល់​ការប្រកួត​ទាំងអស់​។ ​​សូមបញ្ជាក់ថា ​ជ័យជំនះ​ធ្វើឱ្យ Manchester City បន្ត​ឈរ​លេខ២ ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ដែល​ឈ្នះ Spurs ៣-១ កាលពី​ថ្ងៃ​សៅរ៍ ១ពិន្ទុ​ដដែល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពេជ្រ សម្បត្តិ​ ប្រើ​ពេល​ត្រឹម​មួយ​ទឹក​យកឈ្នះ ​ធន់ ផានិត ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៨

2022/10/03 05:30:44 pm        194
​គុនខ្មែរ៖ ​កំពូល​កីឡាករ​គុន​ខ្មែរ​រហ័ស​នាម​ក្របីព្រៃ ពេជ្រ សម្បត្តិ ​បានធ្វើឱ្យ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​កក្រើក​ម្តងទៀត ក្រោយ​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ ​ធន់ ផានិត ​ត្រឹម​ទឹក​ទី១ ដើម្បី​ឡើង​វគ្គផ្តាច់ព្រ័ត្រ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨​។ ​​ជាការ​ប្រកួត​ដែល​អ្នកគាំទ្រ​គុន​ខ្មែរ​គ្រប់ទិសទី​ទន្ទឹងរង់ចាំ​ចង់ដឹងថា កីឡាករ​ទាំងពីរ​ ពេជ្រ សម្បត្តិ និង​ធន់ ផានិត ដែល​សុទ្ធតែជា​កីឡាករ​ក្នុង​ចិត្ត​របស់​អ្នកគាំទ្រ​ទាំងអស់ តែ​ការប្រកួត​បាន​ត្រឹម​មួយ​ទឹក​ប៉ុណ្ណោះ បន្ទាប់ពី​កូនសិស្ស​លោកគ្រូ ពេជ្រ សុផាន់​ កីឡាករ​ពេជ្រ សម្បត្តិ ប្រើ​កែង​បុក​ចំ​ក្រោម​ច្រមុះ ធន់ ផានិត​ បណ្តាលឱ្យ​បែក​សន្លប់ ធ្វើឱ្យ​លោក​អាជ្ញាកណ្តាល ម៉ី រតនៈ​ សំរេចចិត្ត​បញ្ឈប់​ការប្រកួត​ភ្លាមៗ​។ ​​កីឡាករ​ទាំងពីរ​ឡើងមក​កាន់​វគ្គ​នេះ​សុទ្ធ​តែមាន ១០ពិន្ទុ​ក្រោយ​ឈ្នះ ៣ និង​ចាញ់ ១ ដូចគ្នា​ តែ​នៅពេលនេះ​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​ដែលមាន​ការគាំទ្រ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​។​​មួយគូ​ដែល​បាន​ប្រកួត​ចប់​មុន កីឡាករ​ថៃ​ពីររូប​ដែលមាន ១០ពិន្ទុ​ដូចគ្នា​ក្នុង​ពូ​ល​ដូច​ពូ​ល​កម្ពុជា​ដែរ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​ ដោយ​ពិន្ទុ​។ ​​ដូច្នេះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ជា​ជំនួប​រវាង ពេជ្រ សម្បត្តិ និង ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី២៣ ខែតុលា​នេះ​។ ​​ចំណែក ​ធន់ ផានិត និង​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក ​ក៏​នឹងត្រូវ​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ​ ដើម្បី​ដណ្តើមចំ​ណាត​ថ្នាក់​លេខ៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចិន​ចាត់ទុក​មហាសន្និបាត និង​ការរត់​កម្សាន្ដ​ OCA ​នៅ​កម្ពុជា ជា​ឱកាស​ផ្សព្វផ្សាយ​កីឡា​អាស៊ី​

2022/10/03 05:12:49 pm        94
​កីឡា​អាស៊ី៖ លោក​ Xu Jianfeng ​ប្រធាន​ផ្នែក​ទំនាក់ទំនង​ការបរទេស នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៩ នៅ​ទីក្រុង​ Hangzhou (19th Asian Games Hangzhou 2022) បានចាត់ទុក​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​(OCA) និង​កម្មវិធី​រត់​កម្សាន្ដ​ OCA Fun Run ​នៅ​កម្ពុជាគឺជា​ឱកាស​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​វឌ្ឍនភាពនៃ​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​អាស៊ីនៅ​ប្រទេស​ចិន។​ ​ការលើកឡើង​នេះបន្ទាប់ពី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារៀប​ចំ​កម្មវិធី​ OCA Fun Run ​ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​កីឡា​អាស៊ីលើក​ទី​១៩ កាលពី​ថ្ងៃទី​០២ ខែតុលា​ម្សិលមិញ ក្នុង​គ្រា​ដែល​កម្ពុជាកំពុង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២។​ ​លោក​ Xu Jianfeng ​បាន​សម្ដែង​សេចក្ដីត្រេកអរដែល​កម្ពុជា​បានទទួល​រៀបចំ​មហាសន្និបាត និង​កម្មវិធី​រត់​កម្សាន្ដ​ OCA Fun Run ​ដែល​ជាការ​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើនដល់​គណៈកម្មការ​រប​ស់​ខ្លួន ក៏ដូចជា​មុខមាត់​ប្រទេស​ចិន ដើម្បី​ផ្សាយ​ផ្សាយ​ពី​ការប្រកួត​កីឡា​អាស៊ីដល់​មហាជន ពិសេស​បណ្ដា​ប្រទេស​សមាជិក​ OCA ​ដែល​ចូលរួម​មហាសន្និបាត​នៅ​កម្ពុជា ហើយក៏​ជា​ឱកាស​ធ្វើ​បទ​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី ៤​ឆ្នាំ​ម្ដង ដែល​ត្រូវបាន​លើក​ពេល​ទៅ​ចុងឆ្នាំ​២០២៣ នេះ​ផងដែរ។​​រីឯ​មន្ដ្រី​ OCA ​លោក​ Wissan Trkmani ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​រត់​កម្សាន្ដ ៣​គីឡូម៉ែត្រ និង ៥​គីឡូម៉ែត្រ​នេះគឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា​អាស៊ីនៅ​ទីក្រុង​ Hangzhou ​និង​លើកឡើង​នូវ​ប្រធានបទ​មួយ​ដែល​ Asian Games ​ផ្ដោត​សំខាន់គឺ​កីឡា​ដើម្បី​ទាំងអស់គ្នា មានន័យថា កីឡា​សម្រាប់​មហាជន​គ្រប់​ជាតិ​សាសន៍ មិន​ប្រកាន់​ពណ៌​សម្បុរ ភេទ អាយុ ឬ​និន្នាការ​អ្វី​ឡើយ ជាក់ស្ដែង​ការរត់​កម្សាន្ដ​នេះបើក​ឲ្យ​មហាជន​ទូទៅ​ចូលរួម ដោយ​ផ្ដោតលើ​គុណ​តម្លៃនៃ​កីឡា​អូឡាំពិក មិន​ផ្ដោតលើ​ការ​ចាញ់​-​ឈ្នះ​នោះទេគឺ​ផ្ដោតទៅលើ​ការចូលរួម​។ ​ជាថ្មី​ម្ដងទៀត ក្នុងនាម​ OCA ​លោក​បាន​សម្ដែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ NOCC ​ដែល​បាន​សហការ​យ៉ាង​ល្អជា​មួយ​ OCA ​ដើម្បី​រៀបចំ​នូវ​កម្មវិធី​នេះ ពិសេស​មហាសន្និបាតលើក​ទី​៤១ ដែលមាន​លក្ខណៈ​ល្អឥតខ្ចោះ ទាំង​ការទទួល​បដិសណ្ឋារកិច្ច និង​ការ​ស្នាក់នៅ​-​ហូបចុក​ជាដើម​។លោក​បានបង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​ការរៀបចំ​កម្មវិធី​ទាំងអស់នេះ គឺជា​ឱកាស​កម្ពុជាបង្ហាញ​នូវ​ភាពខ្លាំង​របស់ខ្លួន ហើយក៏​ជា​ភាពល្អទៅកាន់​ដៃគូ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​ដោយឡែក​ឯកឧត្តម វ៉ា​ត់ ចំរើន បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ការរៀបចំ​កម្មវិធី​រត់​កម្សាន្ដ​នេះ ហើយ​ឯកឧត្ដម​បានចាត់ទុក​វេទិការ​នេះ គឺជា​ឱកាស​ហ្វឹកហាត់ និង​ជា​បទពិសោធន៍​ដ៏​ល្អ ពោល​គឺជា​បទពិសោធន៍​ផ្ទាល់ដែល​ត្រូវ​រៀនសូត្រ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ មានន័យថា ជា​ឱកាស​ដើម្បី​ហ្វឹកហាត់​ការ​ងារ ទាំង​ការងារ​ទំនាក់ទំនង ទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ​-​ហូបចុក និង​ការរៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​។​ សូម​បញ្ជាក់ថា មហាសន្និបាត​ OCA ​លើក​ទី​៤១ នឹង​ប្រារព្ធ​ពិធី​បើកនា​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីនឹង​ថ្លែង​សន្ទរកថា​បើក និង​សន្ទរកថា​គន្លឹះ ដើម្បី​ស្វាគមន៍ចំពោះ​ឥស្សរជន​កីឡា និង​ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​អាស៊ី និង​អន្ដរ​ជាតិប្រមាណ ៤០០​នាក់មកពី​ជាង ៥០​ប្រទេស​លើ​ពិភពលោក ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ច្រានចោលផែនការហ្កាហ្សា ជាការបែកបាក់ថ្មីពីលោក Trump
08/10/2026 08:08 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM