Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Pactrick Robson នឹងចាកចេញពីកម្ពុជាទៅលេងស្រុកកំណើត មុនទៅឥណ្ឌូណេស៊ី

2026/05/27 10:15:07 pm        593
កីឡាករខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង Patrick Robson de Souza Monteiro នឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែកនេះហើយដើម្បីទៅចូលរួមជាមួយក្លឹបថ្មី ក្រោយពីរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបីក្នុងរដូវកាលនេះ។ក្នុងពិធីជប់លៀងក្លឹបកាលពីយប់ថ្ងៃទី ២៦ ខែ​ឧសភា Patrick Robson បានប្រាប់ឱ្យដឹងថាខ្លួននឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកំណើត ប្រេស៊ីល សម្រាកនៅទីនោះជាងមួយខែ រួចនៅធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅខែកក្កដាខាងមុខនេះ ដើម្បីលេងឱ្យក្លឹបថ្មី Persib Bandung ដែលទើបតែឈ្នះលីគកំពូលឥណ្ឌូណេស៊ី។ Patrick Robson វ័យ២៨ឆ្នាំ កើតនៅទីក្រុងប្រេស៊ីលីយ៉ា ប្រទេសប្រេស៊ីល ផ្ទេរមកលេងឱ្យក្លឹបព្រះខ័នរាជស្វាយរៀងនៅរដូវកាល២០២៥-២០២៦ពីក្លឹបHattaរបស់អេមីរ៉ាត់អារ៉ាប់ ហើយបានរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបើករដូវកាល Super Cup ជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន។ លើសពីនេះនៅបានរួមចំណែកជួយក្លឹបព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លឹបទ្វីបអាស៊ី AFC Challenge ទៀតផង៕

Jonas Vingeggard ឈ្នះដំណាក់កាលទី ១៦ ប្រណាំងកង់ Giro d’Italia និងបន្តនាំមុខក្នុងតារាងរួម

2026/05/27 09:16:22 pm        346
កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បានបង្ហាញភាពខ្លាំងរបស់ខ្លួនលើផ្លូវឡើងភ្នំក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d'Italia ក្រោយប្រជែងឈ្នះដំណាក់កាលទី ១៦។ជ័យជម្នះនេះ គឺជាការឈ្នះដំណាក់កាលលើកទី៤ របស់ Vingegaard ក្នុងការប្រណាំងឆ្នាំនេះ ហើយក៏ធ្វើឱ្យគេកាន់តែមានប្រៀបនៅក្នុងតារាងវេលារួមផងដែរ។ ដំណាក់កាលទី ១៦ ដែលមានចម្ងាយផ្លូវ ១១៣ គីឡូម៉ែត្រ ពីទីក្រុង Bellinzona, Vingegaard បានប្រើប្រាស់ល្បឿនរបស់ខ្លួននៅចម្ងាយតិចជាង ៧ គីឡូម៉ែត្រមុនដល់កំពូលភ្នំ ហើយដូចជាការឈ្នះបីដំណាក់កាលមុនៗ កីឡាកររបស់ក្រុម Team Visma | Lease a Bike រូបនេះ ត្រូវបានតាមពីក្រោយដោយ Felix Gall មកពីក្រុម Decathlon AG2R La Mondiale Team ប៉ុន្តែលើកនេះ Gall បានចាញ់ពេលលើសពីមួយនាទី។ទោះជាយ៉ាងណា Gall បានឡើងមកឈរលេខ២ក្នុងតារាងពិន្ទុរួម ខណៈនៅសល់ ៥ ដំណាក់កាលទៀត ។ ទោះបីជាយ៉ាងណា អ្នកជំនាញជាច្រើនជឿថា Vingegaard អាចនឹងបន្ថែមគម្លាតនាំមុខរបស់ខ្លួនបន្ថែមទៀត មុនការប្រណាំងបញ្ចប់នៅទីក្រុង Rome នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ចំណែក Jai Hindley ម្ចាស់ជើងឯក Giro d’Italia ឆ្នាំ ២០២២ មកពីក្រុម Red Bull–Bora–Hansgrohe បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣។សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃនេះពុធនេះមានចម្ងាយផ្លូវ ២០២ គីឡូម៉ែត្រ ពីទីក្រុង Cassano d'Adda ទៅកាន់ Andalo៕ អត្ថបទ៖នាង សុភាវុធ

Anvar នឹងបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតប្រដាល់សកលអាជីពប្រចាំឧសភានេះ

2026/05/27 08:51:44 pm        310
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា Anvar Nasredinov នឹងត្រូវបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នាថ្ងៃទី២៩ ខែឧសភាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធ អ្នកប្រដាល់កូនកាត់អ៊ូបេគីស្ថានរូបនេះ នឹងត្រូវជួបកីឡាករអង់ហ្គោឡា Deizon Sapalo ក្នុងប្រភេទទម្ងន់ ៨៥គីឡូក្រាម ក្នុងនាមគូឯកប្រចាំខែ ក្នុងចំណោមគូមិត្តភាពជាតិ និងអន្ដរជាតិផ្សេងៗ ដែលថ្នាក់ដឹកនាំសហព័ន្ធរំពឹង នឹងទទួលបានការចូលរួមទស្សនាច្រើនពីអ្នកគាំទ្រ។ជាមួយការឈានជើងចូលសង្វៀនប្រដាល់សកលអាជីពក្នុងស្រុកលើកដំបូងនេះដែរ Anvar បានចាត់ទុកជាការត្រៀមខ្លួនមួយដ៏ល្អ ដើម្បីចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗនាពេលឆាប់ៗខាងមុខ ដូចជាការប្រកួត World Cup ឆ្នាំ២០២៦ នាខែមិថុនាខាងមុខ នៅប្រទេសចិន ក៏ដូចជាការត្រៀមចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។សម្រាប់កម្មវិធីប្រកួតប្រចាំឧសភានេះដែរ ក្រៅពីគូឯករវាងកីឡាករ Anvar និង Deizon Sapalo ក៏នឹងមានការប្រកួត ៤គូផ្សេងទៀត ពិសេសជំនួបរវាងកីឡាករជម្រើសជាតិ វី សុភ័ស ប៉ះកីឡាករបារាំង Charly Maxime Cluode ព្រមទាំងជំនួបមិត្តភាពជាតិ រវាងកីឡាករ វុទ្ធី ជេមី ជួបកីឡាករ ខ្លឹង វីរៈបុត្រ, ជំនួបរវាងកីឡាករថ្នាល ទេព គន្ធថង ជួបកីឡាករ សីហា និងកីឡាករ ជុន វិធូ ជួបកីឡាករ រំ សារិន ជាដើម។សូមជម្រាបជូនថា កម្មវិធីកីឡាប្រដាល់សកលប្រចាំខែ Dragon the Golden Ring ត្រូវបានសហព័ន្ធបង្កើតឡើងជារៀងរាល់ចុងខែ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិ បានចូលរួមប្រកួតដុសខាតសមត្ថភាព និងត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា៕ អត្ថបទ លី ឈុនឡា

សៀង ចន្ធា ប្ដេជ្ញាខំប្រឹងកាន់តែខ្លាំង ដើម្បីជួយព្រះខ័នរាជ នារដូវកាលថ្មី

2026/05/26 04:47:18 pm        364
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានប្ដេជ្ញាបន្ដខំប្រឹងហាត់ និងអភិវឌ្ឍខ្លួនឲ្យបានកាន់តែខ្លាំង ដើម្បីត្រៀមជួយក្រុមរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ ដែលនឹងមានការប្រកួតប្រជែងកាន់តែអស្ចារ្យបន្ថែមទៀត។ភ្លាមៗក្រោយរួមចំណែកជួយក្រុមលើកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ សៀង ចន្ធា ទទួលស្គាល់ការចូលរួមរដូវកាលដំបូង ជាមួយព្រះខ័នរាជស្វាយរៀង ពិតជាមានការលំបាកខ្លះ តែមិនជាបញ្ហា រូបគេនឹងបន្ដខំប្រឹង ដើម្បីមានឱកាសលេងកាន់តែច្រើនរដូវកាលថ្មី ពិសេសត្រៀមការប្រកួតធំៗជាច្រើនតែម្ដង។គួរដឹងថា សៀង ចន្ធា បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅដើមឆ្នាំ២០២៥ ខណៈរដូវកាលដំបូង របស់កីឡាករមានដើមកំណើតពីខេត្តកោះកុងនេះ ទោះមិនសូវបានបង្ហាញខ្លួនញឹកញាប់ តែរូបគេក៏ជាផ្នែកមួយ ជួយឲ្យក្រុមទទួលបានជើងឯក ៣ រួមមានពាន Cambodian Super Cup, លីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងស្ទើរតែមានឱកាសលើកពាន AFC Challenge League ទៀតផង៕ អត្ថបទ លី ឈុនឡា

នាយករដ្ឋមន្ត្រីកាណាដា Mark Carney បង្ហាញសមត្ថភាពបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup Trophy Tour

2026/05/25 08:21:35 pm        319
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបង្ហាញសមត្ថភាពលេងបាល់ទាត់របស់ខ្លួន ខណៈពានរង្វាន់ FIFA World Cup បានធ្វើដំណើរមកដល់ទីក្រុងអូតាវ៉ា ក្នុងកម្មវិធី World Cup Trophy Tour កាលពីចុងសប្តាហ៍កន្លងទៅ។នៅក្នុងព្រឹត្តិការណ៍នេះ លោក Carney បានចូលរួមជាមួយប្រធាន FIFA លោក Gianni Infantino និងអតីតខ្សែការពារល្បីរបស់ AC Milan, Alessandro Nesta។Nesta ដែលជាសមាជិកក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ២០០៦ បានបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅទីក្រុង Montreal ហើយលោក Carney បានសរសើរអតីតខ្សែការពាររូបនេះថា មានចំណែកសំខាន់ក្នុងការជួយអភិវឌ្ឍវិស័យបាល់ទាត់នៅកាណាដា។បន្ទាប់មក លោក Carney ក៏បានចូលរួមសកម្មភាពបាល់ទាត់ជាមួយកុមារក្នុងតំបន់ ដោយបង្ហាញភាពសប្បាយរីករាយ និងជំនាញបាល់ទាត់ផ្ទាល់ខ្លួនផងដែរ។ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងត្រូវរៀបចំរួមគ្នាដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយការប្រកួតបើកឆាកនឹងធ្វើឡើងនៅទីក្រុង Mexico City នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ក្រុមជម្រើសជាតិកាណាដា នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដោយជួបបូស្នៀ នៅទីក្រុង Toronto នាថ្ងៃទី១២ ខែមិថុនា។ បន្ទាប់មក កាណាដា នឹងបន្តជួបកាតា និងស្វ៊ីស ក្នុងពូល B ដោយការប្រកួតទាំងនោះនឹងធ្វើឡើងនៅទីក្រុង Vancouver ដែលជាទីក្រុងម្ចាស់ផ្ទះមួយទៀតរបស់កាណាដា៕ អត្ថបទ៖នាង សុភាវុធ 

Oleksandr Usyk ផ្តួល Rico Verhoeven ទឹកទី១១ ការពារខ្សែក្រវាត់ពិភពលោក​បានជោគជ័យ

2026/05/25 07:55:03 pm        364
កីឡាករប្រដាល់ទម្ងន់ធ្ងន់ជើងឯកពិភពលោកមិនដែលចាញ់ Oleksandr Usyk របស់អ៊ុយក្រែន បានយកឈ្នះលើអតីតជើងឯកឃីកបុកស៊ីងហូឡង់ Rico Verhoeven នៅទឹកទី១១ នៃការប្រកួតដណ្តើមខ្សែក្រវាត់ WBC កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា នៅក្បែរពីរ៉ាមីតប្រទេសអេហ្ស៊ីប។ការប្រកួត “Glory in Giza” ត្រូវបានគេចាត់ទុកថាជាការប្រកួតដែលមានគម្លាតសមត្ថភាពខ្លាំង ប៉ុន្តែ Verhoeven ដែលធ្លាប់ប្រកួតប្រដាល់អាជីពតែម្តងគត់កាលពី ១២ ឆ្នាំមុន បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយបង្ហាញទម្រង់ប្រកួតយ៉ាងអស្ចារ្យតាំងពីសំឡេងកណ្តឹងចាប់ផ្តើម ហើយមានពិន្ទុខ្លះបង្ហាញថា គេនាំមុខ Usyk ទៀតផង។Usyk វ័យ ៣៩ ឆ្នាំ ហាក់បង្ហាញភាពយឺតយ៉ាវ និងអស់កម្លាំងនៅពេលខ្លះ។ មុនចូលដល់ទឹកទី១១ កីឡាករអ៊ុយក្រែនរូបនេះ ត្រូវការវាយបកឲ្យបានច្បាស់ ដើម្បីធានាជ័យជម្នះដែលមនុស្សភាគច្រើនរំពឹងទុកជាមុន។នៅចុងទឹកទី១១ Usyk បានវាយមួយដៃស្តាំចំ Rico Verhoeven ឲ្យដួលទៅលើសង្វៀន។ ទោះបីកីឡាករហូឡង់អាចក្រោកឡើងវិញមុនរាប់ដល់ ១០ ក៏ដោយ អាជ្ញាកណ្តាលបានសម្រេចបញ្ឈប់ការប្រកួត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែម។Verhoeven ប្រកួតដើម្បីដណ្តើមខ្សែក្រវាត់ WBC ប៉ុណ្ណោះ ខណៈ Usyk ក៏បានដាក់ខ្សែក្រវាត់ WBA និង IBF របស់ខ្លួនក្នុងការប្រកួតនេះផងដែរ។ ប្រសិនបើគេចាញ់ ខ្សែក្រវាត់ទាំងនោះនឹងត្រូវប្រកាសទំនេរ។ជ័យជម្នះនេះ បានធ្វើឲ្យ Usyk បន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនដល់ ២៥ ប្រកួតជាប់គ្នា។អ្នកវិភាគជាច្រើនបានរំពឹងថា Usyk នឹងបញ្ចប់ការប្រកួតត្រឹមពាក់កណ្តាលផ្លូវ ឬសូម្បីតែលឿនជាងនេះ ប៉ុន្តែ Verhoeven បានធ្វើឲ្យការប្រកួតក្លាយជាសមរភូមិដ៏លំបាកបំផុតមួយសម្រាប់ម្ចាស់ជើងឯកអ៊ុយក្រែន។ទោះយ៉ាងណា ការប្រកួតនេះ ត្រូវបានចាត់ទុកថាជាការប្រកួតដ៏តានតឹង និងលំបាកបំផុតមួយក្នុងអាជីពរបស់ Usyk ខណៈ Verhoeven បានបង្ហាញភាពរឹងមាំ និងមិនងាយចុះចាញ់ឡើយ៕ អត្ថបទ៖នាង សុភាវុធ 

Arsenal លើកពាន Premier League ផ្លូវការ Pep Guardiola ប្រកួតចុងក្រោយខណៈ Spurs គេចផុតពីការកាត់ចេញ

2026/05/25 07:10:53 pm        994
ការប្រកួតក្របខណ្ឌកំពូលអង់គ្លេស Premier League បានបិទបញ្ចប់សប្តាហ៍ចុងក្រោយ ជាមួយនឹងរឿងរំភើប និងពោរពេញដោយការប្រកួតប្រជែងទាំងលើកំពូលតារាង និងតំបន់កាត់ចោល។កាំភ្លើងធំ Arsenal បានក្លាយជាជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ តែទើបតែបានលើកពានផ្លូវការបន្ទាប់ពីយកឈ្នះ Crystal Palace ២-១ នៅថ្ងៃបិទរដូវកាល។ នៅផ្នែកប្រជែងកៅអី Champions League, Manchester United បញ្ចប់នៅលេខ ៣ ក្រោយឈ្នះ Brighton ៣-០ ខណៈ Bruno Fernandes បំបែកកំណត់ត្រាប៉ះបញ្ជូនច្រើនបំផុតក្នុងមួយរដូវកាល Premier League សរុប ២១ បាល់បញ្ជូន។ចំណែក Tottenham Hotspur បានគេចផុតពីការធ្លាក់ចេញយ៉ាងលំបាក បន្ទាប់ពីឈ្នះ Everton ១-០ នៅថ្ងៃចុងក្រោយ ស្របពេលដែល West Ham ទោះឈ្នះ Leeds United ៣-០ ក៏ដោយ ក៏នៅតែត្រូវធ្លាក់ទៅ Championship ក្រោយឈរនៅលេខ ១៨។ រដូវកាលនេះក៏ជាការបញ្ចប់សម័យរបស់លោក Pep Guardiola ជាមួយ Manchester City ផងដែរ បន្ទាប់ពីក្រុមរបស់លោកចាញ់ Aston Villa ២-១ នៅប្រកួតចុងក្រោយ។សរុបមក Premier League 2025/26 គឺជារដូវកាលដែលពោរពេញដោយការប្រជែងដ៏តានតឹង ចាប់ពីការប្រជែងពាន រហូតដល់ការគេចផុតពីតំបន់កាត់ចោល៕ អត្ថបទ៖នាង សុភាវុធ 

ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងយុវជនជាង ២០០០នាក់ រត់ប្រណំាងកម្សាន្ត​អបអរសាទរ​ពិធីសម្ពោធស្តូប​នយោបាយឈ្នះ ឈ្នះ កោះកុង

2026/05/25 06:42:40 pm        423
ថ្នាក់ដឹកនាំ ​មន្រ្តីរាជការ អាជ្ញាធរ ពលរដ្ឋ យុវជន និងកីឡាករជាង២ពាន់នាក់ បាននាំគ្នាចូលរួម​រត់ប្រណាំង​២០០០នាក់ យ៉ាងរីករាយបរិវេណស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដើម្បីអបអរសាទរថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ឧសភា ខាងមុខនេះ។អាជ្ញាធរខេត្តកោះកុង មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជនជាង២០០០នាក់ ជួបជុំគ្នានៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង ដើម្បីចូលរួមរត់ និងដើរកម្សាន្តរយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នៅស្ថិតបឹងឃុងឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ថ្លែងបើកព្រឹត្តការណ៍រត់ប្រណាំង លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ថា ការរត់ ឬដើរ មានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ បើសិនជាអ្នក អាចធ្វើវាជាប្រចាំបាន។ វាជួយរំលាយជាតិខ្លាញ់សម្រក ទម្ងន់ ការពង្រឹងដល់សុខភាពបេះដូងសរសៃឈាម បញ្ចុះ សម្ពាធឈាម ការពង្រឹងដល់មុខងារប្រព័ន្ធ ភាពស៊ាំ និងសន្លាក់ ព្រមទាំងធ្វើឱ្យឆ្អឹងកាន់តែរឹងមាំល្អ។លោកជំទាវអភិបាលខេត្ត បន្តថា វត្តមានអ្នករត់ប្រណាំងមិនមែនតែថ្នាក់ដឹកនាំ អាជ្ញាធរមន្រ្តីរាជការ ពលរដ្ឋ និងយុវជនខេត្តកោះកុងប៉ុណ្ណោះ ពោលគឺមានតំណាងអាជ្ញាធរមន្រ្តីរាជការមកពីខេត្តកែប កំពត កំពង់ស្ពឺ និងខេត្តព្រះសីហុន។ ទន្ទឹមនោះលោកជំទាវ ក៏ជំរុញដល់មន្រ្តីរាជការ អាជ្ញាធរ ប្រជាពលរដ្ឋ និងយុវជន បន្តចូលរួមធ្វើលំហាត់ប្រាណអោយច្រើនប្រចាំថ្ងៃ ដើម្បីសុខភាពមាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអោយកាន់តែរីកចម្រើនបន្ថែមទៀត។ចំណែកកីឡាករដែលមកចូលររួមរត់ប្រណាំងនៅពេលនេះ បានសម្តែងក្តីរីករាយពេលបានចូលរួមសកម្មភាពអបអរសាទរពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះនាពេលដ៏ខ្លីខាងមុខនេះ។ កីឡាករ ចាត់ទុកថា ប្រទេសមានសន្តិភាពដោយសារតែការលះបង់ដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជំនាន់មុន ទើបកម្ពុជាឈានដល់មានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់។គួរជម្រាបថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ មិនត្រឹមតែជាការចូលរួម អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាមគ្គីភាពយ៉ាងរឹងមាំ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃសន្តិភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានឱកាសជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងរួមចំណែកលើកកម្ពស់សុខភាពមហាជនផងដែរ៕ អត្តបទ ឈឹម មករា 

រដូវកាលចុងក្រោយជាមួយព្រះខ័នរាជ តែ Cristian នឹងបន្ដលេងនៅកម្ពុជា ដើម្បី​កៅអី​ជម្រើស​ជាតិ

2026/05/25 06:10:34 pm        352
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Ruque បានបញ្ជាក់ច្បាស់ថា នេះគឺជារដូវកាលក្រោយ ជា​មួយ​ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីរូបគេ បានរួមចំណែកជួយក្លិបបាន ២រដូវកាល និង​ទទួល​បាន​សមិទ្ធផលជាច្រើន ទាំងពានក្នងស្រុក និងអន្ដរជាតិ។ បែបនេះ​ក្ដី Cristian​ នឹង​បន្ដ​លេង​នៅ​កម្ពុជា ដើម្បីមានឱកាសចូលសញ្ជាតិ និងលេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា។ក្នុង​ឱកាសអបអរព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើក​ទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញមោទនភាព ដែល​បាន​រួម​ក្រុមជាមួយព្រះខ័នរាជស្វាយរៀង ពិសេសរដូវកាលចុងក្រោយ ដែលក្លិប​ពិត​ជា​ធ្វើបា​ន​យ៉ា​ង​ល្អ ​ហើយក៏ជារដូវកាលដ៏អស្ចារ្យក្នុងអាជីពបាល់ទាត់របស់ខ្លួនផងដែរ។យ៉ាងណាមិញ បាល់ទាត់មានជួបមានបែក ដោយរូបគេបានបញ្ជាក់ច្បាស់ៗថា នេះគឺ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់ខ្លួន ជាមួយព្រះខ័នរាជស្វាយរៀង ដ្បិតមានហេតុផលជាច្រើន ដែលរូប​គេ​ត្រូវ​ចាក​ចេញ​ តែ Cristian សម្រេចនឹងបន្ដលេងឲ្យក្លិបថ្មីមួយទៀតនៅកម្ពុជា ដើម្បីទទួល​បាន​សញ្ជាតិ​ខ្មែរ ​និងមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។ មិនតែប៉ុណ្ណោះ រូបគេក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នកគាំទ្រអត់ធ្មត់ ដោយសង្ឃឹមថា អនាគតជម្រើសជាតិកម្ពុជានឹងកាន់តែល្អថែមទៀត។គួរដឹងថា Cristian Ruque បានមកប្រកបអាជីពនៅកម្ពុជា នៅរដូវកាលឆ្នាំ២០២២ ជាមួយ​ក្លិប​ណា​ហ្គាវើ​លដ៏ មុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង នៅរដូវកាលឆ្នាំ២០២៤/២៥ ដោយ​ធ្លាប់​រួម​ចំណែកជួយក្រុមឈ្នះពានលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ព្រមទាំង​ឈ្នះ​ជើង​ឯក​រង​ម្ដង ​និងជើងឯកម្ដង ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ២រដូវកាលចុងក្រោយ ពិសេសការ​ទទួល​បាន​ជើង​ឯករងពានរង្វាន់ AFC Challenge League ២រដូវកាលជាប់គ្នាជាដើម។តាម​គោលការណ៍ កីឡាករបរទេស ដែលមកប្រកបអាជីពនៅកម្ពុជា ចាប់ពី ៥ឆ្នាំឡើង នឹង​មាន​សិទ្ធ​ដាក់ស្នើសុំសញ្ជាតិ ដូចដែលកីឡាករបរទេសមួយចំនួន ធ្លាប់ទទួលបានកន្លងមក ហើយ​រដូវ​កាល​ថ្មី​ខាង​មុខ គឺជាគម្រប់ឆ្នាំ ដែល Cristian Ruque អាចស្នើសុំសញ្ជាតិ ក៏ដូចជាអាច​មាន​ឱកាស​លេង​ឲ្យជម្រើសជាតិ ប្រសិនបើមានការសម្រេចចិត្តជ្រើសរើសពីគ្រូបង្វឹកផងដែរ៕ អត្ថបទ លី ឈុនឡា

ក្រោយលើកពានសម្ដេចតេជោ គ្រូព្រះខ័នរាជ ចាត់ទុកវិសាខា ជាគូប្រជែងដ៏ល្អ និង​មិន​រំពឹង​មាន​គ្រាប់​បាល់​ច្រើន​ឡើយ

2026/05/25 05:41:25 pm        210
ក្លិបព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ​២០២៥/២៦ ជាថ្មី បន្ទាប់ពីយកឈ្នះក្រុមវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយលទ្ធផលដ៏ស្វិតស្វាញ ដោយ​ការ​ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ៤-៤ កាល​ពី​រាត្រី​ថ្ងៃ​ទី២៤ ខែឧសភាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញក្ដីរីករាយ ចំពោះ​កូន​ក្រុម​ ដែលព្យាយាមធ្វើបានយ៉ាងល្អ ទោះបីប៉ុន្មានប្រកួតចុងក្រោយ ពួកគេបាន​នឿយ​ហាត់​នឹង​ការ​ប្រកួត​ជា​ច្រើន។ យ៉ាងណាលោកចាត់ទុក វិសាខា គឺជាគូប្រជែងដ៏ល្អ ហើយលោកក៏មិននឹកស្មាន​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រនេះ មានគ្រាប់បាល់កើតឡើងច្រើន រហូតដល់ ៨គ្រាប់បែបនេះដែរ។បន្ថែម​លើនេះ លោកពិតជាមានមោទនភាព សម្រាប់រដូវកាលដំបូង ក្នុងនាមគ្រូបង្គោល ដែល​ជួយ​ក្រុម​ឈ្នះពា​ន ៣ និងជើងឯករងពានរង្វាន់អន្ដរជាតិ AFC Challenge League ហើយ​រដូវកាល​ថ្មី ពិសេសការប្រកួតពានរង្វាន់ AFC Champions League Two លោកនឹង​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែខ្លាំង ដើម្បីប្រកួតប្រជែង ក្នុងនាមក្លិបតំណាងកម្ពុជា ដែលត្រូវតតាំង​ជាមួយ​បណ្ដា​ក្លិប​ប្រទេស​អភិវឌ្ឍន៍ខ្លួន​ក្នុងទ្វីបអាស៊ីតែម្ដង។គួរដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ជាលើកទី៦ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែល​បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក នៃពានរង្វាន់ដ៏ធំលំដាប់ទី២ នៅកម្ពុជា បន្ទាប់​ពី​ពួកគេ ធ្លាប់ឈ្នះពាន កាលពីឆ្នាំ២០១១, ២០១២, ២០១៥, ២០១៧ និងឆ្នាំ​២០២៣/​២៤​។ ​ចំណែកក្រុមវិសាខា នេះគឺជាការបរាជ័យលើកដំបូង ក្នុងប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រ ៤លើក បន្ទាប់​ពីពួកគេ ធ្លាប់គ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និង​ឆ្នាំ​២០២២​៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM