Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

គ្រូបង្វឹក និងអត្តពលិកហែលទឹកពាក់ជើងទា ៦រូបចូលរួម The 2nd International Bunga Raya Children & Junior នៅម៉ាឡេស៊ី

2026/05/21 11:38:27 pm        371
សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការឯកភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៦នាក់ លើប្រភេទកីឡាហែលទឹកពាក់ជើងទា ទៅចូលរួមការប្រកួត មានសមាសភាពចូលរួម ដូចជា លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី លឹម សុខគន្ធពណ៌ កីឡាករ លឹម សុខវារៈស័ក្កិ កីឡាករ លឹម នរវិទូ និងកីឡាករ ម៉េង សុភក្ត្រា ។ ការបញ្ជូនចូលរួមការប្រកួតខាងលើនេះ ជាផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ដើម្បីបង្កើនធនធានកីឡាករ-កីឡាការិនីវ័យក្មេង ព្រមទាំងឲ្យពួកគាត់ចូលរួមកម្រិតអន្តរជាតិឲ្យបានច្រើន ព្រោះការប្រកួតមានសារសំខាន់ណាស់សម្រាប់អត្តពលិក ក្នុងការ ទទួលបានបទពិសោធន៍ និងបំបែកគុណផលរបស់ខ្លួនផងដែរ ។ លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ក្នុងនាមសហព័ន្ធ លោកសង្ឃឹមថា ការប្រកួតលើកនេះពួកគាត់នឹងទទួលបានលទ្ធផលល្អប្រសើរ ព្រោះថាក្នុងនោះកីឡាការិនីខ្លះធ្លាប់ចូលរួមការប្រកួតអន្តរជាតិច្រើនលើច្រើនសារ ហើយក៏មានកីឡាករថ្មីចំនួន ៣ រូប ផងដែរ ។ លោករំពឹងថា កីឡាករថ្មីចំនួន ៣ រូបនឹងទទួលបានបទពិសោធន៍បច្ចេកទេស និងលទ្ធផលល្អ៕

Aston Villa យកឈ្នះ Freiburg គ្រងជើងឯក Europa League ក្រោយខកខានឈ្នះពានអឺរ៉ុប ៤៤ឆ្នាំ

2026/05/21 11:29:48 pm        476
Aston Villa បានបញ្ចប់ការរង់ចាំពានរង្វាន់ដំបូងអស់រយៈពេល ៣០ ឆ្នាំ បន្ទាប់ពីយកឈ្នះ SC Freiburg ក្នុងលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។ ក្រុមរបស់លោក Unai Emery បានបង្ហាញទម្រង់លេងយ៉ាងល្អតាមរយៈបីគ្រាប់របស់ Youri Tielemans, Emi Bundia និង Morgan Rogers ដែលធ្វើឲ្យ Aston Villa ឈ្នះពានធំជាលើកដំបូងចាប់តាំងពីពួកគេលើកពាន League Cup ឆ្នាំ១៩៩៦ និងជាជ័យជម្នះលើកដំបូងនៅអឺរ៉ុប ចាប់តាំងពីឈ្នះពាន European Cup ឆ្នាំ១៩៨២ ក្រោយផ្តួល Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។ការឈ្នះរបស់ Villa ក៏ធ្វើឲ្យក្លិបមកពី Premier League ឈ្នះពាន Europa League ពីរឆ្នាំជាប់ៗគ្នា បន្ទាប់ពី Tottenham Hotspur ឈ្នះកាលពីរដូវកាលមុន ហើយក៏រក្សាក្តីសង្ឃឹមសម្រាប់ក្លិបអង់គ្លេសក្នុងការឈ្នះពានអឺរ៉ុបទាំង៣ផងដែរ ខណៈ Arsenal ត្រៀមលេងវគ្គផ្តាច់ព្រ័ត្រ Champions League និង Crystal Palace ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ Conference League។ជ័យជម្នះនេះក៏ជាពាន Europa League លើកទី៥សម្រាប់អ្នកចាត់ការ Unai Emery បន្ទាប់ពីធ្លាប់ឈ្នះ៣ដងជាមួយ Sevilla ម្តងជាមួយ Villarreal និងពេលនេះជាមួយ Aston Villa។ លោកក៏បានស្មើកំណត់ត្រារបស់ Carlo Ancelotti, José Mourinho និង Giovanni Trapattoni ក្នុងនាមជាគ្រូបង្វឹកដែលឈ្នះពានអឺរ៉ុបច្រើនបំផុតចំនួន៥ពានផងដែរ។ចំណែក Freiburg នៅតែបន្តរង់ចាំឈ្នះពានធំលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបរយៈពេល ១២២ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

ក្លិបនារីកូរ៉េខាងជើងឈ្នះកូរ៉េខាងត្បូងឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League នារី

2026/05/21 11:13:19 pm        296
ក្រុមបាល់ទាត់នារី Naegohyang FC របស់កូរ៉េខាងជើងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយយកឈ្នះម្ចាស់ផ្ទះកូរ៉េខាងត្បូង Suwon FC ២-១ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Women's Champions League។ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានរបស់ Suwon ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងការប្រកួតបានល្អនៅវគ្គទីមួយ ហើយអាចបើកការនាំមុខនៅនាទី៤៩ តាមរយៈការបញ្ចប់ទីដោយកីឡាការិនី Haruhi Suzuki។ប៉ុន្តែត្រឹម៦នាទីបន្ទាប់ ក្រុមមកពីកូរ៉េខាងជើងបានតាមស្មើវិញដោយ Choe Kum Ok លោតតែតបញ្ចូលទីយ៉ាងល្អពីបាល់ហ្វ្រីឃីករបស់ Ri Yu Jong។ការវាយបករបស់ Naegohyang បានបញ្ចប់យ៉ាងល្អនៅនាទី៦៧ ពេល Kim Kyong Yong ឆក់ឱកាសពីកំហុសការពាររបស់ Suwon និងតែតបញ្ចូលទីឲ្យក្រុមនាំមុខ ២-១។ការប្រកួតកាន់តែមានភាពតានតឹងនៅនាទី៧៩ នៅពេលអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ ម៉ែត្រទៅកាន់ Suwon ប៉ុន្តែកីឡាការិនី Jeon Min-ji ស៊ុតមិនចំគោលដៅ។ជាមួយជ័យជម្នះនេះ Naegohyang នឹងត្រូវជួប Tokyo Verdy Beleza នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមជប៉ុនមួយនេះយកឈ្នះ Melbourne City ក្នុងលទ្ធផល ៣-១៕ អត្ថបទ៖នាង សុភាវុធ

Moonton ប្រកាសរៀបចំការប្រកួតរចនាសម្លៀកបំពាក់តួអង្គរ ដែលមានប្រាក់រង្វាន់ជិត ៥ម៉ឺនដុល្លារ

2026/05/21 10:57:06 pm        342
ក្រុមហ៊ុន Moonton ដែលជាដៃគូមួយដ៏ធំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសរៀបចំការប្រកួតរចនាម៉ូដសម្លៀកបំពាក់តួអង្គ កម្រិតសាកលសម្រាប់វិញ្ញាសា Mobile Legends: Bang Bang (MLBB) ប្រចាំឆ្នាំ ២០២៦ ដែលមានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ ៤៩,០០០ដុល្លារ។ការជូនដំណឹងអំពីការប្រកួតរចនាម៉ូដសម្លៀកបំបាក់តួអង្គក្នុងវិស័យកីឡាអេឡចិត្រូនិកនេះ ស្របពេលតំណាងក្រុមហ៊ុន Moonton បានផ្ញើសារអបអរសាទរកម្ពុជា ដែលបានដំណើររៀបចំការប្រកួត MPL Cambodia រដូវកាលទី១០ ដោយជោគជ័យ កាលពីថ្មីៗ ដោយក្រុម Pro Esports ជាអ្នកគ្រងតំណែងជើងឯក។សម្រាប់កម្មវិធី MLBB 2026 Global Skin Design គឺបានចាប់ផ្ដើមពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ ដោយបើកទូលាយ ដល់អ្នករចនាម៉ូដ ឬអ្នកមានចំណាប់អារម្មណ៍ជុំវិញពិភពលោក រួមទាំងយុវជនកម្ពុជា ក្នុងការចូលរួមប្រកួត និងបញ្ចេញស្នាដៃ ។ បន្ទាប់មកអ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន ៤រូប នឹងធ្វើការវាយតម្លៃលើស្នាដៃ គឺមានលោក Ma Hui, លោក Wenjun Lin, លោក Adrian Smit និងលោក Ben Zhang មុនប្រកាសលទ្ធផលនាកំឡុងខែកក្កដា។ជាមួយការប្រកួតនេះដែរ ក្រៅពីប្រាក់រង្វាន់សរុបជិត ៥ម៉ឺនដុល្លារ កំពុងរង់ចាំម្ចាស់ជ័យលាភី សម្រាប់ម្ចាស់ស្នាដៃឆ្នើមដាច់គេប្រចាំការប្រកួតនេះ ក៏នឹងត្រូវអនុវត្តជាមួយការអភិវឌ្ឍ និងរចនាសម្លៀកបំពាក់តួអង្គជាក់ស្ដែង សម្រាប់វិញ្ញាសា MLBB ថែមទាំងមានឱកាសទទួលបានការងារពីចម្ងាយជាមួយក្រុមហ៊ុន Moonton ទៀតផង។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកកម្ពុជាចូលរួម ក៏ដូចជាឱកាសលើកកម្ពស់វិស័យកីឡា ESports នៅកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

តំណាង NOCC ចូលរួមវគ្គអន្តរជាតិ នៅទីកន្លែងកំណើតកីឡាអូឡាំពិក

2026/05/21 10:52:48 pm        269
តំណាងគណៈកម្មាធិការជាតិអូឡាំពិក (NOCC)លោក នូ ចំរើន ចូលរួមវគ្គសិក្ខាសាលាអន្តរជាតិលើកទី១៩ សម្រាប់ប្រតិភូ NOAs និង NOCs នៅ Ancient Olympia ដោយមានអ្នកចូលរួមចំនួន ១៤០នាក់ មកពី ១០០ប្រទេស នៅទីកន្លែងកំណើតនៃការប្រកួតកីឡាអូឡាំពិក នៃប្រទេសក្រិក ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៦។ថ្លែងប្រាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពីប្រទេសក្រិក តាមប្រព័ន្ធសារអេឡិចត្រូនិក លោក នូ ចំរើន គូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្រោមប្រធានបទ “ការផ្តល់អំណាចដល់ការរួមបញ្ចូល ភាពស្មោះត្រង់ និងការទទួលខុសត្រូវសម្រាប់អត្តពលិកគ្រប់រូប” ដោយវគ្គឆ្នាំនេះបង្ហាញពីតួនាទីដ៏សំខាន់នៃការអប់រំអូឡាំពិកក្នុងការបង្កើតបរិយាកាសកីឡាដែលមានសុវត្ថិភាពជាងមុន រួមបញ្ចូលកាន់តែច្រើននិងជំរុញដោយតម្លៃនៅទូទាំងពិភពលោក។មន្ត្រី NOCC រូបនេះ បានបន្តថាការរៀបចំសិក្ខាសាលានេះធ្វើឡើងនៅទីតាំងចាប់កំណត់នៃការប្រកួតកីឡាអូឡាំពិក នៅប្រទេសក្រិកនេះតាំងពីសម័យបុរាណ លើភ្នំ Olympia ដើម្បីបានឈ្វេងយល់អំពីការកកើតនៃកីឡាអូឡាំពិក ក៏ដូចជានាំមកនូវការទស្សនាសារៈមន្ទីរ ការលេងកីឡាតាំងពីសម័យបុរាណដើម្បីសុខភាព និងការប្រកួតកីឡា ដើម្បីបញ្ចប់សង្គ្រាម តាំងពីបុរាណ ដោយការប្រកួតកីឡាមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។នៅក្នុងពិធីបើកមានសន្ទរកថាបំផុសគំនិតដោយប្រធានសាលាអូឡាំពិកអន្តរជាតិ សាស្ត្រាចារ្យ Charilaos Tsolakis និងប្រធានគណៈកម្មាធិការអូឡាំពិកក្រិក លោក Isidoros Kouvelos ដោយសង្កត់ធ្ងន់លើអំណាចនៃអូឡាំពិកដើម្បីលើកកម្ពស់ការគោរព សាមគ្គីភាព និងការទទួលខុសត្រូវនៅទូទាំងពិភពលោក។ ការពិភាក្សាដ៏មានឥទ្ធិពលមួយជាមួយសមាជិក IOC គឺលោកស្រី Samira Asghari និងអត្តពលិកអូឡាំពិក Emma Terho បានកំណត់បរិយាកាសសម្រាប់វគ្គនេះ ដោយពង្រឹងសារៈសំខាន់នៃការអប់រំ ភាពជាអ្នកដឹកនាំ និងសកម្មភាពរួមក្នុងការកសាងចលនាអូឡាំពិកដែលមានក្រមសីលធម៌ និងផ្តោតលើអត្តពលិកកាន់តែខ្លាំង។គួរបញ្ជាក់ថា ការចូលរួមរបស់លោក នូ ចំរើន ក្នុងសិក្ខាសាលាអន្តរជាតិនៅក្រិកនេះ គឺស្ថិតក្រោមគម្រោងជំនួយឧបត្ថម្ភរបស់ NOCC និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ NOCC ផងដែរ ដើម្បីទទួលបានចំណេះដឹងបន្ថែមពង្រឹងគុណភាពសមត្ថភាពមន្ត្រីកីឡាកម្ពុជាពីអន្តរជាតិ៕

មន្ដ្រីជំនាញ សង្ឃឹមកីឡាទេសចរណ៍ ជួយលើកតម្កើង និងទាក់ទាញភ្ញៀវកាន់តែច្រើន ទៅលេងប្រាសាទសំបូរព្រៃគុក

2026/05/21 10:37:22 pm        339
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ សង្ឃឹមព្រឹត្តិការណ៍កីឡាទេសចរណ៍ នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការលើកតម្កើង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តកាន់តែច្រើននៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នៃតំបន់ប្រាសាទសំបូរព្រៃគុក។ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល អភិបាលខេត្តកំពង់ធំ បានជួបប្រជុំសម្រេចលើកម្មវិធីលម្អិត ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ក្នុងនាមថ្នាក់ដឹកនាំមន្ទីរជំនាញ លោក សេង អាន បានសម្ដែងក្ដីរីករាយ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើតព្រឹត្តិការណ៍ជាបន្ដបន្ទាប់ ពិសេសក្រោយប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើនឡើងៗ ជាក់ស្ដែងព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី ដែលគ្រោងនឹងរៀបចំនាថ្ងៃទី៥ ខែកក្កដាខាងមុខ លោកសង្ឃឹមថា នឹងជំរុញកំណើនទេសចរណ៍កាន់តែច្រើន ដើម្បីលើកតម្កើនប្រាង្គប្រាសាទបុរាណខ្មែរផង និងជួយដល់សហគមន៍តំបន់ប្រាសាទសំបូរព្រៃគុកផង។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលក្រសួងទេសចរណ៍ បានផ្ដួចផ្ដើមគំនិតរៀបចំ ដោយសហការជាមួយរដ្ឋបាលខេត្ត និងក្លិបកីឡារត់ដើម្បីសុខភាព KKRC នាដើមខែកក្កដាខាងមុខ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ។ ចំពោះកម្មវិធីកីឡានីមួយៗ រួមមានកីឡាជិះកង់ គ្រោងនឹងចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ និងគ្រោងមានអ្នកចូលរួម ១ពាន់នាក់។ចំណែកម្មវិធីរត់ឆ្លងកាត់ឧបសគ្គវិញ មានចំនួន ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ ចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក គ្រាដែលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ នឹងត្រូវរៀបចំនៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់។ ចំពោះការចុះឈ្មោះ ក្រសួងទេសចរណ៍ នឹងធ្វើការជូនដំណឹងនាពេលឆាប់ៗខាងមុខ៕ អត្ថបទ លី ឈុនឡា

Jhonathan Narvaez ឈ្នះដំណាក់កាលទី ១១ ប្រណាំងកង់ Giro d’Italia តែអ្នកនាំមុខរួមនៅតែជា Afonso Eulalio

2026/05/21 10:28:44 pm        306
កីឡាករប្រណាំងកង់អេក្វាដ័រ Jhonatan Narváez បានប្រជែងឈ្នះដំណាក់កាលទី១១ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d'Italia បន្ទាប់ពីវ៉ាដាច់អ្នកជិះកង់អេស្ប៉ាញ Enric Mas នៅចំនុចចុងក្រោយ ដើម្បីឈ្នះដំណាក់កាលទី ៣របស់ខ្លួនក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ខណៈ Afonso Eulálio នៅតែរក្សាការនាំមុខក្នុងតារាងរួមដដែល។ដំណាក់កាលទី​ ១១ ដែលមានចម្ងាយផ្លូវ ១៩៥ គីឡូម៉ែត្រ Narváez ដែលមកពីក្រុម UAE Team Emirates XRG និង Enric Mas របស់ក្រុម Movistar Team បានបំបែកខ្លួនចេញពីការជិះជាក្រុម នៅចំនុចឡើងភ្នំចុងក្រោយ ហើយប្រជែងគ្នាដល់ទីបញ្ចប់។Mas ជាអ្នកវាយលុកមុននៅចម្ងាយចុងក្រោយ ប៉ុន្តែ Narváez បានបង្កើនល្បឿនយ៉ាងខ្លាំង ឆ្ពោះដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៣៣ នាទី ៤៣ វិនាទី តាមពីក្រោយដោយ Enric Mas ក្នុងថេរវេលាដូចគ្នា។ចំណែកកីឡាករអ៊ីតាលី Diego Ulissi មកពីក្រុម XDS Astana Team បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ តាមពីក្រោយ ១១ វិនាទីក្រោយ ១១ ដំណាក់កាលនេះក្នុងតារាងពិន្ទុរួម មិនមានការផ្លាស់ប្តូរទេ ដោយកីឡាករព័រទុយហ្គាល់ Afonso Eulálio នៅតែនាំមុខគេ ដោយមានគម្លាត ២៧ វិនាទីពីកីឡាករដាណឺម៉ាក Jonas Vingegaard៕ អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជស្វាយរៀង បន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី១១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន

2026/05/21 04:46:31 pm        257
ក្លិបព្រះខ័នរាជស្វាយរៀង បានបន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី១១ បន្ទាប់​ពី​យក​ឈ្នះ​ក្រុ​​មបឹង​កេត ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) កាល​ពី​រាត្រី​ថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរកតេជោ។ជាមួយជ័យជម្នះក្នុងជំនួបដ៏តានតឹងនេះ លោក McConkey ​Matthew ​គ្រូ​បង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀ​ងថា មា​នរឿងត្រាមាជាច្រើន បានកើតឡើងក្នុងការប្រកួត តែក្រុម​ទាំង​ពីរ​ពិត​ជា​ធ្វើ​បាន​ល្អ។​ លោកទទួលស្គាល់ពីការប្រកួតដ៏មមាញឹករបស់ក្រុម រួមទាំងការប្រើពេល ១២០នាទី ដើម្បី​យក​ឈ្នះ​បឹង​កេត​ទៀត គឺគ្មានផលចំណេញសម្រាប់ក្រុម ក្នុងដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រឡើយ។ ប៉ុន្ដែ​ទោះបីនឿយហត់ប៉ុនណា វគ្គផ្ដាច់ព្រ័ត្រនៅតែសំខាន់ តែក្រុមត្រូវត្រៀមខ្លួនឲ្យបានខ្លាំង ដើម្បី​ប្រជែង​ជើង​ឯកជាមួយវិសាខា ដែលជាក្រុមមានគ្រូបង្វឹកល្អនាចុងសប្ដាហ៍នេះ។ ដោយឡែកលោក Conor Nestor គ្រូបង្វឹកបឹងកេត បានសម្ដែងការសោកស្ដាយ សម្រាប់​ការ​ធ្វើ​មិន​បាន​ល្អ​នៅវគ្គទី២ និងម៉ោងបន្ថែម ១៥នាទី ២ដង បន្ទាប់ពីក្រុមចាប់ផ្ដើមបានល្អនៅវគ្គទី១ ដែល​ធ្វើ​ឲ្យ​ព្រះខ័នរាជស្វាយរៀង មានឱកាសយកឈ្នះ និងឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ទោះត្រូវធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្របែបនេះក្ដី តែលោកហាក់មិនទោមនស្សឡើយ ផ្ទុយទៅ​វិញ​លោក​ថែម​ទាំង​បាន​ផ្ដល់​ក្រេឌីត​ដល់​កូន​ក្រុម​ខ្លួន សម្រាប់​ការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​កម្រិត​ទ្វីប​អាស៊ី​ផង​ដែរ​។ សូមរំឮកថា ក្រោយប្រកួតស្មើគ្នា ១-១ ក្នុងជើងទី១ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាល​ពី​ចុង​ខែ​មេសា ក្រុមខ្លាំងទាំងពីរ បានបន្ដបើកការវាយសម្រុកគ្នាពេញ ៩០នាទី ជាមួយ​លទ្ធផល​ស្មើ​គ្នា ​១-១ ទៀត ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយ​កីឡាករ Major Bevan រកបានគ្រាប់នាំមុខឲ្យបឹងកេត មុន នៅនាទី២០ មុនព្រះខ័ន​រាជ​ស្វាយរៀ​ង រកបានគ្រាប់តាមស្មើ ដោយកីឡាករ Takashi Odawara នៅនាទី៥០ ហើយ​លទ្ធ​ផល​​នេះ​ បានរក្សាដល់ចប់ម៉ោងធម្មតា និងឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង។ បន្ទាប់​មក​កីឡាករ Patrick Robson ក៏បាន ២គ្រាប់ម្នាក់ទៀត នៅនាទី៩៩ និងនាទី១០៩ ជួយ​ឲ្យ​ព្រះខ័នរា​ជស្វាយរៀង នាំមុខបឹងកេត ៣-១ វិញ មុនកីឡាករ Bento វាយបកបានគ្រាប់ទី២ ឲ្យ​បឹង​កេត​ នៅនាទី១១៦ តែមិនអាចបង្អាក់ដំណើរឡើងវគ្គផ្ដាច់ព្រ័ត្រព្រះខ័នរាជបានឡើយ ក្រោយ​អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែប​ញ្ចប់​ការប្រកួត ១២០នាទីពេញ ព្រះខ័នរាជស្វាយរៀង បានយក​ឈ្នះ​បឹងកេត​ ៣-២។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមវិសាខា ដែលបាន​យក​ឈ្នះ​ក្រុម ​ISI​ ដង្កោ​​សែនជ័យ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៧-១ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២​០២៦ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា 

រឿងកាន់តែធំ! Southampton ត្រូវដកចេញពីវគ្គ Play-Off ពាក់ព័ន្ធ​រឿង​ស៊ើប​ការ​ហ្វឹក​ហាត់​របស់​គូប្រកួត

2026/05/20 11:54:24 pm        304
ក្លិបបាល់ទាត់ Southampton ត្រូវបានដកចេញពីការប្រកួតវគ្គ Play-off នៃក្របខណ្ឌ League Championship បន្ទាប់ពីក្លិបនេះបានទទួលស្គាល់ថា បានលួចថត និង​ស៊ើប​ការណ៍​លើ​ការ​ហ្វឹក​ហាត់​របស់​ក្លិបគូប្រជែងចំនួន 3 ក្រុមអំឡុងរដូវកាល។ក្រោយការ​សម្រេចរបស់គណៈកម្មការវិន័យឯករាជ្យក្រុម Middlesbrough ដែលចាញ់ Southampton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-off ត្រូវបានដាក់ឱ្យវិលត្រឡប់មកវិញ ហើយ​នឹង​ត្រូវជួប Hull City នៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងកៅអីឡើងទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ។សហព័ន្ធ​បាល់ទាត់អង់គ្លេស EFL បានចោទប្រកាន់ Southampton ថាបានលួច​សង្កេត​ការ​ហ្វឹក​ហាត់​របស់ Oxford United និង Ipswich Town ព្រមទាំងថតវីដេអូក្រុម Middlesbrough មុន​ការ​ប្រកួត​ជើងទីមួយនៃវគ្គ Play-off កាលពីថ្ងៃទី៧ ខែឧសភា។ក្រៅពីការ​ដក​ចេញពី Play-off ក្លិប Southampton ក៏ត្រូវបានពិន័យដក ៤ ពិន្ទុសម្រាប់​រដូវកាល​ក្រោយ​ផង​ដែរ។ EFL បានបញ្ជាក់ថា Southampton បានទទួលស្គាល់ពី “ការបំពាន​ជា​ច្រើន​លើ​បទ​ប្បញ្ញត្តិ​របស់ EFL ពាក់ព័ន្ធនឹងការ​ថត​សកម្មភាព​ហ្វឹក​ហាត់​របស់​ក្លិប​ផ្សេង​ដោយ​គ្មាន​ការ​អនុញ្ញាត”​។ការដកចេញនេះមានន័យថា Southampton នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off ដែល​ត្រូវ​បាន​គេហៅថា “ការប្រកួតមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់” ព្រោះក្រុមឈ្នះ​នឹង​ទទួល​បាន​ចំណូល​យ៉ាង​ហោចណាស់ ១១០ លានផោនពីសិទ្ធិផ្សាយរបស់ Premier League។ទោះ​ជា​យ៉ាងណា វគ្គផ្តាច់ព្រ័ត្រ Play-off នឹងនៅតែធ្វើឡើងនៅកីឡដ្ឋាន Wembley Stadium នៅថ្ងៃសៅរ៍នេះ ខណៈម៉ោងចាប់ផ្តើមប្រកួតនឹងត្រូវប្រកាសនៅពេលក្រោយ។យ៉ាងណា​ក្តី​ប្រភពព័ត៌មានផ្សេងៗបានចុះផ្សាយថា Southampton គ្រោងដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ ដោយអះអាងថា ទណ្ឌកម្មដែលបានដាក់លើក្លិបគឺ ធ្ងន់ធ្ងរហួសប្រមាណ៕ អត្ថបទ៖នាង សុភាវុធ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២០លានរៀល ជូនកីឡាករ អ៊ួច ធារិទ្ធ

2026/05/20 11:12:22 pm        464
ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ សម្តេចតេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០រៀល ជូន​ដល់​កីឡាករ​គុន​ខ្មែរ​ អ៊ួច ធារិទ្ធ ដែលកំពុងសម្រាកព្យាបាលរបួសវះកាត់ឈាមកកក្នុងខួរក្បាល នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​-ចិន ព្រះកុសុមៈ។ ថវិកាឧបត្ថម្ភ និងបណ្តាំផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចទាំងទ្វេ ត្រូវបានពាំនាំ​ទៅ​ប្រគល់​ជូន​កីឡាករ​ផ្ទាល់​ នាវរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ តាមរយៈ ឯកឧត្តម ខូវ ឆាយ ប្រធាន​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកស្រី សេង ម៉ូលីនី។ កីឡាករ អ៊ួច ធារិទ្ធ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេចពុក និងសម្តេចម៉ែ ព្រមទាំង​បាន​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ និ​ងបួងសួងសូមឱ្យសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM