Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Aston Villa និង Freiburg ត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ Europa League រាត្រីនេះ

2026/05/20 11:03:56 pm        342
ក្លិបបាល់ទាត់អង់គ្លេស Aston Villa និង SC Freiburg របស់អាល្លឺម៉ង់ បានបញ្ចប់ការហ្វឹកហាត់ចុងក្រោយកាលពីថ្ងៃអង្គារ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌក្លិបកំពូលអឺរ៉ុបទីពីរ UEFA Europa League រាត្រីនេះ។គ្រូបង្វឹក Aston Villa លោក Unai Emery បានលើកឡើងថា ការប្រកួតនេះនឹងមានភាពលំបាកខ្លាំង ហើយលោកមិនគិតអំពីភាពជោគជ័យកន្លងមករបស់ខ្លួននៅក្នុងពាននេះទេ ប៉ុន្តែផ្តោតលើអ្វីដែលអាចធ្វើបានជាមួយក្រុមបច្ចុប្បន្ន។លោក Emery គឺជាគ្រូបង្វឹកដែលឈ្នះពាន Europa League ច្រើនជាងគេ ដោយធ្លាប់ឈ្នះម្តងជាមួយ Villarreal CF និងបីដងជាមួយ Sevilla។ចំណែកគ្រូបង្វឹក Freiburg លោក Julian Schuster បាននិយាយថា លោកមិនមានអារម្មណ៍ភ័យខ្លាចឡើយ ព្រោះលោកជឿជាក់លើក្រុមរបស់ខ្លួន ហើយកីឡាករទាំងអស់មានការសហការគ្នាល្អ ដោយសារបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំ។Freiburg កំពុងសម្លឹងរកពានធំលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ខណៈពួកគេនឹងត្រូវជួប Aston Villa នៅទីក្រុង Istanbul យប់ថ្ងៃពុធនេះ។សម្រាប់ Aston Villa វិញ ក្រុមរបស់លោក Emery កំពុងស្វែងរកពានរង្វាន់ដំបូងក្នុងរយៈពេល ៣០ ឆ្នាំ ខណៈជោគជ័យចុងក្រោយនៅអឺរ៉ុបរបស់ក្លិបកើតឡើងកាលពី ៤៤ ឆ្នាំមុន នៅពេល Villa ឈ្នះពាន European Cup ឆ្នាំ ១៩៨២ ខណៈពានចុងក្រោយដែលក្លិបឈ្នះគឺ EFL Cup ឆ្នាំ ១៩៩៦៕ អត្ថបទ៖នាង សុភាវុធ

Manchester City ត្រៀមតែងតាំង Enzo Maresca ជំនួសតំណែង Pep Guardiola ដែលនឹងចាកចេញ

2026/05/20 09:37:28 pm        528
ក្លិបបាល់ទាត់ Manchester City ត្រៀមតែងតាំងលោក Enzo Maresca ជាគ្រូបង្វឹកថ្មី ដើម្បីជំនួសលោក Pep Guardiola មុនការចាប់ផ្តើមរដូវកាលក្រោយ។យោងតាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃចន្ទ លោក Guardiola ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិប បន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលទល់នឹង Aston Villa នៅកីឡដ្ឋាន Etihad Stadium នៅថ្ងៃអាទិត្យនេះ។ក្នុងចំណោមបេក្ខភាពជាច្រើន លោក Maresca ត្រូវបានកំណត់ថាជាជម្រើសឈានមុខគេសម្រាប់តំណែងគ្រូបង្វឹកថ្មីរបស់ក្រុមមេឃខៀវ។ ប្រភពបានបញ្ជាក់ថា ការចរចារវាងភាគីទាំងពីរកំពុងដំណើរការទៅមុខយ៉ាងល្អ ហើយអាចមានការប្រកាសជាផ្លូវការនាពេលឆាប់ៗខាងមុខ។លោក Maresca វ័យ ៤៦ ឆ្នាំ ធ្លាប់ដឹកនាំ Chelsea ឈ្នះពាន Club World Cup និង UEFA Conference League ព្រមទាំងជួយក្រុមបញ្ចប់ក្នុងតំបន់កៅអី Champions League។កាលពីមុន លោកក៏ធ្លាប់ធ្វើការជាជំនួយការរបស់ Guardiola នៅ Manchester City ក្នុងរដូវកាលប្រវត្តិសាស្ត្រ ២០២២-២៣ ដែលក្លិបឈ្នះពានបីក្នុងមួយរដូវកាល ហើយក៏មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍថ្នាលយុវជនរបស់ក្លិបផងដែរ។ក្រោយចាកចេញពី City ក្នុងឆ្នាំ ២០២៣ លោកបានទៅដឹកនាំ Leicester City និងជួយក្រុមឡើងមកកាន់ Premier League វិញបានភ្លាមៗក្នុងរដូវកាលដំបូង៕ អត្ថបទ៖នាង សុភាវុធ

អ្នកគាំទ្រប្រេស៊ីលហាក់មិនរំភើបពេកទេ ចំពោះការកោះហៅ Neymar ចូលរួមក្រុមសម្រាប់ World Cup

2026/05/20 08:29:13 pm        979
ប្រជាជនប្រេស៊ីលនៅទីក្រុង Rio de Janeiro មិនបានបង្ហាញភាពរំភើបខ្លាំងនោះទេ ទាក់ទងនឹងការកោះហៅខ្សែប្រយុទ្ធ Neymar ចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ខណៈក្រុមជើងឯកពិភពលោក ៥ សម័យមួយនេះ កំពុងស្វែងរកពានទី៦ ក្នុងប្រវត្តិសាស្ត្រ។គ្រូបង្វឹកថ្មី Carlo Ancelotti បានប្រកាសបញ្ជីកីឡាករកាលពីថ្ងៃចន្ទ ដោយដាក់ឈ្មោះ Neymar ចូលក្នុងក្រុម ដែលផ្តល់ឱកាសឱ្យតារាវ័យ ៣៤ ឆ្នាំរូបនេះ វិលត្រឡប់មកកាន់ឆាកបាល់ទាត់ពិភពលោកជាថ្មី បន្ទាប់ពីជួបបញ្ហារបួសជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។Neymar ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីលសរុប ៧៩ គ្រាប់ មិនបានបង្ហាញខ្លួនឱ្យជម្រើសជាតិតាំងពីឆ្នាំ ២០២៣ មក។ រូបគេបានខកខានការប្រកួតជម្រុះ World Cup ជាច្រើន ដោយសាររបួសអំឡុងពេលលេងឱ្យ Al Hilal។ក្រោយចាកចេញពីអារ៉ាប៊ីសាអូឌីត Neymar បានវិលត្រឡប់ទៅកាន់ក្លិបដើម Santos កាលពីឆ្នាំមុន ប៉ុន្តែទម្រង់លេងរបស់គេមិនសូវទទួលបានការចាប់អារម្មណ៍ឡើយ។សម្រាប់ការប្រកួត World Cup ឆ្នាំ ២០២៦ ប្រេស៊ីលនឹងបើកយុទ្ធនាការរបស់ពួកគេទល់នឹងម៉ារ៉ុកនៅថ្ងៃទី ១៣ ខែមិថុនា នៅរដ្ឋ New Jersey ក្នុងពូល C មុនពេលជួបហៃទី និង ស្កុតឡេន៕ អត្ថបទ៖នាង សុភាវុធ

ព័រទុយហ្កាល់ប្រកាសបញ្ជីឈ្មោះផ្លូវការខណៈ Ronaldo មានឈ្មោះនៅ World Cup ជា​ប្រវត្តិសាស្ត្រ ៦ ព្រឹត្តិការណ៍ជាប់គ្នា

2026/05/20 07:22:31 pm        167
ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីកីឡាករជម្រើសជាតិព័រទុយហ្កាល់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅរដូវក្តៅនេះ ដែលនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងម្នាក់បង្ហាញខ្លួននៅ World Cup ៦ ព្រឹត្តិការណ៍ជាប់គ្នា។តារាបាល់ទាត់វ័យ ៤១ ឆ្នាំរូបនេះ កាន់កាប់កំណត់ត្រាបង្ហាញខ្លួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាមួយជម្រើសជាតិបុរសចំនួន ២២៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៤៣ គ្រាប់។ មុននេះ Ronaldo គឺជាកីឡាករម្នាក់ក្នុងចំណោម ៦ នាក់ប៉ុណ្ណោះដែលធ្លាប់លេង World Cup ៥ លើក ដោយក្នុងនោះក៏មានគូប្រជែងចាស់ Lionel Messi ផងដែរ។Messi ក៏ត្រៀមចូលរួម World Cup លើកទី៦ ដូចគ្នា បន្ទាប់ពីជួយអាហ្សង់ទីនឈ្នះពាន World Cup នៅប្រទេសកាតា កាលពីឆ្នាំ ២០២២។បញ្ជីកីឡាកររបស់ព័រទុយហ្គាល់ក៏មានវត្តមានខ្សែបម្រើ Bruno Fernandes ផងដែរ ដែលកំពុងសម្លឹងរកការបំបែកកំណត់ត្រាប៉ះបញ្ជូនច្រើនបំផុតក្នុងមួយរដូវកាលនៅ Premier League ផងដែរជាមួយ Manchester United។ជាមួយគ្នានេះក៏មានវត្តមានកីឡាករ ៤ រូបពី Paris Saint-Germain រួមមាន Vitinha, Joao Neves, Nuno Mendes និង Goncalo Ramos ក៏ត្រៀមចូលលេងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Arsenal នៅថ្ងៃទី ៣០ ខែឧសភាផងដែរ។មុនបើកយុទ្ធនាការ World Cup ព័រទុយហ្គាល់នឹងមានការប្រកួតមិត្តភាពជាមួយស៊ីលី និង នីហ្សេរីយ៉ា មុនជួបសាធារណរដ្ឋកុងហ្គោ ក្នុងការប្រកួតបើកឆាកពូល K នៅទីក្រុង Houston ថ្ងៃទី ១៧ ខែមិថុនា។ក្រោយមក ពួកគេនឹងបន្តជួបជាមួយអ៊ូសប៊ែគីស្ថាននៅ Houston ម្តងទៀតមុនបញ្ចប់វគ្គចែក​ពូលជាមួយកូឡុំប៊ីនៅទីក្រុង Miami៕ អត្ថបទ៖នាង សុភាវុធ

ការទន្ទឹងរង់ចាំ ២២ឆ្នាំបានបញ្ចប់ Arsenal គ្រងជើងឯក Premier League ក្រោយ Man City ស្មើនៅផ្ទះ Bournemouth

2026/05/20 07:11:58 pm        1045
ក្លិបបាល់ទាត់កាំភ្លើងធ Arsenal បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល ២២ ឆ្នាំ ដើម្បីក្លាយជាជើងឯកក្របខណ្ឌ Premier League បន្ទាប់ពីក្រុមលេខ២ Manchester City ប្រកួតស្មើ ១-១ នៅទឹកដី AFC Bournemouth។ក្រុមដឹកនាំដោយលោក Mikel Arteta បានឈរនៅកំពូលតារាងស្ទើរតែពេញមួយរដូវកាល ហើយបច្ចុប្បន្នមាន ៤ ពិន្ទុនាំមុខ ខណៈនៅសល់តែ ១ ប្រកួតទៀតចប់រដូវកាល។ ការប្រកួតចុងក្រោយទល់នឹង Crystal Palace នៅថ្ងៃអាទិត្យ ទី ២៤ ខែឧសភា នឹងក្លាយជាការប្រកួតអបអរសាទរពានជើងឯកជាផ្លូវការសម្រាប់ Arsenal។ក្រោយសំឡេងកញ្ចែបញ្ចប់ការប្រកួតរវាង Manchester City និង Bournemouth អ្នកគាំទ្រ Arsenal រាប់ពាន់នាក់បានចេញមកអបអរសាទរនៅតាមហាងកាហ្វេ បារ និងតំបន់ជុំវិញកីឡដ្ឋាន Emirates ដោយបង្កើតបរិយាកាសអ៊ូអរពេញទីក្រុងឡុងដ៍។លោក Arteta វ័យ ៤៤ ឆ្នាំ ក៏បានក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុតដែលអាចនាំ Arsenal ឈ្នះជើងឯកលីគកំពូលអង់គ្លេស។ មុនការប្រកួត លោកបាននិយាយថា លោកនឹងក្លាយជា អ្នកគាំទ្រ Bournemouth ស្មោះស្ម័គ្របំផុត រយៈពេលពីរម៉ោង។នេះគឺជាពានលីគកំពូលលើកដំបូងរបស់ Arsenal ចាប់តាំងពីឈ្នះចុងក្រោយនៅរដូវកាល ២០០៣-០៤ ក្រោមការដឹកនាំរបស់លោក Arsène Wenger ដែលក្រុមបានបញ្ចប់រដូវកាលដោយមិនស្គាល់ពាក្យថាចាញ់។ វាក៏ជាពានធំលើកដំបូងរបស់ក្លិប ចាប់តាំងពីឈ្នះ FA Cup ឆ្នាំ ២០២០ ក្នុងរដូវកាលដំបូងរបស់ Arteta ផងដែរ។ជោគជ័យរបស់ Arsenal អាចនឹងកាន់តែអស្ចារ្យ បើពួកគេអាចយកឈ្នះ Paris Saint-Germain ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទីក្រុង Budapest ថ្ងៃទី ៣០ ខែឧសភា ដើម្បីគ្រងជើងឯក Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប៕ អត្ថបទ៖នាង សុភាវុធ

Dani Carvajal នឹងចាកចេញពី Real Madrid ក្រោយចំណាយពេល ២៣ ឆ្នាំ

2026/05/19 06:46:35 pm        192
ប្រធានក្រុម Real Madrid, Dani Carvajal នឹងចាកចេញពីក្លិបនៅចុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលជាមួយក្លិបយក្សអេស្ប៉ាញមួយនេះអស់រយៈពេល ២៣ឆ្នាំ ក្នុងពីរដំណាក់កាលផ្សេងគ្នា។ខ្សែការពារស្តាំវ័យ ៣៤ឆ្នាំរូបនេះ បានបង្ហាញខ្លួនឱ្យ Real Madrid សរុប ៤៥០ប្រកួត និងរកបាន ១៤គ្រាប់ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅចុងខែមិថុនា ខាងមុខ។Carvajal ដែលមានដើមកំណើតនៅទីក្រុង Madrid ត្រូវបានចាត់ទុកជាវីរបុរសរបស់ក្លិប និងជាកីឡាករម្នាក់ដែលមានពានរង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយឈ្នះពានសរុបដល់ទៅ ២៧ពានជាមួយ Real Madrid។Carvajal បានចូលរួមជាមួយថ្នាលយុវជនរបស់ Real Madrid តាំងពីឆ្នាំ២០០២ មុនបង្ហាញខ្លួនឱ្យក្រុមធំក្នុងឆ្នាំ២០១៣ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ Bayer Leverkusen ដែលធ្វើឱ្យ Real Madrid ប្រើលក្ខខណ្ឌទិញត្រឡប់វិញ ដើម្បីនាំយករូបគេមកកាន់ Santiago Bernabeu ម្តងទៀត។ក្នុងអាជីពជាមួយ Real Madrid ខ្សែការពាររូបនេះ បានឈ្នះពាន UEFA Champions League ដល់ទៅ ៦លើក ដែលធ្វើឱ្យគេក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ ៥នាក់ប៉ុណ្ណោះ ដែលអាចសម្រេចបានកំណត់ត្រានេះ ហើយគេក៏ជាកីឡាករតែម្នាក់គត់ ដែលបានចាប់ផ្តើមលេងជាជម្រើសដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រទាំង៦លើកដែលសុទ្ធតែឈ្នះ។ក្រៅពីនេះ Carvajal ក៏បានជួយ Real Madrid ឈ្នះពាន La Liga ៤លើក និងពាន Copa del Rey ២លើក ព្រមទាំងឈ្នះពាន Club World Cup ៦លើក, UEFA Super Cup ៥លើក និង Spanish Super Cup ៤លើក។នៅកម្រិតជម្រើសជាតិ Carvajal គឺជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិអេស្ប៉ាញចាប់តាំងពីឆ្នាំ២០១៤ ដោយបង្ហាញខ្លួនបាន ៥១ប្រកួត និងជួយអេស្ប៉ាញឈ្នះពាន UEFA Nations League ឆ្នាំ២០២៣ និងពានជើងឯកទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៤៕ អត្ថបទ៖នាង សុភាវុធ  

Elverberg ក្លាយជាក្លិបបាល់ទាត់តូចបំផុតមួយដែលនឹងបង្ហាញខ្លួននៅ Bundesliga រដូវកាលក្រោយ

2026/05/19 06:06:04 pm        192
SV Elversberg នឹងក្លាយជាក្លិបតូចបំផុតមួយដែលនឹងឡើងទៅលេងនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga បន្ទាប់ពីយកឈ្នះ Preussen Munster ក្នុងលទ្ធផល ៣-០ និងធានាការឡើងទៅកាន់លីគកំពូលបានសម្រេច។ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ Bambase Conte និង David Mokwa បានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ក្នុងរយៈពេល ១៥នាទីដំបូងធ្វើឲ្យ Elversberg គ្រប់គ្រងការប្រកួតបានល្អ មុនពេល Mokwa រកបានគ្រាប់ទីពីររបស់ខ្លួននៅពាក់កណ្ដាលវគ្គទី២ ដើម្បីធានាចំណាត់ថ្នាក់លេខ២ នៅលីគទីពីរអាល្លឺម៉ង់ និងឡើងទៅ Bundesliga។ទីក្រុង Spiesen-Elversberg ដែលមានប្រជាជនប្រមាណត្រឹម ១៣,០០០នាក់ នឹងក្លាយជាទីក្រុងតូចបំផុតមួយ ដែលមានក្លិបតំណាងលេងនៅ Bundesliga។បន្ទាប់ពីបញ្ចប់ការប្រកួត អ្នកគាំទ្ររាប់ពាន់នាក់បានសម្រុកចូលទីលាន Waldstadion an der Kaiserlinde ដែលផ្ទុកអ្នកទស្សនាបានប្រមាណ ១០,០០០នាក់ ដើម្បីអបអរសាទរការឡើងលេងលីគកំពូលដ៏អស្ចារ្យសម្រាប់ Elversberg ដែលជាការហក់ឡើងបីកម្រិតលីគក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។កាលពីរដូវកាលមុន Elversberg ក៏ធ្លាប់ខិតជិតការឡើង Bundesliga ដែរ ប៉ុន្តែបានចាញ់ FC Heidenheim ដោយលទ្ធផលសរុប ៤-៣ ក្នុងវគ្គ Play-off។ក្លិប Elversberg ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩០៧ និងមានមូលដ្ឋាននៅរដ្ឋតូច Saarland ភាគនិរតីប្រទេសអាល្លឺម៉ង់។ កាលពីរដូវកាល ២០២១-២០២២ ពួកគេនៅលេងក្នុងលីគទីបួនប៉ុណ្ណោះ។បច្ចុប្បន្ន កីឡដ្ឋានរបស់ក្លិបកំពុងត្រូវបានកែលម្អ ដើម្បីបំពេញតាមស្តង់ដាររបស់ Bundesliga ដោយគ្រោងបង្កើនសមត្ថភាពផ្ទុកអ្នកទស្សនាពី ១០,០០០ ទៅ ១៥,០០០នាក់ នៅត្រឹមនិទាឃរដូវឆ្នាំ ២០២៧។ក្រៅពី Elversberg ក្លិប Schalke 04 ក៏នឹងឡើងទៅលេងនៅ Bundesliga រដូវកាលក្រោយផងដែរ បន្ទាប់ពីឈ្នះជើងឯកលីគទី២អាល្លឺម៉ង់ និងវិលត្រឡប់ទៅកាន់លីគកំពូលវិញ ក្រោយអវត្តមានអស់រយៈពេល ៣ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

ទីបំផុត Neymar ត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup

2026/05/19 05:40:59 pm        1085
ទីបផុត Neymar ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីកីឡាករជម្រើសជាតិប្រេស៊ីលហើយ សម្រាប់ការប្រកួត FIFA World Cup ខែក្រោយ នេះបើយោងតាមការប្រកាសរបស់គ្រូបង្វឹក Carlo Ancelotti កាលពីថ្ងៃចន្ទ ដែលផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធរូបនេះវិលត្រឡប់ទៅកាន់ឆាកបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកវិញ បន្ទាប់ពីជួបបញ្ហារបួសជាបន្តបន្ទាប់។ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ ដែលជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីល បានអវត្តមានយូរមកហើយ ដោយសាររបួសជាច្រើន ដែលធ្វើឱ្យគេខកខានការប្រកួតជម្រុះ World Cup ភាគច្រើន ខណៈប្រេស៊ីលកំពុងស្វែងរកការឈ្នះជើងឯកពិភពលោកលើកទី៦ ក្នុងប្រវត្តិសាស្ត្រ។ក្នុងពិធីប្រកាសបញ្ជីកីឡាករ ដែលរៀបចំឡើងនៅសារមន្ទីរ Museum of Tomorrow ក្នុងទីក្រុង Rio de Janeiro ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ព្រមទាំងការសម្តែងតន្ត្រី និងវត្តមានភ្ញៀវល្បីៗ ភ្នែកទាំងអស់បានផ្តោតទៅលើការសម្រេចចិត្តរបស់ Ancelotti ថាតើលោកនឹងកោះហៅ Neymar ឬអត់។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៦ឆ្នាំ ដែលបានចូលកាន់តំណែងដឹកនាំប្រេស៊ីលកាលពីឆ្នាំមុន មិនធ្លាប់កោះហៅអតីតកីឡាកររបស់ FC Barcelona និង Paris Saint-Germain F.C. រូបនេះពីមុនឡើយ។ លោកធ្លាប់ប្រាប់ Reuters កាលពីដើមខែនេះថា ការជ្រើសរើស Neymar នឹងផ្អែកលើកាយសម្បទា និងទម្រង់លេង មិនមែនផ្អែកលើអារម្មណ៍ឬកេរ្តិ៍ឈ្មោះនោះទេ។Neymar ដែលរកបាន ៧៩គ្រាប់សម្រាប់ជម្រើសជាតិប្រេស៊ីល មិនបានបង្ហាញខ្លួនឱ្យប្រេស៊ីលតាំងពីឆ្នាំ ២០២៣ ហើយក៏បានរងការរិះគន់អំពីស្ថានភាពរាងកាយ និងទម្រង់លេងផងដែរ បន្ទាប់ពីរងរបួសញឹកញាប់អំឡុងពេលលេងឱ្យ Al Hilal និងការវិលត្រឡប់មិនសូវជោគជ័យទៅកាន់ក្លិបដើម Santos FC កាលពីឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

Inter Milan អបអរដង្ហែពានពានក្នុងស្រុកពីរនៅទីក្រុង Milan

2026/05/18 07:22:24 pm        497
អ្នកគាំទ្ររាប់ម៉ឺននាក់របស់ Inter Milan បានជួបជុំគ្នាប្រែក្លាយទីលាន Piazza del Duomo ទីក្រុង Milan ឲ្យក្លាយពណ៌ខ្មៅ និងខៀវ ក្នុងការអបអរសាទរជ័យជម្នះពានរង្វាន់ក្នុងស្រុក ២ពានរបស់ក្លិប តាមរយៈក្បួនដង្ហែរថយន្តក្រុងបើកដំបូលកាត់កណ្ដាលទីក្រុង Milan។អ្នកគាំទ្របានមកប្រមូលផ្តុំគ្នានៅទីលានមុខវិហារ Duomo ដ៏ល្បីល្បាញរបស់ទីក្រុង Milan ជាច្រើនម៉ោងមុនក្រុមកីឡាករមកដល់ ដោយពួកគេលើកទង់ជាតិ និងទង់ក្លិបយ៉ាងធំ បាញ់កាំជ្រួច និងស្រែកគាំទ្រ “Forza Inter” ខណៈកីឡាករ បានលើកបង្ហាញពាន Serie A និងពាន Coppa Italia ទៅកាន់អ្នកគាំទ្រ។ការប្រារព្ធនេះ បានធ្វើឡើងបន្ទាប់ពី Inter Milan ឈ្នះជើងឯក Serie A លើកទី២១ របស់ខ្លួនកាលពីដើមខែនេះ ហើយបន្តយកឈ្នះ Lazio ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដើម្បីបញ្ចប់រដូវកាលជាមួយការឈ្នះពានក្នុងស្រុកទាំងពីរ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Cristian Chivu។ក្បួនដង្ហែរជ័យជម្នះរបស់ Inter បានចាប់ផ្តើមចេញពីកីឡដ្ឋាន San Siro ឆ្លងកាត់កណ្ដាលទីក្រុង Milan មុនទៅដល់ទីលាន Duomo ដែលពោរពេញដោយអ្នកគាំទ្រ ខណៈសម្លេងស្រែកអបអរសាទរ និងបទចម្រៀងគាំទ្រក្លិប បានបន្លឺឡើងរហូតដល់យប់ជ្រៅ៕ អត្ថបទ៖នាង សុភាវុធ 

តេជោលីគ លើកទី៣ បើកការប្រកួតផ្លូវការ ខណៈស្នងការនគរបាលខេត្តស្វាយរៀង កំពុងនាំមុខ

2026/05/18 07:14:05 pm        420
ព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ បានបើកការប្រកួតជាផ្លូវការហើយ ដោយមានបេក្ខភាព ៣ក្រុម បានចាប់ផ្ដើមជាមួយលទ្ធផលដ៏ល្អ ដោយមិនទាន់ស្គាល់ចាញ់ ស្របពេលក្រុមស្នងការនគរបាលខេត្តស្វាយរៀង កំពុងនាំមុខគេ។ពិធីបើកការប្រកួតបាល់ទះដ៏ធំប្រចាំឆ្នាំនេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រយ៉ាងច្រើន នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ឆ្លងកាត់ការប្រកួតជុំទី១ សប្ដាហ៍ទី១ រយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមស្នងការនគរបាលខេត្តស្វាយរៀង កំពុងឈរកំពូលតារាង ដោយរកបាន ៦ពិន្ទុ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមស្នងការនគរបាលខេត្តព្រះសីហនុ ៣-១សិត និងឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ៣-០សិត។រីឯ ២ក្រុមទៀត ដែលមិនទាន់ស្គាល់ចាញ់ និងរកបាន ៥ពិន្ទុស្មើគ្នា ឈរលេខ២ និងលេខ៣ បណ្ដោះអាសន្ន គឺមានក្រុមការពារជើងឯកបញ្ជាការដ្ឋានអង្គរ ដែលបានយកឈ្នះក្រុមវិសាខា ៣-២សិត និងឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-១សិត និងក្រុមក្រសួងមហាផ្ទៃ ដែលបានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-១សិត និងឈ្នះក្រុមស្នងការនគរបាលខេត្តកោះកុង ៣-២សិត។គួរដឹងថា តេជោលីគ រដូវកាលទី៣ នេះ មានបេក្ខភាព ៨ក្រុមចូលរួម ដោយដំណាក់កាលទី១ ក្រុមនីមួយៗ ត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមឈរលេខ១ ដល់លេខ៦ នឹងត្រូវបន្ដការប្រកួតនៅដំណាក់កាលទី២។ អ្វីដែលពិសេស នៅកំឡុងសម្រាកក្រោយចប់ជុំទី១ ក្រុមដែលបានឡើងវគ្គបន្ដ ក៏អាចផ្លាស់ប្ដូរកីឡាករថ្មីបាន ៦រូប ដើម្បីពង្រឹងក្រុម និងជំរុញឲ្យការប្រកួតកាន់តែជក់ចិត្តបន្ថែមទៀតផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM