Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Bayern Munich អបអរជើងឯក Bundesliga លើកទី៣៥ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់

2026/05/18 07:04:43 pm        572
ក្រុមបាល់ទាត់ Bayern Munich បានអបអរការឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga លើកទី៣៥ រួមជាមួយអ្នកគាំទ្ររាប់ពាន់នាក់ នៅកណ្ដាលទីក្រុង Munich កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។តាមប្រពៃណីរបស់ក្លិប ក្រុមកីឡាករ និងបុគ្គលិកបាននាំគ្នាឡើងទៅលើយ៉រអគារសាលាក្រុង Munich ដោយកាន់ពានជើងឯក Bundesliga បង្ហាញជូនអ្នកគាំទ្រ ដែលបានមកអបអរសាទរយ៉ាងកក្រើកនៅទីលាន Marienplatz។Bayern Munich បានបញ្ចប់ការប្រកួតលីគចុងក្រោយរបស់ខ្លួនដោយយកឈ្នះ FC Köln ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃសៅរ៍ ខណៈបីពិន្ទុបន្ថែមនេះធ្វើឱ្យក្រុមរបស់លោក Vincent Kompany បញ្ចប់រដូវកាលឈ្នះដាច់ ១៦ ពិន្ទុ។ជាមួយគ្នានេះ ក្លិបក៏បានបញ្ជាក់ថា ខ្សែការពារ Raphaël Guerreiro និងខ្សែប្រយុទ្ធ Nicolas Jackson នឹងចាកចេញពីក្រុមនៅចុងរដូវកាលនេះ។ ខ្សែបម្រើ Leon Goretzka ក៏នឹងលាក្លិបផងដែរ បន្ទាប់ពីចំណាយពេល ៨ឆ្នាំជាមួយ Bayern Munich និងជួយក្រុមឈ្នះពាន Bundesliga ជាច្រើនលើករួមជាមួយ German Cup និង UEFA Champions League ម្តងផងដែរ។Goretzka ទទួលបានការគាំទ្រ និងសម្លេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងពីអ្នកគាំទ្រ នៅទីលាន Marienplatz ខាងមុខសាលាក្រុង Munich។បច្ចុប្បន្ន Bayern Munich នៅមានឱកាសឈ្នះពានរង្វាន់មួយទៀតដោយពួកគេនឹងត្រូវជួបជាមួយ Stuttgart នៅវគ្គផ្តាច់ព្រ័ត្រ German Cup ថ្ងៃទី ២៣ ឧសភាចុងសប្តាហ៍នេះនៅរដ្ឋធានីប៊ែកឡាំង៕អត្ថបទ៖នាង សុភាវុធ

Xabi Alsonso ព្រមព្រៀងដឹកនាំតោខៀវ Chelsea ក្នុងកិច្ចសន្យាដល់ឆ្នាំ ២០៣០

2026/05/18 06:35:27 pm        351
Xabi Alonso នឹងចូលកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ Chelsea ជា​ផ្លូវការ​បន្ទាប់​ពី​ក្លិប​នៅ​ក្រប​ខណ្ឌ Premier League បានប្រកាសព័ត៌មាន​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍ក​ន្លង​ទៅ​ពី​កិច្ចព្រ​ម​ព្រៀងជា​មួយបុរសសញ្ជាតិអេស្ប៉ាញរូបនេះ នៅខែកក្កដាខាងមុខក្នុងកិច្ចសន្យាដល់ឆ្នាំ ២០៣០។Alonso អតីតគ្រូបង្វឹករបស់ Real Madrid និង Bayer Leverkusen ក្លាយជា​គ្រូ​បង្វឹក​អចិន្ត្រៃយ៍​ទី៥ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន BlueCo បន្ទាប់ពី Graham Potter, Mauricio Pochettino​, Enzo Maresca និង Liam Rosenior។ការមកដឹកនាំ Chelsea លើកនេះ គឺជាការវិលត្រឡប់មកកាន់បាល់ទាត់អង់គ្លេសរបស់ Alonso បន្ទាប់​ពី​រូបគេធ្លាប់បង្ហាញខ្លួនបាន ២១០ប្រកួតឱ្យ Liverpool ក្នុងនាមជាកីឡាករ មុនផ្ទេរទៅ Real Madrid នៅឆ្នាំ២០០៩ ហើយបញ្ចប់អាជីពបាល់ទាត់ជាមួយ Bayern Munich ក្នុង​ឆ្នាំ​២០១៧​។សម្រាប់រដូវកាលនេះ Chelsea កំពុងជួបការលំបាក ដោយធ្លាក់ទៅឈរលេខ៩ ក្នុងតារាង Premier League និងមានឱកាសតិចតួចក្នុងការប្រជែងយកកៅអីទៅលេងពានអឺរ៉ុប បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វីជើង Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍។ Chelsea បា​ន​ស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីបណ្តេញ Liam Rosenior ចេញពីតំណែង កាលពីខែមេសា បន្ទាប់​ពី​ដឹកនាំក្រុមបានត្រឹមតែ ៣ខែប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ

Pro Esports ប្ដេជ្ញាស្វែងរកលទ្ធផលល្អលើឆាកអន្ដរជាតិ ក្រោយគ្រងជើងឯក MPL លើកដំបូង

2026/05/18 06:23:39 pm        310
ក្រុមកីឡាអេឡិចត្រូនិក Pro Esports បានប្ដេជ្ញាបន្ដការខំប្រឹងត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ បន្ទាប់ពីសម្រេចគោលដៅលើកពាន MPL Cambodia លើកដំបូង បន្ទាប់ពីរងបរាជ័យ ៦រដូវកាលជាប់គ្នា។ នេះបើតាមការលើកឡើងរបស់ស្ថាបនិក និងជាប្រធានក្រុមលោក អ៊ឹង ស៊ីវឈន់។Pro Esports បានគ្រងជើងឯកព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំ MPM Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Galaxy Legends ក្នុងវគ្គផ្ដាច់ព្រ័ត្រ(Grand Final)ដោយលទ្ធផល ៤-០ ។ នេះគឺជាលទ្ធផលស្ទើរមិនគួរឲ្យជឿមួយ ដ្បិតកាលពីវគ្គ Upper Bracket Final ក្រុម Galaxy Legends បានយកឈ្នះ Pro Esports ដាច់ ៣-០។លោក អ៊ឹង ស៊ីវឈន់ បានបង្ហាញមោទនភាព ក្រោយការទន្ទឹងរង់ចាំ ៧រដូវកាល ទើបអាចសម្រេចគោលដៅគ្រងជើងឯកលើកដំបូង ហើយលោកនឹងបានប្ដេជ្ញានឹងបន្ដពង្រឹងក្រុមឲ្យបានកាន់តែល្អ សម្រាប់ការត្រៀមចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោក MSC ឆ្នាំ២០២៦ នាពេលខាងមុខ ក៏ដូចជាត្រៀមការពារជើងឯក នារដូវកាលថ្មីផងដែរ។ទន្ទឹមនឹងការប្រកួតដ៏កក្រើក ជាមួយការបន្ថែមនូវរស់ជាតិថ្មី មានទាំងក្រុមជើងឯកកម្រិតយុវជន និងក្រុមជើងឯកផ្នែកនារី លេងទល់ក្រុមខ្លាំងៗ ក្នុងក្របខណ្ឌ MPL រដូវកាលនេះ ឯកឧត្តម លន់ សាមឌី បានវាយតម្លៃខ្ពស់ ចំពោះសញ្ញាណវិជ្ជមានជាច្រើន ដែលកើតចេញពីការប្រកួតរដូវកាលទី១០ ហើយលោកក៏បានប្ដេជ្ញា និងលើកទឹកចិត្តដល់ក្រុមជើងឯក ឲ្យបន្ដការខំប្រឹង ដើម្បីត្រៀមលក្ខណៈកាន់តែល្អក្នុងការប្រកួតពានអន្ដរជាតិផងដែរ។សរុបលទ្ធផលការប្រកួត MPL Cambodia រដូវកាលទី១០ ក្រៅពីក្រុម Pro Esports ដែលបានគ្រងជើងឯក ក្រោយឆ្លងកាត់ការប្រកួតសរុប ១២លើក ស្គាល់បរាជ័យតែម្ដង គឺមានក្រុម Galaxy Legends ទទួលបានចំណាត់ថ្នាក់លេខ២ គ្រាដែលក្រុមជើងឯកឆ្នាំចាស់ CFU Gaming ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ និងក្រុម Vigor Apex ទទួលបានចំណាត់ថ្នាក់លេខ៤ គ្រាដេលក្រុម Valhalla និង Team Flash KH ឈរចំណាត់ថ្នាក់លេខ៥ និងលេខ៦៕ អត្ថបទ លី ឈុនឡា

Jonas Vingegaard ឈ្នះដំណាក់កាលទី ៩ ប្រណាំងកង់ Giro d’Italia តែនាំមុខរួមនៅដដែល

2026/05/18 05:55:25 pm        177
Jonas Vingegaard កីឡាករប្រណាំងកង់របស់ក្រុម Team Visma-Lease a Bike រកជ័យជម្នះលើកទី២ ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីឈ្នះដំណាក់កាលទី៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d'Italia កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ខណៈ Afonso Eulalio នៅតែរក្សាតំណែងនាំមុខក្នុងតារាងរួមដដែល។ដំណាក់កាលទី ៩ ដែលមានចម្ងាយផ្លូវ ១៨៤ គីឡូម៉ែត្រពីទីក្រុង Cervia ទៅកាន់ Corno alle Scale, Jonas Vingegaard បានតាមទាន់គូប្រជែងសំខាន់ Felix Gall របស់ក្រុម Decathlon CMA CGM បន្ទាប់ពីកីឡាករអូទ្រីសរូបនេះ ប្រើល្បឿនខ្លាំងនៅជិតចុងផ្លូវឡើងភ្នំ។យ៉ាងណាមិញ កីឡាករដាណឺម៉ាក Vingegaard បានបង្កើនល្បឿនយ៉ាងខ្លាំងនៅគីឡូម៉ែត្រចុងក្រោយ និងផ្តាច់ខ្លួនឡើងនាំមុខ ខណៈមិត្តរួមក្រុមរបស់គេ Davide Piganzoli បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។ដោយឡែក Afonso Eulalio របស់ក្រុម Bahrain Victorious បានបង្ហាញការប្រកួតយ៉ាងរឹងមាំម្តងទៀត ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ មានគម្លាត ៤១ វិនាទីពី Vingegaard ប៉ុន្តែនៅតែអាចរក្សាបានការនាំមុខគេក្នុងតារាងថេរវេលារួម។ បន្ទាប់ពីថ្ងៃសម្រាកនៅថ្ងៃចន្ទនេះ អ្នកប្រណាំងទាំងអស់នឹងបន្តដំណាក់កាលទី១០ នៅថ្ងៃអង្គារស្អែក ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន ចម្ងាយ ៤២គីឡូម៉ែត្រ ពីទីក្រុង Viareggio ទៅកាន់ Massa៕ អត្ថបទ៖នាង សុភាវុធ

ពាន Rithy Jesda U23 បើកការប្រកួតរដូវកាលថ្មី ដើម្បីជំរុញសមត្ថភាពយុវជនកាន់តែខ្លាំង

2026/05/18 05:45:20 pm        286
ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Rithy Jesda U23 Futsal Cup 2026 បានបើកការប្រកួតរដូវកាលថ្មីរបស់ខ្លួនហើយ ដោយមានបេក្ខភាព ៧ក្រុមចូលរួម ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ក្នុងសាលនៅកម្ពុជា។លោក ហុង ងន់ឆៃ គណៈកម្មាការរៀបចំពាននេះ បានឲ្យដឹងថា ពានរង្វាន់អាយុក្រោម ២៣ឆ្នាំ ដែលថ្នាក់ដឹកនាំទីលាន ឬទ្ធី ចេស្ដា បានរៀបចំនេះ ក្នុងគោលបំណងរក្សាឲ្យបាននូវស្ថេរភាពក្នុងការរៀបចំពាន ដើម្បីផ្ដល់់ឱកាសដល់កីឡាករ ពិសេសយុវជន ដែលពិបាកប្រកួតប្រជែងជាមួយក្រុមធំ បានចូលរួមប្រកួត និងអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំង។ជាមួយគ្នាលោក កែវ សុចិត្រា សមាជិកក្រុមធំ និងជាគ្រូបង្វឹកក្រុមយុវជន Sybell FC បានបង្ហាញការគាំទ្រ ចំពោះព្រឹត្តិការណ៍នេះ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងសាលនៅកម្ពុជា ហើយក៏សង្ឃឹមថា នឹងមានវិស័យឯកជន ចូលរួមសហការ និងគាំទ្រដល់ដំណើរការរៀបចំពាននេះឲ្យកាន់តែអស្ចារ្យផងដែរ។សម្រាប់បេក្ខភាព ៧ក្រុម ដែលចូលរួមប្រជែងពានរង្វាន់ Rithy Jesda U23 Futsal Cup 2026 នេះ រួមមានក្រុម Sybelle Academy, ក្រុម DIG Academy, Lucky Futsal Academy, ក្រុមយុវជន Mighty Man FT, ក្រុមយុវជន  Mihel Seoul Young Gun FT, ក្រុមយុវជន BYD FC និងក្រុមយុវជនសេនាអង្គរយូណាយធីត។ ការប្រកួតនេះ នឹងប្រើរូបមន្ដលក្ខណៈលីគ ដោយក្រោយបញ្ចប់វិលជុំដំណាក់កាលទី១ ក្រុមកំពូលតារាង នឹងត្រូវឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមឈរលេខ២ ដល់លេខ៥ នឹងត្រូវប្រកួតខ្វែងគ្នា ស្វែងរកក្រុមឈ្នះឡើងជួបក្រុមកំពូលតារាង នៃដំណាក់កាលទី១ ដើម្បីប្រជែងពានតែម្ដង។ចំពោះលទ្ធផលការប្រកួតសប្ដាហ៍ដំបូង កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ រួមមានក្រុមយុវជន Sybelle បានយកឈ្នះក្រុម DIG FC ៥-២, ក្រុមយុវជន Mighty Man FT យកឈ្នះក្រុម BYD ៨-២ និង ក្រុម Mihel Seoul Young Gun FT យកឈ្នះក្រុមសេនាអង្គរយូណាយធីត ១២-២ ៕ អត្ថបទ លី ឈុនឡា

លីគកំពូលកម្ពុជាបញ្ចប់រដូវកាល ព្រះខ័នរាជស្វាយរៀងគ្រងជើងឯក ភ្នំពេញក្រោនជើងឯករង

2026/05/18 04:44:30 pm        323
(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិកម្ពុជា (Cambodian Premier League) រដូវកាល២០២៥-២០២៦ បានបញ្ចប់ជាផ្លូវការហើយ គ្រា​ព្រះខ័នរាជស្វាយរៀង បាន​ទទួល​ពាន​ផ្លូវការ​ក្នុងនាមជើងឯករដូវកាលនេះ។មុនទទួលពាន ព្រះខ័នរាជស្វាយរៀង បញ្ចប់រដូវកាលដោយប្រកួតជាមួយភ្នំពេញក្រោន ហើយ​ចាញ់​ក្នុង​លទ្ធ​ផល១​ទល់នឹង០។តាមពិតទៅព្រះខ័នរាជស្វាយរៀង មានពិន្ទុគ្រប់គ្រាន់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លើក​ទី៣​ជាប់​គ្នា​នេះ​តាំ​​ង​តែ​ពី​សប្ដាហ៍ទី២៨ ថ្ងៃទី១២ ខែមេសា ពេលដែលយកឈ្នះ អឹមអូអាយកំពង់ដេវ៉ា ៣ទល់​នឹង​២​ក្រៅ​ដី។ពេញមួយ​រដូវកាល ព្រះខ័នរាជ ឆ្លងកាត់៣០ប្រកួតឈ្នះ២១ប្រកួត ស្មើ៣ប្រកួត និងចាញ់​៦​ប្រកួត​មាន​៦៦ពិន្ទុ។ ​ភ្នំពេញក្រោនបញ្ចប់នៅចំណាត់ថ្នាក់លេខ២ មាន៥៦ពិន្ទុ ក្រោយ​ឈ្នះ​១៧​ប្រកួត​ ស្មើ៥ប្រកួត និងចាញ់៨ប្រកួត។ ព្រះខ័នរាជស្វាយរៀងបានក្លាយជាក្លឹបបាល់ទាត់ដំបូងគេដែលដណ្ដើមបានជើងឯកលីគកំពូលកម្ពុជា​ ៣រដូវកាលជាប់គ្នា បន្ទាប់ពីឈ្នះនៅរដូវកាល ២០២៣-២០២៤, ២០២៤-២០២៥ និង​រដូវកាល​២០២៥​-២០២៦នេះ។តាមរយៈការប្រកួតលីគក្នុងស្រុកនេះ ព្រះខ័នរាជស្វាយរៀង ត្រូវបានកៅ​អីឡើង​ទៅ​លេង​ពាន​កម្រិត​ខ្ពស់​លំដាប់​ទី​២​ទ្វីប​អាស៊ី AFC Champion League Two ខណៈ​ដែល​ភ្នំពេញ​ក្រោន​បាន​កៅ​អី​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍នេះ៕

Pro Esports រំពឹងខ្ពស់ក្នុងការប្រជែងជើងឯក MPL ខណៈ Vigor ចង់ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ

2026/05/15 11:40:10 pm        513
ក្រុមកីឡាអេឡិចត្រូនិក Pro Esports នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួត MPL Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Vigor Apex ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket ស្របពេលក្រុម Galaxy Legends បានវាយបកឈ្នះក្រុមការពារជើងឯក CFU Gaming គួរឲ្យភ្ញាក់ផ្អើល ក្នុងលទ្ធផល ៣-២ នៅវគ្គដូចគ្នា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។តាមរយៈជ័យជម្នះដ៏តានតឹង ដើម្បីរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់នេះដែរ បានធ្វើឲ្យសមាជិកក្រុម Pro Esports បានដាក់ក្ដីរំពឹងកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅប្រជែងជើងឯកព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់កីឡាករ សេង រ៉ូហ្សា និង ឡេង គីមហាក់ ក្រោយរួមចំណែកជួយក្រុមវាយបកឈ្នះក្រុមកំពុងឡើងដៃ Vigor Apex ៣-២។កីឡាករទាំងពីរ បានលើកឡើងស្រដៀងគ្នា ពីកំហុស ដែលផ្ដល់ឱកាសឲ្យ Vigor Apex តដៃឈ្នះបាន ២វគ្គ តែយ៉ាងណាពួកគេ នៅតែជឿជាក់លើស្មារតីក្រុម និងព្យាយាមបន្ថែមនូវអ្វីដែលថ្មី ដើម្បីត្រៀមការប្រកួតបន្ទាប់ឲ្យកាន់តែរន្ថើន ទោះត្រូវជួបក្រុមណាក៏ដោយ។ ជាមួយការឈានទៅវគ្គ Upper Bracket Final នេះ ពួកគេបានដាក់ក្ដីរំពឹងយ៉ាងហោច ៨២% ថា Pro Esports នឹងក្លាយជាជើងឯក MPL រដូវកាលនេះ។ទន្ទឹមជាមួយគ្នា សមាជិកក្រុម Vigor Apex កីឡាករ ទី ឧត្តម បានសម្ដែងការសោកស្ដាយ ចំពោះកំហុសបន្ដិចបន្ដួច នាំឲ្យក្រុមខ្លួនភ្លាត់ចាញ់ Pro Esports តែយ៉ាងណាពួកគេនឹងព្យាយាមសិក្សាពីកំហុក ពង្រឹងក្រុមឲ្យបានខ្លាំងនៅវគ្គ Lower Bracket ដើម្បីមានឱកាសឡើងវគ្គបន្ដ ហើយបើអាចពួកគេចង់ជួប Pro Esports ម្ដងទៀត ដើម្បីសងសឹកជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។សម្រាប់កម្មវិធីប្រកួតបន្ទាប់ ក្រុមដែលទទួលបានជ័យជម្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket នឹងត្រូវជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ-Upper Bracket ពោលគឺក្រុម Pro Esports ត្រូវជួបក្រុម Galaxy Legends នៅថ្ងៃទី១៥ ខែឧសភានេះ ដើម្បីស្វែងរកក្រុមឈ្នះឡើងឈរចាំនៅវគ្គ Grand Final ឬវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ ត្រូវឈរចាំជួបបេក្ខភាពទទួលបានជ័យជម្នះពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Lower Bracket រវាងក្រុម Vigor Apex និងក្រុម CFU Gaming នៅវគ្គផ្ដាច់ព្រ័ត្រ-Lower Bracket ហើយក្រុមដែលឈ្នះវគ្គនេះ នឹងត្រូវឡើងជួបក្រុមឈ្នះ រវាង Pro Esports និង Galaxy Legends ដើម្បីក្លាយជាជើងឯក MPL Cambodia រដូវកាលទី១០ តែម្ដង ដែលការប្រកួតផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើនាថ្ងៃទី១៧ ខែឧសភាចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា

តើភ្នំពេញក្រោន ឬអង្គរថាយហ្គឺរ ក្លាយជាជើងឯករងលីគកំពូលកម្ពុជា រដូវកាលនេះ?

2026/05/15 10:20:09 pm        450
លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ បានឈានដល់ការប្រកួតសប្ដាហ៍ចុងក្រោយ នាថ្ងៃទី១៦-១៧ ខែឧសភាចុងសប្ដាហ៍នេះ ជាមួយការប្រកួតដ៏ទាក់ទាញ ដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍ ចំពោះឱកាសក្លាយជាជើងឯករង ដើម្បីមានសិទ្ធលេងពានរង្វាន់អន្ដរជាតិ រវាងក្លិបភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកជាផ្លូវការ។សម្រាប់កម្មវិធីប្រកួតកាត់សេចក្ដី ដើម្បីកំណត់ជោគវាសនាក្រុមចំណាត់ថ្នាក់លេខ២ រដូវកាលនេះ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ដោយភ្នំពេញក្រោន ត្រូវជួបព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងអង្គរថាយហ្គឺរ ជួបក្រុមភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ ។ ដំណាលគ្នា ក្រុមបឹងកេត ក៏ត្រូវជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា នៅថ្ងៃអាទិត្យផងដែរ។បច្ចុប្បន្នភ្នំពេញក្រោន និងអង្គរថាយហ្គឺរ មាន ៥៣ពិន្ទុ ស្មើគ្នា តែដោយសារលក្ខខណ្ឌ Heat to Head ភ្នំពេញក្រោន បានឈរលេខ២ តែតំណែងនេះ មិនទាន់ផ្លូវការនោះទេ ដ្បិតត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ នាចុងសប្ដាហ៍នេះ ដោយក្រុមទាំងពីរ សុទ្ធតែត្រូវការជ័យជម្នះ ដើម្បីប្រជែងជើងឯករង ពិសេសភ្នំពេញក្រោន តែករណីបើពួកគេភ្លាត់ចាញ់ ឱកាសមាសនេះ នឹងធ្លាក់ទៅអង្គរថាយហ្គឺរ ដោយត្រូវការត្រឹមស្មើណាហ្គាវើលដ៏ប៉ុណ្ណោះ តែបើភ្នំពេញក្រោនស្មើ នោះអង្គរថាយហ្គឺរ ត្រូវការឈ្នះដាច់ខាត ទើបអាចឡើងឈរលេខ២។ករណីដោយឡែកមួយទៀត ប្រសិនបើភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បរាជ័យដូចគ្នា ហើយក្លិបបឹងកេត ទទួលបានជ័យជម្នះ លើ អឹមអូអាយ កំពង់ដេវ៉ា ក៏នឹងធ្វើឲ្យកៅអីលេខ២ ប្រែប្រួលផងដែរ មានន័យថា បឹងកេត នឹងកើនដល់ ៥៣ពិន្ទុ ស្មើក្រុមទាំងពីរ តែផ្អែកលើលក្ខខណ្ឌ Heat to Head ពួកគេនៅតែឈរលេខ៤ ហើយទាញភ្នំពេញក្រោន ធ្លាក់មកឈរលេខ៣ និងរុញអង្គរថាយហ្គឺរ ទៅឈរលេខ២ ។ នេះគឺជាអ្វីដែលជំនួប Top-6 សប្ដាហ៍ចុងក្រោយ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងតាមដានជាខ្លាំង។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបញ្ចប់រដូវកាល រវាងបេក្ខភាពក្រុមខាងក្រោមទាំង ៥ វិញ វិសាខា ដែលធានាកៅអីលេខ៧ នឹងត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ នៅថ្ងៃទី១៦ ខែឧសភាស្អែកនេះ ។ រីឯក្រុម ឡាយហ្វខេត្តព្រះសីហនុ គឺបានអស់ការប្រកួតមុនគេ ដោយឈរចំណាត់ថ្នាក់លេខ១០ ជាផ្លូវការ ក្រោយរកបាន ២០ពិន្ទុ លើក្រុម ISI ដង្កោសែនជ័យ ដែលឈរបាតតារាង មាន ១៥ពិន្ទុប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

Alfonso Eulalio ឡើងនាំមុខគេរួមក្រោយ ៥ ដំណាក់កាលព្រឹត្តិការណ៍ប្រណាំងកង់ Giro d’Italia

2026/05/14 11:14:45 pm        206
កីឡាករប្រណាំងកង់ព័រទុយហ្គាល់ Afonso Eulalio បានឡើងកាន់កាប់តារាងរួមនៃព្រឹត្តិការណ៍ប្រណាំងកង់កម្រិត Grand Tour ប្រចាំឆ្នាំ Giro d’Italia បន្ទាប់ពីបញ្ចប់ដំណាក់កាលទី៥ ទោះបីជាគេត្រូវកីឡាករអេស្ប៉ាញ Igor Arrieta ដណ្ដើមជ័យជម្នះនៅវិនាទីចុងក្រោយក៏ដោយ។ក្នុងដំណាក់កាលដែលមានភ្លៀងធ្លាក់ខ្លាំង និងផ្លូវរអិលខ្លាំងលើចម្ងាយផ្លូវ ២០៣ គីឡូម៉ែត្រ Alfonso Eulalio មកពីក្រុម Bahrain Victorious បានតាមទាន់អ្នកនាំមុខ Igor Arrieta របស់ក្រុម UAE Team Emirates-XRG នៅជិតកំពូលភ្នំ Montagna Grande di Viggiano។ ប៉ុន្តែ Arrieta មិនបោះបង់ឡើយ ដោយបានព្យាយាមបង្កើនល្បឿន និងតាមទាន់ Eulalio នៅត្រង់ផ្លូវចុងក្រោយ មុនឆ្លងខ្សែព្រ័ត្រយកឈ្នះក្នុងដំណាក់កាលទី ៥ នេះ។ចំណែកកីឡាករអ៊ីតាលី Giulio Ciccone ដែលបានពាក់អាវពណ៌ផ្កាឈូកជាអ្នកនាំមុខមុនចាប់ផ្តើមដំណាក់កាលទី ៥ នេះ បានបញ្ចប់ការប្រកួតយឺតជាងអ្នកនាំមុខប្រហែល ៧ នាទី ហើយធ្លាក់ទៅលេខ៦ក្នុងតារាងរួម។បច្ចុប្បន្ន Afonso Eulalio កំពុងនាំមុខតារាងរួមដោយមានវេលាចំណេញ ២ នាទី ៥១ វិនាទី លើ Igor Arrieta ខណៈ Christian Scaroni ឈរនៅលេខ៣ តាមពីក្រោយជិត ៤ វិនាទី។ សម្រាប់ដំណាក់កាលទី ៦ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១៤២ គីឡូម៉ែត្រចេញពី Paestum ទៅ Naples៕ អត្ថបទ៖នាង សុភាវុធ

កីឡដ្ឋានបាល់ទាត់នៅក្រុង Philadelphia បង្ហាញស្មៅកូនកាត់ត្រៀមទទួលការប្រកួតបាល់ទាត់ពិភពលោក

2026/05/14 10:20:23 pm        419
ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានចាប់ផ្តើមការកែប្រែចុងក្រោយលើកីឡដ្ឋាន Lincoln Financial Field ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2026។ កីឡដ្ឋានដែលជាទឹកដីរបស់ក្រុមបាល់ឱប០អាមេរិក Philadelphia Eagles កំពុងទទួលការកែប្រែទាំងផ្នែកបច្ចេកទេស និងការតុបតែងស្តង់ដារថ្មី ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់ FIFA។ចំណុចសំខាន់នៃការកែប្រែនេះ គឺការដំឡើងស្មៅប្រភេទកូនកាត់ (Hybrid) ទំនើបថ្មី ដែលផ្សំឡើងពីស្មៅ Kentucky Bluegrass និងសរសៃសិប្បនិម្មិត ដើម្បីបង្កើនភាពរឹងមាំ និងអាចទ្រាំទ្រការប្រកួតកម្រិតខ្ពស់បាន។ លោក Tony Leonard អនុប្រធានផ្នែកគ្រប់គ្រងទីលានរបស់ Philadelphia Eagles បានឲ្យដឹងថា ប្រព័ន្ធស្មៅនេះត្រូវបានសាកល្បងរួចមកហើយក្នុងការប្រកួត Club World Cup ដើម្បីធានាគុណភាពសម្រាប់ព្រឹត្តិការណ៍ធំ។ក្រៅពីការកែប្រែទីលាន FIFA ក៏បានអនុវត្តគោលការណ៍ “Clean Site” ដែលតម្រូវឲ្យដកចេញនូវស្លាកសញ្ញាពាណិជ្ជកម្ម និងអត្តសញ្ញាណ NFL ទាំងអស់ ដោយជំនួសវិញដោយការតុបតែង និងម៉ាកសញ្ញាផ្លូវការរបស់ World Cup។ លោក Frank Gumienny ប្រធានរៀបចំការប្រកួត Philly Soccer 2026 បានបញ្ជាក់ថា កីឡដ្ឋានកំពុងចូលទៅក្នុងដំណាក់កាល “Exclusive Window” ដែល FIFA នឹងគ្រប់គ្រងប្រតិបត្តិការទាំងស្រុង។អ្នករៀបចំក៏មានទំនុកចិត្តថា ហេដ្ឋារចនាសម្ព័ន្ធទំនើប និងបទពិសោធន៍ទស្សនាកីឡានៅ Lincoln Financial Field នឹងអាចទាក់ទាញ បំពេញចិត្តអ្នកគាំទ្របាល់ទាត់ពីជុំវិញពិភពលោក។ លោកស្រី Meg Kane អគ្គនាយក Philadelphia Soccer 2026 បានលើកឡើងថា បរិយាកាសនៃកីឡដ្ឋានដែលតែងតែទទួលបានការវាយតម្លៃខ្ពស់សម្រាប់កីឡាបាល់ឱបអាមេរិក នឹងអាចបម្លែងទៅជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកស្នេហាបាល់ទាត់ផងដែរ។Philadelphia គឺទីក្រុងមួយក្នុងចំណោមទីក្រុងម្ចាស់ផ្ទះទាំង ១៦ នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាដែលត្រូវទទួលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM