Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

ជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ

2026/05/14 08:33:51 pm        230
សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំកម្មវិធីជិះកង់ដើម្បីកុមារ ជាលើកទី៣ ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ កៀគរមូលនិធីជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការជិះកង់ដើម្បីកុមារកម្ពុជា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដោយក្បួនកង់ នឹងត្រូវចេញដំណើរពីរាជធានីភ្នំពេញ រហូតដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដោយគ្រោងចំណាយពេល ១០ម៉ោង ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួម ១២០នាក់ ទាំងជាតិ និងអន្ដរជាតិជិត ១០ប្រទេស រួមទាំងអ្នកចូលរួមជិះអមដំណើរតាមបណ្ដារាជធានី-ខេត្តត្រូវឆ្លងកាត់ទៀត អាចមានអ្នកចូលរួមប្រមាណ ៤០០នាក់។ចំពោះគោលបំណង នៃការរៀបចំឆ្នាំនេះ ផ្ដោតសំខាន់លើការកៀគរមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ហើយក៏ជាវេទិកា ដើម្បីអបអរសាទរទិវាកុមារអន្ដរជាតិ ១-មិថុនា និងអបអរសាទរទិវាជិះកង់ពិភពលោក ៣-មិថុនា ដែលជាថ្ងៃកំណើតនៃកីឡាទោចក្រយាន ។ បន្ថែមលើនេះ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយ ដើម្បីរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ ពិសេសនៅខេត្តសៀមរាបផ្ទាល់តែម្ដង។ដូច្នេះតាមរយៈព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌នេះ លោកបានអំពាវនាវដល់បណ្ដាក្រុមហ៊ុន វិស័យឯកជន និងសប្បុរសជននានា ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារ និងថវិកា ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជិះកង់នៅកម្ពុជាផងដែរ។គួរដឹងថា ក្រោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសរៀបចំកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីភ្នំពេញ ទៅខេត្តសៀមរាប គេឃើញមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ បានចុះឈ្មោះចូលរួមជាបន្ដបន្ទាប់ ហើយក៏មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគថវិកា ជាមួយមូលនិធិសហព័ន្ធ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរផងដែរ៕ អត្ថបទ លី ឈុនឡា

ប្រជាជនអ៊ីរ៉ង់ជួបជុំនៅរដ្ឋធានីតេហេរ៉ង់ជូនដំណើរក្រុមជម្រើសជាតិទៅ World Cup នៅទឹកដីអាមេរិក

2026/05/14 08:12:27 pm        683
ប្រជាពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានប្រមូលផ្តុំគ្នានៅរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃពុធដើម្បីជូនដំណើរក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ មុនពេលធ្វើដំណើរចូលរួមការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ខណៈកំពុងប្រឈមមុខនឹងភាពតានតឹងបន្តជាមួយសហរដ្ឋអាមេរិក និងមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយ។មុនពេលចេញដំណើរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ ដោយថតរូបអនុស្សាវរីយ៍ និងផ្លាស់ប្តូរពាក្យសម្ដីលើកទឹកចិត្តជាមួយកីឡាករ និងមន្ត្រីសហព័ន្ធបាល់ទាត់ រួមទាំងប្រធានសហព័ន្ធលោក Mehdi Taj ផងដែរ។លោក Mehdi Taj បានថ្លែងថា វត្តមានរបស់ក្រុមជម្រើសជាតិបង្ហាញពីអារម្មណ៍ និងស្មារតីរួមរបស់ប្រជាជាតិអ៊ីរ៉ង់ក្នុងអំឡុងពេលមានវិបត្តិ។ លោកបានរៀបរាប់ថា ក្រុមជម្រើសជាតិអ៊ីរ៉ង់ គឺជាក្រុមបាល់ទាត់របស់ប្រជាជាតិដែលកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាម ហើយនេះបង្ហាញថា កីឡាកររបស់អ៊ីរ៉ង់នៅតែឈរលើទីលាន ដើម្បីតំណាងឲ្យជាតិរបស់ខ្លួន។លោកក៏បានបន្ថែមថា ពិធីជូនដំណើរនេះមានន័យជានិមិត្តរូបដ៏សំខាន់ ដោយធ្វើឲ្យកីឡាករកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រ ដែលបានចេញមកប្រមូលផ្តុំតាមដងផ្លូវក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។តាមកាលវិភាគ ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវប្រកួតនៅទីក្រុងម្ចាស់ផ្ទះក្នុងសហរដ្ឋអាមេរិក រួមមាន Seattle និង Los Angeles ដោយពួកគេនឹងជួបក្រុមជម្រើសជាតិបែលហ្ស៊ិក នូវែលសេឡង់ និងអេហ្ស៊ីប ក្នុងវគ្គចែកពូល៕ អត្ថបទ៖នាង សុភាវុធ

Manchester City ឈ្នះ Crystal Palace បន្តដាក់សម្ពាធលើ Arsenal ក្នុងការប្រជែងពាន Premier League

2026/05/14 07:31:06 pm        617
Manchester City បានយកឈ្នះ Crystal Palace យ៉ាងងាយស្រួល ៣-០ ដើម្បីបន្តដាក់សម្ពាធលើក្រុមកំពូលតារាង Arsenal ក្នុងការប្រជែងពាន Premier League ខណៈការប្រកួតប្រជែងជើងឯកកំពុងធ្វើដំណើរទៅសប្ដាហ៍ចុងក្រោយដ៏តានតឹង។ក្រុមរបស់លោក Pep Guardiola បានដឹងច្បាស់ថា ប្រសិនបើពួកគេមិនអាចរកជ័យជម្នះបានទេ នោះ Arsenal អាចមានឱកាសលើកពានជាមុន ប្រសិនបើយកឈ្នះ Burnley នៅថ្ងៃចន្ទ។ ទោះយ៉ាងណា ជ័យជម្នះនេះបានធ្វើឲ្យការប្រជែងពាននៅតែបន្តយ៉ាងក្តៅគគុក។ដោយគិតគូរដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea នៅថ្ងៃសៅរ៍ លោក Pep Guardiola បានសម្រេចចិត្តផ្លាស់ប្តូរកីឡាករចំនួន ៦ នាក់ និងទុកខ្សែប្រយុទ្ធសំខាន់ៗសម្រាកដូចជា Erling Haaland, Rayan Cherki និង Jeremy Doku។ការផ្លាស់ប្តូរច្រើននេះធ្វើឲ្យ Manchester City ចាប់ផ្តើមការប្រកួតមិនសូវល្អ ប៉ុន្តែខ្សែបម្រើ Phil Foden បានក្លាយជាអ្នកកែប្រែស្ថានការលំបាក ខណៈកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបញ្ជូនបាល់ដោយកែងជើង យ៉ាងអស្ចារ្យឲ្យ Antoine Semenyo ស៊ុតបញ្ចូលទីនាំមុខ។Omar Marmoush បានបន្ថែមគ្រាប់ទីពីរ ហើយក៏ជាចំណែកនៃការបញ្ជូនរបស់ Foden ម្តងទៀត។ នៅចុងម៉ោង Savinho បានបន្ថែមគ្រាប់ទីបី ធ្វើឲ្យ Manchester City ទទួលបានជ័យជម្នះយ៉ាងល្អឥតខ្ចោះ និងបន្តសង្ឃឹមក្នុងការប្រជែងពាន Premier League រដូវកាលនេះ។ពីរប្រកួតចុងក្រោយក្នុងលីគរបស់ City នឹងត្រូវទៅផ្ទះ Bournemouth និងទទួល Aston Villa សប្តាហ៍ចុងក្រោយ ខណៈ Arsenal ទទួល Burnley និងទៅផ្ទះ Crystal Palace៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជាត្រៀមអញ្ជើញក្លិបខ្លាំងៗជប៉ុន ចិន ឥណ្ឌូនេស៊ី និងវៀតណាម មកប្រកួតដណ្ដើម​ប្រាក់រង្វាន់​សម្ដេចបវរធិបតី ឆ្នាំ២០២៦

2026/05/14 07:11:29 pm        410
សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងអញ្ជើញក្លិបខ្លាំងៗនៅប្រទេសជប៉ុន ចិន ឥណ្ឌូនេស៊ី និងវៀតណាម ចូលរួមការប្រកួតដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៦ ដែលគ្រោងរៀបចំនាខែសីហាខាងមុខ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតដណ្ដើមប្រាក់រង្វាន់សម្ដេចបវរធិបតី គឺជាព្រឹត្តិការណ៍ដ៏ធំកម្រិតអន្ដរជាតិ ក្រោយបញ្ចប់ព្រឹត្តិការណ៍ តេជោលីគ ហើយសហព័ន្ធនឹងអញ្ជើញក្លិបខ្លាំងៗមកប្រកួត ក្នុងក្រុមជើងឯកលីគបាល់ទះឥណ្ឌូនេស៊ី បានឯកភាពរួចហើយ គ្រាដែលសហព័ន្ធកំពុងធ្វើការជាមួយភាគីចិន ជប៉ុន និងវៀតណាម បន្ថែមទៀត ដើម្បីអញ្ជើញក្លិបមួយចំនួនមកប្រកួត។សម្រាប់រដូវកាលឆ្នាំ២០២៦ នេះដែរ សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីផ្ដល់ឱកាសដល់ក្លិប និងក្រុមជម្រើសជាតិ បានអភិវឌ្ឍសមត្ថភាព និងបច្ចេកទេស ជាក់ស្ដែងចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ តេជោលីគ រដូវកាលទី៣ នឹងចាប់ផ្ដើមការប្រកួតជុំទី១ ដោយមានបេក្ខភាព ៨ក្រុមចូលរួម។ រីឯការប្រកួតដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិញ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC

2026/05/14 05:43:49 pm        607
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេច​បាន​តាម​ដាន​ និងទស្សនាការប្រកួតដល់យប់ជ្រៅ សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីប​អាស៊ី AFC Challenge League 2025/26 រវាងក្លិបព្រះខ័នរាជស្វាយរៀង ទល់នឹង​ក្រុម​ម្ចាស់​ផ្ទះ ​Al-Kuwait SC របស់រដ្ឋកូវ៉ែត កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែ​ឧសភា​ ឆ្នាំ២០២៦។ជំនួបដ៏តានតឹងនេះ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យទាំងប្រផិតប្រផើយ ៣-៤ បន្ទាប់​ពី​បើក​ការ​នាំមុ​ខ ២គ្រាប់មុន នៅវគ្គទី១ តែត្រូវម្ចាស់ផ្ទះវាយបកតាមស្មើម្ដងជាពីរដង ក្នុងម៉ោងធម្មតា ៩០​នាទី ​និងម៉ោងបន្ថែម ១៥នាទី ២ដង រហូតរកបានគ្រាប់ទី៤ នាំមុខលើក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​វិញ នៅនាទី១១០ ដោយកីឡាករ Al-Sulaiman ដែលជួយឲ្យក្រុម Kuwait SC ​ក្លាយ​ជា​ជើង​ឯកតែម្ដង។ជុំវិញលទ្ធផលនេះដែរ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ បន្ទាប់ពីបានតាម​ដាន​ទស្សនា​កាត់​ស្បៃ​រាត្រី ​ដូចប្រជាពលរដ្ឋជាច្រើនដែលថា លទ្ធផលនេះ មិនអាចបន្ទោសបានទេ ព្រោះ​បាល់​មូល​ ខណៈស​ម្តេចបានសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀង បានខិតខំប្រឹងប្រែង និង​ធ្វើ​បាន​ល្អ ​ពិសេសនៅវគ្គទី១ តែប៉ុន្មាននាទីដំបូង មានជ័យជំនះរកបាន ២គ្រាប់ភ្លាមៗ ប៉ុន្តែក្រោយ​មក​ក្រុម​កូវ៉ែត​ក៏បានតាមវិញ។សូមបញ្ជាក់ថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស​សម្ដេច​បាន​អញ្ជើញ​ជួប​សំណេះសំ​ណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និង​មន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះ នៅ​ខេត្តស្វាយរៀង៕ អត្ថបទ លី ឈុនឡា 

សិប្បករប្រេស៊ីលផលិតពាន World Cup ចម្លងជាង ៣០០០ គ្រឿងសង្ឃឹមថាប្រេស៊ីលនឹងនាំយកពានពិតមកផ្ទះ

2026/05/13 10:16:18 pm        425
សិប្បករជនជាតិប្រេស៊ីលលោក Jarbas Meneghini បានផលិតពានចម្លង FIFA World Cup ជាង ៣,០០០ គ្រឿង ដើម្បីជួយលើកទឹកចិត្តអ្នកគាំទ្រប្រេស៊ីលក្នុងក្តីសង្ឃឹមថា ក្រុមសាំបានឹងអាចនាំយកពានមាសពិតត្រឡប់មកវិញពីទ្វីបអាមេរិកខាងជើង។បុរសវ័យ ៥៨ ឆ្នាំរូបនេះ បាននិយាយថា គំនិតបង្កើតពានចម្លងនេះ កើតឡើងតាំងពីឆ្នាំ ១៩៩៤ នៅពេលដែលលោកបានឃើញ Dunga ប្រធានក្រុមប្រេស៊ីលលើកពាន World Cup បន្ទាប់ពីឈ្នះការប្រកួតនៅសហរដ្ឋអាមេរិក។«ខ្ញុំបានឃើញ Dunga កាន់ពាន ហើយគិតថាចង់ទិញមួយ ប៉ុន្តែខ្ញុំរកមិនឃើញកន្លែងលក់ទេ។ ដូច្នេះ ខ្ញុំសម្រេចចិត្តផលិតវាដោយខ្លួនឯង ដោយប្រើជំនាញធ្វើលោហៈដែលខ្ញុំបានរៀន»។បច្ចុប្បន្ន លោកផលិតពានចម្លងពីជ័រប្លាស្ទ័រដោយដៃ និងនាំចេញទៅកាន់ ១៧ ប្រទេសទូទាំងទ្វីបអាមេរិក និងអឺរ៉ុប។ ពានខ្លះត្រូវបានលាបពណ៌មាស ខណៈពានខ្លះទៀតត្រូវបានប៉ូលាបែបក្រូម៉េភ្លឺចាំង។សិប្បកររូបនេះធ្វើការនៅក្បែរកីឡដ្ឋានប្រវត្តិសាស្រ្ត Maracanã ដែលជាកីឡដ្ឋានដ៏ល្បីល្បាញរបស់ប្រេស៊ីល ហើយលោកក៏លក់ពានទាំងនេះដល់ភ្ញៀវទេសចរ និងអ្នកគាំទ្របាល់ទាត់ផងដែរ។«ខ្ញុំផលិតពានរាប់ពាន់ពីគំរូតែមួយ។ ខ្លះត្រូវបានលាបពណ៌ ខណៈខ្លះទៀតខ្ញុំធ្វើឱ្យពិសេសជាង ដោយក្រូម៉េធ្វើឱ្យវាភ្លឺចាំង និងអាចឃើញរូបខ្លួនឯងពេលថើបពាន»។ការផលិតពានចម្លងកើនឡើងរៀងរាល់បួនឆ្នាំម្តងនៃព្រឹត្តិការណ៍ World Cup ដោយសារក្តីសង្ឃឹមរបស់អ្នកគាំទ្រប្រេស៊ីលកាន់តែខ្លាំងឡើង។ ទោះបីជាប្រេស៊ីលជាក្រុមដែលឈ្នះ World Cup ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ មាន ៥ លើកក៏ដោយ ប៉ុន្តែពួកគេមិនទាន់លើកពាននេះម្តងទៀតឡើយ ចាប់តាំងពីឆ្នាំ ២០០២។សម្រាប់ការប្រកួតឆ្នាំ ២០២៦ ដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដាលោក Meneghini បានផលិតពានចម្លងរួចហើយចំនួន ៦០០ គ្រឿង ដែលជាចំនួនខ្ពស់ជាងមុនយ៉ាងច្រើន បើប្រៀបធៀបនឹង ១០០ ទៅ ២០០ គ្រឿងដែលលោកធ្លាប់ផលិតមុន World Cup កន្លងមក៕ អត្ថបទ៖នាង សុភាវុធ

Jose Mourinho ស្ថិតក្នុងដំណាក់កាលចរចាចុងក្រោយជាមួយ Real Madrid

2026/05/13 10:02:39 pm        388
Jose Mourinho កំពុងស្ថិតក្នុងដំណាក់កាលចរចាចុងក្រោយ ដើម្បីវិលត្រឡប់ទៅដឹកនាំ Real Madrid ជាគ្រូបង្វឹកថ្មីរបស់ក្លិប បន្ទាប់ពីចាកចេញពីក្លិបនេះអស់រយៈពេល ១៣ ឆ្នាំ។គ្រូបង្វឹកវ័យ ៦៣ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាបេក្ខជនមានភាគរយខ្ពស់បំផុត ហើយបច្ចុប្បន្នក៏ជាបេក្ខភាពតែម្នាក់គត់ដែលក្លិប Real Madrid កំពុងធ្វើការចរចាផ្លូវការផងដែរ។ប្រសិនបើការចរចាទទួលបានជោគជ័យ Mourinho នឹងចូលមកជំនួសតំណែងរបស់ Alvaro Arbeloa ដែលទើបតែឡើងកាន់តំណែងកាលពីខែមករា បន្ទាប់ពី Xabi Alonso បានចាកចេញពីក្លិប។តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានក្លិប Real Madrid លោក Florentino Perez បានចាប់ផ្តើមពិចារណាអំពីការនាំយក Mourinho ត្រឡប់មកវិញ តាំងពីថ្ងៃដែល Xabi Alonso ចាកចេញ ដោយបានធ្វើការពិភាក្សាដំបូងជាមួយតំណាងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ។បច្ចុប្បន្ន Mourinho កំពុងដឹកនាំ Benfica នៅប្រទេសព័រទុយហ្គាល់បន្ទាប់ពីបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ កាលពីខែកញ្ញាឆ្នាំមុន។ ទោះជាយ៉ាងណា លោកបានបញ្ជាក់កាលពីម្សិលមិញថា មិនទាន់ចង់និយាយអំពីអនាគតរបស់ខ្លួននៅពេលនេះឡើយ។លោក Mourinho បាននិយាយថា Benfica នៅសល់ការប្រកួតជាមួយ Estoril មួយទៀត ហើយលោកនឹងអាចឆ្លើយសំណួរពាក់ព័ន្ធនឹងអនាគតបាននៅសប្តាហ៍ក្រោយ។ការប្រកួតទល់នឹង Estoril Praia នៅថ្ងៃសៅរ៍នេះនឹងក្លាយជាការប្រកួតចុងក្រោយប្រចាំរដូវកាលរបស់ Benfica។គួររំលឹកថា Mourinho ធ្លាប់ដឹកនាំ Real Madrid ចន្លោះឆ្នាំ ២០១០ ដល់ ២០១៣ ដោយបានជួយក្លិបឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

លោក ប៉ាល់ ជីវ័ន៖ អត្តពលិកតេក្វាន់ដូ ITF កម្ពុជាត្រៀមប្រជែង​មេដាយ​ជូនជាតិ​ការ​ប្រកួត​ជើង​ឯក​អាស៊ី ​នៅម៉ុងហ្គោលី

2026/05/13 09:39:05 pm        657
គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាលោក ប៉ាល់ ជីវ័ន បានឱ្យដឹងថា កីឡាករ កីឡាការិនី​កម្ពុជា កំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុងជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។ក្នុង​បទសម្ភាសន៍ជាមួយ BTV Sports ពេលថ្មីៗនេះ លោក ប៉ាល់ ជីវ័ន បានបង្ហាញថា សម្រាប់​សមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាមាន១៥នាក់ (កីឡាករ​១០​នាក់ ​និងកីឡាការិនី ៥នាក់) ក្រោមកា​រប្រ​មូល​ផ្តុំ​របស់​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ហើយសហព័ន្ធបានបន្ថែមកីឡាករបម្រុង២នាក់ ហ្វឹកហាត់ជុំគ្នា។ ចំពោះ​ក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងចូលរួមប្រកួតប្រជែង នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​អាស៊ី នាខែសីហា នៅប្រទេសម៉ុងហ្គោលី សហព័ន្ធនឹងបញ្ជូន កីឡាករ កីឡាការិនី សរុប​ចំនួន ៣០នាក់ ដែលខ្លះចំណាយថវិកាផ្ទាល់ខ្លួន។សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ខាងលើ ក្រុមជម្រើសជាតិកម្ពុជាត្រៀម នឹងប្រកួតលើ៥វិញ្ញាសាធំ ដូចជាលើប្រភេទវិញ្ញាសាប្រយុទ្ធ សម្តែង មេគុន បច្ចេកទេសពិសេស វាយបំបែកក្តា ដោយយើងនឹងបែងចែកទៅតាមកម្រិតអាយុកីឡាករ កីឡាការិនី។ ជាគោលដៅដែលសហព័ន្ធដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយជូនជាតិ គឺលើវិញ្ញាសាបច្ចេកទេសពិសេស ដែលកីឡាករកម្ពុជាមានទេពកោសល្យខ្ពស់ លោតបានល្អ ដែលធ្លាប់ឈ្នះមេដាយជូនជាតិ ក្នុងការប្រកួតនៅប្រទេសឥណ្ឌា កន្លងទៅ ខណៈក្តីសង្ឃឹមខ្លះទៀត គឺលើវិញ្ញាសាប្រយុទ្ធមួយចំនួនផងដែរ៕

មូលនិធិគន្ធបុប្ផាកម្ពុជា កោតសរសើរ NOCC ដែលខ្នះខ្នែងក្នុងការងារសប្បុរសធម៌យ៉ាងសកម្ម

2026/05/13 09:06:45 pm        379
មន្ដ្រីជាន់ខ្ពស់ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលតែងតែខ្នះខ្នែងក្នុងការងារសប្បុរសធម៌យ៉ាងសកម្ម តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនានា ដើម្បីកៀរគរថវិកាជួយដល់មូលនិធិ មន្ទីរពេទ្យកុមារ និងការងារសង្គមផ្សេងៗ។នេះបើតាមការលើកឡើងរបស់លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាននាំយកថវិកាសប្បុរសធម៌ ទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ ចំនួន ៥ពាន់ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាសកម្មភាពប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់រាល់ទិវារត់ប្រណាំងនានា ត្រូវផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជាក់ស្ដែងថវិកា ៥ពាន់ដុល្លារនេះ គឺទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ឆ្នាំ២០២៥ សម្រាប់រួមចំណែកជួយដល់កុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៤ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នឹងមានអ្នកចូលរួមកាន់តែច្រើន ដើម្បីទទួលបានថវិកាគាំទ្រដល់មូលនិធិបន្ថែមទៀត។ទន្ទឹមជាមួយគ្នាលោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការកៀគរថវិកាជួយគាំទ្រដល់មូលនិធិ ។ ស្របពេលស្ថានភាពបច្ចុប្បន្ន ទាំងពិភពលោក និងកម្ពុជា កំពុងរងសម្ពាធផ្នែកហិរញ្ញវត្ថុ បានធ្វើឲ្យការបរិច្ចាគពីសប្បុរសជន មានការធ្លាក់ចុះ ខណៈការព្យាបាលកុមារនៅតែមានតម្រូវការខ្ពស់ លោកក៏បានអំពាវនាវដល់សប្បុរសជនបន្ដចូលរួមបរិច្ចាគបន្ថែមទៀត ដើម្បីផ្ដល់នូវក្ដីសង្ឃឹមដល់កុមារកម្ពុជា។សូមរំឮកថា កាលពីឆ្នាំ២០២៥ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ មានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់បានចូលរួម ខណៈឆ្នាំ២០២៦ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ នៅរាជធានីភ្នំពេញនេះ នឹងត្រូវរៀបចំនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ តាមរយៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋចុះឈ្មោះឲ្យបានច្រើនកុះករ ស្របពេលថវិកា ទទួលបានពីការចុះឈ្មោះ ព្រមទាំងការឧបត្ថម្ភផ្ទាល់របស់សប្បុរសជន និងក្រុមហ៊ុនឯកជននានា នឹងត្រូវរៀបចំបែងចែកបរិច្ចាគជួយដល់មូលនិធិ មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌មួយចំនួនផងដែរ៕ អត្ថបទ លី ឈុនឡា

Messi ចាត់ទុកបារាំងជាបេក្ខភាពឈានមុខគេដែលអាចឈ្នះជើងឯក World Cup ឆ្នាំនេះ

2026/05/13 09:00:48 pm        342
Lionel Messi បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមជម្រើសជាតិបារាំងដោយចាត់ទុកថា ជាបេក្ខភាពឈានមុខគេមួយដែលអាចឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2026។ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Lo de Pollo” កំពូលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបាននិយាយថា បារាំងកំពុងបង្ហាញទម្រង់លេងដ៏រឹងមាំ និងមានសក្តានុពលគ្រប់គ្រាន់សម្រាប់ការប្រជែងពានពិភពលោកម្ដងទៀត។Messi បានលើកឡើងថា៖ បារាំងនៅតែខ្លាំង ខណៈសម្ដីនេះក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើននឹកឃើញដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ នៅកាតាដែលត្រូវបានចាត់ទុកថា ជាការប្រកួតដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។យោងតាមការវិភាគរបស់ Messi ក្រុមបារាំងមានការលាយបញ្ចូលគ្នារវាងបទពិសោធន៍ កីឡាករដែលមានទេពកោសល្យ និងការរៀបចំក្រុមបានល្អ។ក្រៅពីបារាំង Messi ក៏បានលើកឡើងពីអេស្ប៉ាញថាជាក្រុមមួយកំពុងធ្វើការកសាងជំនាន់ថ្មីបានយ៉ាងល្អ។ ក្រុមគោក្រហមកំពុងទទួលបានអត្តសញ្ញាណលេងច្បាស់លាស់ឡើងវិញ ដោយមានកីឡាករវ័យក្មេងជាច្រើនកំពុងបង្ហាញសមត្ថភាពនៅលីគធំៗរបស់អឺរ៉ុប។ចំណែកឯប្រេស៊ីលវិញ Messi បានបញ្ជាក់ថា ប្រេស៊ីលតែងតែជាបេក្ខភាពសម្រាប់ពាន World Cup មិនថាក្នុងស្ថានភាពណាក៏ដោយ ដោយសារតែប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងទេពកោសល្យពីកំណើតរបស់កីឡាករ។មិនត្រឹមតែប៉ុណ្ណោះ Messi ក៏បានរំលឹកដល់ក្រុមខ្លាំងដូចជា អាល្លឺម៉ង់ និងអង់គ្លេសផងដែរ។ជាពិសេសមិនភ្លេចទេ Lionel Messi ក៏បានសរសើរព័រទុហ្កាល់ថា ជាក្រុមដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំង ខណៈពួកគេនៅតែសុបិនចង់ឈ្នះពានអន្តរជាតិធំមួយទៀតជាមួយ Cristiano Ronaldo និងរួមបញ្ចូលគ្នារវាងកីឡាករមានបទពិសោធន៍ និងយុវជនកំពុងរះថ្មីៗ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM