Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Carlo Ancelotti៖ ការកោះហៅ Neymar រឺអត់អាស្រ័យលើកាយសម្បទា ទម្រង់លេង មិនមែន​មនោសញ្ចេតនា

2026/05/13 08:49:23 pm        347
គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Carlo Ancelotti នឹងប្រកាសបញ្ជីកីឡាករ​ក្រុមជម្រើសជាតិនៅថ្ងៃចន្ទខាងមុខនេះ ខណៈប្រជាជនប្រេស៊ីលកំពុងរង់ចាំចម្លើយដ៏សំខាន់មួយ គឺថាតើ Neymar នឹងមានឈ្មោះក្នុងក្រុមឬអត់។ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីល ប៉ុន្តែឱកាសរបស់គេក្នុងការចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលនឹងចាប់ផ្តើមនៅខែក្រោយ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីមានបញ្ហារបួសជាបន្តបន្ទាប់ និងការវិលត្រឡប់មកកាន់ Santos ដែលមិនសូវទទួលបានជោគជ័យ។ស្ថានភាពនេះធ្វើឱ្យ Ancelotti ត្រូវធ្វើការសម្រេចចិត្តដ៏លំបាក រវាងអារម្មណ៍នៃការចង់ឃើញ Neymar បន្តជួយជាតិ និងការពិតអំពីកាយសម្បទា និងសមត្ថភាពប្រកួតក្នុងកម្រិតខ្ពស់។Ancelotti បានប្រាប់សារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃអង្គារថា៖ “នៅពេលដែលអ្នកត្រូវជ្រើសរើស អ្នកត្រូវគិតពិចារណាលើកត្តាជាច្រើន”។“ការសម្រេចចិត្តជ្រើសរើស Neymar ចូលក្នុងក្រុមជម្រើសជាតិ ប្រេស៊ីលគឺត្រូវពិចារណាលើកត្តាជាច្រើន មិនមែនផ្អែកលើកេរ្តិ៍ឈ្មោះ ឬប្រជាប្រិយភាពតែមួយមុខនោះទេ។ ក្នុងន័យនេះ Neymar គឺជាកីឡាករសំខាន់សម្រាប់ប្រេស៊ីល ដោយសារតែទេពកោសល្យដែលគេតែងតែបង្ហាញ។ “គេធ្លាប់មានបញ្ហារបួសមួយចំនួន ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលស្តារខ្លួនឡើងវិញ។ គេកំពុងខិតខំប្រឹងប្រែង ហើយក៏កំពុងបានលេងជាប្រចាំផងដែរ។ វាមិនមែនជាការសម្រេចចិត្តងាយស្រួលសម្រាប់ខ្ញុំទេ។ យើងត្រូវថ្លឹងថ្លែងឱ្យបានម៉ត់ចត់រវាងចំណុចល្អ និងចំណុចខ្សោយ ប៉ុន្តែទាំងអស់នេះមិនដាក់សម្ពាធលើខ្ញុំឡើយ ព្រោះដូចដែលខ្ញុំបាននិយាយឆ្នាំនេះថា យើងបានវាយតម្លៃមិនត្រឹមតែ Neymar ប៉ុណ្ណោះទេ ប៉ុន្តែវាយតម្លៃកីឡាករដទៃផ្សេងទៀត”។គួរបញ្ជាក់ថា Ancelotti គឺជាគ្រូបង្វឹកតែម្នាក់គត់ ដែលធ្លាប់ឈ្នះពានលីគកំពូលទាំង ៥ នៅអឺរ៉ុប ហើយថែមទាំងឈ្នះពាន UEFA Champions League ចំនួន ៥ លើក ក្នុងនាមជាគ្រូបង្វឹក និង ២ លើកទៀត ក្នុងនាមជាកីឡាករ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាក្លិបនៅកម្ពុជា រួមគ្នាផ្ញើសារជូនព្រះខ័នរាជ ឲ្យជោគជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League យប់នេះ

2026/05/13 07:35:09 pm        455
ក្លិបបាល់ទាត់អាជីពជាច្រើន ក្នុងក្របខ័ណ្ឌលីគកម្ពុជា បានរួមគ្នាផ្ញើសារជូនពរ និងគាំទ្រដល់ក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦ ទល់នឹងក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត នៅរាត្រីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤៥ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International។ទោះបីជាគូប្រជែងដ៏ស្វិតស្វាញក្នុងលីគ តែបណ្ដាក្លិបក្នុងស្រុក បានបង្ហាញពីសាមគ្គីភាព និងមោទនភាពជាតិ ចំពោះការឈានដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀង ហើយសង្ឃឹមថា ពួកគេនឹងខំប្រឹងអស់ពីសមត្ថភាព ដើម្បីកសាងនូវប្រវត្តិសាស្ដ្រ លើកមុខមាត់ និងកេរ្ដិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជា លើឆាកអន្ដរជាតិ តាមរយៈការប្រកួតប្រជែងដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍បាល់ទាត់កម្រិតទ្វីបនេះ។នេះបើតាមសារជូនពរពីបណ្ដាក្លិប ក៏ដូចជាគ្រូបង្វឹក និងកីឡាករ នៃក្លិបបាល់ទាត់បឹងកេត, អង្គរថាយហ្គឺរ, អឹមអូអាយ កំពង់ដេវ៉ា, វិសាខា, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្លិបបាល់ទាត់ឡាយអ៊ិនឃីងខេត្តសៀមរាប ជាដើម។ទន្ទឹមជាមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដែរ ក៏នឹងមានការរៀបចំការផ្សាយបន្ដផ្ទាល់លើផ្ទាំង LED ធំៗ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន ដើម្បីសម្រួលដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ បានទស្សនាជុំគ្នា ក្នុងន័យផ្ដល់នូវការគាំទ្រ និងលើកទឹកចិត្តដល់ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នារាត្រីនេះផងដែរ៕ អត្ថបទ លី ឈុនឡា

គ្រាប់បាល់ចូលទីខ្លួនឯងធ្វើឱ្យ Al-Nassr ពន្យារពេលគ្រងជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត

2026/05/13 07:27:34 pm        289
ឱកាសគ្រងជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតលើកដំបូងក្រោយខកខាន ៧ ឆ្នាំរបស់ Al-Nassr ត្រូវបានលើកពេលទៅប្រកួតចុងក្រោយ បន្ទាប់ពីអ្នកចាំទី Bento ភ្លាត់ស្នៀតចូលទីខ្លួនឯងនៅចុងម៉ោង។Al Nassr ត្រូវការការពារលទ្ធផលរហូតដល់ចប់ការប្រកួត ដើម្បីគ្រងជើងឯកលីគលើកដំបូងតាំងពីរដូវកាល ២០១៨-២០១៩ មក ប៉ុន្តែ Bento មិនអាចចាប់បាល់បោះឆ្ងាយរបស់កីឡាករ Al Hilal បាន និងរបូតចូលទីខ្លួនឯងគួរឱ្យសោកស្តាយ។បច្ចុប្បន្ន Al Nassr ឈរនៅកំពូលតារាងមាន ៨៣ ពិន្ទុពី ៣៣ ប្រកួត នាំមុខ Al Hilal ចំនួន ៥ ពិន្ទុ ខណៈក្រុមលេខ២ Al-Hilal នៅសល់មួយប្រកួតក្នុងដៃ។ក្រុម Al Nassr នឹងអាចធានាការឈ្នះជើងឯក ប្រសិនបើពួកគេយកឈ្នះ Damac ក្នុងការប្រកួតចុងក្រោយនារដូវកាលនេះ នៅថ្ងៃទី២១ ខែឧសភា។ ម្យ៉ាងវិញទៀត ពួកគេក៏អាចក្លាយជាជើងឯកបានដែរ ប្រសិនបើ Al Hilal មិនអាចយកឈ្នះ Neom នៅថ្ងៃសៅរ៍ខាងមុខ។ក្នុងការប្រកួតនេះ Mohamed Simakan ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យម្ចាស់ផ្ទះ Al Nassr នៅនាទីទី ៣៧ ខណៈ Kingsley Coman ក៏បានខកខានឱកាសដ៏ល្អមួយមុនចប់តង់ទី១ បន្ទាប់ពីការស៊ុតរបស់គេប៉ះបង្គោលទី។ដោយឡែក Cristiano Ronaldo ដែលនៅមិនទាន់ឈ្នះពានក្នុងស្រុកជាមួយ Al Nassr នៅឡើយនោះ ក៏មានឱកាសរកគ្រាប់បាល់ដែរតែមិនមានសំណាង៕ អត្ថបទ៖នាង សុភាវុធ

ACGL៖ គ្រូព្រះខ័នរាជ បង្ហាញភាពវិជ្ជមានមុនជំនួបផ្ដាច់ព្រ័ត្រ ខណៈ សឿយ វិសាល ប្ដេជ្ញាខំប្រឹងបង្កើតកំណត់ត្រាថ្មីជូនក្លិប និងជាតិ

2026/05/13 06:46:07 pm        642
លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញភាពវិជ្ជមាន សម្រាប់ការត្រៀមជួបក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦ នៅម៉ោង ១១៖១៥នាទីយប់ ត្រូវនឹងម៉ោងនៅកម្ពុជា នារាត្រីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ខណៈប្រធានក្រុម សឿយ វិសាល បានប្ដេជ្ញាខំប្រឹង ដើម្បីទទួលបានជោគជ័យ ឆ្ពោះទៅបង្កើតប្រវត្តិសាស្ដ្រថ្មីជូនក្លិប និងប្រទេសកម្ពុជា។លោក McConkey  បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបវគ្គផ្ដាច់ព្រ័ត្រនេះថា ក្រុមខ្លួនបានត្រៀមរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរដល់រដ្ឋកូវ៉ែតច្រើនថ្ងៃ ដើម្បីសម្របខ្លួនឲ្យបានល្អ ។ លោកចាត់ទុកនេះគឺជារឿងល្អសម្រាប់ក្រុម ទោះបីក្រុមមានកាលវិភាគដ៏មមាញឹកខ្លាំងរយៈពេលពីរបីខែចុងក្រោយ ។ បន្ថែមលើនេះ លោករំពឹងថា ព្រះខ័នរាជស្វាយរៀង ក៏នឹងអាចផ្ដល់ឲ្យ Kuwait SC នូវបញ្ហា ដែលពួកគេមិនធ្លាប់ជួបពីមុនមក នៅក្នុងការប្រកួតនារាត្រីនេះផងដែរ។ដោយឡែកកីឡាករ សឿយ វិសាល វិញ បន្ទាប់ពីក្រុមខ្លួនទទួលបានត្រឹមជើងឯករង កាលពីរដូវកាលមុន មិត្តរួមក្រុមទាំងអស់ កំពុងស្រែកឃ្លានជ័យជម្នះ ជាមួយការចង់នាំពានត្រឡប់មកមាតុភូមិវិញ។ ការណ៍នេះ សមាជិកក្រុមបានប្ដេជ្ញានឹងខំប្រឹង ដើម្បីបង្កើតនូវកំណត់ត្រាថ្មីជាមួយក្លិប ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ចំណែកលោក Nebojsa Jovovic គ្រូបង្វឹកក្រុម Kuwait SC ថា វគ្គផ្ដាច់ព្រ័ត្រនីមួយៗ តែខុសគ្នា និងពិបាក ប៉ុន្ដែក្រុមបានត្រៀមរួចរាល់ ជាមួយទំនុកចិត្តខ្ពស់ សម្រាប់ការប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង។ យ៉ាងណាមិញ លោកនៅតែគោរពយ៉ាងពេញលេញ ចំពោះគូប្រជែងរបស់ខ្លួន ដែលបានឡើងមកវគ្គផ្ដាច់ព្រ័ត្រជាថ្មី ហើយក៏ជាក្រុមមួយដ៏ល្អផងដែរ។ជុំវិញជំនួបលំដាប់ទ្វីបអាស៊ីនេះ បាននឹងកំពុងទាក់ទាញការគាំទ្រជាខ្លាំង ពិសេសអ្នកគាំទ្រកម្ពុជា ហើយក៏មានអ្នកគាំទ្រមួយចំនួន នឹងធ្វើដំណើរទៅទស្សនា និងលើកទឹកចិត្តដល់នៅរដ្ឋធានីកូវ៉ែត ហើយក៏មានអ្នកគាំទ្រជាច្រើន ត្រៀមចូលរួមទស្សនាតាមផ្ទាំង LED ដែលត្រូវបានរៀបចំនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្លិបតំណាងព្រះរាជាណាចក្រកម្ពុជា ហើយក៏សង្ឃឹមថា ពួកគេនឹងអាចធ្វើបាន និងឆ្ពោះទៅបើកទំព័រប្រវត្តិគ្រងជើងឯកពានរង្វាន់អន្ដរជាតិលើកដំបូងទៀតផង៕ អត្ថបទ លី ឈុនឡា

ប្រធាន AFF ជូនពរព្រះខ័នរាជទទួលបានជោគជ័យ និងកសាងប្រវត្តិសាស្ដ្រថ្មី ក្នុងនាមក្លិបបាល់ទាត់កម្ពុជា

2026/05/13 05:57:12 pm        422
ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Al Kuwait SC របស់ម្ចាស់ផ្ទះកូវ៉ែត នាវេលាម៉ោង ៧៖១៥នាទី ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ១១៖១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International  ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦។នេះគឺជាការប្រកួតដ៏ធំមួយ ដែលកំពុងទាក់ទាញអ្នកគាំទ្របាល់ទាត់ពិភពលោក ពិសេស នៅទ្វីបអាស៊ី ហើយអ្នកគាំទ្រ និងប្រជាពលរដ្ឋកម្ពុជាជាច្រើនបានផ្ញើសារគាំទ្រ និងលើកទឹកចិត្ដដល់ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងនោះឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ក៏បានជូនពរក្លិបតំណាងព្រះរាជាណាចក្រកម្ពុជា និងជាក្លិបក្នុងតំបន់តែមួយគត់ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទ្វីប នារដូវកាលនេះដែរ។ឯកឧត្តម ខៀវ សាម៉េត បានជូនពរក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ និងបានកសាងនូវប្រវត្តិសាស្ដ្រថ្មី ក្នុងនាមក្លិបបាល់ទាត់កម្ពុជា។សូមបញ្ជាក់ថា នេះជាឆ្នាំទី២ ដែលក្លិបបាល់ទាត់កម្ពុជា ពោលគឺក្លិបព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីនេះ បន្ទាប់ពីរដូវកាលមុន ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ តែគួរឲ្យស្ដាយ ព្រះខ័នរាជស្វាយរៀង ទទួលបានត្រឹមជើងឯករង ក្រោយចាញ់ក្រុម AK Arkadag ទាំងប្រផិតប្រផើង ២-១ ។ យ៉ាងណាការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រៅដី នារាត្រីនេះ ប្រជាពលរដ្ឋកម្ពុជាជាច្រើន បានគាំទ្រ និងសង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងអាចធ្វើបាន ដើម្បីនាំយកពានរង្វាន់អន្ដរជាតិលើកដំបូងជូនជាតិមាតុភូមិ៕ អត្ថបទ លី ឈុនឡា

ឯកឧត្តម ហ៊ុន ម៉ានី មានមោទនភាព ចំពោះស្មារតីកីឡា​របស់ក្រុម​ចូល​រួម​ប្រកួត​ជើង​ឯក​វិទ្យាល័យ

2026/05/13 05:13:00 pm        233
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានបង្ហាញមោទនភាព ចំពោះស្មារតីកីឡារបស់បណ្ដាក្រុមចូលរួម ពិសេសបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ នៃជើងឯកវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៥-២០២៦ ដែលលេងប្រកបដោយឆន្ទៈ និងការយោគយល់គ្នា។ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានអញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ ជើងឯកវិទ្យាល័យ វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមវិទ្យាល័យឥន្ទ្រទេវី និង វិទ្យាល័យជាស៊ីមសាមគ្គី កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះគូប្រជែង ៤-២។ក្នុងចំណោមអ្នកចូលរួមប្រមាណ ៨ពាន់នាក់ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាព ចំពោះស្មារតីកីឡារបស់កីឡាករ ដែលបានបង្ហាញលើទីលាន ពិសេសការប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គផ្ដាច់ព្រ័ត្រ ព្រមទាំងភាពកក់ក្ដៅ នៃការគាំទ្រលើកទឹកចិត្ត។ កីឡាករគ្រប់រូប បានបង្ហាញនូវឆន្ទៈ ការតាំងចិត្តខ្ពស់ និងការគោរពវិន័យខ្ជាប់ខ្ជួន និងប្រកាន់នូវស្មារតីយោគយល់ អធ្យាស្រ័យ និងសាមគ្គីភាពជាមិត្តភាព។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមក៏បានអបអរសាទរដល់ក្រុមវិទ្យាល័យឥន្ទ្រទេវី ដែលបានក្លាយជាម្ចាស់ពាន ជើងឯកវិទ្យាល័យ រដូវកាលទី៥ ហើយឯកឧត្តមបានក៏បានរំលឹកនូវអនុស្សាវរីយ៍កាលពីអតីតកាល នៅពេលដែល ពុក ពោលគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាកឆ្ងាយពីស្រុកកំណើត មករស់នៅរាជធានីភ្នំពេញ ដោយស្នាក់នៅវត្តនាគវ័ន គឺវិទ្យាល័យឥន្ទ្រទេវីនេះហើយ ដែលជាកន្លែងសម្ដេចតេជោ បានបន្ដការសិក្សា។បន្ថែមលើនេះ ឯកឧត្តមក៏បានអរគុណ និងអបអរសាទរដល់ ស.ស.យ.ក. រាជធានីភ្នំពេញ និងដៃគូទាំងអស់ ចំពោះការរៀបចំ និងភាពជោគជ័យនៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ។ លើសពីការប្រកួត កម្មវិធីនេះ បានរួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន ព្រមទាំងជំរុញសកម្មភាពកីឡាតាមគ្រឹះស្ថានសិក្សាកាន់តែរស់រវើក និងបន្តរួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់ ស្របតាមទិសស្លោក «កូនល្អ សិស្សល្អ មិត្តល្អ កីឡាករគំរូ សាលារៀនស្អាត» ផងដែរ។គួរដឹងថា ជើងឯកវិទ្យាល័យ ត្រូវបាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ រៀបចំឡើង ៥រដូវកាលមកហើយ ក្នុងនោះក្រុមបាល់ទាត់វិទ្យាល័យ ឥន្ទ្រទេវី បានគ្រងជើងឯក ៣លើកច្រើនជាងគេ៕ អត្ថបទ លី ឈុនឡា

ម៉ិកស៊ិកបើកដំណើរការឡើងវិញខ្សែរថយន្តភ្លើងត្រៀមទទួល World Cup

2026/05/12 09:11:53 pm        326
អាជ្ញាធរទីក្រុង Mexico City ប្រទេសម៉ិកស៊ិកបានដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការ នូវខ្សែរថភ្លើង Light Rail ដែលត្រូវបានជួសជុល និងអភិវឌ្ឍថ្មី កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ដែលគម្រោងនេះត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយសម្រាប់ការត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។យោងតាមអភិបាលក្រុងលោកស្រី Clara Brugada ការកែលម្អប្រព័ន្ធដឹកជញ្ជូននេះ រួមមានការបន្ថែមរថភ្លើងអគ្គិសនីថ្មីចំនួន ១៧ គ្រឿង ដែលធ្វើឱ្យចំនួនរថភ្លើងសរុបកើនដល់ ៣៥ គ្រឿង។ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពដឹកអ្នកដំណើរប្រចាំថ្ងៃពីប្រមាណ ១៣០,០០០ នាក់ ទៅដល់ ២៥០,០០០ នាក់។ខ្សែរថភ្លើង Light Rail នេះនឹងតភ្ជាប់តំបន់ភាគខាងត្បូងទីក្រុងចាប់ពី Tasquena ទៅកាន់ Xochimilco ហើយក៏មានស្ថានីយ៍ឆ្លងកាត់កីឡដ្ឋាន Banorte ដែលជាកីឡដ្ឋានមួយទទួលការប្រកួត World Cup ផងដែរ។សូមបញ្ជាក់ថាកីឡដ្ឋាន Azteca ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ក្នុងឈ្មោះថ្មីថា Banorte Stadium កំពុងបន្តការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ការប្រកួត World Cup ឆ្នាំ ២០២៦ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយម៉ិកស៊ិកជាប្រទេសមួយក្នុងចំណោមម្ចាស់ផ្ទះរួមជាមួយសហរដ្ឋអាមេរិក និងកាណាដា៕ អត្ថបទ៖នាង​ សុភាវុធ 

ជនបរទេសក៏គាំទ្រ និងជូនពរព្រះខ័នរាជស្វាយរៀង ឲ្យឈ្នះពាន AFC Challenge League ដែរ

2026/05/12 08:27:22 pm        416
មិនចាញ់អ្នកគាំទ្រកម្ពុជានោះទេ សូម្បីជនបរទេស ក៏បានផ្ញើសារគាំទ្រ និងជូនពរក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យ និងក្លាយជាជើងឯកពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ផងដែរ។នេះបើតាមការលើកឡើងរបស់លោក Dick van Tintelen អគ្គនាយកក្រុមហ៊ុន Novum Pharma និងជាស្ថាបនិកផលិតផល Starbalm ដែលបានរស់នៅ និងប្រកបអាជីពច្រើនឆ្នាំនៅកម្ពុជា ហើយក្រុមហ៊ុនរបស់លោក ក៏បានសហការឧបត្ថម្ភគាំទ្រដល់ក្លិបព្រះខ័នរាជស្វាយរៀង ជាច្រើនរដូវកាលមកហើយ។ក្នុងនាមវិនិគិនបរទេសម្នាក់ និងជាដៃគូមួយរបស់ក្លិប លោកបានបង្ហាញមោទនភាព សម្រាប់ការធ្វើបានយ៉ាងល្អរបស់ព្រះខ័នរាជស្វាយរៀង នារដូវកាលនេះ ដោយបានគ្រងជើងឯកលីគកម្ពុជា និងបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 ជាថ្មី នៅកូវ៉ែត ហើយសង្ឃឹមថា ក្រុមនឹងទទួលបានជោគជ័យ ក្លាយជាជើងឯកនៅទីនោះ។គួរដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរដល់រដ្ឋកូវ៉ែត កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ដើម្បីត្រៀមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់  AFC Challenge League ទល់នឹងក្រុម Al Kuwait SC របស់ម្ចាស់ផ្ទះកូវ៉ែត នាវេលាម៉ោង ១១ និង ១៥នាទីយប់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ។ ការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ស្របពេលមានអ្នកគាំទ្រជាច្រើន ទាំងក្នុង និងក្រៅប្រទេស កំពុងទន្ទឹងរង់ចាំការប្រកួតនេះ៕ អត្ថបទ លី ឈុនឡា 

Barcelona អបអរដង្ហែពាន La Liga លើកទី ២៩ ក្នុងប្រវត្តិសាស្រ្តក្លិប

2026/05/12 07:52:51 pm        331
ក្រុមបាល់ទាត់ FC Barcelona បានរៀបចំពិធីដង្ហែពាននៅលើរថយន្តបើកដំបូលអបអរការឈ្នះពាន La Liga កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា បន្ទាប់ពីពួកគេបានក្លាយជាជើងឯកលីគអេស្ប៉ាញជាលើកទី ២៩ ក្នុងប្រវត្តិសាស្ត្រក្លិប។ក្រុមការពារតំណែងជើងឯកមួយនេះ បានធានាជើងឯកជាផ្លូវការ ក្រោយយកឈ្នះគូប្រជែងដ៏ស្វិតស្វាញ Real Madrid ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ។គ្រាប់បាល់ពី Marcus Rashford ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើង និង Ferran Torres បានជួយឱ្យក្រុមដែលដឹកនាំដោយ Hansi Flick មានដល់ទៅ ៩១ ពិន្ទុ និងដាច់ក្រុមលេខ ២ Real Madrid ចំនួន ១៤ ពិន្ទុ ខណៈនៅសល់ត្រឹម ៣ ប្រកួតទៀតប៉ុណ្ណោះ។ពិធីដង្ហែពានអបអរនេះបានចាប់ផ្តើមចេញពី Camp Nou ដែល Barcelona បានរក្សាកំណត់ត្រាឈ្នះ ១០០ ភាគរយ ក្នុងការប្រកួតក្នុងស្រុកទាំងអស់ ចាប់តាំងពីកីឡដ្ឋានដែលបានជួសជុលឡើងវិញ បើកដំណើរការកាលពីខែវិច្ឆិកាឆ្នាំមុន។ក្រៅពីពាន La Liga កីឡាករ Barcelona ក៏បានបង្ហាញពាន Supercopa de España ផងដែរ ដែលពួកគេបានឈ្នះក្រោយផ្តួល Real Madrid ៣-២ កាលពីខែមករា។បរាជ័យនោះក៏ត្រូវបានគេរាយការណ៍ថា ជាមូលហេតុមួយនាំឱ្យ Xabi Alonso ចាកចេញពីតំណែងគ្រូបង្វឹករបស់ Real Madrid បន្ទាប់ពីដឹកនាំក្រុមបានជាង ៧ ខែប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ  

Messi ដាក់ខ្លួន និង​បញ្ចេញ​ទស្សនៈ​ថា​អាហ្សង់​ទីន​មិនមែន​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង​ជើង​ឯក World Cup ឡើយ

2026/05/12 07:37:10 pm        176
Lionel Messi បានបង្ហាញទស្សនៈយ៉ាងប្រុងប្រយ័ត្នចំពោះការប្រកួតបាល់ទាត់ពិភពលោក FIFA​ World Cup 2026 ដោយទទួលស្គាល់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន មិន​មែន​ជា​ក្រុម​ដែល​គេ​ចាត់​ទុកថាជាបេក្ខភាពឈានមុខគេនៃការប្រជែងជើងឯកនោះទេ។ ខ្សែ​ប្រយុទ្ធរបស់ Inter Miami CF រូបនេះបានលើកឡើងថា បច្ចុប្បន្នមា​ន​ក្រុម​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អជាងអាហ្សង់ទីន។ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Lo de Pollo” Messi បានបញ្ជាក់ថា ក្រុមល្អៗជាងអាហ្សង់ទីនដូចជា បារាំង អេស្ប៉ាញ និងប្រេស៊ីល គឺជាបេក្ខភាពឈានមុខក្នុងការប្រជែងជើងឯកឆ្នាំនេះ។Messi បានរៀបរាប់ថា៖ មានក្រុមផ្សេងទៀតដែលកំពុងឈានចូលការប្រកួតក្នុងទម្រង់ល្អជាងអាហ្សង់ទីន ខណៈសម្ដីនេះបានធ្វើឱ្យអ្នកគាំទ្រអាហ្សង់ទីនជាច្រើនភ្ញាក់ផ្អើល ព្រោះអាហ្សង់ទីនជាម្ចាស់ជើងឯកពិភពលោកបច្ចុប្បន្ន បន្ទាប់ពីឈ្នះពាននៅកាតាកាលពីបួនឆ្នាំមុន។ទោះបីជាយ៉ាងណា ប្រធានក្រុមអាហ្សង់ទីនរូបនេះបានបញ្ជាក់ថា បទពិសោធន៍ និងសាមគ្គីភាពក្នុងក្រុមរបស់លោក Lionel Scaloni នៅតែជាចំណុចខ្លាំងសំខាន់ និងជឿថា ក្រុមអាហ្សង់ទីនតែងតែបង្ហាញសមត្ថភាពប្រកួតប្រជែងបានល្អ នៅពេលកីឡាករទាំងអស់រួមចិត្តគ្នា។ការប្រកួត World Cup ឆ្នាំ ២០២៦ អាចក្លាយជាព្រឹត្តិការណ៍ធំបំផុតចុងក្រោយក្នុងអាជីពរបស់ Messi  ហើយអ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំមើលថា តារាបាល់ទាត់រូបនេះអាចនាំផ្លូវអាហ្សង់ទីនការពារតំណែងជើងឯកបានឬយ៉ាងណា៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM