Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

តំណាងសិស្ស-និស្សិតនៅកូវ៉ែត រំពឹងវគ្គផ្ដាច់ព្រ័ត្រ ACGL នឹងធ្វើឲ្យពិភពអារ៉ប់ស្គាល់ច្បាស់ពីក្លិប និង​ប្រទេសកម្ពុជា

2026/05/06 08:48:01 pm        429
យុវជន ម៉ាត់ ស៊ីនីន តំណាងសិស្ស-និស្សិសកម្ពុជា ដែលកំពុងសិក្សានៅប្រទេសកូវ៉ែត រំពឹង​ជំនួប​រវាង​ក្រុម​ព្រះខ័ន​រាជស្វាយរៀង របស់កម្ពុជា និងក្រុម Al Kuwait របស់កូវ៉ែត ក្នុងវគ្គផ្ដាច់​ព្រ័​ត្រ​ពាន​រង្វាន់​កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 ​នឹង​ធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ស្គាល់កា​ន់តែច្បាស់ពីក្លិបបាល់ទាត់ និងប្រទេសកម្ពុជា។ការលើកឡើងនេះ ស្របពេលជំនួបវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមតំណាងប្រទេសទាំងពីរ នឹងមក​ដល់​នា​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International ស្ថិតនៅរដ្ឋធានីកូវ៉ែត នៃរដ្ឋកូវ៉ែត។យុវជនខ្មែរ​រូប​នេះថា សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិស្សានៅរដ្ឋកូវ៉ែត ពិតជារំភើប និងមាន​មោទន​ភាព ចំពោះព្រឹត្តិការណ៍ប្រវត្តិ និងកម្រ លើទឹកដីអារ៉ាប់នេះ ហើយតាម​រយៈ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នាសប្ដាហ៍ក្រោយនេះ នឹងពាំនាំវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាឲ្យ​ពិភព​អារ៉ាប់​ស្គាល់​ពី​ប្រទេស​កម្ពុជាកាន់តែច្រើន។គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និង​ក្រុម​ម្ចាស់​ផ្ទះ ​Al Kuwait នឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧ និង ១៥នាទីយប់ សម្រាប់ម៉ោង​នៅ​រដ្ឋ​កូវ៉ែត​ ត្រូវនឹងម៉ោង ១១ និង ១៥នាទីយប់ សម្រាប់ម៉ោងនៅកម្ពុជា៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ ជួបបឹងកេតស្អែក មុនហោះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ​នៅ​កូវ៉ែត

2026/05/06 06:05:07 pm        265
ក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួល​ក្រុម​បឹង​កេត ក្នុងជំនួបសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦ មុនចេញដំណើរទៅទឹកដីអារ៉ាប់ ដើម្បី​ត្រៀម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​កម្រិត​ទី៣​ ទ្វីបអាស៊ី AFC Challenge League 2025/26 ទល់ក្រុមម្ចាស់ផ្ទះ Al Kuwait របស់កូវ៉ែត នាថ្ងៃទី១៣ ខែឧសភាខាងមុខ។ជំនួប​លើកទី៤ រវាងក្រុមទាំងពីរ នារដូវកាលនេះ ដំបូងឡើងត្រូវប្រកួតនៅថ្ងៃទី១០ ខែឧសភា តែ​ដោយ​សារកៀកថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ី របស់ក្លិបព្រះខ័នរាជស្វាយរៀង ហើយ​ត្រូវប្រកួតក្រៅដីផងនោះ ភាគីពាក់ព័ន្ធ ទាំងក្លិបព្រះខ័នរាជស្វាយរៀង បឹងកេត ក៏ដូចជា​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ ក៏បានសម្រេចលើកជំនួបសប្ដាហ៍ទី៣១ រវាងក្រុមទាំងពីរ មក​នៅ​ថ្ងៃ​ទី​៧ ខែឧសភាស្អែកនេះវិញ ដើម្បីទុកពេលឲ្យព្រះខ័នរាជស្វាយរៀង មានពេល​គ្រប់​គ្រាន់​សម្រាប់​ត្រៀម​លក្ខណៈប្រកួតប្រជែងពានកម្រិតទ្វីប ក្នុងនាមក្លិបតំណាងកម្ពុជា។ក្រឡេក​ទៅចាប់អារម្មណ៍ការប្រកួតនេះដែរ ឆ្លងកាត់ការជួបគ្នាក្នុងលីគ ៣លើកកន្លងមក ក្រុម​ទាំង​ពីរ​ បានឈ្នះម្ដងម្នាក់ និងស្នើគ្នាម្ដង ពោលគឺជួបលើកទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៣-០ ខណៈ​ជួបគ្នាលើកទី២ បឹងកេត ឈ្នះ ២-១ និងលើកទី៣ ស្មើគ្នា ០-០។ជំនួប​នា​ថ្ងៃព្រហស្បតិ៍នេះ អាចជាការប្រកួតធម្មតាសម្រាប់ព្រះខ័នរាជស្វាយរៀង ដែល​បាន​ក្លាយ​ជា​ជើង​ឯកផ្លូវការ តែគឺជាការប្រកួតដ៏សំខាន់មួយ សម្រាប់ក្រុមបឹងកេត ដែលកំពុងត្រូវការពិន្ទុ ដើម្បីមានឱកាសប្រជែងចំណាត់ថ្នាក់លេខ២ ជាមួយភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ដែលកំពុងនាំមុខខ្លួន ៣ពិន្ទុ ដើម្បីមានឱកាសលេងពានរង្វាន់អន្ដរជាតិ នារដូវកាលឆ្នាំ២០២៦/២៧ ក្នុងនាមក្លិបតំណាងកម្ពុជាមួយ ដែលទទួលបានអាជ្ញាប័ណ្ណពី AFC នារដូវកាលថ្មី។បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង មាន ៦៦ពិន្ទុ ឈរកំពូលតារាង តាមពីក្រោយដោយភ្នំពេញក្រោន ឈរលេខ២ និងអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៥០ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត មាន ៤៧ពិន្ទុ ឈរលេខ៤។ ដូច្នេះប្រសិនបើបឹងកេត អាចយកឈ្នះក្រុមជើងឯកព្រះខ័នរាជ នាថ្ងៃស្អែក ពួកគេនឹងមានពិន្ទុស្មើភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ហើយក៏មានក្ដីសង្ឃឹមខ្ពស់ ដើម្បីប្រជែងចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា រដូវកាលនេះផងដែរ៕ អត្ថបទ លី ឈុនឡា

ភាពអស្ចារ្យនៃស៊ីហ្គេម-២០២៣ នៅដកជាប់ក្រអៅបេះដូងពលរដ្ឋខ្មែរជានិច្ច ដ្បិតកន្លងផុត ៣ឆ្នាំក្ដី

2026/05/06 05:41:44 pm        285
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃថ្ងៃបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ នៅកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ ដែលនៅតែ​ដក​ជាប់​ក្រអៅ​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់វ័យជានិច្ច។ដើម្បីរំឮកខួប ៣ឆ្នាំ និងអបអរសាទរនូវមហាជោគជ័យដ៏អស្ចារ្យនេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិ​ក​កម្ពុជា ក៏បានរៀបចំផ្សាយឡើងវិញ នូវកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជូន​ដល់​ប្រជា​ពលរដ្ឋ​បាន​ចូលទស្សនានូវទស្សនីយភាព ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនេះជាថ្មី នៅ​គ្រប់រោងភាពយន្ដ Legend Cinema និង Sabay Cinema ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ដែលបង្ហាញ​ពី​ការ​ចងចាំ​មិន​ភ្លេច​ចំពោះ​ថ្ងៃ​ប្រវត្តិសាស្ដ្រនេះ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មាន​ប្រសាសន៍​ថា ការចាក់ផ្សាយឡើងវិញនេះ គឺដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ រួមទាំង​ក្រុម​ការងារ ដែលភាគច្រើនពុំបានចូលទស្សនាផ្ទាល់ បានរំលឹកឡើងវិញ ជាមួយ​ការ​ទស្សនា​ពិធី​បើក​មហា​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ ។ បន្ថែមលើនេះ ក្រុមការងារក៏នឹង​មាន​រៀប​ចំ​នូវ​ការ​ចាប់​រង្វាន់​មេដាយ​មាសអនុស្សាវរីយ៍ស៊ីហ្គេម ជូនដល់អ្នកចូលរួមទស្សនារាល់ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ ខាងមុខផងដែរ។ទន្ទឹមជាមួយគ្នា ព្រឹទ្ធាចារ្យកីឡា ព្រមទាំងយុវជន-យុវតី ដែលបានចូលរួមការចាក់ផ្សាយឡើងវិញ បាន​បង្ហាញនូវមោទនភាពជាថ្មី ដ្បិតភាពអស្ចារ្យនៃស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅ​តែ​ដក់​ជាប់​ក្រអៅ​បេះដូង និងចង់ទស្សនាម្ដាយហើយម្ដងទៀត ហើយសង្ឃឹមថា នៅថ្ងៃអនាគត នឹងបាន​ទស្សនា​នូវ​ព្រឹត្តិការណ៍កីឡាធំៗ និងអស្ចារ្យជាបន្ដបន្ទាប់ទៀត ក្រោមម្លប់នៃសន្ដិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់វិស័យនៅកម្ពុជា។សូមបញ្ជាក់ថា បន្ទាប់ពីការចាក់ផ្សាយឡើងវិញ ដើម្បីអបអរសាទរខួប ៣ឆ្នាំ នៃម​ហា​ជោគ​ជ័យ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិ​ច្ច​សហការ​ជាមួយ​រោង​ភាព​យន្ដដៃគូ នឹងរៀបចំផ្សាយឡើងវិញ នៃពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ តទៅ ដោយការ​ចាក់​បញ្ចាំង​ទស្សនា​មាន​បរិច្ចាគ​ការ​ឧបត្ថម្ភ​ដល់​ក្រុម​អត្ត​ពលិក​ជម្រើសជាតិកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ចំនួន ១២,០០០រៀល និង ២ម៉ឺនរៀល ក្នុងមួយសំបុត្រ។គោលបំណងនៃការរៀបចំបញ្ចាំងឡើងវិញនេះដែរ គឺដើម្បី៖ ១-រំលឹកជោគជ័យជាប្រវត្តិសាស្ដ្រ ក្រោយរង់ចាំ ៦៤ឆ្នាំ សម្រាប់ស៊ីហ្គេម នៅកម្ពុជា, ២-ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត”, ៣-ចង់ឲ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្ដងទៀត នាឆ្នាំ២០៣១, ៤-ផ្ដល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និង ៥-រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា៕ អត្ថបទ លី ឈុនឡា  

កីឡាចំបាប់បឋមសិក្សាថ្នាក់ជាតិឆ្នាំនេះ បំបែកកំណត់ត្រាក្រុមចូលរួម ដែល​ជា​សញ្ញាណ​វិជ្ជមាន​នៃ​ភាព​រីកចម្រើន

2026/05/05 10:04:57 pm        204
ការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ បាន​ទាក់​ទាញ​ក្រុម​ចូល​រួម​រហូតដល់ ១០រាជធានី-ខេត្ត ដោយមានកុមារា-កុមារីជាង ៤០នាក់ចូលរួម ដែល​វិជ្ជមាន​ថ្មី​មួយ នៃភាពរីកចម្រើនរបស់វិស័យកីឡាចំបាប់នៅកម្ពុជា។លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា កំណើនក្រុមចូលរួម ពិសេស​កំណើនកុមារតូចៗ ដែលបានហ្វឹកហាត់កីឡាចំបាប់នេះ គឺ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​ធន​ធាន​បន្ដ​វេន ស្របតាមការគិតគូរ និងយកចិត្តទុកដាក់របស់សហព័ន្ធ ក្នុងការពង្រីក និង​ជំរុញ​ការ​ហ្វឹក​ហាត់​តាមមូលដ្ឋានកាន់តែច្រើន ដើម្បីស្វែងរកធនធានកីឡាករ-កីឡាការិនីឆ្នើមត្រៀមបន្ដវេន សម្រាប់ការប្រកួតប្រជែង ទាំងថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បាន​ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែឧសភា នាសាលកីឡា​ចំបាប់​នៃ​ពហុកីឡដ្ឋា​ន​ជាតិ​អូឡាំពិក ​ដោយមាន ៤ប្រភេទវិញ្ញាសា គឺចំបាប់សេរី កុមារា (-៣៥គីឡូក្រាម) និង (-៤១​គីឡូក្រាម) ចំបាប់សេរី កុមារី (-៣០គីឡូក្រាម) និង (-៣៨គីឡូក្រាម)។ ជាលទ្ធផល ក្រុម​កីឡា​ចំបាប់​រាជធានីភ្នំពេញឈរលើគេក្នុងតារាងមេដាយដោយទទួលបានមេដាយមាស២ និង សំរឹទ្ធ​១​៕ អត្ថបទ លី ឈុនឡា

Manchester City ស្មើនៅផ្ទះ Everton ៣-៣ ធ្វើឱ្យឱកាសប្រជែងពានធ្លាក់ទៅ Arsenal ខ្ពស់ជាង

2026/05/05 09:39:56 pm        192
ការប្រជែងពាននៅក្របខណ្ឌអង់គ្លេស Premier League ហាក់ហុចឱ្យឱកាសទៅក្រុមកាំភ្លើងធំ Arsenal ខ្ពស់ជាង បន្ទាប់ក្រុមលេខពីរ Manchester City ស្មើនៅផ្ទះ Everton ៣-៣។ក្រុមរបស់លោក Pep Guardiola ត្រូវការឈ្នះរាល់ការប្រកួតដែលនៅសល់មុនការប្រកួតយប់មិញនេះដោយសារ Arsenal កំពុងនាំមុខ ៦ ពិន្ទុតែ City ប្រកួតយឺតជាង ២ ប្រកួត។ ការប្រកួតនៅកីឡដ្ឋានរបស់ Everton, Hill Dickinson ខ្សែបម្រើស្លាបប៊ែលហ្ស៊ិក Jeremy Doku រកបានគ្រាប់បាល់នាំមុខដ៏អស្ចារ្យនៅនាទីទី ៤៣។ ការប្រកួតនៅវគ្គទីពីរកំហុសបច្ចេកទេសរបស់ City រយៈពេល ១៣ នាទីចន្លោះពីនាទីទី ៦៨ ដល់ ៨១ ពួកគេភ្លាត់របូតគ្រាប់បាល់ដល់ទៅ ៣ គ្រាប់រួមមានខ្សែការពារ Marc Guehi បញ្ជូនបាល់ឱ្យអ្នកចាំទីមិនមើលក្រោយធ្វើឱ្យ Thierno Barry ស៊ុតតាមស្មើ ១-១ នាទីទី ៦៨ មុនពេល Jack O’Brien តែបញ្ចូលទីនាំមុខឱ្យ Everton នៅនាទីទី ៧៣ និង Barry ដដែលរកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៨៣។ គិតថាចាញ់ទៅហើយសម្រាប់ City តែ Erling Haaland ស៊ុតតាមស្មើភ្លាមៗពេលកែបាល់ មុនពេលដែល Jeremy Doku មានគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួនមួយទៀតស៊ុតតាមស្មើចុងម៉ោងនាទីទី ៩០+៧។ ស្មើគ្នា ៣-៣ City យកបានត្រឹមមួយពិន្ទុប៉ុណ្ណោះពីទឹកដី Everton មានន័យថាពួកគេកាត់បន្ថយការនាំមុខរបស់ Arsenal មកត្រឹម ៥ ពិន្ទុ និងនៅសល់មួយប្រកួតក្នុងដៃ។ ប្រកួតបន្ទាប់ចុងសប្តាហ៍នេះ Manchester City ទទួល Brentford ខណៈ Arsenal ទៅទឹកដី West Ham។ Manchester City នឹងត្រូវទទួល Crystal Palace ផងដែរនៅពាក់កណ្តាលសប្តាហ៍ក្រោយ ជាការប្រកួតបង្គ្រប់៕ អត្ថបទ៖នាង សុភាវុធ 

បញ្ហាសិទ្ធិផ្សាយផ្ទាល់អាចធ្វើឱ្យមនុស្សរាប់លាននាក់ខកខានទស្សនា World Cup នៅចិន និងឥណ្ឌា

2026/05/05 09:19:41 pm        216
ខណៈដែលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងខិតជិតមកដល់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត មានការព្រួយបារម្ភថា អ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅប្រទេសមានប្រជាជនច្រើនបំផុតពីរនៅពិភពលោក អាចខកខានទស្សនាការប្រកួត។បញ្ហាសំខាន់គឺជាការជាប់គាំងលើសិទ្ធិផ្សាយនៅប្រទេសឥណ្ឌា និងការមិនទាន់មានសេចក្ដីសម្រេចផ្លូវការណាមួយជុំវិញការទិញសិទ្ធិផ្សាយនៅចិន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅឥណ្ឌាក្រុមហ៊ុនរួម Reliance-Disney បានដាក់សំណើប្រមាណ ២០ លានដុល្លារ សម្រាប់ការទិញសិទ្ធិផ្សាយ World Cup ប៉ុន្តែចំនួននេះនៅតិចជាងការទាមទាររបស់ FIFA និងត្រូវបានបដិសេធ។នៅខាងប្រទេសចិនក៏មិនទាន់មានការប្រកាសកិច្ចព្រមព្រៀងណាមួយទេ ទោះបីជា FIFA បានបញ្ជាក់ថា ប្រទេសនេះធ្លាប់មានចំណែកដល់ជិត ៥០% នៃម៉ោងទស្សនាសរុបលើវេទិកាឌីជីថល និងបណ្តាញសង្គម កាលពីព្រឹត្តិការណ៍ World Cup 2022 នៅកាតាក៏ដោយ។អ្នកនាំពាក្យរបស់ FIFA បានបញ្ជាក់ថា ការចរចាសិទ្ធិផ្សាយសម្រាប់ប្រទេសទាំងពីរនេះនៅតែបន្ត ហើយព័ត៌មានទាក់ទងត្រូវរក្សាជាសម្ងាត់។គួរបញ្ជាក់ថា FIFA World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា ដែលមានពេលតិចជាង ៥ សប្ដាហ៍សម្រាប់បញ្ចប់កិច្ចព្រមព្រៀង រៀបចំបណ្ដាញផ្សាយ និងលក់ការផ្សាយពាណិជ្ជកម្ម។បញ្ហានេះអាចប៉ះពាល់យ៉ាងខ្លាំងដល់អ្នកគាំទ្របាល់ទាត់ នៅប្រទេសដែលមានប្រជាជនច្រើនជាងគេទាំងពីរ ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងបានទាន់ពេល។មកទល់ពេលនេះ FIFA បានឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយភ្នាក់ងារផ្សព្វផ្សាយនៅលើសពី ១៧៥ ប្រទេសជុំវិញពិភពលោករួចហើយ៕ អត្ថបទ៖នាង សុភាវុធ

រដ្ឋមន្ដ្រីទេសចរណ៍ ចាត់ទុកការជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រ បង្ហាញពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេល និងទីកន្លែង

2026/05/05 08:45:31 pm        218
ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រលើកដំបូងនៅកម្ពុជា ដែល​រៀប​ចំ​ដោយ​ក្លិប​កីឡា​ជិះ​កង់​អូដាក​កម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេល ៣យប់ ៤ថ្ងៃ ឬប្រមាណ ៩០ម៉ោង ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នេះ ជា​ការ​បង្ហាញ​ប្រាប់ពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង សម្រាប់​ភ្ញៀវទេសចរក៏ដូចជាវិនិយោគិនជាតិ និងអន្ដរជាតិ។ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញបំពាក់មេដាយកិត្តិយស​សំណេះ​សំណាល ​និងផ្ដល់ការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានចូលរួម និង​ទទួល​បាន​ជ័យ​លាភី ​នៅទីស្ដីការក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ បន្ទាប់ពីព្រឹត្តិការណ៍​ជិះ​កង់​ចម្ងាយ​ឆ្ងាយ​លើក​ដំបូងនេះ បានចាប់ផ្ដើមតាំងពីម៉ោង ៤ព្រឹកថ្ងៃទី១ រហូតដល់យប់ថ្ងៃទី៤ ខែ​ឧសភា ​ឆ្នាំ២០២៦ កន្លងទៅ ដោយបានឆ្លងកាត់ ១២រាជធានី-ខេត្តនៅកម្ពុជា។ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កីឡាក៏សំខាន់ ទេសចរណ៍ក៏សំខាន់ ហើយកីឡា បូក​ទេសចរណ៍ គឺជាការលើកកម្ពស់តម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ ពិសេស​ក្នុង​ឱកាស​ដែល​កម្ពុជា ​ទើបបើកយុទ្ធនាការរដូវកាលបៃតង ឆ្នាំ២០២៦ ដើម្បីជាប្រយោជន៍រួម សម្រាប់​ប្រជា​ពលរដ្ឋ​ សេដ្ឋកិច្ច និងប្រទេសជាតិ ហើយតាមរយៈការជិះកង់ ទាំងថ្ងៃ ទាំងយប់នេះ ក៏បង្ហាញថា កម្ពុជា គឺមានសុខសន្ដិភាព និងសុវត្ថិភាពពេញលេញផងដែរ។ទន្ទឹមជាមួយកីឡាករជនជាតិឥណ្ឌា ឌីប៉ាក់ ដែលបានជិះកង់បញ្ចប់ទីចម្ងាយ ១,២១២គីឡូម៉ែត្រ បាន​បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ជាមួយមោទនភាព ដែលបានធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត​ជា​ច្រើន ​ប្រកបដោយភាពកក់ក្ដៅ និងការស្វាគមន៍ពីប្រជាពលរដ្ឋតាមដងផ្លូវ ហើយ​លោក​ក៏​បាន​លើក​ទឹក​ចិត្តដល់អ្នកជិះកង់ ឬទេសចរណ៍បរទេស ដែលមិនទាន់បានមកលេងកម្ពុជា គួរ​មក​កម្សាន្ដ​នៅ​កម្ពុជា​ឲ្យ​បាន​ម្ដង​យ៉ាង​តិច​ក្នុង​មួយជីវិតទៀតផង។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រ ដែលក្លិបកីឡាជិះកង់អូដាក បាន​រៀប​ចំ​នាដើ​មខែឧសភានេះ បានចាប់ផ្ដើមចេញដំណើរពីវិមានឯករាជ្យរាជធានីភ្នំពេញ ហើយ​ឆ្លង​កាត់ ​១១ខេត្តផ្សេងទៀត រួមមានខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្ដក្រចេះ ខេត្តស្ទឹង​ត្រែង ​ខេត្តព្រះវិហារ ខេត្តសៀមរាប បន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្ត​កំពង់​ឆ្នាំង ​ក្រោមការដឹកនាំរបស់លោក ឈួន សុភ័ក្ដ្រ ប្រធានក្លិប ហើយមានការចូលរួមសម្របសម្រួល និង​ជិះ​ផ្ទាល់​ផងដែរ ពីឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិក្រសួងទេសចរណ៍ ព្រមទាំងកីឡាករ-កីឡា​ការិនីជាតិ-អន្ដរជាតិសរុប ៧ប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍នេះ៕ អត្ថបទ លី ឈុនឡា 

គំនូរនៅលើផ្លូវ និងជញ្ជាំងនៅទីក្រុង Rio បង្ហាញពីការគាំទ្រលើទឹកដីក្រុមជម្រើសជាតិប្រេស៊ីល

2026/05/05 07:51:24 pm        172
ផ្លូវមួយខ្សែនៅទីក្រុង Rio បានរក្សាប្រពៃណីគំនូរនៅលើផ្លូវ និង​ជញ្ជាំង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ក្រុម​បាល់ទា​ត់ជ​ម្រើសជាតិប្រេស៊ីលមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឈានចូលមកដល់។នៅ​ទី​ក្រុង Rio de Janeiro ប្រទេសប្រេស៊ីលប្រជាពលរដ្ឋនៅផ្លូវ Pereira Nunes ក្នុងតំបន់ Vila Isabel បានបន្តប្រពៃណីគូរគំនូរនៅលើផ្លូវ និងជញ្ជាំង ដែលជាសកម្មភាពត្រូវបានអនុវត្តរៀងរាល់ ៤ ឆ្នាំម្តង អស់រយៈពេលជិត ៤៨ ឆ្នាំមកហើយ ដោយ​អ្នក​រស់​នៅ​ក្នុង​តំបន់​នាំ​គ្នា​ធ្វើ​គំនូរ​បើក​ចំហ​ដ៏​ស្រ​ស់ស្អា​ត បង្ហាញពីស្មារតីស្រឡាញ់បាល់ទាត់ និងការរួបរួមសង្គម។សម្រាប់​ឆ្នាំ​នេះ គំនូរមានការបន្ថែមទង់ជាតិរបស់បីប្រទេសម្ចាស់ផ្ទះរួមគ្នា រួមមានសហរដ្ឋអាមេរិក ម៉ិកស៊ិក និង កាណាដា ជាមួយពណ៌ជាតិរបស់ប្រេស៊ីល (លឿង បៃតង និងខៀវ) ពានរង្វាន់ World Cup និងរូបភាពតារាបាល់ទាត់ដ៏ល្បីៗ ដូចជា Vinicius Junior។អ្នករៀប​ចំ​បានបញ្ជាក់ថា គំនូរនេះមិនត្រឹមតែជាការគាំទ្រកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ផ្ញើ​សារ​អំពី​សន្តិភាព ការអធ្យាស្រ័យ និងការរួបរួមក្នុងសង្គមផងដែរ។គួររំលឹកថាក្រុមសាំបាប្រេស៊ីលបានឈ្នះពាន FIFA World Cup លើកចុងក្រោយនៅឆ្នាំ ២០០២ នៅ​ពេលកូរ៉េ និងជប៉ុនជាម្ចាស់ផ្ទះ។ FIFA World Cup លើកនេះក៏​ជាលើក​ដំបូង​ផង​ដែរ​ដែល​ប្រេស៊ីល​ស្ថិត​ក្រោម​ការ​ដឹក​នាំរ​បស់​គ្រូប​ង្វឹ​ក​អ៊ីតាលី Carlo Ancelotti៕ អត្ថបទ៖នាង សុភាវុធ

អ្នកចាំទីវ័យចំណាស់ដល់ ៧០ ឆ្នាំនៅតែអាចបង្ហាញខ្លួនការប្រកួតផ្លូវការបាននៅអេស្ប៉ាញ

2026/05/05 06:54:18 pm        192
ក្លិបបាល់ទាត់ CD Colunga បានបង្កើតព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍មួយក្នុងពិភពបាល់ទាត់ បន្ទាប់ពីដាក់ឲ្យអ្នកចាំទីវ័យ ៧០ ឆ្នាំ Angel Mateos Gonzalez ចូលលេងក្នុងការប្រកួតលីគថ្នាក់ទី៥ កាលពីចុងសប្តាហ៍កន្លងទៅ។តាមសារព័ត៌មានក្នុងតំបន់ ការចូលលេងនេះអាចធ្វើឲ្យ Gonzalez ក្លាយជាកីឡាករវ័យចំណាស់បំផុតដែលបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការនៅប្រទេសអេស្ប៉ាញ។Gonzalez ដែលបានចូលនិវត្តន៍ពីបាល់ទាត់តាំងពីអាយុ ៤៣ ឆ្នាំ បានត្រលប់មកជួយក្លិបក្នុងតំណែងអ្នកចាំទីរបស់ក្រុម CD Colunga ក្នុងរដូវកាលនេះ នៃការប្រកួត Tercera Federation (Group Two)។ក្នុងសេចក្ដីប្រកាសលើបណ្ដាញសង្គម Instagram ក្លិបបានបញ្ជាក់ថា ការដាក់ឲ្យគាត់ចូលលេងនេះ មិនមែនជាការបំបែកកំណត់ត្រា ឬអ្វីប្លែកទេ ប៉ុន្តែជាការសរសើរ និងគោរពចំពោះជីវិត និងការប្តេជ្ញារបស់គាត់ ដែលធ្លាប់ជាកម្មករជីករ៉ែតស៊ូក្នុងជីវិត។ក្នុងការប្រកួតនោះ CD Colunga បានចាញ់ CD Praviano ០-២ ដោយ Gonzalez បានចូលលេងប្រហែល ៣០ នាទី មុនត្រូវបានប្តូរចេញ។ទោះបីលទ្ធផលមិនបានឈ្នះក៏ដោយ ប៉ុន្តែការចូលលេងរបស់អ្នកចាំទីវ័យ ៧០ ឆ្នាំរូបនេះ បានក្លាយជារឿងដែលបង្ហាញពីតម្លៃនៃការលះបង់ សេចក្ដីស្រឡាញ់ទៅលើកីឡា និងផ្តល់ជាគម្រូសម្រាប់កីឡាករជំនាន់ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

ខេត្តកណ្តាល និងកំពង់ស្ពឺរំពឹងឡើងវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទះកុមារា ក្នុងការប្រកួត​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំនេះ

2026/05/05 06:03:50 pm        177
ការប្រកួតបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៦ បានចាប់ផ្តើម៤ថ្ងៃហើយ ក្នុងនោះ​ប្រភេទ​កីឡា​ជា​ច្រើន​បាន​ដំណើរ​ការ​ជា​បន្ត​បន្ទាប់។ ចំណែក​កីឡាបាល់​ទះ​កុមារា​បាន​ប្រកួតដ​ល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ការប្រកួតនេះ ខេត្តកណ្តាលប និងកំពង់ស្ពឺបានដាក់គោលដៅរៀងៗខ្លួនថា នឹង​ឡើង​វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតនេះ។ ដើម្បី​សម្រេចគោលដៅនេះ លោក ពេជ ណារ៉េត ប្រតិភូប្រភេទកីឡាបាល់ទះខេត្តកណ្តាល បាន​គូស​បញ្ជាក់​ថា ខេត្តកណ្តាលបានប្រកួត ២ប្រកួតហើយ ក្នុងនោះឈ្នះ១ និងចាញ់១ លេខ​២​ក្នុង​ពូល ​ឡើងទៅវគ្គបន្ត។ ចំណែកការប្រកួតបន្ត លោកនឹងខិតខំប្រឹងប្រែង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឡើង​​​ទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះថាឆ្នាំមុនខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ២ (មាដាយ​ប្រាក់​)ក្នុ​ង​ការប្រកួតបឋមសិក្សាថ្នាក់ជាតិ។ជាមួយគ្នានេះដែរ លោក សារ៉ាត់ ភារុណ គ្រូជំនួយ ក្រុមបាល់ទះកុមារា ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការ​ចូល​រួមការប្រកួតលើកនេះ ជាលើកដំបូងរបស់ក្រុម មានអារម្មណ៍ថា ភ័យ ផង អរផង ។ លោក​បាន​សរសើរ ខេត្តកណ្តាថា ជាក្រុមខ្លាំង ប៉ុន្តែការប្រកួតប៉ះជាមួយគ្នានេះ ជាសំណាងខ្លះដែរ ក្នុង​ការទទួលបានជ័យជំនះ។សូមជម្រាបផងដែរថា ការប្រកួតបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៥ ២០២៦ ធ្វើឡើងចាប់ផ្តើម ពីថ្ងៃ​ទី១ ដល់ថ្ងៃទី៩ ខែឧសភា។ មាន ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូល​រួម​សរុប​ចំនួន ២៦៨៩នាក់ ប្រកួត១២ប្រភេទកីឡា លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ដោយ​ប្រើ​ប្រាស់​ទីលាន​ចំនួន ១០ទីតាំងផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM