Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

បឹងកេត វាយបកស្មើព្រះខ័នរាជចុងម៉ោង ក្នុងវគ្គ ១/២ ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩

2026/04/30 06:50:20 pm        120
ជំនួបជើងទី១ រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង បានបញ្ចប់ជាមួយលទ្ធផលដ៏តានតឹង ដោយ​ក្រុមម្ចាស់ផ្ទះបឹងកេត បានវាយបកស្មើ ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពាន​រង្វាន់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦(ថ្នាក់ជាតិ) កាល​ពី​ល្ងាច​ថ្ងៃពុធ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។នៅក្នុងការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ជិត ៥ពាន់នាក់នេះ ត្រឹមរយៈពេល ៧នាទី កីឡាករ Patrick Robson បានរកគ្រាប់បាល់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន។ បន្ទាប់​មក​ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង រហូតដល់ចុងវគ្គទី២ ទើប​កីឡាករ Ingo Bento រកបានគ្រាប់តាមស្មើឲ្យបឹងកេត នៅនាទី៨៥។ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមទាំងពីរ មានក្ដីសង្ឃឹមប្រហាក់ប្រហែលគ្នា សម្រាប់ការត្រៀមប្រកួតជើងទី២ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ជួប​ក្រុម​វិសាខា ដែលកំពុងឈរចាំ បន្ទាប់ពីពួកគេ បានទម្លាក់ក្រុម ISI ដង្កោសែនជ័យ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលទាំង ២ជើង ៧-១។តាមគម្រោង​បន្ទាប់​ពីរកឃើញក្រុមខ្លាំងទាំងពីរ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦៕ អត្ថបទ លី ឈុនឡា

បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់ Atletico Madrid និង Arsenal ស្មើគ្នាជើងទីមួយ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

2026/04/30 06:40:20 pm        202
បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់កើតឡើងខណៈ Atletico Madrid និង Arsenal ស្មើគ្នា ១-១ ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ក្រុមរបស់លោក Mikel Arteta រកបានគ្រាប់បាល់ពិន័យមុននៅពេល Viktor Gyokeres ដួលក្នុងប្រអប់គ្រោះថ្នាក់ ដោយការបង្ករបស់ David Hencko ហើយខ្សែប្រយុទ្ធស៊ុយអែតរូបនេះជាអ្នកស៊ុតសម្រេចនៅនាទីទី ៤៤ ចុងវគ្គទីមួយ។ ឈានចូលវគ្គទីពីរក្រុមរបស់លោក Diego Simeone ក៏រកបានបាល់ពិន័យ ១១ ម៉ែត្រសងវិញក្រោយកំហុសបាល់ប៉ះដៃរបស់ខ្សែការពារ Arsenal, Ben White ដែលពិន័យឡើងវិញដោយ VAR ខណៈ Julian Alvarez ជាអ្នកស៊ុតសម្រេចគ្រាប់តាមស្មើនៅនាទីទី ៥៦។ មិនទាន់អស់ទេបាល់ពិន័យ ១១ ម៉ែត្រមួយកើតឡើងនៅពេល David Hencko កំហុសទៅលើ Eberechi Eze ក្នុងប្រអប់គ្រោះថ្នាក់ តែការពិនិត្យឡើងវិញដោយ VAR អាជ្ញាកណ្តាលសម្រេចលុបចោលបាល់ពិន័យវិញ។ ១-១ នេះក៏រក្សាដល់ចប់ការប្រកួតតែកីឡាកររបស់ Arsenal មិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការលុបចោលបាល់ពិន័យ ១១ ម៉ែត្រនោះឡើយ។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតរកបេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ជើងទីពីរសប្តាហ៍ក្រោយនេះនៅកីឡដ្ឋាន Emirate របស់ កាំភ្លើងធំ Arsenal៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីបាល់ទាត់លើតុ៖ ការដណ្តើមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី គឺលើសពីការរំពឹងទុក

2026/04/30 06:08:24 pm        165
កីឡាការិនីបាល់ទាត់លើតុកម្ពុជា ម៉ី ស្រីមាស បានបញ្ជាក់ថា ការដណ្តើម​បាន​មេដាយ​សំរឹទ្ធិ​ក្នុង​ព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន គឺ​ទទួល​បានសមិទ្ធផល លើសពីការរំពឹងទុក និងមានមោទនភាព ដែលបាននាំ​មេដាយ​ជូន​ជាតិ​មាតុភូមិ។កីឡាការិនីរូបនេះបានបន្តថា មុននឹងឡើងមកដល់វគ្គដណ្តើមមេដាយ រូបខ្លួន និងដៃគូ ឈ្នះ​៣​ប្រកួត ​និងចាញ់១ប្រកួត ចុងក្រោយចាញ់ ក្រុមកីឡាការិនី​កូរ៉េខាង​ជើង​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នេះ​ជាបទពិសោធន៍ថ្មីមួយ នាឳកាសការប្រកួតក្រោយ សម្រាប់អ្នកទាំង​២​នឹង​ខិតខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់ឲ្យខ្លាំងជាងមុនទៀត ដើម្បីសម្រេចក្តីស្រមៃ។សូមជម្រាបថា ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ កម្ពុជាបានបញ្ជូន អត្ត​ពលិក ប្រតិភូកីឡា ចំនួន៣២នាក់ លើ៤ ប្រភេទកីឡា ដូចជា ចំបាប់ ទ្រីយ៉ាត្លុង ជីជឺតស៊ូ និង​បាល់​ទាត់​លើតុ។ ជាលិទ្ធផលកម្ពុជាដណ្តើមបានមេដាយ២គ្រឿង ក្នុងនោះប្រាក់១​គ្រឿង​ដណ្តើម​បាន​ពីកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន លើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) និងមេដាយសំរឹទ្ធ ១គ្រឿង លើប្រភេទ​កីឡា​បាល់​ទាត់​លើ​តុ​វិញ្ញាសាគូ​នារី ដណ្តើមបានពី កីឡាការិនី ម៉ី ស្រីមាស និង កីឡាការិនី យ៉ន សោភ័ណ្ឌរស្មី៕

វ័យត្រឹម ៧ ឆ្នាំក្មេងប្រុសអង់គ្លេសម្នាក់ក្លាយជាកីឡាករក្មេងបំផុតវាយកូនគោលមួយឈើចូលឡូ Hole-in-One

2026/04/30 05:28:05 pm        183
ក្មេងប្រុសវ័យត្រឹម ៧ឆ្នាំបានក្លាយជាអ្នកវាយកូនគោលមួយឈើចូលឡូ (hole-in-one) ក្មេងបំផុតនៅអង់គ្លេស។Freddie Kellow អាយុត្រឹមតែ ៧ ឆ្នាំ មកពី Lancashire បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចវាយកូនគោលមួយឈើចូលឡូ (hole-in-one) បានដោយមានការផ្ទៀងផ្ទាត់ផ្លូវការ។សមិទ្ធផលដ៏អស្ចារ្យនេះបានកើតឡើងនៅថ្ងៃទី ១០ ខែមេសា ក្នុងការប្រកួតវាយកូនគោលកុមារនៅទីលាន Carus Green Golf Club។ ឮFreddie បានប្រើដងវាយកូនគោលខ្នាតលេខ ៧ វាយពីចម្ងាយប្រហែល ៧០ យ៉ាតស្មើនឹង ៦៤ ម៉ែត្រ ចូលឡូដែលមានទំហំស្តង់ដារ ៤.២៥ អ៊ីញ។ព្រឹត្តិការណ៍នេះមិនត្រឹមតែត្រូវបានថតដោយឪពុកម្តាយរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានថតជាវីដេអូគុណភាពខ្ពស់ដោយក្រុមហ៊ុន Official Hole in 1 ដែលកំពុងសាកល្បងឧបករណ៍ថតថ្មីនៅទីលាននោះផងដែរ។ បន្ទាប់មក ក្រុមហ៊ុនបានរកឃើញវីដេអូ ហើយចែករំលែកទៅឲ្យគ្រួសាររបស់ Freddie។ឪពុករបស់ Freddie លោក Wesley Kellow បាននិយាយថា៖ “វាជាអារម្មណ៍អស្ចារ្យណាស់ ពេលបានឃើញបាល់រអិលចូលក្នុងឡូពិតៗ”។លទ្ធផលនេះត្រូវបានក្លឹបវាយកូនគោលផ្ទៀងផ្ទាត់តាមផ្លូវការ ធ្វើឲ្យសមិទ្ធផលរបស់ Freddie ទទួលស្គាល់ជាផ្លូវការ។Freddie បានចាប់ផ្តើមលេងកីឡាមួយនេះតាំងពីអាយុ ៣ ឆ្នាំ ហើយបើទោះបីជាគាត់មិនទាន់មាន handicap ផ្លូវការក៏ដោយ គាត់កំពុងបន្តធ្វើការហ្វឹកហាត់ និងអភិវឌ្ឍជំនាញ ដើម្បីឈានទៅកាន់កម្រិតខ្ពស់នៅពេលអនាគត៕ អត្ថបទ៖នាង សុភាវុធ

វិសាខា ទម្លាក់ ISI ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ជាថ្មី ក្រោយខកខាន ២រដូវកាល

2026/04/30 05:14:57 pm        207
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមវិសាខា ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។ សរុបទាំង ២ជើង វិសាខា បានទទួលជ័យជម្នះក្នុងលទ្ធផល ៧-១។សម្រាប់ជំនួបកាត់សេចក្ដី នៅកីឡដ្ឋាន អាយអេសអាយ ផាក នេះ បន្ទាប់ពីរបូត ៣គ្រាប់ កាលពីជើងទី១ ក្រុមម្ចាស់ផ្ទះ បានព្យាយាមវាយសម្រុកយ៉ាងខ្លាំង នៅដើមវគ្គទី១ តែមិនអាចរកគ្រាប់បាល់ ផ្ទុយទៅវិញ ត្រូវបានវិសាខា វាយបក និងបង្កើតឱកាសជាច្រើន រហូតសម្រេចបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដែលធ្វើសម្រេចដោយកីឡាករ Park Jungbin ៣គ្រាប់ នៅនាទីទី៩, នាទី១៨ និងនាទី៧៩ និង ថា គ្រីយ៉ា ១គ្រាប់ នៅនាទី១៥ តែឱកាសឈ្នះដោយ Clean Sheet នេះ ត្រូវបានបញ្ចប់ដោយកីឡាករ  Onda Yonosuke ដែលស៊ុតបាល់ពិន័យ ១១ម៉ែត្របាន ១គ្រាប់ឲ្យ ISI វិញ នៅនាទី៨៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។នេះជាលើកទី៤ ដែលវិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្នុងស្រុកដ៏ធំមួយនេះ បន្ទាប់ពីការឡើងវគ្គផ្ដាច់ព្រ័ត្រ ៣រដូវកាលជាប់គ្នា កាលពីរដូវកាលឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២ ពួកគេសុទ្ធតែបានគ្រងតំណែងជើងឯក។ បន្ទាប់មកពួកគេ ក៏ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ២លើកជាប់គ្នាវិញ នៅរដូវកាលឆ្នាំ២០២៣/២៤ និងឆ្នាំ២០២៤/២៥ រហូតដល់រដូវកាលឆ្នាំ២០២៥/២៦ នេះ ទើបពួកគេឡើងមកកាន់វគ្គដ៏សំខាន់នេះជាថ្មី។យ៉ាងណាមិញ អតីតក្រុមជើងឯក ៣សម័យនេះ នឹងត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលនៅសល់ការប្រកួត ៩០នាទីទៀត នៅពហុកីឡដ្ឋានជាតិមរតកតេជោវិញម្ដង នាថ្ងៃទី២០ ខែឧសភាខាងមុខ បន្ទាប់ពីជើងទី១ ដែលបញ្ចប់ការប្រកួតដំណាលគ្នា កាលពីល្ងាចថ្ងៃពុធម្សិលមិញ ជាមួយលទ្ធផលស្មើគ្នា ១-១ ។ ដូច្នេះក្រោយជំនួបជើងទី២ ក្រុមដែលទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលគ្រោងប្រកួតនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

FIFA៖ ក្រុមបាល់ទាត់នារីជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចចូលរួមប្រកួតអន្តរជាតិបាន

2026/04/29 08:45:36 pm        223
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអនុម័តការផ្លាស់ប្តូររៀបចំច្បាប់ថ្មីមួយ ដែលអនុញ្ញាតឲ្យក្រុមបាល់ទាត់ស្ត្រីជនភៀសខ្លួនអាហ្វហ្កានីស្ថាន អាចចូលរួមប្រកួតដ៏ផ្លូវការក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិរបស់ FIFA បានវិញ ដែលជាជំហានសំខាន់មួយសម្រាប់អត្តពលិកស្ត្រីអាហ្វហ្កានីស្ថាន ដែលត្រូវភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីក្រុមតាលីបង់ត្រលប់មកកាន់អំណាចវិញនៅឆ្នាំ ២០២១។ក្រុមជម្រើសជាតិស្ត្រីអាហ្វហ្កានីស្ថានមិនបានចូលរួមក្នុងការប្រកួតអន្តរជាតិក្នុងប្រកួតផ្លូវការឡើយ ចាប់តាំងពីមុនឆ្នាំនោះ ព្រោះតាលីបង់បានដាក់កម្រិតយ៉ាងតឹងរឹងលើសិទ្ធិនារី ក្នុងការសិក្សា ការងារ និងកីឡា។ ដោយសារហេតុនេះ អត្តពលិកជាច្រើនត្រូវធ្វើអន្តោប្រវេសន៍ ឬបោះបង់អាជីពកីឡារបស់ខ្លួន។ការផ្លាស់ប្តូរច្បាប់ថ្មីនេះ បន្តពីយុទ្ធសាស្ត្រ “Action for Afghan Women’s Football” ដែលក្រុមប្រឹក្សា FIFA បានអនុម័តនៅខែឧសភាឆ្នាំមុន ហើយក៏តាមរយៈការបង្កើតក្រុម Afghan Women United ដែលឧបត្ថម្ភដោយ FIFA ដើម្បីផ្តល់ឱកាសប្រកួតឲ្យអត្តពលិកស្ត្រីអាហ្វហ្កានីស្ថាននៅក្រៅប្រទេស។ការជ្រើសរើសសមាសភាពក្រុមសម្រាប់ Afghan Women United ជំនាន់បន្ទាប់កំពុងដំណើរការនៅតាមតំបន់ដូចជាអង់គ្លេស និងអូស្ត្រាលី ដោយមានអ្នកលេងប្រហែល ៩០ នាក់ទទួលបានជំនួយផ្ទាល់ខ្លួន។ ក្រុមនេះរំពឹងថានឹងចូលរួមប្រកួតដំបូងវិញក្នុងខែមិថុនា ក្នុងប្រកួតអន្តរជាតិស្ត្រី។ត្រឡប់ទៅឆ្នាំ ២០២១ FIFA បានជួយជម្លៀសអត្តពលិក អាជ្ញាធរ និងអ្នកការពារសិទ្ធិមនុស្សដែលមានទំនាក់ទំនងនឹងកីឡាបាល់ទាត់ និងបាល់បោះចំនួនជាង ១៦០ នាក់ចេញពីអាហ្វហ្កានីស្ថាន។ អ្នកគាំទ្រកីឡាបាល់ទាត់ស្ត្រីបានអំពាវនាវឱ្យ FIFA ធ្វើការទទួលស្គាល់ជាផ្លូវការលើក្រុមស្ត្រីជនភៀសខ្លួនទាំងនេះ ដោយពួកគេជឿថា នារីទាំងនោះមិនគួរត្រូវបាត់បង់អាជីពឡើយ៕ អត្ថបទ៖នាង សុភាវុធ

ខ្សែការពារប្រេស៊ីល Eder Militao របួសសរសៃពួរត្រូវវះកាត់ ហើយនឹងអវត្តមានពី World Cup

2026/04/29 07:55:01 pm        194
ខ្សែការពារ Real Madrid និងប្រេស៊ីល Eder Militao នឹងមិនមានវត្តមានវត្តមាននៅ World Cup ឆ្នាំនេះឡើយ ដោយសារបញ្ហារបួសសរសៃពួរ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ត្រូវទទួលការវះកាត់របួសសរសៃ​ពួរជើងខាង​ឆ្វេង​របស់​ខ្លួន​នៅ​ប្រទេស​ហ្វាំង​ឡង់​ក្នុងសប្តាហ៍នេះ។ Militao បានទទួលរងរបួសនេះអំឡុងការប្រកួតរបស់ Real Madrid យកឈ្នះ Alvares ២-១ សប្តាហ៍មុន។ ក្រោយ​ការ​វះកាត់នេះ Eder Militao នឹងត្រូវសម្រាកយ៉ាងហោចណាស់ ៥ ខែ មានន័យ​ថា​នឹង​អវត្ត​មាន​ពីក្រុមជម្រើសជាតិប្រេស៊ីលនៅ World Cup 2026 ឆ្នាំនេះដែល​រៀប​ចំ​នៅ​សហរដ្ឋ​អាមេរិក​ ម៉ិកស៊ិក និងកាណាដា។ អតីតកីឡាកររបស់ក្លឹប FC Porto រូបនេះបានរងរបួសជាច្រើនជាមួយ Real Madrid ចាប់​តាំង​ពី​ការ​មក​ដល់នៅរដូវក្តៅឆ្នាំ ២០១៩ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។   របួសញាំញីរបស់ Militao គេឃើញរូបគេអវត្តមានសរុបចំនួន ១៥២ ប្រកួង និងបានចូលលេងតែ ១៩៤ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៧ ឆ្នាំនេះ។ ប្រេស៊ីលស្ថិតក្នុងពូល C នៅ World Cup ដែលនឹងត្រូវប្រឈមជាមួយម៉ារ៉ុក ហៃទី និង​ស្កុត​ឡេន​៕ អត្ថបទ៖នាង សុភាវុធ

Manchester City ប្រឈមកាលវិភាគមមារញឹកបំផុតចុងរដូវកាលរយៈពេល ២០ ថ្ងៃ ៦ ប្រកួត

2026/04/29 07:01:43 pm        172
Manchester City គឺជាក្រុមប្រជែងជើងឯក Premier League គ្រោះថ្នាក់បំផុតសម្រាប់ក្រុមកំពុងនាំមុខកាំភ្លើងធំ Arsenal តែពួកគេកំពុងប្រឈមនឹងកាលវិភាគដ៏មមារញឹកបំផុតដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រជែងជើងឯក។រាប់ពីថ្ងៃទី ៤ ខែឧសភា ដល់ថ្ងៃទី ២៤ ខែឧសភា Manchester City មានការប្រកួតដែលនៅសលរបស់ខ្លួន ៦ ប្រកួតរដូវកាលនេះ បូករួមទាំងវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea ផងដែរ។មិនតែប៉ុណ្ណោះក្នុងចំណោម ២០ ថ្ងៃនោះមាន ១១ ថ្ងៃ City មានការប្រកួតចំនួន ៤។ ថ្ងៃទី ៤ ខែឧសភាក្រុមរបស់លោក Pep Guardiola ធ្វើដំណើរទៅទឹកដី Everton ជាការប្រកួតដែលមិនប៉ះពាល់ពេកទេទៅនឹងកាលវិភាគមមារញឹក។ តែការប្រកួតថ្ងៃទី ៩ ខែឧសភា City ត្រូវទទួល Brentford បួនថ្ងៃបន្ទាប់ទទួល Crystal Palace ថ្ងៃទី ១៣ បីថ្ងៃក្រោយជួប Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup ថ្ងៃទី ១៦ និងធ្វើដំណើរទៅទឹកដី Bournemouth បីថ្ងៃបន្ទាប់ថ្ងៃទី ១៩ ខណៈប្រកួតចុងក្រោយបិទរដូវកាល Premier League ថ្ងៃទី ២៤ ទទួល Aston Villa។កាលវិភាគដែលរុញមកមមារញឹកនៅពេលនេះក៏ដោយសារ City ជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup កាលពីថ្ងៃទី ២២ ខែមីនារុញជំនួបទល់នឹង Crystal Palace មកចុងរដូវកាលស្របពេលប្រកួតរបស់ Bournemouth ទល់នឹង City ក៏ត្រូវរុញដោយសារ City ត្រូវជួប Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup។ មានតែបីក្រុមនេះទេរួមមាន Manchester City, Crystal Palace និង Bournemouth ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរកាលវិភាគ។ Manchester City កំពុងឈរលេខពីរនៅ Premier League តាមពីក្រោយ Arsenal បីពិន្ទុតែក្រុមរបស់លោក Pep ប្រកួតតិចជាងមួយប្រកួតមានន័យថា City សល់ ៥ ប្រកួត ខណៈ Arsenal សល់ ៤ ប្រកួតក្នុងលីគ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធបំផុសឱ្យមហាជនចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ នាដើមខែឧសភា

2026/04/29 06:29:02 pm        140
សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវ និងបំផុស​ស្មារតី​ដល់​មហាជន​ចូល​រួម​ប្រកួត​កីឡា​ហែល​ទឹក​វ័យចាស់ ប្រចាំឆ្នាំ ២០២៦ ដែលគ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី ០២ ខែឧសភា នៅ​អាង​ហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួត​កីឡាហែល​ទឹក​វ័យចាស់នេះនឹងអនុញ្ញាតឱ្យកីឡាករ កីឡាការិនី ដែលមានអាយុចាប់ពី​២៥​ឆ្នាំ​ឡើង ​ដោយគោលបំណងនៃការរៀបចំនេះមិនមែនសម្រាប់តែកីឡាករ កីឡាការនីទេ ប៉ុន្តែ​សម្រាប់​មហាជនទូទៅ ដែលចេះហែលទឹកក៏អាចចូលរួមបានដែរ។ ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ នឹងរៀបចំឡើង នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដែលការចុះឈ្មោះក្នុង ១កម្រិតអាយុ អាចប្រកួតបានចំនួន ៤វិញ្ញាសា ។ ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតត្រូវបានចែកចេញជា៨កម្រិតអាយុ ដោយចាប់ពី២៥ឆ្នាំឡើង រហូតដល់៦០ឆ្នាំឡើង សម្រាប់ការប្រកួត មានវីញ្ញាសារួមមាន ៥០ម៉ែត្រ ១០០ម៉ែត្រ បុរស-នារី ដូចជាហែលរបៀបសេរី ហែលរបៀបមេអំបៅ ហែលរបៀបផ្ងារ និងហែលរបៀបកង្កែប។គោលបំណងនៃការរៀបចំនេះត្រូវបានលោក ហែម គីរី លើកឡើងថា តាមរយៈការរៀបចំនេះ ជាការផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកស្រឡាញ់វិស័យកីឡាហែលទឹក ក្នុងបំណងចង់ឱ្យកីឡាករ កីឡាការិនីចូលរួមហែលទឹក ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងជនជាតិកម្ពុជា និងមិត្តភ័ក្តជាជនបរទេស ដែលមកបំពេញការងារនៅកម្ពុជា។ អ្នកចូលរួមចង់ឱ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានកាន់តែច្រើន ដោយអាចផ្តល់ភាពសប្បាករាយជូនដល់ពួកគាត់ ហើយក៏ជាកម្មវិធីប្រកួតប្រចាំឆ្នាំ ដើម្បីទទួលបានសុខភាពល្អ និងមិត្តភាពសាមគ្គីភាព។ ជាមួយគ្នានេះ សហព័ន្ធចង់បំផុសនូវអ្វីដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសរស់នៅកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីបញ្ចៀសនូវហានិភ័យចំពោះសុខភាព ដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះនូវជំងឺផ្សេងៗ ជាពិសេសគឺជំងឺមហារីក៕

រត់ពាក់ម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ រៀបចំកាន់តែអធិកអធម ខណៈ NOCC អំពាវនាវឲ្យប្រជាពលរដ្ឋចុះឈ្មោះឲ្យបានរួសរាន់

2026/04/29 06:13:25 pm        187
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនាខាងមុខ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដ្បិតការរៀបចំឆ្នាំនេះ នឹងកាន់តែអធិកអធម ជាមួយកម្មវិធីអមពិសេសៗជាច្រើន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារឆ្នាំនេះ គឺជាឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ ដូច្នេះគណៈកម្មការបានត្រៀមរៀបចំកម្មវិធីសំខាន់ៗ ព្រមទាំងចម្រៀងថ្វាយព្រះពរ និងសកម្មភាពពិសេសៗជាច្រើន ដើម្បីអបអរសាទរ និងថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ពោលគឺការរៀបចំធំជាង និងអធិកអធមជាងឆ្នាំសព្វដង ដែលឯកឧត្តមសង្ឃឹមនឹងទាក់ទាញ់ការចូលរួមកាន់តែច្រើនក្រៅពីគោលបំណងដ៏សំខាន់ប្រចាំឆ្នាំនេះ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក៏នឹងរក្សានូវគោលបំណងធំៗមួយចំនួនទៀត ដូចជាការធ្វើកម្មវិធីសប្បុរសធម៌ទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឆ្នាំនេះ គណៈកម្មការត្រៀមទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យកុមារនេះ ព្រមទាំងគោលដៅផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ ទៅក្រៅប្រទេស ក៏ដូចជាជំរុញការលេងកីឡា ដើម្បីសុខភាព និងផ្ដល់ឱកាស ក៏ដូចជាបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរត់ចម្ងាយ ពិសេសវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រតែម្ដង។ឯកឧត្តមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះជាង ៣ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសជិត ១ពាន់នាក់ ប៉ុន្ដែឆ្នាំនេះ គណៈកម្មការបានប្ដេជ្ញាជំរុញឲ្យមានការចូលរួមចន្លោះពី ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីគណៈកម្មការងាយស្រួលរៀបចំសម្ភារៈជូន ក៏ដូចជាដើម្បីចូលរួមផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះផងដែរ។ចំណែកលោក សែម ផល្លា នាយកបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំនេះ មានការផ្លាស់ប្ដូរតម្រាយផ្លូវមួយចំនួន ពិសេសតម្រាយផ្លូវរត់ ២១គីឡូម៉ែត្រ ដោយរក្សាការចេញដំណើរនៅសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមមាត់ទន្លេ ផ្ទុយពីឆ្នាំមុនៗ ដែលត្រូវរត់ឆ្លងកាត់ស្ពានជ្រោយចង្វារ និងសណ្ឋាគារសុខា ទើបត្រឡប់មកវិញ តែដោយសារមានការកក់ស្ទះចរាចរណ៍ ទើបគណៈកម្មការរៀបចំ សហការជាមួយគណៈកម្មការម៉ារ៉ាតុងពិភពលោក រៀបចំវាស់វែងតម្រាយផ្លូវរត់ឡើងវិញ។បន្ទាប់ពីរត់តាមមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត  ទើបបត់ឆ្វេង ដល់គល់ស្ពានទី១ ឬស្ពាននាគ ហើយបត់ឆ្វេង តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានទីឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ ហើយបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតីតែម្ដង។ក្រៅពីវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ក៏នឹងមានវិញ្ញសារត់ចម្ងាយ ១០គីឡូម៉ែត្រ ដែលទទួលស្គាល់ដោយគណៈកម្មការម៉ារ៉ាតុងពិភពលោក និងសហព័ន្ធអត្តពលកម្មអន្ដរជាតិ ព្រមទាំងវិញ្ញាសារត់កម្សាន្ដ Fun Run ចម្ងាយ ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM