Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតគ្នា ៩ គ្រាប់ចុងក្រោយ PSG ឈ្នះ Bayern Munich ៥-៤ ជើងទីមួយ

2026/04/29 05:59:56 pm        204
ជំនួបក្រុមខ្លាំងទាំងពីរ Paris Saint Germain ទទួល Bayern Munich នៅទីក្រុងប៉ារីសបានក្លាយជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងរយៈពេល ៦៦។គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតបញ្ចូលទី ៩ គ្រាប់ចុងក្រោយ PSG យកឈ្នះ ៥-៤ លើ Bayern Munich ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានគ្រាប់បាល់ច្រើនបំផុតរាប់តាំងពីរដូវកាល ១៩៥៩-៦០ នៅពេល Eintracht Frankfurt យកឈ្នះ Rangers ៦-៣ នៅក្របខណ្ឌ European Cup ដែលបច្ចុប្បន្នជា UEFA Champions League។ក្នុងវគ្គទីមួយមានគ្រាប់បាល់កើតឡើងសរុប ៥ គ្រាប់ក្នុងនោះ Harry Kane ស៊ុតបាល់ពិន័យ ១១ ម៉ែត្រមុនគេនាំមុខឱ្យ Bayern Munich នៅនាទីទី ១៧ មុនពេលដែល PSG វាយបកពីរគ្រាប់វិញដោយ Khvicha Kvaratskhelia និង Joao Neves តែតបញ្ចូលទីពីបាល់ជ្រុង។ Michael Olise ស៊ុតតាមស្មើឱ្យ Bayern Munich វិញនាទីទី ៤០ តែចុងវគ្គទីមួយ Ousmane Dembele ស៊ុតបាល់ពិន័យ ១១ ម៉ែត្រនាំមុខជាថ្មីឱ្យ PSG បន្ទាប់ពីកំហុសបាល់ប៉ះដៃរបស់ Alphonso Davies។ បន្ទាប់ពី ៤៥ នាទីដំបូងទស្សនាការប្រកួតដែលមិនជិនណាយ ៤៥ នាទីវគ្គទីពីរក៏ជាការប្រកួតអស្ចារ្យថែមទៀតនៅពេលក្រុមទាំងពីរបន្តស៊ុតបញ្ចូលទីគ្នា ៤ គ្រាប់បន្ថែមទៀត។ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមបានល្អជាងវគ្គទីមួយនៅពេល Kvaratskhelia រកបានគ្រាប់ទីពីររបស់ខ្លួន មុនពេលដែល Ousmane Dembele ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៥៦ និង ៥៩ មានន័យថា PSG នាំមុខ ៥-២។ បើសិនជាការ ៥-២ នេះរក្សាដល់ចប់ការប្រកួត Bayern Munich នឹងត្រូវធ្វើការធ្ងន់នៅជើងទីពីរ តែក្រុមជើងឯក អាល្លឺម៉ង់ថ្មីៗមួយនេះបានសម្រាលការងាររបស់ខ្លួនវិញនៅពេលខ្សែការពារ Upamecano តែតបញ្ចូលទីតាមពីក្រោយ ៥-៣ មុនពេលដែល Luis Diaz ស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយនៃការប្រកួត។ ចប់ការប្រកួត PSG យកឈ្នះ Bayern Munich ៥-៤ កាន់គ្រាប់ចំណេញត្រឹមមួយគ្រាប់មុនត្រលប់ទៅជើងទីពីរ ទឹកដីអាល្លឺម៉ង់វិញសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

បី​រដូវកាល​ជាប់​គ្នា បឹងកេតជួបព្រះខ័នរាជ ​​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន​រង្វាន់​សម្ដេចតេជោ, ២លើកព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រ ចុះលើកនេះ?​

2026/04/29 05:39:51 pm        239
ក្លឹបបាល់ទាត់បឹងកេត និងព្រះខ័នរាជស្វាយរៀង ពិតជាមិនព្រាត់គ្នាមែន។ បី​រដូវកាល​ជាប់​គ្នា​ដែល​ក្លឹប​ទាំង​ពីរត្រូវជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការប្រកួតបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន។ នេះជាឆ្នាំទី៣ ដែល​ក្រុមទាំងពីរជួបគ្នា ចាប់តាំងពីរដូវកាល ២០២៣-២០២៤មក។រដូវកាល​២០២៣-២០២៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ឈ្នះបឹងកេត ៤​ទល់​នឹង៣ ក្នុងនោះជើងទី១ ឈ្នះ៣ទល់នឹង១ និងជើងទី២ចាញ់ ១ទល់នឹង២។ ហើយ​ព្រះខ័ន​រាជ​ស្វាយ​រៀងឡើងវគ្គផ្ដាច់ព្រ័ត្រ និងឈ្នះភ្នំពេញក្រោន១ទល់នឹង០ ដណ្ដើមបាន​ពាន​រង្វាន់​សម្តេច​តេជោ​ជា​លើកទី៥ក្នុងប្រវត្តិសាស្ត្រ។រដូវកាល២០២៤-២០២៥ វគ្គដូចគ្នានេះដែរ ក្រុមទាំងពីរកាន់តែតានតឹង តែយ៉ាង​ណា​ព្រះខ័ន​រាជ​ស្វាយ​រៀង​នៅតែធ្វើបានល្អ និងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយឈ្នះ២ទល់នឹង១ (ជើងទី​១​ព្រះ​ខ័​នរាជ ឈ្នះ១ទល់០ និងជើងទី២ ស្មើគ្នា ១ទល់១)។ចុះរដូវកាល ២០២៥-២០៦ នេះ វិញបឹងកេត អាចសងសឹកវិញបានទេ? រឺព្រះខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​ធ្វើបានល្អបន្ថែមទៀត?កុំភ្លេច ចូលរួមទស្សនាឱ្យបានច្រើនកុះករ ល្ងាចនេះ ម៉ោង ៦និង០០នាទីនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។BTV News ផ្សាយផ្ទាល់!!!!

Xavi Simons នឹងអវត្តមានដល់ចប់រដូវកាលរួមទាំង World Cup ដោយសាររបួស

2026/04/28 09:32:31 pm        296
ខ្សែបម្រើប្រយុទ្ធហូឡង់ Xavi Simons នឹងមិនមានវត្តមាននៅលើទីលានឡើយសម្រាប់ Tottenham Hotspur សម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ បូករួមទាំងអវត្តមានពី World Cup ឆ្នាំនេះផងដែរក្រោយរងរបួសដាច់សរសៃពួរ ACL។កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានសែងចេញនៅវគ្គទីពីរអំឡុងជ័យជំនះរបស់ Spurs នៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ នៅពេលប៉ះទង្គិចជាមួយខ្សែការពារ Hugo Bueno។ Simons បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនសម្តែងអារម្មណ៍សោកស្តាយ ដែលមិនអាចជួយក្លិបរបស់ខ្លួនបានស្របពេលដែលកំពុងតស៊ូគេចចេញពីការកាត់ចេញនៅ Premier League និងជាពិសេសគឺអវត្តមានពីក្រុមជម្រើសជាតិហូឡង់នៅ World Cup ឆ្នាំនេះ។ Simons បានចូលរួមជាមួយ Spurs កាលពីរដូវក្តៅឆ្នាំមុនផ្ទេរពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន បង្ហាញខ្លួនក្នុងលីគបាន ២៨ លើករកបានពីរគ្រាប់ និងបញ្ជូនប្រាំ។ បន្ទាប់ពីឈ្នះ Wolves កាលពីចុងសប្តាហ៍ Spurs នៅតែស្ថិតនៅតំបន់គ្រោះថ្នាក់នៅឡើយខណៈបួនប្រកួតដែលនៅសល់ត្រូវជួបជាមួយ Aston Villa Leeds United Chelsea និង Everton។ World Cup 2026 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ ហូឡង់ស្ថិតក្នុងពូល F នឹងត្រូវជួបជាមួយ ជប៉ុននៅថ្ងៃទី ១៤ ខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិត​បច្ចេកទេស និងទេពកោសល្យអត្តពលិក

2026/04/28 09:24:45 pm        256
កណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតំណាងឲ្យខេត្ត។នេះជាការបញ្ជាក់ពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតមធ្យម​សិក្សាប្រចាំឆ្នាំ កាលពីម្សិលមិញ នាទីលានទាត់ខេត្តកណ្តាល ។ អភិបាលរង​ខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលបានរៀបចំការប្រកួតនានាជាច្រើន ដើម្បី ឲ្យ កុមារ យុវជន និងមហាជន ចូលរួមប្រកួតប្រជែង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្ត និងប្រទេសជាតិទាំងមូល។ហើយនេះជាសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារថា “ យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។ តាមរយៈនៃការប្រកួតនេះ ក្នុងមានខេត្តកណ្តាល ឯកឧត្តម មើលឃើញថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់បានយកស្មារតីសាមគ្គីភាព មិត្តភាព និងគោរពទៅតាមបទបញ្ជាបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតទាំងសាមគ្គីភាពក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលល្អ និងមានភាពស្រស់ស្អាតនៃការប្រកួតនិមួយៗ។ឯកឧត្តម ប៊ុន ផេង បានបន្ថែមថា គ្រប់គ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនក្នុងខេត្ត បានយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សាដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តក្នុងម៉ោងសិក្សាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន និងទទួលខុសត្រូវ។បើតាមរបាយការរបស់ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ ដំណើរការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែ មេសា គណៈកម្មាធិការបច្ចេទេស ដាក់៤ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម៕

FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ

2026/04/28 09:10:14 pm        297
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងពិចារណាកែប្រែច្បាប់ពាក់ព័ន្ធនឹងការពិន័យផ្អាកកីឡាករ ដោយសារកាតលឿងសរុប សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ ខណៈដែលទម្រង់ការប្រកួតថ្មីមានការពង្រីកចំនួនក្រុមចូលរួម។តាមព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា FIFA មានគម្រោងបន្ថែមដំណាក់កាលលុបកាតលឿង មួយទៀត ដោយលុបកាតទាំងអស់ក្រោយបញ្ចប់វគ្គជម្រុះតាមពូល ក៏ដូចជាក្រោយវគ្គ ៨ ក្រុមចុងក្រោយ។ក្រោមច្បាប់បច្ចុប្បន្ន ក្រុមមួយត្រូវលេងប្រមាណ ៥ ប្រកួត ដើម្បីឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ហើយកីឡាករណាដែលទទួលបានកាតលឿង ២ ដងក្នុងអំឡុងពេលនោះ នឹងត្រូវផ្អាកការប្រកួតមួយ។ ទោះយ៉ាងណា World Cup ឆ្នាំនេះដែលមានការកែប្រែទម្រង់ថ្មីមាន ៤៨ ក្រុមចូលរួមនោះ ការប្រកួតបានកើនឡើងដោយមានវគ្គ ៣២ ក្រុមចុងក្រោយមួយទៀត។FIFA មានការព្រួយបារម្ភថា ប្រសិនបើគ្មានការកែប្រែច្បាប់ កីឡាករច្រើននឹងត្រូវប្រឈមមុខនឹងហានិភ័យផ្អាកហើយអាចខកខានការប្រកួតសំខាន់ៗ ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ការដាក់បន្ថែមដំណាក់កាលលុបកាតពីរដងនេះ ត្រូវបានគេចាត់ទុកថា មានភាពយុត្តិធម៌ជាង និងអាចកាត់បន្ថយការបាត់បង់កីឡាករសំខាន់ៗក្នុងវគ្គសំខាន់ៗ។បើតាមសំណើថ្មី កម្រិតកាតលឿង ២ ដងសម្រាប់ការផ្អាកនៅតែរក្សាទុកដដែល ប៉ុន្តែការកំណត់ពេលលុបកាតនឹងធ្វើឲ្យមានតែពីរដំណាក់កាលសំខាន់ៗប៉ុណ្ណោះ ដែលកីឡាករអាចប្រឈមនឹងការផ្អាក។ នោះមានន័យថា កីឡាករត្រូវទទួលកាតលឿងក្នុង ២ ប្រកួតក្នុងចំណោម ៣ ប្រកួតវគ្គពូល ឬក្នុងវគ្គ ៣២ ក្រុមចុងក្រោយ, ១៦ ក្រុមចុងក្រោយ និងវគ្គ ៨ ក្រុមចុងក្រោយ មុនឈានដល់ការផ្អាក៕ អត្ថបទ៖នាង សុភាវុធ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកម្រិតទី៣អាស៊ី (AFC Challenge League) លេងនៅប្រទេសគូវ៉ែត

2026/04/28 08:51:06 pm        242
យោងកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្ញើជូនសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា (FFC) បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីកម្រិតទី៣ (AFC Challenge League) វគ្គផ្ដាច់ព្រ័ត្រត្រូវលេងនៅប្រទេសគូវ៉ែត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ប្រភពបានបញ្ជាក់បន្ថែមថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបប្រទេសគូវ៉ែត Al Kuwait SC ជា​មួយ​ក្លឹបជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្វើនៅក្នុងពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad ​វេលាម៉ោង៧និង១៥នាទីយប់នៅប្រទេសគូវ៉ែត ត្រូវនឹងម៉ោង ១១និង​១៥នាទី​យប់​ម៉ោង​នៅ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះខ័នរាជស្វាយរៀងឡើងដល់វគ្គផ្ដាច់ព្រ័ត្រពីរលើកជាប់គ្នា ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេស​ហ្វីលីពីន Manila Diggers ៤ទល់នឹង១ទាំងពីរជើង។ ចំណែក Al Kuwait SC ឈ្នះក្លឹប Muras United របស់កៀហ្ស៊ីស៊ីស្ថាន ២ទល់នឹង១។សូមបញ្ជាក់ថា ពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad អាចផ្ទុកអ្នកទស្សនាបាន​១៥០០០​នាក់ ហើយត្រូវបានសាងសង់នៅឆ្នាំ២០១៩-២០២៤ និង​ត្រូវ​បើក​ឱ្យ​ប្រើ​ប្រាស់ផ្លូវការថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕

ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមថ្ងៃពុធនេះ ខណៈ​បឹងកេត​ ត្រូវជួបព្រះខ័នរាជ

2026/04/28 07:40:20 pm        329
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់​ជាតិ​) ​ឆ្នាំ២០២៥/២៦ នឹងត្រូវរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ១ក្រុម នាថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៦នេះ រវាងក្រុមវិសាខា និងក្រុម ISI ដង្កោសែនជ័យ ស្របពេលក្រុមបឹងកេត នឹង​ត្រូវ​ជួប​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៅ​ពហុ​កីឡ​ដ្ឋានជា​តិ​(អូឡាំពិក)។ជុំវិញ​ជំនួបដ៏សំខាន់នាថ្ងៃពុធសប្ដាហ៍នេះ ក្រុមដំរី​ជ័យ ​ISI​ ដង្កោ​សែន​ជ័យ ​នឹង​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​វិសាខា ​ក្នុងជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដី កាលពី​ជើង​ទី​១​។ បច្ចុប្បន្នវិសាខា កំពុងមានប្រៀប តែ ISI ថា លទ្ធផលជើងទី១ ពុំទាន់អាច​សម្រេច​ជោ​គ​វាសនា​ក្រុម​ឡើងវគ្គបន្ដឡើយ ។ ដូច្នេះចាំមើលជំនួបកាត់សេចក្ដីស្អែកនេះ តើក្រុមលោក ទុំ សារាយ អាចវាយបកឈ្នះវិសាខា វិញដែលឬទេ? ដ្បិតពួកគេត្រូវការលើសពី ៣គ្រាប់ ដើម្បីរារាំងដំណើរឡើងវគ្គផ្ដាច់ព្រ័ត្ររបស់វិសាខា។ក្រឡេកទៅជំនួបរវាងបឹងកេត និងព្រះខ័នរាជស្វាយរៀងវិញ ដំបូងឡើយក្រុមទាំងពីរ ត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ ដំណាលគ្នានឹង ១ប្រកួតទៀតដែរ តែដោយសារព្រះខ័នរាជស្វាយរៀង ជាប់ភារកិច្ចប្រកួតបញ្ចប់ពូលB នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ភាគីពាក់ព័ន្ធក៏សម្រេចលើកពេល មកប្រកួតជើងទី១ នៅថ្ងៃទី២៩ ខែមេសាវិញ និងជើងទី២ ពន្យារពេលទៅប្រកួត រហូតដល់ថ្ងៃទី២០ ខែឧសភាខាងមុខ។ នេះគឺជាជំនួបដ៏ជក់ចិត្ត ដែលអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំទស្សនា។គួរដឹងថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ បន្ទាប់ពីរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ជំនួបកាត់សេចក្ដីស្វែងរកជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦៕អត្ថបទ លី ឈុនឡា 

ទួកគីនឹងទទួលរៀបចំការប្រណាំង Formula One វិញនៅឆ្នាំ២០២៧ ក្រោយអវត្តមាន ៦ឆ្នាំ

2026/04/28 07:28:54 pm        210
ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One នឹងវិលត្រលប់មកកាន់កាលវិភាគ F1 ពិភពលោកវិញនៅឆ្នាំ ២០២៧ ខាងមុខ ក្រោយអវត្តមាន ៦ ឆ្នាំ។ការប្រណាំងនឹងនៅតែបន្តរៀបចំនៅទីលាន Istanbul Park ក្នុងកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ ២០៣១។ Istanbul Park ជាទីលានដែលកីឡាករអង់គ្លេស Lewis Hamilton ឈ្នះជើងឯកពិភពលោកលើកទី ៧ ក្នុងអាជីពតាមស្មើកំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ Michael Schumacher។ រំលឹកដែរថា ប្រទេសទួកគីបានទទួលរៀបចំការប្រណាំង F1 ដំបូងនៅឆ្នាំ ២០០៥ ដល់ ២០១១ ហើយក៏បានផ្អាករៀបចំដល់ឆ្នាំ ២០២០ និង ២០២១ ដែលទទួលពីរប្រកួតបំពេញកាលវិភាគ F1 នៅពេលពិភពលោករងគ្រោះដោយសារជម្ងឺរាតត្បាតកូវីដ-១៩។ ការវិលត្រលប់មកវិញរបស់ទួកគីមិនមែនបានន័យថា F1 នឹងមានការប្រណាំងលើសពី ២៤ ទីលានក្នុងមួយរដូវកាលនោះទេ ខណៈដែល F1 នឹងបញ្ចប់កិច្ចសន្យាជាមួយទីលានមួយចំនួនវិញ៕ អត្ថបទ៖នាង សុភាវុធ 

AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧

2026/04/28 05:12:20 pm        546
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានជូនដំណឹងជាថ្មី ពីការ​កំណត់​កូតា​ក្លិប​តំណាង​កម្ពុជា ​ដែលទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧ មានតែ ២ក្លិបប៉ុណ្ណោះ។ នេះបើ​យោង​តាម​សេចក្ដី​បញ្ជាក់​របស់​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួល​បាន​តាម​រយៈ​សារ​អេឡិច​ត្រូនិក(អ៊ីម៉ែល) ហើយត្រូវបានក្រុមហ៊ុន​ខេមបូឌាន​ព្រីមៀរ​លីគ​(CPL)​ ផ្សព្វ​ផ្សាយ​កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ដោយទទួលបានការបញ្ជាក់បន្ថែមពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ​បានធ្វើបច្ចុប្បន្នភាពនៃចំនួនកំណត់កូតាក្លិបបាល់ទាត់តំណាងជាតិ ដែលក​ម្ពុជា​ទទួល​បាន​ដើម្បី​ចូល​​រួម​ការ​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ​សម្រាប់​ឆ្នាំ២​០២៦​/២៧ ​មានចំនួន ២ក្លិប រួមមាន៖ ក្រុមត្រូវលេងវគ្គចែកពូលពានរង្វាន់ AFC Champions League​ Two ឬ Group Stage ចំនួន ១ក្លិប និងក្រុមត្រូវលេងវគ្គជម្រុះពានរង្វាន់ AFC Champions League Two ឬវគ្គ Play-off ចំនួន ១ក្លិប។បន្ថែម​សហព័ន្ធ ក៏បានបញ្ជាក់ ចំពោះការកំណត់គោលការណ៍ក្លិបបាល់ទាត់តំណាងជាតិ ចូលរួម​ការ​ប្រកួត​ពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះ នឹងត្រូវអនុវត្ត​ទៅ​តាម​លំដាប់​លំដោយ​ក្នុង​សេចក្តី​ជូន​ដំណឹង​លេខ ០៣៤/២៦ ស.ប.ក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ របស់សហព័ន្ធ ពោល​គឺ​ផ្អែក​សំខាន់​លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជើងឯកលីគកំពូលកម្ពុជា និង​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបាន​បំពេញ​អាជ្ញា​បណ្ណ​ក្លិប​អន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយ ដូចជា៖១. ក្លិប​ដែលទទួលបានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដែលបានរកឃើញជាផ្លូវការ គឺ​ក្លិប​ព្រះខ័នរាជស្វាយរៀង។២. ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។៣. ក្លិបដែលទទួលបានជើងឯកពាននរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥​/២៦។៤/. ក្លិបដែលទទួលបានចំណាត់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។ត្រឡប់​ទៅចាប់អារម្មណ៍ក្លិបបាល់ទាត់កម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ AFC Club License 2026/27 គឺមាន ៤ក្លិបប៉ុណ្ណោះ រួមមានក្លិបព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង​បឹងកេត​។ នេះបើតាមការជូនដំណឹងរបស់ CPL កាលពីសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា

អ្នកការពារជើងឯក Carlos Alcaraz នឹងអវត្តមានពី Grand Slam, French Open ខែក្រោយ

2026/04/27 08:52:36 pm        147
ជើងឯកពីរសម័យ និងជាអ្នកការពារតំណែងជើងឯក Carlos Alcaraz នឹងអវត្តមានពីការប្រកួត Grand Slam, French Open ខែក្រោយដោយសាររបួសកដៃ។កីឡាករលំដាប់លេខពីរពិភពលោករូបនេះ បានដកខ្លួនពីការប្រកួត Barcelona Open សប្តាហ៍មុន បន្ទាប់ពីរងរបួសកដៃស្តាំងពេលយកឈ្នះការប្រកួតជុំទីមួយ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍សោកស្តាយចំពោះបញ្ហារបួសរបស់ខ្លួន បន្ទាប់អវត្តមានតាំងពី Italian Open និង French Open ខែក្រោយ។ Carlos Alcaraz បានចាប់ផ្តើមឆ្នាំ ២០២៦ នេះជាមួយនឹងជ័យជំនះជើងឯក Australian Open ក្លាយជាកីឡាករវ័យក្មេងបំផុតឈ្នះជើងឯកគ្រប់ Grand Slam ទាំងបួនប្រចាំឆ្នាំ។​រំលឹកថា Alcaraz បានឈ្នះការប្រកួតនៅលើទីលានដីក្រហមបីកម្មវិធីរដូវកាលមុនរួមមាន Monte Carlos Masters, Rome Masters និង French Open៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM