Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Mohamed Salah រងរបួសសៃពួរត្រូវអវត្តមានដល់ចប់រដូវកាល

2026/04/27 08:42:41 pm        133
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah នឹងត្រូវអវត្តមានដល់ចប់រដូវកាល បន្ទាប់ពីទទួលរងរបួសសរសៃពួរពេល Liverpool យកឈ្នះ Crystal Palace ៣-១ ចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ ៣៣ ឆ្នាំដែលបានប្រកាសពីការចាកចេញពីក្រុមជើងឯក Premier League នៅដំណាច់រដូវកាលនេះ បានត្រឹមទះដៃជាមួយនឹងទឹកមុខក្រៀមក្រំទៅកាន់អ្នកគាំទ្រនៅពេលដើរចេញពីទីលាននៅនាទីទី ៦០។ បើតាមនាយកបច្ចេកទេសក្រុមជម្រើសជាតិអេស៊ីបលោក Ibrahim Hassan ឱ្យដឹងថា របួសសរសៃពួរនេះនឹងត្រូវសម្រាកយ៉ាងហោចណាស់ ៤ សប្តាហ៍ និងមានន័យថា Salah នឹងជាទាន់ World Cup។នេះជារដូវកាលដ៏លំបាកបំផុតសម្រាប់ Salah តាំងពីមកកាន់ Liverpool នៅឆ្នាំ ២០១៧ ដោយរកគ្រាប់បាល់បានត្រឹម ១០ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៣៤ ប្រកួតគ្រប់ក្របខណ្ឌមកដល់ពេលនេះ ដែលជាស្ថិតិទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំរបស់គេនៅ Liverpool។រយៈពេល ៩ ឆ្នាំនេះខ្សែប្រយុទ្ធកំពូលដែលប្រជាជនអេហ្ស៊ីបហៅថា King of Egypt រូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ Liverpool និងនាំភាពជោគជ័យមកកាន់ក្លិបជាច្រើន។ Liverpool បានឈ្នះជើងឯក Premier League ពីរដង Champions LeaguA, FIFA Club World Cup, UEFA Super Cup, FA Cup និង League Cup ក៏ដូចជា FA Community Shield ផងដែរ។សម្រាប់សមិទ្ធផលផ្ទាល់ខ្លួន Salah បានឈ្នះពានជ័យលាភីស្បែកជើងមាស ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League បួនលើក និងធ្លាប់ជាកីឡាករឆ្នើមបំផុតរបស់ Premier League បីលើកផងដែរ៕​អត្ថបទ៖នាង សុភាវុធ

អាជ្ញា​កណ្តាលអ៊ីតាលី Gianluca Rocchi ផ្អាកតួនាទីខ្លួនឯង ខណៈមាន​ការ​ស៊ើប​អង្កេត​អំពី​បទ​ក្លែង​បន្លំ​កីឡា

2026/04/27 07:02:57 pm        133
លោក Gianluca Rocchi អ្នកទទួលបន្ទុកចាត់តាំងអាជ្ញាកណ្តាលក្នុងលីគកំពូលអ៊ីតាលី បាន​សម្រេច​ផ្អាក​ខ្លួនឯងពីតួនាទី បន្ទាប់ពីមានការរាយការណ៍អំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងបទ “ក្លែង​បន្លំ​កីឡា”។យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីតាលី AGI លោក Rocchi ដែលជាអតីតអាជ្ញាកណ្តាលអន្តរជាតិ កំពុង​ស្ថិតក្រោមការស៊ើបអង្កេតចំពោះ “ការចូលរួមសហការនៅក្នុងការក្លែងបន្លំកីឡា” ក្នុង​រដូវ​កាល ២០២៤-២៥ ហើយបានកំណត់ពេលសវនាការដំបូងនៅថ្ងៃព្រហស្បតិ៍ខាងមុខ។សមាគម​អាជ្ញា​កណ្តាលអ៊ីតាលី (AIA) ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Rocchi បានផ្អាកខ្លួនឯងពីតួនាទី បន្ទាប់ពីមានការចាប់ផ្តើមស៊ើបអង្កេតដោយការិយាល័យអយ្យការក្រុង Milan។អង្គភាពនេះក៏បានបញ្ជាក់ផងដែរថា លោក Andrea Gervasoni ដែលជាអ្នកគ្រប់គ្រង VAR សម្រាប់លីគកំពូលទាំងពីររបស់អ៊ីតាលី ក៏បានផ្អាកខ្លួនឯងដែរ បន្ទាប់ពីត្រូវបានដាក់ឲ្យស៊ើបអង្កេតដូចគ្នា។ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Rocchi បាននិយាយថា ការសម្រេចផ្អាកខ្លួនឯងពីតួនាទីនៅពេលនេះគឺមានគោលបំណងអនុញ្ញាតឲ្យដំណើរការផ្លូវច្បាប់ប្រព្រឹត្តទៅដោយរលូន ហើយជឿជាក់ថា នឹងអាចបង្ហាញភាពស្អាតស្អំរបស់ខ្លួនបាន និងជាការទទួលខុសត្រូវលើតួនាទី ហើយក៏ចង់ការពារក្រុមអាជ្ញាកណ្តាលទាំងមូល មិនឲ្យរងផលប៉ះពាល់ដោយសារបញ្ហារបស់ខ្លួនតាមការចោទប្រកាន់ មានការសង្ស័យថា លោក Rocchi បានជ្រើសរើសអាជ្ញាកណ្តាលសម្រាប់ការប្រកួតរបស់ Inter Milan ដោយសារតែក្លិបចប់បាន។ លើសពីនេះ លោក Rocchi ត្រូវបានចោទថា បានដាក់សម្ពាធលើមន្រ្តី VAR ម្នាក់ ដើម្បីជំរុញឲ្យអាជ្ញាកណ្តាលពិនិត្យមើលសកម្មភាពប៉ះដៃក្នុងតំបន់ពិន័យ ក្នុងការប្រកួតដែល Udinese ឈ្នះ Parma ១-០ កាលពីខែមីនាឆ្នាំមុន។គួរបញ្ជាក់ថា បទល្មើស “ក្លែងបន្លំកីឡា” គឺជាបទល្មើសព្រហ្មទណ្ឌនៅប្រទេសអ៊ីតាលី ដែលអាចផ្តន្ទាទោសអតិបរមាជាប់ពន្ធនាគារដល់ទៅ ៦ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

លីគកំពូលកម្ពុជា កាន់តែទាក់ទាញការចាប់អារម្មណ៍ ខណៈសល់ ៣សប្ដាហ៍ទៀត នឹងបញ្ចប់

2026/04/27 06:52:17 pm        226
ទោះបីក្រុមជើងឯក ត្រូវបានរកឃើញ តែការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នៅ​តែមានកម្រិតខ្ពស់ ជាទីទាក់ទាញកាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ ពិសេសជំនួបរវាងបេក្ខភាព Top-6 ​ស្រប​ពេលនៅសល់ ៣សប្ដាហ៍ទៀតនឹងត្រូវបញ្ចប់រដូវកាល។អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលទ្ធផលការសន្សំពិន្ទុ សប្ដាហ៍ទី១៩ នៃដំណាក់កាលទី២ កាល​ពី​ចុង​សប្ដាហ៍កន្លងទៅ ដោយក្រុម អឹមអាយអាយ កំពង់ដេវ៉ា បានយកឈ្នះភ្នំពេញក្រោន ១-០ គ្រា​ដែល​បឹងកេត ចាញ់អង្គរថាយហ្គឺរ ២-០ និងក្រុមជើងឯកព្រះខ័នរាជស្វាយរៀង វាយ​បក​ស្មើ​ណា​ហ្គាវើល​ដ៍ ១-១ នៅចុងម៉ោង។សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានវិសាខា កីឡាករ សាន គឹមហេង បានរកគ្រាប់បាល់នាំមុខឲ្យ អឹមអូអាយ កំពង់ដេវ៉ា តាំងពីនាទីទី២០ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីភ្នំពេញក្រោន បានព្យាយាមវាយបកយ៉ាងខ្លាំង តែធ្វើមិនបានសម្រេច ដែលនាំឲ្យពួកគេរបូត ៣ពិន្ទុដ៏សំខាន់ ដើម្បីការពារតំណែងលេខ២ របស់ខ្លួន។ចំណែក្រុមបឹងកេត ដែលជាបេក្ខភាពទទួលបានអាជ្ញាបណ្ណក្លិបពី AFC សម្រាប់រដូវកាលថ្មី បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-០ ។ ២គ្រាប់ ដែលជួយឲ្យក្រុមខ្លាទឹកក្រូច បង្កើតគម្លាត ៣ពិន្ទុពីបឹងកេត រកបានដោយកីឡាករ ទាំ មករា នៅនាទី៦០ និងកីឡាករ Mijland Guytho នៅនាទី៨៩។ដោយឡែកជំនួបនៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានត្រឹម ១ពិន្ទុ ក្រោយវាយបកស្មើក្រុមណាហ្គាវើលដ៏  ១-១ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ នៅនាទី១៥ ដែលរកបានដោយកីឡាករ Weyderson រហូតដល់នាទី៨៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ផ្នែកលើលទ្ធផលនេះ បានធ្វើឲ្យលីគកំពូលកម្ពុជា នាចុងរដូវកាល កាន់តែរន្ថើន និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រដដែល ទោះបីក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកជាផ្លូវការក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួតចំណាត់ថ្នាក់លេខ២ ក្នុងលីគ ដើម្បីមានឱកាសលេងពានរង្វាន់អន្ដរជាតិ ពិសេសក្រុមដែលជាប់អាជ្ញាបណ្ឌក្លិបពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីតែម្ដង។គិតត្រឹមសប្ដាហ៍ទី១៩ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាង មាន ៦៦ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៥០ពិន្ទុ នាំមុខគូ ៣ពិន្ទុប៉ុណ្ណោះ លើក្រុមលេខ៣ អង្គរថាយហ្គឺរ ដែលមាន ៤៧ពិន្ទុ។ រីឯបឹងកេត រក្សាកៅអីលេខ៤ មាន ៤៤ពិន្ទុ លើណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា

Alex Marquez ឈ្នះការប្រណាំង MotoGP នៅអេស្ប៉ាញ ខណៈបងប្រុស Marc Marquez មិនអាចបញ្ចប់ទី

2026/04/27 06:31:27 pm        145
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Alex Marquez បានអបអរការចូលរួមប្រណាំង Grand Prix ទីលានទី ២៥០ ជាមួយនឹងជ័យជំនះនៅព្រឹត្តិការណ៍ MotoGP នៅប្រទេសអេស្ប៉ាញពីរឆ្នាំជាប់គ្នា។ ជ័យជំនះនេះ ក៏ជាការអបអរខួបកំណើតឈានចូលវ័យ ៣០ ឆ្នាំរបស់ Alex Marquez ផងដែរ ខណៈដែលកីឡាកររបស់ក្រុម Gresini Racing រូបនេះ ចាប់ផ្តើមទីពីលេខ ៥ រហូតទទួលបានជ័យជំនះ។ បងប្រុសរបស់គេ Marc Marquez ដែលឈ្នះការប្រណាំងយកទីចេញដំណើរនោះ បានដួលម៉ូតូនៅផ្លូវបត់ទី ១១ នៃជុំទី ២ នៅពេលប្រជែងជាមួយប្អូនប្រុសរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ លេខពីរសម្រាប់ការប្រកួតនេះបានទៅកីឡាករអ៊ីតាលី Marco Bezzecchi ជិះឱ្យក្រុម Aprilia ខណៈកីឡាករអ៊ីតាលីមួយរូបទៀត Fabio di Giannantonio បានលេខ ៣។ នេះជាជ័យជំនះដំបូងសម្រាប់ Alex Marquez រដូវកាលនេះ និងធ្វើឱ្យគេឡើងមកឈរលេខ ៧ ក្នុងតារាងជើងឯក ស្របពេលដែល Marco Bezzecchi បន្តនាំមុខគេមាន ១០១ ពិន្ទុ តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Jorge Martin មាន ៩០ ពិន្ទុ និងលេខបី Fabio di Giannantonio មាន ៧១​ ពិន្ទុ។ ទីលានទីប្រាំ MotoGP រដូវកាលនេះ នឹងបន្តទៅប្រទេសបារាំងនៅថ្ងៃទី ១០ ខែឧសភា៕អត្ថបទ៖នាង សុភាវុធ

ទោះឈ្នះកីឡាការិនីអ៊ីរ៉ង់ តែ ស្រីខួច មិនសូវពេញ​ចិត្តគុណ​ផល​ខ្លួន​លើ​សង្វៀន​ប្រដាល់​សកល​អាជីព

2026/04/27 06:02:26 pm        165
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ វី ស្រីខួច បានបង្ហាញខ្លួនជាថ្មី លើ​សង្វៀន​ប្រដាល់​សកល​អាជីព​ប្រចាំ​ខែ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយ​បាន​យក​ឈ្នះ​កីឡា​ការិនី​អ៊ីរ៉ង់ Sahel ដោយពិន្ទុ តែជ័យជម្នះនេះ ហាក់មិនសូវធ្វើ​ឲ្យ​កញ្ញា​​ពេញ​ចិត្ត​នឹង​គុណ​ផល​ខ្លួន​សម្រេចបានឡើយ ក្រោយខកខានប្រកួតយូរពេក។ស្រីខួច បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខ្លួនបាន​ខក​ខាន​ប្រកួត​ប្រដាល់​សកល ហើយការត្រឡប់មកវិញនេះ កញ្ញាសង្កេតឃើញកម្លាំងហាក់ថយចុះ ស្រប​ពេល​គូ​ប្រកួត​មាន​កាយសម្បទាល្អ សមត្ថភាព និងបច្ចេកទេសល្អផង បានធ្វើឲ្យកញ្ញារាងពិបាក។ តែ​យ៉ាង​ណា​បើមានឱកាស ស្រីខួច ប្ដេជ្ញាខំប្រឹងហ្វឹកហាត់ និងធ្វើឲ្យបានកាន់តែល្អជាងនេះ។គួរដឹងថា សហព័ន្ធបានរៀបចំកម្មវិធី Dragon the Golden Ring ​ដែល​ជា​ការ​ប្រកួត​កីឡា​ប្រដាល់​សកលកម្រិតអាជីពខែទី៣ នៅសាលកីឡាប្រដាល់សកលនាពហុកីឡដ្ឋានជាតិអូឡាំពិក កាល​ចុងសប្ដាហ៍កន្លងទៅ ដោយមានគូអន្ដរជាតិ ៣ប្រកួត និងគូមិត្តភាពជាតិថ្នាល ២ប្រកួត។ ការប្រកួតនេះ បានទាក់ទាញការគាំទ្រយ៉ាងច្រើនពីមហាជន ទាំងជាតិ និងអន្ដរជាតិ ពិសេស​ការ​ប្រកួត​គូអន្ដរជាតិតែម្ដង។សម្រាប់លទ្ធផលការប្រកួតប្រចាំខែទី៣ ត្រូវនឹងខែមេសានេះ ក្រៅពីកីឡាការិនី វី ស្រីខួច យ​ក​ឈ្នះ​ពិន្ទុ​លើកីឡាការិនីអ៊ីរ៉ង់ គឺកីឡាករ សៅ រង្សី បានស្មើកីឡាករមីយ៉ាន់ម៉ា Mya Lone Chaw ​ដោយ​ពិន្ទុ ក្នុងនាមគូឯកប្រចាំខែ គ្រាដែលកីឡាករ នា សុវណ្ណ ចាញ់ពិន្ទុកីឡាករមីយ៉ាន់ម៉ា Ritt Kyaw Zin។ ចំណែកគូប្រកួតថ្នាលយុវជន គឺកីឡាករ នូ ផាត ឈ្នះកីឡាករ ភឿន សម្ភព និង​កីឡាករ​ ឈុន ភារុន ឈ្នះកីឡាករ ខេង សួគីម ដោយពិន្ទុដូចគ្នា៕ អត្ថបទ លី ឈុនឡា

អត្តពលិកកេនយ៉ា Sebastian Sawe ក្លាយជាមនុស្សដំបូងរត់ម៉ារ៉ាតុងប្រើពេលក្រោមពីរម៉ោង

2026/04/27 05:52:32 pm        160
អត្តពលិកសញ្ជាតិកេនយ៉ា Sebastian Sawe បានក្លាយជាបុរសដំបូងបំផុតដែលរត់ម៉ារ៉ាតុងប្រើពេលក្រោម ២ ម៉ោង នៅពេលយកឈ្នះនៅព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។បុរសវ័យ ៣១ ឆ្នាំរូបនេះ បានរត់បញ្ចប់ម៉ារ៉ាតុងដោយប្រើពេលថេរវេលា ១ ម៉ោង ៥៩ នាទី ៣០ វិនាទី បំបែកកំណត់ត្រាចាស់ Kelvin Kiptum ដែលធ្វើបានក្នុងថេរវេលា ២ ម៉ោង ៣៥ វិនាទី នៅពេលឈ្នះព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុង Chicago សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២៣។ ជាអកុសល Kelvin Kiptum បានទទួលមរណភាពកាលពីឆ្នាំ ២០២៤ ក្នុងវ័យ ២៤ ឆ្នាំនៅប្រទេសកេនយ៉ាដោយសារគ្រោះថ្នាក់ចរាចរ។អតីតពលិកអេចូពី Yomif Kejelcha បានរក្សាការនាំមុខស្ទើរពេញមួយប្រកួតនៃចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រ មុនពេលធ្លាក់ចុះល្បឿននៅចំនុចចុងក្រោយ ខណៈទៅដល់ទីព្រ័ត្រត្រឹមចំណាត់ថ្នាក់លេខពីរ ខណៈលេខបីបានទៅអត្តពលិកអ៊ូហ្កង់ដា Jacob Kiplimo។ផ្នែកនារីវិញ កីឡាការិនីអេចូពី Tigst Assefa ជាអ្នកឈ្នះជាមួយនឹងថេរវេលាបំបែកកំណត់ត្រាខ្លួនឯងជាមួយនឹងថេរវេលា ២ ម៉ោង ១៥ នាទី ៤១ វិនាទី ខណៈកំណត់ត្រាចាស់ ២ ម៉ោង ៥១ នាទី ៥០ វិនាទី។ លេខពីរបានទៅកីឡាការិនីកេនយ៉ា Hellen Obiri និងលេខបីកីឡាការិនីកេនយ៉ាមួយរូបទៀត Joyciline Jepkosgei៕ អត្ថបទ៖នាង សុភាវុធ 

ទោះ MPL រដូវកាលនេះ មិនសូវមានតុល្យភាពរវាងក្រុមខ្លាំង និងខ្សោយ តែ CFU តែងគោរពគូប្រកួតជានិច្ច

2026/04/27 05:36:14 pm        203
ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍ សម្រាប់វគ្គ Regular ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១០ ឆ្នាំ២០២៦ កីឡាករ ញ៉ែម ចន្ទ័ដាវណ្ណ នៃក្រុមការពារជើងឯក CFU Gaming បានមើលឃើញកម្រិតលេងរវាងក្រុមខ្លាំង និងក្រុមខ្សោយ ហាក់មិនសូវមានតុល្យភាព តែបែបនេះក្ដី ក៏គេនៅតែគោរពគូប្រកួតជានិច្ច មិនថាជួបក្រុមកម្រិតណាឡើយ។បន្ទាប់ពីជួយក្រុមបន្ដយកឈ្នះក្រុម See You Soon កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមានបទពិសោធន៍ជោគជ័យ ទាំងការប្រកួតក្នុង និងក្រៅស្រុករូបនេះ ថា ក្រុមខ្លាំងពិតជាខ្លាំង ហើយក្រុមខ្សោយ ហាក់នៅមានកម្រិត លេងមិនសូវស្មាដៃគ្នា ។ យ៉ាងណារាល់ការប្រកួត ក្រុមខ្លួនតែងលេងដោយការគោរព ជាមួយការប្រុងប្រយ័ត្នជានិច្ច ដើម្បីទទួលបានជ័យជម្នះ និងឈានទៅវគ្គបន្ដ។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៣ នៃវគ្គ Regular Season ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលនេះ គេឃើញក្រុមមួយចំនួន បានកក់កៅអីវគ្គបន្ដជាបណ្ដើរ ជាក់ស្ដែងក្រុមខ្លាំង Pro Esports ដែលឈ្នះ ៦ប្រកួតជាប់គ្នា បានកក់កៅអី Play-Off មុនគេ គ្រាដែលក្រុមជើងឯកឆ្នាំចាស់ CFU Gaming កំពុងឈរលេខ៣ ជាមួយកំណត់ត្រាប្រកួត ៦លើកឈ្នះ ៤ និងចាញ់ ២ ក្រោមក្រុម Valhalla ដែលប្រកួត ៥លើកឈ្នះ ៤ និងចាញ់ ១។ យ៉ាងណាក្រុមនីមួយៗ ក្រុមខ្លះសល់ ៣ប្រកួត ហើយក្រុមខ្លះសល់ ៤ប្រកួតក្នុងដៃ ដែលកំពុងប្រកួតប្រជែងជុំបន្ដផងដែរ៕ អត្ថបទ លី ឈុនឡា 

កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយ​ចប់ភារកិច្ច​ក្នុង​កីឡាលើ​ឆ្នេរ​ខ្សាច់​អាស៊ី នៅចិន

2026/04/27 05:19:54 pm        124
ប្រតិភូ និងអត្តពលិកកីឡាទ្រីយ៉ាត្លុង និងកីឡាជឺជីតស៊ូ បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយ​បញ្ចប់ភារកិច្ចរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅ​ទីក្រុង Sanya ប្រទេសចិន កាលពីថ្មីៗ ដោយនាំមកនូវមេដាយប្រាក់ ១គ្រឿងជូនជាតិមាតុភូមិ ដោយ​កីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន។ដំណើរវិលត្រឡប់របស់ប្រតិភូកីឡាកម្ពុជាទាំង ២ប្រភេទ ដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គ​នាយក​ នៃអគ្គនាយកដ្ឋានកីឡា ដែលជាអនុប្រធានប្រតិភូ និងមានការ​ទទួល​ស្វាគមន៍​ពី​មន្ដ្រី​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធជាតិពាក់ព័ន្ធផងដែរ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។ឆ្លៀតឱកាសនោះ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្ហាញមោទនភាព ក្នុងនាមសហព័ន្ធ សម្រាប់ការដណ្ដើមបានមេដាយប្រាក់ ១គ្រឿងជូនជាតិ ដោយកីឡាការិនីខ្មែរ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ។ នេះជាលើកដំបូង ដែលកីឡាទ្រីយ៉ាត្លុងបានចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបនេះ ហើយក៏ជាផលល្អសម្រាប់ការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន នាខែតុលាខាងមុខផងដែរ។ដោយឡែកឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានសម្ដែងការសោកស្ដាយ សម្រាប់បេសកកម្មលើកដំបូង នៃការចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ីនេះ ពុំទទួលបានមេដាយជូនជាតិ តែយ៉ាងណាកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដ្បិតមានឈ្នះ មានចាញ់ ហើយក៏បានជួបម្ចាស់មេដាយកម្រិតពិភពលោក។ ឯកឧត្តមរំពឹងអត្តពលិករបស់ខ្លួន នឹងយកបទពិសោធន៍ទាំងអស់នេះ មកដុសខាត និងពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតអន្ដរជាតិជាបន្ដបន្ទាប់ ពិសេសការចូលរួមប្រកួតលើកក្រោយៗ ដើម្បីប្រជែងមេដាយជូនជាតិ។សូមរំឮកថា កម្ពុជាបានបញ្ជូនអត្តពលិក ៤ប្រភេទកីឡាប៉ុណ្ណោះ ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះកីឡា ៣ប្រភេទបានបញ្ចប់ការប្រកួតរបស់ខ្លួន ហើយមាន ២ប្រភេទបានត្រឡប់មកដល់មាតុភូមិវិញហើយ រួមមានកីឡាជឺជីតស៊ូ និងកីឡាទ្រីយ៉ាងត្លុង ។ រីឯកីឡាបាល់ទាត់លើតុ បានបញ្ចប់ការប្រកួត តែនៅរង់ចាំទទួលមេដាយសំរឹទ្ធ ដែលខ្លួនទទួលបានលើវិញ្ញាសានារី ២នាក់ ទល់ ២នាក់។ ចំណែកកីឡាចំបាប់ គ្រោងនឹងធ្វើការប្រកួតនៅថ្ងៃទី២៨-២៩ ខែមេសានេះ៕ អត្ថបទ លី ឈុនឡា 

សាមគ្គីភាពជាតិរឹងមាំនឹងក្លាយជាប្រធានបទ ដើម្បីបំផុសស្មារតីយុវជនក្នុងពាន Soccer League លើកទី៩

2026/04/24 07:02:12 pm        162
ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League រដូវកាលទី៩ នឹងប្រព្រឹត្តទៅ នា​ដើម​ខែ​មិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយមានក្រុមបាល់ទាត់បុរស-នារីចូលរួមសរុបចំនួន ៦៣​ក្រុម​។ជាមួយការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ក្រោមគំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្តម ឧប​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ ឆ្នាំនេះ គណៈកម្មការរៀបចំ បាន​ជ្រើសរើសយកប្រធានបទដ៏សំខាន់មួយ គឺ «សាមគ្គីភាព ជាតិ​រឹង​មាំ» ​ដើម្បី​បំផុត​ស្មារតី​យុវជន​ចូល​រួម​លើសពីការលេងកីឡា តែដើម្បីបំផុសស្មារតីសាមគ្គីភាពក្នុងស្រទាប់យុវជន និង​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស ដើម្បីពង្រឹងនូវខឿនការពារជាតិដ៏រឹងមាំ។ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានឲ្យដឹងថា រយៈពេលជិត ១០​ឆ្នាំ នៃដំណើរការប្រកួតពានរង្វាន់ Soccer League បានក្លាយជាគ្រួសារមួយ និង​ជា​វេទិកា​មួយ​ ដើម្បីផ្ដល់ឱកាសដល់យុវជនជាច្រើន បានចូលរួមបង្ហាញសមត្ថភាព ដើម្បីឈាន​ទៅ​រក​ចាប់​ក្ដី​ស្រម៉ៃ​ក្លាយ​ជាកីឡាករអាជីព ពោលគឺជាព្រឹត្តិការណ៍ដ៏ធំនេះ ដែលបានរួមចំណែក​ជួយ​ដល់​សង្គម​ជាតិ​ ទាំងក្នុងវិស័យកីឡាបាល់ទាត់ និងការបណ្ដុះធនធាន​មនុស្ស​ក្លាយ​ជា​ទំពាំង​ស្នងឫស្សី​ដ៏ល្អ​។ ហេតុនេះ ទើបឆ្នាំនេះ គណៈកម្មការសម្រេចនឹងរៀបចំដ៏អស្ចារ្យមួយ ក្រោម​ប្រធាន​បទ ​«សាមគ្គីភាពជាតិនឹងរឹងមាំ»។គួរដឹងថា យោងតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្មីៗ សម្រាប់​​រដូវ​កាលទី៩ នៃការប្រកួតពានរង្វាន់ Soccer League ឆ្នាំនេះ គ្រោងនឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៦ ​ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។ ចំពោះបេក្ខភាពចូលរួមការប្រកួតឆ្នាំនេះដែរ សម្រាប់​ផ្នែកបុរស គឺមាន ៥៥ក្រុមចូលរួម និងផ្នែកនារី មាន ៨ក្រុមចូលរួម។សម្រាប់​ប្រាក់​រង្វាន់ជ័យលាភី ក្រុមជើងឯកផ្នែកបុរស នឹងទទួលបានពាន អមប្រាក់រង្វាន់ ២៥​លាន​រៀល​, លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល ។ រីឯ​ផ្នែក​នារី ​ក្រុមជើងឯក ទទួលបាន ១០លានរៀល, លេខ២ ទទួលបាន ៥លានរៀល និងលេខ៣ ទទួល​បាន ៣លានរៀល ។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់ក្រុម Fair-Play និង​ពាន​រង្វាន់​ឯកត្តជន​ជា​ច្រើន​ផងដែរ។សូមរំឮកផងដែរថា កាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍បាល់ទាត់ Soccer League ​លើក​ទី៨​ ​គឺ​មាន​ក្រុម​បាល់​ទាត់ចូលរួមសរុប ៦៣ក្រុមដូចគ្នា ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងនារី ៧ក្រុម ។ ជា​លទ្ធផលក្រុមបាល់ទាត់អាណាចក្របៃតង់ បានគ្រងជើងឯកផ្នែកបុរស និង​ក្រុម​បាល់​ទាត់​សូភី​ណា​អេហ្វស៊ី បានគ្រងជើងឯកផ្នែកនារី៕ អត្ថបទ លី ឈុនឡា

ឯកសណ្ឋានផ្លូវការប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ត្រូវបានប្រើប្រាស់ធម្មតា ក្នុងព្រឹត្តិការណ៍​កម្រិត​ទ្វីប នៅចិន

2026/04/24 06:33:33 pm        296
សម្លៀកបំពាក់ ឬឯកសណ្ឋានផ្លូវការរបស់ប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ដែលដូចគ្នា​ទៅ​នឹង​ឯក​សណ្ឋាន​ធ្លាប់​បានប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ត្រូវបាន​ប្រើ​ប្រាស់​ជា​ធម្មតា​ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៦ ដែល​កំពុង​ប្រព្រឹត្ត​ទៅនាទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិអូឡាំពិកកម្ពុជា(NOCC) ដែលកំពុងដឹកនាំប្រតិភូកីឡា ៤ប្រភេទ​ចូល​រួម​ព្រឹត្តិការណ៍​កម្រិត​ទ្វីបនេះ បានឲ្យដឹងថា ចំពោះអាវ ឬឯកសណ្ឋាន ដែលប្រតិភូកីឡាកម្ពុជា កំពុង​ប្រើប្រាស់ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ីនេះ មិនមានបញ្ហាអ្វីនោះទេ ព្រោះ​កម្ពុជា​ បានគោរពត្រឹមត្រូវតាមគោលការណ៍របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគោល​ការណ៍​របស់​គណៈកម្មការរៀបចំការប្រកួត។ទោះបីមានការកំណត់ទំហំផ្សេងៗ ដែលកម្ពុជា ក្នុងនាមសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី បាន​គោរព​ត្រឹម​ត្រូវ ហើយរឿងដៃគូឧបត្ថម្ភ ឬ Sponsor មានប្រភពមកពីណា គេអត់គិតនោះទេ ហើយ​ក៏​មិនអាស្រ័យទៅលើច្បាប់របស់ម្ចាស់ផ្ទះដែរ គឺអាស្រ័យលើ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ប្រទេស​នីមួយៗ ក្នុងការជ្រើសរើស Sponsor មក។ ជារួមសម្លៀកបំពាក់ដូចគ្នានឹងស៊ីហ្គេម ដែល​ប្រតិភូ​កីឡាឆ្នេរខ្សាច់កម្ពុជា កំពុងប្រើប្រាស់ក្នុងបេសកកម្មពេលនេះ មិនមានបញ្ហាអ្វីឡើយ ពោល​គឺ​គោរពបានត្រឹមត្រូវទៅតាមច្បាប់ទម្លាប់ការប្រកួត នៃព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី។ក្រឡេកទៅការទទួលបដិសណ្ឋារកិច្ច ក៏ដូចជាពិធីការផ្សេងៗ ទាំងការស្នាក់នៅ ហូបចុក ជាដើម ប្រតិភូ​កីឡាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីម្ចាស់ផ្ទះ ក្នុងនាម​ប្រទេស​មាន​បទ​ពិសោធន៍​រៀប​ចំព្រឹត្តិការណ៍ធំៗជាច្រើន រួមទាំងកីឡាអូឡាំពិកផងដែរ ដែលធ្វើឲ្យអត្ត​ពលិក​គ្រប់​បណ្ដា​ប្រទេស​ ពិសេសកីឡាករ-កីឡាការិនីកម្ពុជា បាននឹងកំពុងហ្វឹកហាត់ និងត្រៀមខ្លួន​ធ្វើ​ការ​ប្រកួត​ដោយ​ទំនុកចិត្តជាបន្ដបន្ទាប់ តាមកាលវិភាគប្រកួតរបស់ប្រភេទកីឡានីមួយៗ។ នេះ​បើ​តាម​​ការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។គួរដឹងថា បេសកកម្មចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ កម្ពុជា បានប​ញ្ជូន​ប្រតិភូ​កីឡា​ត្រឹម​ ៤ប្រភេទកីឡាចូលរួម រួមមានកីឡាចំបាប់ ជឺជីតស៊ូ ទ្រីយ៉ាត្លុង និងកីឡាបាល់​ទាត់​លើ​តុ ​ដែល​ជា​បេសកកម្មទ្រង់ទ្រាយតូច បើធៀបនឹងការចូលរួមលើកមុន ដើម្បីចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយ ក្នុងកាលៈ​ទេសៈ​សេដ្ឋកិច្ច​សកល​មិន​សូវ​អំណោយ​ផល ដើម្បីរក្សាបាននូវសិទ្ធិជាសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី ហើយក៏ជា​ឱកាស​ត្រួត​ពិនិត្យលទ្ធភាពក្នុងការចូលរួមព្រឹត្តិការណ៍នេះ នៅ ៤ឆ្នាំក្រោយ ដែលហ្វីលីពីន នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
10/28/2026 08:10 AM
ក្រុមការងារទេសន្តរប្រវេសន៍ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការការពារ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ
10/28/2026 08:10 AM
គណៈកម្មការជំនាញ ចាប់ផ្តើមដំណើរការតាក់តែងវិញ្ញាសា តាំងពីព្រលឹម ក្រោមវិធានការសម្ងាត់បំផុត
10/28/2026 08:10 AM
ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM