ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះ

2026/04/10 07:38:26 pm        142
ខ្សែការពារស្កុតឡេន Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះនៅពេលកិច្ចសន្យា អស់សុពលភាព នេះបើតាមការឱ្យដឹងពីក្លិប។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានមកដល់ Anfield នៅឆ្នាំ ២០១៧ ផ្ទេរពី Hull City តម្លៃ ៨ លានផោន មកឈ្នះពាន Premier League ពីរដង និង Champions League ជាមួយ Liverpool។Andy Robertson គឺជាគោលដៅរបស់ Spurs កាលពីខែមករាដោយក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទៅហើយតែ Liverpool ផ្លាស់ប្តូរចិត្តវិញដោយសារមិនអាចកោះហៅ Kostas Tsimikas ដែលកំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីនៅ Roma បាន។Robertson មានសូវមានឱកាសលេងបាល់ ១១ នាក់ដំបូងឡើយរដូវកាលនេះក្រោមការដឹកនាំរបស់លោក Arne Slot បន្ទាប់ពីការមកដល់របស់ Milos Kerkez ពី Bournemouth ឆ្នាំមុនក្នុងតម្លៃ ៤០ លានផោន។ តាំងពីមកដល់ Anfield នៅឆ្នាំ ២០១៧ Robertson បង្ហាញខ្លួនបានជិត ៤០០ ប្រកួតហើយសម្រាប់ Liverpool ឈ្នះជើងឯកសរុបចំនួន ៩៕ អត្ថបទ៖នាង សុភាវុធ

NOCC គាំទ្រការបង្កើតសហព័ន្ធ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា

2026/04/10 07:30:41 pm        191
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការគាំទ្រការបង្កើតសហព័ន្ធកីឡាជាតិ និងជំរុញការអភិវឌ្ឍវិស័យកីឡាសាំបូនៅកម្ពុជា ក្នុងនាមជាប្រភេទកីឡាដ៏មានសក្ដានុពលមួយ នាពេលបច្ចុប្បន្ន ទាំងក្នុងទ្វីបអាស៊ី និងលើពិភពលោក។ការគាំទ្រនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលជួបសវនាការជាមួយលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសាំបូអាស៊ី និងអូសេអានី(SUAO) តំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ(FIAS) និងមានការចូលរួមពីគ្រូបង្វឹកអន្ដរជាតិលោក Maxim Zubachev ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំបង្កើតសហព័ន្ធ និងអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ជំនួបពិភាក្សានេះ បានបញ្ចប់ជាមួយលទ្ធផលជាវិជ្ជមាន ដោយប្រមុខចលនាអូឡាំពិកម្ពុជា ក៏ដូចជាមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាសាំបូអន្ដរជាតិ សុទ្ធតែបានបង្ហាញនូវឆន្ទៈរួមគ្នា ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកីឡាសាំបូនៅកម្ពុជា។ ហេតុនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រំពឹងកិច្ចសហប្រតិបត្តិការផ្សេងៗ នឹងប្រព្រឹត្តទៅដោយរលូន ពិសេសដំណើរឆ្ពោះទៅបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជា។ទន្ទឹមជាមួយគ្នា ឯកឧត្តមបណ្ឌិត ថោង ខុន ក៏ស្នើសុំការគាំទ្រ ៣ចំណុចពីសហព័ន្ធកីឡាសាំបូអន្ដរជាតិ ដើម្បីធានាដល់ការអភិវឌ្ឍ ក្រោយបង្កើតឲ្យមានសហព័ន្ធជាតិ រួមមាន៖១. ស្នើសុំការគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្តុបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសដើម្បីឱ្យសហព័ន្ធកីឡាសាំបូកម្ពុជាមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអភិវឌ្ឍកីឡា សាំបូនៅកម្ពុជា។២. ស្នើសុំការគាំទ្រដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុណផលកីឡាករ-ការិនីសាំបូត្រៀម ចូលរួមការប្រកួតកីឡាសាំបូអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតផ្សេងៗទៀត។៣. ស្នើសុំការឧបត្ថម្ភគាំទ្រលើសម្ភារបរិក្ខាកីឡាសាំបូសម្រាប់ក្រុមកីឡាករ-ការិនីសាំបូធ្វើការហ្វឹកហាត់ឱ្យស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡាសាំបូអន្តរជាតិ។ឆ្លើយតបនឹងសំណើររបស់ប្រធាន NOCC នេះ លោក Suresh Gopi បានស្វាគមន៍ ជាមួយការត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រ និងផ្ដល់ជំនួយផ្សេងៗ ទាំងអ្នកជំនាញកម្រិតខ្ពស់ សម្ភារបច្ចេកទេសកម្រិតស្ដង់ដារ និងការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេសជាដើម ។ យ៉ាងណាលោកក៏បានសំណូមពរឲ្យឯកឧត្តម ថោង ខុន ជួយជំរុញ និងគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីពន្លឿនដល់ការអភិវឌ្ឍគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម នាឆ្នាំក្រោយតែម្ដង៕អត្ថបទ លី ឈុនឡា

គ្រូព្រះខ័នរាជចាំមើលទ្ធផលជើងទី២ ក្រោយគ្រូ Manila ថាលេងមិនទាន់អស់ ១០០% បន្ទាប់​ពីស្មើគ្នា ១-១

2026/04/10 06:21:51 pm        249
ជំនួប​ជើងទី១ រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុម Manila Digger ហ្វីលីពីន បាន​បញ្ចប់​ដោយ​លទ្ធផលស្មើគ្នា ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់​ជើង​ឯក​ក្លិប​បាល់​ទាត់​កម្រិតទី៣ ទ្វីប AFC Challenge League 2025/26 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមទាំងពីរ បាន​លើក​ឡើង​នូវ​ទស្សនា​ជុំវិញការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ពិសេសលោក Kim Versales គ្រូ​បង្វឹក​ក្រុម ​Manila​ Digger ដែលកូនក្រុមលេងមិនទាន់អស់ពីសមត្ថភាព ១០០% ស្របពេល​គ្រូព្រះ​ខ័​ន​រាជ​ស្វាយ​រៀង លោក McConkey Mattew បានឆ្លើយតបវិញថា ចាំមើលលទ្ធផលនៅជើងទី២ បន្ទាប់​ពីពួកគេលេងអស់ ១០០%។សម្រាប់ជំនួបដ៏តានតឹង ដែលមានអ្នកទស្សនាផ្ទាល់ ១៦,៦០២នាក់នេះ កីឡាករ Tiago Alves បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន ត្រឹមរយៈពេល ៤នាទី ក្រោយចាប់ផ្ដើមវគ្គទី១ ហើយលទ្ធផលបានរក្សាដល់ចុងម៉ោង ទើបកីឡាករ Pa Ousman Gai រកបានគ្រាប់តាមស្មើឲ្យក្រុម Manila Digger វិញ នៅនាទី៨៥។ក្រោយចប់លោក Kim Versales ទទួលស្គាល់ពីការប្រកួតជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងពិតជាលំបាក តែលោករីករាយនឹងការវាយបកតាមស្មើ។ បែបនេះក្ដីលោកថា ក្រុមខ្លួនមិនទាន់បង្ហាញអស់ ១០០% នោះទេ ហើយបន្ទាប់ពីត្រឡប់ទៅហ្វីលីពីនវិញ លោកនឹងរៀបចំក្រុម ដើម្បីត្រៀមស្វាគមន៍ក្រុមជើងឯកលីគកំពូលកម្ពុជាវិញម្ដង។ដោយឡែកលោក McConkey Mattew ថា មិនសប្បាយចិត្តជាមួយលទ្ធផលស្មើគ្នានេះទេ តែលោកពេញចិត្តទម្រង់លេងរបស់កូនក្រុម ទោះបីលោកមិនគាំទ្រគ្រាប់បាល់តាមស្មើរបស់ Manila Digger យ៉ាងណាក្ដី។ ឆ្លើយតបនឹងការថា លេងមិនទាន់អស់ពីសមត្ថភាពរបស់គ្រូបង្វឹកក្រុមហ្វីលីពីននេះវិញ លោកថា ចាំមើលការប្រកួតជើងទី២ បន្ទាប់ពីពួកគេបង្ហាញ ១០០% នឹងបញ្ចប់ដោយលទ្ធផលបែបណា? តែលោករំពឹងថា ទំនងនឹងគ្មានអ្វីប្រែប្រួលច្រើន ដោយពួកគេអាចនឹងទម្លាក់ ១១នាក់ចុះមកការពារបាល់ ដូចរយៈពេល ១០នាទីចុងក្រោយនៃជំនួបជើងទី១ នេះដែរ។គួរដឹងថា ក្រោយបន្ដស្មើគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន AFC Challenge League 2025/26៕ អត្ថបទ លី ឈុនឡា

Atletico Madrid ឈ្នះនៅទឹកដី Barcelona លើកដំបូងតាំងពីឆ្នាំ ២០០៦

2026/04/09 09:51:37 pm        441
ជំនួបក្រុមលីគអេស្ប៉ាញតែមួយបានបញ្ចប់ទៅដោយ Atletico Madrid កាន់ពីរគ្រាប់ចំណេញមុនទៅជើងទីពីរក្រោយជ័យជំនះ ២-០ នៅទឹកដី Barcelona ជើងទីមួយវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League។នេះជាជ័យជំនះដំបូងសម្រាប់ក្រុមមកពីទីក្រុង Madrid មួយនេះ រាប់តាំងពីឆ្នាំ ២០០៦។ ក្រុមម្ចាស់ផ្ទះ Barcelona ជាក្រុមមានប្រៀបក្នុងការប្រកួតនេះ មុនពេលដែលពួកគេសល់គ្នាតែ ១០ នាក់នៅពេល Pau Cubarsi ទទួលបានកាតក្រហមនៅនាទីទី ៤៤។ Cubarsi បានបង្ករកំហុសលើ Giuliano Simeone ដែលស្ថិតក្នុងឱកាសរកគ្រាប់បាល់នៅតំបន់ដំបូលទូក ខណៈអាជ្ញាកណ្តាល Istvan Kovacs ផ្តល់ត្រឹមកាតលឿង មុនពេល VAR ធ្វើឱ្យអាជ្ញាកណ្តាលផ្លាស់ប្តូរចិត្តផ្តល់កាតក្រហមវិញ។ ប្រៀបដូចកំហុសក្នុងប្រអប់គ្រោះថ្នាក់ ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងអស្ចារ្យឱ្យ Atletico Madrid នាំមុខ ១-០ នៅនាទីទី ៤៥។ ឈានចូលវគ្គទីពីរកីឡាករបម្រុង Alexander Sorloth បានផ្លាស់ប្តូរចូលជំនួស Ademola Lookman ហើយកីឡាករន័រវេសរូបនេះក៏រកបានគ្រាប់បាល់នៅទីទី ៧០ ធ្វើឱ្យ Atletico Madrid យកឈ្នះនៅទឹកដី Barcelona ២-០។ នេះជាជ័យជំនះដ៏កម្រសម្រាប់ Atletico Madrid និងកាន់ពីរគ្រាប់ចំណេញមុនត្រលប់ទៅទឹកដីរបស់ខ្លួនជើងទីពីរ សប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមការពារជើងឯក PSG កាន់ពីរគ្រាប់ចំណេញពីជ័យជំនះ ២-០ លើ Liverpool ជើងទីមួយ

2026/04/09 08:58:28 pm        399
រដូវកាលមិនជោគជ័យរបស់ Liverpool នៅតែបន្ត បន្ទាប់ពីចាញ់នៅផ្ទះក្រុមការពារជើងឯក Paris Saint Germain ២-០ ជើងទីមួយវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League។នេះជាការប្រកួតដ៏អាក្រក់មួយសម្រាប់ក្រុមរបស់លោក Arne Slot ដែលគ្មានឱកាសស៊ុតចំគោលដៅសូម្បីមួយលើក។ ក្រុមរបស់លោក Luis Enrique រកបានគ្រាប់នាំមុខដំបូងតាំងពីនាទីទី ១១ នៅពេលកីឡាករបារាំង Desire Doue ស៊ុតបញ្ចូលទីនាំមុខដោយបាល់ផ្លាតនឹងជើង Hugo Ekitike។កីឡាករនាំលេងសញ្ជាតិហ្សកហ្ស៊ី Kvaratskhelia ជាអ្នករកបានគ្រាប់នាំមុខ ២-០ នៅនាទីទី ៦៥ និងជាគ្រាប់ចុងក្រោយក្នុងការប្រកួតនេះឱ្យ PSG យកឈ្នះ Liverpool ២-០។ នេះជាស្ថិតិដ៏ល្អសម្រាប់ PSG ដែលបានយកឈ្នះក្រុមអង់គ្លេសជាច្រើនរាប់ពីរដូវកាលមុន។ ក្រុមជើងឯកបារាំងមួយនេះបានយកឈ្នះ Manchester City, Aston Villa យកឈ្នះ Arsenal ពីរដង ឈ្នះ Spurs ឈ្នះ Chelsea ពីរដង និងឈ្នះ Liverpool ពីរដង។ សម្រាប់ Liverpool ដែលទើបចាញ់ Manchester City ៤-០ នៅ FA Cup នោះ ក៏នឹងត្រូវទទួល Fulham ថ្ងៃសៅរ៍នេះ បន្ទាប់ពីបីប្រកួតចុងក្រោយនៅ Premier League មិនស្គាល់ឈ្នះ៕ អត្ថបទ៖នាង សុភាវុធ

វ័យត្រឹម ១៥ ឆ្នាំ Szubarczyk ក្លាយជាកីឡាករស្នូកឃ័រវ័យក្មេងបំផុត ឈ្នះការប្រកួត​នៅពានរង្វាន់ពិភពលោក

2026/04/09 06:03:11 pm        228
កីឡាករស្នូកឃ័រប៉ូឡូញ Michal Szubarczyk បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះការប្រកួតនៅព្រឹត្តិការណ៍ស្នូកឃ័រជើងឯកពិភពលោក តាមរយៈជ័យជំនះនៅវគ្គជម្រុះលើកីឡាការិនី Onyee Ng នៅវគ្គជម្រុះ។វ័យត្រឹម ១៥ ឆ្នាំ ២ ខែ ២៥ ថ្ងៃ Szubarczyk បានយកឈ្នះជើងឯកស្នូកឃ័រពិភពលោកផ្នែកនារី Onyee Ng ដោយលទ្ធផល ១០-៧ ហ្វ្រេមក្នុងការប្រកួតជម្រុះជុំទីមួយ។ ជ័យជំនះនេះក្នុងវ័យនេះ Szubarczyk បានបំបែកកំណត់ត្រាចាស់ដែលធ្វើបានកាលពីឆ្នាំ ២០២២ ដោយកីឡាករវែល Liam Davies ក្នុងវ័យ ១៥ ឆ្នាំ ២៧៧ ថ្ងៃ។ Michal Szubarczyk កាលពីឆ្នាំមុនក៏បានក្លាយជាកីឡាករស្នូកឃ័រអាជីពវ័យក្មេងបំផុតផងដែរនៅក្នុងវ័យ ១៤ ឆ្នាំកាលពីខែមិថុនាឆ្នាំ ២០២៥ កន្លងទៅ។ មិនទាន់អស់ទេ Szubarczyk កំពុងប៉ុនប៉ងបំបែកកំណត់ត្រារបស់កីឡាករប៊ែលហ្ស៊ិក Luca Brecel ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ពិភពលោកផ្លូវការផងដែរ។ Luca Brecel បានកាន់កំណត់ត្រានេះតាំងពីឆ្នាំ ២០១២ នៅពេលមានមុខក្នុងព្រឹត្តិការណ៍ផ្លូវការស្នូកឃ័រជើងឯកពិភពលោកនៅក្នុងវ័យ ១៧ ឆ្នាំ ៤៥ ថ្ងៃ៕ អត្ថបទ៖នាង សុភាវុធ

គ្រូ Manila ថាជួបគ្នាយប់នេះ គ្មានអ្វីខុសប្លែក តែគ្រូព្រះខ័នរាជ ថាមិនដូចគ្នាឡើយ

2026/04/09 05:52:24 pm        372
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមក្រុម Manila Digger FC របស់ហ្វីលីពីន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Kim Versales គ្រូបង្វឹកក្រុម Manila Digger បានលើកឡើងថា ជំនួបលើកនេះ គ្មានអ្វីខុសប្លែកឡើយ កាលពីជួបគ្នាក្នុងពូលឡើយ ផ្ទុយពីលោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មិនដូចគ្នាឡើយ ព្រោះសមាសភាពកីឡាករមានការប្រែប្រួល ដ្បិតជួបលើកមុន លោកបានទុកកីឡាករមួយចំនួនឲ្យសម្រាក។សម្រាប់គ្រូបង្វឹកក្រុម Manila បានគូសបញ្ជាក់ថា ទោះបីក្រុមទាំងពីរ មានការនាំចូលកីឡាករថ្មីៗ ដែលអាចកែប្រែ និងផ្លាស់ប្ដូរការប្រកួតខ្លះ តែអ្វីៗស្ថិតលើការប្រកួតជាក់ស្ដែង បន្ទាប់ពីចាប់ផ្ដើម ១០ ឬ ១៥នាទី ទើបក្រុមនីមួយៗ អាចផ្លាស់ប្ដូរយុទ្ធសាស្ដ្រទៅតាមការប្រកួត។ បែបនេះក្ដីលោក និងកូនក្រុមបានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងកៅអីវគ្គបន្ដ ។ រីឯរឿងអាកាសធាតុមិនជាបញ្ហាចោទឡើយ ព្រោះអាកាសធាតុនៅកម្ពុជា ដូចនៅហ្វីលីពីនដែរ។ដោយឡែកលោក McConkey Mattew វិញ បានបញ្ជាក់ថា ការប្រកួតនេះ នឹងក្លាយជាជំនួបដ៏តានតឹង សម្រាប់ការតតាំងជាមួយក្រុមខ្លាំង ទាំងល្បឿន និងការផ្លាស់ប្ដូរយុទ្ធសាស្ដ្រការពារវាយបក។ លោកសង្កត់ធ្ងន់ថា ការប្រកួតនេះ ខុសប្លែកគ្នា កាលពីជួបគ្នាក្នុងពូល ព្រោះស្ថិតក្នុងបរិបទខុសគ្នា ។ អ្វីដែលសំខាន់ជួបគ្នាលើកមុន ព្រះខ័នរាជស្វាយរៀង បានទុកកីឡាករមួយចំនួនឲ្យសម្រាក តែសម្រាប់ជំនួបនារាត្រីនេះ លោកនឹងព្យាយាមលេងតាមផែនការ ដើម្បីស្វែងរកជ័យជម្នះជូនក្រុម និងអ្នកគាំទ្រ។សូមរំឮកថា ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាក្នុងវគ្គចែកពូលម្ដងរួចមកហើយ កាលព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះវិញ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា ២ជើង ដោយជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុម Manila Digger នារាត្រីថ្ងៃព្រហស្បតិ៍នេះ មុនជំនួបជើងទី២ ត្រូវលេងនៅទឹកដីហ្វីលីពីន វិញម្ដង នាថ្ងៃទី១៦ ខែមេសា ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025/26។គិតត្រឹមថ្ងៃទី៩ ខែមេសា ត្រូវនឹងថ្ងៃប្រកួតជើងទី២ រវាងក្រុមខ្លាំងកម្ពុជា និងហ្វីលីពីននេះដែរ ជំនួបដ៏ទាក់ទាញនេះ បានលក់សំបុត្រអស់ប្រមាណជាង ១ម៉ឺនសំបុត្រហើយ ខណៈអ្នកគាំទ្រអាចបន្ដទិញបាន ដោយក្លិបព្រះខ័នរាជស្វាយរៀង បន្ដលក់តាម Online និងមានលក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតម្លៃ ៨ពាន់រៀលប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ រៀបចំរចនាសម្ព័ន្ធ និងនាំចូលកីឡាការិនីខ្មែរ-បរទេសជាច្រើន ត្រៀមលីគរដូវកាល

2026/04/09 05:30:31 pm        345
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រូ និងនាំចូលកីឡាការិនីថ្មីៗជាច្រើន ទាំងខ្មែរ និងបរទេស ដើម្បីពង្រឹងក្រុមត្រៀមប្រកួតប្រជែងជម្រើសជើងឯកលីគនារី រដូវកាលថ្មី ដែលគ្រោងចាប់ផ្ដើមនាពេលខាងមុខ។យោងតាមការជូនដំណឹងរបស់ក្លិបរយៈពេល ២ថ្ងៃកន្លងមក ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានសម្រេចតែងតាំងលោក សំ វ៉ាន់ដេត ជាគ្រូបង្គោលដើម្បីដឹកនាំក្រុមបាល់ទាត់នារី អមជាមួយអតីតកីឡាករឆ្នើម ៣រូប ជាគ្រូជំនួយ គឺមានលោក ឡាយ រស្មី, អោម ឧត្តម និង សំអឿន ពិដោរ។សម្រាប់កីឡាការិនី ក្លិបបានត្រៀមចំនួន ២៣នាក់ សម្រាប់ការប្រកួតប្រជែងនារដូវកាលថ្មី ក្នុងនោះមានកីឡាការិនីចំណូលថ្មី ៨រូប ដែល ៤រូបជាកីឡាការិនីបរទេស រួមមានកីឡាការិនីហ្គាណា, Akaheeh Doris, កីឡាការិនីទួកគី Bilmez Gamze, កីឡាការិនីកុងហ្គោល Dikisha Bushiri Esther និងកីឡាការិនីនេប៉ាល់ Rai Preeti ។ចំណែក ៤រូបទៀត គឺជាកីឡាការិនីខ្មែរ រួមមានកីឡាការិនី កុយ ម៉ាណូ, មាស ម៉ាលីយ៉ា, រិន ដាណេ និង ឈៀប ដាណែត ដែលរួមគ្នាជាមួយធនធានកីឡាការិនីចាស់ក្នុងក្រុម សម្រាប់ត្រៀមប្រកួតប្រជែងលីគនារីរដូវកាលថ្មី ក្រោមការដឹកនាំដោយរបស់អតីតគ្រូបង្វឹកដ៏លេចធ្លោរក្នុងលីគកំពូលកម្ពុជា គឺលោក សំ វ៉ាន់ដេត។គួរដឹងថា ប៉ុន្មានរដូវកាលចុងក្រោយនេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមអតីតក្រុមជើងខ្លាំងមួយ ផ្នែកបាល់ទាត់នារី ហាក់ធ្វើពុំសូវបានល្អឡើយ ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ពួកគេទទួលបានត្រឹមលេខ៦ ក្នុងចំណោមបេក្ខភាពលេងជើងឯកលីគនារី ៨ក្រុម ខណៈភ្នំពេញក្រោន បានគ្រងជើងឯក និងទទួលបានកៅអីលេងពានរង្វាន់អន្ដរជាតិថែមទៀត។ដូច្នេះតាមរយៈការរុះរើ និងរៀបចំក្រុមការងារគ្រូ ក៏ដូចជានាំចូលកីឡាការិនីថ្មីៗ ទាំងខ្មែរ និងបរទេស នាពេលនេះ គេរំពឹងថា ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង នឹងអាចសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ជាមួយការប្រកួតប្រជែងខ្ពស់ ក្នុងលីគបាល់ទាត់នារី ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

គោព្រៃជំទង់កម្ពុជា ចេញទៅប្រកួតពាន U17 អាស៊ាន នៅឥណ្ឌូនេស៊ី

2026/04/08 11:09:10 pm        401
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសានេះ បានធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។បេសកកម្មរបស់ក្រុមគោព្រៃជំទង់ដឹកនាំដោយក្រុមការងារគ្រូ ដែលសុទ្ធសឹងជាជនជាតិខ្មែរនេះ ធ្វើឡើងក្រោយប្រមូលផ្ដុំហ្វឹកហាត់បានប្រមាណ ២សប្ដាហ៍ និងចម្រាញ់បានកីឡាករ ២៣នាក់ចុងក្រោយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបប្រកាសកាលពីថ្មីៗ ក្នុងនោះមានកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ៦រូប, វិសាខា ៩រូប, ភ្នំពេញក្រោន ៣រូប និងកងយោធពលខេមរភូមិន្ទ ២រូប ខណៈ ៣រូបទៀត ជាកីឡាករយុវជនមកពីក្លិបអង្គរថាយហ្គឺរ, សៀមរាបយូណាយធីត និង ISI ដង្កោសែនជ័យ។គួរដឹងថា ការប្រកួតពានរង្វាន់ ASEAN U17 Boys’Championship 2026 ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះឆ្នាំនេះ មានបេក្ខភាព ១២ក្រុមចូលរួម និងបែងចែកជា ៣ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមកំពូលតារាងតាមពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់ក្រុមជម្រើសជាតិ U17 កម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមការពារជើងឯកអូស្ដ្រាលី, សិង្ហបុរី និងប្រ៊ុយណេ គ្រាដែលពូលA មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើត និងពូលB មានហ្វីលីពីន ថៃ ឡាវ និងមីយ៉ាន់ម៉ា៕ អត្ថបទ លី ឈុនឡា

ការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» នឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ នៅភូមិវប្បធម៌

2026/04/08 10:34:56 pm        354
ក្រុមការងាររៀបចំកម្មវិធីអុកចត្រង្គ នៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យក.ក) បាន​បង្ហាញ​កាល​វិភាគការប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាផ្លូវការហើយ ដោយគ្រោងប្រព្រឹត្តទៅរយៈពេល ៦​ថ្ងៃ​ជាប់​គ្នា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិវប្បធម៌ រាជធានីភ្នំពេញ។ការ​បង្ហាញនូវកាលវិភាគប្រកួតអុចត្រង្គ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ នេះ ស្រប​ពេល​ក្រុមកា​រងារ ស.ស.យ.ក សហការជាមួយសហព័ន្ធកីឡាអុចត្រង្គកម្ពុជា បាន​បញ្ចប់​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​មហាជន និងកុមារ ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ កំឡុង​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដូចរាល់រៀងរាល់ កាលពីថ្មីៗ ដើម្បីស្វែង​រក​ស្ដេច​អុក​ចត្រង្គ​ប្រចាំ​ឆ្នាំ​២០២៦។សម្រាប់កីឡាករមហាជនឆ្នើមៗ ៨រូប ដែលបានឆ្លងកាត់ការប្រកួតជម្រុះ ក្នុងចំណោម​បេក្ខភាព​ចូល​រួម​សរុប ១១៦នាក់ មកពីបណ្ដារាជធានី-ខេត្ត កាលពីថ្មីៗ គឺមានកីឡាករ សោម វណ្ណឌី,​ ឈាវ បូរ៉ា​, ​សៀវ ស៊ីន, សុខ លីមហេង ,ធីម ធីណា, ជា ស៊ីដេត, ឆយ វីរ៉ា និង កីឡាករ ស៊ឹម សុធារិទ្ធ។ រីឯផ្នែកកុមារ គឺមានកីឡាករយុវជនថ្នាល ៤រូប ដែលជាប់ការ​ប្រកួត​ជម្រុះ​ឡើង​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំនេះ គឺកីឡាករ ឈាវ បូរិន, អែម ណាតាន, សេង វុត្រា និង ជឹង ផេងឡេង។យោងតាមកម្មវិធីប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នេះដែរ តាមគម្រោងនឹងមានវត្តមានថ្នាក់ដឹកនាំជាច្រើនចូលរួម ពិសេស​ក្នុង​ឱកាសប្រគល់រង្វាន់ជ័យលាភីស្ដេចអុក និងម្ចាស់ពានរង្វាន់ផ្សេងៗ ។ លើសពី​នេះ​ការ​ប្រកួត​ស្វែង​រក​ស្ដេចអុក និងជើងឯកផ្នែកកុមារ ក៏នឹងមានការ​បើក​ឲ្យ​មហាជន​ដែល​ចូល​រួម​ទស្សនា​បាន​ធ្វើកា​រ​ប្រកួត និងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងការទស្សនានូវចម្រៀងចាប៉ីទៀតផង៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា
10/28/2026 12:10 PM
លោកTrump៖ លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកប្រសិនបើមានភាពត្រឹមត្រូវ
10/28/2026 12:10 PM
លោក Netanyahu៖ ក្រុមចម្រុះរបស់លោកទទួលបានសំឡេងភាគច្រើនដាច់ខាត ហើយអំពាវនាវឱ្យ បង្កើតរដ្ឋាភិបាលជាតិស្តាំនិយម
10/28/2026 12:10 PM
អ្នកបោះឆ្នោតបក្សប្រឆាំង នឹងមិនអត់ទោសឱ្យលោក Eisenkot ឡើយប្រសិនបើលោកចូលរួមជាមួយបក្ស Likud
10/28/2026 12:10 PM
លោកTrump មានចំណាត់ការលុបចោលនិយ័តកម្មឧស្ម័នមេតានសម្រាប់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នអាមេរិក
10/28/2026 12:10 PM
ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
10/28/2026 12:10 PM
យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង ត្រៀម​ខ្លួន​ចូល​ហ្វឹកហ្វឺន​នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ
10/28/2026 11:10 AM
ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង
10/28/2026 11:10 AM
កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
10/28/2026 10:10 AM
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
10/28/2026 10:10 AM