ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

គ្រូបង្វឹកអន្ដរជាតិ វាយតម្លៃខ្ពស់ ចំពោះធនធានកីឡាករ-កីឡាការិនីជិះសេះកម្ពុជា

2026/04/06 11:08:08 pm        311
អ្នកស្រី Moguel Garcia Danniela គ្រូបង្វឹកកម្រិតអន្ដរជាតិ នៃក្រុមជម្រើសជាតិកីឡាជិះសេះកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះធនធានកីឡាករ-កីឡាការិនីកម្ពុជា ដែលមានសមត្ថភាព និងទេពកោសល្យល្អ ហើយសង្ឃឹមថា ពួកគេនឹងក្លាយជាធនធានដ៏មានសក្ដានុពល ឆ្ពោះទៅរកមេដាយជូនជាតិនាថ្ងៃអនាគត។ការលើកឡើងនេះ ស្របពេលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ សហការជាមួយក្លិបកីឡាជិះសេះ Genius resort រៀបចំការប្រកួតលក្ខណៈមិត្តភាពផ្លាស់ប្ដូរបច្ចេកទេស រវាងកីឡាករ-កីឡាការិនីកម្ពុជា ពិសេសសមាជិកក្រុមជម្រើសជាតិ ទាំងឈុតធំ និងថ្នាល ដែលទើបចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានឲ្យដឹងថា ការប្រកួតនេះ ធ្វើឡើងស្របពេលសហព័ន្ធបានបង្ហាញសមភាពកីឡាករ-កីឡាការិនីជម្រើសជាតិ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៧ និងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។ទន្ទឹមជាមួយគ្នា គ្រូបង្វឹកកម្រិតផ្កាយប្រាំ អ្នកស្រី Moguel Garcia Danniela បានមើលឃើញពីសក្ដានុពលរបស់កីឡាករ-កីឡាការិនីវ័យក្មេង សុទ្ធតែមានឆន្ទៈ និងការខិតខំហ្វឹកហាត់ខ្លាំង។ ជាមួយស្មារតីចង់រីកចម្រើនខ្លាំងនេះ គ្រូបង្វឹកជនជាតិម៉ិចស៊ីកូ រំពឹងវិស័យកីឡាជិះសេះកម្ពុជានឹងកាន់តែរីកចម្រើន ហើយពួកគេនឹងអាចទទួលបានលទ្ធផលល្អនាថ្ងៃអនាគត។ជាមួយគ្នាដែរ កីឡាករ សុខ បញ្ញាជិញៀ សមាជិកក្រុមថ្នាល និងកីឡាការិនី សុខ សិទ្ធកេស្នាឆវី សមាជិកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសេចក្ដីរីករាយ ដែលបានហ្វឹកហាត់ជាមួយប្រភេទកីឡា ផ្សារភ្ជាប់ជាមួយសត្វសេះ ដោយបានផ្ដល់នូវអារម្មណ៍ពិសេសមួយ ។ ទោះបីពេលខ្លះ ជួបការលំបាក តែពួកគេសង្ឃឹមថា នឹងអាចទទួលបានជោគជ័យនាថ្ងៃណាមួយ។គួរដឹងថា សម្រាប់ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា ដែលទើបប្រមូលផ្ដុំហ្វឹកហាត់ នាឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំរបស់អ្នកស្រី Moguel Garcia Danniela គឺមានកីឡាករ-កីឡាការិនី ៦រូប រួមមានកីឡាករ លី សុវណ្ណ និងកីឡាករ រិនដា ម៉េងឡុង, កីឡាការិនី នរោត្តម អម្រិតា, ហ៊ុន ពេជមុន្នីវរលក្ខ័ណ៍, ស៊ុន ស៊ីមូនី និងកីឡាការិនី សុខ សិទ្ធកេស្នាឆវី ។បន្ថែមលើនេះ សហព័ន្ធក៏មានរៀបចំប្រមូលផ្ដុំជម្រើសជាតិថ្នាល ដោយមានកីឡាករ-កីឡាការិនី ៤រូបផងដែរ គឺមានកីឡាករ សុខ បញ្ញាជិញៀ, កីឡាការិនី រីឆាដ, វីរីនី កិត្យា ហេឡែន តាយ ច័ន្ទសុធារី និងកីឡាការិនី កាទ្រី ម៉ាលីស ណារូឌី ដែលដឹកនាំដោយគ្រូបង្វឹកលោក សាត សាវីត៕ អត្ថបទ លី ឈុនឡា

ប្រធានកីឡាបាល់ឱប រំពឹងការត្រឡប់មកវិញ នៃជើងឯកថ្នាក់ជាតិ ជាសញ្ញាណល្អនៃការអភិវឌ្ឍ

2026/04/06 05:29:56 pm        247
ឯកឧត្តម លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា ចាត់ទុកការវិលត្រឡប់មកវិញ នៃការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ជាសញ្ញាណវិជ្ជមាន និងជំហានថ្មី ក្នុងការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីថ្នាល សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅទីលានវិទ្យាល័យ ជាស៊ីម បឹងកេងកង ក្រោមគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តមបន្ដថា ប្រមាណ ៣ឆ្នាំមកហើយ ដែលសហព័ន្ធខកខានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ។ ដូច្នេះការត្រឡប់មកវិញពេលនេះ គឺជាវេទិកាដ៏សំខាន់ សម្រាប់ផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញនូវសមត្ថភាព និងទេពកោសល្យ ក៏ដូចជាបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍កាន់តែប្រសើរ ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងអន្ដរជាតិនានា។ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមបានចាត់ទុកកការប្រកួតប្រចាំឆ្នាំនេះ ជាមួយការរៀបចំនូវសម្ភារៈបច្ចេកទថ្មីស្ទើរទាំងស្រុង ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ឱបនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។គួរដឹងថា ការប្រកួតកីឡាបាល់ឱបជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលទើបដំណើរការរៀបចំនាដើមខែមេសានេះ ធ្វើឡើងលើវិញ្ញាសា ៧នាក់ ទល់ ៧នាក់ ដោយមានក្រុមកីឡាបាល់ឱបបុរស-នារី ៩ក្រុមចូលរួម ក្នុងផ្នែកបុរស មានក្រុមកីឡាបាល់ឱបក្របីព្រៃ, អង្គការ PSE, វិទ្យាល័យព្រះស៊ីសុវត្ថិ, Zebra, Antona និងក្រុមគោជល់ ខណៈផ្នែកនារីមាន ៣ក្រុម គឺក្រុមកីឡាបាល់ឱបខេត្តបាត់ដំបង, អង្គការ PSE និងក្រុម Lotus៕ អត្ថបទ លី ឈុនឡា

ឡាយហ្វ និងISI បន្ដប្រទាញប្រទុងនៅបាតតារាងលីគ ខណៈកងយោធពលខេមរភូមិន្ទ ក៏​មិន​ទាន់​សុវត្ថិភាព

2026/04/06 03:50:40 pm        251
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ បានបញ្ចប់ការប្រកួតជុំទី១ នៃ​ដំណាក់​កាលទី២ ហើយក៏ជិតរកឃើញក្រុមជើងឯកជាផ្លូវការផងដែរ តែ​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​ប្រជែង​រវាងបេក្ខភាព ៥ក្រុមខាងក្រោម ក្រៅពីវិសាខា ដែលធានាកៅអីចំណាត់ថ្នាក់លេខ៧ របស់​ខ្លួនគេឃើញក្រុម ២ ដែលបន្ដប្រទាញប្រទុងគ្នានៅបាតតារាង គឺក្រុមឡាយហ្វខេត្តព្រះសីនុ និង​ក្រុម ISI ដង្កោសែនជ័យ គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ ក៏មិនទាន់សុវត្ថិភាព ក្រោយ​រង​បរាជ័យ​ជាបន្ដបន្ទាប់។ក្នុងនាមក្រុមលេចធ្លោរមួយកាលពីដើមរដូវកាល រយៈពេល ៩ប្រកួតមកហើយ ដែលក្រុម​កង​យោធ​ពល​ខេមរភូមិន្ទ មិនទាន់ស្គាល់ជ័យជម្នះ ពោលគឺពួកគេរកបាន ១ពិន្ទុប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​កាល​ពីចុងសប្ដាហ៍កន្លងទៅ ក្រុមលោក ភា សុភ័ក្ដ្រា បានចាញ់ក្រុមភ្ញៀវវិសាខា ៣-១ ។ លទ្ធផល​នេះ បានធ្វើឲ្យកងយោធពលខេមរភូមិន្ទ បន្ដឈរលេខ៩ មាន ១៨ពិន្ទុ បើធៀប​នឹង​ក្រុម​បាត​តារាង​ នាំមុខត្រឹម ៥ពិន្ទុប៉ុណ្ណោះ។ ដោយសារក្រុមនីមួយៗ នៅសល់ ៤ប្រកួតក្នុងដៃ ហេតុ​នេះ ​តំណែងលេខ៩ ក្នុងលីគរដូវកាលនេះ ក៏មិនទាន់សុវត្ថិភាពសម្រាប់ពួកគេដែរ។ចំណែកក្រុមឡាយហ្វខេត្តព្រះសីវិញ បានធ្លាក់ទៅបាតតារាងជាថ្មី ជំនួយ ISI ដង្កោសែនជ័យ ដែល​រំកិល​មកឈរលេខ១០ ដោយរក្សា ១៣ពិន្ទុស្មើគ្នា បន្ទាប់​ពី​ក្រុម​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុនេះ បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ក្នុងជំនួបសប្ដាហ៍ទី២៧ កាលពីថ្ងៃអាទិត្យកន្លងទៅ។ លទ្ធផលនេះ បានធ្វើឲ្យគិរីវង់ ដែលចាប់ផ្ដើមលីគមិនសូវល្អ កាល​ពី​ដើម​រដូវកាល ពង្រឹងកៅអីចំណាត់ថ្នាក់លេខ៨ ផ្ទុយពីឡាយហ្វ និង ISI ដែល​នៅ​តែ​បន្ដ​ប្រទាញ​ប្រទុង​កៅ​អី​បាតតារាងគ្នាទៅវិញទៅមក៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ ត្រូវការ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦

2026/04/06 03:28:25 pm        293
ក្រុមព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតបំផុត ក្នុងការក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ជាថ្មី ពោលគឺត្រូវការច្រើនបំផុតត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ក្រោយយកឈ្នះលើភ្នំពេញក្រោន រហូតដល់ ៤-១ ក្នុងជំនួបជុំទី៣ នៃវគ្គសន្សំពិន្ទុ សប្ដាហ៍ទី២៧ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីចុងសប្ដាហ៍កន្លងទៅ។នេះគឺជាលទ្ធផលមួយគួរឲ្យភ្ញាក់ផ្អើល ដែលអ្នកគាំទ្រស្ទើរមិនគួរឲ្យជឿថា ព្រះខ័នរាជស្វាយរៀង អាចយកឈ្នះភ្នំពេញក្រោន ច្រើនគ្រាប់ ដ្បិតពួកគេ ត្រូវត្រៀមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ AFC Challenge League 2025/26 ទល់នឹងក្រុម Manila Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសាសប្ដាហ៍នេះ។ជំនួបនៅទឹកដីក្រុមសិង្ហក្រហមនេះ ព្រហខ័នរាជស្វាយរៀង រកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Patrick Robson ២គ្រាប់ នៅនាទី៣៧ និងនាទី៦៩, កីឡាការិនី សារ៉េត គ្រីយ៉ា នៅនាទទី៤១+១ និងកីឡាករ ញាណ សុស៊ីដាន នៅនាទី៥៧ ។ រីឯគ្រាប់បាល់បញ្ចប់ឱកាស Clean Sheet របស់ក្រុមភ្ញៀវ គឺជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯង (Own Goal) ដោយកីឡាករ Shields Connor Jon នៅនាទី៨០ ដែលជួយឲ្យភ្នំពេញក្រោន វាយបកបាន ១គ្រាប់មុនបញ្ចប់។ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ៦២ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៤៧ពិន្ទុ ពោលគឺមានគម្លាតរហូតដល់ ១៥ពិន្ទុ ដែលបានបញ្ចប់ឱកាសប្រជែងពានរបស់បេក្ខភាព Top-6 ផ្សេងទៀត ហើយភ្នំពេញក្រោន ក៏ស្ទើរតែអស់ឱកាសផងដែរ ទោះបីក្រុមនីមួយៗ នៅសល់ ៥ប្រកួតក្នុងដៃក៏ដោយ ព្រោះក្រុមលោក McConkey Matthew ត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាលនេះ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះការបរាជ័យរបស់ភ្នំពេញក្រោន មិនត្រឹមតែធ្វើឲ្យឱកាសប្រជែងពានស្ទើរបាត់បង់នោះទេ សូម្បីកៅអីលេខ២ ក៏ប្រឈមនឹងការរបូតដែរ បន្ទាប់ពីអង្គរថាយហ្គឺរ បានរំកិលមកឈរលេខ៣ និងមាន ៤៤ពិន្ទុ ក្រោយពួកគេបានយកឈ្នះក្រុមណាហ្គាវើលដ៏ ៣-១ ដែលធ្វើឲ្យណាហ្គាវើលដ៏ រក្សា ៤២ពិន្ទុក្នុងដៃ បន្ដឈរលេខ៤ ។ រីឯបឹងកេត ក៏នៅមានឱកាសណ្ដើមជើងឯករងដូចគ្នា ទោះបីប្រកួតចុងក្រោយ បានត្រឹមស្មើ អឹមអូអាយ កំពង់ដេវ៉ា ២-២ យ៉ាងណាក្ដី ដោយបច្ចុប្បន្នពួកគេមាន ៤១ពិន្ទុ ឈរលេខ៥ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលរក្សាកៅអីលេខ៦ មាន ៣៤ពិន្ទុ៕ អត្ថបទ លី ឈុនឡា

ក្រុមហ៊ុនផលិតសម្ភារក្មេងលេងល្បីឈ្មោះរបស់ដាណឺម៉ាក LEGO សហការ ផ្សព្វផ្សាយ ជាមួយតារាបាល់ទាត់កំពូល ៤ នាក់

2026/04/04 12:19:03 am        491
ក្រុមហ៊ុនផលិតសម្ភារក្មេងលេងដ៏ល្បីឈ្មោះរបស់ដាណឺម៉ាក LEGO នឹងបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនកាន់តែខ្លាំង ជាពិសេសឆ្នាំនេះដែលរួមបញ្ចូលការសហការជាមួយតារាបាល់ទាត់កំពូលរបស់ពិភពលោក ៤ នាក់។រូបបង្គំយីហោ LEGO ដែលកន្លងបានផលិតឡើងជារូបភាពផ្សេងៗ ជាពិសេសធ្លាប់បានប្រឡូកជាមួយនឹងវិស័យ Formula One ដែរនោះ នឹងផលិតរូបបង្គំដែលមានរូបកីឡាករបាល់ទាត់កំពូល ៤ នាក់រួមមាន Cristiano Ronaldo, Lionel Messi, Kylian Mbappe និង Vinicius Junior ដែលនឹងត្រូវចាប់ផ្តើមដាក់លក់អំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។សរុបមក ឈុតចំនួន ៧ ត្រូវបានផលិតឡើង ដែលក្នុងនោះមាន ៤ ឈុតដែលមានការរចនារាងអក្សរតំណាងឱ្យកីឡាករបាល់ទាត់ម្នាក់ៗដែលមានតម្លៃ ២៩ ដុល្លារ ក៏ដូចជារូបភិនភាគរបស់ Ronaldo និង Messi ដែលមានតម្លៃ ៧៩ ដុល្លារ។ Messi ដែលជាម្ចាស់ជើងឯក World Cup ក៏មានរូបគំនូរ 3D ផ្ទាល់ខ្លួនផងដែរ ដែលផ្គំដោយចំណែកតូចៗ ១៤២៧ ដុំ ដែលផ្គុំចេញជារូប Messi ជាមួយពាន World Cup មានតម្លៃដល់ទៅ ១៧៩ ដុល្លារ។ នៅក្នុងវីដេអូផ្សព្វផ្សាយរួមគ្នាមួយ គេឃើញមានវត្តមានកីឡាករកំពូលទាំង ៤ នាក់អង្គុយតុមូលជុំគ្នា ព្យាយាមដាក់បន្តុបរូប LEGO ផ្ទាល់ខ្លួនទៅលើ LEGO ពានរង្វាន់ World Cup មុនពេលលេចចេញវត្តមានក្មេងប្រុសម្នាក់។ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦ ដែលរៀបចំនៅទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងចាប់ផ្តើមនៅអំឡុងខែមិថុនាខាងមុខ ដែលគេនឹងឃើញវត្តមានកំពូលតារាបាល់ទាត់ទាំងពីរ Messi និង Ronaldo បង្ហាញខ្លួន នៅ World Cup ចុងក្រោយមុនបិទបញ្ចប់អាជីពកីឡាករបាល់ទាត់ដ៏ជោគជ័យរបស់ពូកគេ៕ អត្ថបទ៖នាង សុភាវុធ

ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីលាលែងពីតំណែងក្រោយក្រុមជម្រើសជាតិមិនអាចបង្ហាញខ្លួននៅ World Cup

2026/04/04 12:04:03 am        395
ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) លោក Gabriele Gravina បានសម្រេងលាលែងពីតំណែងហើយ ក្រោយបរាជ័យរបស់ក្រុមជម្រើសជាតិដែលមិនអាចបង្ហាញខ្លួននៅ World Cup បីព្រឹត្តិការណ៍ជាប់គ្នា។លោក Gravina បានចូលមកកាន់តំណែងប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីតាំងពីឆ្នាំ​ ២០១៨ ត្រូវបានរដ្ឋាភិបាលអ៊ីតាលីទទូចឱ្យលាលែងពីតំណែង ភ្លាមៗបន្ទាប់ពីអ៊ីតាលីចាញ់បូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីកាលពីយប់ថ្ងៃអង្គារ។សហព័ន្ធនឹងរៀបចំសន្និបាតវិសាមញ្ញមួយនៅថ្ងៃទី ២២ ខែមិថុនា ដើម្បីជ្រើសរើសប្រធានថ្មី ខណៈដែលលោក Gravina ត្រូវបានស្នើឱ្យបង្ហាញខ្លួននៅចំពោះមុខ ដើម្បីរាយការណ៍អំពីស្ថានភាពទូទៅរបស់កីឡាបាល់ទាត់អ៊ីតាលី។ក្រុមបាល់ទាត់អ៊ីតាលីបានបង្ហាញខ្លួនចុងក្រោយនៅ World Cup នៅឆ្នាំ ២០១៤។អតីតអ្នកចាំទី Gianluigi Buffon ដែលជាប្រធានប្រតិភូក្រុមជម្រើសជាតិ ក៏បានប្រកាសលាលែងពីតំណែងតាមរយៈបណ្តាញសង្គមផងដែរ។រំលឹកថាលោក Gravina បានជាប់ឆ្នោតដោយមិនមានការជំទាស់នៅក្នុងខែតុលា ២០១៨ ជំនួសលោក Carlo Tavecchio ដែលបានលាលែងពីតំណែងមួយសប្តាហ៍បន្ទាប់ពីប្រទេសអ៊ីតាលីបាត់បង់កៅអី World Cup 2018។ទោះបីជាអាណត្តិរបស់លោក Gravina រួមបញ្ចូលការឈ្នះពាន Euro 2020 ក៏ដោយតែបរាជ័យក្នុងវគ្គជម្រុះ World Cup តំណែងរបស់លោកមិនអាចទ្រាំទ្រពីមតិរិះគន់ជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី និងឥស្សរជននយោបាយជាន់ខ្ពស់។រដ្ឋមន្ត្រីកីឡាអ៊ីតាលី Andrea Abodi បានពណ៌នាបរាជ័យចុងក្រោយបង្អស់របស់ប្រទេសអ៊ីតាលីថា ជាបរាជ័យទាំងស្រុងនៃបាល់ទាត់អ៊ីតាលី ដែលចាំបាច់ឱ្យមានការស្ថាបនាឡើងវិញតាំងពីមូលដ្ឋានគ្រឹះ៕ អត្ថបទ៖នាង សុភាវុធ 

Alexander Isak ត្រលប់មកហ្វឹកហាត់វិញក្រោយអវត្តមានជិត ៤ ខែដោយសាររបួសកជើង

2026/04/03 11:59:49 pm        430
ខ្សែប្រយុទ្ធ Liverpool, Alexander Isak បានវិលត្រលប់មកចូលរួមការហ្វឹកហាត់វិញនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយអវត្តមានពីការប្រកួតជិត ៤ ខែដោយសាររបួសកជើង។កីឡាករទិញចូលថ្លៃបំផុតរបស់ក្លិបក្នុតម្លៃដល់ទៅ ១២៥ លានផោនរូបនេះ បានអវត្តមានតាំងពីខែធ្នូដោយសាររបួសជើងឆ្វេង និងវះកាត់កជើង។កីឡាករវ័យ ២៦ ឆ្នាំស៊ុយអែតរូបនេះ បង្ហាញខ្លួនបានត្រឹម ១៦ ប្រកួតប៉ុណ្ណោះ និងរកបាន ៣ គ្រាប់មុនពេលទទួលរងរបួសពេលជួប Spurs។Liverpool នឹងត្រូវជួបជាមួយ Manchester City នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះវគ្គ ៨ ក្រុមចុងក្រោយ FA Cup នៅកីឡដ្ឋាន Etihad។ក្រុមហង្សក្រហមបាននាំយក Isak ពី Newcastle កាលពីខែកញ្ញាក្នុងតម្លៃផ្ទេរថ្លៃបំផុតនៅអង់គ្លេស។Isak បានទទួលការវះកាត់លើរបួសកជើងរាប់បញ្ចូលទាំងការបាក់ឆ្អឹងជើងឆ្វេង ដែលទទួលរងពីការប៉ះទង្គិចជាមួយខ្សែការពារ Spurs, Micky van de Ven ក្នុងការប្រកួតដែលគេបានស៊ុតបញ្ចូលទីយកឈ្នះ Spurs ២-១ កាលពីថ្ងៃទី ២០ ខែធ្នូឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ  

ភ្នំពេញក្រោន ត្រូវការឈ្នះព្រះខ័នរាជ ដើម្បីរក្សាក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ពិសេសរក្សាកៅអីលេខ២

2026/04/03 11:45:48 pm        467
ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ ក្នុងជំនួបលើកទី៣ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ហើយក៏ជាការប្រកួតដ៏សំខាន់ ដែលពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងជើងឯកដ៏ស្ដួចស្ដើង ពិសេសការរក្សាកៅអីលេខ២ ដែលកំពុងប្រឈមការបាត់បង់។បន្ទាប់ពីធ្វើមិនបានល្អផ្ទួនៗ នាប៉ុន្មានប្រកួតចុងក្រោយ ភ្នំពេញក្រោន បានរបូតឱកាសប្រជែងជើងឯកពានធំៗចំនួន ២ គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ដែលធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ហើយឱកាសដណ្ដើមជើងឯកលីគកំពូលកម្ពុជា ក៏ស្ទើរតែបាត់បង់ដែរ ។ មិនតែប៉ុណ្ណោះ សូម្បីកៅអីលេខ២ ក្នុងលីគ ក៏កំពុងរងសម្ពាធពីគូប្រជែង ដែលឈរនៅលេខរៀងបន្ទាប់ផងដែរ។បើធៀបនឹងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នភ្នំពេញក្រោន ចាញ់ប្រៀបរហូតដល់ ១២ពិន្ទុ ហើយបើធៀបនឹងក្រុមឈរលេខ៣ ណាហ្គាវើលដ៏ ពួកគេនាំមុខត្រឹម ៥ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះជំនួបទល់ក្រុមការពារជើងឯកថ្ងៃសៅរ៍នេះ ក្រៅពីត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសដណ្ដើមពានដ៏តិចតួចបំផុត ក៏ជារឿងចាំបាច់ ដែលពួកគេត្រូវខំប្រឹង ដើម្បីរក្សាកៅអីលេខ២ ដែលជាចំណាត់ថ្នាក់ មានឱកាសបានលេងពានរង្វាន់ទី២ ទ្វីបអាស៊ី នារដូវកាលថ្មីផងដែរ។សម្រាប់ក្រុមលោក McConkey Matthew វិញ គិតត្រឹមសប្ដាហ៍ទី២៦ ពួកគេត្រូវការត្រឹម ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកលីគកម្ពុជា ជាថ្មី ដោយមិនខ្វល់ពីលទ្ធផលរបស់បេក្ខភាព Top-6 ផ្សេងទៀតឡើយ ពិសេសការប្រកួតទល់ភ្នំពេញក្រោន នាថ្ងៃស្អែកនេះ ប្រសិនបើពួកគេទទួលបានជ័យជម្នះ នោះភាគរយលើកពាននឹងកាន់តែខ្ពស់។យ៉ាងណាមិញអ្នកគាំទ្រកំពុងរង់ចាំមើលការប្រកួតនេះ ដ្បិតព្រះខ័នរាជស្វាយរៀង មានភារកិច្ចដ៏សំខាន់ កំពុងរង់ចាំនៅ ៤ថ្ងៃក្រោយការប្រកួតនេះ គឺជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26 ទល់នឹងក្រុម Manila Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីហ្វីលីពីន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ក្រៅពីជំនួបដ៏ធំប្រចាំសប្ដាហ៍ទី២៧ នេះ ក៏នឹងមានការប្រកួតរវាងបេក្ខភាព Top-6 ២ប្រកួតទៀត នាថ្ងៃសៅរ៍ស្អែកនេះ រួមមានក្រុមណាហ្គាវើលដ៏ ជួបអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមអឹមអូអាយ កំពង់ដេវ៉ា ជួបក្រុមបឹងកេត នៅកីឡដ្ឋានវិសាខា។ ចំណែកនៅថ្ងៃអាទិត្យ នឹងមានការប្រកួត ២គូ រវាងក្រុមខាងក្រោមទាំង ៥ ក្នុងនោះក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ និងក្រុមកងយោធពលខេមរភូមិន្ទ បើកទ្វារផ្ទះទទួលក្រុមវិសាខា។គួរដឹងថា ក្នុងចំណោមបេក្ខភាព Top-6 បច្ចុប្បន្ន នៅសល់ ៦ប្រកួតក្នុងដៃ គ្រាដែលក្នុងតារាងពិន្ទុ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៥៩ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៤៧ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៣ មាន ៤២ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤១ពិន្ទុ, បឹងកេត ឈរលេខ៥ មាន ៤០ពិន្ទុ និងអឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៣ពិន្ទុ៕ អត្ថបទ លី ឈុនឡា 

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញគ្រូបង្វឹក និងអត្តពលិក ស្វែងយល់ពីវិទ្យាសាស្ដ្រកីឡា

2026/04/03 09:31:09 pm        442
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង​ជា​ប្រធាន​គណៈ​កម្មការ​អត្ត​ពលិក​កម្ពុជា បានជំរុញគ្រូបង្វឹក និងអត្តពលិកទាំងអស់ ស្វែងយល់រាល់ចំណេះដឹង ពាក់​ព័ន្ធ​នឹង​វិទ្យា​សាស្ដ្រកីឡា ដើម្បីលើកកម្ពស់ការហ្វឹកហាត់ ប្រកបដោយប្រសិទ្ធ សុវត្ថិភាព ចៀស​វាង​នូវ​បញ្ហា​គ្រោះ​ថ្នាក់ផ្សេងៗ។ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិទ្យាសាស្ដ្រកីឡា ជូនដល់គ្រូបង្វឹក និង​អត្ត​ពលិកមកពីសហព័ន្ធកីឡាជាតិ ស្របពេលយុទ្ធនាការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា បាន​ចាប់​ផ្ដើម​នៅដើមខែមេសា ឆ្នាំ២០២៦។ឯកឧត្តមមានប្រសាសនន៍ថា វិទ្យាសាស្ដ្រកីឡា ពិតជាមានសារៈសំខាន់សម្រាប់គ្រូបង្វឹក និង​អត្ត​ពលិក​គ្រប់​រូប ដែលត្រូវយកចិត្តទុកដាក់ និងក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បី​ពង្រីក​ចំណេះ​ដឹងជួយឲ្យការបង្ហាត់ ក៏ដូចជាការហ្វឹកហាត់ ក្នុងន័យលើកកម្ពស់សមត្ថភាព និង​ប្រសិទ្ធ​ភាព ក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ នាពេលខាងមុខ។ឯកឧត្តមបន្ដថា ក្រសួងមានបំណងរៀបចំឲ្យបានញឹកញាប់ ពោលគឺអាចធ្វើឡើងជារៀងរាល់ខែ ដើម្បី​បញ្ជ្រាប​ចំណេះដឹងពីភាពទូលំទូលាយនៃវិទ្យាស្ត្រកីឡាឲ្យគ្រូបង្វឹក និងអត្តពលិក​កម្ពុជា​មាន​ចំណេះ​ដឹង​កាន់តែប្រសើរបន្តិចម្តងៗ ព្រោះការរៀបចំតែម្តង មិនអាចធ្វើឲ្យ​សិក្ខា​កាម​ចាប់​បាន​ទាំង​អស់​នោះ​ទេ។ ដូច្នេះតាមរយៈការរៀបចំវគ្គនេះ នឹងអាចជួយបង្កើន​ប្រសិទ្ធ​ភាព​ហ្វឹក​ហាត់​កាន់​តែ​ប្រសើរ ​ដោយការពារនូវសុវត្ថិភាពកំឡុងពេលហ្វឹកហាត់ ចៀសវាងនូវបញ្ហារបួសផ្សេងៗ។សូម​បញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្ដីពីវិទ្យាស្ត្រកីឡានេះ មានសិក្ខាកាមជាគ្រូបង្វឹក និងកីឡាករ-កីឡា​ការិនីចូលរួមចំនួន ១១២នាក់ មកពី ៤០សហព័ន្ធកីឡាជាតិ ដោយមានការចូលរួមពីវាគ្មិន ដែល​ជាជំនាញការអន្ដរជាតិមានបទពិសោធន៍ជាង ១៥ឆ្នាំទៀតផង៕ អត្ថបទ លី ឈុនឡា 

NOCC ទទួលបានការកោតសរសើរពីអន្ដរជាតិ ក្នុងការផ្សព្វផ្សាយ និង​អប់រំ​គុណ​តម្លៃ​អូឡាំពិក​នៅ​កម្ពុជា

2026/04/03 09:11:09 pm        288
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ពី​អង្គ​សាមគ្គី​អូឡាំពិក និងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ចំពោះការផ្សព្វផ្សាយ និង​អប់រំ​ពី​គុណតម្លៃអូឡាំពិកនៅកម្ពុជា។នេះបើតាម​ការ​លើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង នៃគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្របពេលអង្គការកីឡាក្រៅរាជរដ្ឋាភិបាលនេះ បានចាប់ផ្ដើម​បន្ដ​យុទ្ធនា​ការ​រៀប​ចំ​កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ លើកដំបូង នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។មន្ដ្រី​ជាន់​ខ្ពស់រូបនេះ បន្ដថា កម្មវិធីគុណតម្លៃអូឡាំពិក ត្រូវបានដាក់​ក្នុង​ផែន​ការ​យុទ្ធសាស្ដ្រ​ប្រចាំ​ឆ្នាំ​មួយ​របស់ចលនាអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ដើម្បីបញ្ជ្រាបចំណេះដឹង និងអប់រំពីគុណតម្លៃ និងឧត្តមគតិអូឡាំពិក ដល់យុវជន ពិសេស​សិស្សា​នុសិស្ស ហើយយុទ្ធនាការនេះ ត្រូវបានមើលឃើញ និងមានការវាយ​តម្លៃ​ខ្ពស់​ពី​ស្ថាប័ន​ចលនា​អូឡាំពិក​អន្ដរជាតិ។គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិក រៀបចំជាច្រើន​ឆ្នាំ​មក​ហើយ ​តាមបណ្ដាលរាជធានី-ខេត្តជាច្រើន ក្រោមជំនួយពីអង្គការសាមគ្គីអូឡាំពិក និងក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង អំពីស្មារតី និងឧត្តមគតិអូឡាំពិក ក៏​ដូច​ជា​ជំរុញឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងការអភិវឌ្ឍ តាមរយៈ​សកម្ម​ភាព​កីឡា​ជា​ដើម​។សម្រាប់ឆ្នាំ២០២៦ នេះ បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា បានត្រៀមបន្ដការរៀបចំនៅតាមបណ្ដាខេត្តជាច្រើនទៀត ក្នុងគោលដៅ​ឆ្ពោះ​ទៅ​រក​ការរៀបចំតាមគ្រឹះស្ថានអប់រំ ឲ្យបានគ្រប់រាជធានី-ខេត្ត ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ ប៉ុន្ដែ​អ្វី​ដែល​ពិសេសឆ្នាំនេះ ក្នុងចំណោម​ខេត្ត​គោល​ដៅ​ត្រៀម​រៀប​ចំ ​NOCC ​បាន​ផ្ដោត​ជា​ពិសេស​ដល់​ខេត្ត​ជាយ​ដែនចំនួន ២ ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃ គឺ​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏ដូច​ជា​ការ​នាំ​យក​នូវ​ជំនួយ​ជួយ​រៀបចំទីលាន និងសាលាមានការខ្វះខាតសម្ភារផ្នែកកីឡាទៀតផង៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងឡាវ ជួបពិភាក្សាទ្វេភាគីពង្រឹង ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
10/28/2026 02:10 PM
សម្ដេចធិបតី ណែនាំឱ្យក្រសួងអប់រំសហការជាមួយក្រសួងពាក់ព័ន្ធពង្រីកម៉ោងសិក្សាដល់៦ម៉ោង
10/28/2026 02:10 PM
ខេត្តតាកែវត្រូវការកម្លាំងពលកម្មជិត ១ម៉ឺននាក់ ខណៈមានរោងចក្រ និងសហគ្រាសជាង ១ពាន់កន្លែង
10/28/2026 01:10 PM
សម្តេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ
10/28/2026 01:10 PM
សម្ដេចធិបតីជំរុញពង្រីកអគារសិក្សា និងគ្រូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្រៀន និងការសិក្សារបស់សិស្ស
10/28/2026 01:10 PM
សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ
10/28/2026 01:10 PM
សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
10/28/2026 01:10 PM
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបមេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-រុស្ស៊ី
10/28/2026 01:10 PM
សម្ដេចធិបតី៖ សិស្សជាង១២ម៉ឺននាក់ប្រលងជាប់បាក់ឌុបឆ្នាំនេះ ជាការខិតខំរបស់សិស្ស និងគ្រប់ភាគីពាក់ព័ន្ធ
10/28/2026 01:10 PM
សម្ដេចធិបតី៖ គោលដៅរាជរដ្ឋាភិបាលគឺប្រែក្លាយសាលារៀនទូទាំងប្រទេសជាសាលាគំរូ និងមានស្ដង់ដាតែមួយ
10/28/2026 12:10 PM